ជនបរទេសដែលអាចទទួលបានវីសារយៈពេល១០ឆ្នាំនៅកម្ពុជាត្រូវមានទុនវិនិយោគ១០ម៉ឺនដុល្លារ

 ដោយៈ ជេស៊ីកា

ភ្នំពេញៈ Cambodia My 2Homeបាននិងកំពុងក្លាយជាផ្នែកដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញការវិនិយោគពីបរទេស មកកាន់កម្ពុជា ដោយជនបរទេសអាចស្នាក់នៅ និងចេញចូលកម្ពុជារយៈពេល១០ឆ្នាំ។

យោងតាមឯកសារដែលផ្តល់ជូនពីក្រុមហ៊ុន Cambodia My 2Homeបានឲ្យដឹងថា ដើម្បីចូលជាសមាជិក គឺជនបរទេសត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ហើយជាពលរដ្ឋនៃប្រទេសឬតំបន់ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ មានដើមទុនវិនិយោគមិនតិចជាង100,000ដុល្លារ ក្នុងប្រទេសកម្ពុជា និងមានសិទ្ធិស្នើសុំគណនីធនាគារផ្ទាល់ខ្លួន និងគណនីជឿទុកចិត្ត។

ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធីCambodia My 2 Home “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីតែមួយគត់ ដែលអនុញ្ញាត ឲ្យអ្នកវិនិយោគបរទេស ដែលចូលជាសមាជិករបស់កម្មវិធី“កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបានទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។

កម្មវិធីទាំងមូលបានផ្ដោតសំខាន់ ទៅលើវិស័យជាច្រើន រួមមានការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ ដែលគ្មានការអនុញ្ញាត និងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជម្រុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។

កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទាក់ទាញភ្ញៀវវិនិយោគ បរទេសជាច្រើនចូលមកប្រទេសកម្ពុជា ដែលផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជននិងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោល នយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Cambodia My 2nd Home (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេស ដែលមានបំណងចង់រស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង Golden Visa រយះពេល10ឆ្នាំ ព្រមទាំងអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ធាការរយៈពេល5ឆ្នាំ។

CM2H ផ្តល់សេវាកម្មជាច្រើនសម្រាប់សមាជិក ដូចជាការចុះឈ្មោះអាជីវកម្មក្នុងស្រុក ការបើកគណនីធនាគារ ការស្នើសុំប័ណ្ណការងារ ការការ​ពារសុខភាព ការស្នើសុំប័ណ្ណបើកបរ ការរៀបចំកន្លែងស្នាក់នៅ ប្រឹក្សាយោ​បល់លើការអប់រំ ច្បាប់ និងពន្ធ ការធ្វើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងអចលនទ្រព្យ និងដីធ្លី និង ល។

តើការក្លាយជាសមាជិកCM2H មានអត្ថប្រយោជន៍អ្វីខ្លះ? អត្ថប្រយោ​ជន៍នៃការក្លាយជាសមាជិក CM2H គឺអ្នកអាចទទួលបានទិដ្ឋាការមាសរយៈពេល10ឆ្នាំ និងអាចស្នើសុំលិខិតឆ្លងដែនកម្ពុជា បន្ទាប់ពី5ឆ្នាំនៃការទទួលបានទិដ្ឋាការមាស៕

ក្រសួងពាណិជ្ជកម្មសិក្សាលើផលិតផលចំនួន១០មុខដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សា និងរៀបចំផែនការយុទ្ឋសាស្រ្តចំនួន ដោយជ្រើសរើសមុខទំនិញកម្ពុជាចំនួន១០មុខ ដើម្បីជម្រុញការនាំចេញ និងទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

មុខទំនិញអាទិភាពចំនួន១០មុខមុនគេ រួមមាន ស្រូវអង្ករ ដំឡូងមី ចេក ៤-មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេរភាគីផ្សេងទៀត។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំអន្តរក្រសួង -ស្ថាប័នប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយកាលពីថ្ងៃទី៦ កក្កដា ដោយបានលើកឡើងអំពីគោលបំណងសំខាន់ នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះថា គឺដើម្បីជ្រើសរើសទំនិញនាំចេញ សក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

លោកបន្តថា ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែង ខាងផលិត​ផលអ្វីសម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

ជាមួយគ្នានេះ លោកបានសំណូមពរឱ្យតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការ ដ្ឋាន អាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោ​ជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា -ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា- សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើននឹងពង្រីកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើននឹងពង្រីកឱកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជានាពេលខាងមុខ។

ក្នុងជំនួបជាមួយលោកសុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ កក្កដា តំណា​ង​ សមា​គម​ផ្គត់ផ្គង់​ការ​លក់រាយ​ម៉ាឡេស៊ី (MRCA) និង​សា​​ជីវ​កម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ម៉ាឡេស៊ី​(SME Malaysia)បានលើកឡើងថា ​ជាមួយ​សញ្ញា​វិជ្ជមាន​សម្រាប់​ឱកាស​វិនិយោគ មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​គ្រោង​ នឹង​ពង្រីក​អាជីវ​​កម្ម​ពួកគេ​មក​កម្ពុជា ​ក្នុងពេល​ឆាប់ៗ​នេះ។​។

ដោយមាន​ការ​​គាំទ្រ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ ប្រចាំ​នៅ​កម្ពុជា MRCA នឹង​រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម​រយៈពេល៤​ថ្ងៃ ​ចន្លោះ​ពីថ្ងៃ​ទី ​៣១ ខែសីហា ដល់​ថ្ងៃទី ៣ ខែកញ្ញា ​នៅ​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្ដល់​ឱ្យនូវ​ឱកាស​សន្ទនា​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​កម្ពុជា និង​អនុញ្ញាតឱ្យ​ពួកគេ​ស្វែងរក​ឱកាស​ភាពជា​ដៃគូ​។​

កាលពីដើម​ខែឧសភាកន្លងមក តំណាង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៥២​ រូប​ មកពី​ក្រុមហ៊ុន​ចំនួន៣៦ ​ក្នុង​បេសកកម្ម​ពាណិជ្ជកម្ម SME Malaysia មកកាន់​កម្ពុជា កំពុង​ស្វែងរក​ការវិនិយោគ និង​សក្តានុពល​ធុរកិច្ច នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

យោងតាមទិន្នន័យ របស់​ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុង​ឆ្នាំ ​២០២១ ការ​​នាំចេញ​របស់​កម្ពុជា​ទៅ​ម៉ា​ឡេ​​ស៊ី មានតម្លៃ​ជាង១០១​ លាន​ដុល្លារ កើន២,៦២​ភាគរយ​ បើ​ធៀប​ឆ្នាំ ​២០២០ ហើយ​ការនាំ​​ចូល​មានតម្លៃ ៣៩៩ ​លាន​ដុ​ល្លារ កើន១៦,១៦​ភាគរយ​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​រាយការណ៍​ថា ម៉ាឡេស៊ី​បាន​វិនិយោគ​ជាង៣,១៥​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ គិត​ត្រឹម​ចុងឆ្នាំ​២០២១កន្លងទៅនេះ។

អគ្គលេខាធិការ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោកសុខ ចិន្តា​សោភា បាន​ធានា​ដល់​សហគមន៍​ធុ​រ​កិច្ច​ម៉ាឡេស៊ី​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រព្រឹត្ត​ ដោយ​ស្មើភាព​រវាង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ខណៈ​ច្បាប់​វិនិយោគ​ថ្មី​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​យ៉ាងច្រើន​។​

លោកបន្តថា “ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនាម​ស្ថាប័ន​ជំរុញ​វិនិយោគ ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការផ្តល់សេវា​ថែទាំ និង​សម្រួល​ដល់​វិនិយោ​គិន​ម៉ា​​ឡេ​ស៊ី និង​វិនិយោគិន​គ្រប់​ជាតិ​សាសន៍”។លោកបន្តថា “​ច្បាប់​ស្តីពី​វិ​និ​យោគ​ថ្មី​ ដែល​ចូល​ជា​ធរមាន​នា​ចុងឆ្នាំ២០២១ ក៏​ជា​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដ៏​រឹង​​មាំ​ ដែល​បានផ្តល់​ការលើក​ទឹក​​ចិត្តជា​ច្រើន ​ដល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ផងដែរ”៕

 

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនចូលរួមពិភាក្សាពីប្រព័ន្ឋចម្រោះទឹកកខ្វក់នៅទីក្រុងសំខាន់ៗចំនួន៣នៅកម្ពុជា

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCRBC បានជួបពិភាក្សាជាមួយមន្រ្តីជំនាញកម្ពុជា ដើម្បីសិក្សាលទ្ឋភាពលើការសាងសង់និងវិនិយោ គលើប្រព័ន្ឋចម្រោះទឹកកខ្វក់នៅទីក្រុងសំខាន់ៗចំនួន៣។

ទីក្រុងសំខាន់ៗទាំងនោះរួមមាន ទីក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ទីក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានជួប ពិភាក្សាការងារ ជាមួយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោកសួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួង សាធារ​ណការ និងដឹកជញ្ជូន។

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីការងារសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ផ្សារទំនើបMAKROឈានជើងមកកាន់តំបន់ជ្រោយចង្វារប្រជែង ជាមួយBig C

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ផ្សារលក់រាយនៃក្រុមហ៊ុនMAKRO Cambodia Co, Ltdបាននិងកំពុងត្រៀមបង្ហាញខ្លូន និងបោះទុនវិនិយោគនៅតំបន់ជ្រោយចង្វារ ខណៈក្រុមហ៊ុន ផ្សារទំនើបលំដាប់យក្សមួយទៀតរបស់ថៃ គ្រោងបង្ហាញវត្តមាននៅតំបន់នេះផងដែរ។

ការពង្រីកសាខានេះ ក្រុមហ៊ុនMAKRO ដែលមានមហាសេដ្ឋីថៃ និងមហាសេដ្ឋីលី យ៉ុងផាត់នៅពីក្រោយ សម្រេច​បញ្ចេញ​ទុន​ជាង១២លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មទី​៣ របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វារ ដែល​បច្ចុប្បន្ន​ជា​ទីប្រជុំ ​ដោយ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីតៗ​ជាច្រើន​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ កាលពី​សប្តាហ៍​មុនបានឱ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគរបស់​ក្រុមហ៊ុន CDCបានសម្រេច​ចេញ​វិញ្ញាប​នបត្រ​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន Makro (Cambodia) Company Limited លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ ​នៅ​សង្កា​ត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​ទុនវិនិយោគ១២,៧ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន១៦១​កន្លែង​។

ផ្សារ​ទំនើប Makro បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​ ២០១៧ ដោយ​បច្ចុប្បន្ន​ផ្សារ​ទំនើប Makro មាន​វត្តមាន​នៅ២ ​ទីតាំង គឺ​ក្នុង​រាជធានី​ភ្នំពេញ​ (​ខណ្ឌ​សែនសុខ​) និង​ក្រុង​សៀមរាប​។

យោងតាមរបាយការណ៍​ស្រាវជ្រាវ​របស់ CBRE Cambodia បង្ហាញថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០២២ អត្រា​ប្រើប្រាស់​កន្លែង​លក់រាយ ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​មក​នៅត្រឹម៦៦,៦​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី៤ឆ្នាំ​២០២១ ដែលមាន៦៧ភាគរយ​។ អត្រា​ប្រើប្រាស់​នេះ ​មាន​ចំនួន៧៤,៩ ​ភាគរយ​កាលពី​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង៨៩,៩​ភាគរយ ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២០​៕

China’s BYD takes Tesla’s crown as the world’s biggest electric vehicle producer by sales

BYD, the Chinese carmaker backed by Warren Buffett’s Berkshire Hathaway, has overtaken Elon Musk’s Tesla as the world’s biggest electric vehicle producer by number of vehicles sold, as the country powers ahead with electric vehicle production and bolstering the industrial supply chain.

 

The Shenzhen-based carmaker sold about 641,000 new energy vehicles (NEVs), including electric vehicles and hybrids, in the first six months of the year, an increase of more than 300 per cent from the same period a year ago, according to a July 5 filing by the company.

 

This compares with 564,000 vehicles sold by Tesla in the first half, which was a year-on-year increase of 46 per cent from 386,200 vehicles sold in the same period a year ago.

 

Tesla sold 254,695 cars and SUVs from April until the end of June, an 18 per cent drop over the first three months of the year, as the Texas-headquartered firm’s production and sales were hit by Shanghai lockdowns to deal with Covid-19 outbreaks.

“The Shanghai lockdown had a big impact on Tesla, and it will be some time before the US carmaker can make up the lost ground [at its Gigafactory 3 in Shanghai],” said David Zhang, a researcher at the North China University of Technology.

 

BYD’s blade batteries have been well received by drivers and the rapid growth in sales of its electric cars is within expectations, said Zhang.

 

Tesla lost 50,000 to 70,000 units in production due to the two-month citywide lockdown in Shanghai, according to estimates by industry experts, and many say its supply chain is still under stress despite a resumption of full production

South China Morning Post

ក្រុមហ៊ុនចិន BYD វ៉ាឈ្នះក្រុមហ៊ុនអាមេរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក

ដោយ៖ សុខុម

ប៉េកាំង: ក្រុមហ៊ុនផលិតរថយន្តចិន BYD ដែលមានក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway របស់កំពូលមហាសេដ្ឋីអាមេរិក Warren Buffett នៅពីក្រោយខ្នង បានជែងឈ្នះក្រុមហ៊ុនអាមេរិក Tesla របស់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តចិន BYD ក៏កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា យើងផងដែរ ដោយទទួលបានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។

ការជែងឈ្នះគួរឱ្យភ្ញាក់ផ្អើលនេះកើតមានឡើង ស្របពេលប្រទេសមហាអំណាចទាំង២កំពុងសម្រុកផលិតរថយន្តអគ្គិសនី និងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា។

ក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីក្រុងស៊ឹនជិន (Shenzhen) ប្រទេសចិន បានលក់រថយន្តប្រើថាមពលថ្មី (NEV) បានរហូតដល់ទៅប្រមាណ៦៤១.០០០គ្រឿង រួមទាំងរថយន្តអគ្គិសនី (EV) និងរថយន្តហាយប៊្រីដ (Hybrid) ផងដែរក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២។

យោងតាមឯកសារចុះថ្ងៃទី៥ ខែកក្កដា របស់ក្រុមហ៊ុន BYD បង្ហាញថា តួលេខថ្មីនេះបង្ហាញពីកំណើនរហូតដល់ទៅជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ដោយឡែកក្រុមហ៊ុនអាមេរិក Tesla លក់រថយន្តបានចំនួន៥៦៤.០០០គ្រឿងក្នុងឆមាសទី១ ដោយកើនឡើង៤៦% បើធៀបនឹង៣៨៦.២០០គ្រឿងដែលលក់បានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទោះជាយ៉ាងណា តួលេខនេះបង្ហាញថា ក្រុមហ៊ុន Tesla លក់រថយន្តបានតិចជាងក្រុមហ៊ុន BYD ក្នុងចំនួន៧៧.០០០គ្រឿង៕

ក្នុងឆមាសទី១ គម្រោងខុនដូដែលដំណើរការឡើងវិញមានចំនួនច្រើនជាងគម្រោងបើកថ្មី

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ នៅក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ គម្រោងខុនដូ ដែលផ្អាកដំណើរការកាលពីវិបត្តិកូវីដ១៩កន្លងទៅនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញ ដែលជំរុញឱ្យសកម្មភាពសាងសង់បានកម្រើកឡើងវិញ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានឱ្យដឹងថា គម្រោងខុនដូ ដែលផ្អាកហើយបានដំណើរការឡើងវិញ ក្នុងរយៈពេលមួយឆមាសកន្លងមកនេះ មានចំនួនច្រើនជាងគម្រោងខុនដូដែលបើកថ្មី។ សកម្មភាពនេះបានធ្វើឱ្យសកម្មភាពសាងសង់នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមដំណើរការល្អ និងជំរុញឱ្យការសាងសង់នៅក្នុងប្រទេសកម្ពុជា កាន់តែមានសន្ទុះ។

អ្នកនាងបន្តថា នៅពេលគម្រោងខុនដូទាំងនោះបានចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ  សកម្មភាពលក់ខុនដូទាំងនោះក៏ចាប់ផ្ដើមបើកដំណើរការ ដែលជាការជំរុញឱ្យការទិញលក់ខុនដូចាប់ផ្ដើមប្រសើរដូចគ្នា។ យ៉ាងណាក្តី សម្រាប់គម្រោងថ្មីៗ ក្នុងរយៈពេល៦ខែនេះ មិនទាន់មានច្រើនទេ ដែលយើងបានមើលឃើញថា មានការធ្លាក់ចុះនៃទុនវិនិយោគ និងគម្រោងសាងសង់។

អ្នកនាងបន្ថែមថា ទោះបីជាយ៉ាងនេះក្ដី វាមិនបង្ហាញថាវិស័យសំណង់មិនទទួលបានការចាប់អារម្មណ៍នោះទេ គឺវានៅតែទទួលបានការវិនិយោគពីវិនិយោគិនក្នុងស្រុក គ្រាន់តែមិនមានគម្រោងធំៗគួរឱ្យកត់សម្គាល់លេចឡើងក្នុងរយៈពេល៦ខែកន្លងមកនេះ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia ក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ទីផ្សារខុនដូក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះ ដោយភាគច្រើននៃអតិថិជនជាអ្នកក្នុងស្រុក និងមានប្រជាជនកម្ពុជា ដែលរស់នៅក្រៅប្រទេស។ ទាំងនេះបានបង្ហាញពីការដំណើរការទីផ្សារខុនដូ និងការសាងសង់ចាប់ផ្ដើមឡើងវិញ នៅក្នុងឆ្នា២០២២នេះ។

លោកបន្តថា កំណើននេះ ជំរុញដោយការបើកប្រទេស ការចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រជាជនបានច្រើន ដែលធ្វើឱ្យដំណើរការសេដ្ឋកិច្ចក្នុងប្រទេសចាប់ផ្ដើមមានកំណើន ជាមួយនឹងទេសចរបរទេស ចូលមកទស្សនា និងកំណើនការស្នាក់នៅក្នុងប្រទេសកម្ពុជា។ នៅពេលខាងមុខឆាប់ៗនេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានឹងកាន់តែមានកំណើនឡើង ជាមួយប្រជាពលរដ្ឋក្នុងស្រុកកាន់តែច្រើនក៏បានចាប់អារម្មណ៍លើការរស់នៅក្នុងខុនដូបន្ថែមទៀត៕

អគ្គនាយកដ្ឋានពន្ធដារនឹងផ្តល់សេវាពន្ធដារលើការចុះបញ្ជីអចលនទ្រព្យនៅខេត្តកែបចាប់ពីថ្ងៃទី១១ ខែកក្កដា​តទៅ

ដោយ៖ សុផារី

កែប៖ ដោយមានការឯកភាពពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកែប ក្រុមការងារអង្កេតអចលនទ្រព្យគ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៣ នៃក្រុងកែបខេត្តកែប ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះតទៅ។

នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារបាន និងនីតិវិធីនៃការចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនរួមមាន ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពត និងខេត្តស្វាយរៀង។

លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់ ចំពោះការចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅតាមបណ្តាខេត្តកន្លងមក និងបន្តគាំទ្រដល់ការពង្រីកវិសាលភាព ការងារនៅខេត្តកែប សំដៅធ្វើយ៉ាងណាប្រមូលនូវទិន្នន័យអចលនទ្រព្យ ដើម្បីជាគុណប្រយោជន៍ដល់ការកៀរគរប្រមូលចំណូលពន្ធ។

លោកបណ្ឌិតបានលើកឡើង ពីអត្ថប្រយោជន៍សំខាន់ៗទាំង០៦ នៃការចុះអង្កេតអចលនទ្រព្យ នេះរួមមាន ១.រៀបចំគោលនយោបាយសារពើពន្ធប្រកបដោយ ភាពច្បាស់លាស់ ២.មានមូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការ រៀបចំផែនការថវិកាប្រចាំឆ្នាំឱ្យបានសមស្រប ៣.ធ្វើទំនើបកម្ម ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ៤.ទទួលបានទិន្នន័យ មូលដ្ឋានច្បាស់លាស់ ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និង ពន្ធពាក់ព័ន្ធដទៃទៀត ៥.មានទិន្នន័យគ្រប់គ្រាន់សម្រាប់ការវិភាគ និងរៀបចំរបាយការណ៍ និង ៦.ផ្ដល់ភាពងាយស្រួលដល់ការ គ្រប់គ្រង និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ។

បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដែលហៅកាត់ថា ការងារអង្កេតអចលនទ្រព្យ ដែលកិច្ចការនេះ ក្រុមការងារត្រូវចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្ដុំទិន្នន័យអត្តសញ្ញាណម្ចាស់អចលនទ្រព្យព័ត៌មាន អចលនទ្រព្យរូបថតទីតាំងនិយាមកា និងព័ត៌មានចាំបាច់ផ្សេង ទៀតសម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីពន្ធដារឱ្យ បានត្រឹមត្រូវនិងច្បាស់លាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ​។

បន្ថែមពីនេះ ការចុះអង្កេតអចលនទ្រព្យនឹងជួយគាំទ្រដល់ការ ប្រមូលចំណូលពន្ធ និងធ្វើទំនើបកម្មក្នុងការផ្តល់សេវាតាមរយៈ ១. ការបង់ពន្ធលើអចលនទ្រព្យតាមកម្មវិធី GDT Taxpayer Application ២.ការបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងប្រមូល ចំណូលពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែល ជាពន្ធសម្រាប់ថ្នាក់ក្រោមជាតិ ៣.ការគ្រប់គ្រងការប្រមូលចំណូល ពន្ធលើប្រាក់ចំណេញមូលធន និងពន្ធលើចំណូលរូបវន្តបុគ្គល និង៤.រៀបចំគោលនយោបាយលើកទឹកចិត្តពន្ធលើអចលនទ្រព្យ លោក សិញ សេងហោ ប្រធានលេខាធិការដ្ឋានអង្កេត ឬប្រភេទពន្ធពាក់ព័ន្ធ៕

 

 

ត្រឹម៣ខែសោះរុស្ស៊ីលក់ថាមពលឱ្យមហាយក្សចិននិងមហាយក្សឥណ្ឌាបាន២៤ពាន់លានដុល្លារ

ដោយ៖ សុខុម

អន្តរជាតិ: ប្រទេសរុស្ស៊ី រកចំណូលបានរហូតដល់ទៅ២៥ពាន់លានដុល្លារ ពីការលក់ថាមពលឱ្យទៅមហាយក្សចិន និងមហាយក្សឥណ្ឌា ក្នុងពេលត្រឹមតែ៣ខែ បន្ទាប់ពីខ្លួនបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី៦ ខែកក្កដា។

នេះជាសញ្ញាបង្ហាញថា ការឡើងថ្លៃថាមពលទូទាំងពិភពលោកកំពុងរឹតត្បិតកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងការដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ បើនិយាយមួយបែបទៀតឱ្យកាន់ងាយស្ដាប់បានមានន័យថា លោក ពូទីន មិនខ្លាចទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលដាក់មកលើខ្លួនលើយ ព្រោះលោកមានមហាយក្ស២ចាំទទួលទំនិញរបស់ខ្លួនគ្រប់ពេល ជាពិសេសថាមពលតែម្ដង។

ទិន្នន័យគយចុងក្រោយបំផុតបង្ហាញថា ប្រទេសចិន បានចំណាយដល់ទៅ១៨,៩ពាន់លានដុល្លារ ទិញប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេល៣ខែគិតមកទល់នឹងដំណាច់ខែឧសភា ដែលចំនួននេះស្ទើរតែកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១។

ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌាបានចំណាយដល់ទៅ៥,១ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា ដែលច្រើនជាង៥ដង បើធៀបនឹងឆ្នាំ២០២១។ នោះមានន័យថា រុស្ស៊ីរកចំណូលបន្ថែមបានដល់ទៅ១៣ពាន់លានដុល្លារ ពីមហាយក្សទាំង២នេះ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។

ការចំណាយកាន់តែខ្ពស់ពីសំណាក់មហាយក្សទាំង២នេះ កំពុងជួយប៉ះប៉ូវការធ្លាក់ចុះការទិញពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតដែលបានបញ្ឈប់ ឬកាត់បន្ថយការទិញថាមពលពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មលើប្រទេសនេះ ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ ទណ្ឌកម្មទាំងនេះបានធ្វើឱ្យតម្លៃថាមពល ដែលផ្គត់ផ្គង់ជំនួសថាមពលរុស្ស៊ី ហក់ឡើងថ្លៃកាន់តែខ្ពស់ និងជំរុញអតិផរណា ដែលគំរាមកំហែងទាញសេដ្ឋកិច្ចធំៗ ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

លោក Lauri Myllyvirta អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (Centre for Research on Energy and Clean Air) ដែលបានតាមដានរំហូរថាមពលរបស់រុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន បានលើកឡើងថា “ប្រទេសចិនកំពុងសម្រុកទិញយកទាំងអស់នូវអ្វីដែលរុស្ស៊ី អាចនាំចេញបានតាមបំពង់បង្ហូរប្រេង និងកំពង់ផែនៅសមុទ្រប៉ាស៊ីហ្វិក។ ឥណ្ឌាជាអ្នកទិញទំនិញដ៏ធំចេញពីមហាសមុទ្រអាត្លង់ទិក ដែលអឺរ៉ុប លែងចង់បាន”។

អ្នកវិភាគរូបនេះ បានគូសបញ្ជាក់ថា ការសម្រុកទិញថាមពលរុស្ស៊ី ពីសំណាក់មហាយក្សទាំង២នេះទំនងជាមិនបញ្ឈប់ក្នុងពេលឆាប់ៗនេះឡើយ៕