សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទាន៧ចំណុច ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងសន្និសីទ “ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២” នៅព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២នេះ ដោយផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ចំនួន៧ចំណុច ដើម្បីជាធាតុចូលបន្ថែម ក្នុងការដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ “ចក្ខុវិស័យប្រទេសកម្ពុជា” គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

ដើម្បីជាធាតុចូលបន្ថែម សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាទស្សនទានការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖

ទី១ បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាចជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមាន ឡើងជាយថាហេតុនាពេលអនាគត

ទី២. ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគលើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើកទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។

ទី៣. ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិង ជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។

ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាសធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាដើម។

ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិត អភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុង ការផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬកំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបាន ក្នុងរយៈពេលដ៏ខ្លី។ ដូចនេះ កម្ពុជាត្រូវចាប់ យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរ នូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥” និងគោលនយោបាយ ពាក់ព័ន្ធផ្សេងទៀត។

ទី៦. ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និង ភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយ ចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាង ហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា បៃតងជាដើម។

ទី៧. ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូច ជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកប ដោយភាពធន់ និងបរិយាបន្ន ដោយមានការ ចូលរួមពីវិស័យឯកជន គឺពិតជាមានសារៈសំខាន់។ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅ កាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគ សាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាព ផ្នែកថវិការបស់កម្ពុជានិងអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយ ប្រជាជន និងវិស័យឯកជនដែលបាននិងកំពុង បន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here