ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នាលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់។
កិច្ចប្រជុំនេះដឹកនាំ ដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ និងបិទកម្មវិធីដោយ លោករដ្ឋលេខាធិការ រស់ វណ្ណា សហប្រធានអង្គប្រជុំ និងមានការចូលរួមពីលោក Kuribayashi Takanori លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។
អង្គប្រជុំបានពិភាក្សាអំពីរចនាសម្ព័ន្ធ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ ការធ្វើអនាម័យទីក្រុង ការប្រើប្រាស់ធនធានសម្រាប់អនុវត្តកិច្ចការងារ ភាពចាំបាច់នៃគោលកាណ៍ផ្សព្វផ្សាយណែនាំ សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋ ព្រមទាំងការខិតខំពង្រឹងពន្លឿន រៀបចំបទដ្ឋានស្តង់ដារបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត សេចក្តីព្រាងច្បាប់ និងយន្តការក្នុងការទ្រទ្រង់វិស័យទឹកកខ្វក់នៅកម្ពុជា រួមទាំងការធ្វើបច្ចុប្បន្នភាពអំពីគម្រោងសកម្មភាពការងារដែលកំពុងអនុវត្ត ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍនានា ដែលធ្វើការពាក់ព័ន្ធក្នុងវិស័យនេះ ដើម្បីធានាដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព។
លោកតូច ចាន់កុសល បានគូសបញ្ជាក់អំពីសាវតាខ្លះៗនៃការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ដែលកំពុងសាងសង់ និងខ្លះទៀតកំពុងលើកផែនការ ដែលជាការបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាមួយការខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកិច្ចសហការពីដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA)ប្រចាំកម្ពុជា និងជាពិសេសអង្គភាពពាក់ព័ន្ធបានចូលរួមលើកកម្ពស់ការគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោកបានថ្លែងការកោតសរសើរ ដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA)ប្រចាំកម្ពុជា និងជាពិសេសសាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ ដែលបានចូលរួមសហការលើកកម្ពស់ការគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅតាមរាជធានី-ខេត្ត ក៏ដូចជាក្នុងមូលដ្ឋានដើម្បីកែលម្អ ការពារទឹកជំនន់ ការកកស្ទះលូ និងការប៉ះពាល់បរិស្ថាន ដោយបានបង្កើតគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មចម្រោះប្រព័ន្ធទឹកកខ្វក់ និងវិធានអនាម័យផ្សេងៗ សំដៅធ្វើយ៉ាងណាអាចគ្រប់គ្រងលើប្រតិបត្តិការ សម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យទទួលបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ៕