លោកបណ្ឌិតហ៊ុន ម៉ាណែតលើកឡើងពីកត្តាមូលដ្ឋានចំនួន៤ដែលធ្វើឲ្យ​ប្រទេសជាតិរីកចម្រើន

ដោយៈ គង់ សូរិយា

       កំពង់ចាមៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាព ចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឲ្យប្រទេសជាតិ មានការអភិវ​ឌ្ឍរីកចម្រើន។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រគ​ល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោកបានបន្ដថា ការអភិវឌ្ឍរីកចម្រើនប្រទេសជាតិ តាមរយៈកត្តារួមផ្សំជាច្រើន រួមមាន៖ ទី១ កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ទី២ សមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារសាកលភាវូបនីយកម្ម ទី៣ ការកាត់បន្ថយឆាប់រហ័ស នៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និងទី៤ ភាពឯករាជ្យម្ចាស់ការ។ ដូចនេះទាម​ទារនូវការជំរុញឲ្យធនធានមនុស្ស មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ។

លោកបណ្ឌិតក៏បានចូលរួមសូមអបអរសាទរ ចំពោះនិស្សិតទាំង ១,៥០០នាក់ ដែលនេះជាមោទនភាពសម្រាប់និស្សិតខ្លួនឯង បន្ទាប់ពីការតាំងចិត្តខិតខំប្រឹងប្រែង ពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការដុសខាត់នូវសមត្ថភាព រហូតទទួលបាននូវភាពជោគជ័យ ដូចក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុក ម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។ នេះជាការឆ្លុះបញ្ចាំងអំពីបំណង របស់គ្រប់ក្រុមគ្រួសារ ដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួន ទទួលបាននូវការអប់រំខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាមូលធនប្រកបដោយគុណប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិតហ៊ុន ម៉ាណែត បានបន្ដទៀតថា ការទទួលសញ្ញាបត្រនេះ មានន័យថា និសិ្សតជ័យលាភីទាំងអស់ បានបញ្ចប់ដំណើរជំហានមួយទៀតក្នុងជីវិត។ មេរៀនដ៏សំខាន់សម្រាប់ជំហានបន្ទាប់ទៀត ទាំងក្នុងការប្រកបការងារ និងជីវិតរស់នៅ មានដូចជា ទី១ ជោគជ័យធំកើតពីការបូករួមផ្សំចូលគ្នានៃជោគជ័យតូចៗជាច្រើន។ ក្នុងន័យនេះ ភាពជោគជ័យដែលនិស្សិតសម្រេចបាននាពេលនេះ គឺកើតចេញពីភាពជោគជ័យជាជំហានៗជាច្រើនរួមផ្សំគ្នា រាប់ចាប់តាំងពីថ្ងៃសិក្សាដំបូង មកដល់មានសមត្ថភាពពេញលេញ។

ទី២ ការតស៊ូខិតខំប្រឹងប្រែង ជាកត្តាកំណត់នូវភាពជោគជ័យ ព្រោះភាពជោគជ័យ ត្រូវការពេលវេលាទាំងក្នុងការសិក្សារៀនសូត្រ និងការអនុវត្តការងារជាក់ស្តែង។

ទី៣ ការកំណត់គោលដៅច្បាស់លាស់ នៅក្នុងរាល់សកម្មភាពការងារ និងក្នុងជីវិត ដែលនេះអាចជួយទម្លុះទម្លាយ នូវរាល់បញ្ហាប្រឈមនានា និងរក្សានូវគោលគំនិត បន្តសម្លឹងមើលទៅលទ្ធផលនាថ្ងៃអនាគត៕

 

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រសម្រេចវឌ្ឍនភាពតិចតួច

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ ក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោ​ងសាងសង់ផ្លូវជាតិលេខ៤៨។

យោងតាមរបាយការណ៍របស់អង្គភាព គ្រប់គ្រងគម្រោងឱ្យដឹងថា គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨នេះ សម្រេចវឌ្ឍនភាពការងារចំនួន១០,៧៣ភាគរយហើយ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២មក។

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានចុះពិនិត្យមើលការងា​របច្ចេកទេស នៃទីតាំងការដ្ឋានសំខាន់ៗមួយចំនួន រួមទាំងទីតាំងការដ្ឋានកែសម្រួលតម្រាយផ្លូវចំណោតតាតៃ ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យរថយន្តដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធានា បាននូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាបានអនុលោមភាព តាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវបានរឹងមាំ ដែលអាចទទួលយកបានរវាងភាគីពាក់ព័ន្ធទាំងអស់។

កំណត់ផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រ មានចំនួន០៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១) ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ២) ប្រវែង៣,៤ គីឡូម៉ែត្រ(គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣) ប្រវែង៤,២គីឡូម៉ែត្រ (គ.ម១២៤+៤០០-គ.ម១២៨+៦០០) ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២(Realignment) និង៤) ប្រវែង៥,៥  គីឡូម៉ែត្រ(គ.ម ១៤២+៥០០-គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុងកៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រស​ព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួម មាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

ដំណឹងល្អៈសម្តេចតេជោបង្កើតគណៈកម្មការអន្តរក្រសួងជម្រុញលើផែនការកសាងផ្លូវល្បឿនលឿនភ្នំពេញ បាវិតហើយ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងលេចរូបរាងនាពេលខាងមុខ បន្ទាប់ពីការសិក្សាបញ្ចប់ ហើយសម្តេចតេជោ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំលើផែន​ការ​សាងសង់ផ្លូវជាប្រវត្តិសាស្រ្តមួយនេះ។

កាលពីថ្ងៃទី២៨ កញ្ញាកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអ ន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

សេចក្តីសម្រេចនេះ សម្តេចតេជោបានចាត់់តាំង លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជាប្រធាន ។​លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិ​ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន លោកវង្ស៊ី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង។


 

បេសកកម្មរបស់សម្ដេចតេជោមួយសប្ដាហ៍កន្លងមកផ្ដល់ផ្លែផ្កាដល់ជាតិមាតុភូមិយ៉ាងត្រចះត្រចង់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ហើយក៏បាននាំមកនូវលទ្ធផលផ្លែផ្កា យ៉ាងត្រចះត្រចង់ដល់ជាតិមាតុភូមិផងដែរ។

ក្នុងរយៈពេលមួយសប្ដាហ៍ សម្ដេចនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក  ការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ជាលទ្ធផលនៃបេសកកម្មក្រៅ ប្រទេសរបស់សម្ដេចតេជោ រយៈពេលមួយសប្ដាហ៍កន្លងទៅនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កា យ៉ាងត្រចះត្រចង់ សម្រាប់ជាតិ ក្នុងនោះទាក់ទងនឹងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចនាយករដ្ឋមន្ត្រីបា​នអញ្ជើញធ្វើសេចក្ដីថ្លែងការជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។

បទអន្តរាគមន៍អន្តរជាតិនេះ បានផ្ដោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងផ្នែកសន្តិសុខជាសកល ដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីគោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច សង្គមយូរអង្វែង ។

សម្រាប់ដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសគុយបា សម្ដេចតេជោ បានទទួលជួបជាមួយថ្នាក់ដឹកនាំ របស់ប្រទេសគុយបាសំខាន់ៗដូចជា ប្រធានាធិបតីគុយបា ប្រធានរដ្ឋសភាគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត រួមទាំងការចុះហត្ថលេខា លើឯកសារសំខាន់ចំនួន៣ផងដែរ សម្រាប់បម្រើប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ  និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

សម្តេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេស កម្ពុជាវិញប្រកបដោយសុវត្ថិភាព

  ដោយៈ សូរិយា

ភ្នំពេញៈ នៅរសៀលថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ។

ការអញ្ជើញមកដល់កម្ពុជា របស់សម្តេចតេជោ បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២៕


ការសិក្សា៖ តំបន់អាស៊ីអាគ្នេយ៍ក្លាយជា “ប៉ូលថ្មី” នាំមុខគេនៃកំណើនពាណិជ្ជកម្មក្នុងពិភពលោក

ដោយ៖ សុផារី

អាស៊ាន៖ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនលំដាប់ពិភពលោក DHL បានឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងថា នាំមុខគេនៅក្នុងពិភពលោក ទាក់ទងនឹងកំណើននាំចេញ នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បន្ទាប់មកតំបន់អាស៊ីខាងត្បូង និងកណ្តាល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

តំបន់អាស៊ានត្រូវបានព្យាករថា នឹងមើលឃើញកំណើនទំហំនាំចេញ៥,៦% ក្នុងរយៈពេល៥ឆ្នាំនេះ ដែលតាមពីក្រោយដោយអាស៊ីខាងត្បូង និងកណ្តាល ដែលមានកំណើននៅ៥% និងអនុតំបន់អាហ្រ្វិកសាហារ៉ា ដែលមានកំណើន៤,៤%។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ដោយដកស្រង់របាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុន DHLTrade Growth Atlas ថាតំបន់ទាំងបីនេះគឺជា “ប៉ូលថ្មី” នៃកំណើនពាណិជ្ជកម្ម។ របាយការណ៍ថ្មីនេះវាស់ស្ទង់និន្នាការ និងចក្ខុវិស័យសំខាន់ៗសម្រាប់ពាណិជ្ជកម្មសកល ដែលគ្របដណ្តប់ប្រទេសចំនួន១៧៣។

យោងតាមរបាយការណ៍ដដែលនេះ ទីផ្សារអាស៊ាន និងទីផ្សារកំពុងរីកចម្រើននានានឹងដើរតួនាទីកាន់តែធំ នៅក្នុងពាណិជ្ជកម្មពិភពលោកនាពេលអនាគត។

លោក John Pearson នាយកប្រតិបត្តិក្រុមហ៊ុន DHL Express បានមានប្រសាសន៍ថា “ពាណិជ្ជកម្មនឹងនៅតែជាកត្តាជំរុញដ៏សំខាន់នៃវិបុលភាព ដូចដែលធ្លាប់កើតមាន ក្នុងរយៈពេលជាច្រើនសតវត្សមកហើយនេះ”។

លោកបន្ថែមថា “ពាណិជ្ជកម្មអន្តរជាតិត្រូវបានចាត់ទុកថាមានសារៈសំខាន់ ជាពិសេស នៅពេលនេះ ដោយសារអំណាចរបស់ខ្លួន ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច កាត់បន្ថយអតិផរណា និងអាចឱ្យប្រទេសនានាធ្វើពិពិធកម្មប្រភពនៃធាតុចូលសំខាន់ៗ សម្រាប់ភាពធន់នឹងសេដ្ឋកិច្ច”។

ការថ្លែងរបស់លោកធ្វើឡើងក្នុងអំឡុងពេលដាក់បង្ហាញរបាយការណ៍នេះ ដែលបានសរសេរ និងបោះពុម្ពផ្សាយរួមគ្នា ដោយដោយក្រុមហ៊ុន DHL និងសាលា Stern School of Business នៃសាកលវិទ្យាល័យញូវយ៉ក។

យោងតាមការស្រាវជ្រាវនេះ ជំងឺរាតត្បាតមិនមែនជាឧបសគ្គធំ សម្រាប់ពាណិជ្ជកម្មសកល ដូចការការរំពឹងទុកបឋមនោះទេ ដោយពាណិជ្ជកម្មអន្តរជាតិខាងទំនិញ កើនឡើងដល់១០% លើសពីកម្រិតមុនរោគរាតត្បាត។

ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនសកល ត្រូវបានរំពឹងថា នឹងកើនឡើងដល់១ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣០ កើនឡើងពី៣០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០៕

 

ក្រសួងបង្ហាញលក្ខខណ្ឌនៃការបើកបរមួយចំនួនមុនពេលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបើកដំណើរការផ្លូវការ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ មុនពេលត្រូវបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីលក្ខខណ្ឌគួរយល់ដឹងមួយចំនួន អំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សម្រាប់ផ្លូវល្បឿនលឿន ការបើកបរល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា ) ត្រូវបានកំណត់ដូចខាងក្រោម៖

– ល្បឿនអប្បបរមា ៦០- អតិបរមា១២០km/h រថយន្តគ្រួសារ/ធុនស្រាល

– ល្បឿនអប្បបរមា ៦០- អតិបរមា១០០km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ៥០០cc/២៧kWឡើងទៅ

– ល្បឿនអប្បបរមា ៦០- អតិបរមា៨០km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត

ក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ក្រសួងសាធារណការបញ្ជាក់ថា អ្នកបើកកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។

ក្នុងករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ៤០km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់៦០km/h។

ដោយឡែក កន្លែងដែលចាំបាច់​ត្រូវ​បន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតក្នុងប្រទេសកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់​សាកល្បង​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី“រាជធានីភ្នំពេញ” ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕

៕

  

លំនៅឋាននៅទីក្រុងហុងកុងប្រឈមការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែសីហា

ដោយ: លាងហួរ

ហុងកុង: ប្រៀបធៀបនឹងខែកក្កដាកន្លងមក តម្លៃផ្ទះឯកជននៅទីក្រុងហុងកុងបានធ្លាក់ចុះក្នុងកម្រិត២,២៥៦ភាគរយ នៅក្នុងខែសីហា ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែកុម្ភឆ្នាំ២០១៩។

នេះបើយោងតាមទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃពុធនេះ ដោយសារស្ថានភាពទីផ្សារត្រូវបានប៉ះពាល់ ដោយការកើនឡើងអត្រាការប្រាក់។

តម្លៃផ្ទះនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុបានធ្លាក់ចុះ៦,៥ភាគរយ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។ សន្ទស្សន៍តម្លៃអចលនទ្រព្យ ស្ថិតនៅកម្រិត៣៦៨,២ ក្នុងខែសីហា ដោយធ្លាក់ចុះពីចំណុចកំពូល៣៩៨,១ក្នុងខែកញ្ញាឆ្នាំមុន។

ការកើនឡើងនៃថ្លៃកម្ចីទិញផ្ទះ និងទស្សនវិស័យសេដ្ឋកិច្ចដ៏អាក្រក់បានធ្វើឱ្យមានភាពទុទិដ្ឋិនិយមយ៉ាងខ្លាំង ក្នុងចំណោមម្ចាស់ផ្ទះ ខណៈដែលតម្លៃផ្ទះពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល១០ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨។

លោក Cusson Leung ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យអាស៊ីរបស់ JP Morgan បាននិយាយថា ការដំឡើងអត្រាការប្រាក់តិចជាងការរំពឹងទុក គឺជាសញ្ញាវិជ្ជមាន ប៉ុន្តែទីផ្សារអចលនទ្រព្យទំនងជានឹងដាំក្បាលចុះនៅឆ្នាំ២០២៣ ដោយសារសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។

លោក Leung បាននិយាយថា ដើម្បីឱ្យស្ថានភាពទីផ្សារវិលត្រលប់មកវិញ យើងត្រូវការជំនួយពីសេដ្ឋកិច្ចកាន់តែប្រសើរ និងទីផ្សារភាគហ៊ុនកាន់តែប្រសើរ ដោយលោកបន្ថែមថា ការបើកព្រំដែនឡើងវិញជាមួយចិនដីគោកក៏នឹងជំរុញតម្រូវការផងដែរ។

ប្រធានហិរញ្ញវត្ថុហុងកុងលោក Paul Chan បាននិយាយ កាលពីសប្តាហ៍មុន ថាលោកមិនបានឃើញហានិភ័យខ្លាំង ចំពោះទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងនោះទេ ហើយក៏មិនចាំបាច់ត្រូវកែសម្រួលវិធានការគ្រប់គ្រងអចលនទ្រព្យផងដែរ៕

នាយករដ្ឋមន្ត្រីជប៉ុនលើកឡើងពីគម្រោងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតាមួយនៅប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានស្នើសុំការគាំទ្ររបស់កម្ពុជា ដល់ក្រុមហ៊ុនរបស់ជប៉ុន លើដំណើរប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ដោយក្នុងនោះ ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota មួយនៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់លោក គីស៊ីដា ហ្វូមីអូ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងតូក្យូប្រទេសជប៉ុន មុនពេលសម្តេចតេជោធ្វើនិវត្តន៍មកកាន់ប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ឱ្យបន្តគាំទ្រជប៉ុនក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុន​ ដោយបានថ្លែងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដើម្បីនាំយកនូវប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ។

សម្ដេចតេជោ ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន និងបានថ្លែងលើកឡើង នៅក្នុងសន្និបាតអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្របខណ្ឌការរក្សាសន្តិភាព របស់ប្រជាជនជប៉ុននៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន និងកិច្ចប្រជុំអាស៊ីបូព៌ា នៅខែវិច្ឆិកាខាងមុខនេះនៅកម្ពុជា។ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងការបង្ហាញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានទទួលនាវាជប៉ុនឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ លោកក៏បានលើកអំពីការងារដែលធ្វើបន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ជប៉ុនពិតជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដោយសារឆ្នាំក្រោយជាខួបលើកទី៥០ នៃកិច្ចសហប្រតិការរវាងអាស៊ានជប៉ុន។

ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន៣៦,៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ គម្រោងវិនិយោគនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕

Shenzhen government-owned firm steps in to complete four Evergrande projects

HONG KONG: Embattled China Evergrande Group is working with a real estate investment and operations firm owned by the Shenzhen government to complete four property developments in the tech hub, the two companies said.

They said in a joint statement posted on the Wechat account of Evergrande’s Shenzhen unit on Monday (Sep 26) that as instructed by the authorities, Evergrande has introduced Shenzhen Longgang Ancheng Investment Operation Co Ltd into four developments situated in the Longgang district.

The state-owned firm will help with the project construction to ensure the delivery of homes to buyers, they said.

Evergrande chairman Hui Ka Yan said earlier this month that construction of all projects across the country will resume by the end of September, updating an earlier timeline that was not met.

Struggling with more than US$300 billion of liabilities, Evergrande was forced to suspend construction at many projects late last year. As of mid-September, 38 of 706 projects in China had not resumed construction, the company said this month.