ចំនួនអ្នកដំណើរតាមផ្លូវអាកាសមកកម្ពុជាកើនឡើងជិត៦០០ភាគរយ ក្នុងរយៈពេល៨ខែដំបូង

ដោយ: លាងហួរ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានកត់ត្រាអ្នកដំណើរ តាមផ្លូវអាកាសចំនួន១,១៣លាននាក់ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២ កើនឡើងជិត៦០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍កាលពីថ្ងៃទី១៦ កញ្ញាថា តួលេខនេះតំណាងឱ្យការធ្លាក់ចុះ៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំមុនការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកបានបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ចំនួន២៥ បានដំណើរការជើងហោះហើរប្រហែល១៥៥២១លើក មកកាន់អាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង១២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោកបានសន្មតថា ការកើនឡើងគួរឱ្យកត់សម្គាល់នេះ បណ្តាលមកពីការបើកព្រំដែនពេញលេញរបស់ប្រទេសកម្ពុជា ដល់អ្នកធ្វើដំណើរទាំងអស់ ដោយគ្មានការដាក់ឱ្យនៅដាច់ពីគេ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីប្រជាជនកម្ពុជាភាគច្រើន ទទួលបានការចាក់វ៉ាក់សាំងពេញលេញ ។

លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ការកើនឡើងបន្តិចម្តងៗនៃចំនួនអ្នកដំណើរ និងជើងហោះហើរ គឺជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកកំណើនមុនការរាតត្បាត។

មន្ត្រីរូបនេះបានបន្ថែមថា “វិស័យអាកាសចរណ៍ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន១,៧លាន ហើយបានរួមចំណែកជិត១៧ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា”៕

លោកគុយ វ៉ាតៈសកម្មភាពធុរកិច្ចក្នុងប្រទេសចាប់ផ្ដើមមានកំណើនកាន់តែប្រសើរក្រោយវិបត្តិកាន់តែធូរស្រាល

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពធុរកិច្ច និងមុខជំនួញមិនតែនៅកម្ពុជា និងនៅ បណ្ដាប្រទេសជាច្រើន បានជួបប្រទះនឹងបញ្ហាដោយសារតែវិបត្តិកូវិដ១៩ និងក្រោយមកទៀត ក៏ជួបជាមួយនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ប៉ុន្តែស្ថានភាពនេះ ចាប់ផ្ដើមងើបឡើងវិញ និងមានសកម្មភាពជាបន្តបន្ទាប់ឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩បានប្រសើរឡើង ទាំងនៅកម្ពុជានិងក្របខណ្ឌសកល ។

លោកគុយ វ៉ាត ម្ចាស់ជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជាបានលើកឡើងនៅព្រឹក ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២នេះថា បច្ចុប្បន្នសកម្មភាពធុរកិច្ច និងមុខជំនួញក៏ដូចជា សកម្មភាពវិនិយោគលើវិស័យនានា បានប្រសើរឡើងវិញហើយ និងជាពេលវេលាដែលត្រូវបង្កើនល្បឿន នៃការវិនិយោគនិងធ្វើសកម្មភាពកាន់តែខ្លាំងឡើងវិញ បន្ទាប់ពីវិបត្តិមានភាពធូរស្រាល ។

លោកបន្តថា “ពេលនេះវិស័យឯកជន ធុរជនក្នុងប្រទេស និងក្រៅប្រទេសចូលមកកម្ពុជា ចាប់ផ្ដើមមានកំណើនឡើងវិញ ក្រោយពីស្ថានភាពបានធូរស្រាលឡើងវិញ ដែលជាសញ្ញានៃការជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះងើបឡើងវិញ”។ លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ចអាចកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា បង្កើនប្រាក់ចំណូលដល់ពួកគាត់ឡើងវិញ និងជាពិសេសគឺការបើកអាជីវកម្មថ្មីៗ ដូចជាវិស័យអចលនទ្រព្យនិងមូលបត្រជាដើម”។

លោកបន្ថែមថា ការលូតលាស់ផ្នែកសេដ្ឋកិច្ចនេះ  បានធ្វើឱ្យប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយ ដែលមានចំណាត់ថ្នាក់ល្អបំផុតនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ធៀបនឹងប្រទេសជាច្រើនលើពិភពលោក ។នេះក៏ដោយសារតែសន្តិភាព និងស្ថិរភាពនយោបាយ ។

លោកគុយ វ៉ាតបានបន្ថែមទៀតថា ក្នុងចំណោមវិស័យជាច្រើនលោកជឿជាក់ថា វិស័យអចលនតទ្រព្យ គឺជាវិស័យមួយដែលនឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានឆាប់រហ័ស ក្នុងនោះដែរគ្រាន់តែក្រុមហ៊ុនដែលស្ថិតនៅក្នុងដៃរបស់លោកកាន់កាប់ មានក្រុមហ៊ុនអចលនទ្រព្យជាង៣០ក្រុមហ៊ុនទៅហើយ ហើយក្រុមហ៊ុនទាំងនោះ នឹងក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងតំបន់ និងសកលលោករយៈពេលអនាគតដ៏ឆាប់ខាងមុខ។

លោកបញ្ជាក់បន្តថា “នៅពេលវិស័យអចលនទ្រព្យរីកចម្រើន វានឹងទាញឱ្យវិស័យផ្សេងៗទៀត ឲ្យរីកចម្រើនទៅតាមនោះដែរ”។ លោកបន្ថែមថា “ជាក់ស្ដែងនៅពេលវិស័យនេះបានរីកចម្រើនខ្លាំង នឹងផ្ដល់ធ្វើឱ្យវិស័យធនាគាររីកចម្រើន ហើយក្រុមហ៊ុនអចលនទ្រព្យមួយទៀត នឹងឈានចូលក្នុងផ្សារហ៊ុន ដែលរុញឱ្យវិស័យមូលបត្រកម្ពុជា មានការរីកចម្រើនទៅតាមនោះដែរ”៕

ដំណឹងល្អៈ រដ្ឋាភិបាលកម្ពុជា ថៃកំពុងពន្លឿនបើកច្រកព្រំដែនអន្តរជាតិចំនួន៣បន្ថែមទៀត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្នុងគោលដៅសម្រួលលំហូរពាណិជ្ជកម្ម ទេសចរណ៍រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នា ក្នុងការពន្លឿនដំឡើង និងបើកដំណើរការ ច្រកទ្វារព្រំដែនអន្ដរជាតិចំនួន៣បន្ថែមទៀត។

ច្រកព្រំដែមដែលនៅសេសសល់ក្នុងនោះ មាននៅខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្ដរមានជ័យ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបប្រជុំលើកទី៧ របស់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលកម្ពុជាដឹកនាំដោយ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងភាគីថៃ ដឹកនាំដោយនាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ច្រកទ្វារព្រំដែនអន្ដរជាតិចំនួន៣ ដែលបានឯកភាពគ្នាក្នុងការពន្លឿនតម្លើង និងបើកដំណើរការនោះរួមមាន ទី១ ច្រកទ្វារព្រំដែន អានសេះ (ខេត្តព្រះវិហារ)-អានម៉ា (ខេត្តឧប៊ុនរាជធានី) ទី២ ច្រកទ្វារព្រំដែនថ្មដា (ខេត្តពោធិ៍សាត់)-បានថាសែន (ខេត្តត្រាត) និងទី៣ ច្រកទ្វារព្រំដែនជប់គគីរ (ខេត្តឧត្តរមានជ័យ)-សាយតាតូ (ខេត្តបុរីរ៉ាំ)។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកទឹកចិ ត្តឲ្យស្ថាប័នពាក់ព័ន្ធ សហការឲ្យបានជិតស្និទ្ធ ដើម្បីឈានទៅបើកដំណើរការ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)-បានណងអៀន (ខេត្តស្រះកែវ) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងនោះ ភាគីកម្ពុជា-ថៃ ក៏បានយល់ព្រមពិនិត្យលទ្ធភាព ក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង)-បានម៉ាក់មួង (ខេត្តត្រាត) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសទាំងពីរ ឲ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀតផងដែរ៕

 

អាកាសយានដ្ឋានអន្តរជាតិតេជោ មានសមត្ថភាពទទួលអ្នកដំណើរ៣០លាននាក់ក្នុងឆ្នាំ២០៥០

ដោយៈ សុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាងថា នៅចន្លោះឆ្នាំ ២០២៣-២០៣០ អាកាសយានដ្ឋានភ្នំពេញថ្មី មានសមត្ថភាព ទទួលអ្នកដំណើរបាន១៣លាននាក់ និងចាប់ពីឆ្នាំ ២០៣០-២០៥០ ទទួលបានអ្នកដំណើរ៣០លាននាក់។

នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា”សំរាប់រយៈពេលខ្លីទៅមធ្យម ចាប់ពីឆ្នាំ២០២៣ ទៅ២០៣០ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចមានសមត្ថភាពទទួលទានអ្នកដំណើរចំនួន១៣លាននាក់។ ហើយក្នុងរយៈពេល២០៣០ ទៅ២០៥០ អាចមានសមត្ថភាពទទួលអ្នកដំណើរបាន៣០លាននាក់”។

លោក ស៊ិន ចាន់សេរីវត្ថា បានបន្ថែមថា ចំពោះការដឹកជញ្ជូនទំនិញ សម្រាប់រយៈពេលខ្លីទៅមធ្យម អាកាសយានដ្ឋានភ្នំពេញថ្មី នឹងទទួលបានចំនួន១៧៥ពាន់តោន ហើយក្នុងរយៈពេលវែង អាចដឹកជញ្ជូនបាន៥២៧ម៉ឺនតោន៕

World Bank warns of rising global recession risk amid simultaneous rate hikes

WASHINGTON, Sept. 15 (Xinhua) — As central banks across the world simultaneously hike interest rates in response to inflation, the world may be edging toward a global recession in 2023, the World Bank warned Thursday.

Central banks around the world have been raising interest rates this year with a degree of synchronicity not seen over the past five decades – a trend that is likely to continue well into next year, the World Bank said in a new study.

Yet the currently expected trajectory of interest rate increases and other policy actions may not be sufficient to bring global inflation back down to levels seen before the pandemic, the study noted.

Investors expect central banks to raise global monetary policy rates to almost 4 percent through 2023 – an increase of more than 2 percentage points over their 2021 average, according to the study.

“If this were accompanied by financial-market stress, global GDP (gross domestic product) growth would slow to 0.5 percent in 2023 – a 0.4 percent contraction in per-capita terms that would meet the technical definition of a global recession,” the study noted.

Ayhan Kose, the World Bank’s acting vice president for Equitable Growth, Finance, and Institutions, noted that because the rate hikes are highly synchronous across countries, they could be “mutually compounding” in tightening financial conditions and steepening the global growth slowdown.

“Policymakers in emerging market and developing economies need to stand ready to manage the potential spillovers from globally synchronous tightening of policies,” said Kose.

A string of financial crises in emerging market and developing economies that would do them lasting harm, according to the study.

“My deep concern is that these trends will persist, with long-lasting consequences that are devastating for people in emerging market and developing economies,” said World Bank President David Malpass.

“To achieve low inflation rates, currency stability and faster growth, policymakers could shift their focus from reducing consumption to boosting production,” said Malpass.

“Policies should seek to generate additional investment and improve productivity and capital allocation, which are critical for growth and poverty reduction,” Malpass added.

Source:Xinhua

ការសិក្សាបង្កើតទីក្រុងល្វាឯមកំពុងធ្វើ ស្របបុរីធំមួយទំហំជាង៧០ហិកតាកំពុងលើកកំពស់សក្តានុពលតំបន់អរិយក្សត្រ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ បុរីធំមួយបាននិងកំពុងបង្ហាញខ្លួន និងពង្រីកឆ្ពោះទៅមុខយ៉ាងសកម្ម ដែលគំរោងនេះបាន និងកំពុងរួមចំណែកលើកកំពស់សក្តានុពលតំបន់អរិយក្សត្រ។

ប្រធានផ្នែកទីផ្សារនៃបុរីវីឡាទួលសង្កែ លោកធី វណ្ណាបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ កញ្ញានេះថា ក្រុមហ៊ុនបាននិងកំពុង​សាងសង់បុរី បានបញ្ចប់ពីរដំណាក់កាលរួចហើយ ដោយដំណាក់កាលទី១ស្ថិតនៅលើដីទំហំជាង១០ហិកតា ដំណាក់កាលទី២ ស្ថិតនៅលើដីធំទំហំជាង១០ហិកតា និងដំណាក់កាលទី៣ បាននិងកំពុងរៀបចំនៅលើផ្ទៃដីសរុបនៃគំរោងទាំងមូល។

លោកបន្តថា “បុរីវីឡាទួលសង្កែបាននិងកំពុង លើកកំពស់មុខមាត់តំបន់អរិយក្សត្រ ដែលបច្ចុប្បន្នយើងបានបញ្ចប់ ការសាងសង់ផ្ទះជាង២០០០យូនីតរួចហើយ”។ លោកបន្តថា “ជាមួយនឹងការផ្តោតលើទស្សនទាននៃការអភិវឌ្ឍទាន់សម័យ បុរីបានផ្តោតលើសហគមន៍បៃតង មានដើមឈើខៀវស្រងាត់ ផ្លូវភ្លោះធំៗ មានផ្សារទំនើបបែបសហគមន៍ និងគ្រោងសា​ងសង់សាលារៀនផងដែរ”។

បុរីវីឡាទួលសង្កែ ស្ថិតនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកធី វណ្ណាបានបន្តទៀតថា បុរីវីឡាទួលសង្កែបាននិងកំពុងផ្តោតការសាងសង់ផ្ទះបីប្រភេទ គឺវីឡាភ្លោះ ផ្ទះអាជីវកម្ម និងវីឡាកូនកាត់បែបផ្ទះល្វែង ដែលការឌីសាញគំរោងនិមួយៗ ផ្តោតលើទស្សនទាននៃការអភិវឌ្ឍថ្មី និងសមស្របតាមចំណង់ចំណូលចិត្ត របស់ប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា លើសពីនេះ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនបាននិងកំពុងត្រៀម បើកដំណើរការផ្សារទំនើបបែបសហគមន៍ រៀបចំប្រព័ន្ឋអុបទិក ដើម្បីតភ្ជាប់អ៉ឺនធើណេតតាមប្រព័ន្ឋស្តង់ដា និងសេវាកម្មចាំបាច់ជាច្រើនទៀត ដើម្បីផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងសុខដុមរមនា។

លោកបានបន្តទៀតថា អ្នកវិនិយោគឬទិញបុរីនេះសម្រាប់រស់នៅភាគច្រើន ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលពួកគាត់ចាប់អារម្មណ៍តំបន់នេះ ដោយសារជាតំបន់អភិវឌ្ឍន៍ថ្មី និងមានលក្ខខ័ណ្ឌអាកាសធាតុត្រជាក់មនោរម្យ ដោយសារទីតាំងនេះមានទន្លេនៅសងខាង និងបឹងធំៗ ដែលផ្តល់ឲ្យនូវបរិយាកាសរស់នៅប្រកបដោយផាសុខភាព។

កាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រ​កា​សពីការសិក្សាបង្កើតទីក្រុងល្វាឯម នៅក្នុងខេត្តកណ្តាល ដែលទីក្រុងថ្មីនេះ នឹងជួយលើកកំពស់អចលនទ្រព្យនៅក្នុងតំបន់ ពិសេសគម្រោងសាងសង់ស្ពានតភ្ចាប់ ពីផ្សាររាត្រីទៅកាន់តំបន់អរិយក្សត្រ នឹងធ្វើឲ្យការធ្វើដំណើរទៅកាន់តំបន់នេះមានភាពងាយស្រួល និងទាក់ទាញគំរោងវវិនិយោគពីអ្នកធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនទៀតនាពេលអនាគត៕

 

សារព៌តមានរបស់ចិនលើកឡើងពីប្រវត្តិសម្តេចតេជោពីកូនកសិករ និងក្លាយជាមេដឹកនាំដ៏ល្បាញល្បី

 ដោយៈគង់ សូរិយា

       ប្រទេសចិនៈ  សារព័ត៌មាន TOUTIAO របស់ចិន បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រវត្តិ និងសាវតាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយចងក្រងជាព័ត៌មាន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន។

សារព័ត៌មាន TOUTIAO បានចេញផ្សាយវិដេអូ រៀបរាប់យ៉ាងលំអិតពីប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូ ផ្តើមពីជីវិតកូនកសិករក្រីក្រលើដីជនបទ រហូតក្លាយទៅជាមេដឹកនាំមួយរូបដ៏មានឥទ្ធិពល និងល្បា​ញល្បីទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

វីដេអូនិយាយពីសាវតាររបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងសង្គមចិន៕

 

សម្ដេចតេជោស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយកម្ពុជា ចុះបញ្ជីដំណាំភូមិសាស្ត្រ

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា។

ការស្នើសុំនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែនបានអនុញាតឱ្យលោក Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោក Daren Tang បានជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលបានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ​ង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនលោក Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើង នៅក្នុងអំឡុងពេលមានកូវីដ១៩។ នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្ម នៅពេលដែលមានជំងឺកូវីដ១៩។

ជាឧទាហរណ៍ ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ៕

ធនាគារពិភពលោកព្រមានពីការកើនឡើងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០២៣

ដោយ: លាងហួរ

ពិភពលោក: ធនាគារពិភពលោកបានព្រមានថា ពិភពលោកអាចនឹងឈានឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៣ ខណៈធនាគារក ណ្តាលជុំវិញពិភពលោក បានដំឡើងការប្រាក់ក្នុងពេលដំណាលគ្នា។

ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងការសិក្សាថ្មីមួយ ដែលបានចេញផ្សាយកាលពីម្សិលម៉ិញនេះបានឲ្យដឹងថា ធនាគារកណ្តាលនៅជុំវិញពិភពលោក បាននឹងកំពុងដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ក្នុងពេលដំណា​លគ្នា ក្នុងរយៈពេល៥ទសវត្សកន្លងមកនេះ។

ការសិក្សាបានកត់សម្គាល់ថា ការដំឡើងអត្រាការប្រាក់ និងសកម្ម​ភាពគោលនយោបាយផ្សេងទៀត ប្រហែលជាមិនគ្រប់គ្រាន់ទេ ក្នុងការធ្វើ  ឱ្យអតិផរណាសកលធ្លាក់ចុះ ដល់កម្រិតមុនពេលជំងឺរាតត្បាត។

វិនិយោគិនរំពឹងថា ធនាគារកណ្តាលនឹងដំឡើង អត្រាគោលនយោ​បាយរូបិយវត្ថុពិភពលោក ដល់ជិត៤ភាគរយរហូតដល់ឆ្នាំ២០២៣ ដែលជាការកើនឡើងច្រើនជាង២ភាគរយ លើសពីមធ្យមភាគឆ្នាំ២០២១ ហើយប្រសិនបើមានភាពតានតឹងទីផ្សារហិរញ្ញវត្ថុ នោះកំណើនGDP សកល (ផលិតផលក្នុងស្រុកសរុប) នឹងថយចុះមកត្រឹម០,៥ភាគរយ នៅឆ្នាំក្រោយ។

លោក Ayhan Kose អនុប្រធានស្តីទីនៃធនាគារពិភពលោកសម្រាប់កំណើនប្រកបដោយសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័នបានកត់សម្គាល់ថា ដោយសារតែការដំឡើងអត្រាការប្រាក់ មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងនៅទូទាំងពិភពលោក វាអាចក្លាយជាកត្តាគួបផ្សំគ្នា ក្នុងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងធ្វើឱ្យមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។

លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយថា ដើម្បីសម្រេចបាននូវអត្រាអតិផរណាទាប ស្ថិរភាពរូបិយប័ណ្ណ និងកំណើនសេដ្ឋកិច្ចកាន់តែលឿន អ្នកបង្កើតគោលនយោបាយអាចផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ពួកគេ ពីការកាត់បន្ថយការប្រើប្រាស់ ទៅជាការជំរុញផលិតកម្ម។

លោក Malpass បានបន្ថែមថា “គោលនយោបាយគួរតែបង្កើតការវិនិយោគបន្ថែម និងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងការបែងចែកដើមទុន ដែលមានសារៈសំខាន់សម្រាប់កំណើន និងការកាត់បន្ថយភាពក្រីក្រ”៕

ប្រទេសកម្ពុជា-តួកគីជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

ដោយ៖ សុផារី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត។

ការសន្យានេះធ្វើឡើងនាឱកាសដែលលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីលោកស្រីទទួលបេសកកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។

លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអំពីស្ថានភាពទេសចរណ៍កម្ពុជាដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រការនេះបានជំរុញឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ (កើនឡើង ៧២០%) ត្រឹមរយៈពេល៨ខែឆ្នាំ២០២២។

លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ចំពោះសុខភាព អាយុជីវិតរបស់ប្រជាជន តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩របស់រាជរដ្ឋាភិបាល។

លោកស្រីក៏ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។ លោកស្រីបានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។

លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ភាគីកម្ពុជា-តួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា កិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍នោះគឺផ្ដោតលើការជំរុញចលនាទេសចរទៅវិញទៅមក ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។ លោកថា “ក្នុងអាណត្តិដែលលោកស្រីបំពេញបេសកកម្មនៅកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតតួកគីបានសន្យាសម្រេចឱ្យបាននូវការតភ្ជាប់ការហោះហើរត្រង់កម្ពុជា-តួកគី ពីព្រោះដើម្បីជំរុញឱ្យមានកំណើនទេសចរទៅបាន ចាំបាច់ត្រូវមានការដឹកជញ្ជូន”។

លោករដ្ឋមន្ត្រីបានអះអាងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដូច្នេះការចុះចតយន្តហោះដែលមកពីតួកគីនោះគឺមិនមែនជាបញ្ហាឡើយ។

ពិសេសជាងនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ពណ៌បៃតង (Green Pass) ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ/ចូលរបស់ភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំងពីរ។

ក្រៅពីនេះ កិច្ចព្រមព្រៀងក៏ផ្ដោតលើការជំរុញអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ខណៈតួកគីគឺមានអ្នកវិនិយោគច្រើនដែរ ហើយកម្ពុជា-តួកគីក៏ត្រូវបន្តការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីរាជការប្រទេសទាំងពីរជាដើម៕