ខុនដូជិត ៤០,០០០យូនីត បានដាក់ចូលទីផ្សារ ស្របពេលការលក់ប្រសើរឡើង

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ចំនួនយូនីត​ខុនដូ​ក្នុង​រាជធានី​-​ភ្នំពេញ កើន​ដល់៣៣ ៨០០ ​យូនីត ខណៈ​តម្លៃ​ជួល និង​លក់​របស់​ខុនដូ​ប្រណីត​ (High-End)បាននិងកំពុងមានសញ្ញាប្រសើរឡើងវិញបណ្តើរៗ ។

យោងតាមរបាយការណ៍​ស្រាវជ្រាវ ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ​បាន​បង្ហាញឲ្យដឹងកាលពី​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ មាន​គម្រោង​ខុនដូ​ចំនួន​៣ បានបញ្ចប់​ការសាងសង់​ ដែល​គម្រោង​ទាំង​៣នេះ​មាន​បន្ទប់​ស្នាក់នៅ​សរុប៧០០​យូនីត​។ ទោះយ៉ាងណា​ក្នុងអំឡុងពេល​ខាងលើ​មិនមាន​គម្រោង​ថ្មី​ណាមួយ ​ប្រកាស​ចាប់ផ្តើម​បើក​លក់ ឬ​សាងសង់​ឡើយ​។

របាយការណ៍ដដែលបានបង្ហាញថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ ​លើ​ពិភពលោក​ធ្វើការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ឆ្លង​ប្រទេស ​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងដំណំ ​ដល់ទី​ផ្សារ​ខុនដូ​នៅ​កម្ពុជា ពិសេស​ខុនដូ​ដែលមាន​ទីផ្សារ​ គោលដៅ​ជា​អតិថិជន​ជនបរទេស​។

តាម​ការព្យាករ​ក្នុង​ឆ្នាំ​២០២២ នេះ​នឹងមាន​បន្ទប់​ខុនដូ​ជាង ១៣ ០០០​យូនីត​នឹងត្រូវ​បញ្ចប់​ការសាងសង់​។
អ្នកនាង គឹម គិនកេសា នាយិកា​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ឲ្យដឹងថា ទោះបី​ពេលនេះ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ បានប្រកាស​បើក​ប្រទេស​ឡើងវិញ​ស្ទើរ ១០០ ​ភាគរ​ភាគរយ​ហើយក៏​ដោយ ក៏​តម្លៃ​ខុនដូ​មិនទាន់​អាច​ស្ទុះ​ងើបឡើង​វិញ​បាន​ភ្លាមៗ​ទេ​។ តម្លៃ​អាច​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​ខ្លះ ​ចាប់ពី​ដើមឆ្នាំ​២០២៣តទៅ​។

អ្នកនាង​បន្តទៀតថា សម្រាប់​ចំនួន​គម្រោង​ ដែល​ប្រកាស​បើក​លក់​នឹង​មិនសូវមាន​ទេ​ក្នុង​ឆ្នាំ​២០២២ នេះ​។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodiaបានលើកឡើងថា ដោយសារវិបត្តិបានធ្វើឲ្យអ្នកសាងសង់ខុនដូ បានធ្វើពិពិធម្មទីផ្សារ ដោយពួកគាត់ងាកមកផ្តោតលើអតិថិជនក្នុងស្រុក ដែលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានចាប់អារម្មណ៍ និងទិញខុនដូសម្រាប់ស្នាក់នៅ។

លោកបន្តថា “ការលក់ខុនដូបាន និងកំពុងមានភាពប្រសើរឡើងវិញ ប៉ុន្តែតម្រូវការភាគច្រើន គឺខុនដូដែលមានតម្លៃមធ្យម”៕

មហាយក្សចិនដាក់សម្ពាធកាន់តែខ្លាំងឱ្យធនាគារជួយគាំទ្របណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលស្ទះលុយ

ដោយៈសុខុម

ប្រទេសចិនៈ បណ្ដាធនាគារចិន កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងឱ្យជួយគាំទ្រ ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានវិបត្តិសាច់ប្រាក់ បន្ទាប់ពីការអំពាវនាវរបស់ក្រុមនិយ័តករ ជាច្រើនខែមកនេះគ្មានប្រសិទ្ធភាព ក្នុងជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា បណ្ដាសាខាធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានកោះប្រជុំជាមួយធនាគារក្នុងទីក្រុងជាច្រើន ចាប់តាំងពីសប្តាហ៍មុន ដើម្បីសិក្សាវាយតម្លៃថា តើហេតុអ្វីបានជាការផ្ដល់ប្រាក់កម្ចីមានការយឺតយ៉ាវ ក៏ដូចជាការលំបាកដែលធនា​គារប្រឈម និងវិធីដែលនិយ័តករ អាចជួយបានពួកគេបានផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា។

ដោយសុំមិនបញ្ចេញអត្តសញ្ញាណ ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ចំណាត់ការនេះឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមមន្ត្រីចិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមនិយ័តករ បានចេញសេចក្ដីណែនាំម្ដងហើយម្ដងទៀត ជំរុញឱ្យបណ្ដាធនាគារជួយពន្លឿន ការផ្ដល់កម្ចីអចលនទ្រព្យក្នុងរយៈពេលជាច្រើនខែមកនេះ។

បណ្ដាក្រុមហ៊ុនសាងសង់ និងក្រុមនិយ័តករកំពុងពឹងផ្អែក លើធនាគារដើម្បីផ្តល់ការរស់រានដល់វិស័យអចលនទ្រព្យ ខណៈហិរញ្ញប្បទានមូលបត្របំណុលរីងស្ងួត ហើយការលក់ផ្ទះក៏ស្ងាត់ដូចចោរលួចសេះ។

រំហូរសាច់ប្រាក់របស់បណ្ដាក្រុមហ៊ុន អភិវឌ្ឍន៍ដែលបានពីប្រាក់កម្ចីធនាគារ បានធ្លាក់ចុះជិត៣០%​ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបានជះផលប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីទប់ការកាំក្បាលចុះនៃវិស័យអចលនទ្រព្យ។

ខណៈចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានខកខានទូទាត់ ឬពន្យារពេលទូទាត់បំណុលចេះតែកើនឡើង ធនាគារនានាមានការស្ទាក់ស្ទើរក្នុងការបង្កើនការផ្ដល់កម្ចីដល់វិស័យនេះ ទៅតាមការទាមទាររបស់ក្រុមនិយ័តករ៕ The Edge Markets៕

អាមេរិកចាប់ផ្តើមធ្វើពាណិជ្ជកម្មអាវុធជាមួយអ៊ុយក្រែន ដោយលក់ដ្រូនបំពាក់មីស៊ីលដ៏មានអានុភាព

ដោយៈសុខុម

វ៉ាស៊ីនតោន: រដ្ឋការប្រធានាធិបតីអាមេរិក លោកចូ បៃឌិនមានផែន​ការលក់ដ្រូន (យន្តហោះគ្មានមនុស្សបើក) ធុន MQ-1C Gray Eagle ចំនួន៤គ្រឿងឱ្យទៅអ៊ុយក្រែន ដោយដ្រូនទាំងនេះអាចបំពាក់អាវុធមីស៊ីលដ៏មានអានុភាព Hellfire សម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រឆាំងរុស្ស៊ី។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ថ្វីបើវាជាផែនការរបស់រដ្ឋាភិបាល ដែលបានស្ថិតក្រោមការពិនិត្យផ្ទៀងផ្ទាត់ ពីមន្ទីរបញ្ចកោណ (Pentagon) អស់រយៈពេលជាច្រើនសប្តាហ៍មកនេះយ៉ាងណាក្ដី ក៏ការលក់ដ្រូនបំពាក់មីស៊ីល ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក General Atomics នេះនៅតែមានឱកាសត្រូវរដ្ឋសភាច្រានចោល។

អ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ដ្រូនជាច្រើនប្រភេទ ដែលបំពាក់មីស៊ីលបាញ់ ក្នុងរយៈចម្ងាយជិតប្រឆាំងកងកម្លាំងរុស្ស៊ី ដែលបានចូលឈ្លា​នពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះ។ ដ្រូនបំពាក់សព្វាវុធទាំងនោះ រួមមាន ធុន AeroVironment ធុន RQ-20 Puma AE និងធុន Bayraktar-TB2 របស់តួកគី។

ទោះជាយ៉ាងណា ដ្រូន MQ-1C Gray Eagle តំណាងឱ្យការលោតផ្លោះនៃបច្ចេកវិទ្យា ដោយសារតែវាមានសមត្ថភាពហោះហើរ បានរហូតដល់ទៅ៣០ម៉ោងឡើងទៅ អាស្រ័យលើបេសកកម្មរបស់វា ហើយអាចប្រមូលទិន្នន័យបានយ៉ាងច្រើន សម្រាប់គោលបំណងស៊ើបការណ៍សម្ងាត់។

លើសពីនេះ ដ្រូន MQ-1C Gray Eagle ក៏មានសត្ថភាពអាចផ្ទុកមីស៊ីលដ៏មានអានុភាព Hellfire រហូតដល់ទៅ៨គ្រាប់ផងដែរ។

ការលក់ដ្រូននេះមានសារៈសំខាន់ណាស់។ មន្ត្រីអាមេរិក មួយរូបបានលើកឡើងថា រដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន មានបំណងជូនដំណឹងដល់សភា អំពីផែនការលក់ដ្រូនបំពាក់សព្វាវុធនេះ ឱ្យទៅអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ដោយការប្រកាសជាសាធារណៈត្រូវគេរំពឹងថា នឹងធ្វើឡើងបន្ទាប់ពីនោះ៕ Reuters៕

លោក គង់ វិបុល អំពាវនាវឱ្យសហគ្រាសចិននៅកម្ពុជាចុះបញ្ជីបង់ពន្ធជូនរដ្ឋ

ដោយៈ លក្ខិណា

ភ្នំពេញៈ សហគ្រាសជាច្រើន បានធ្វើអាជីវកម្មលក់ទំនិញរាប់ឆ្នាំមកហើយ តែមិនបានចុះបញ្ជីបង់ពន្ធជូនរដ្ឋនោះទេ ក្នុងនោះក៏មានសហគ្រាសចិនជាច្រើនផងដែរ។

នេះបើតាមប្រសាសន៍របស់លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវិធីពិសេសផ្សាយផ្ទាល់តាមផេកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២ ខែមិថុនា២០២២នេះ។

លោកមានប្រសាសន៍ថា “នៅពេលអតិថិជន បានទិញទំនិញពីសហគ្រាសជាច្រើន ហើយថតវិក្ក័យបត្រមក ដោយមិនមានភាពប្រក្រតីរួចហើយមន្ត្រីពន្ធដារចុះទៅមើល ក៏ពិនិត្យឃើញថា មិនមានចុះបញ្ជីបង់ពន្ធពិតប្រាកដមែន”។ លោកបន្តថា “នៅខ័ណ្ឌចំការមន មានហាងចិនជាច្រើនធ្វើអាជីវកម្មលក់ដូរយូរហើយ តែមិនបានចុះបញ្ជីនៅឡើយ និងសូមឱ្យសហគ្រាសនោះចុះបញ្ជី ដើម្បីបង់ពន្ធទៅតាមច្បាប់”។

លោកគង់ វិបុល បានបន្តទៀតថា នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ត្រូវធ្វើយ៉ាងណា ជំរុញឱ្យការបង់ពន្ធត្រូវធ្វើឡើងមានស្មើភាពគ្នា ព្រោះគោ​លនយោបាយរបស់រដ្ឋ គឺត្រូវប្រមូលពន្ធឱ្យលទ្ធភាព និងសក្ដានុពល។ មួយទៀត ក្នុងពេលបច្ចុប្បន្ននេះ រដ្ឋយើងមិនទាន់បង្កើតពន្ធថ្មីទេ។ ដូច្នេះការប្រមូលពន្ធគឺត្រូវយកឱ្យអស់លទ្ធភាពសិន ហើយពន្ធដារក៏កំពុងតែអនុវត្តន៍តាមយុទ្ធសាស្ត្រនេះដែរ គឺប្រមូលឱ្យអស់លទ្ធភាពនិងស្មើភាពគ្នា ដោយមិនទុកឱ្យសហគ្រាសមួយបង់ពន្ធ ហើយមួយទៀតធ្វើអាជីវកម្មក្បែរគ្នាតែមិនបង់ពន្ធ។

លោកគង់ វិបុលបានបន្ថែមថា រដ្ឋមិនត្រឹមតែមិនយកពន្ធថ្មីៗទេ តែថែមទាំងបានលើកលែងទៅទៀត ក្នុងវិបត្តិកូវីដ១៩នេះ។ ជាក់ស្ដែងរដ្ឋបានលើកលែងច្រើនណាស់ក្នុងកូវីដ១៩ តែចំណូលពន្ធនៅតែឡើង ។

មានន័យថា យើងបានខិតខំប្រមូលពន្ធឱ្យអស់លទ្ធភាព និងជំរុញឱ្យម្ចាស់អាជីវកម្មចុះបញ្ជីបង់ពន្ធត្រឹមត្រូវនិងស្មើៗគ្នា ដោយមិនមានអ្នកបង់អ្នកអត់បង់នោះទេ។

ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានប្រមាណ១៥០០លានដុល្លារអាមេរិក ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានការកើនឡើង២៩,៣៦ភាគរយ ឬប្រមាណជាង៥៣,២៧ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២២៕

អាមេរិកកំពុងសម្លឹងឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ស្របពេលសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយរដ្ឋាភិបាលកំពុងផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ សហរដ្ឋអាមេរិកបាននិងកំពុងសម្លឹងមើលឱកាសវិនិយោគវិស័យនេះនៅកម្ពុជា។

នៅក្នុងជំនួបជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១ មិថុនាកន្លងមកនេះ លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។

គោលដៅនៃជំនួបនេះ គោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនអាមេរិក នៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។

លោក Moses An បានសំដែងចំណាប់អារម្មណ៍ លើការអភិវឌ្ឍវិស័យមួយចំនួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀតពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។

សម្តេចធ្លាប់បានមានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និង គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ា​ងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា៕

វិស័យអចលនទ្រព្យត្រូវប្រើពេល២ទៅ៣ឆ្នាំ ដើម្បីស្ដារឱ្យបានដូចមុនស្ថានភាពវិបត្តិកូវីដ១៩

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ថ្វីត្បិតតែស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានប្រសើរឡើងក៏ពិតមែន តែបើក្រលេកទៅមើលវិស័យអចលនទ្រព្យ នៅតែមិនទានមានភាពប្រសើរ ដូចមុនវិបត្តិកូវីដ១៩នៅឡើយ។

វិស័យនេះត្រូវការពេលវេលាសមស្រប ដើម្បីឱ្យដូចនឹងមុនកូវីដ១៩ ។ អ្នកជំនាញលើកឡើងវិស័យនេះត្រូវការប្រើរយៈបេល២ទៅ៣ឆ្នាំ ដើម្បីស្ដារឱ្យបានដូចនឹងមុនវិបត្តិ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ មិថុនាថា ផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យ នឹងនៅតែបន្តដរាបណាមេរោគកូវីដ១៩នេះ នៅតែបន្តរាលដាលនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងលក្ខខណ្ឌសកលលោក។ បើរាប់ចាប់តាំងពីពេលនេះតទៅ យើងអាចប្រើពេលវេលាយ៉ាងហោចណាស់ក៏២ឆ្នាំដែរ ទើបអាចធ្វើឱ្យធ្វើវិស័យអចលនទ្រព្យកម្ពុជា វិលទៅរកស្ថានភាពដូចដើមក្នុងឆ្នាំ២០១៩វិញ។

លោកបន្តថា “បើសិនជាស្ថានភាពនេះ នៅតែបន្តរាលដាលបន្ថែមទៀត ការប្រើពេលដើម្បីស្ដារឱ្យវិស័យនេះ វិលទៅរកស្ថានភាពដូចដើមវិញក៏ត្រូវការប្រើពេលវេលាយូរជាងនេះដែរ”។ លោកបន្ថែមថា “យ៉ាងណាយើងក៏រំពឹងថាស្ថានភាពវានឹងល្អប្រសើរ ហើយយើងក៏អាចប្រើពេលខ្លីដើម្បីជំរុញនិងស្ដារឱ្យវិស័យអចលនទ្រព្យបានប្រសើរដូចគ្នាដែរ”។

លោកប៉ូ អ៊ាវគង់បានបន្ថែមថា ទោះបីជាមានការរីករាលដាល នៃកូវីដ១៩ក៏ដោយ ក៏សកម្មភាពនៃសេដ្ឋកិច្ចកម្ពុជា បន្តដំណើរទៅមុខជាបន្តបន្ទាប់ ពីព្រោះយើងបានចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋជាច្រើនលើសលប់ដែលអាចធ្វើឱ្យមេរោគនេះ ឆ្លងហើយតែមិនមានលក្ខណៈធ្ងន់ធ្ងរ ។

លោកបញ្ជាក់ថា សកម្មភាពអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាពេលនេះ យើងក៏មិនទាន់ឃើញ មានការវិនិយោគថ្មីៗច្រើននៅឡើយ ហើយការជួលវិញ ក៏ឃើញថាមិនទាន់ទូលំទូលាយដែរ គឺមានតែមួយចំណែកប៉ុណ្ណោះ ជាពិសេសនៅក្នុងតែរាជធានីភ្នំពេញ ដោយនៅបណ្ដាខេត្តក៏មិនទាន់មានសកម្មភាព ជួលអចលនទ្រព្យច្រើនទូលំទូលាយដែរ។

ទោះបីជាស្ថានភាពនៃវិបត្តិ មិនទាន់មានភាពប្រសើរ ក្នុងក្របខណ្ឌសកលក្ដីតែ កម្ពុជាបានធូរស្រាលសម្រាប់វិបត្តិកូវីដ១៩ និងមានការវិនិយោគលើអចលនទ្រព្យឡើងវិញបន្តបន្ទាប់ ហើយរំពឹងថាវិស័យអចលនទ្រព្យនឹងប្រសើរបន្តិចម្ដងៗ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃ CBRE Cambodia ក៏បានលើកឡើងផងដែរថា វិស័យនេះប្រសើរ និងមានការវិនិយោគពីប្រទេសឡើងវិញឆាប់ឬយឺតនោះ អាស្រ័យលើកត្តាពីរ គឺកូវីដ១៩ក្របខណ្ឌសកល និងវិបត្តិនៃសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី៕

លោកហ៊ិន រស់ៈ វិនិយោគពេលនេះមិនចំណេញ តែចំណេញពេលក្រោយ

ដោយៈគង់ សូរិយា

កំពង់ឆ្នាំងៈ លក់ដីទំហំ១០គុណនឹង៣០ម៉ែត្រ ដោយមានធ្វើរបងជូន លោកហ៊ិន រស់ម្ចាស់ភូមិចំការដូងរីសតបានមានប្រសាសន៍ថា ការវិនិយោគបែននេះមិនផ្តល់ផលចំណេញទេ នាពេលនេះ តែចំណេញនាពេលក្រោយ។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២ មិថុនាថា កុំពុងតែគិតថាតើគួរធ្វើបែបណាអោយផ្លែកពីគេ និងរៀបចំកន្លែងរស់នៅអោយមានផាសុខភាព។

លោកបន្តថា “មានថៅកែដីមួយចំនួនសួរខ្ញុំថា តើបងធ្វើគម្រោងហ្នឹងចំណេញដែរ? បើអភិវឌ្ឍន៍ច្រើនបែបនេះ នៅលើដីហើយលក់តំលៃថោកបែបនេះ?”។ លោកបន្តថា “ខ្ញុំឆ្លើយថារកស៊ីមិនសុទ្ធតែចំនេញរហូតទេ ពេលខ្លះត្រូវខាតដើម្បីចំណេញ ហើយពេលខ្លះខាតពេលនេះ តែចំណេញពេលក្រោយ ណាមួយយើងម្នាក់ឯងហូបប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ចែកគេហូបខ្លះទៅ”។

លោកហ៊ិន រស់បានបន្តទៀតថា “ការរកស៊ីបើគិតតែផលចំណេញមួយមុខទៅមិនរួចទេ”។

ភូមិចំការដូងរីសត ជាគំរោងដីលំហែរកាយ នៅជាយរាជធានីភ្នំពេញ ដែលមានចម្ងាយ ប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងជាដីដែលអភិវឌ្ឍន៍ឡើងពីដីព្រៃរបស់ ដែលបច្ចុប្បន្នបានទាក់ទាញអ្នកទិញកាន់តែច្រើន ព្រោះម្ចាស់គំរោងនេះបានផ្តល់នូវសេវាកម្មជាច្រើនដល់អតិថិជន។

លោកហ៊ិន រស់បានសម្រេចចិត្តពុះដីលំហែរលក់ ក្នុងទំហំ១០ហិកតា ដែលឡូត៍និមួយៗ មានតម្លៃត្រឹម៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ ពិសេសមានការសាងសង់របងថ្មព័ទ្ឋជុំវិញយ៉ាងស្រស់ស្អាត៕

អាកាសយានដ្ឋានអន្តរជាតិធំៗថ្មីចំនួន៣ នឹងបើកប្រតិបត្តិការនៅក្នុងឆ្នាំ២០២២ និង២០២៣

ដោយៈសុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិធំៗថ្មីចំនួន៣ ត្រូវបានកំណត់ពេល ដើម្បីបើកប្រតិបត្តិការរសេវាកម្ម ទទួលអ្នកដំណើរ ក្រោយវិស័យអាកាសចរណ៍កម្ពុជាពេលនេះ កំពុងដំណើរការឡើងវិញ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ក្រោយ។

នេះបើតាមការថ្លែងរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹង ការគ្រប់គ្រងព័ត៌មានអាកាសចរណ៍ សម្រាប់អ្នកបង្កើ​តទិន្នន័យអាកាសចរណ៍ រៀបចំដោយក្រុមហ៊ុនសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា (Cambodia Air Traffic Service (CATS)) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា វិស័យអាកាសចរស៊ីវិលរបស់កម្ពុជា មានការរីកចម្រើនឥតឈប់ឈរ រហូតដល់ឆ្នាំ២០២០ ដោយសារមានការរាំងស្ទះ ដោយព្រឹត្តិការណ៍រាតត្បាតសកល នៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមក។

ទោះជាយ៉ាងនេះក្តី លោកបានអះអាងថា វិស័យអាកាសចរណ៍ពេលនេះកំពុងដំណើរការឡើងវិញ ជាពិសេសឆ្នាំនេះ និងឆ្នាំក្រោយ អាកាសយានដ្ឋានអន្តរជាតិធំៗថ្មីចំនួន៣ ត្រូវបានកំណត់ពេល ដើម្បីបើកប្រតិបត្តិការរសេវាកម្មទទួលអ្នកដំណើរ។

លោកថា “ដូច្នេះហើយ វិស័យអាកាសចរណ៍ត្រូវការបច្ចេកវិទ្យា និងគំនិតថ្មីៗ ដែលដំណើរការដោយទិន្នន័យ អាកាសចរណ៍មានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការចរាចរណ៍កាន់តែខ្ពស់ ខណៈពេលដែលការរក្សាប្រតិ​បត្តិការដែនអាកាស ត្រូវការឲ្យកាន់តែមានសុវត្ថិភាពថែមទៀត”។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ទិន្នន័យអាកាសចរណ៍ដែលខូច ឬខុស ដែលប្រើលើក្រដាស អាចប៉ះពាល់ដល់សុវត្ថិភាព នៃការធ្វើចរាចរណ៍តាមផ្លូវអាកាស។ ហេតុដូចនេះ ចាំបាច់យើងត្រូវធ្វើពីការប្រែទិន្នន័យព័ត៌មានអាកាសចរណ៍លើក្រដាស ទៅជាទិន្នន័យព័ត៌មានអាកាសចរណ៍ តាមបែបឌីជីថល។ ការបោះពុម្ពផ្សាយព័ត៌មានអាកាសចរណ៍ ចេញដោយប្រទេសនីមួយៗ ដែលមានទិន្នន័យអាកាសចរណ៍ និងព័ត៌មានច្បាស់លាស់ ចាំបាច់ណាស់សម្រាប់ការនាំផ្លូវអាកាស។

លោកបញ្ជាក់ថា មុខងារចម្បងនៃការផ្លាស់ប្តូរពីប្រពន្ធ័ Aeronautical Information Service-AIS និង Aeronautical Information Management-AIM មិនគួរមើលរំលង និងគួរផ្តល់អាទិភាពខ្ពស់។ ម្យ៉ាងទៀត ការផ្លាស់ប្តូរនិងតម្រូវការនៃការគ្រប់គ្រងព័ត៌មាន អាកាសចរណ៍តាមបែប AIM មានការណែនាំ និងចែងនៅក្នុងផែនការរនាំផ្លូវអាកាសសកលរបស់ អង្គការអាកាសចរស៊ីវិលអន្តរជាតិ -ICAO (GANP) និងបានកំណត់នៅក្នុង ផែនការនាំផ្លូវអាកាសអាស៊ានផងដែរ៕

ស្រ្តីជនជាតិជប៉ុនម្នាក់បានផ្តល់ដីដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីសាងសង់សួនសាធារណៈសម្រាប់ប្រជាជន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកស្រីមិឈិកូ កាន់ហ្សាគិបានធ្វើតាមបណ្តារបស់ស្វាមី មុនពេលលោកស្លាប់ ដែលបានផ្តាំអ្នកស្រីឲ្យបរិច្ចាកដីទំហំចន្លោះពី២ទៅ៣ហិកតា ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ សាងសង់សួនសាធារណៈសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានកន្លែងលំហែរកំសាន្ត។

ស្ត្រី​ជប៉ុន ​ ជា​អតីត​ភរិយា​ពាណិជ្ជករ​ជប៉ុន​ម្នាក់ ​បាន​សម្រេច​បរិច្ចាគ​ផ្ទៃដី​ទំហំ​ខាងលើ ស្ថិតនៅ​ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​ឱ្យទៅ​រដ្ឋបាល​រាជធានី​-​ភ្នំពេញ ដើម្បី​រៀបចំ​សួន​ដើមឈើ សម្រាប់​សាធារណជន​។

លោក កូជិ កាន់ហ្សាគិ ជា​ពាណិជ្ជករ​ជប៉ុន​ដែល​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំមុនពេល​ស្លាប់​ បាន​ប្រាប់​ទៅ​ភរិយា​របស់លោក គឺ​លោកស្រី មិឈិកូ កាន់ហ្សាគិ ធ្វើ​ជំនួយ​សប្បុរសធម៌​ជា​ផ្ទៃ​ទំហំ​២-៣​ ហិកតា​ឱ្យដល់​សាលាក្រុង​ភ្នំពេញ។

​កិច្ចព្រមព្រៀង​ស្ដីពី​ការប្រគល់ និង​ទទួល​ដី​នេះ ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ ២០២២​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ដោយ​លោកហុក ហួលីម នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​លោកស្រី មិឈិកូ ក្រោម​អធិបតីភាពលោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

លោក ម៉េត មាសភក្ដី ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍កាលពី​ព្រឹក​មិញ ​ពី​គោលបំណង​របស់​កម្មវិធី​ ការប្រគល់​ជូន និង​កិច្ចព្រមព្រៀង​នេះ​ថា​ “នេះ​ជា​ជំនួយ​របស់​សប្បុរសជន​ ជនជាតិ​ជប៉ុន លោក កូជិ កាន់ហ្សាគិ ដែល​ពី​ដើម​គាត់​ជា​ពាណិជ្ជករ គាត់​បានមក​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ ហើយ​គាត់​ក៏មាន​ធ្វើ​សកម្មភាព ​ចូលរួម​ក្នុងន័យ​សប្បុរសធម៌​ក៏​ច្រើនលើក​”។

លោក​បាន​បន្តទៀតថា​ អ្វី​ដែលជា​រឿង​ពាក់ព័ន្ធ​ ជាមួយ​ទីតាំង​សួន​នេះ បើទោះជា​គាត់​បាន​ខូច​ហើយ តែ​គាត់​បានផ្ដល់​ជូន​ តាមរយៈ​ក្រុមគ្រួសារ​របស់គាត់​។ គាត់​ប្រគល់​មកជា​ដី​ទទេ​ទេ ដែលមាន​ទំហំ២-៣ ហិកតា​ឱ្យ​សាលា​រាជធានី​គ្រប់គ្រង ហើយនឹង​រៀបចំ​ទៅជា​សួន​ដើមឈើ ល្អ​ដល់​បរិ ស្ថាន និង​ជា​ខ្យល់​ដង្ហើម ដែលជា​គោលបំណង​របស់គាត់ ជា​ការចូលរួម​នៅក្នុង​កម្ពុជា​ដោយ​​ក្ដី​ស្រឡាញ់​ដល់​ប្រទេស​ខ្មែរ​យើង។
ទោះជាយ៉ាងណា សាលា​រាជធានី​ភ្នំពេញ ​មិនទាន់​មាន​ផែនការ​ជាក់លាក់​នៅឡើយ​ទេ៕

តោះមើលពីតម្លៃសាំងក្នុងបណ្តាប្រទេសអាស៊ានទាំង១០ ក្នុងសប្តាហ៍នេះ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្នុងសប្តាហ៍នេះតម្លៃប្រេងសាំង នៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខណៈកម្ពុជាបន្តឡើង៥០រៀលទៀត សម្រាប់លក់ក្នុងមួយលីត្រ។

ចង់ដឹងតើតម្លៃសាំងនៅតាមបណ្តាប្រទេសនិមួយៗ ក្នុងតំបន់អាស៊ាន​មានលក់ក្នុងតម្លៃប៉ុន្មាន ក្នុងមួយលីត្រសូមអាននូវព៌តមានខាងក្រោមនេះ។

១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០​ រៀល) ក្នុងមួយលីត្រ។
២. ម៉ាឡេស៊ី តម្លៃ ០.៤៧ ដុល្លារ (១,៩០០​ រៀល) ក្នុងមួយលីត្រ។

៣. ឥណ្ឌូណេស៊ី តម្លៃ ១.២០ ដុល្លារ (៤,៩០០ រៀល) ក្នុងមួយលីត្រ។
៤. វៀតណាម តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ។

៥. ថៃ តម្លៃ ១.៣០ ដុល្លារ (៥,២០0 រៀល) ក្នុងមួយលីត្រ។
៦. មីយ៉ាន់ម៉ា តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ។

៧. កម្ពុជា តម្លៃ ១.៣៩ ដុល្លារ (៥,៦៥០ រៀល) ក្នុងមួយលីត្រ។
៨. ហ្វីលីពីន តម្លៃ ១.៤៨ ដុល្លារ (៦,០០០ រៀល) ក្នុងមួយលីត្រ។

៩. ឡាវ តម្លៃ ១.៦៥ ដុល្លារ (៦,៦០០ រៀល) ក្នុងមួយលីត្រ។
១០. សិង្ហបុរី តម្លៃ ២.២៦ ដុល្លារ (៩,០៥០ រៀល) ក្នុងមួយលីត្រ៕