ប្រទេសថៃស្នើសម្តេចតេជោ ហ៊ុន សែន ពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ

ដោយៈសុផារី

ភ្នំពេញៈ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ បានបង្ហាញស្វែងរកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ បានជម្រាបសម្តេចតេជោ ពីបំណងរបស់លោកក្នុងដំណើរទស្សនកិច្ច នៅកម្ពុជានាពេលនេះ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

ដើម្បីពង្រឹងដល់កិច្ចសហប្រតិបត្តិការនេះ លោក អនេក ប្រកាសផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស នៅតាមសកលវិទ្យាល័យល្បីរបស់ថៃ។

លោកក៏អនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រកម្ពុជា ទៅចូលរួមសិក្សា និងស្រាវជ្រាវលើវិស័យជាច្រើន រួមទាំង វិស័យតារាសាស្ត្រ ជីវសាស្ត្រ អាហារសាស្ត្រ និងវិស័យដទៃទៀតនៅក្នុងប្រទេសថៃ និងបានអញ្ជើញប្រតិភូកម្ពុជាទស្សនកិច្ចផ្លូវការនៅថៃ ពិនិត្យលទ្ធភាពពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ជាពិសេសលើវិស័យអប់រំ។

លោកបណ្ឌិតសាស្ត្រចារ្យ ក៏បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិ​បត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តល់អាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាត្រូវការនិស្សិតសិក្សាជំនាញថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកបច្ចេកទេស និងការស្រាវជ្រាវ។ ក្នុងន័យនេះសម្តេចតេជោ បានស្នើសុំឱ្យមានការបន្តពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានល្អ និងកាន់តែស៊ីជម្រៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទស្សនកិច្ចនៅប្រទេសថៃ តាមការអញ្ជើញរបស់លោក អនេក ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៕

លោកស៊ុន ចាន់ថុលលើកឡើងជាមួយភាគីកូរ៉េពីគុណភាពផ្លូវជាតិលេខ២និងលេខ២២មិនអាចទទួលយកបានឡើយ

ដោយៈសុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនកូរ៉េ ហានស៊ីន ធ្វើយ៉ាងណាឱ្យគម្រោងផ្លូវជាតិលេខ២ និងលេខ២២ បញ្ចប់ការសាងសង់ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្រោយត្រូវបានពន្យាពេលម្តងជាពីរដង។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានជួបប្រជុំ ជាមួយលោក Park Heung-Kyeong អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លើការងារសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នាព្រឹកថ្ងៃទី៦ តុលាកន្លងមកនេះ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Minnie Chey នាយិកាមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាប  ច្ចេកទេស។

កន្លងមក ក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានរកឃើញថា សាងសង់ផ្លូវមិនមានគុណភាព និងមិនបានត្រឹមត្រូវ ទៅតាមកម្រិតបច្ចេក​ទេសនោះឡើយ ដោយលោកទេសរដ្ឋមន្ត្រី បានអះអាងថា លោកមិនអាចទទួលយកបាននូវការសាងសង់នេះឡើយ។

ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក៏ដូចជា ការស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះក្នុងការបំពេញ ការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្ត គម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ អាចសម្រេចបាននូវលទ្ធផលល្អ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ណែនាំល្អៗ ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈម ទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ។

លោកឯកអគ្គរដ្ឋទូតកូរ៉េ Park Heung-Kyeong ក្នុងនាមប្រធានគណៈប្រតិភូ រួមជាមួយតំណាងមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) និងក្រុមហ៊ុនម៉ៅការសាងសង់ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការសហការឱ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និងជំរុញឱ្យការអនុវត្តគម្រោង សម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។

គម្រោងកែលំអផ្លូវជាតិលេខ២ និង២២ មានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយ ថវិកា៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture។ គម្រោងនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

IMF ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល និង​ទស្សន វិស័យ​ពិភពលោក​កាន់តែអាប់អួរ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននឹងកំពុងបន្ទាបការព្យាករណ៍របស់ខ្លួនម្តងទៀត សម្រាប់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ដោយព្យាករណ៍ថាកំណើនសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះដល់ទៅ៤ពាន់ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦។

លោកស្រីKristalina Georgieva នាយកគ្រប់គ្រងIMF បានថ្លែងប្រាប់ក្រុមហ៊ុន និស្សិតនៅសាកលវិទ្យាល័យ Georgetown កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អ្វីៗទំនងជាកាន់តែអាក្រក់ មុនពេលវាកាន់តែប្រសើរឡើង ដោយលោកស្រីនិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ បានផ្លាស់ប្តូរទស្សនវិស័យរបស់ IMF យ៉ាងខ្លាំងលើសេដ្ឋកិច្ច។

ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តកើនឡើង អតិផរណា និងលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ ក៏កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិផ្សេងៗទៀត ដូចជាអសន្តិសុខស្បៀង និងកម្រិតបំណុលខ្ពស់ ដែលគ្រប់គ្រងដោយប្រទេស ដែលមានចំណូ​លទាប។

លោកស្រីបានបន្តថា “IMF ប៉ាន់ប្រមាណថាប្រទេស ដែលបង្កើតបាន១/៣នៃសេដ្ឋកិច្ចសកល នឹងជួបប្រទះការធ្លាក់ចុះនៃសេដ្ឋកិច្ច២ត្រីមាសជាប់ៗគ្នានៅឆ្នាំនេះ ឬឆ្នាំក្រោយ”។

លោកស្រីGeorgieva បាននិយាយថាស្ថាប័ននេះ បានបន្ទាបការព្យាករណ៍កំណើនពិភពលោក របស់ខ្លួន៣ដងរួចទៅហើយ។

លោកស្រីGeorgieva បានបន្ថែមថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុច្រើនពេក និងលឿនពេក ហើយការធ្វើដូច្នេះក្នុងលក្ខណៈស៊ីសង្វាក់គ្នានៅទូទាំងពិភពលោក អាចរុញច្រានសេដ្ឋកិច្ចជាច្រើន ឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយូរអង្វែង។

សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន កំពុងរងផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយការព្យាករណ៍របស់ IMF គឺដូចទៅនឹងការព្យាករណ៍ផ្សេងៗទៀត សម្រាប់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល៕

ការសិក្សាថ្មីៈខុនដូប្រណីតទទួលបានការពេញនិយមក្នុងចំណោមអ្នក វិនិយោគជាងខុនដូតម្លៃសមរម្យ

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ តម្លៃលក់ខុនដូ និងតម្លៃជួលខុនដូ បានធ្លាក់ចុះគ្រប់ប្រភេទ ទោះបីជាមិនមានការផ្គត់ផ្គង់គម្រោងខុនដូយូនីតថ្មីក៏ដោយ។

ការធ្លាក់ចុះតម្លៃខុនដូនេះ បាននាំមកនូវនិន្នាការថ្មីមួយ គឺការស្វែងរក និងការពេញនិយមក្នុងការទិញ ឬជួលខុនដូទំហំធំ និងប្រណីតពីសំណាក់អ្នកវិនិយោគ។

របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia ដែលទើបចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២បានបង្ហាញថា គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២២ មិនមានគម្រោងអភិវឌ្ឍន៍ខុនដូណាមួយ បានបញ្ជប់ការសាងសង់ និងចាក់បញ្ជូលទៅក្នុងទីផ្សារនេះឡើយ ស្របពេលដែលគម្រោងខុនដូ ដែលធ្លាប់បានផ្អាកការសាងសង់កាលពីមុន បានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ ចំនួនប្រមាណ៩០០យូនីតតែប៉ុណ្ណោះ។

របាយការណ៍ CBRE Cambodia បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ សម្រាប់តម្លៃលក់ និងជួលខុនដូ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ឃើញថា មានការធ្លាក់ចុះ សម្រាប់គ្រប់ប្រភេទ និងកម្រិតនៃខុនដូ។ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ តម្លៃលក់ជាមធ្យមក្នុងមួយម៉ែត្រការ៉េ របស់បន្ទប់ខុនដូប្រណីត (High-End) ជាមធ្យមប្រមាណ២.៦៣៩ដុល្លារក្នុង១ម៉ែត្រការ៉េ បានធ្លាក់ចុះ១,២ភាគរយ បន្ទប់ខុនដូតម្លៃមធ្យម (Mid-Range) ជាមធ្យមប្រមាណ២.០៧៩ដុល្លារ ក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ០,៨ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) ជាមធ្យមប្រមាណ១.៣៩៥ដុល្លារក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ១,២ភាគរយ។

ដោយឡែក សម្រាប់តម្លៃជួលគឺខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម១០,៩ដុល្លារក្នុង១ម៉ែត្រការ៉េសម្រាប់១ខែ ធ្លាក់ចុះ០,៣ភាគរយ ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃ៩,៥ដុល្លារ ធ្លាក់ចុះ០,៩ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ៧,៧ដុល្លារ ធ្លាក់ចុះ២,៣ភាគរយ។

តាមរយៈរបាយការណ៍នេះ បានបង្ហាញថា ខុនដូប្រភេទតម្លៃសមរម្យមានការធ្លាក់ចុះខ្លាំង ជាងខុនដូប្រភេទប្រណីត និងខុនដូតម្លៃមធ្យម ដោយ​សារតែទិន្នាការ នៃការបញ្ចុះតម្លៃបានធ្វើឱ្យក្រុមអ្នកវិនិយោគ និងម្ចាស់កម្មសិទ្ធចាប់អារម្មណ៍ក្នុងការទិញ ឬជួលប្រភេទខុនដូប្រណីត និងខុនដូតម្លៃមធ្យមច្រើនជាងខុនដូប្រភេទ Studio និង One-Bedroom៕

សហប្រធានក្រុមការងារឯកជនផ្នែកវិស័យកសិកម្ម ត្រៀមសុំរដ្ឋាភិបាលលើកលែងពន្ឋកាត់ទុក១ភាគរយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សហប្រធានក្រុមការងារវេទិការរដ្ឋាភិបាល និងវិស័យឯកជននិងពន្ឋដារ បានរៀបចំសំណើសុំរដ្ឋាភិបាល លើកលែងការកាត់ទុកពន្ឋលើប្រាក់ចំណេ​ញ១ភាគរយពីវិស័យកសិកម្ម ដើម្បីជម្រុញវិស័យនេះឲ្យមានភាពរីកចម្រើន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី៦ តុលាថា សំណើរនេះ នឹងត្រូវដាក់ជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទ និងលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខនេះ។

លោកឧកញ៉ាបានពន្យល់ថា កន្លងមកក្រសួងសេដ្ឋកិច្ច បានព្យូរលើផលិតផលកសិកម្ម៦ ទៅ៧មុខក្នុងរយៈពេល៥ឆ្នាំ។ ដូច្នេះដើម្បីស្តារនិងលើកស្ទួយវិស័យកសិកម្ម ក្នុងពេលរដ្ឋាភិបាលដាក់ចេញគោលនយោ​បាយក្រោយវិបត្តិកូវីដ១៩ ដើម្បីយកវិស័យកសិកម្មជាស្នូល ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនេះ ដូច្នេះដើម្បីទាក់ទាញការវិនិយោគ ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស មកវិនិយោគកាន់តែច្រើន ដើម្បីកែច្នៃផលិតផលកសិកម្ម កសិឧស្សាហកម្ម ដើម្បីនាំចេញបានកាន់តែច្រើននេះ យើងនឹងដាក់សំណើរស្នើ​សុំរដ្ឋាភិបាល ដើម្បីលើកលែងពន្ឋកាត់ទុកពន្ឋ១ភាគរយ ដើម្បី​រំលស់លើប្រាក់ចំណេញ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ហេតុនេះខាងវិស័យឯកជនបានស្នើឲ្យរដ្ឋាភិបាល មិនបាច់មានការកាត់ទុក១ភាគរយនោះទេ ព្រោះបើអ្នកនាំចេញផលិតផលកសិកម្មចំណេញ នឹងបង់ពន្ឋលើប្រាក់ចំណេញប្រចាំឆ្នាំ​២០ភាគរយហើយ។ លោកបន្តថា ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន​យើងលើកទឹកចិត្ត បើមិនយកពន្ឋ១ភាគរយលើការនាំចេញ ដោយសារកន្លងមកការនាំចេញ ផលិត​ផលកសិកម្មភាពច្រើន យើងមិនទាន់រកបានផលចំណេ​ញនៅឡើយ ប៉ុន្តែរដ្ឋាភិបាលបានកាត់ពន្ឋមួយភាគរយ លើប្រាក់ចំណេញ១ភាគរយរួចទៅហើយ។

លោកឧកញ៉ាលឹម ហេងបានបន្តទៀតថា ប៉ុន្តែយ៉ាងណាវិញ វិស័យស្រូវ អង្ករ រដ្ឋាភិបាលបានលើកលែងពន្ឋពន្ឋកាត់ទុកនាំចេញនាំចេញផង ហើយរដ្ឋាភិ​បាល មិនយកពន្ឋលើប្រាក់ចំណេញទៀតផង។ ហេតុនេះខាងវិស័យកសិកម្មទាំងអស់ យើងនឹងស្នើរដ្ឋាភិបាលលើកទឹកចិត្ត លើការមិនយកពន្ឋ១ភាគរ យរំលស់ប្រាក់ចំណេញ ក្នុងគ្រប់ផលិតផលកសិកម្មទាំងអស់៕

Wealthy Chinese nationals snap up luxury homes in Singapore despite tax hikes

SINGAPORE: Wealthy Chinese nationals have been the top foreign buyers of expensive private properties in Singapore this year as the country reaps the benefits of post-pandemic reopening and a relatively strong currency, despite tax increases.

Buyers from China accounted for about one-fifth of the 425 luxury units – defined as costing more than S$5 million (US$3.52 million)- sold from January to August this year. This was followed by 34 units bought by Americans and 28 units by Indonesians.

Singapore has long been a magnet for the mega-rich, wooed by the country’s stable politics, strong currency, and reputation as a safe haven to park assets, analysts said. Singapore’s property prices have also tended to accelerate gradually, with few booms and wild busts seen in other popular markets.

Meanwhile, China is facing a property crisis, with slumping sales and developers defaulting on debts, and consumer confidence has been soured by repeated COVID-19 lockdowns.

All in, the number of luxury units sold to foreigners in Singapore in the first eight months of this year – including those with permanent residency – has outpaced the 282 in the same period in pre-pandemic 2019 and the 322 in 2018.

The data, from the Urban Redevelopment Authority and property consultancy OrangeTee & Tie, show that Singapore property remains popular among foreigners despite the Government raising taxes for purchases last December.

In a bid to cool the private property market, stamp duties for foreigners without permanent residency were raised from 20 per cent to 30 per cent.

Still, 143 luxury apartments were sold to these foreigners from January to August this year – higher than the 136 during the same period in pre-pandemic 2019.

In a bulk purchase in June, one Chinese tycoon splurged more than S$85 million on 20 new units in central Singapore, while another Chinese buyer snapped up four units for around S$60 million.

ADBផ្តល់មូលនិធិជិត២ពាន់លានដុល្លារដល់គម្រោងផ្លូវដែកនៅ ប្រទេសហ្វីលីពីន

ដោយ: លាងហួរ

ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា នាយកដ្ឋានដឹកជញ្ជូននៃប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើកិច្ចសន្យាការងារស៊ីវិលចំនួន៤ ដែលមានទំហំទឹកប្រាក់សរុបចំនួន១,៨៧ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោង South Commuter Railway Project ។

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះ បានរាយការណ៍ថា គម្រោងដែលនឹងដាក់ពង្រាយផ្លូវដែក ប្រវែងជិត៥៥គីឡូម៉ែត្រ គឺដើម្បីភ្ជាប់ Metro Manila ជាមួយទីក្រុង Calamba ក្នុងខេត្ត Laguna ដែលនៅជិតនោះត្រូវបានផ្តល់ហិរញ្ញប្បទាន ជាមួយនឹងប្រាក់កម្ចីចំនួន៤,៣ពាន់លានដុល្លារអាមេរិក ជាប្រាក់កម្ចីដែលត្រូវបានអនុម័ត ដោយ ADB ក្នុងខែមិថុនា ឆ្នាំនេះ។

នាយករង ADB  ឧត្តមសេនីយ៍ Winfried Wicklein ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា នៅទីក្រុង Calamba ថា គម្រោង South Commuter Railway នឹងបើកឱកាសយ៉ាងធំធេង សម្រាប់សមាហរណកម្មសេដ្ឋកិច្ច នៅទូទាំងMetro Manila និងខេត្តជិតខាង ហើយបង្កើតផលជាវិជ្ជមានយ៉ាងសំខាន់ លើសេដ្ឋកិច្ចក្នុងតំបន់។

លោកបានបន្ថែមថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច របស់ប្រទេស បង្កើតការងារសំណង់ចំនួន៣៥.០០០ និងការងារអចិន្ត្រៃយ៍ជាង៣.០០០ក្នុងអំឡុងពេលប្រតិបត្តិការផ្លូវដែក និងធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសម្រាប់អ្នករស់នៅ ក្នុងខេត្តLaguna ដើម្បីធ្វើការនៅ Metro Manila ។

នៅពេលគម្រោងនេះត្រូវបញ្ចប់នាពេលខាងមុខ ធនាគារADB បានបញ្ជាក់ថា គម្រោងផ្លូវដែកនេះ នឹងផ្តល់នូវការដឹកជញ្ជូនសាធារណៈ ដែលមានតម្លៃសមរម្យ សុវត្ថិភាព និងរហ័ស ជួយសម្រួលការកកស្ទះចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ជាង២៨៤.០០០តោននៃកាបូនឌីអុកស៊ីតជារៀងរាល់ឆ្នាំ នៅពេលដែលអ្នកដំណើរប្តូរពីផ្លូវទៅកាន់ការដឹកជញ្ជូនផ្លូវដែក។

ធនាគារ ADB កំពុងផ្តល់មូលនិធិ ដល់ការងារស៊ីវិលសម្រាប់ផ្លូវដែក ស្ថានីយ៍ ស្ពាន ផ្លូវរូងក្រោមដី និងអគារដេប៉ូ។

គម្រោងនេះ គឺជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើង North-South Commuter Railway ដែលជាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ដ៏ធំបំផុតរបស់ ADB នៅអាស៊ី និងប៉ាស៊ីហ្វិករហូតមកដល់បច្ចុប្បន្ន៕

ពលរដ្ឋចិនដែលមានទ្រព្យស្ដុកស្ដម្ភសម្រុកទិញផ្ទះប្រណីតនៅសិង្ហបុរី

ដោយៈ សុខុម

សិង្ហបុរី: ពលរដ្ឋចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានសម្រុកទិញលំនៅដ្ឋានឯកជនប្រណីតៗ នៅប្រទេសសិង្ហបុរីក្នុងឆ្នាំនេះ ពេលដែលប្រទេសនេះបើកទ្វារ ស្វាគមន៍ជនបរទេសឡើងវិញ និងដោយសាររូបិយប័ណ្ណឡើងថ្លៃ ទោះបីជារដ្ឋាភិបាលដំឡើងពន្ធយ៉ាងណាក្ដី។

អ្នកទិញមកពីប្រទេសចិន បានទិញប្រមាណ១ភាគ៥ នៃផ្ទះប្រណីតចំនួន៤២៥យូនីត ដែលលក់ចេញចាប់ពីខែមករា ដល់ខែសីហា ឆ្នាំនេះ។ បន្ទាប់ពីនេះ ផ្ទះដែលពលរដ្ឋអាមេរិក បានទិញមានចំនួន៣៤យូនីត ហើយផ្ទះដែលពលរដ្ឋឥណ្ឌូនេស៊ី បានទិញមានចំនួន២៨យូនីត។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឱ្យដឹងថា ផ្ទះប្រណីត ត្រូវបានកំណត់តម្លៃចាប់ពី៣,៥២លានដុល្លារអាមេរិកឡើងទៅ។

ក្រុមអ្នកវិភាគនិយាយថា ប្រទេសសិង្ហបុរី ស្រូបទាញក្រុមមហាសេដ្ឋីបានយ៉ាងច្រើន ដោយសារប្រទេសនេះ មានស្ថិរភាពនយោបាយល្អ រូបិយប័ណ្ណឡើងថ្លៃ និងកេរ្តិ៍ឈ្មោះជាជម្រកសុវត្ថិភាព សម្រាប់រក្សាទុកទ្រព្យសក   ម្ម។ តម្លៃអចលនទ្រព្យនៅប្រទេសសិង្ហបុរី ក៏មានទំនោរហក់ឡើងសន្សឹមៗផងដែរ។

ទន្ទឹមនេះ ប្រទេសចិន កំពុងប្រឈមមុខនឹងវិបត្តិអចលនទ្រព្យ ដោយការលក់បានធ្លាក់ចុះខ្លាំង ហើយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ បានខកខានទូទាត់បំណុល ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់ ក៏បានធ្លាក់ចុះដោយសារការបិទខ្ទប់ម្ដងហើយម្ដងទៀត។

ចំនួនផ្ទះប្រណីត ដែលបានលក់ទៅឱ្យជនបរទេស នៅប្រទេសសិង្ហបុរី ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ បានកើនឡើងខ្ពស់ បើធៀបនឹង២៨២យូនីតដែលលក់បាន ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និង៣២២យូនីតដែលលក់បានក្នុងឆ្នាំ២០១៨។

ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង(URA) និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ OrangeTee & Tie បង្ហាញថា អចលនទ្រព្យក្នុងប្រទេសសិង្ហបុរី នៅតែពេញនិយម ក្នុងចំណោមជនបរទេស ទោះបីជារដ្ឋាភិបាលដំឡើងពន្ធលើការទិញអចលនទ្រព្យកាលពីខែធ្នូ ឆ្នាំមុនយ៉ាងណាក្ដី៕

ផ្ទះគំរូបុរីបុស្បាសាងសង់រួចបណ្តើរៗហើយ ដើម្បីស្វាគមន៍អតិថិជន

ដោយៈគង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីមមាញឹកក្នុងការសាងសង់ ដើម្បីបង្ហាញដល់អតិថិជន ទីបំផុតបុរីបុស្បាបានសាងសង់ផ្ទះគំរូបញ្ចប់បណ្តើរៗហើយ ខណៈស្ថានភាពនៃការលក់មានភាពល្អប្រសើរ ដោយសារការវិនិយោគលំនៅដ្ឋាននៅក្នុងបុរីនេះមានឱកាសចំណេញខ្ពស់។

ជាទីតាំងស្ថិត នៅតំបន់ប្រសព្វនៃវិថីជាច្រើនដូចជា ផ្លូវក្រវ៉ាត់ក្រុងទី២ ផ្លូវ៦០ម៉ែត្រ ព័ន្ឋជុំវិញដោយផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា និងស្ថិតនៅតំបន់ដែលអាចតភ្ជាប់ជាមួយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤បានយ៉ាងងាយស្រួល។ ចំណុចទាំងនេះជាផ្នែកដ៏សំខាន់ ដែលបានធ្វើឲ្យបុរីបុស្បាទទួលបានជោគជ័យ និងគាំទ្រពីអតិថិជនក្នុងនិងក្រៅ​ប្រទេស។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទី​ផ្សារបុរីបុស្បា បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការសាងសង់វីឡាភ្លោះបានបញ្ចប់ហើយ ដែលអតិថិជនអាចចូលទស្សនាបាន ។ ចំណែកវីឡាAngel បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីបញ្ចប់នាពេ​លឆាប់ៗខាងមុខនេះ។

លោកបន្តថា “ដោយសារស្ថានភាពវិបត្តិកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែនបានធ្វើឲ្យការលក់របស់យើង មានសភាពយឺតជាងមុន ប៉ុ​ន្តែយើងនៅតែលក់បានជោគជ័យ និងសម្រេចបានតាមផែនការគ្រោងទុក”។​លោកបន្ថែមថា “យើងបានសិក្សាពីទីផ្សារ និងចំណង់ចំណូលចិត្តអតិថិជនច្បាស់លាស់ ទើបធ្វើឲ្យទីផ្សាររបស់យើងនៅតែមានសង្ឃឹម និងសុទិដ្ឋិ​និយ​មចំពោះមុខ”។

បុរីបុស្បាបានសាងសង់ឡើង ដោយឈរលើគុណតម្លៃពិសេសៗមួយចំនួនដូចជា ទី១ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ទី២ ផ្តោតលើគុណភាព ប្រណិតភាព នៃប្លង់ស្ថាបត្យកម្មនិមួយៗ ទី៣ ផ្តោតលើបរិស្ថានបៃតង​មានកន្លែងហាត់ប្រាណ ដើរកំសាន្ត ជាមួយសហគមន៍ដ៏ស្រស់បំព្រង និងទី៤ ប្លង់ស្ថាបត្យកម្មនៃផ្ទះនិមួយៗ បានគិតគូពីការសន្សំសំចៃអគ្គិសនី ដោយអនុញ្ញាត្តឲ្យមានពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលបានយ៉ាងមនោរម្យ៕

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៧ត្រូវបានលើកយកមកពិភាក្សានិងស្វែងរកដំណោះស្រាយ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមមន្រ្តី បានបើកកិច្ចប្រជុំលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយ លើគំរោងហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗចំនួន៧។

គំរោងហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ រួមមានដូចជា ទី១ បញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងក្នុងអំឡុងពេល នៃការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ និងដំណោះស្រាយដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ក្នុងន័យជំរុញឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនអាចប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាព ទី២ ការធ្វើឱ្យប្រសើរឡើងការប្រមូលកម្រៃ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចែករំលែកទិន្នន័យប្រតិបត្តិការ ធានាតម្លាភាពអាជីវកម្មក្រុមហ៊ុន និងសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ តាមរយៈយន្តការបច្ចេកវិទ្យា DIP ដែលជាបច្ចេកវិទ្យាទំនើប ជួយកាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។

ទី៣ វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាផ្នែកមួយជំរុញការដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ទី៤ វឌ្ឍនភាពការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏មានសារៈសំខាន់ ជួយកាត់បន្ថយការបំពុលបរិស្ថាន ដោយសារទឹកកខ្វក់ និងជួយលើកស្ទួយសោភ័ណភាព ក្រុងព្រះសីហនុឱ្យកាន់តែល្អប្រសើរ ទី៥ បញ្ហាស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ជាពិសេសកំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង ដើម្បីរកដំណោះស្រាយ សម្រាប់ការធ្វើឱ្យប្រសើរឡើងវិញ តាមរយៈបច្ចេកទេសពិសេស។

ទី៦ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយគ្រោះទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២២ ដោយសារគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង និងវិធានការបន្ទាន់សម្រាប់ការស្តារ ជួសជុលបន្ទាន់ឡើងវិញ ទី៧ វឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤ ដែលកំពុងធ្វើការជួសជុលឡើងវិញស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើង និងពិភាក្សាលើការងារសំខាន់ៗទាំងនេះ។

កិច្ចប្រជុំនេះ ក៏ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការងារទឹកកខ្វក់ ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ វឌ្ឍនភាពនិងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងការបំពាក់មេដាយជូន ក្រុមការងារបច្ចេកទេសក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd ដែលមានស្នាដៃល្អ ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានផ្តល់ជាមតិយោបល់ និងអនុសាសន៍ណែនាំល្អៗ ដើម្បីជាជំនួយក្នុងការយកទៅអនុវត្តន៍គម្រោង ការងារទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពការងារខ្ពស់ផងដែរ។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឱ្យអនុវត្តការងាររបស់ខ្លួន ជាប់ជាប្រចាំទាក់ទង នឹងការចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវសម្រួលការតភ្ជាប់ភ្លា មៗនូវខ្សែផ្លូវទាំងឡាយណាដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់៕