អ្នកជំនាញ៖ ការវិនិយោគលើលំនៅឋាននាពេលបច្ចុប្បន្ននេះហាក់មិនសូវហុចផលចំណេញច្រើនឡើយ

ដោយ៖ សុផារី

ភ្នំពេញ៖ ផលប៉ះពាល់ពីវិបត្តិជំងឺ និងវិបត្តិសកល បានធ្វើឱ្យជះឥទ្ធិពលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងស្ថានភាពបែបនេះ អ្នកជំនាញបានអះអាងថា ការវិនិយោគលើលំនៅឋាននាពេលបច្ចុប្បន្ននេះហាក់មិនសូវហុចផលចំណេញច្រើនឡើយ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងថា ការពិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ ការវិនិយោគលើលំនៅដ្ឋាន មិនសូវផ្តល់ផលចំណេញនោះទេ ដោយសារតែតម្រូវការនៃទិញដូរ មិនសូវមានការគាំទ្រច្រើនពីស្ថាប័នធនាគារ។

លោកឧកញ៉ាបានឱ្យដឹងទៀតថា “កន្លងទៅអ្នកទិញលំនៅដ្ឋាន ដែលទិញវិនិយោគដើម្បីចំណេញបាន ដោយសារតែពួកគេអាចខ្ចីពីធនាគារ ដោយមានលុយទិញផ្ទះមួយទៅកក់បានផ្ទះ៥ រួចបង់រំលោះតាមក្រោយ ហើយពេលនោះចំពេលចរន្ដសេដ្ឋកិច្ចល្អ”។

យ៉ាងណាក្តី លោកឧកញ៉ាបញ្ជាក់ថា នៅក្នុងដំណាក់កាលសេដ្ឋកិច្ចកម្ពុជារយៈពេល៣ឆ្នាំនេះ ភាពមិនប្រាកដប្រជា ដែលនឹងអូសបន្លាយទៅមុខ ដោយសារជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាម ព្រមទាំងការចែកប្លុកនៃប្រទេសមហាអំណាច បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល និងប៉ះពាល់ដល់លំហូរសេដ្ឋកិច្ចកម្ពុជាផងដែរ​។

លោកគូសបញ្ជាក់ថា “លំនៅដ្ឋានជាជម្រើសមួយ ហើយមុននឹងគិតពីលំនៅដ្ឋាន ត្រូវគិតអំពីការហូបចុក ការសិក្សាកូនចៅ។ ក្នុងដំណាក់កាលនេះ ឃើញហើយថា អ្នកសាងសង់ ក៏លក់ពុំមិនសូវបាន ហើយមានចំនួនតិចណាស់ដែលលក់បាន។ បើលក់បានដោយសារតែមានតម្រូវការចាំបាច់ ក្នុងការទិញលំនៅដ្ឋាន”។

លោកបន្តថា “ដោយឡែក លំនៅដ្ឋានតម្លៃមធ្យម និងទាប ឃើញថា ក៏មិនមានទីតាំងនៅទីប្រជុំជន ទីក្រុងផងដែរ ដែលភាគច្រើននៅតំបន់ជាយក្រុង ឬក្រវាត់ក្រុងជាដើម ដូច្នេះអ្នកខ្លះក៏មិនសូវចង់បាន។ តម្រូវការមិនដូចនៅពេលមានសេដ្ឋកិច្ចល្អ ដែលម្នាក់ៗគិតថា នៅកន្លែងណាក៏បាន ព្រោះគិតថាងាយស្រួលលក់”៕

អូស្ត្រាលីផ្តល់ថវិកា៨៧លានដុល្លារអូស្ត្រាលីដល់កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

ដោយ: សុផារី

ភ្នំពេញ៖ អូស្ត្រាលីបានផ្តល់ជំនួយកញ្ចប់ថវិកាសរុប៨៧លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង៥៨លានដុល្លារអាមេរិក ដល់កម្ពុជា អនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មីមួយ ដើម្បីបន្តជួយដល់គ្រួសារងាយរងគ្រោះនៅជនបទបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩ សម្រាប់ប្រតិបត្តិការរយៈពេល៥ឆ្នាំ។

ការបើកដំណើរការកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ Cambodia Australia Partnership for Resilient Economic Development  (CAP-RED) មានការចូលរួមពីលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី។

លោក Tim Ayres បានមានប្រសាសន៍ថា “ឆ្នាំនេះជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធី CAP-RED ជាភស្តុតាងរឹតតែច្បាស់ បន្ថែមទៀតនៃភាពជាដៃគូដ៏យូរអង្វែងនៃប្រទេសកម្ពុជា-អូស្រ្តាលី ។ តាមរយៈកម្មវិធីនេះ អ្នកជំនាញអូស្រ្តាលី និងចែករំលែកចំណេះដឹង និងជំនាញ ជាមួយសមភាគីកម្ពុជា ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម”។

លោក Tim Ayres បន្តថា កម្មវិធីនេះផ្តោតសំខាន់ទៅលើវិស័យចំនួនបី ដើម្បីជំរុញកំណើនសេវាហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងកសិ-កែច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស។ កម្មវិធីនេះនឹងផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្តោតលើ សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ផងដែរ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “កម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលគាំទ្រដល់ការស្តារឡើងវិញ ភាពធន់ និងកំណែទម្រង់។ កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការវិនិយោគសាធារណៈ និងឯកជន ប្រកបដោយបរិយាបន្ន ដើម្បីជួយជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពចម្រុះ និងបរិយាប័ន្ន។

កម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ត្រូវបានបង្កើតឡើង ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា និងស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ ហើយកម្មវិធីនេះ នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោលនយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។ កម្មវិធីនេះបានផ្តោតសំខាន់ចំពោះ ស្ត្រី កុមារ កុមារី មនុស្សចាស់ ជនមានពិការភាព និងក្រុមងាយរងគ្រោះ ឱ្យមានជីវភាពប្រសើរឡើង៕

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំមិនគួរត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈទានពាក់ព័ន្ធការអប់រំ និងការបណ្តុះសីលធម៌ ចរិយាធម៌ គុណធម៌សម្រាប់សិស្ស ដោយលើកឡើងថា ការអប់រំមិនគួរត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ។

តាមរយៈសារវីដេអូនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ នាព្រឹកថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្អូនៗសិស្សានុសិស្ស ទាំងអស់ត្រូវតែខិតខំកសាងខ្លួន ដើម្បីក្លាយជាមនុស្សល្អក្នុងសង្គម មានគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងខ្លួន មិនត្រូវធ្វើខ្លួនជាបងធំ ដើរវាយតប់គ្នាបង្កបញ្ហានៅសាលារៀននោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “មិនត្រូវធ្វើបងធំដើរវាយតប់គ្នាទេ តែត្រូវបានបងធំខាងរឿងមនុស្សធម៌ ប្រមូលគ្នាសំអាតសាលារៀន ប្រមូលគ្នាដើម្បីធ្វើពលកម្ម និងជួយគ្នាទៅវិញទៅមក នោះគឺជាអ្វីដែលសង្គមចង់បាន មិនត្រូវធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាល មានកង្វល់នោះទេ”។

លោកបណ្ឌិត ហ៊ុន ម៉ាណែតបានបន្តថា​ “កុំឲ្យបាត់គុណភាពអប់រំចំណេះដឹងទូទៅ តែត្រូវមានចន្លោះប្រហោងមួយទៀត ដើម្បីបំពេញបន្ថែម ព្រោះឥឡូវបរិស្ថានយើងដូរលឿនណាស់ …គ្រួសារកាន់តែមានលទ្ធភាព តែខ្វះពេលវេលា អញ្ជឹងពឹងផ្អែកទៅលើសាលាធំ ដើម្បីការអប់រំ បណ្តុះនូវគុណធម៌ សីលធម៌ និងតម្លៃក្នុងខ្លួន មុននឹងគាត់ឈានទៅឯករាជ្យ ចេញពីវិទ្យាល័យឯករាជ្យ ម្ចាស់ការចូលក្នុងសង្គម”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា “ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ ប៉ុន្តែសូមមានចំណាប់អារម្មណ៍ជារួមមួយ។ តាមដែលខ្ញុំបានស្តាប់ផ្ទាល់និង ដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូ អ្នកគ្រូ)ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលបង្កលក្ខណៈអោយជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនោះ គឺការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន (ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ”។

លោកបណ្ឌិតសង្កត់ធ្ងន់ថា “ហេតុដូច្នេះការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ”។

ដើម្បីតម្រង់ទិសដល់សិស្សនៅកម្រិតសិក្សាចំណេះដឹងសិក្សាទូទៅឱ្យទទួលបានការអប់រំផ្នែកសីលធម៌ ចរិយាធម៌ និងគុណធម៌ បន្ថែមពីលើចំណេះដឹងផ្សេងៗហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចង់ឱ្យសាលាមានកម្មវិធីធ្វើកិច្ចការសង្គមផ្សេងៗ ហើយផ្តល់ពិន្ទុសម្រាប់កម្មវិធីសិក្សា។

លោក ហ៊ុន ម៉ាណែត បានរំលឹកថា កាលលោករៀនសាលាដូនពេញ មានការបង្កើតក្លឹបសិស្សពូកែ ដែលក្លឹបនេះមានការជួយសំអាតសាលា ជួយអប់រំ និងបង្រៀនគ្នាជាដើម។ លោកក៏បានលើកពីករណីនៅតាមបណ្តាប្រទេសមួយចំនួនទៀត ដែលបង្កើតកម្មវិធីឱ្យសិស្សចូលរួមកិច្ចការសង្គម ជួយដល់ប្រជាពលរដ្ឋ ដែលការងារមនុស្សធម៌ ផ្សេងៗ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ “កុំឱ្យបាត់គុណភាពអប់រំចំណេះទូទៅ ប៉ុន្តែត្រូវមានចន្លោះប្រហោងមួយទៀត ដើម្បីបំពេញបន្ថែម។ ឥឡូវបរិស្ថានសង្គមដូរលឿនណាស់ គ្រួសារកាន់តែមានលទ្ធភាព តែខ្វះពេលវេលា។ អ៊ីចឹងពឹងផ្អែកលើសាលាធំ ដើម្បីការអប់រំ។ បណ្តុះនូវគុណធម៌ សីលធម៌ និងតម្លៃក្នុងខ្លួន មុននឹងគាត់ឈានទៅឯករាជ្យ ម្ចាស់ការចូលក្នុងសង្គម”៕

អ្នកវិនិយោគនឹងទទួលបានផលចំណេញចន្លោះពី២០ទៅ៣០ភាគរយពីបុរីបុស្បា

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកដើម្បីស្វែងរកផលចំណេញ ជាការវិនិយោគឆ្លាតវៃមួយដែលអតិថិជន គួរសម្លឹងមើលទីតាំង និងសក្តានុពលតំបន់។

ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទីផ្សារបុរីបុស្បា លោកអ៉ី ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ជាមួយទស្សនទាននៃការអភិវឌ្ឍលំនៅដ្ឋាន ផ្សារភ្ជាប់ជាមួយធម្មជាតិ និងសម្របតាមការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យបុរីបុស្បាលក់បានលឿនតាមផែនការ ស្របពេលសំណង់បាន និងកំពុងសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ។

លោកបន្តថា “ដោយសារសិក្សាទីផ្សារច្បាស់លាស់ លំនៅដ្ឋានរបស់បុរីបុស្បា មានតម្លៃទាបជាងទីផ្សារ២០ ទៅ៣០ភាគរយ ដែលផ្តល់ឲ្យអ្នកទិញសម្រាប់ស្នាក់នៅ និងទិញរកផលចំណេញទទួលបាន ផលចំណេញខ្ពស់”។ លោកបន្តថា “បុរីបុស្បាបាននិងកំពុងកសាង នូវគុណតម្លៃពិសេស ដោយអតិថិជននឹងរស់នៅជាមួយធម្មជាតិ មានសួនច្បារហាត់ប្រាណ និងសេវាកម្មជាច្រើនទៀត ពិសេសលំនៅដ្ឋានប្រភេទវីឡា ធ្វើឲ្យអ្នកស្នាក់នៅ​មានភាពមនោរម្យ ដោយសារលំនៅដ្ឋានប្រភេទវីឡា មានអាងទឹកនៅក្នុងអគារ”។

លោកអ៉ី ពិសិដ្ឋបានបន្តថា ជាមួយនឹងការសិក្សាទីតាំងច្បាស់លាស់ ទើបធ្វើឲ្យយើងសម្រេចចិត្ត វិនិយោគនៅទីតាំងបច្ចុប្បន្ន ដែលស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងដែលងាយធ្វើដំណើរជាមួយផ្លូវក្រវ៉ាត់ក្រុងទី២ ផ្លូវជាតិលេខ៣ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ផ្សារទំនើបAEON Mall3ជាដើម។

លោកបន្តថា“ការវិនិយោគដែលឆ្លាតវៃ ជាការវិនិយោគដោយគិតដល់​​អតិថិជន និងអ្នកស្នាក់នៅ និងកសាងសហគមន៍មួយដែលប្រកប​ដោយភាពសុខដុមរមនា”។

អតិថិជនចាប់អារម្មណ៍សូមទាក់ទង តាមរយៈលេខទូរស័ព្ទ០៨១ ២៣៨ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

 

លំហូរទុនវិនិយោគចូលទីផ្សារអចលនទ្រព្យវៀតណាមធ្លាក់ចុះ ក្នុងឆមាសទី១

ដោយ: លាងហួរ

ហាណូយ: យោងតាមអ្នកជំនាញបានឱ្យដឹងថា ការសម្រេចចិត្តរបស់ធនាគាររដ្ឋវៀតណាម ក្នុងការបង្កើនគោលដៅកំណើនឥណទាន ត្រូវបានគេរំពឹងថា នឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អាជីវកម្មក្នុងការផ្តល់កម្ចីដើមទុន រួមទាំងក្រុមហ៊ុនអចលនទ្រព្យផងដែរ។

នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ លំហូរដើមទុនដែលហូរចូលទៅកាន់ទីផ្សារអចលនទ្រព្យបានធ្លាក់ចុះ ដោយសារតែការគ្រប់គ្រងតឹងរ៉ឹងនៃប្រភពឥណទាន និងការធ្លាក់ចុះនៃទីផ្សារមូលបត្របំណុល។

លោកSử Ngọc Khương នាយកជាន់ខ្ពស់នៃការវិនិយោគ Savills វៀតណាមបានលើកឡើងថា  ការរឹតបន្តឹងឥណទាន មានគោលបំណងជួយរដ្ឋ ផ្តល់អាទិភាពដើមទុនដល់សហគ្រាស និងគម្រោងនានាឱ្យមានប្រតិបត្តិការល្អ។

បច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ច និងស្ទុះងើបលឿនបំផុតក្នុងពិភពលោក ក្នុងរយៈពេលក្រោយជំងឺរាតត្បាត ដែលកំពុងជួយឱ្យប្រទេសនេះ ទាក់ទាញការចាប់អារម្មណ៍ច្រើន និងការវិនិយោគពីបរទេស។

បន្ទាប់ពីរដ្ឋាភិបា លបើកជើងហោះហើរអន្តរជាតិឡើងវិញ វិស័យសេដ្ឋកិច្ចបានទទួលផលប្រយោជន៍ ជាពិសេសទេសចរណ៍ និងសណ្ឋាគារ។ កត្តានេះ បានបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគ្រាសបរទេសចូលមកទីផ្សារវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គផ្លូវច្បាប់នៅក្នុងគម្រោងអចលនទ្រព្យជាច្រើន ក្នុងប្រទេសវៀតណាម នៅតែបង្កឱ្យមានការស្ទាក់ស្ទើរសម្រា​ប់សហគ្រាស និងអ្នកវិនិយោគក្នុងស្រុក និងបរទេស។

លោក Nguyễn Văn Đính អនុប្រធានសមាគមអចលនទ្រព្យវៀតណាមបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យ កំពុងឆ្លងកាត់ដំណាក់កាល នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញជាលទ្ធផល ហើយតម្លៃផ្ទះនឹងកើនឡើងដោយសារតែថ្លៃដើមកើនឡើង។ ដូច្នេះសាច់ប្រាក់ងាយស្រួលនឹងថយចុះ៕

តើគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់ចិនសម្រេចបានសមិទ្ធផលដុំកំភួនអ្វីខ្លះក្នុងពេល៩ឆ្នាំមកនេះ?

ដោយៈ សុខុម

ប៉េកាំង: កាលពី៩ឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើបង្កើត “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” (Silk Road Economic Belt) និង “ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១” (21st Century Maritime Silk Road) ជាបន្តបន្ទាប់នៅប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី។

ពេលនោះហើយជាចំណុចដែលគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative (BRI)) ជាមួយនឹងគោលបំណងកសាងបណ្តាញពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ផ្សេងៗគ្នា នៅតាមបណ្ដោយផ្លូវពាណិជ្ជកម្មបុរាណទាំងនេះ បានលេចចេញជារូបរាង។

រយៈពេល៩ឆ្នាំមកនេះ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើសពីការតភ្ជាប់។

កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ដែលអនុវត្តតាមគោលការណ៍ណែនាំ នៃការពិគ្រោះយោបល់ទូលំទូលាយ ការចូលរួមចំណែក និងអត្ថប្រយោជន៍រួមគ្នា បានរីកចម្រើនយ៉ាងខ្លាំង រហូតក្លាយជាវេទិកាសកល (Global Platform) ដែលប្រទេសនានា ស្ថិតនៅតាមបណ្តោយផ្លូវទាំងនេះ ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងផ្តល់ការជំរុញបន្ថែមទៀត ដល់ការអភិវឌ្ឍសកល ចំពេលមានបញ្ហាប្រឈមនានាដ៏គួរឱ្យភ័យខ្លាច។

បន្ទាប់ពីកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ជាច្រើនឆ្នាំមកនេះ ក្របខណ្ឌតភ្ជាប់ទូទៅមួយ ដែលមានច្រករបៀងចំនួន៦ ផ្លូវតភ្ជាប់ចំនួន៦ និងកំពង់ផែ នៅក្នុងប្រទេសជាច្រើន ត្រូវបានដាក់ឱ្យដំណើរការ។

សមិទ្ធផលសំខាន់ៗរួមមានដូចជា ផ្លូវដែក Mombasa-Nairobi Standard Gauge Railway ក្នុងទ្វីបអាហ្រ្វិក ផ្លូវដែកចិន-ឡាវ (China-Laos Railway) នៅអាស៊ី កំពង់ផែ Haifa ថ្មីក្នុងប្រទេសអ៊ីស្រាអែល ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (China-Pakistan Economic Corridor) ជាដើម។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញភ័ស្តុភារថ្មីមួយរវាងអាស៊ី និងអឺរ៉ុប ត្រូវបានបង្កើតឡើង តាមរយៈសេវាកម្មរថភ្លើងដឹកទំនិញចិន -អឺរ៉ុប។ ជាមួយនឹងផ្លូវចំនួន៨២ខ្សែ ពេលនេះរថភ្លើងទាំងនេះ ទៅដល់ទីក្រុងចំនួន២០០ ក្នុងប្រទេសចំនួន២៤នៅអឺរ៉ុប ដោយបង្កើតបានជាបណ្តាញដឹកជញ្ជូនមួយដែលគ្របដណ្តប់ទូទាំងទ្វីបអឺរ៉ុប។

ការតភ្ជាប់កាត់បន្ថយឧបសគ្គបានយ៉ាងច្រើន មិនថាទាក់ទិនការសម្រ​បសម្រួលគោលនយោបាយ ការធ្វើដំណើរតាមផ្លូវ ពាណិជ្ជកម្ម រំហូរហិរញ្ញវត្ថុ។ សេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប បានដើរតួនាទីជា “ច្រកនៃជីវិត” (Passage of Life)  នៅពេលការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងវិបត្តិកូវីដ-១៩។

ជាមួយនឹងការតភ្ជាប់បែបនេះ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” បានជំរុញកំណើន ទោះបីជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងណាក្ដី។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ ទំហំជួញដូរទំនិញសរុបរវាងប្រទេសចិន និងបណ្ដាប្រទេសនៅតាមបណ្តោយផ្លូវ “ខ្សែក្រវាត់ និងផ្លូវ” មានចំនួនជិត១១ទ្រីលានដុល្លារអាមេរិក ខណៈការវិនិយោគទាំងសងខាង មានទំហំលើសពី២៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន។

នៅអាស៊ីកណ្តាល ដោយសារមានផ្លូវហាយវ៉េចិន- កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន (China-Kyrgyzstan-Uzbekistan Highway) និងផ្លូវល្បឿនលឿនចិន-តាហ្ស៊ីគីស្ថាន (China-Tajikistan Expressway) ការដឹកជញ្ជូនតាមផ្លូវគោក ត្រូវបានកែលម្អយ៉ាងទូលំទូលាយ។ បណ្តាប្រទេសនៅអាស៊ីកណ្តាល ត្រូវបានរំពឹងថានឹងបញ្ចេញសក្តានុពល ដឹកជញ្ជូនកាន់តែច្រើនជាងមុន តាមរយៈគម្រោងផ្លូវដែកចិន- កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន (China-Kyrgyzstan-Uzbekistan Railway) នាពេលខាងមុខ។

គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ផ្តល់ឱ្យតំបន់អាស៊ីកណ្តាល នូវឱកាសបំពេញកិច្ចការជាយុទ្ធសាស្ត្រ នោះគឺការចូលទៅកាន់កំពង់ផែសមុទ្រនានាដោយផ្ទាល់ និងប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននៃផ្លូវហាយវ៉េ ឆ្លងទ្វីបពីប៉ែកបូព៌ាទៅប៉ែកខាងលិច និងពីប៉ែកខាងជើងទៅប៉ែកខាងត្បូង៕ Xinhua៕

LG successfully transmits and receives 6G THz data

LG has successfully tested 6G Terahertz (THz) data transmission and reception over a distance of 320m in an outdoor environment at the Fraunhofer Heinrich Hertz Institute (HHI) in Berlin, Germany.

The test was done on September 7 at a frequency range of 155-175 GHz and is touted as a great step forward in the commercialization of 6G networking in urban areas.

LG and its partners used a custom 20dBm multichannel power amplifier for transmitting the data and a low noise-amplifier receiver which helped improve the incoming signal quality.

“With the success of our latest demonstration, we are one step closer to realizing 6G speeds of 1 terabit (TB) per second in both indoor and outdoor urban areas. We expect 6G to be a major driver of future business and new user experiences, and there is no place we’d rather be than at the forefront of its development.” – Dr. Kim Byoung-hoon, CTO and EVP of LG Electronics.

Compared to 5G, 6G aims to deliver 50 times higher peak data rates and to reduce latency 10 times and offer higher reliability. For reference commercial mmWave 5G implementation manage up to 3Gbps peak speeds while the theoretical max is around 5Gbps. 6G network standardization is expected to begin in 2025, while commercialization is expected around 2029.

Source: GSNArena

គម្រោងអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរីកំពុងស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីក្រុមហ៊ុនវិនិយោគសុំដកខ្លួន

ដោយៈ សុផារី

មណ្ឌលគិរីៈ គម្រោងអភិវឌ្ឍព្រលានយន្តហោះ នៅខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីក្រុមហ៊ុនវិនិយោគសុំដកខ្លួន ដោយសា​រជួបវិបត្តិជំងឺកូវីដ១៩។

នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រ​សាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន Power China International Group Ltd (PIG) ធ្វើការសិក្សា និងអភិវឌ្ឍសំណើសាងសង់ ព្រលានយន្តហោះមួយនេះ ក្រោមទុនវិនិយោគ៨០លានដុល្លារ។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនចិនមួយនេះទទួលខាតបង់យ៉ាងច្រើន ដែលធ្វើឱ្យមិនមានលទ្ធភាព ក្នុងការបន្តការវិនិ​យោគទៀត។

លោកស៊ិន ចាន់សេរីវត្ថា បានមានប្រសាសន៍ថា “ខេត្តមណ្ឌលគិរីមានគោលការណ៍អភិវឌ្ឍន៍ អាកាសយានដ្ឋានទៅជាអាកាសយានដ្ឋានតំបន់ ដោយមានការហោះហើរជាអន្តរជាតិ”។ លោកបន្តថា “យើងបានធ្វើការធ្វើការសិក្សារួចរាល់អស់ហើយ ហើយក៏បានជ្រើសរើសអ្នកដែលទទួលសិទ្ធិក្នុងការសាងសង់ផងដែរ”។

លោកបន្តថា ប៉ុន្តែជាអកុសល ដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ គឺក្រុមហ៊ុនរបស់គាត់ទទួលខាតបង់យ៉ាងច្រើន ជាក្រុមហ៊ុនចិន នៅប្រទេសចិន។ គាត់ក៏បានជម្រាបមកកាន់យើងថា គាត់មិនមានលទ្ធភាព ក្នុងការបន្តការវិនិយោគនេះទៀត។

លោកស៊ិន ចាន់សិរូវុត្ថាបានបង្ហើបថា បច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនចំនួន២ ឬ៣មកចរចារដែរ តែបានស្ងប់ស្ងាត់ទៅវិញ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនណាមួយ ទទួលបានសិទ្ធិក្នុងការសាងសង់ជាថ្មីនៅឡើយទេ។

លោកបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកំពុងបន្តរកដៃគូវិនិយោគផ្សេងទៀត ដើម្បីបន្តដំណើរការសាងសង់ ខណៈមានក្រុមហ៊ុនមួយចំនួនបានមកធ្វើការចរចារួចហើយ តែមិនទាន់ផ្លូវការ”។

គម្រោងអភិវឌ្ឍព្រលានយន្តហោះខាងលើនេះ គ្រោងសាងសង់លើទំហំផ្ទៃដី៣០០ហិកតា ក្រោមទុនវិនិយោគ៨០លានដុល្លារអាមេរិក នៅខេត្តមណ្ឌលគិរី៕

ការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនកើនឡើង៥,៨ភាគរយ នៃផលទុនជាតិសរុប

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញនៅថ្ងៃសុក្រ ទី១៦ ខែកញ្ញាថា ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិនបានកើនឡើង៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។

ការិយាល័យនេះបានរាយការណ៍ឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគទ្រព្យសកម្មថេរ ចាប់ពីខែមករា ដល់ខែសីហាមានចំនួនសរុប៣៦,៧១ពាន់ពាន់លានយ័ន (ប្រហែល៥,៣ពាន់ពាន់លានដុល្លារ)។

កំណើននេះបានកើនលឿន ដែលបានប្រកាសក្នុងរយៈពេល៧ខែដំបូង។ ចាប់ពីខែមករាដល់ខែសីហា ការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជនបានកើនឡើង២,៣ភាគរយ ធៀបនឹងឆ្នាំមុនដល់២០,៣១ពាន់ពាន់លានយ័ន។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបានកើនឡើង៨,៣ភាគរយ និង១០ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងអំឡុងពេលនេះរៀងគ្នា។

ការវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យ បានធ្លាក់ចុះ៧,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល៨ខែដំបូង។ ការវិនិយោគទៅក្នុងឧស្សា​ហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ មានការរីកចម្រើនក្នុងរយៈពេលដូចគ្នា ដោយក្នុងនោះ នៅក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងសេវាកម្មកើនឡើង២៣ភាគរយ និង១៤,២ភាគរយរៀងគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រទេសចិនបានធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលគាំទ្រការវិនិយោគនៅឆ្នាំនេះ។  ជាឧទាហរណ៍ រដ្ឋបាលក្នុងតំបន់ទូទាំងប្រទេស បានពន្លឿនការប្រើប្រាស់ប័ណ្ណបំណុលពិសេស ដើម្បីជំរុញការវិនិយោគ៕

និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ចចុះMOUជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនិយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ដើម្បីសហការគ្នាក្នុងការលើកកំពស់ ចំណេះដឹងរវាងស្ថាប័នទាំាំងពីរ។

គោលដៅនៃការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងដូចជា ទី១-ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យមូលបត្រ រវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ទី២-ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច រវាងនិយ័តករបរធនបាលកិច្ច និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។

ពិធីនេះ មានការអញ្ជើញចូលរួមចុះហត្ថលេខា ដោយលោកស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា លោកសុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ព្រមទាំងសមាជិកសមាគម CVEA និងមន្រ្តីរដ្ឋាភិបាលជាច្រើនរូប៕