រដ្ឋមន្រ្តីសំណង់ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះទៅផ្សាយផ្ទះគំរូនៅ តំបន់រ៉ុងតាឯក ខេត្តសៀមរាប

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញបំណងចង់ឲ្យក្រុមហ៊ុនដែលសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះ នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។

ការផ្សព្វផ្សាយនេះ ជាការសំដៅដល់អ្នកដែលបានស្ម័គ្រចិត្ត រុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់តាមរយៈការ Comment លើទំព័រហ្វេសបុកអចនទ្រព្យមួយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ យ៉ាងដូច្នេះថា “ខ្ញុំចង់ឲ្យក្រុមហ៊ុនដែលសាងសង់ផ្ទះ ទៅធើ្វការផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលទីនោះប្រជាពលរដ្ឋត្រូវទៅតាំងទីលំនៅនៅទីនោះ ប្រមាណ២០០០គ្រួសារ ដែលបានចាប់ឆ្នោតរួច”។

ថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្ត រុះរើសំណង់ខុសច្បាប់ចេញ ពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយគ្រួសារទទួលបានដីចំនួន១ឡូតិ៍ ទំហំ២០ម៉ែត្រ x ៣០ ម៉ែត្រ។

ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការ ទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

 

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៣០០០លានដុល្លារក្នុង រយៈពេល៨ខែ

    ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោង មានទុនជាង​៣០៤៣លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋចំនួន៧៥,៣៤៣កន្លែង នៅក្នុងរយៈពេល​៨ខែឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍របស់CDCបានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១១២ គឺនៅខែមករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង២,២៧៧​លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន១៩,៩០៥កន្លែង។

បន្ទាប់មក ខែឧសភាឆ្នាំ២០២២នេះ មានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៩៨,១​លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋចំនួន១២,៣៩៥កន្លែង។ចំណែកខែសីហា CDCបានអនុម័តគម្រោងវិនិយោគចំនួន១៧គម្រោង ដែលមានទុនវិនិយោគចំនួន ២០៣,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១,១៩៧នាក់។

ក្នុងចំណោមក្រុមហ៊ុនចំនួន១១២គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗមានចំនួន៤រួមមាន អាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោង​ចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៣៨៩លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណ​ង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុ​ង​បូក​គោ ខេត្តកំពត មានទុនវិនិយោគចំនួន១.៣០០លានដុល្លារអាមេរិក៕

សឹង្ហបុរីបើកចំហសំណើថ្មីពីម៉ាឡេស៊ីលើគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងប្រទេសទាំងពីរ

ដោយ: លាងហួរ

សឹង្ហបុរី: ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lawrence Wong នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា បានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob ថាសឹង្ហបុរីបើកចំហចំពោះសំណើថ្មី ពីម៉ាឡេស៊ីលើគម្រោងរថភ្លើងល្បឿនលឿន Singapore-Kuala Lumpur (HSR) ដែលត្រូវបានលុបចោលពីមុន។

លោក Wong ក៏បានកត់សម្គាល់ផងដែរ នូវការចាប់អារម្មណ៍របស់ម៉ាឡេស៊ី ក្នុងការធ្វើឱ្យមានការពិភាក្សាឡើងវិញលើគម្រោងនេះ ដោយបានលើកឡើងនូវការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី Lee Hsien Loong បន្ទាប់ពីលោកបានជួបសមភាគីម៉ាឡេស៊ី លោក Ismail Sabri ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការលើកដំបូង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅកាន់ប្រទេសសឹង្ហបុរី កាលពីខែវិច្ឆិកាឆ្នាំមុន។

គម្រោង HSR គ្រោងកាត់បន្ថយពេលវេលាធ្វើដំណើររវាងសឹង្ហបុរី និងគូឡាឡាំពួមកត្រឹម៩០នាទី ប៉ុន្តែគម្រោងនេះ ត្រូវបានបញ្ឈប់បន្ទាប់ពីការពន្យារពេលជាច្រើនដង តាមការស្នើសុំរបស់ម៉ាឡេស៊ី និងការពន្យារពេលជាយថាហេតុនៃកិច្ចព្រមព្រៀងក្នុងខែធ្នូ ឆ្នាំ២០២០។

ប្រទេសម៉ាឡេស៊ី បានបង់ប្រាក់សំណងជាង១០២លានដុល្លារសឹង្ហ​បុរី ដល់ប្រទេសសឹង្ហបុរី សម្រាប់គម្រោងដែលត្រូវបានលុបចោល។

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ការិយាល័យនាយករដ្ឋមន្ត្រី (PMO) បាននិយាយ នៅក្នុងការចេញផ្សាយតាសារព៌តមានថា លោក Wong បានអំពាវនាវដល់លោក Ismail Sabri ហើយអ្នកទាំងពីរបានអះអាងសារជាថ្មីអំពីខ្លឹមសារសំខាន់ និងទូលំទូលាយនៃកិច្ចសហប្រតិបត្តិការ រួមគ្នារវាងម៉ាឡេស៊ី និងសឹង្ហបុរី។

អ្នកទាំងពីរបានស្វាគមន៍ចំពោះវឌ្ឍនភាពល្អ ដែលធ្វើឡើងលើគម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរហ័ស Johor Bahru-Singapore ដែលគ្រោងនឹងចាប់ផ្តើមសេវាកម្មនៅចុងឆ្នាំ២០២៦។

លោកនាយករដ្ឋមន្ត្រី Ismail Sabri និងឧបនាយករដ្ឋមន្ត្រី Wong បានទន្ទឹងរង់ចាំសឹង្ហបុរី និងម៉ាឡេស៊ីធ្វើការរួមគ្នា សម្រាប់ការបន្តផលប្រ​យោ​ជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ រួមទាំងក្នុងវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចបៃតង និងឌីជីថល៕

អ្នកឧកញ៉ាម៉ុង រិទ្ឋីគ្រោងបើកដំណើរការរោងចក្រផលិតចំណីសត្វ តម្លៃ៥៤លានដុល្លារថ្មីមួយទៀត

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកឧកញ៉ាម៉ុង រិទ្ឋីដែលជាមហាសេដ្ឋីកម្ពុជាមួយរូបបានបើក​ដំំណើរការរោងចក្រ​ផលិត​ចំណី​សត្វ​ថ្មី​១ទៀត ក្រោម​ទុនវិនិយោគ​សរុប​ប្រមាណ៥៤​លាន​ដុល្លារ។

រោងចក្រថ្មីនេះ គ្រោង​ចាប់ផ្តើម​ដំណើរការ ​នៅ​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ខាងមុខ ដោយ​អាចមាន​សមត្ថភាព​ផលិត​ចំណី​សត្វ​បាន៣៦ ម៉ឺន​តោន​ក្នុង១​ឆ្នាំ​។

រោងចក្រ​ថ្មី​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ២៤ហិកតា ​ក្នុងនោះ​ការចំណា​យ​លើ​តម្លៃ​ដី​មាន​ចំនួន​២៤លាន​ដុល្លារ​ រោងចក្រ​សំណង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​១៥ លាន​ដុល្លារ និង​វត្ថុធាតុដើម១៥ ​លាន​ដុល្លារ​ក្នុង​១​ខែ​។

រោងចក្រ​នេះ មានទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​ ៤ ក្នុង​ភូមិ​មនោរម្យ ឃុំ​តានៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

អ្នកឧកញ៉ាម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានមានប្រ​សាសន៍ឲ្យដឹងថា ការវិនិយោគ​លើ​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ គឺ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក ​ដែល​កំពុង​កើនឡើង ហើយក៏​ជួយ​លើក​ទឹកចិត្ត​ដល់​អ្នក​ផលិត និង​អ្នក​ចិញ្ចឹម ដើម្បី​កាត់បន្ថយ និង​ឈាន​ទៅ​ដល់​ការលុប​បំបាត់​ការនាំ​ចូល​សត្វ​ពី​ក្រៅប្រទេស​ផងដែរ​។

លោក​បន្ថែមថា “រោងចក្រ​ផលិត​ចំណី​សត្វ​នេះ ​នឹង​ផ្តោត​លើ​ការផលិត​ចំណី​ជ្រូក តាមរយៈ​ការជំរុញ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា ​ឱ្យ​កាន់តែ​រីកចម្រើន និង​ការប្រកួត​ប្រជែង​បន្ថែមទៀត​”។ លោកបន្ថែមថា “ក្នុង​ដំណាក់កាល​នេះ ​ក្រុមហ៊ុន​មិនមាន​គម្រោង​នាំ​ចេញ ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ទេ ដរាបណា​មិន​ទាន់​បំពេញ​តម្រូវការ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់”​។

អ្នកឧកញ៉ាបានបញ្ជាក់ថា​ ​ការបង្កើន​សមត្ថភាព​ផលិតកម្ម​ចំណី​សត្វ​នេះ ក៏​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​អាច​ធានា​បាន នូេះ​សន្តិសុខ​ស្បៀង​ដោយ​ខ្លួនឯង និង​មិន​ពឹង​ផ្អែកលើ​ការនាំ​ចូល​ពី​បរទេស។

ក្រៅពី​រោងចក្រ​នេះ បច្ចុប្បន្ន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏មាន​រោងចក្រ​មួយ​ ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​២០១៧ ដោយ​រោងចក្រ​នោះ​អាច​ផលិត​ចំណី​សត្វ​ (​ជ្រូក​) ​បាន​២០តោន​ក្នុង​១​ម៉ោង​។ រោងចក្រ​នេះ​ស្ថិត​លើ​ផ្ទៃដី១០​ហិកតា ស្ថិតនៅក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានឲ្យដឹងថា ក្នុង​១​ឆ្នាំ​ប្រទេស​កម្ពុជា​ បាន​ចំណាយ​ប្រាក់​ប្រមាណ១៨០លាន​ដុល្លារ ​លើ​ការនាំចូល​ចំណី​សត្វ​ពី​ក្រៅ​ប្រទេស​មក​បំពេញ​តម្រូវការ​ចំណី​សត្វ​នៅក្នុង​ស្រុក​៕

 

រដ្ឋាភិបាលចិនបង្ហាញវិធានការណ៍ថ្មីដើម្បីជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើប ឡើងវិញ

ដោយ: លាងហួរ

ប៉េកាំង: មន្ត្រី និងអ្នកជំនាញឧស្សាហកម្មបាននិយាយថា ប្រទេសចិនបានប្រកាសកាត់បន្ថយសមាមាត្រ តម្រូវការបំរុងប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារកាលពីថ្ងៃចន្ទ ទី៥ ខែកញ្ញាដែលជាវិធានការណ៍ថ្មី ដើម្បីជំរុញការគាំទ្រសម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

អ្នកជំនាញបាននិយាយថា គោលនយោបាយនេះ នឹងជំរុញទំនុកចិត្តទីផ្សារយ៉ាងខ្លាំង និងបង្កើនតម្រូវការក្នុងស្រុក ដោយស្តារឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនងើបឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដល់ប្រហែល៥ភាគរយនៅក្នុងត្រីមាសទី៣ និងទី៤។

ធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន ក៏បានប្រកាសផងដែរថា  ធនាគារនឹងកាត់បន្ថយសមាមាត្រ តម្រូវការបំរុងប្តូររូបិយប័ណ្ណបរទេស សម្រាប់ធនាគារពី៨ភាគរយ ទៅ៦ភាគរយនៅថ្ងៃទី១៥ខែកញ្ញា។ ចំណែកអត្រាប្តូរប្រាក់នៅក្នុងស្រុក និងក្រៅប្រទេសនៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារ បានកើនឡើងបន្ទាប់ពីការប្រកាសនេះ។

ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីអត្រាប្តូរប្រាក់ របស់ប្រាក់យ៉េនបានឈានដល់កម្រិតទាបរយៈពេលពីរឆ្នាំ ត្រឹម៦,៩៤យ័ន ធៀបនឹងប្រាក់ដុល្លារកាលពីថ្ងៃចន្ទ ខណៈដែលការរឹតបន្តឹងរូបិយវត្ថុ នៅសហរដ្ឋអាមេរិកបានធ្វើឱ្យប្រាក់ដុល្លារហក់ឡើងថ្លៃយ៉ាងខ្លាំង។

អ្នកជំនាញបានបន្ថែមថា ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រាក់យ័នមានស្ថេរភាព មិនត្រឹមតែជួយបង្កើនសាច់ប្រាក់ដុល្លារ នៅក្នុងទីផ្សារប្តូរប្រាក់បរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់សញ្ញាច្បាស់លាស់ថា អាជ្ញាធរចិនបានត្រៀមខ្លួន និងអាចផ្តល់ការគាំទ្រយ៉ាងច្រើន សម្រាប់រូបិយប័ណ្ណ និងសេដ្ឋកិច្ចរបស់ចិន។

លោក Liu Guoqiang ទេសាភិបាលរងនៃធនាគារប្រជាជនចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ប្រទេសចិនមានសមត្ថភាពរក្សាប្រាក់យ័ន ជាទូទៅឱ្យមានស្ថិរភាព ដោយបានប្តេជ្ញាថានឹងប្រើប្រាស់ឧបករណ៍ គោលនយោបាយឱ្យបានល្អ ដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងការងារ។

លោក Liu បាននិយាយថា ប្រទេសចិនអាចគ្រប់គ្រងបានផលប៉ះពាល់ ពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ របស់សហរដ្ឋអាមេរិក ដោយ​សារប្រទេសនេះ មានស្ថិរភាពរបស់ និងនិន្នាការកើនឡើងថ្មីៗនៅក្នុងសកម្មភាពសេដ្ឋកិច្ច ហើយប្រាក់យ័នបានឡើងថ្លៃ ធៀបនឹងរូបិយប័ណ្ណ មិន មែនដុល្លារសំខាន់ៗនៅឆ្នាំ២០២២នេះ៕

Naga3 កំពស់៧៥ជាន់នឹងក្លាយជាអាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ?

ដោយៈគង់ សូរិយា

       ភ្នំពេញៈ អគារមេនៃមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ ដែលរួមបញ្ចូលសណ្ឋាគារផ្កាយ៥ កាស៊ីណូ ខុនដូ និងអាផាតម៉ិនប្រណីត នឹងក្លាយជាអាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញនាពេលអនាគតឬយ៉ាងណា។

តាមព៌តមានផ្លូវការបានបង្ហាញថា ក្រុមហ៊ុននេះនឹងសាងសង់អាគារមេ ជាអាគារមួយក្នុងចំណោមអាគារទាំងបីរបស់ខ្លួន មានកំពស់រហូតដល់៧៥ជាន់ ស្មើនឹហងកំពស់សរុប៣៥៨ម៉ែត្រ ហើយបើគិតមកទល់ពេលនេះ ក្នុងចំណោមអាគារខ្ពស់ៗជាងគេនៅរាជធានីភ្នំពេញ គំរោងនេះនឹងមានកំពស់ខ្ពស់ជាងគេនៅទីក្រុងនេះ។

គម្រោងមជ្ឈមណ្ឌលណាហ្គា៣ (Naga3) ដែលជាមជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំ និងល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។

យោងតាមទិដ្ឋភាពជាក់ស្តែង គិតរហូតមកទល់ពេលនេះ សកម្មភាពនៅការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលណាហ្គា៣ ដែលផ្នែកគ្រឹះនៃគំរោងនេះមួយចំនួនបានបញ្ចប់គ្រឹះ និងបណ្តុះសរសរឡើងលើបណ្តើរៗហើយ។ គំរោងនេះបាននិងកំពុងបំពាក់គ្រឿងម៉ាស៊ីនធំៗ រាប់ចាប់ពីម៉ាស៊ីនដងស្ទួច រហូតម៉ាស៊ីនបុកគ្រឹះធំ បាននិងកំពុងដំណើរការក្នុងការសាងសង់។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា កាលពីខែមករាឆ្នាំមុនថា ក្រុមកម្មករ បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។

ក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ បានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

គម្រោង ដែលមានទំហំគិតជាទឹកប្រាក់ ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈ​មណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ​។

Naga3 នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០ ទៅលើមជ្ឈម ណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោងមានចំនួន៥០០,០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនាសម្រាប់គម្រោងនេះ នឹងសាងសង់ស្របតាមស្តង់ដារអន្តរជាតិ៕

ខេត្តនៃទិសពាយ័ព្យចំនួនពីរទទួលបានកោតសរសើរលើការអភិវឌ្ឍពីតំណាងទូតនៃប្រទេសចំនួន១៩

ដោយៈ សុផារី

ភ្នំពេញៈ ខេត្តនៅទិសពាយ័ព្យចំនួនពីររបស់ប្រទេសកម្ពុជា គឺខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានទទួលបានការកោតសរសើរ មិនដាច់ពីមាត់នូវការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ពីសំណាក់ប្រតិភូអង្គទូតនៃប្រទេសចំនួន១៩ ដែលមានប្រជាជនសរុបជាង១,៥ពាន់លាននាក់។

ការកោតសរសើរនេះធ្វើឡើង បន្ទាប់ពីបានចូលរួមដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គទូតបរទេស និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ខេត្តទាំងពីរ រយៈពេល៣ យប់៤ថ្ងៃ ដែលជាកិច្ចសហការរៀបចំរវាងស្ថានទូតកម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអន្តរក្រសួង/ស្ថាប័ន។

សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងនាមប្រធានប្រតិភូអង្គទូត និងស្ថានទូតបរទេស នៅក្នុងប្រទេសថៃ លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា។

លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចលើកនេះ ដែលបានផ្ដល់ឱកាសជូនអង្គទូតចូលរួមទាំងអស់ អាចស្វែងយល់ពីសក្តានុពល និងសមិទ្ធផល នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប គោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រវត្តិរឿងរ៉ាវទាក់ទងនឹងតំបន់ឧទ្យានបុរាណអង្គរ និងការទទួលទានមុខម្ហូបដ៏ឆ្ងាញ់ ដែលចំអិនចេញពីសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor” ដែលផ្តួចផ្តើមរៀបចំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈដំណើរទស្សនកិច្ចនេះ ដោយសារអង្គទូតនៃប្រទេសនីមួយៗ នឹងរាយការ​ណ៍​ពីរឿងរ៉ាវល្អៗ ដែលបានជួបប្រទះនៅក្នុងខេត្តទាំងពីរ ជូនរដ្ឋាភិបាល និងប្រជាជនរបស់គាត់ ក៏ដូចជាប្រាប់ followers រាប់លាននាក់ នៅក្នុងកម្មវិធីបណ្តាញសង្គម ហើយនៅពេលពួកគាត់ Post រូបភាពស្អាតៗពីទឹកដីប្រទេសកម្ពុជា វានឹងអន្ទងចិត្តប្រជាជន និង Fans របស់គាត់ ឱ្យចង់ធ្វើដំណើរចូលមកកម្សាន្តផ្ទាល់ ដើម្បីស្វែងយល់ពីការពិតបន្ថែម៕

ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa គ្រោងបង្ហាញផែនការកែប្រែ បំណុលនៅឯនាយសមុទ្រ

ដោយ: លាងហួរ

ហុងកុង:មនុស្សពីរនាក់ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានប្រាប់រ៉យទ័រថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Kaisa Group គ្រោងបញ្ចប់សំណើរៀបចំរចនាសម្ព័ន្ធបំណុល នៅក្រៅប្រទេសក្នុងត្រីមាសទី៤ក្រោយពីសមាជបក្ស របស់ប្រទេសចិនគ្រោងធ្វើឡើងក្នុងខែតុលា។

ក្រុមហ៊ុន Kaisa កំពុងធ្វើការរៀបចំរចនាសម្ព័ន្ធបំណុល នៅឯនាយសមុទ្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានខកខានសងបំណុល មួយចំនួនកាលពីឆ្នាំមុន។

ជាមួយនឹងបំណុលក្រៅប្រទេស ទំហំ១២ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Kaisa គឺជាអ្នកបោះពុម្ពបំណុលក្រៅប្រទេស ដ៏ធំបំផុតរបស់ប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន China Evergrande Group។

ក្រុមហ៊ុន Kaisa បានពិភាក្សាជាមួយម្ចាស់បំណុលរបស់ខ្លួន ដើម្បីរៀបចំផែនការរចនាសម្ព័ន្ធឡើងវិញ ចាប់តាំងពីចុងឆ្នាំមុន ហើយនេះនឹងក្លាយជាលើកដំបូងដែលក្រុមហ៊ុន នឹងដាក់ផែនការដល់ម្ចាស់បំណុល។

មនុស្សជាច្រើនបាននិយាយថា ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងស្នើឱ្យសងប្រាក់ដើមបំណុលជាប្រាក់ដុល្លារ។ មនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា Kaisa គ្រោងនឹងស្នើផ្លាស់ប្តូរបំណុលរបស់ខ្លួនទៅជាភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

បុគ្គលនេះបានបន្តថា Kaisa គ្រោងចាប់ផ្តើមការចរចាជាមួយក្រុមម្ចាស់បំណុលនៅឯនាយសមុទ្រ ដែលតំណាងដោយធនាគារវិនិយោគ Moelis & Company នៅចុងខែកញ្ញា ដែលក្នុងនោះការពិភាក្សានឹងផ្តោតលើក្របខ័ណ្ឌសម្រាប់ផែនការ ដោយព័ត៌មានលម្អិតភាគច្រើននឹងត្រូវសម្រេ​ចនៅពេលក្រោយ។

ក្រុមហ៊ុន Kaisa បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ ចំណែក Moelis ក៏មិន បាន ឆ្លើយ តប នឹង សំណើ សុំ ការ អត្ថាធិប្បាយ នោះដែរ៕

ការរីកចម្រើនវិស័យសំណង់នៅកម្ពុជាបានទាក់ទាញក្រុមហ៊ុនអន្តរជាតិឈានជើងចូលមកកាន់ទីផ្សារនេះជាបន្តបន្ទាប់

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ កំនើននៃការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិ កាន់តែច្រើនឈានជើងមកកាន់ទីផ្សារកម្ពុជា ដើម្បីពង្រឹងគុណភាព​ និងផ្តល់សេវាកម្មដល់វិស័យនេះ។

កំណើននៃអាគារសំណង់ទាំងនេះ បានធ្វើឱ្យតម្រូវការសេវាគ្រប់គ្រងអចលនទ្រព្យកាន់តែមានកំណើន សម្រាប់ក្នុងប្រទេសកម្ពុជាសេវាកម្មនេះ នៅមានកង្វះខាតនៅឡើយ ហើយក៏បានក្លាយជាឱកាសល្អ សម្រាប់ក្រុមហ៊ុនគ្រប់​គ្រងអចលនទ្រព្យ។

នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chestertons Cambodia កញ្ញា​សាម ចាន់ធូបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើននៃសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតម៉ិន នៅក្នុងប្រទេសបានធ្វើឱ្យតម្រូវការ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយក៏មានក្រុមហ៊ុនបង្កើតឡើងក្នុងប្រទេ​សកម្ពុជាជាច្រើន បានលេចរូបរាងជាបន្តបន្ទាប់ផងដែរ ប៉ុន្តែវាមិនទាន់បំពេញទៅតាមតម្រូវការនៅឡើយទេ ។

កញ្ញាបន្តថា “ទោះបីជាមានក្រុមហ៊ុនបង្កើតឡើង និងផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានច្រើនក្ដី ប៉ុន្តែបើក្រលេកទៅមើលក្រុមហ៊ុនដែលស្ដង់ដារ មានបទពិសោធន៍ច្បាស់លាស់លើការគ្រប់គ្រងសេវាកម្មអចលនទ្រព្យនៅមានកម្រិត”។ កញ្ញាបន្ថែមថា “ដូច្នេះហើយទើបក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនChestertons បាននាំចូលក្រុមហ៊ុននេះមកកាន់ប្រទេសកម្ពុជា ដើម្បីផ្ដល់សេវាកម្មជូនម្ចាស់ទ្រព្យ”។

ក្រុមហ៊ុនChestertons  មានប្រវត្តិធ្វើអាជីវកម្មលើពិភពលោកនេះជាង២០០ឆ្នាំមកហើយ ដូច្នេះតាមរយៈបទពិសោធន៍កន្លងមក ក្រុមហ៊ុនយើងនឹងនាំសេវាកម្មដ៏ល្អ មកកាន់ប្រទេសកម្ពុជា សម្រាប់ផ្ដល់ជូនអតិថិជន ដែលជាម្ចាស់ទ្រព្យ។

កញ្ញាសាម ចន្ឋូបានបន្ថែមថា សេវាកម្មគ្រប់គ្រងអចលនទ្រព្យពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់ទ្រព្យ ពីព្រោះអ្នកអភិវឌ្ឍន៍ខ្លះគាត់ចេះអភិវឌ្ឍន៍ ប៉ុន្តែបច្ចេកទេសក្នុងការថែទាំងទ្រព្យ របស់គាត់គឺគាត់មិនមានបទពិសោធន៍ និងអាចគ្រប់គ្រងបានល្អនោះទេ។ ដូច្នេះគាត់ត្រូវការអ្នកដែលមានបទពិសោធន៍ បច្ចេកទេសក្នុងការគ្រប់គ្រង មកជួយគ្រប់គ្រងទ្រព្យជំនួសគាត់។

កញ្ញាបន្ថែមទៀតថា “ការជ្រើសរើសក្រុមហ៊ុន ដែលផ្ដល់សេវាកម្មថែទាំបានត្រឹមត្រូវ នឹងជួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កាន់តែទទួលបានជោគជ័យ”។

ឧទាហរណ៍ថា ក្រុមហ៊ុនមួយអភិវឌ្ឍន៍អគារខុនដូ ហើយជួលក្រុមហ៊ុនថែរទាំអចលនទ្រព្យដែលមានពិសោធន៍ គឺគាត់លែងពិបាកក្នុងការជួលបុគ្គ​លិកដែលមិនមានជំនាញមកថែទាំ ដូច្នេះគាត់បង់តែលុយឱ្យក្រុមហ៊ុនផ្ដល់សេវាកម្ម ហើយគាត់អាចទៅអភិវឌ្ឍន៍កន្លែងផ្សេងទៀត និងកាន់តែទទួលបានជោគជ័យ ដោយសារតែអតិថិជន ដែលទិញខុនដូនោះហើយពេញជាមួយនឹងការថែរទាំ ឬបច្ចេកទេសក្នុងការប្រើប្រាស់នានា និងផ្សព្វផ្សាយបន្តបន្ទាប់៕

កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃ៣លានដុល្លារអាមេរិកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ

ដោយ៖ សុផារី

កំពង់ស្ពឺ៖ កីឡដ្ឋានខេត្តកំពង់ស្ពឹ ដែលមានតម្លៃ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយចំណាយថវិកាជាង៣លានដុល្លារ។

កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាងសង់លើផ្ទៃដីជាង៤ហិកតា ដែលជាកីឡដ្ឋានមានលក្ខណៈស្ដង់ដារ អាចទទួលរៀបចំការប្រកួតក្នុងប្រទេស និងកម្រិតតំបន់បាន។

កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ ក្នុងដំណាក់កាលទី១ នៃការសាងសង់ បានបញ្ចប់ការសាងសង់ ដោយមានកន្លែងអង្គុយចំនួន៣០០០កៅអី និងទីតាំងសម្រាប់ភ្ញៀវ VIP ផងដែរ៕