ទីផ្សារលំនៅឋាននៅប្រទេសថៃរំពឹងមានកំណើនល្អប្រសើរនៅចុងឆ្នាំនេះ

ដោយ: លាងហួរ

ប្រទេសថៃ: អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានអះអាងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ការងើបឡើងវិញនៃអំណាចទិញ និងតម្លៃលំនៅឋានដែលមិនផ្លាស់ប្តូរ នឹងជំរុញឱ្យមានកំណើនទីផ្សារលំនៅឋានក្នុងប្រទេសថៃ នៅក្នុងត្រីមាសទី៤ ចំពេលប្រឈមវិបត្តិអតិផរណា និងអត្រាការប្រាក់កើនឡើង។

លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃ បាននិយាយថា ការដំឡើងអត្រាការប្រាក់មិនមែនជាក្តីបារម្ភទេ ដោយសារមានកត្តាវិជ្ជមានជាច្រើន ដែលនឹងជំរុញទីផ្សារអចលនទ្រព្យ នៅប៉ុន្មានខែចុងក្រោយ សម្រាប់ឆ្នាំ២០២២នេះ។

លោក​បាន​បន្ត​ថា​ សេដ្ឋកិច្ច​ថៃកំពុង​កើនឡើង ហើយ​អំណាច​ទិញ​បាន​បន្តលើកឡើង ​បន្ទាប់​ពី​ការងារ​បាន​ប្រសើរ​ឡើង​ ហើយឥទ្ធិពលនៃកត្តាវិជ្ជមានទាំងនេះ គឺខ្លាំងជាងឥទ្ធិពលនៃកត្តាអវិជ្ជមាន។

លោក​បាន​ឱ្យដឹងទៀត​ថា ទីផ្សារ​ខុនដូ​ក៏​នឹង​ងើប​ឡើង​វិញ​ដែរ ខណៈ​ប្រជាជន​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ មាន​ផល​ប៉ះ​ពាល់​នៃ​ការ​ឡើង​ថ្លៃ​ធ្វើ​ដំណើរ។ អ្នក​ទិញ​ផ្ទះ​ខ្លះ​ក៏​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​ទាប​ៗដែរ ព្រោះ​តម្លៃ​របស់​ពួក​គេ​បន្ត​ឡើង​ថ្លៃ​ដោយ សារ​តម្លៃ​ដី​កើនឡើង។

យោងតាមប្រធានសមាគមរូបនេះ តម្លៃដីសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋានទាបៗបានកើនឡើង ប្រហែល២០ភាគរយ ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០-២០២១។ ការកើនឡើងនេះបានជំរុញឱ្យតម្លៃផ្ទះទាបៗកើនឡើងពី៨ ទៅ១០ភាគរយ ក្នុងមួយឆ្នាំ។

លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅដ្ឋាន បាននិយាយថា ត្រីមាសទី៤នឹងក្លាយជាពេលវេលាដ៏ល្អបំផុត សម្រាប់អ្នកទិញផ្ទះ ដើម្បីពន្លឿនការសម្រេចចិត្ត ដោយសារតម្លៃអចលនទ្រព្យបានកើនឡើង ជារៀងរាល់ឆ្នាំ ដែលជំរុញដោយតម្លៃដីធ្លីកើនឡើង៕

WB ចំណាយជិត១៥ពាន់លានដុល្លារលើគម្រោងឥន្ធនៈហ្វូស៊ីលបំពានកិច្ចព្រមព្រៀងក្រុងប៉ារីស

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ធនាគារពិភពលោក (World Bank) បានចំណាយប្រាក់រហូតដល់ទៅ១៤,៨ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងឥន្ធនៈហ្វូស៊ីលទូទាំងពិភពលោក ក្នុងរយៈពេលបន្ទាប់ពីមានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ នេះបើយោងតាមរបាយការណ៍មួយបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា។

របាយការណ៍ដែលប្រមូលចងក្រង ដោយសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ឈ្មោះថា The Big Shift Global បង្ហាញថា ស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីខាងលើនេះ កាលពីឆ្នាំ២០១៨ បានសន្យាថា នឹងឈប់ផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងប្រេងឥន្ធនៈ និងឧស្ម័ន ហើយវាឆ្លុះបញ្ចាំងឱ្យឃើញថា ធនាគារនេះបានសន្យាខ្យល់ និងបានបំពានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

ដំណឹងដ៏រសើបនេះបានបែកធ្លាយ ស្របពេលមានការដាក់សម្ពាធ លើប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាន់តែខ្លាំងឡើង ឱ្យលោកដកប្រធានធនាគារពិភពលោក លោក David Malpass ចេញពីតំណែង។

លោក David Malpass ដែលទទួលបានការតែងតាំង ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ហើយក្នុងឋានៈជាប្រធានធនាគារពិភពលោក លោកបានគេចវេះមិនឆ្លើយសំណួរ អំពីការពិតនៃបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស។

លោកស្រី Sophie Richmond ប្រធានអ្នកសម្របសម្រួលនៃយុទ្ធនាការ ដើម្បីថាមពលប្រកប ដោយនិរន្តរភាព Big Shift Global បានលើកឡើងថា “រាល់ពេលដែលធនាគារពិភពលោកវិនិយោគ លើគម្រោងឥន្ធនៈហ្វូស៊ីលមួយផ្សេងទៀត វាជំរុញឱ្យមានគ្រោះមហន្តរាយអាកាសធាតុកាន់តែច្រើន។ វាពិតជាមិនសមហេតុផលឡើយ ដែលប្រើប្រាស់លុយរបស់អ្នកបង់ពន្ធ ដើម្បីធ្វើឱ្យវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរទៅៗ”។

ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ក្រុមមេដឹកនាំពិភពលោកបានប្តេជ្ញាចិត្តកំណត់ការឡើងកម្ដៅរបស់ភពផែនដី មកនៅត្រឹម១,៥អង្សាសេ ដើម្បីបញ្ចៀសលទ្ធផលដ៏អាក្រក់ សម្រាប់ការរស់នៅ នាពេលអនាគតរបស់ភពផែនដី៕ CNA៕

ឱកាសពិសេសបុរី GB Residence ផ្តល់ការបង់រំលស់ ១ភាគរយ ដោយឥតការប្រាក់រយៈពេល២៤ខែ

ដោយ៖ គង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន បុរី GB Residence បានសម្រេចផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ពិសេស សម្រាប់អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះ។

កញ្ញាកាំង តារាវត្តី នាយកផ្នែកទីផ្សារ នៃបុរី GB Residence បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ ខែតុលានេះថា ជាមួយហ្នឹងកញ្ចប់លើកទឹកចិត្តដល់អតិថិជន បុរីបានហ្នឹងកំពុងផ្តល់លក្ខខណ្ឌបង់ប្រាក់ត្រឹម ១ភាគរយ ដោយឥតការប្រាក់ហើយមានរយៈពេល២៤ខែ។ កញ្ញាបន្តថា លើសពីនេះ យើងលើកទឹកចិត្តអតិថិជន នូវការបញ្ចុះតម្លៃបន្ថែមទៀត សម្រាប់ការបង់ប្រាក់ផ្សេងៗក្នុងជម្រើសផ្សេងៗគ្នា។

កញ្ញាបន្តថា “ទោះជាប្រឈមហ្នឹងវិបត្តិកូវីដ១៩ និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ប៉ុន្តែបុរី GB Residence នៅតែលក់ដាច់ច្រើន និងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអតិថិជន” 

 បុរី GB Residence ស្ថិតនៅកៀកហ្នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែររង្វង់មូលកួរស្រូវ ដែលអតិថិជននឹងទទួលបានផលចំណេញខ្ពស់នាពេលអនាគតឆាប់ៗនេះ ។ ដោយសារបុរីនេះមានផ្លូវភ្លោះទំហំ៥០ម៉ែត្រ ដែលសម្រួលដល់អ្នកដំណើរជាតិ អន្តរជាតិរាប់ពាន់នាក់ចេញពីព្រលានយន្តហោះអន្តរជាតិតេជោ ដោយការធ្វើដំណើរឆ្លងកាត់បុរីនេះ ជាហេតុបង្កឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរីនេះអាចប្រកបអាជីវកម្មបាន និងតម្លៃលំនៅដ្ឋានហក់ឡើងកាន់តែខ្ពស់នាពេលអនាគត។

ជាមួយគ្នានេះលោក តាំង កៅគៀត នាយកប្រតិបត្តិ បុរី GB Residence បានមានប្រសាសន៍ឲ្យដឹងផងដែរថា បុរីនេះបានរៀបចំសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ ដោយស្ថាបត្យករឌីហ្សាញលំនៅដ្ឋានក្នុងបុរីធ្លាប់បានជាប់ពាន់រង្វាន់លេខ១នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលធ្វើឲ្យសោភ័ណ្ឌភាពរបស់បុរីស្អាត ហើយផ្ទះនីមួយៗមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

 

លោកបន្តថា “លើសពីនេះ ក្រុមហ៊ុនបានចំណាយដីយ៉ាងច្រើន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសសួនច្បារ ដែលអនុញ្ញាត្តឲ្យអ្នករស់នៅក្នុងបុរីនេះបានកំសាន្ត ដើរហាត់ប្រាណ ញាំកាហ្វេជជែកគ្នាក្រោយសំរាកពីការងារ ពិសេសពួកគេអាចបង្កើតសកម្មភាពអាជីវកម្មក្នុងបុរីនេះផងដែរ”៕

 

ការផ្គត់ផ្គង់ខុនដូរំពឹងថាកើនឡើងជិត៥ម៉ឺនយូនីតក្នុងឆ្នាំ២០២២នេះនិងជិត៧ម៉ឺនយូនីតក្នុងឆ្នាំ២០២៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២២នេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ស្របពេលអ្នកវិនិយោគបរទេស នៅតែមិនទាន់ចូលមកប្រទេសកម្ពុជា ទូលំទូលាយនៅឡើយ។

របាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា ក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ ទីផ្សារខុនដូមិនមានការផ្គត់ផ្គង់ថ្មីៗនោះទេ។ យ៉ាងណាក្ដី ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារត្រូវបានរំពឹងថា នឹងកើនឡើងដល់ជិត៥ម៉ឺនយូនីត និងឆ្នាំ២០២៣រំពឹងថា កើនឡើងដល់ជិត៧ម៉ឺនយូនីត។

របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ចេញផ្សាយ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ កម្ពុជាមិនមានគម្រោងខុនដូថ្មីៗសាងសង់ឬផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។ ក្នុងនោះ ខុនដូចំនួនជាង៩០០យូនីត បានបន្តការអភិវឌ្ឍ ឬផ្គតផ្គង់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ក្រោយផ្អាកដំណើរការ កាលពីមុន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងថាគម្រោងខុនដូ ដែលចាប់ផ្ដើមដំណើរការសាងសង់នាពេលបច្ចុប្បន្ននេះ គឺជាគម្រោងដែលបានផ្អាក ឬពន្យារ កាលពីអំឡុងកូវីដ១៩។

អ្នកនាងបន្តទៀតថា “ការអភិវឌ្ឍខុនដូថ្មីៗ ក្នុងឆ្នាំ២០២២នេះ មិនសូវមានច្រើននោះទេ ពីព្រោះ ទីផ្សារខុនដូកម្ពុជាបានពឹងផ្ដោតទៅលើបរទេស ហើយបើសិនជាជនបរទេសមិនទាន់អាចចូលមកកម្ពុជាបាននោះ ការអភិវឌ្ឍនខុនដូក៏មានតិចតួចដែរ”។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនERA Cambodia បានមានប្រសាសន៍ថាតាមពិតទៅ ខុនដូ ដែលផ្ដោតលើអតិថិជនក្នុងស្រុក មិនសូវជាមានបញ្ហានោះទេ តែសម្រាប់ខុនដូ ដែលផ្ដោតលើទីផ្សារបរទេស ឬសម្រាប់ជនបរទេស វាពិតជាមានបញ្ហាសម្រាប់ទីផ្សារ នាពេលបច្ចុប្បន្ននេះ ពីព្រោះយើងបានសង្កេតឃើញថា បច្ចុប្បន្ននេះ ជនបរទេសមិនទាន់ត្រូវបានចូលមកក្នុងប្រទេសកម្ពុជាច្រើន ដូចកាលពីឆ្នាំមុនវិបត្តិកូវីដ១៩នៅឡើយ ។

លោកបន្តថា យ៉ាងណាក៏ដោយ មានក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ និងក្រុមហ៊ុនភ្នាក់ងារលក់ខុនដូមួយចំនួន នៅតែមានការគាំទ្រពីអតិថិជនរបស់ខ្លួន និងមានការទិញលក់ជាហូរហែរ ក្នុងឆ្នាំ២០២២ ហើយបើធៀបនឹងឆ្នាំ២០២១កន្លងទៅ ឃើញថាមានភាពល្អប្រសើរជាងមុន៕

ធនាគារពិភពលោកទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌាមកត្រឹម៦,៥ភាគរយ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា មកនៅត្រឹម៦,៥ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ២០២២-២០២៣ ពីការប៉ាន់ប្រមាណមុនរបស់ខ្លួន៧,៥ភាគរយ នៅក្នុងខែមិថុនា។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានលើកឡើងពី បរិយាកាសអន្តរជាតិ ដែលកាន់តែយ៉ាប់យ៉ឺន សម្រាប់ការទម្លាក់ចំណាត់ថ្នាក់សេដ្ឋកិច្ច។

សេដ្ឋកិច្ចឥណ្ឌានឹងធ្លាក់ចុះ ក្នុងឆ្នាំសារពើពន្ធ២០២៣ ដោយមានការងើបឡើងវិញខ្លាំង ប៉ុន្តែមិនពេញលេញ នៅក្នុងឆ្នាំសារពើពន្ធ២០២២។

ឥទ្ធិពលពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពិភពលោក បានធ្វើឱ្យប៉ះពាល់ ដល់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។

អតិផរណាកើនឡើងមកពីតម្លៃខ្ពស់នៃទំនិញសំខាន់ៗ ការកើនឡើងភាពមិនប្រាកដប្រជាជាសកល និងការកើនឡើងនៃថ្លៃដើមកម្ចី នឹងប៉ះពាល់ដល់តម្រូវការក្នុងស្រុក ខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ រារាំងដល់កំណើនការនាំចេញរបស់ឥណ្ឌា។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីអាស៊ីខាងត្បូង ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៧ភាគរយ ក្នុងឆ្នាំសារពើពន្ធបន្ទាប់២០២៣-២៤ មុនពេលធ្លាក់ចុះដល់៦,១ភាគរយ នៅក្នុងឆ្នាំ ២០២៤-២៥។

នេះជាលើកទី៣ហើយ ដែលធនាគារពិភពលោកបានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌា ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន៕

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនៅតំបន់ជ្រោយចង្វាររបស់ក្រុមហ៊ុនសុខាគ្រុបត្រូវបានលុបចោល

 ដោយៈ
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ របស់ក្រុមហ៊ុនសុខាគ្រុបរបស់អ្នកឧកញ៉ាសុខ គង់បានសម្រេចលុបចោលហើយ។

       មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអាគារកប់ពពកជាច្រើន និងបានប្រលងប្រជែងផ្នែកស្ថាបត្យកម្មលំដាប់ជាតិ និងអន្តរជាតិនេះបានបង្ហាញនូវទស្សនទានអភិវឌ្ឍន៍ដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែរហូតមកទល់ពេលនេះ គំរោងនេះមិនបានលេចរូបរាងឡើយ ហើយត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនសុខាគ្រុបបញ្ជាក់ថា “លុបចោលហើយ”។


       អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាគ្រុបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនេះ ក្រុមហ៊ុនសម្រេចលុបចោលហើយ ដោយក្រុមហ៊ុនទុកលុយ ដើម្បីរៀបចំកសាងនិងអភិវឌ្ឍន៍ ទីក្រុងបូកគោជំនួសវិញ។

អ្នកឧកញ៉ាបានបន្តថា “ទីក្រុងបូកគោមានទំហំផ្ទៃដីជាង៣០,០០០ហិកតា ជាគម្រោងដ៏ធំដែលនឹងរួចចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ប៉ុន្តែយើងត្រូវការទុនរហូតដល់ចន្លោះពី២០ ទៅ៣០ពាន់លានដុល្លារទើបអាចកសាងបានចប់តាមផែនការ”។

អ្នកឧកញ៉ាសុខ គង់បានបន្តថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយទុនចន្លោះពី៤០០ ទៅ៥០០លានដុល្លាររួចហើយ ដើម្បីកសាងទីក្រុងនេះ”។ អ្នកឧកញ៉ាបានបន្ថែមថា “ប្រសិនជាខ្ញុំចង់ដើរកំសាន្ត ខ្ញុំមានលុយដើរ ប៉ុន្តែខ្ញុំសុខចិត្តហត់ ដើម្បីកសាងទីក្រុងនេះ ដើម្បីលើកកំពស់សេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍ ដើម្បីជម្រុះកំនើនសេដ្ឋកិច្ចជាតិ”៕

គម្រោងបង្កើតក្រុងល្វាឯមផ្តល់ក្តីសង្ឃឹមខ្ពស់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងអចលនទ្រព្យ

ដោយ៖ សុផារី

កណ្តាល៖ ទន្ទឹមនឹងការរីកចម្រើន និងការពង្រីកវិសាលភាពក្រុងភ្នំពេញ ដោយកាត់ដីចេញពីផ្នែកខ្លះនៃខេត្តកណ្តាល ប្រមុខរាជរដ្ឋភិបាលបានប្រកាសពីគម្រោងនៃការបង្កើតក្រុងថ្មីមួយទៀត នៅក្នុងខេត្តកណ្តាល គឺក្រុងល្វាឯម ដោយមិនកាត់ចូលចំណុះរាជធានីភ្នំពេញទៀតឡើយ។

ថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកជំនាញបានបង្ហាញការសាទរ និងសុទិដ្ឋិនិយមលើគម្រោងបង្កើតក្រុងថ្មីមួយនេះ ថានឹងផ្តល់ក្តីសង្ឃឹមដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសទីផ្សារអចលនទ្រព្យនឹងកាន់តែមានវឌ្ឍនភាពខ្លាំងផងដែរ។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះថា គម្រោងរៀបចំបង្កើតក្រុងល្វាឯមថ្មីនេះនឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចគ្រប់ផ្នែក ជាពិសេសនឹងជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យ នៅក្នុងតំបន់ទីក្រុងថ្មីនេះ ដោយតម្លៃដីធ្លីនៅក្នុងតំបន់នោះនឹងមានការហក់ឡើងខ្ពស់ ដោយសារក្រុងជាកន្លែងដែលត្រូវអភិវឌ្ឍន៍មុន។

គម្រោងបង្កើតក្រុងថ្មីមួយនេះ អាចនឹងត្រូវកាត់ផ្នែក ឬតំបន់សំខាន់ៗមួយចំនួននៃស្រុកល្វាឯម ហើយនឹងត្រូវចំណុះក្រោមរដ្ឋបាលនៃខេត្តកណ្តាល។

លោកអភិបាលស្រុកបានបញ្ជាក់ថា “ការអភិវឌ្ឍមាននាំមកនូវផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង នោះដីនៅក្នុងព្រៃនឹងប្រែក្លាយជាលំនៅឋាន តម្លៃដីក៏នឹងឡើងថ្លៃ ថែមទាំងផ្តល់ចំណូលដល់រដ្ឋបាលខេត្ត នឹងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ”។

លោកបានបន្ថែមទៀតថា គម្រោងនេះ ក៏នឹងជំរុញសក្តានុពលដីធ្លី និងអចលនទ្រព្យសំរាប់ស្រុកជិតៗផងដែរ ដូចជា ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាលជាដើម។

លោកអភិបាលបានឱ្យដឹងថា មានចំនួន១៥ឃុំ ៤៣ភូមិ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៨ម៉ឺន៣នាក់ ក្នុងនោះឃុំដែលមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ រួមមានឃុំអរិយក្សត្រ សារិកាកែវ និងឃុំពាមឧកញ៉ាអុង ដែលក្នុងមួយឃុំៗ មានប្រជាពលរដ្ឋជាមធ្យមប្រមាណ១ម៉ឺននាក់។

 

លោក ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុកម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុងការ​បង្កើត​ក្រុង​ល្វាឯម ​ជា​សញ្ញា​វិជ្ជមាន​មួយ​ សម្រាប់​អ្នក​វិនិយោគប្រមើល​មើល​ពី​ឱកាស ​ក្នុង​ការរកស៊ី​ជួញដូរ​នៅ​ម្ដុំ​នោះ​។

លោក​ថ្លែង​ថា​ “សម្រាប់​ការអនុវត្ត​ជាក់ស្ដែង ​ទាល់តែ​យើង​ដឹង​ពី​ពេលវេលា​ជាក់លាក់​ថា​ តើ​គម្រោង​ទាំង​អស់​ហ្នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ពេលណា​? តែ​ទោះជា​យ៉ាងណាក៏ដោយ នៅតែ​ជា​សញ្ញា​មួយ​ក្នុង​ការបង្ហាញ​ទំនុកចិត្ត​របស់​វិនិយោគិន​ថា យើង​នឹង​មាន​គម្រោង​ហ្នឹង​ណាមួយ​ក្នុង​ក្រុង​ល្វាឯម​ពេល​អនាគត​”។

ស្រុកល្វាឯម មានឃុំចំនួន១៥ រួមមាន ឃុំអរិយក្សត្រ ឃុំបារុង ឃុំបឹងគ្រំ ឃុំកោះកែវ ឃុំកោះរះ ឃុំល្វាសរ ឃុំពាមឧកញ៉ាអុង ឃុំភូមិធំ ឃុំព្រែកក្មេង ឃុំព្រែករៃ ឃុំព្រែកឫស្សី ឃុំសំបួរ ឃុំសារិកាកែវ ឃុំថ្មគរ ឃុំទឹកឃ្លាំង។

នាពេលអនាគតខាងមុខនេះ តាមរយៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ខេត្តកណ្តាលនឹងមានក្រុងចំនួន២ គឺក្រុងតាខ្មៅ និងក្រុងល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូល និងស្រុកខ្សាច់កណ្តាល៕

បញ្ហាទឹកកខ្វក់នៅរាជធានី ខេត្តត្រូវបានយកចិត្តទុកដាក់ពីមន្រ្តីជំនាញ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នាលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់។

កិច្ចប្រជុំនេះដឹកនាំ ដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ និងបិទកម្មវិធីដោយ លោករដ្ឋលេខាធិការ រស់ វណ្ណា សហប្រធានអង្គប្រជុំ និងមានការចូលរួមពីលោក Kuribayashi Takanori លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

អង្គប្រជុំបានពិភាក្សាអំពីរចនាសម្ព័ន្ធ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ ការធ្វើអនាម័យទីក្រុង ការប្រើប្រាស់ធនធានសម្រាប់អនុវត្តកិច្ចការងារ ភាពចាំបាច់នៃគោលកាណ៍ផ្សព្វផ្សាយណែនាំ សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋ ព្រមទាំងការខិតខំពង្រឹងពន្លឿន រៀបចំបទដ្ឋានស្តង់ដារបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត សេចក្តីព្រាងច្បាប់ និងយន្តការក្នុងការទ្រទ្រង់វិស័យទឹកកខ្វក់នៅកម្ពុជា រួមទាំងការធ្វើបច្ចុប្បន្នភាពអំពីគម្រោងសកម្មភាពការងារដែលកំពុងអនុវត្ត ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍនានា ដែលធ្វើការពាក់ព័ន្ធក្នុងវិស័យនេះ ដើម្បីធានាដល់ការអភិវឌ្ឍ ប្រកប​ដោយចីរភាព។

លោកតូច ចាន់កុសល បានគូសបញ្ជាក់អំពីសាវតាខ្លះៗនៃការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ដែលកំពុងសាងសង់ និងខ្លះទៀតកំពុងលើកផែនការ ដែលជាការបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាមួយការខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកិច្ចសហការពីដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA)ប្រចាំកម្ពុជា និងជាពិសេសអង្គភាពពាក់ព័ន្ធបានចូលរួមលើកកម្ពស់ការគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោកបានថ្លែងការកោតសរសើរ ដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA)ប្រចាំកម្ពុជា និងជាពិសេសសាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ ដែលបានចូលរួមសហការលើកកម្ពស់ការគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅតាមរាជធានី-ខេត្ត ក៏ដូចជាក្នុងមូលដ្ឋានដើម្បីកែលម្អ ការពារទឹកជំនន់ ការកកស្ទះលូ និងការប៉ះពាល់បរិស្ថាន ដោយបានបង្កើតគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មចម្រោះប្រព័ន្ធទឹកកខ្វក់ និងវិធានអនាម័យផ្សេងៗ សំដៅធ្វើយ៉ាងណាអាចគ្រប់គ្រងលើប្រតិបត្តិការ សម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យទទួលបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ៕

លោកជា សុផារ៉ាៈរយៈពេល១៨ឆ្នាំសំណង់ថ្មីៗកើតឡើងនៅឃុំ ព្រះដាក់មានជិត៣ពាន់គ្រួសារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងពលរដ្ឋ រស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលតវ៉ាមិនព្រមចាកចេញ ពីតំបន់ដែលខ្លួនរស់នៅ ដែលអាជ្ញាធរថាជាទីតាំងអភិរក្សរមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅក្នុងតំបន់ថ្មី ដែលរដ្ឋាភិបាលរៀបចំជូន។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ នៅក្នុងពិធីសំណេះ​សំណាលជាមួយពលរដ្ឋ ក្នុងឃុំព្រះដាក់ នៅថ្ងៃទី៧តុលា២០២២ ថា ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានសំណង់ថ្មីៗ កកើតឡើងប្រមាណ២.៨៥៩គ្រួសារ គឺមានការកើនឡើងតាមរយៈកំណើនគ្រួសារ និងអ្នកចំណូលថ្មី។

ដូច្នេះហើយទើបអំពាវនាវឱ្យមានការជួបជុំនាពេលនេះ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិទាំង៦ ក្នុងឃុំព្រះដាក់ ដោយលោកបានអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយចាត់ទុកថាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គឺជាគោលដែលត្រូវដោះស្រាយ ទាំងប្រជាពលរដ្ឋក្នុងឃុំព្រះដាក់និងឃុំទាំង១៧ក្នុងស្រុកបន្ទាយស្រី ។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានភារកិច្ចរៀបចំរាជធានី បណ្ដាខេត្ត ទីប្រជុំជន ខណ្ឌ ស្រុក ឃុំ និងភូមិរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យស្របទៅតាមផែនការនគររូបនីយកម្ម មានន័យថារាល់ការសាងសង់ ត្រូវធានាបាននូវគុណភាព សោភ័ណភាព និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធសមស្រប រួមនិងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានចុះបញ្ជីទទួលស្គាល់ថា ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដីធ្លី ដើម្បីធានាបាននូវសុវត្ថិភាព មិនឱ្យមានការរំលោភបំពាន ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះ អាចទុកជាមរតក សម្រាប់កូនចៅជំនាន់ក្រោយ ឬអាចយកទៅដាក់បញ្ចាំ ដើម្បីបានទុនយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងផងដែរ។

លោកជា សុផារ៉ាបានបន្តថា ដូច្នេះបណ្ណកម្មសិទ្ធិនេះ គឺជាទុនដែលរាជរដ្ឋាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋ តាំងពីក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ គឺមានរយៈពេល៤៣ឆ្នាំមកហើយ។លោកបន្ថែមថា ការតម្រង់ទិសនេះ គឺមានលក្ខណៈសំខាន់ត្រង់ថា ខេត្តសៀមរាបគឺជាខេត្តមួយ ដែលជាបណ្ដុំនៃបណ្ដាប្រាង្គប្រាសាទជាច្រើន ដោយបានបង្ហាញអំពីភាពរុងរឿងដ៏អស្ចារ្យ នៃអាណាចក្រខ្មែរតាំងពីបុរាណកាលមកហើយ ហើយកាលពីឆ្នាំ១៩៩២ កម្ពុជាបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនូវប្រាសាទអង្គរវត្ត។

លោកបន្តថា  “កម្ពុជាជារដ្ឋសមាជិក ដែលមានកិត្តិយសបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវមានភារកិច្ចអនុវត្តន៍ នូវតួនាទីភារកិច្ចរបស់ខ្លួន ហើយការដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនេះមិនមែនមានតែប្រាសាទតែមួយមុខនោះទេ គឺមានបារាយណ៍ បណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ប្រជាពលរដ្ឋ ព្រៃឈើ កន្លែងស្តុកទឹកដែលចាត់ទុកថាគឺជារមណីយដ្ឋានមួយ ដ៏ល្អឯកគ្មានពីរលើពិភពលោក”។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ពលរដ្ឋ ក្នុងដែលចូលរួមស្ដាប់លោកថា ការរុះរើលំនៅឋានទៅកាន់ទីតាំងថ្មី តាមគោលការណ៍ស្ម័គ្រចិត្ត ហើយពលរដ្ឋក៏អាចរស់នៅផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ ដោយមិនបាច់រុះរើទេ តែសូមឱ្យពលរដ្ឋជួយទប់ស្កាត់សំណង់ថ្មីៗ ឬពលរដ្ឋចំណូលថ្មីៗមកកាន់តំបន់អភិរក្សនេះបន្តទៀត៕

  

គម្រោងអភិវឌ្ឍន៍បុរីដែលមានដើមទុនតិចតួចបន្តរងផលប៉ះពាល់ពីវិបត្តិក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចូលដល់ឆ្នាំ២០២២នេះហើយ ការអភិវឌ្ឍន៍លំនៅឋាននៅតែជួបបញ្ហាដោយអន្លើ ក្នុងនោះដែរការអភិវឌ្ឍលំនៅឋានក្នុងបុរី ក៏នៅតែទទួលផលប៉ះពាល់ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានដើមទុនតិចតួច ឬដើមទុនមិនគ្រប់គ្រាន់។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុន KW Khmer Real Estate បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២នេះ ការសាងសង់បុរីនៅក្នុងប្រទេសកម្ពុជាឃើញថា នៅមានបញ្ហាខ្លះៗ មិនទាន់រលូនដូចកាលឆ្នាំមុនវិបត្តិកូវីដ១៩នោះទេ។

លោក​បន្តថា “ម្ចាស់បុរីដែលមានលុយគ្រប់គ្រាន់ គឺមិនមានជាបញ្ហានោះទេក្នុងដំណាក់កាលនេះ ឬដំណាក់កាលកូវីដ១៩ឆ្នាំ២០២០ ឆ្នាំ ២០២១ ប៉ុន្តែសម្រាប់គម្រោងបុរី ដែលម្ចាស់អភិវឌ្ឍន៍មិនមានទុនគ្រប់គ្រាន់ ឬខ្ចីលុយគេមកសាងសង់នៅតែជួបបញ្ហាដដែល”។

លោកឧកញ៉ាបន្តថា មានមតិមួយចំនួនបានលើកឡើងថា ដោយសារតែវិបត្តិកូវីដ១៩ផង វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផង ធ្វើឱ្យការសាងសង់បុរី នៅក្នុងប្រទេសកម្ពុជាយើងមានបញ្ហា ប៉ុន្តែលោកគីមហ៊ាងបានមើលឃើញថា សម្រាប់ម្ចាស់បុរីជើងចាស់ ឬបុរីមានកេរ្តិ៍និងបុរីធំៗនៅតែបន្តសាងសង់ និងលក់បានជាហូរហែក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២២នេះ តែសម្រាប់បុរីមានដើមទុនតិចតួច ឬក៏អ្នកអភិវឌ្ឍន៍ខ្នាតតូចៗគឺជៀសមិនផុសពីប៉ះពាល់នោះឡើយ ។

លោកបន្ថែមថា “ដំណាក់កាលនេះ ជាដំណាក់កាលដែលបញ្ជាក់ថា អ្នកណាខ្លាំងអ្នកណាខ្សោយ ។ ដំណាក់កាលនេះអ្នកណាខ្លាំង អាចឈរជើងបានយូរ អ្នកណាខ្សោយអាចនឹងហានិភ័យ”។ លោកឧកញ៉ា “វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់អ្នកមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម ហើយក្នុងប្រទេសកម្ពុជាយើង ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមនិងក្រោមមធ្យមមានច្រើន ដូច្នេះហើយវាក៏បានធ្វើឱ្យប៉ះពាល់ ដល់ការទិញអចលនទ្រព្យ សម្រាប់អ្នកមានចំណូលមធ្យមនិងក្រោមមធ្យមនេះដែរ”។

យ៉ាងណាក្ដីមានអ្នកជំនាញមួយចំនួន បានផ្ដល់ជាយោបល់ដល់អ្នកមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម មិនគួរវិនិយោគលើលំនៅឋានឡើយ។

ក្នុងស្ថានភាពដែលសេដ្ឋកិច្ច មិនទាន់ច្បាស់លាស់នៅឡើយនោះ អ្នកមានប្រាក់ចំណូលមធ្យម ឬក្រោមមធ្យម បើសិនជាចង់វិនិយោគគួររកទិញដីធ្លីតែជាដីធ្លីនៅឆ្ងាយពីទីក្រុង និងមានតម្លៃទាប ដើម្បីចំណេញនៅពេលពីរបីឆ្នាំឬនៅពេលស្ថានភាពបានល្អប្រសើរឡើងវិញ។

លោកផូន សុអុនដែនប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land បានលើកឡើងផងដែរថា សម្រាប់គម្រោងដែលអភិវឌ្ឍន៍ដីឡូត៏ និងលំនៅឋាននៅតំបន់ផ្លូវ៥១ នៅតែបន្តអភិវឌ្ឍន៍ទៅតាមផែនការ ទោះបីជាអំឡុងកូវីដ១៩ឬមកដល់ពេលនេះក្ដី ។ ក្រុមហ៊ុនបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោង មានដូចជាផ្លូវ ភ្លើង និងប្រព័ន្ធលូជាដើម ដើម្បីជាការផ្ដល់ទំនុកចិត្តដល់អតិថិជន ដែលបានទិញគម្រោងរបស់ខ្លួនរួចហើយ។

លោកបន្តថា “អ្នកទិញផ្ទះមិនថាទិញដើម្បីវិនិយោគ ឬទិញដើម្បីស្នាក់នៅទេ ក្នុងដំណាក់កាលនេះ គាត់មានការប្រយ័ត្នប្រយែង និងឆ្លាតវៃជាងមុនៗឆ្ងាយណាស់”។ លោកបន្តថា “ពីមុនគាត់ទិញផ្ទះទិញដីមិនសូវពិនិត្យមើលច្រើនទេ គាត់មើលតែទីតាំងល្អ អាចរកស៊ីអាចមានឱកាសចំណេញគាត់ចាប់ផ្ដើមកក់លុយទិញយកតែម្ដង ប៉ុន្តែពេលនេះគាត់បានពិនិត្យមើលច្រើនទាំងគុណភាព ទាំងអ្នកអភិវឌ្ឍន៍ និងដំណើរការអភិវឌ្ឍជាដើម”៕