ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ចិនបានបញ្ចប់ការរភ្ជាប់ទីក្រុង Fuzhou ជាមួយ Xiamen ក្នុងខេត្ត Fujian

ដោយ: លាងហួរ

ចិន: ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេនៅក្នុងប្រទេសចិន ត្រូវបានបញ្ជប់ការកសាងផ្លូវដែកប្រវែង៥០០ម៉ែត្រ ដែលនៅសល់ ពីស្ថានីយ៍ Xiamen North ក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន ទៅកាន់ទីក្រុង Fuzhou កាលពីថ្ងៃអង្គារ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Global Time នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២២ បានបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿន Fuzhou-Xiamen នឹងជំរុញការអភិវឌ្ឍន៍នៃក្រុមទីក្រុងនៅ Fujian តាមរយៈការកាត់បន្ថយពេលវេលាធ្វើដំណើរ ហើយក៏ជាផ្នែកមួយដ៏សំខាន់នៃបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន ដែលជាប្លង់មេផ្លូវដែករយៈពេលមធ្យម  និងរយៈពេលវែងថ្នាក់ជាតិផងដែរ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថា ដោយប្រើប្រាស់គ្រឿងចក្រទំនើបៗ កម្មករអាចដាក់ផ្លូវដែកទាំងពីរក្នុងពេលដំណាលគ្នា ដែលមានប្រសិទ្ធភាពជិតទ្វេដង ជាមួយនឹងផ្លូវដែកប្រហែល៦គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។

រថភ្លើងល្បឿនលឿនប្រវែង២៧៧,៤គីឡូម៉ែត្រនឹងឆ្លងកាត់ឈូងសមុទ្រចំនួន៣ ហើយមានស្ថានីយចំនួនប្រាំបី និងមានល្បឿនកំណត់៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ពេលវេលាធ្វើដំណើរពី Fuzhou ទៅកាន់ទីក្រុងទេសចរណ៍ Xiamen នឹងត្រូវបានកាត់បន្ថយមកត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ គម្រោងទាំងមូលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៣។

យោងតាមកាសែតក្នុងស្រុក Quanzhou Evening Paper បានរាយការណ៍ថា ស្ថានីយចំនួនបីនៅក្នុងទីក្រុង Quanzhou នៃខេត្តFujian តាមបណ្តោយផ្លូវរថភ្លើង ត្រូវបានគេរំពឹងថា នឹងបំពេញតាមស្តង់ដារនៅក្នុងខែធ្នូនេះ។

នៅក្នុងខែវិច្ឆិកា ស្ពានថ្មីមួយនៅលើផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រត្រូវបានចូលរួម ដែលបង្ហាញពីការអភិវឌ្ឍន៍ដ៏សំខាន់នៃគម្រោងនេះ។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ខ្សែរថភ្លើងថ្មីប្រវែង២០៤៣,៥គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសចិន នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co.។

ក្រសួងដឹកជញ្ជូនប្រទេសចិនគ្រោងនឹងដាក់ឱ្យដំណើរការផ្លូវរថភ្លើងថ្មី ដែលមានប្រវែងសរុប៣៣០០គីឡូម៉ែត្រ នៅឆ្នាំនេះ។ នៅចុងឆ្នាំ២០២១ ប្រវែងប្រតិបត្តិការនៃការតភ្ជាប់ផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិនបានកើនឡើង លើសពី៤ម៉ឺននគីឡូម៉ែត្ររួចទៅហើយ៕

ដំណឹងល្អ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកធំមួយរបស់នឹងធ្វើការហោះហើរត្រង់មកកម្ពុជាចាប់ពីខែតុលាឆ្នាំនេះ

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Fedex គ្រោងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២ នេះ។

នេះជាការលើកឡើងរបស់លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Wallace K.Hsueh និងលោកស្រី Audrey Cheong អគ្គនាយករងក្រុមហ៊ុន Fedex នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីបរិយាកាសធុរកិច្ច និងសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា រួមកមាន ការកសាងលិខិតបទដ្ឋានគតិយុត្ត និងការបើកច្រកទីផ្សារថ្មីៗបន្ថែមទៀតរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

លោករដ្ឋលេខាធិការ បន្តថា ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មកម្ពុជា មានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានការកើនឡើងនៅឆមាសទី១ នៃឆ្នាំ២០២២ ចំនួន៦១,៥៤% បើធៀបនឹងឆមាសទី១នៃឆ្នាំ២០២១។

តំណាងក្រុមហ៊ុន Fedex បានថ្លែងកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានសហការល្អ នាពេលកន្លងមក ជាពិសេសក្នុងការជួយសម្របសម្រួលការងារនានា រហូតដល់ក្រុមហ៊ុនអាចចាប់ផ្ដើមការហោះហើរត្រង់ មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២ នេះតទៅ៕

សម្ដេចតេជោអំពាវនាវឱ្យប្រជាជនចាកចេញពីចម្ការលោក ខឹម វាសនា និងបញ្ជាឱ្យអាជ្ញាធរត្រៀមមធ្យោបាយដឹកជញ្ជូនប្រជាជនត្រលប់ទៅខេត្តវិញ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាជនចាកចេញពីចម្ការលោក ខឹម វាសនា និងបានដាក់បញ្ជាដល់អភិបាលខេត្តសៀមរាប លោក ទៀ សីហា ឱ្យត្រៀមមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋ ដែលចាញ់បោកលោក ខឹម វាសនា ហើយគ្មានលទ្ធភាពត្រលប់ទៅខេត្តរបស់ពួកគេវិញ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចបានលើកឡើងអំពីវិធានការបិទចម្ការរបស់ លោក ខឹម វាសនា ដែលអាចចេញបានតែចូលមិនបាន ដោយបានថ្លែងថា “ខ្ញុំក៏អំពាវនាវឱ្យពលរដ្ឋនាំគ្នាដើរចេញមក មានឡានចាំដឹក ហើយក៏មានបាយជូនផងដែរ ព្រោះនៅទីនេះចេញបានតែចូលមិនបាន នេះជាបទបញ្ជាសម្រាប់ការអនុវត្ត របស់អាជ្ញាធរនៅទីនោះ ចេញបានតែចូលមិនបាន អញ្ចឹងតើអាចរស់បានប៉ុន្មានថ្ងៃទៀត ព្រឹកនេះបានដឹងហើយថា មានអ្នកចង់ចេញ ប៉ុន្តែមនុស្សជំនិតរបស់ ខឹម វាសនា បានហាមឃាត់គេ មិនឱ្យចេញ”។

សម្តេចតេជោបន្តថា “ប៉ុន្តែខ្ញុំចង់តាំងជាសំណួរថា មានស្បៀងចំនួនប៉ុន្មានសម្រាប់ការតាំងនៅដីនោះ មានទឹកគ្រប់គ្រាន់ទេ មានបង្គន់គ្រប់គ្រាន់ទេ ហើយបើសិនជាឈឺមានពេទ្យគ្រប់គ្រាន់ទេ ជាពិសេសសម័យនេះកូវីដថែមទៀត”។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសន្និដ្ឋានថា លោក ខឹម វាសនា “សរសៃប្រសាទ ឬមិនគ្រប់ទឹក” គឺជារឿងប្រមាថមួយ។ ទោះជាយ៉ាងណា សម្តេចបានមើលឃើញថា អ្វីដែល លោក ខឹម វាសនា យកមកធ្វើនយោបាយនាពេលនេះ នឹងធ្វើឱ្យអ្នកគាំទ្រគាត់បាត់ជំនឿតែម្តង។

សម្តេចបញ្ជាក់ថា “មួយចាននេះគាត់លេងដោយយករឿងរ៉ាវ អបិយជំនឿយកមកដាក់បែបនេះ គាត់នឹងចាញ់ នោះប្រសិនបើអត់មានអ្វីកើតឡើងដូចគាត់គិត គាត់និយាយថា “ពិភពលោកនឹងស្លាប់ ដោយសារស៊ូណាមិ ដោយសាររញ្ជួយដី ដោយសារស្អីៗ” វាអត់កើតដូចអញ្ចឹងមែន គឺបានសេចក្តីថា មនុស្សដែលធ្លាប់ជឿ ឬនៅមានសមានចិត្តខ្លះជាមួយខឹម វាសនា ឬអ្នកដែលជឿខឹមវាសនា អាចនឹងត្រូវចប់ ព្រោះ គាត់និយាយអត់ពិត”។

នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿង និងទី២ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯក៕

សម្ដេចតេជោ៖ ការដកដំណែងអភិបាលក្រុងតាខ្មៅដោយសារមិនមើលផ្លូវ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់លើការដកដំណែងរបស់អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមូលហេតុមិនបានយកចិត្តទុកដាក់មើលប្រព័ន្ធផ្លូវថ្នល់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា “ខ្ញុំនឹងរង់ចាំមើលថាតើចៅហ្វាយខេត្តមួយណា ដែលនឹងធ្វើឱ្យព្រែកហូរ ត្រូវបានចាក់បេតុងឲ្យបានច្រើនជាងហ្នឹង។ ស៊ីចៅហ្វាយខេត្តច្រើននោះច្រើន ប៉ុន្តែគ្មានចៅហ្វាយខេត្តណាធ្វើឲ្យបានល្អទេ”។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើការងារ ដែលមានចំនួនច្រើននៅមូលដ្ឋាន សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំធ្វើវិសោធនកម្មច្បាប់ បង្កើនអាសនៈឲ្យថ្នាក់ដឹកនាំរាជធានីខេត្ត និងក្រុងស្រុកខណ្ឌ ដោយសង្កត់ធ្ងន់ថា “ការផ្ទេរនេះគឺមិនមែនដើម្បីឲ្យមន្រ្តីអង្គុយជុំនំគ្នាលេងអុកនោះទេ”។

សម្តេចសង្កាត់ធ្ងន់ទៀតថា នៅក្នុងថ្ងៃដែលចៅហ្វាយក្រុងតាខ្មៅត្រូវបានដកហូតដំណែង អតីតចៅហ្វាយក្រុងតាខ្មៅរូបនោះ មិនបានមានវត្តមាននៅក្នុងការដ្ឋានជុសជុលផ្លូវឡើយ។

សម្តេចក៏បានបញ្ជាក់ថា ការជួសជុលផ្លូវថ្នល់ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជារាជធានីខេត្តនានា មិនចាំបាច់រង់ចាំការដោះស្រាយពីក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ តែសម្តេចបញ្ហាឲ្យអភិបាលខណ្ឌយកចិត្តទុកដាក់មើលផ្លូវថ្នល់បន្ថែមទៀត។

សម្តេចបន្តថា “កុំបញ្ចាំគ្នា ឬគ្រាន់តែផ្លូវប៉ុណ្ណឹង ចាំក្រសួងសាធារណការមកធ្វើដែរ។ […] ផ្លូវកាន់តែច្រើន តម្រូវការជុសជុលកាន់តែច្រើន ផ្លូវកាន់តែវែង ការជួសជុលកាន់តែច្រើន ត្រូវតែមានការទទួលខុសត្រូវលើការថែទាំវា”៕

សម្ដេចតេជោបញ្ជាក់ថាសម្តេចមិនចូលអន្ទាក់របស់លោក ខឹម វាសនាដែលចង់ឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងឡើយ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមិនចូលអន្ទាក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឡើយ ដោយសម្តេចដឹងថា អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំង ដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា “ឥឡូវខ្ញុំគួរតែនិយាយទៅកាន់ឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ក៏ដូចជាបងប្អូនអ្នកដែលគាំទ្រខ្ញុំ ដែលយប់មិញនេះ បានបង្ហាញពីកំហឹងពុះកញ្ជ្រោលអំពីសារដ៏ធ្ងន់ធ្ងរ ដែលឯកឧត្ដម ខឹម វាសនា បានធ្វើការប្រមាថចំពោះខ្ញុំ ជេរគ្រប់សព្វរហូតអាខ្វាក់”។

សម្តេចបន្តថា “ជាបន្ទាន់ខ្ញុំបានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្ដង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឲ្យសោះ”។

សម្ដេចតេជោ បានបន្ថែមថា “សូមកុំមើលមួយជ្រុង បងប្អូនយើងមើលមួយជ្រុង វាយមកខ្ញុំ តាម Whats app ផង តាម Telegram ផងថា ទ្រាំមិនបានទេ ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំ។ ធ្វើនយោបាយ កុំមើលតែជ្រុងតែម្ខាង ត្រូវមើលព្រៃទាំងមូល កុំមើលតែឈើមួយដើម”៕

សម្តេចតេជោ៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដីជាជម្រើសនៃការធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញនាពេលអនាគត

ដោយ៖ សុផារី

ភ្នំពេញ៖ នៅពេលអនាគត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដី គឺជាជម្រើសនៃការធ្វើដំណើរ និងការដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ជាជាងការប្រើប្រាស់នូវស្ពានអាកាស ឬរទេះភ្លើងលើអាកាស ដែលបច្ចុប្បន្ននេះ គម្រោងអនាគតនេះ ក្រុមការងារចៃកាបាននិងកំពុងសិក្សា។ ប៉ុន្តែវិធីដោះស្រាយល្អបំផុតនាពេលបច្ចុប្បន្ននេះ គឺសាងសង់ស្ពានអាកាសបន្ថែមទៀតសិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនេះបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែម ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចបានថ្លែងថា “តម្រូវការនៃការធ្វើផ្លូវក្រោមដី គឺត្រូវធ្វើហើយ ហើយទីក្រុងភ្នំពេញលទ្ធផល ដែលមានពិតប្រាកដ មិនមែនស្ពានអាកាស រទេះភ្លើងលើអាកាស ដូចដែលមុននេះ JICA បានសិក្សា។ យើងបានចរចារជាមួយជប៉ុន ដែលគ្រោងតែនឹងជួយ ក៏ប៉ុន្តែប្រសិនបើយើងយកលុយ១៨០០លានដុល្លារ យកមកធ្វើរទេះភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ វាវេទនាណាស់ ចឹងជម្រើសថ្ងៃក្រោយមានតែរទេះភ្លើងក្រោមដីវិញទេ”។

សម្តេចបានបន្តថា “រទេះភ្លើងក្រោយដីវាអាចភ្ជាប់គ្នាទីក្រុងភ្នំពេញ ខេត្តកណ្តាល ភ្ជាប់គ្នានៅទីក្រុងភ្នំពេញ នៅខាងក្រោមនេះ”។

សម្តេចតេជោបានបញ្ជាក់ឱ្យដឹងថា សម្តេចធ្លាប់បានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយធ្វើការប្រៀបធៀបមកកាន់ប្រទេសកម្ពុជា ក្នុងគម្រោងសាងសង់រទេះភ្លើងនៅលើអាកាស ប៉ុន្តែតម្រូវការក្នុងការចំណាយលើគម្រោងសាងសង់ស្ពាននានានៅតាមជនបទក៏មានសារៈសំខាន់ ដែលធ្វើឱ្យវិធីដោះស្រាយនាពេលបច្ចុប្បន្ននេះ គឺសាងសង់ស្ពានអាកាសបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរចារណ៍។

សម្តេចថ្លែងថា “ប្រសិនបើតម្លៃត្រឹមតែជិត២ពាន់លាន ហើយបំផុតត្រឹម១៨០០លានដុល្លារ យកមកប្រើត្រឹមតែក្រុងភ្នំពេញមួយ វាអសមភាព ដែលជាការប្រើប្រាស់ធនធានច្រើនជ្រុលក្នុងទីក្រុងភ្នំពេញ ក្នុងពេលដែលជនបទ មានតម្រូវការស្ពានឆ្លងទន្លេយ៉ាងច្រើន។ វិធីដោះស្រាយនាពេលបច្ចុប្បន្ននេះ គឺសាងសង់ស្ពានអាកាសបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរចារណ៍”។

សម្តេចបានមានបញ្ជាក់ថា នៅក្នងទីក្រុងភ្នំពេញ មានតម្រូវការចាំបាច់ស្ពានដល់ទៅ៣ទៀត គឺពីភ្នំពេញទៅស្វាយជ្រុំ ស្ពានពីក្តីតាកុយឆ្លងទៅត្រើយម្ខាងទៀត និងស្ពានមួយទៀត គឺនៅម្តុំព្រែកប្រា ដែលស្ពានទាំង៣នេះ នឹងជួយកាត់បន្ថយការស្ទះចរាចរណ៍៕

សម្តេចតេជោៈរាជធានីភ្នំពេញត្រូវការសាងសង់ស្ពានចំនួនបីទៀត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជធានីភ្នំពេញ មានតម្រូវការសាងសង់ស្ពាន ចំនួនបីបន្ថែមទៀត ខណៈស្ពានកម្ពុជា កូរ៉េកំពុងចចារនិងជម្រើស។

សម្តេចបន្តថា សម្តេចសង្ឃឹមថា ភាគីកូរ៉េនឹងយកចិត្តទុកដាក់លើការ​ងារនេះ ដើម្បីឲ្យស្ពានមិត្តភាពកម្ពុជា កូរ៉េបានសាងសង់នាពេលខាងមុខ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានបន្តថា ស្ពានមួយទៀតកំពុងសស្ថិតក្នុងការសិក្សា គឺស្ពានក្តីតាកុយ ដែលហេតុនេះទើបលោកទេស​រដ្ឋមន្រ្តីស៊ុន ចាន់ថុលត្រូវបានដាក់ចេញបទបញ្ជា ឲ្យចចាជាមួយមិត្ត ចិន។

សម្តេចបន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលនឹងសាងសង់ស្ពានព្រែកប្រា ដែលមានប្រវែង៨៤៥ម៉ែត្រ និងគ្រោងសាងសង់ជាបួនគន្លង ពីរទៅពីរមក ស្ពានព្រែកប្រា ដែលមានតម្លៃ៦៥លានដុល្លារ ដែលកំពុងស្ថិតក្នុងការចចា ហើយបើមិត្តចិនយល់ព្រម ការដ្ឋាននេះនឹងសាងសង់នៅឆ្នាំក្រោយ៕

សម្តេចតេជោៈ រដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯម ក្នុង ខេត្តកណ្តាល

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា សម្តេចបាននិងកំពុងឲ្យសិក្សាបង្កើតក្រុងល្វាឯម ខេត្តកណ្តាល។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរ នាព្រឹកថ្ងៃទី៣១សីហានេះ។

សម្តេចតេជោបានបន្តថា សម្តេចបានប្រាប់សម្តេច ក្រឡាហោមស ខេងថា ទីក្រុងល្វាឯម មិនកាត់ចូល ឬស្ថិតក្រោមចំណុះរាជធានីភ្នំពេញទេ ប៉ុន្តែក្រុងល្វាឯម នឹងស្ថិតក្រោមចំណុះខេត្តកណ្តាល ដើម្បីខេត្តនេះមានមូល    ដ្ឋានពន្ឋរបស់ខ្លួន គឺមានក្រុងតាខ្មៅ និងក្រុងល្វាឯម៕

អ្នកឌីសាញជាតិ អន្តរជាតិកំពុងសិក្សាស្វែងរកចម្លើយនានាទាក់ទងនឹងប្រាសាទសម្បូរព្រៃគុក

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមអ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏ល្បី​ល្បាញ ​សញ្ជាតិ​ជប៉ុន​​៣រូប​​​ និង​​​អ្នក​ឌីហ្សាញ​អន្តរ​ជាតិ​ចំនួន​៦នាក់ ដែល​មក​ពី​ប្រទេស​ឥណ្ឌា ថៃ ហ្វីលីពីន និង​ជប៉ុន បាន​សហ​ការគ្នា​​ជាមួយ​នឹងក្រុម​អ្នក​ច្នៃ​ប្រឌិត​​ក្នុង​ស្រុក​៤ នាក់ នៅ​រាជ​ធានីភ្នំ​ពេញ ដើម្បី​ស្វែង​រក​ចម្លើយ​នានា នៅប្រាសាទ​​បុរាណ​សំបូរ​ព្រៃគុក ដែល​ស្ថិតក្នុង​ខេត្ត​កំពង់​ធំ​។

គម្រោងDOOR to ASIA (DTA) គឺ​ជា​អ្នក​​ឌីហ្សាញ​ក្នុង​កម្មវិធី​និវេសនដ្ឋាន ដែល​តម្រូវ​ឱ្យក្រុម​អ្នក​ឌីហ្សាញទាំង​អស់​ ​មក​ពី​​ប្រទេស​ក្នុង​តំបន់​អាស៊ី​​ ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅក្នុង​សហគមន៍​មួយក្នុង​​​១​រយៈពេល​ ដើម្បី​បង្កើត “ទំនាក់ទំនង”​ សម្រាប់​ក្រុមហ៊ុន​​ក្នុង​ស្រុក តាមរយៈ​ការ​ប្រើប្រាស់​ថាម​ពល​នៃ​ភាព​ច្នៃ​ប្រឌិត ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​។​

ក្រុម​ការ​ងារ​មួយនេះ បាន​និង​កំពុង​តែ​​ធ្វើការ​នៅ​តំបន់​ជុំ​វិញ ប្រាសាទ​សំបូរ​ព្រៃគុក ចាប់​តាំង​ពី​សប្តាហ៍​ទី​១ នៃ​ខែ​កក្កដា ដោយ​ពួកគេ​បាន​ធ្វើការ​ងារ​ចាប់​ពី​សហ​គមន៍​ជន​ជាតិភាគ​តិច​កួយ រហូត​ដល់​សិប្បករ​ក្នុង​តំបន់ ក៏ដូច​ជា​ការ​ងារ​សង្គម​ជាច្រើន​ផ្សេង​ទៀត​។

ក្រុម​ការ​ងារ Door to Asia កំពុង​តែ​ព្យា​យាម​​ធ្វើការ​​ងារ ​ដើម្បី​ធ្វើ​​​យ៉ាង​ណា ​ឱ្យ​មានការ​រក្សា​ការ​បើក​ចំហទ្វារ​ជានិច្ច ​ទៅកាន់​ខេត្ត​កំពង់​ធំ​។

នៅ​​ពាក់​កណ្តាល​ខែ​កញ្ញា ក្រុម​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ក្នុងស្រុក នឹង​វិល​ទៅកាន់​ខេត្ត​កំពង់​ធំ​វិញ ដើម្បី​រៀប​ចំ​សិក្ខា​សាលា​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​។ កាលពីមុន ពួក​គេ​បានធ្វើ​បទ​បង្ហាញ​រួច​រាល់ហើយ ប៉ុន្តែនៅ​ពេល​នេះ ពួកគេ​នឹង​​រក​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅមុខ​ ១ ​កម្រិត​ទៀត​​។

អ្នក​ស្រី Mai Yoshikawa ​​អ្នក​រៀប​ចំ​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀប​ចំ​សញ្ជាតិ​ជប៉ុន​ទាំង​៣នាក់ ដែល​កំពុង​តែ​ដឹក​នាំ​គម្រោង​នេះ បានមានប្រសា​សន៍ឲ្យដឹងថា ដោយមាន​គោល​បំណង​ក្នុងការ​ផ្សារ​ភ្ជាប់​ទីក្រុង និង​អ្នក​ភូមិ អាហារ និង​ដែន​ដី ពល​រដ្ឋ និង​ពេល​រដ្ឋ យើង​កំពុង​តែ​រៀប​ចំ​ផែន​ការ​​​វិល​ទៅកាន់​ខេត្ត​កំពង់​ធំ ដើម្បី​បន្ត​ការ​ងារ​របស់​យើង​។ កាលពី​មុន យើង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កំពង់​ធំ ហើយ​សមា​ជិក​ម្នាក់​ៗ បាន​បង្កើត​​ការ​ច្នៃ​ប្រឌិត​ជាច្រើន ដើម្បី​ធ្វើ​ជា​ដំណោះស្រាយ​​មួយ ​ទៅ​លើ​ប្រធាន​បទ​ដែលត្រូវ​បាន​កំណត់​។

អ្នកស្រីបន្តថា “នៅពេល​នេះ យើង​នឹង​ទៅ​ពិនិត្យមើល​​ពី​របៀប​ដែលយើង​អាច​ប្រើប្រាស់​សម្ភារៈ ​ដែល​ត្រូវ​បាន​ច្នៃ​ប្រឌិតរួចហើយ​​ ដើម្បី​​បង្កើតឱ្យ​មាន​ឥទ្ធិ​ពល​បន្ថែមទៀត​”។

អ្នក​ស្រី​បាន​ប្រាប់​បន្ត​ថា បច្ចុប្បន្ន នៅកម្ពុជាយើង​បង្កើត​សំណួ​រ ១​ ដែល​សួរ​ថា “តើ​អ្វី​ខ្លះ​ដែល​សំខាន់​សម្រាប់​យើង​ ក្នុងការ​រស់​នៅក្នុង​ពិភព​លោក​នេះ?”។

អ្នកស្រីបន្តថា អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ១៩ មនុស្ស​ជាច្រើន​មាន​សំណួ​រ​ដូចគ្នា ហើយ​​​ខ្ញុំ​ជឿជាក់​យ៉ាង​មុត​មាំ​ថា ចម្លើយ​ទៅនឹង​សំណួរ​នេះ គឺស្ថិតក្នុង​ខេត្ត​​កំពង់​ធំ​តែម្តង​​។ ហេតុនេះ យើង​បាន​អញ្ជើញ​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ទាំងក្នុង​ស្រុក និង​នៅ​អាស៊ី មក​ប្រមូល​ផ្តុំ​គ្នានៅ​កំពង់​ធំ សម្រាប់​រយៈពេល​ ១ ​សប្តាហ៍ ដើម្បី​ស្វែង​រក​ចម្លើយ​រួម​គ្នា​ កាលពី​ដើម​ខែកក្កដា”​។

ប្រធាន​បទ​​ចំនួន៤សំខាន់​ៗ ដែលត្រូវ​ផ្តោត​​អារម្មណ៍​ គឺ​ទី១ កសិ​កម្ម និង​​ចំណី​អាហារ ដែល​សំដៅ​លើ​​ការ​បន្ត​រស់​នៅ​លើ​ទឹក​ដីនេះ។ ទី​២ ស្មារតី និង​ដួង​ព្រលឹង សំដៅលើ​ការ​រស់​នៅ​ជាមួយនឹង​រឿង​រ៉ាវ​នៃ​ដែន​ដីនេះ។ ទី​៣ លំនៅឋាន និងទស្ស​នីយភាព សំដៅលើ​ដួង​ព្រលឹង​ ដែលស្ថិតនៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​ប្រធាន​បទទី​៤ ផ្តោត​លើ​ទី​ប្រជុំ​ជន និង​ទំនាក់ទំនង ដែល​សំដៅ​លើ​ការផ្សារ​ភ្ជាប់​រឿង​រ៉ាវ​នៃ​ទីប្រជុំ​ជន​នេះ​។

អ្នក​ឌីហ្សាញ និង​សិល្បករ​ក្នុង​ស្រុក​ ៤ នាក់ ដែល​រួម​មាន​លោក ប៉ែន ឧត្តម អ្នក​ឌីហ្សាញ​ធ្លាប់​ធ្វើ​ការ​​នៅ​សាលា​ វប្បធម៌ ដែល​ជា​សិល្បៈ​ប្រពៃណីខ្មែរនៅ​ខេត្តកំពត លោក​ធ្យូ មនោ​រម្យ សហ​គ្រិនCompost City​លោក Miguel Jeronimo អ្នក​ថត​រូប​សញ្ជាតិ​ព័​ទុយ​ហ្គាល់រស់​នៅ​ភ្នំ​ពេញ និង​អ្នក​ស្រី ឱក សុចិន្តា ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​​ដំណឹង​ល្អ​ស្តីពី ​ជីវិត​គ្មាន​សំរាម មកពី​អង្គការ Zerow ជ្រើស​រើស​យក​ប្រធានបទ​ទី​៤ ស្តីពី ទី​ប្រជុំ​ជន និង​ទំនាក់ទំនង ដោយ​​សហ​ការ​ជាមួយនឹង​អ្នក​ឌីហ្សាញ​សញ្ជាតិ​ថៃម្នាក់​​។

អ្នកស្រី Mai បាន​ទៅ​ទស្ស​ន​កិច្ច​នៅ​ប្រាសាទ​សំបូរ​ព្រៃគុក កាល​ពី​ ១៧ ​ឆ្នាំមុន ហើយអ្នក​ស្រី​បាន​គិត​ថា “ខ្ញុំ​​មាន​អារម្មណ៍​​ថា ខ្ញុំ​បាន​កើត​មក​ដើម្បីមក​ទី​នេះ និង​សិក្សា​ពី​ចំណុច​សំខាន់​ៗ​ សម្រាប់​យើង​ទាំង​អស់​គ្នា”។

អ្នក​ស្រី​បាន​ចាប់​អារម្មណ៍​​ទី​នោះ​យ៉ាង​ខ្លាំង និង​​បាន​ឈ្វែងយល់​ពី​សារៈ​សំខាន់​​សម្រាប់ប្រជា​ជន ក្នុងការ​រស់​នៅ ចាប់​ពី​ពេល​នេះ​ត​ទៅ​។

អ្នក​ស្រី​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី “ផ្លូវ​​ជីវិត​មួយ​ទៀត” សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុងការ​រស់​នៅ​ ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់ និង​កក់​ក្តៅ តាមរយៈ​វត្ថុ​ដែលមាន​តម្លៃ​ពី​ធម្ម​ជាតិ និង​គ្មាន​កន្លែង​ណា ដែល​មាន​លក្ខខណ្ឌដូច​​គ្នា​នេះ​។

អ្នក​ស្រី នឹង​និយាយ​ពី​ជិវិត​របស់​អ្នក​ស្រីនៅកម្ពុជា ហើយជា​​ការ​ងារ​ដែល​អ្នក​ស្រី កំពុង​តែ​ធ្វើ​ក្នុង​ទីប្រជុំ​ជន​មួយ អំឡុង​​ពេល​នៃ​ការ​រត​ត្បាត​នៃ​វីវុស​កូវីដ១៩​។

ក្នុង​ឆ្នាំ​ ២០១៥ អ្នក​ស្រី​បាន​បង្កើត​ក្រុមហ៊ុន​ទេសចរណ៍​មួយ ​ដើម្បី​ចែក​រំលែក​ពី​ដំណើរ​ផ្សង​ព្រេង​របស់​អ្នក​ស្រី ហើយ​​ចាប់​ពី​ឆ្នាំ​ ២០២០ អ្ន​ក​ស្រី​បាន​កាន់​កាប់​សណ្ឋា​គា​រ១ ដែល​បាន​បិទ​ទ្វារ ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩ និង​​បាន​​ជួស​ជុល​​សណ្ឋា​គា​រនោះ ​ទៅ​ជា​មូលដ្ឋាន​មួយ​ ​សម្រាប់​ដំណើរ​ផ្សង​ព្រេង​របស់​អ្នកស្រី​។

មក​ទល់ពេលនេះ គម្រោង Door to Asia បាន​រៀប​ចំ​កម្មវិធី​​​ចំនួន​១៤លើក​មក​​ហើយ ជាមួយនឹង​ក្រុម​អ្នក​ឌីហ្សាញ​​ចំនួន​៩៦នាក់ មក​ពី​ប្រទេស​ចំនួន​២២ និង​៤៦ក្រុមហ៊ុន/រដ្ឋា​ភិបាល​ក្នុង​តំបន់ ប៉ុន្តែអ្នក​ស្រី Mai​ចង់​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ ដើម្បីរ​ក្សា​ទំនាក់ទំនង សូម្បី​តែ​ក្នុង​ពេល​​រឹតត្បិត​ការ​ធ្វើ​ដំណើរ​។

អ្នកស្រី Mai បានឱ្យដឹងថា “ហេតុនេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​​រៀប​ចំ​កម្ម​វិធី​អន​ឡាញ​សរុប​ចំនួន​១០​។ ទស្ស​ន​ទាន​នៃ​កម្មវិធី​នោះ គឺតួនាទី​នៃ​ការ​រចនា​សម្រាប់​បញ្ហា​សង្គម ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រាតត្បាត»​​។ កម្មវិធី​នេះ ទទួលបាន​ការ​គាំទ្រ​ដោយ​មូលនិធិ The Toyota Foundation”​។

ចំពោះ​សកម្មភាពនានា ដែល​ពួក​គេ​គ្រោង​សម្រាប់​​ការ​ធ្វើ​ទស្ស​នកិច្ច​ជាលើក​ទី​២​ ពួកគេ​​នឹង​ធ្វើ​ដំណើរ​ ទៅកាន់​សហគមន៍​ជន​ជាតិ​កួយ និង​ផលិត​​ជា​វីដេ​អូមួយ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​។ ​ពួក​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​ស្រឡាញ់ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​​ត្រឡប់​ទៅ​ធម្ម​ជាតិ​វិញ និង​រៀន​ពី​របៀប​ដែល​​ជន​ជាតិ​ដើម​ភាគ​តិច ​​​អាច​រស់​នៅ​ជាមួយ​នឹង​​ធម្ម​ជាតិ ដូច​ជា​ សហគមន៍​​ជន​ជាតិកួយ​ជា​ដើម​។

ពួក​គេ​​បាន​​ធ្វើ​បទ​បង្ហាញ​ស្តីពី ​​របក​គំឃើញ​ដែលពួកគេ​បាន​រក​ឃើញ នៅតំបន់​ជុំ​វិញ​ប្រាសាទ​សំបូរ​ព្រៃគុក កាលពី​ថ្ងៃ​ទី​ ១៦ ខែ កក្កដា ឆ្នាំ ​២០២២ នៅ​មជ្ឈមណ្ឌល Factory Phnom Penh​។

សម្រាប់​ការ​​ធ្វើ​ទស្ស​ន​កិច្ច​ជាលើក​ទី​២ ពួក​គេ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​នៅ​សាលារៀន​១ស្តីពី ​​សៀវ​ភៅ​រឿង​១ ​​ដែលក្រុម​ការ​ងារ​​របស់​ពួក​គេ​ បាន​​តាក់​តែង​ឡើង​។ សៀវភៅ និយាយ​ពី​រឿង​ប្រឌិត​បែប​អប់​រំ ដែលកុមារ​ចូល​ចិត្ត​អាន និង​រៀន​ទាក់ទង​នឹង​ភូមិ​របស់​ពួក​គេ​​ក្នុង​ពេល​តែមួយ​។

ប្រាសាទ​សំបូរ​ព្រៃគុក បាន​​បំផុសគំនិត​​ឱ្យ​មាន​​​ការ​ឌីហ្សាញ​ពាក្យ នៅ​ណា នៅ​លើ​អាវ​យឺត​សម្រាប់កម្ម​វិធី​សិក្ខា​សាលា ស្រប​ពេល​ដែល​សិស្ស-និស្សិត​​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ផ្សព្វ​ផ្សាយ និង​អភិរក្ស​វប្បធម៌របស់​ខ្លួន​។​

អ្នក​ស្រី​សុខចិន្តា បានឱ្យដឹងថា “ខ្ញុំ​​ជា​អ្នក​បង្កើត​មាតិកា និង​ជា​ស្ថាបនិ​ក​អង្គការ Zerow។ នៅ Zerow កំពុង​តែ​ធ្វើ​ការ​លើ​ការ​បង្កើន​ ការ​យល់​ដឹង​លើ​ការផ្លាស់ប្តូរ​អាកាស​ធាតុ និងសកម្មភាព​ទាក់ទងនឹង​អាកាស​ធាតុ”​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ស្រី​ត្រូវ​បាន​គេ​ជ្រើ​សរើស ឱ្យ​ធ្វើ​ការ​ក្នុងកម្មវិធី​នេះ​ជាមួយនឹង​គម្រោង DTA ក្នុង​នាម​ជា​​អ្នក​ឌីហ្សាញ និង​អ្នក​បង្កើត​ក្នុង​ស្រុក​។ DTA គឺ​ជា​កម្មវិធី​ដ៏អស្ចារ្យ​​មួយ ដែក​ផ្សារភ្ជាប់​​ប្រជា​ពល​រដ្ឋ​ទូ​ទាំ​ងតំ​បន់​អាស៊ី ឱ្យ​ធ្វើ​ការ​​លើ​ប្រធាន​បទ​/​ បញ្ហា​ដែល​ជាក់​លាក់ និង​​បង្កើតឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​នានា ដើម្បី​បង្កើតឱ្យ​បាន​​នូវអត្ថ​ប្រយោជន៍​​សម្រាប់​សង្គម​​។

អ្នក​ស្រីបាន​ឱ្យដឹងថា “នៅ​មុន​ពេល​ខ្ញុំ ​បាន​សម្រេច​ចិត្ត​ធ្វើការ​ជាមួយនឹង​គម្រោង DTA ខ្ញុំ​មិនបាន​ដឹង​ច្បាស់​អំពី​អ្វី ​ដែលយើងនឹង​​ធ្វើ​ក្នុង​កម្មវិធី​នេះ​ឡើយ”​។អ្នកស្រីបន្ថែមថា “ខ្ញុំ​បាន​សួរគេ​ឯង ប៉ុន្តែហាក់គ្មាន​នរណា​​អាច​ផ្តល់​ចម្លើយ​ដ៏ច្បាស់​លាស់​ឡើយ​។ ប៉ុន្តែយើង​ទាំង​អស់​គ្នា​បាន​ដឹងថា វា​នឹង​ក្លាយ​ជា​គម្រោ​ង​ដ៏អស្ចារ្យ​។ យើង​បាន​ដឹង​ថាយើង​​ក្លាយ​ជាផ្នែក​១ ​នៃ​គម្រោ​ង​ដ៏អស្ចារ្យ​នេះ”។

ក្រោម​ការ​ចាប់​ដៃគូ​ជា​មួយនឹង Chatchai Sukanan Mean មក​ពី​ប្រទេស​ថៃ អ្នក​ទាំង​ ២​ បាន​ធ្វើ​ការ​ទាក់ទង​នឹង​អគារ​បុរាណ​ជាច្រើន ដូច​ជា​អគារ​​សល់​ពី​អាណា​និគម​និយម​បារាំង ក្នុង​ទីក្រុងជា​ដើម​។ សកម្មភាព​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រធាន​បទនេះ គឺ​នាំ​​​ម្ចាស់​ផ្ទះ​នៅ​ទីក្រុង​ភ្នំ​ពេញ ទៅ​ទស្ស​ន​កិច្ច​នៅ​សហ​គមន៍​មួយ ដែល​ត្រូវ​បាន​សាង​សង់​​ឡើង ​ពី​លើ​ផ្ទះ​អាណា​និគម​​និយម​បារាំង ដូច​ជា ផ្ទះ​ចាស់ ជា​ដើម​។

អ្នកស្រីបន្តថា សកម្ម​ភាព​នេះ នឹង​បំផុស​លើក​ទឹក​ចិត្ត​ដល់ពួក​​គាត់ និង​បង្ហាញ​ឱ្យ​ពួក​គាត់​​ឃើញ ពី​តម្លៃ​​នៃ​ប្រភេទ​ផ្ទះ​របស់​គាត់​។ គម្រោង​នេះ នឹង​កើត​ឡើងនៅ​ពេល​បន្ទាប់​ទៀត ក្រោយពី​ការ​ធ្វើដំណើរ​ទៅ​កាន់​ខេត្តកំពង់​ធំ​ជា​លើក​ទី​២ ​របស់យើង​។ នោះ​គឺ​ជា​មូល​ហេតុ​ដែល​គ្មាន​ការ​​លើក​ឡើង​ពី​ផែន​ការ​សកម្មភាព​។

ការ​វិល​ត្រឡប់​ទៅ​ខេត្ត​កំពង់​ធំ និង​ធ្វើ​ការ​ជាមួយនឹង​សហ​គមន៍​ជន​ជាតិកួយ គឺ​បេស​កកម្ម​ដ៏ពិសេស​មួយ​សម្រាប់ DTA​។ អ្នក​ស្រីសុចិន្តា បាន​និយាយ​ថា វា​ក៏​មាន​ការ​បើក​ចំហ​ លើ​ការ​ធ្វើ​ការ​ងារ​លើ​សពី​ប្រធាន​បទ​ដែល​ត្រូវ​បាន​កំណត់​ផង​ដែរ​។

បច្ចុប្បន្ន អ្នក​​ស្រី​​កំពុង​តែ​ធ្វើ​ការ​ក្នុង​យុទ្ធ​នា​ការ​សង្គម​មួយ ​​ដែល​មាន​ឈ្មោះ​ថា #showmeyourtree (បង្ហាញឱ្យខ្ញុំ​ឃើញ​ពី​ដើម​ឈើ​របស់​អ្នក)​។ ហេតុនេះ អ្នកស្រី​​ធ្វើ​ការ​ជាមួយនឹង​គម្រោង​ទាំង​២ ពោល​គឺ​ទាំង​ជាមួយនឹង DTA និងទាំង​យុទ្ធនាការ #showmeyourtree ស្តីពី​របៀប​ដែល​សហ​គមន៍​ជន​ជាតិ​កួយរស់​នៅ​ជាមួយនឹង​ធម្មជាតិ​។

ស្ថាបនិក​​អង្គ​ការ Zerow រូប​នេះ ចង់​​ឱ្យ​ជន​ជាតិ​​ដើម​ភាគ​តិច និង​ប្រជា​ពលរដ្ឋ​​ មិនមែន​ជា​ជន​ជាតិដើម​ទាំង​អស់ដឹង​ថា ជន​ជាតិ​ដើម​ភាគ​តិច មាន​មធ្យោ​បាយ​ដ៏ល្អ​បំផុត​ ​ក្នុង​ការ​​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ជាមួយ​នឹង​ធម្ម​ជាតិ​។

អ្នក​ស្រី​បាន​កត់​សម្គាល់​ថា “ជន​ជាតិកួយ មាន​គន្លឹះ ធម្ម​ជាតិ និង​ព្រៃពឹ្រក្សា ជា​ផ្ទះ​របស់​ពួក​គេ ប៉ុន្តែ ពួក​គេ​ជា​ក្រុម​មនុស្ស​ដំបូង​គេ ​​ដែល​​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​កាប់​ព្រៃ (ដែល​ជា​មូល​ហេតុ​មួយ​នាំ​ឱ្យ​មានការផ្លាស់​ប្តូរ​អាកា​ស​ធាតុ) ធ្វើ​សម្បទាន​ដីធ្លី និង​ការ​អភិវឌ្ឍដែល​គ្មាន​ការ​អភិរក្ស”​។ អ្នកស្រីបន្តថា “បើ​ទោះ​បី​អរិយ​ធម៌ ចូល​ជ្រួត​ជ្រាប​គ្រប់មនុស្ស​ទាំង​អស់​ក៏ដោយ ប៉ុន្តែ យើង​ភ្លេច​ថា ព្រៃឈើ មិនត្រឹម​តែ​ជា​ជម្រក​សម្រាប់​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​សម្រាប់​មនុស្ស​ផងដែរ”។

នេះ​គឺ​ជា​​ចំណុច​ដែល Door to Asia ​កំណត់​ទស្ស​ន​វិស័យ​របស់​ខ្លួន ដើម្បី​ធ្វើ​ដំណើរ​វិល​ទៅកាន់​ខេត្ត​កំពង់ធំ ប្រទេស​កម្ពុជា​វិញ ​ជា​ទី​​កន្លែង​របស់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ប្រមូល​​ផ្តុំ​ដោយ​​ទី​តាំង ​​ប្រវត្តិ​សាស្ត្រ​​ជាច្រើន មាន​អាយុ​កាល​ច្រើន​ជាង១០០០​ឆ្នាំ និង​ជា​ទី​តាំង​បេតិ​កភណ្ឌ​​ពិភព​លោក​​ទី​៣នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ ប្រាសាទ​សំបូរ​ព្រៃគុក ក៏​ជា​ទីកន្លែង​​មាន​លក្ខណពិសេ​ស​ដាច់​គេ និង​ប្រមូល​ផ្តុំ​ដោយ​ទិដ្ឋ​ភាព​ ចំណី​អាហារ និង​ការ​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​ ដ៏​សម្បូរ​បែប​ផងដែរ​។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ពេល​ដែលមាន​​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ​ក្នុង​សង្គម​សម័យ​ទំនើប​នេះ “រឿង​រ៉ាវ ​ដួង​ព្រលឹង និង​​ទស្ស​ន​វិជ្ជា​នានា ដែល​ស្ថិត​នៅ​ក្នុង​ដែន​ដី​នេះ និង​ស្ថិតក្នុង​ជីវិត​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ” ពិត​ជា​​កម្រ​ស្តែង​ចេញ​ឱ្យ​​ឃើញ​ណាស់ ដែលនាំ​ឱ្យ​មានការ​លំបាក​ក្នុងការ​​បញ្ជ្រាប និង​ប្រឈម​នឹងគ្រោះថ្នាក់​នៃ​ការ​បាត់បង់​។ នេះ​បើយោង​​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី Mai​។

ក្នុង​នាម​ជា​​អ្នក​ឌី​ហ្សាញម្នាក់ ដែល​បាន​ទៅ​ទស្ស​ន​កិច្ច​នៅ​​តំបន់​​បុរាណ​វិទ្យា​នេះ អ្នក​ស្រីMai បង្កលក្ខណៈ​ងាយ​ស្រួល​​១ ​កម្រិត​ទៀត​សម្រាប់​​គ្រប់គ្នា តាមរយៈ​ថាមពល​នៃ​ការ​រចនា​ ដើម្បី​ពន្យល់​ពី​អត្ថ​ន័យ​នៃ​ពាក្យ​ប្រជា​ពលរដ្ឋ គ្រួ​សារ អ្នក​ជិត​ខាង សហ​គមន៍ ទីក្រុង និង​សង្គម ស្រប​ពេល​ដែល​​ការ​រចនា​មិនមែន​សំដៅ ​តែ​លើ​​​ផលិត​ផល​នៃ​ការ​រចនា​តែ​១ ​មុខ​ឡើយ ប៉ុន្តែក៏​ផ្តោត​លើ​ការ​រច​នា​បែប​ទំនាក់ទំនង និង​ការផ្សារ​ភ្ជាប់​ជា​មួយនឹង​មនុស្សផងដែរ​។

អ្នក​ស្រីបញ្ជាក់​ថា សហ​គមន៍​​ជន​ជាតិកួយ បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​ លើ​របៀប​រស់នៅ​ក្នុង​ព្រៃ​របស់​ពួក​គេ អស់​រយៈពេល​ដ៏​យូរ ហើយ​អ្នក​ស្រី​បាន​គិត​ថា ទស្សនៈ​របស់​ពួក​គេ​លើ​ការ​រស់​នៅ​បែប​នេះ ពិត​ជា​សំខា​ន់​សម្រាប់​សង្គម​បច្ចុប្បន្ន​។

អ្នក​ស្រី Mai បាន​ឱ្យដឹងថា ពួក​គេ​គឺ​ជាមនុស្ស​ជំនាន់​មុន​របស់​យើង​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​កន្លែង​ដែល​មនុស្ស​​អាច​រៀន​ពី​ជីវិត តាមរយៈ​ការផ្សារ​ភ្ជាប់​សម័យ​បុរាណ​ជាមួយនឹង​សម័យ​ទំនើប។

នេះ​គឺ​ជាមូលហេតុ​ដែល​អ្នក​ស្រី បាន​​មក​រស់​នៅ​កម្ពុជា ដោយ​សារ​តែ​អ្នក​ស្រី​ចង់​ចែក​រំលែក​ចំណេះ​ដឹង ​ជា​មួយនឹង​​អ្នក​ផ្សេង​ទៀតស្តីពី ​អត្ថ​ន័យ​នៃ​ការ​រស់​រាន​មាន​ជី​វិត ដែល​អ្នក​ស្រី​បាន​រៀន​សូត្រ​នៅ​ក្នុង និង​ជុំ​វិញ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក៕ ភ្នំពេញប៉ុស្ត៍៕

ឡាវដាក់ឱ្យដំណើរការទំនប់អគ្កិសនី Nam Ngum 1 ដែលត្រូវ បានពង្រីកបន្ថែម

ដោយៈ សុខុម

វៀងចន្ទន៍: ស្ថានីយវារីអគ្គិសនីនៅទំនប់ Nam Ngum 1 ដែលពង្រីកបន្ថែម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា ក្រោមជំនួយពីរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា។

តាមពិតទៅ ទំនប់ Nam Ngum 1 គឺជាទំនប់មានស្រាប់ ប៉ុន្តែវាត្រូវបានពង្រីកម្ខាងកៀន ហើយស្ថានីយអគ្គិសនីថ្មីមួយ ត្រូវបានដំឡើងជាមួយនឹងសមត្ថភាពផលិតថាមពលអគ្គិសនី៤០មេហ្គាវ៉ាត់ (MW)។

ពេលនេះទំនប់វារីអគ្គិសនីនេះទាំងមូល មានសមត្ថភាពផលិតថាម​ពលអគ្គិសនីសរុបរហូតដល់ទៅ២៧៥មេហ្គាវ៉ាត់ (MW)។

ពិធីសម្ពោធដាក់ឱ្យដំណើរការទំនប់ដែលពង្រីកថ្មីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ឧបនាយករដ្ឋមន្ត្រី Sonexay Siphandone និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំប្រទេសឡាវ លោក Kenichi Kobayashi ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

នាយកគ្រប់គ្រងអគ្គិសនីឡាវ (EdL) លោក Chanthaboun Soukaloun បានថ្លែងក្នុងពិធីសម្ពោធនេះថា គម្រោងពង្រីកស្ថានីយវារីអគ្គិសនីនេះ​ ទទួលបានកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។

លោក Chanthaboun Soukaloun បាននិយាយពីការលំបាកនៅក្នុងការពង្រីកស្ថានីយវារីអគ្គិសនីនេះ ដោយគូសបញ្ជាក់ថា ទោះបីវាជាគម្រោងតូចតាចយ៉ាងណាក្ដី ប៉ុន្តែការសាងសង់មានការលំបាកខ្លាំងដោយ​សារវាទាមទារការសាងសង់នៅក្រោមអាងទឹក៕ Laotian Times៕