គម្រោងខុនដូផ្ដោតលើទីផ្សារបរទេសនៅតែបន្តជួបបញ្ហាទីផ្សារក្នុងឆ្នាំនេះនិងអាចអូសបន្លាយដល់ឆ្នាំក្រោយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា មកបច្ចុប្បន្ននេះ នៅតែបន្តជួបបញ្ហាសម្រាប់ទីផ្សារ ដែលផ្ដោតលើជនបរទេស ខណៈជនបរទេសចូលក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះ បានចាប់ផ្ដើមកើនឡើងវិញធៀបនឹងឆ្នាំ២០២១កន្លងទៅ ។

អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍នេះថា រយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ បើយើងធៀបនឹងឆ្នាំ ២០២១កន្លងទៅយើងឃើញថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ប៉ុន្តែបើយើងក្រលេកទៅមើលមុនកូវីដទីផ្សារខុនដូក្នុងពេលបច្ចុប្បន្ននេះ មិនទាន់បានប្រសើរឡើងនៅឡើយ ។

លោកបន្តថា “យើងបានឆ្លងកាត់នូវវិបត្តិអស់រយៈពេល២ឆ្នាំ គឺឆ្នាំ ២០២០ និងឆ្នាំ ២០២១ហើយចូលដល់ឆ្នាំ ២០២២ ទីផ្សារក៏ចាប់ផ្ដើមមានកំណើនឡើងវិញតែក្នុងនោះដែរ ភាគច្រើនផ្ដោតលើទីផ្សារក្នុងស្រុក “។លោក​បន្តថា “សម្រាប់គម្រោងខុនដូដែលផ្ដោតលើទីផ្សារបរទេស នៅតែបន្តមានជួបប្រទះនឹងបញ្ហា”។

លោកខន គង្គាបានបន្តថា ក្រោយពីវិបត្តិកូវីដ១៩បានធូរស្រាល កម្ពុជា ក៏ដូចជា ពិភពលោកទាំងមូល ក៏បានជួបនឹងវិបត្តិមួយទៀតគឺ វិបត្តិស   ង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបន្តមានបញ្ហានិងថមថយ។

លោកបន្ថែមថា “ទីផ្សារខុនដូ ដែលអ្នកអភិវឌ្ឍន៍ ផ្ដោតលើទីផ្សារក្នុងស្រុកវាមិនសូវជាមានបញ្ហាប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់គម្រោងដែលផ្ដោតលើទីផ្សារបរទេសដូចជាពីចិន ពីហុងកុងជាដើម អាចនឹងមានហានិភ័យ”។ លោកបន្ថែមថា “យ៉ាងណាក្ដីសម្រាប់គម្រោងខុនដូ ដែលម្ចាស់គម្រោងមានដើមទុនគ្រប់គ្រាន់ក្នុងការវិនិយោគ ហានិភ័យនៃទីផ្សារក៏មានតិចដែរ តែសម្រាប់ម្ចាស់គម្រោង ដែលមិនមានដើមទុនគ្រប់គ្រាន់ អាចនឹងមានហានិភ័យខ្ពស់”។

លោកគង្គាបានបន្ថែមទៀតថា តាមពិតទៅប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានជួបវិបត្តិច្រើនមកហើយ ហើយពិភពលោកក៏បានដោះស្រាយបញ្ហាទាំងនោះ នឹងបានអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យល្អប្រសើរ ដូចជាវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុងឆ្នាំ ២០០៨ ២០០៩ជាដើម ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាក៏បានមានប្រសាសន៍ផងដែរថា ក្នុងឆ្នាំ២០២៣ខាងមុខ យើងក៏មិនទាន់ប្រាកដថាជនបរទេស នឹងចូលមកក្នុងប្រទេសកម្ពុជាច្រើន ដូចមុនកូវីដ១៩នោះដែរ។ កត្តាមួយចំនួនបានធ្វើឱ្យជនបរទេស បន្តជាឧបសគ្គដល់ការមកដល់នៃ ជនបរទេសក្នុងនោះមានស្ថានភាពកូវីដ១៩ នៅប្រទេសរបស់ពួកគេមិនទាន់ប្រសើរ  បញ្ហាសង្គ្រាម និងភាពតានតឹងរវាងចិន និងអាមេរិកពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ជាពិសេសវិនិយោគិនបរទេសនៅតែបន្តអភិវឌ្ឍន៍ប្រទេសគេសិន ទើបអាចចេញក្រៅស្វែងរកការវិនិយោគបាន ៕

អ្នកវិនិយោគក្នុងស្រុកបោះទុនជាង១៧០០លានដុល្លារក្នុង រយៈពេល៩ខែឆ្នាំនេះ

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ខណៈលំហូរទុនវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះ អ្នកវិនិយោគក្នុងស្រុកបានដើរតួនាទីជំនួស ដោយពួកគេបានបោះទុនរហូតដល់ជាង១៧០០លានដុល្លារ ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ។

ទំហំទុនវិនិយោគជាង១.៧ពាន់លានដុល្លារគ្របដណ្តប់៦០% នៃទុនវិនិយោគសរុបនៅកម្ពុជា ​ខណៈលំហូរទុនវិនិយោគចិន ស្ថិតក្នុងលេខរៀងទី២។ នេះបើតាមតួលេខដែលកក់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

បើគិតពី​ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ ​CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ​៣៥០០លានដុល្លារ ក្នុងនោះវិនិយោគិនកម្ពុជា បានឈានមុខគេក្នុងការបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង១​៧០០​លានដុល្លារអាមេរិក មានចំណែក៥០.៩៤% នៃការវិនិយោគសរុប កើនឡើងទេ្វដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់វិនិយោគជិត៧០០លានដុល្លារ និងមានចំណែកវិនិយោគ២០.៧៤%ប៉ុណ្ណោះ។

ប្រទេសចិនដែលធ្លាប់នាំមុខគេ ក្នុងការវិនិយោគនៅកម្ពុជា បានស្ថិតក្នុងលំដាប់ទី២វិញ ដែលបានមកវិនិយោគក្នុងទំហំទឹកប្រាក់ ជាង១៥០០លានដុល្លារ មានចំណែកវិនិយោគ៤៣.៩៨%។

តាមពីក្រោយចិន គឺប្រទេសថៃ ដែលមានទុនវិនិយោគប្រមាណ៤៤លានដុល្លារ មានចំណែកវិនិយោគ១.២៧% ។ ចំណែកប្រទេសជប៉ុន ស្ថិតចំណាត់ថ្នាក់ទី៤ ដែលបាននាំទុនវិនយោគបានប្រមាណ៤០លានដុល្លារ មានចំណែក១.១៤%នៃវិនិយោគសរុប។

លោកសុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខា​ធិការCDC បានមានប្រសាសន៍ឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស​។

​ក្នុងរយៈពេល៩ខែនេះ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៧គម្រោង​មានទុនជាង១០៤លានដុល្លារ វិស័យឧស្សាហកម្ម មានចំនួន១៣២គម្រោង មានទុនជិត១៤០០លានដុល្លារ វិស័យទេសចរណ៍មាន៣គម្រោង​ ដោយទទួលបានទុនជាង១៦៤លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន៨គម្រោង ទទួលបានទុនជិត១.៨ពាន់លានដុល្លារ៕

 

តើឃុំចំនួន២០ណាខ្លះដែលត្រូវបានកាត់បញ្ចូលមកក្នុងដែនរដ្ឋបាល រាជធានីភ្នំពេញ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឃុំចំនួន20 នៃស្រុកមួយចំនួនរបស់ខេត្តកណ្តាល ឱ្យធ្វើជាចំណុះនៃខណ្ឌចំនួន៤ របស់រាជធានីភ្នំពេញ ក្នុងផែនការពង្រីកក្រុងឱ្យកាន់តែមានទំហំធំ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណ្ឌសែនសុខ មានចំនួន3ឃុំ ដែលត្រូវបានកាត់ចេញពីស្រុកពញាព្ញ ឱ្យធ្វើជាចំណុះរបស់ខ្លួន រួមមានឃុំពញាពន់ ឃុំព្រែកព្នៅ និងឃុំសំរោង។ ដោយឡែក ខណ្ឌឫស្សីកែវមានចំនួន2ឃុំ ត្រូវបានកាត់ចេញពីស្រុកមុខកំពូល រួមមាន ឃុំកោះដាច់  និងឃុំបាក់ខែង។

សម្រាប់ខ័ណ្ឌច្បារអំពៅមាន4ឃុំ ដែលត្រូវបានកាត់ចេញពីស្រុកកៀន​ស្វាយ រួមមាន  ឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និង ឃុំព្រែកថ្មី។  ជាមួយគ្នានេះ ខណ្ឌដង្កោ មានចំនួន 11ឃុំ ដែលត្រូវបាន កាត់ពីស្រុកក ណ្តាលស្ទឹង រួមមាន ឃុំព្រែកកំពឹស ឃុំស្ពានថ្ម ឃុំទៀន ឃុំរលួស និង ឃុំគងនយ និងបាន កាត់ពីស្រុកអង្គស្នួលចំនួន 6 ឃុំ រួមមាន  ឃុំពន្សាំង ឃុំស្នោ ឃុំឪឡឹក ឃុំបឹងធំ ឃុំកំបូល  និង ឃុំកន្ទោក។

នៅក្នុងផែនការអភិវឌ្ឍ និងក្នុងប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញ ឆ្នាំ2035 ផ្ទៃដីមួយផ្នែកធំរបស់ខេត្តកណ្តាល នឹងបន្តកាត់ចូលមកជាចំណុះរដ្ឋបាលរាជធានីភ្នំពេញ ។ ដូច្នេះ ផ្ទៃដីរបស់រាជធានីភ្នំពេញ នឹងកាន់តែមានទំហំ ខណៈបច្ចុបន្ននេះ មានផ្ទៃដីទំហំប្រមាណ700 គីឡូម៉ែត្រក្រឡា ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសា​សន៍ថា ទីក្រុងភ្នំពេញកាលពីមុនមានត្រឹមតែ300 គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែក្រោយប្រទេសមានសុខសន្តិភាព និងការអភិឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យដីរាជធានីភ្នំពេញ ត្រូវបានពង្រីកជាបន្តបន្ទាប់ និងបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាជាងមុន។

តាមរយៈការពង្រីកក្រុងនេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនវត្ថុ ក៏បានពង្រីកខ្លួនទៅតាមជាយក្រុង និងមួយផ្នែកនៃខេត្តកណ្តាល  ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងប្រជាសាស្រ្ត រួមជាមួយនឹងចលនាមករស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តចូលមកក្នុងទីក្រុងភ្នំពេញ៕

លោក ស៊ុន ចាន់ថុល ណែនាំមន្ត្រីចុះបំពេញសំបុកមាន់ឱ្យអស់នៅតាមដងផ្លូវកុំឱ្យមានការលំបាកដល់ពលរដ្ឋធ្វើដំណើរ

ដោយ៖ សុផារី

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមការងារបច្ចេកទេស​ បន្តអនុវត្តការងាររបស់ខ្លួន​ឱ្យ​ជាប់ជាប្រចាំ​ ទាក់ទងនឹងការចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូច្នេះ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ​ទាក់ទងនឹងការអនុវត្ត​គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការងារទឹកកខ្វក់ ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងការ​បំពាក់មេដាយ​ជូនក្រុមការងារបច្ចេកទេសក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលមានស្នាដៃល្អក្នុងការសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ។

អង្គប្រជុំបានពិភាក្សាដោយផ្តោតជាសំខាន់លើការងារ រួមមាន ដូចជា បញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដំណោះស្រាយដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ការធ្វើឱ្យប្រសើរឡើងការប្រមូលកម្រៃពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចែករំលែកទិន្នន័យប្រតិបត្តិការ ធានាតម្លាភាពអាជីវកម្មក្រុមហ៊ុន និងសុវត្ថិភាពចរាចរណ៍តាមរយៈយន្តការបច្ចេកវិទ្យា DIP គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ បញ្ហាស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង២០គីឡូម៉ែត្រ និងវឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៤៕

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន១៥០ក្រោមទុន៣៥០០លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំនេះ

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ​ ៣៥០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំង១៥០គម្រោងនេះភាគច្រើន រួមមាន គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសំបក កង់យានយន្ត រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

គម្រោងវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងចំនួន១៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខវៀងទី១ ដោយ​បានចូលរួមចំណែកប្រមាណ៥១% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២៕

អង្គការ OPEC+ គ្រោងកាត់បន្ថយទិន្នផលប្រេង២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកាដើម្បីជំរុញតម្លៃប្រេង

ដោយ: លាងហួរ

អន្តរជាតិ: អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត ដែលជាក្រុមគេស្គាល់ថាជា OPEC+កាលពីថ្ងៃពុធម្សិលមិញបានប្រកាសកាត់បន្ថយផលិតកម្មដ៏ច្រើន ចំនួន២លានបារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដើម្បីជំរុញតម្លៃប្រេង ដែលទើបតែធ្លាក់ចុះ ដោយសារការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ច។

អង្គការនេះបានសម្រេចចិត្ត កាត់បន្ថយទិន្នផលប្រេងសរុបរបស់ខ្លួន ចំនួន២លានបារ៉ែល ក្នុងមួយថ្ងៃ ពីគោលដៅផលិតកម្ម ក្នុងខែសីហារបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែនអង្គការ OPEC លើកទី៣៣។

ការកាត់បន្ថយនេះ ស្មើនឹងប្រហែល២ភាគរយ នៃតម្រូវការប្រេងពិភពលោក ក្នុងឆ្នាំ២០២២នេះ។ តាមការប៉ាន់ប្រមាណដោយអង្គការ OPEC តម្រូវការប្រេងសកល មានប្រហែល១០០លានបារ៉ែល ក្នុងមួយថ្ងៃ។

យោងតាមសេចក្តីថ្លែងការណ៍ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយមើលឃើញពីភាពមិនប្រាកដប្រជា ជុំវិញទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារប្រេងពិភពលោក និងតម្រូវការក្នុងការពង្រឹងការណែនាំរយៈពេលវែង សម្រាប់ទីផ្សារប្រេង។

ការផ្លាស់ប្តូរកាលពីថ្ងៃពុធ របស់អង្គការ OPEC+ បានកើតឡើង នៅពេលដែលតម្លៃប្រេងឆៅបានបន្តធ្លាក់ចុះ ចាប់តាំងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចុងក្រោយរបស់ OPEC+ នៅដើមខែកញ្ញា ជាពេលដែលមានការយល់ព្រមលើការកាត់បន្ថយផលិតកម្មតិចតួចចំនួន១០០.០០០បារ៉ែលក្នុងមួយថ្ងៃ កាលពីខែតុលា។

ប្រេងឆៅ West Texas Intermediate (WTI) និងប្រេងឆៅ Brent បានធ្លាក់ចុះពីប្រហែល៩០ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅដើមខែកញ្ញា មកនៅត្រឹមប្រហែល៨០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីសប្តាហ៍មុន ដោយសារការភ័យខ្លាចកាន់តែខ្លាំងឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ច និងការធ្លាក់ចុះនៃតម្រូវការ៕

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសន្និសីទចក្ខុវិស័យកម្ពុជាពិនិត្យនិងពិភាក្សាថាតើកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ដែរទេ?

 ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ពិនិត្យ និងពិភាក្សាមើលថា តើកម្ពុជាអាចសម្រេចគោលដៅ អភិវឌ្ឍន៍ ដោយចីរភាពឆ្នាំ២០៣០ដែរទេ? ក្នុងគោលដៅឆ្នាំ២០២៣ ក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទ “ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២” នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សន្និសីទនាថ្ងៃនេះ អាចដំណើរការ និងប្រព្រឹត្តទៅបានដោយភាពរលូន និងមានការចូលរួមយ៉ាងផុសផុល ក្នុងការពិភាក្សា ផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ ដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា “ខ្ញុំក៏សូមស្នើឲ្យអង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា យកចិត្តទុកដាក់ពិនិត្យមើល តើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ សម្រេចបានឬទេ?”។

សម្ដេចតេជោបានបញ្ជាក់ថា “សម្រាប់យើងគោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ តើ សម្រេចបានឬទេ ក្នុងសភាពការណ៍ ដែលមានការរារាំងចេញពីវិបត្តិកូវីដ១៩, វិបត្ដិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាទណ្ឌកម្ម។ ចំណុចនេះ គួរតែត្រូវបានព្យាករទុកជាមុន ដើម្បីថាតើវាអាចអនុវត្តបាន ឬអត់”។

សម្ដេចតេជោក៏គូសបញ្ជាក់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ មិនមែនជាគោលដៅដោយឡែករបស់កម្ពុជានោះទេ ក៏ប៉ុន្តែកម្ពុជា ក៏បានផ្សារភ្ជាប់ខ្លួន ជាមួយនឹងដំណើរការនេះ ដើម្បីកំណត់បង្គោលចរ នៃការសម្រេចគោលដៅផងដែរ។ បើមិនសម្រេចបានទេ ការបម្រុងទុកត្រូវមានអ្វីខ្លះ គួរតែត្រូវបានពិភាក្សាសិក្សា ក្នុងឋានៈជារាជរដ្ឋាភិបាល ដែលយកការគិតគូរជាមុន និងត្រៀមម្ចាស់ការជាមុន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ដែលវាអាចកើតមាន រាប់ទាំងសភាពការណ៍ ដែលវាមិនទាន់ច្បាស់លាស់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តើវាអាចកើតមានសង្គ្រាមនុយក្លេអ៊ែរ​ដែរឬទេ បើមានការព្រមានជាប្រចាំថ្ងៃយ៉ាងដូច្នេះ និងរឿងរ៉ាវដែលអកុសលកាលពីម្សិលម្ងៃ គឺការបាញ់មីស៊ីលកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន ដែលនេះមិនមែនជារឿងលេងសើច ហើយកម្ពុជាក៏បានធ្វើការថ្កោលទោសផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នេះជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ មិនមែនគ្រាន់តែជាបញ្ហាបាញ់ចូលទៅសមុទ្រនេះ សមុទ្រនោះទេ ប៉ុន្ដែការបាញ់ឆ្លងកាត់ប្រទេសមួយ ដែលបញ្ជាក់ថា ប្រសិនបើចង់បាញ់ចូលក្នុងតំបន់ណា នៃប្រទេសជប៉ុន ក៏អាចបាញ់បាន ព្រោះបាញ់ឆ្លងកាត់ប្រទេសរួចទៅហើយ៕

សម្តេចតេជោ៖ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទ “ចក្ខុវិស័យប្រទេសកម្ពុជា” នៅព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជា បាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងនោះកាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី ដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា”។

សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម។

នៅក្នុងក្របខណ្ឌពាណិជ្ជកម្មអន្ដរជាតិ កម្ពុជាក៏បានក្លាយជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ សកល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

សម្តេចតេជោលើកឡើងពីទិសដៅទៅមុខ ក្នុងបរិការណ៍ ដែលពោរពេញទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់ថា រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាពដល់ការកសាងភាពធន់ន សេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុង “ក្របខណ្ឌយុទ្ធសាស្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣”៕

រដ្ឋាភិបាលបានកំណត់ “មនុស្ស” ជាវិស័យអាទិភាពចម្បងបំផុតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន៤ ដំណាក់កាលរួចមកហើយ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ “មនុស្ស” ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងសន្និសីទ “ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២” នៅព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២នេះ ដែលជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញ ដល់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោបានបន្តថា “ជាពិសេសចាប់ពីដំណាក់កាលទី៣មក រាជរដ្ឋាភិបាលបានកំណត់ “មនុស្ស” ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ”។

សម្តេចតេជោបានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជនជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើកទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ៕

កម្ពុជាត្រៀមលក្ខណៈចូលរូមពិធីសម្ភោធនិងចាប់ផ្តើមចចារកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរងដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈចូលរួមនៅក្នុងពិធីសម្ភោធ និងការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំ អំពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាអត្ថប្រយោជន៍ និងកាលានុវត្តន៍ភាព សម្រាប់វិស័យសំខាន់ៗទាំងនេះ នៃកិច្ចព្រមព្រៀងCEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំដៅពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម និងវិស័យសំខាន់ៗផ្សេងទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត។

អង្គប្រជុំក៏បានចែករំលែក និងផ្លាស់ប្តូរជូនគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនានា ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ដើម្បីជាធាតុចូលសម្រាប់ក្រុមការងារជំនាញតាមក្រសួង -ស្ថាប័ននីមួយៗ អាចយកទៅអនុវត្តក្នុងការពិនិត្យ លទ្ធភាពចរចាបង្កើតកិច្ចព្រមព្រៀង CEPA នាពេលខាងមុខ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ បន្តធ្វើការសិក្សាស្រាវជ្រាវ ឱ្យបានលម្អិតអំពីកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ក្នុងការទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាក់ព័ន្ធ ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀង CEPA នេះ ព្រមទាំងរៀបចំផែនការ ក្នុងដំណើរការចរចាឱ្យបានគ្រប់ជ្រុងជ្រោយ។

មន្រ្តីពាក់ព័ន្ឋបានបង្ហាញនូវសុទិដ្ឋិនិយម លើអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលអាចទទួលបានពីការបង្កើតកិច្ចព្រមព្រៀង និងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ សំដៅបន្តធ្វើពិពិធកម្មទីផ្សារ, បង្កើតកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ និងទាក់ទាញការវិនិយោគផ្ទាល់បរទេស ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព៕