GIZជ្រើសរើសទីក្រុងរបស់កម្ពុជា វៀតណាម និងឡាវលើការរៀបចំផែនការគ្រប់គ្រងប្រកបដោយនិរន្តរភាព

 ដោយៈ គង់ សូរិយា

       សៀមរាបៈ គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) បានជ្រើសរើសប្រទេសចំនួន៣​ ក្នុងអាស៊ាន រួមមាន ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ខេត្តវ៉ាងវៀង ប្រទេសឡាវ និងខេត្ត ដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បង លើការគ្រប់គ្រងប្រកបដោយនិរន្តរភាព។

ក្នុងកិច្ចពិភាក្សានេះក្រោមវត្តមាន របស់លោកយុន លីនណេ អភិបាលរងនៃគណៈ អភិបាលខេត្តសៀមរាប និងលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធ។

លោកអភិបាលរងខេត្ត​ ក៏បានសាទរផងដែរ ដែលគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រ​ងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេសចរណ៍ខ្នាត មធ្យម កត្តាសំខាន់នោះ លើកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាដៃគូរ សហការជាមួយសមាគមទេសចរណ៍ និងតួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និង ទេសចរណ៍ ។

ជាមួយគ្នានេះ លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុងទេស​ចរណ៍ខ្នាត មធ្យមនៅក្នុងតំបន់អាស៊ាន។ តាមរយៈការពង្រឹងសមត្ថភាពនែការទុកដាក់សំណល់ ចុងក្រោយ និងការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព ។ ម៉្យាងទៀតគម្រោងនេះ ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយលេខាធិការដ្ឋានអាស៊ាន ។

លោកបន្តទៀតថា  “គម្រោងនេះ ក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥”។ លោកបន្តថា “កាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និង ការកែច្នៃឡើងវិញប្រកបនិរន្តរភាព និង គិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុង ទេសចរណ៍គោលដៅ”៕

  

ចរន្តហោះហើរកម្ពុជា-ចិនចាប់ផ្តើមមានសញ្ញាវិជ្ជមាន កើនឡើងដល់៣៣ភាគរយនៃចំនួនមុនវិបត្តិកូវីដ១៩

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកាន់ប្រទេសកម្ពុជាជាបណ្តើរៗហើយ និង​បានជំរុញឱ្យចំនួនជើងហោះហើររវាងប្រទេសចិន និងកម្ពុជា ក្នុងរយៈពេល៩ខែនេះ មានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។

 

ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនមានចំនួនជាង១០ក្រុមហ៊ុន ដែលបានដាក់ពាក្យ​ស្នើបើក​ជើងហោះហើរត្រង់មកកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២២។

លោក ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍នៅថ្ងៃទី៤ ខែតុលានេះថា ​ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុន​អាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់​ទៅមក ពីបណ្តា​ខេត្ត​ចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា មានចំនួន៣០ជើងក្នុងមួយសប្តាហ៍។

 

មន្ត្រីខាងលើបានអះអាងថា ការមាន​ជើង​ហោះហើរ​ត្រង់កម្ពុជាចិននេះ​ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិនកំពុង​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​រឹត បន្តឹង​គោលនយោបាយ Zero Covid នៅក្នុងប្រទេសចិន។

 

លោក ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ​ចំនួនជើងហោះហើរសរុបមានកំណើន​ប្រមាណ៣៣% នៃចំនួនជើងហោះហើរសរុប​១០៤.៧៧០ជើងក្នុងឆ្នាំ២០១៩នោះ។ ក្នុងនោះ អ្នកដំណើរ​អន្តរជាតិមកកម្ពុជា ​នឹងមានកំណើន២៦%បន្ថែមទៀត ​ហើយ ក្រៅពីនេះជាចំនួនជើងហោះហើរ​យន្តហោះដឹកទំនិញ។

 

យោងតាមតួលេខក្រសួងទេសចរណ៍ប្រមូល​បានមក​ពី​តាមបណ្តាច្រកទា្វរអន្តរជាតិផ្លូវអាកាស​ ផ្លូវគោក​ និងផ្លូវទឹក​ ចំនួន២៦ច្រកទ្វារអន្តរជាតិ បានឱ្យដឹងជា​បណ្តោះអាសន្នថា​ ក្នុងរយៈពេល៩ ខែឆ្នាំ២០២២ ​ទូទាំងប្រទេសទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាន២សែននាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិ​ចូល​កម្ពុជា​តាមច្រកទ្វារអន្តរជាតិផ្លូវគោកមានចំនួនច្រើនជាងគេ៕

ANGKOR RESOURCES’ ENERGY Subsidiary Granted Onshore Exploration and Production License for Cambodia’s Oil & Gas

Angkor Resources Corp. announces its energy subsidiary, EnerCam Resources Corp. (Cambodia) Co. Ltd. (EnerCam) has received final licensing for exploration, development, and production on Block VIII onshore Cambodia.

 

Mike Weeks, President of EnerCam, comments, “We are excited about moving oil and gas forward in Cambodia as we believe this is a monumental change for the entire country.  Having its own long-term source of energy for LNG, for fuels, and a whole variety of products currently imported into Cambodia will advance this country to a new level.   It starts with exploration on Block VIII; we see gas shows, oil seeps, and other indications on the license that point us in a potential direction for discovery.”

 

Initial reconnaissance over the license area by exploration experts indicates a sedimentary foreland basin.  Geologists performing on-the-ground reconnaissance found numerous oil seeps and gas seeps across the targeted areas (see map on following page).

 

Initial phases of exploration on Block VIII will include the acquisition of available seismic, which will then have comprehensive analysis completed.  Preliminary magnetics on the targeted areas will also be part of the first phase work plan.

The licensed area is on the southwest corner of Cambodia.  The permitting is for an initial three-year exploration term and two further renewal terms of two years each.  Development and production terms are for 25 years with additional renewals.

Exploration will be undertaken outside of park areas, part of EnerCam’s ESG mandate so the Company assists in protecting Cardamon Mountains National Park and Preah Monivong and Kirirom National Parks.

 

D Weeks, CEO of Angkor, comments, “Until countries have accomplished sourcing sufficient renewable energy to meet global demand, cleaner and greener use of hydrocarbons plays a vital role in every country’s energy balance.  Cambodia needs its own source of energy, and we look forward to actively exploring and producing energy for Cambodia, all the while establishing strong ESG principles in a new sector of the country.

On the impact for people, she continues, “This is also a huge opportunity for human resource development with a significant new industry sector for Cambodia.  Implementing best practices for energy creation with hydrocarbons brings positive development and a template for the entire country.  We can use what we have learned elsewhere to minimize the carbon footprint and maximize the benefits to the economy and the population.”

 

Source: The Newswire

អ្នកជំនាញ៖ កំណើនភ្ញៀវទេសចរផ្ទៃក្នុងមិនជួយជំរុញវិស័យអចលនទ្រព្យច្រើននោះទេ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ មានភ្ញៀវទេសចរផ្ទៃក្នុងជាច្រើន បានចេញធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស។

ប៉ុន្តែ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា ការកើនឡើងនៃភ្ញៀវទេសចរផ្ទៃក្នុងមិនសូវជួយច្រើន ដល់វិស័យអចលនទ្រព្យនោះឡើយ។

លោក កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ឃើញថាភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងមានចំនួនច្រើន ទាំងអ្នកមានស្រុកកំណើននៅខេត្តបាត់ដំបងផ្ទាល់ និងភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។

លោកបន្តថា យ៉ាងណាក្ដី កំណើនភ្ញៀវទេសចរនៅក្នុងខេត្តនេះ មិនបានជួយដល់វិស័យអចលនទ្រព្យច្រើននោះទេ ពីព្រោះអ្នកទេសចរទាំងនោះមកតែមួយពេលៗប៉ុណ្ណោះ ដោយពួកគេមិនបានស្វែងរកអចលនទ្រព្យ នៅក្នុងខេត្តបាត់ដំបងឡើយ។ ជាក់ស្ដែង អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តជួបបញ្ហា លក់មិនចេញ ឬលក់បានចំនួនតិចតួចប៉ុណ្ណោះ។

លោកបន្ថែមថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តមួយនេះ មិនថាដីឡូតិ៍ ឬលំនៅឋានជួបប្រទះនឹងការលក់ចេញ បុន្តែជាយុទ្ធសាស្ត្រទីផ្សារ ពួកគេតែងតែបំប៉ោង និងផ្សព្វផ្សាយថា គម្រោងរបស់ខ្លួនជិតអស់ហើយ ឬនៅសល់តែប៉ុន្មានឡូតិ៍ ឬល្វែងទៀតប៉ុណ្ណោះ នឹងអស់ហើយ តែតាមពិតគម្រោងរបស់ពួកគេនៅសល់ច្រើន និងមិនមានអ្នកទិញនោះទេ។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងថា កំណើនភ្ញៀវទេសចរផ្ទៃ ក្នុងនេះនឹងមិនជួយជំរុញ ឱ្យវិស័យអចលនទ្រព្យមានកំណើន ឬមិនជួយឱ្យមានការអភិវឌ្ឍ និងទិញអចលនទ្រព្យច្រើននោះទេ។ អចលនទ្រព្យក្នុងប្រទេសកម្ពុជា គឺពឹងទៅលើជនបរទេស បើសិនជាជនបរទេសមានកំណើនច្រើនឡើងវិញ នោះវិស័យនេះអាចនឹងទទួលបានកំណើន ឬវិវត្តន៍ទៅរកស្ថានភាពមុនកូវីដ១៩បានខ្លះ៕


ដំណឹងល្អ ប្រទេសអារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតប្រចាំនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត បានថ្លែងថា ដោយទតឃើញការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ព្រះអង្គម្ចាស់បានលើកឡើងយ៉ាងនេះ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសយាងចូលរួម ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១” នៅរាជធានីភ្នំពេញ។

ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានសម្តែងព្រះទ័យសប្បាយរីករាយ ដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។

ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។

លោកពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍ និងសម្តែងការអបអរសាទរ ដែលរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតប្រចាំនៅកម្ពុជា និងបានទូលថ្វាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលសម្រេចបានប្រមាណ២៦លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំត្រឹមតែ១៩លានដុល្លារអាមេរិក)។

ក្នុងន័យនេះ ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈ ឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត។

ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ១៥,៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕

លំហូរវិនិយោគបរទេសចូលប្រទេសកូរ៉េខាងត្បូងកើនឡើងជាង១៨ភាគរយក្នុងរយៈពេល៩ខែដំបូង

ដោយ: លាងហួរ

សេអ៊ូល: ក្រសួងឧស្សាហកម្មបានឱ្យដឹងនៅថ្ងៃពុធនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង១៨,២ភាគរយ ធៀបនឹងរយៈពេល៩ខែដំបូងនៃឆ្នាំមុន ដោយសារកំណើនដ៏រឹងមាំ នៃការវិនិយោគក្នុងវិស័យកម្រិតខ្ពស់ ដូចជា បន្ទះឈីប និងថ្មអាគុយ។

យោងតាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ប្រទេសនេះបានទទួលលំហូរ FDI មានតម្លៃ២១,៥២ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែកញ្ញា បើធៀបនឹង១៨,២១ពាន់លានដុល្លារ ដែលបានកត់ត្រាកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា វាជាលើកទីមួយហើយ ដែលប្រទេសកូរ៉េខាងត្បូងទទួលបានលំហូរFDI ច្រើនជាង២០ពាន់លានដុល្លារ នៅត្រីមាសទីបី។

ប្រទេសនេះបានមើលឃើញការកើនឡើងនៃការវិនិយោគពីបរទេស នៅក្នុងវិស័យជឿនលឿនដូចជា semiconductor រថយន្តអគ្គិសនី និងថ្មអាគុយ។  មូលដ្ឋានផលិតកម្មមានស្ថេរភាព កម្លាំងពលកម្ម និងបច្ចេកវិទ្យាច្នៃប្រឌិត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បានទាក់ទាញការវិនិយោគពីបរទេស។

នៅក្នុងផ្នែកឧស្សាហកម្ម វិស័យផលិតកម្មបានទទួលការវិនិយោគចំនួន៧,៨ពាន់លានដុល្លារ ច្រើនជាងពីរដងធៀបនឹងឆ្នាំមុន។ យ៉ាងណាក្តី លំហូរFDI ហូរចូលវិស័យសេវាកម្មបានធ្លាក់ចុះ១១,៥ភាគរយមកត្រឹម១២,៦៧ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែកញ្ញា។

វិនិយោគិនសហរដ្ឋអាមេរិក បានសន្យាថា នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់៧,១៣ពាន់លានដុល្លារ ក្នុងអំឡុងពេលដែលបានលើកឡើង កើនឡើង១១៥,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ តួ​លេខ​ពី​ប្រទេស​ជប៉ុន​ក៏​បាន​កើន​ឡើង៤២,៩ភាគរយ ​ដល់១,០៤ពាន់​លាន​ដុល្លារ។

ទិន្នន័យបានបង្ហាញថា ការវិនិយោគពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានធ្លាក់ចុះ៥៥ភាគរយមកត្រឹម៣,៣ពាន់លានដុល្លារ ដោយសារតែឥទ្ធិពលមូលដ្ឋានខ្ពស់ ហើយលំហូរវិនិយោគពីប្រទេសចិន ហុងកុង សិង្ហបុរី តៃវ៉ាន់ និងម៉ាឡេស៊ី បានធ្លាក់ចុះ១៤,៩ភាគរយ កាលពីឆ្នាំមុន មកត្រឹម៤,៣៣ពាន់លានដុល្លារ៕

ក្រុមហ៊ុនវិនិយោគលំនៅឋានតម្លៃសមរម្យជាច្រើនចូលទៅកាន់ តំបន់ផ្លូវជាតិ៥១ដើម្បីអភិវឌ្ឍន៍

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល៩ខែចុងក្រោយនេះ​នៃឆ្នាំ ២០២២២ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ បានចូលទៅកាន់តំបន់ផ្លូវជាតិ៥១។

តំបន់អភិវឌ្ឍន៍នេះ ផ្តោតលើប៉ែកខាងលិចរាជធានីភ្នំពេញ ដែលគំរោងទាំងនេះធ្វើឡើង ដើម្បីអភិវឌ្ឍន៍លំនៅឋានជូនប្រជាពលរដ្ឋ ដែលមានតម្រូវការក្នុងនោះឃើញថា ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ មានសន្ទុះកាន់តែច្រើន។

លោកង៉ឺយធី ជំនួយការអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ KH Land ដែលអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងលិច រាជធានីភ្នំពេញបាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី៥ តុលានេះថា ក្នុងរយៈពេល៩ខែចុងក្រោយនេះ លោកបានមើលឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានចូលទៅកាន់តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ( ផ្លូវ៥១) កាន់តែច្រើននិងបានធ្វើសកម្មភាពសាងសង់លំនៅឋាន សម្រាប់ផ្គត់ផ្គង់តាមតម្រូវការអតិថិជន ក្នុងនោះដែរលំនៅឋានតម្លៃសមរម្យឃើញថា មានទីផ្សារនិងសន្ទុះនៃការអភិវឌ្ឍច្រើននៅក្នុងតំបន់នោះ ។

លោកបន្តថា “ក្នុងវិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យទាំងដីឡូត៏ និងផ្ទះឃើញថាមានការថមថយមួយម្រិត ពីព្រោះតែអំឡុងពេលនេះ ប្រជាពលរដ្ឋមួយចំនួនមានបញ្ហានឹងហិរញ្ញវត្ថុ ដោយបាត់ចំណូលហើយចំណូល ដែលទទួលបាន គឺសម្រាប់ទុកចំណាយការចំាបាច់ប៉ុណ្ណោះ ដោយមិនមានការទិញលក់អចលនទ្រព្យខ្លាំងនោះទេ”។ លោកបន្តថា “ក្រោយមកទៀតនៅក្នុងឆ្នាំ២០២២ ដោយសារតែស្ថានភាពបានធូរស្រាលក៏ឃើញថា អាជីវកម្មជាច្រើន ចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញ ធ្វើឱ្យប្រាក់ចំណូលពលរដ្ឋក៏កើនឡើងទៅតាមនោះ នឹងធ្វើឱ្យការទិញលក់អចលនទ្រព្យក៏មានជាហូរហែរឡើងវិញ”។

លោកធីបានបន្តទៀតថា សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីឡូត៏របស់ក្រុមហ៊ុន KH Land ក៏បានបន្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជនផងដែរ ក្នុងនោះក្រុមហ៊ុនបានអភិវឌ្ឍន៍ហេ ដ្ឋារចនាសម្ព័ន្ធថ្មីៗ ទាំងក្នុងគម្រោងនិងក្បែរគម្រោង ដើម្បីឱ្យពលរដ្ឋដែលបានទិញគម្រោងពីក្រុមហ៊ុនកាន់តែមានទំនុកចិត្តខ្ពស់។

លោកបន្ថែមថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានចូលមកកាន់តំបន់ផ្លូវជាតិ៥១ ដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួននោះដោយយើងឃើញថា ក្រុមហ៊ុនវិនិយោគធំៗ ដូចជា ក្រុមហ៊ុនកាណាឌីយ៉ាបាន និងកំពុងមមាញឹកក្នុងការសាងសង់ឃ្លាំង រោងចក្រ ដោយរំពឹងថានៅពេលឆាប់ៗខាងមុខនេះ ពោលគឺនៅពេលរោងចក្រដំណើរការ នឹងមានមនុស្សមករស់នៅ និងធ្វើការនៅតំបន់នោះកាន់តែច្រើន ដែលនឹងធ្វើឱ្យការអភិវឌ្ឍនៅតំបន់កាន់តែមានសក្ដានុពលបន្ថែមទៀត ។

ចំណែកលោកបូ សេងហួរ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពង់ស្ពឺក៏បានឱ្យដឹងផងដែរថា តំបន់តាមបណ្ដោយផ្លូវលេខ៥១ បានក្លាយជាតំបន់ ដែលមានសក្ដានុពលទាក់ទាញ លើការអភិវឌ្ឍឧស្សាហកម្មនិងលំនៅឋានតម្លៃ ដោយមានក្រុមហ៊ុនថ្មីៗជាច្រើន បានចូលទៅកាន់តំបន់នោះដើម្បីអភិវឌ្ឍន៍ ហើយបានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ កាន់តែមានកំណើន និងរក្សាបានកំណើនល្អ ទោះបីស្ថិតនៅក្នុងវិបត្តិនាពេលកន្លងមកក្ដី ។

តំបន់ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងផែនការនិងគោលនយោបាយរបស់រដ្ឋាភិបាល រៀបចំជាតំបន់ឧស្សាហកម្ម ដោយរោងចក្រ សហគ្រាសជាច្រើននឹងរើចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់នោះកាន់តែច្រើននាពេលអនាគត៕

រដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធដល់ក្រុមហ៊ុនកាណាដាធំមួយក្នុងការរុករកនិងផលិតប្រេងនៅដែនសមុទ្រកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុន Angkor Resources Corp. បានប្រកាសថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុនEnerCam Resources Corp. (Cambodia) Co. Ltd. បានទទួលអាជ្ញាប័ណ្ណចុងក្រោយសម្រាប់ការរុករក ការអភិវឌ្ឍន៍ និងការផលិតនៅលើប្លុកទី VIII នៅក្នុងដែនសមុទ្រកម្ពុជា។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TheNewswire នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដោយដកស្រង់សម្តីរបស់ លោក Mike Weeks ប្រធានក្រុមហ៊ុន EnerCam ថា “យើងមានការរំភើបចំពោះវឌ្ឍនភាពលើការរុករកប្រេង និងឧស្ម័នរបស់ប្រទេសកម្ពុជា ដោយសារយើងជឿថា នេះគឺជាការផ្លាស់ប្តូរដ៏ធំធេងសម្រាប់ប្រទេសទាំងមូល”។

លោក Mike Weeks បានបន្តថា “ការមានប្រភពថាមពលរយៈពេលវែងផ្ទាល់ខ្លួន រួមមានសម្រាប់LNGឥន្ធនៈ និងផលិតផលជាច្រើនប្រភេទ ដែលនាំចូលមកកម្ពុជា នាពេលបច្ចុប្បន្ន នឹងជំរុញប្រទេសនេះទៅកាន់កម្រិតថ្មីមួយ”។លោកបន្តថា “វាចាប់ផ្តើមជាមួយនឹងការរុករកនៅលើប្លុក VIII ដែលយើងឃើញមានឧស្ម័ន ការជ្រាបប្រេង ដែលបង្ហាញទិសដៅសក្តានុពលសម្រាប់ការរកឃើញ”។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យ ក្រុមហ៊ុន EnerCam Resources Co. Ltd ដែលជាក្រុមហ៊ុនមកពីកាណាដា សិក្សាពីលទ្ធភាពក្នុងការបន្តប្រតិបត្តិការបូមប្រេងពីប្លុក A បន្តពីក្រុមហ៊ុនសិង្ហបុរី KrisEnergy។

កន្លងមក ក្រុមហ៊ុន៤ផ្សេងទៀត ដែលមកពីប្រទេសថៃ ចិន ម៉ាឡេស៊ី និងកាហ្សាក់ស្តង់ មានបំណងចង់មកវិនិយោគការបូមប្រេង នៅកម្ពុជា ដោយអគ្គនាយកដ្ឋានប្រេងកាត មិនទាន់បញ្ជាក់ឈ្មោះក្រុមហ៊ុននីមួយៗបាននោះទេ ក្រៅពីក្រុមហ៊ុនមកពីប្រទេសកាណាដា។

កាសែតដដែលបានឱ្យដឹងទៀតថា តំបន់ដែលមានអាជ្ញាប័ណ្ណស្ថិតនៅជ្រុងនិរតីនៃប្រទេសកម្ពុជា។ ការអនុញ្ញាតនេះ គឺសម្រាប់រយៈពេលរុករកបីឆ្នាំដំបូង និងរយៈពេលបន្តបន្ទាប់ចំនួនពីរទៀត នៃរយៈពេលពីរឆ្នាំនីមួយ​ៗ។ លក្ខខណ្ឌនៃការអភិវឌ្ឍន៍ និងផលិតកម្មគឺសម្រាប់២៥ឆ្នាំជាមួយនឹងការបន្តបន្ថែម។

លោកស្រី Delayne Weeks នាយកប្រតិបត្តិក្រុមហ៊ុន Angkor មានប្រសាសន៍ថា “កម្ពុជាត្រូវការប្រភពថាមពលផ្ទាល់ខ្លួន ហើយយើងទន្ទឹងរង់ចាំយ៉ាងសកម្មក្នុងការរុករក និងផលិតថាមពលសម្រាប់ប្រទេសកម្ពុជា ខណៈពេលដែលបង្កើតគោលការណ៍ ESG ដ៏រឹងមាំនៅក្នុងវិស័យថ្មីមួយរបស់ប្រទេស”។

លោកស្រីបន្តថា “នេះក៏ជាឱកាសដ៏ធំមួយ សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាមួយនឹងវិស័យឧស្សាហកម្មថ្មី ដ៏សំខាន់សម្រាប់កម្ពុជា”។ លោកស្រីបន្តថា ការអនុវត្តឧត្តម្មានុវត្ត សម្រាប់ការបង្កើតថាមពលជាមួយអ៊ីដ្រូកាបូន នាំមកនូវការអភិវឌ្ឍន៍ជាវិជ្ជមាន និងជាគំរូសម្រាប់ប្រទេសទាំងមូល”។

លោកស្រីបន្ថែមថា យើងអាចប្រើអ្វីដែលយើងបានរៀន ពីកន្លែងផ្សេងទៀតដើម្បីកាត់បន្ថយការបញ្ចេញកាបូនិក និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ច និងប្រជាជន៕

ទំហំនៃការលក់អចលទ្រព្យនៅទីក្រុងហុងកុងនឹងដាំក្បាលចុះ ក្នុងឆ្នាំនេះ

ដោយ: លាងហួរ

ហុងកុង: យោងតាមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា ប្រតិបត្តិការអចលនទ្រព្យ នៅក្នុងទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាប ជាប្រវត្តិសាស្ត្រនៅឆ្នាំ២០២២នេះ។

ការព្យាករណ៍ទុកអំពីការដាំក្បាលចុះ នៃប្រតិបត្តិការនេះបណ្តាលមកពីការបិទខ្ទប់ទីក្រុងក្នុងឆមាសទី១ និងការកើនឡើងនៃអត្រាការប្រាក់នៅក្នុងឆមាសទី២។

ទីភ្នាក់ងារCentaline បានឱ្យដឹងថា ប្រតិបត្តិការលក់អចលនទ្រព្យអាចឈានដល់៦៥.០០០នៅឆ្នាំនេះ។ ប្រសិនបើដូចការព្យាករណ៍ វានឹងក្លាយជាប្រតិបត្តិការអចលនទ្រព្យ ប្រចាំឆ្នាំទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៦នេះបើយោងតាមកំណត់ត្រារបស់រដ្ឋាភិបាល។

លោក Wong Leung-sing នាយករងជាន់ខ្ពស់នៃការស្រាវជ្រាវនៅ ទីភ្នាក់ងារCentalineបាននិយាយថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ទំហំនៃការលក់សរុប មានចំនួន៤៧.៨៨៦នៃអគារលំនៅដ្ឋាន ចំណតរថយន្ត អចលនទ្រព្យបែបឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលមានតម្លៃសរុបចំនួន៤៦៥,៩ពាន់លានដុល្លារហុងកុង (៥៩,៤ពាន់លានដុល្លារ) ហើយចំនួនប្រតិបត្តិការសម្រាប់ពេញមួយឆ្នាំនេះ រំពឹងនឹងធ្លាក់ចុះ៣៦,៦ភាគរយ ខណៈដែលតម្លៃនឹងធ្លាក់ចុះ៣៤ភាគរយ បើធៀបនឹងឆ្នាំ២០២១កន្លងមក។

ជាងនេះទៅទៀត ហុងកុងបាននឹងកំពុងដំឡើងអត្រាការប្រាក់ ចាប់តាំងពីខែមីនា។ បច្ចុប្បន្ននេះអាជ្ញាធររូបិយវត្ថុហុងកុង បានដំឡើងអត្រាការប្រាក់មូលដ្ឋានរបស់ខ្លួន៥ដង ក្នុងឆ្នាំនេះរហូតដល់៣,៥ភាគរយ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។

ទីភ្នាក់ងារ Centaline បានរាយការណ៍ថា យូនីតលំនៅដ្ឋានថ្មីសរុបចំនួន៨៩៦៨ ដែលមានតម្លៃប្រហែល៩៨,៩ពាន់លានដុល្លារហុងកុង ត្រូវបានលក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដែលទាបជាង៣០,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈតម្លៃសរុបទាបជាង៤៤,៩ភាគរយ។

ទំហំនៃការលក់នៅក្នុងទីផ្សារបន្ទាប់(Secondary market)មានចំនួន២៥.៣៨៣យូនីត ដែលមានតម្លៃប្រហែល២២៦,៣ពាន់លានដុល្លារហុងកុងក្នុងអំឡុងខែមករា ដល់ខែកញ្ញា ដោយបរិមាណធ្លាក់ចុះ៤០,១ភាគរយ និងតម្លៃធ្លាក់ចុះ៤១,៣ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ប្រធានJETROអះអាងថា ចំនួនអ្នកធុរកិច្ចជប៉ុនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ដោយៈសុផារី

ភ្នំពេញៈ ជនជាតិបរទេសដែលបានចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាច្រើនជាងគេ រួមមាន ជនជាតិចិន ជប៉ុន និងអឺរ៉ុប។ យ៉ាងណាក្តី ជាការកត់សម្គាល់ ចំនួននៃអ្នកវិនិយោគជនជាតិជប៉ុន មានចំនួនតិចតួចណាស់ បើប្រៀបធៀបនឹងជនជាតិចិន។

អ្នកជំនាញជនជាតិជប៉ុន បានលើកឡើងពីមូលហេតុចម្បង ដែលអ្នកជំនួញ និងវិនិយោគិនជប៉ុន មិនសូវមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈសព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនជាច្រើន ចាប់ផ្ដើមរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ នៅកម្ពុជា ដែលមានឈ្មោះបោះសំឡេង និងផ្ដល់ទំនុកចិត្តខ្ពស់ដល់ពួកគាត់។

លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា ដែលត្រូវបានបង្កើត ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ ទំនាក់ទំនងដ៏ល្អប្រសើ ររវាងកម្ពុជា-ជប៉ុនបានលើកឡើងថា កិច្ចសហការលើវិស័យពាណិជ្ជកម្ម ការនាំចេញ នាំចូល រួមទាំងសកម្មភាពវិនិយោគជប៉ុនកម្ពុជា កាន់តែល្អប្រសើរឡើងៗ។ សកម្មភាពពាណិជ្ជកម្មទ្វេភាគរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ បើគិតចាប់តាំងពីឆ្នាំ២០១៥មក ហើយកិច្ចសហការស្ទើរគ្រប់វិស័យនេះ បានបន្តកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។

យ៉ាងណាក្តី លោកស្រី Marisa Haruta បានបង្ហាញនូវហេតុផលមួយចម្បង ដែលក្រុមហ៊ុនវិនិយោគជប៉ុនជាច្រើនផ្សេងទៀត មិនទាន់បន្តដាក់គោលដៅវិនិយោគមកកម្ពុជានៅឡើយ ក៏ព្រោះតែពួកគាត់ មិនទាន់បានទទួលព័ត៌មាន ពីឱកាសវិនិយោគនៅកម្ពុជាបានគ្រប់ជ្រុងជ្រោយ។

លោកស្រីនិយាយថា តាមរយៈការបង្កើតតំណាងការិយាល័យ នៅភ្នំពេញ និងមានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទើបកម្ពុជានិងជប៉ុនបន្តចាប់ដៃជាមួយគ្នាយ៉ាងពេញទំហឹង និងកាន់តែមានឱកាសបន្តសហការសឹងគ្រប់វិស័យទៅវិញទៅមក។

លោកស្រីបន្តថា ខាងអង្គការបានព្យាយាមផ្សព្វផ្សាយ និងបង្កើតវីដេអូបង្ហាញពីកាលានុវត្តភាព នៃឱកាសវិនិយោគជាច្រើនរបស់កម្ពុជា ឱ្យអ្នកវិនិយោគជប៉ុនបានឃើញកាន់តែទូលំទូលាយ ហើយក៏បាននឹងកំពុងបន្តសកម្មភាពកៀរគរវិនិយោគិនជប៉ុនឱ្យបន្តចាប់អារម្មណ៍ វិនិយោគក្នុងប្រទេ​សកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។

អង្គការ JETRO ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលជប៉ុន បានដឹកនាំអ្នកវិនិយោគជប៉ុនមកកម្ពុជា តាមរយៈការជួយដល់ក្រុមហ៊ុនជប៉ុន ដែលចាប់អារម្មណ៍ ក្នុងការចុះមកសិក្សាស្វែងយល់ដោយផ្ទាល់ ដល់ទីតាំងក្រុមហ៊ុន ឬសហគ្រាស ដែលពួកគាត់ចង់សហការនៅកម្ពុជា។

លោកស្រីគូសបញ្ជាក់ថា “មកទល់ពេលនេះ បញ្ហាកូវីដ១៩ នៅកម្ពុជា លែងជាឧបសគ្គទៀតហើយ តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងសមាគមមួយចំនួននៅកម្ពុជា យើងខ្ញុំនឹងជំរុញការផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា ទៅដល់ក្រុមហ៊ុនវិនិយោគជប៉ុន ឱ្យបានកាន់តែខ្លាំងថែមទៀត”។

លោកស្រីបន្ថែមទៀតថា មានក្រុមហ៊ុនជប៉ុនជាច្រើន កំពុងចង់ចាប់ផ្ដើមរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ នៅកម្ពុជាកាន់តែច្រើន ជាពិសេ​សខាងជប៉ុនក៏កំពុងសំឡឹងមើលក្រុមហ៊ុន សហគ្រាសជាដៃគូនៅកម្ពុជា ដែលពួកគាត់មានឈ្មោះបោះសំឡេង និងផ្ដល់ទំនុកចិត្តខ្ពស់ដល់ពួកគាត់។

ជាមួយគ្នានេះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កាលពីសប្តាហ៍មុននេះ បានស្នើសុំការគាំទ្រដល់ក្រុមហ៊ុនរបស់ជប៉ុន ដែលធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងការបង្កើតរោងចក្រផលិតរថយន្ត Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាក់ទុកសំណើរបស់នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុននេះថា ជាអ្វីដែលកម្ពុជាត្រូវការចាំបាច់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគ របស់ក្រុមហ៊ុនជប៉ុនចំនួន១៤៨គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ២,៨៥ពាន់លានដុល្លារអាមេរិក៕