លោកជា សុផារ៉ាៈរយៈពេល១៨ឆ្នាំសំណង់ថ្មីៗកើតឡើងនៅឃុំ ព្រះដាក់មានជិត៣ពាន់គ្រួសារ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងពលរដ្ឋ រស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលតវ៉ាមិនព្រមចាកចេញ ពីតំបន់ដែលខ្លួនរស់នៅ ដែលអាជ្ញាធរថាជាទីតាំងអភិរក្សរមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅក្នុងតំបន់ថ្មី ដែលរដ្ឋាភិបាលរៀបចំជូន។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ នៅក្នុងពិធីសំណេះ​សំណាលជាមួយពលរដ្ឋ ក្នុងឃុំព្រះដាក់ នៅថ្ងៃទី៧តុលា២០២២ ថា ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានសំណង់ថ្មីៗ កកើតឡើងប្រមាណ២.៨៥៩គ្រួសារ គឺមានការកើនឡើងតាមរយៈកំណើនគ្រួសារ និងអ្នកចំណូលថ្មី។

ដូច្នេះហើយទើបអំពាវនាវឱ្យមានការជួបជុំនាពេលនេះ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិទាំង៦ ក្នុងឃុំព្រះដាក់ ដោយលោកបានអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយចាត់ទុកថាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គឺជាគោលដែលត្រូវដោះស្រាយ ទាំងប្រជាពលរដ្ឋក្នុងឃុំព្រះដាក់និងឃុំទាំង១៧ក្នុងស្រុកបន្ទាយស្រី ។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានភារកិច្ចរៀបចំរាជធានី បណ្ដាខេត្ត ទីប្រជុំជន ខណ្ឌ ស្រុក ឃុំ និងភូមិរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យស្របទៅតាមផែនការនគររូបនីយកម្ម មានន័យថារាល់ការសាងសង់ ត្រូវធានាបាននូវគុណភាព សោភ័ណភាព និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធសមស្រប រួមនិងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានចុះបញ្ជីទទួលស្គាល់ថា ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដីធ្លី ដើម្បីធានាបាននូវសុវត្ថិភាព មិនឱ្យមានការរំលោភបំពាន ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះ អាចទុកជាមរតក សម្រាប់កូនចៅជំនាន់ក្រោយ ឬអាចយកទៅដាក់បញ្ចាំ ដើម្បីបានទុនយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងផងដែរ។

លោកជា សុផារ៉ាបានបន្តថា ដូច្នេះបណ្ណកម្មសិទ្ធិនេះ គឺជាទុនដែលរាជរដ្ឋាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋ តាំងពីក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ គឺមានរយៈពេល៤៣ឆ្នាំមកហើយ។លោកបន្ថែមថា ការតម្រង់ទិសនេះ គឺមានលក្ខណៈសំខាន់ត្រង់ថា ខេត្តសៀមរាបគឺជាខេត្តមួយ ដែលជាបណ្ដុំនៃបណ្ដាប្រាង្គប្រាសាទជាច្រើន ដោយបានបង្ហាញអំពីភាពរុងរឿងដ៏អស្ចារ្យ នៃអាណាចក្រខ្មែរតាំងពីបុរាណកាលមកហើយ ហើយកាលពីឆ្នាំ១៩៩២ កម្ពុជាបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនូវប្រាសាទអង្គរវត្ត។

លោកបន្តថា  “កម្ពុជាជារដ្ឋសមាជិក ដែលមានកិត្តិយសបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវមានភារកិច្ចអនុវត្តន៍ នូវតួនាទីភារកិច្ចរបស់ខ្លួន ហើយការដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនេះមិនមែនមានតែប្រាសាទតែមួយមុខនោះទេ គឺមានបារាយណ៍ បណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ប្រជាពលរដ្ឋ ព្រៃឈើ កន្លែងស្តុកទឹកដែលចាត់ទុកថាគឺជារមណីយដ្ឋានមួយ ដ៏ល្អឯកគ្មានពីរលើពិភពលោក”។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ពលរដ្ឋ ក្នុងដែលចូលរួមស្ដាប់លោកថា ការរុះរើលំនៅឋានទៅកាន់ទីតាំងថ្មី តាមគោលការណ៍ស្ម័គ្រចិត្ត ហើយពលរដ្ឋក៏អាចរស់នៅផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ ដោយមិនបាច់រុះរើទេ តែសូមឱ្យពលរដ្ឋជួយទប់ស្កាត់សំណង់ថ្មីៗ ឬពលរដ្ឋចំណូលថ្មីៗមកកាន់តំបន់អភិរក្សនេះបន្តទៀត៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here