តោះមើលពីតម្លៃសាំងក្នុងបណ្តាប្រទេសអាស៊ានទាំង១០ ក្នុងសប្តាហ៍នេះ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្នុងសប្តាហ៍នេះតម្លៃប្រេងសាំង នៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខណៈកម្ពុជាបន្តឡើង៥០រៀលទៀត សម្រាប់លក់ក្នុងមួយលីត្រ។

ចង់ដឹងតើតម្លៃសាំងនៅតាមបណ្តាប្រទេសនិមួយៗ ក្នុងតំបន់អាស៊ាន​មានលក់ក្នុងតម្លៃប៉ុន្មាន ក្នុងមួយលីត្រសូមអាននូវព៌តមានខាងក្រោមនេះ។

១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០​ រៀល) ក្នុងមួយលីត្រ។
២. ម៉ាឡេស៊ី តម្លៃ ០.៤៧ ដុល្លារ (១,៩០០​ រៀល) ក្នុងមួយលីត្រ។

៣. ឥណ្ឌូណេស៊ី តម្លៃ ១.២០ ដុល្លារ (៤,៩០០ រៀល) ក្នុងមួយលីត្រ។
៤. វៀតណាម តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ។

៥. ថៃ តម្លៃ ១.៣០ ដុល្លារ (៥,២០0 រៀល) ក្នុងមួយលីត្រ។
៦. មីយ៉ាន់ម៉ា តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ។

៧. កម្ពុជា តម្លៃ ១.៣៩ ដុល្លារ (៥,៦៥០ រៀល) ក្នុងមួយលីត្រ។
៨. ហ្វីលីពីន តម្លៃ ១.៤៨ ដុល្លារ (៦,០០០ រៀល) ក្នុងមួយលីត្រ។

៩. ឡាវ តម្លៃ ១.៦៥ ដុល្លារ (៦,៦០០ រៀល) ក្នុងមួយលីត្រ។
១០. សិង្ហបុរី តម្លៃ ២.២៦ ដុល្លារ (៩,០៥០ រៀល) ក្នុងមួយលីត្រ៕

ទីផ្សារអចលទ្រព្យមួយចំនួននឹងមានការធ្លាក់ចុះនៅពេលដែលវិបត្តិពិភពលោកវិលទៅរកភាពប្រក្រតីវិញ

ដោយៈ លាងហួរ

ពិភពលោកៈ  វិបត្តិទីផ្សារអចលនទ្រព្យសកល បានផ្ទុះឡើងក្នុងអំឡុ​ងជំងឺរាតត្បាត ខណៈដែលពេលនេះ អតិថិជនបានចាប់ផ្តើមទិញលំនៅឋានបន្ថែមទៀត ប៉ុន្តែវាទំនងជាហួសពេលហើយ ខណៈដែលអត្រាការប្រាក់បានកើនឡើង ហើយអតិផរណាតម្លៃផ្ទះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។ នេះបើតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters។

តម្លៃលំនៅឋានបានកើនឡើងដ៏ខ្ពស់ រហូតដល់៥០%ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតម្លៃនេះអាចនឹងមានលំនឹង និងធ្វើឲ្យតម្លៃនេះក៏អាចមានការធ្លាក់ចុះតិចតួច នៅឆ្នាំ២០២៣នៅក្នុងប្រទេសមួយចំនួន ។នេះបើយោងតាមអ្នកវិភាគទីផ្សារ អចលនទ្រព្យពិភពលោកសំខាន់ៗចំនួន៩។

ប៉ុន្តែអ្នកវិភាគទីផ្សារអចលនទ្រព្យ ក៏បានព្យករណ៍ផងដែរថា ការធ្លាក់ចុះនៃអតិផរណាតម្លៃផ្ទះ មិនបានធ្វើអោយលំនៅដ្ឋាន មានតម្លៃសមរម្យនោះទេ ជាពិសេសសម្រាប់អ្នកទិញលើកដំបូង  ខណៈដែលតម្លៃមូលដ្ឋាននៃការរស់នៅ និងអត្រាកម្ចីទិញផ្ទះបានកើនឡើងជាលើកដំបូង។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank បានមានប្រសាសន៍ថា “ល្បឿននៃកំណើនសេដ្ឋកិច្ច នៅទូទាំងពិភពលោកមានការធ្លាក់ចុះ នោះតម្លៃនៃលំនៅដ្ឋានប្រាកដជា មានការធ្លាក់ចុះតិចតួចតែប៉ុណ្ណោះ”។

សម្រាប់ពេលនេះ អ្នកជំនាញផ្នែកអចលនទ្រព្យភាគច្រើន នៅតែព្យា​ករណ៍ថាតម្លៃផ្ទះមិនធ្លាក់ចុះសូម្បី១០% ខណៈដែលអតិផរណាលំនៅដ្ឋាននឹងថយចុះយ៉ាងខ្លាំង ដែលអាចមកនៅត្រឹមទាបជាងអត្រាតម្លៃផ្ទះ ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន៕

អគ្គនាយក ERA ថា កំណើនពលរដ្ឋកម្ពុជារស់នៅក្នុងខុនដូជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ធ្វើពិពិធកម្ម

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កំណើនប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូ សម្រាប់ស្នាក់នៅកាន់តែមានចំនួនច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសចាប់តាំងពីកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យបរទេសចូលមកកម្ពុជាមានចំនួនតិចតួច និងពលរដ្ឋកម្ពុជាមិនអាចចេញក្រៅប្រទេស។

ការកើនឡើងនៃពលរដ្ឋកម្ពុជា ទិញខុនដូកាន់តែច្រើននេះ បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ធ្វើពិពិធកម្ម លើការសាងសង់ ដើម្បីតម្រូវទៅលើពលរដ្ឋក្នុងស្រុក។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍នាព្រឹកថ្ងៃទី២ មិថុនានេះថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាពិសេសចាប់តាំងពីរដ្ឋាភិបាល បើកប្រទេសឡើងវិញឃើញថា ប្រជាពល​រដ្ឋក្នុងស្រុក បានទិញខុនដូកាន់តែមានចំនួនឡើង ជាក់ស្ដែងអតិថិជនរបស់ក្រុមហ៊ុន ERA រយៈពេលប៉ុន្មានខែនេះ ភាគច្រើនគឺជាអតិថិជនក្នុងស្រុក ដែលមានប្រមាណ៩៥ភាគរយ។

លោកបន្តថា “ចំនួននេះ គឺជាតួលេខខ្ពស់ និងជាសញ្ញានៃការកើនឡើងប្រជាពលរដ្ឋក្នុងស្រុកងាកទៅរស់នៅក្នុងខុនដូ”។ លោកបន្តថា ការកើនឡើង ចំនួនប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូ ដើម្បីស្នាក់នៅនេះដែរ ក៏បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូមួយចំនួន ចាប់ផ្ដើមកែប្រែការអភិវឌ្ឍរបស់ខ្លួន តម្រូវសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ខុសកាលពីការអភិវឌ្ឍខុនដូដំបូងៗ ដែលតម្រូវសម្រាប់អតិថិជនក្រៅប្រទេស”។

ការផ្លាស់ប្តូរនេះ រួមមាន កែប្រែទាំងតម្លៃ និងការរចនានៅក្នុងអគារខុនដូផងដែរ ។

លោកខន គង្គាបានរំពឹងថា កំណើននៃប្រជាពលរដ្ឋកម្ពុជាងាកទៅរស់ក្នុងខុនដូនៃប្រទេសកម្ពុជា នឹងកាន់តែមានចំនួនច្រើនឡើងៗ ខណៈកំណើ​នប្រាក់ចំណូល និងតម្រូវការលំនៅឋានក៏មានចំនួនច្រើនដូចគ្នាផងដែរ ។

យ៉ាងណាក្ដីក្នុងឆ្នាំ២០២២នេះ គម្រោងខុនដូមួយចំនួនត្រូវបានមើលឃើញថាហាក់នៅទ្រឹង ស្របពេលអ្នកជំនាញមួយចំនួន បានមើលឃើញពីឱកាសនៃការវិនិយោគខុនដូ ក្នុងប្រទេសកម្ពុជានៅតែខ្ពស់ ជាពិសេសរយៈពេលប៉ុន្មានឆ្នាំខាងមុខ រំពឺងថាទីផ្សារខុនដូនឹងកើនឡើងខ្ពស់ និងទាមទារ ឱ្យមានការវិនិយោគបន្ថែម ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញពីចំនួនខុនដូដែលរំពឹងថា ផ្គត់ផ្គង់លើទីផ្សារក្នុងឆ្នាំ២០២២នេះ មានចំនួនជាង ១៣,០០០យូនីត ប៉ុន្តែរយៈពេល១ត្រីមាសដំបូងការផ្គត់ផ្គង់ខុនដូ ទៅលើទីផ្សារមានចំនួនតិចតួចនៅឡើយ៕

តើលំហូរចូលនៃក្រុមហ៊ុនលក់រាយបរទេសកាន់តែច្រើនជាឱកាសឬបញ្ហាប្រឈម?

ដោយៈសុផារី

ភ្នំពេញៈ ស្របពេលកម្រិតជីវភាព និងការចាយវាយរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរឡើង គេសង្កេតឃើញលំហូរនៃក្រុមហ៊ុនលក់រាយកម្រិតអន្តរជាតិកាន់តែច្រើនឡើង ក្នុងទីផ្សារប្រទេសកម្ពុជា និងបានចូលមកប្រកួតប្រជែង និងដណ្តើមចំណែកទីផ្សារពីអាជីវកម្មប្រពៃណី។

តើលំហូរចូលនៃក្រុមហ៊ុនលក់រាយបរទេស កាន់តែច្រើនជាឱកាស ឬបញ្ហាប្រឈមសម្រាប់អាជីវកម្មបែបប្រពៃណីនៅកម្ពុជា?។

លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១ មិថុនាថា “វត្តមានផ្សារធំៗ ដូចជាផ្សារទំនើប Aeon Makro ជាដើមដែលកំពុងតែមានអាទិភាព នៅក្នុងប្រទេសកម្ពុជានាពេលនេះ ខ្ញុំគិតថាវាមានផលចំណេញច្រើនចំពោះចលនាសេដ្ឋកិច្ចកម្ពុជា”។

លោកបណ្ឌិតបន្តថា ដោយសារទី១ នាំមកនូវការវិនិយោគទុន យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សារកម្ពុជា ទី២ ការបង្កើតការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងចំណុចមួយទៀត ការនាំចូលនូវផលិតផលផ្សេងៗ ក្នុងការលក់ និងអាចទទួលបានលំហូរពន្ធនាំចូល ជាពិសេស ក្រុមផ្សារទាំងនោះ ក៏មានកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការនាំយកផលិ​តផលកម្ពុជាយើង ទៅលក់ក្នុងផ្សារផងដែរ។ បន្ថែមលើសនេះ កម្ពុជាក៏ទទួលបានចំណូលពន្ធ VAT ចាក់បញ្ចូលក្នុងចំណូលជាតិផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់បន្ថែមថា ផ្សារធំៗ ដូចជា Aeon មានហាងម៉ាកល្បីៗតូចៗជាច្រើន ដែលតាំងលក់នៅក្នុងនោះ ត្រូវបង់ VAT ក្នុងចំណូលរបស់រដ្ឋាភិបាល ដែលអាចជួយលើកស្ទួយដល់សេដ្ឋកិច្ចរបស់កម្ពុជាបានមួយកម្រិតថែម។

ឆ្លើយតបនឹងសំណួរថាតើមានផលប៉ះពាល់ដែរឬទេ លោកបានបញ្ជា​ក់ថា វាតែងតែមាន ប៉ុន្តែប្រសិនបើធ្វើការថ្លឹងថ្លែងមើលទៅ លោកបណ្ឌិតឃើញថា មានផលចំណេញច្រើនជាង ដោយសារប្រទេសអភិវឌ្ឍន៍ ឬប្រទេ​សកំពុងអភិវឌ្ឍន៍ ចាំបាច់ណាស់ត្រូវមានការវិនិយោគទុនទាំងធំ ទាំងតូចផង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ លើកស្ទួយមុខមាត់ប្រទេសជាតិ បង្កើនភាពទាក់ទាញវិនិយោគិនផ្សេង និងធ្វើឱ្យមានចរន្តសេដ្ឋកិច្ចក្នុងសង្គម រវាងផ្សារប្រភេទធំៗ និងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងមីក្រូហិរញ្ញវត្ថុ។ កត្តាទាំងនេះរួមផ្សំគ្នា នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចមានសកម្មភាពខ្លាំងក្លាឡើង។

លោកបណ្ឌិតបន្តថា “ខ្ញុំគិតថាមិនមានផលប៉ះពាល់ទេ ព្រោះម៉ាតតូចៗ នៅតាមផ្ទះរបស់ប្រជាជន វាអាស្រ័យទៅតាមជម្រើសអ្នកទិញទេ ព្រោះប្រសិនបើអ្នកទិញគាត់មានជម្រើស ថាតម្រូវការរបស់គាត់មានត្រឹមតែម៉ាតនៅតាមផ្ទះនៅក្បែរ គាត់នឹងទិញទំនិញនៅតាមម៉ាតទាំងនោះ”។

បន្ថែមលើសនេះ លោកបណ្ឌិតថា នេះនឹងជំរុញឱ្យកាន់តែមានការកែលំអ និងអភិវឌ្ឍន៍សេវាកម្ម និងផលិតផលបន្ថែមទៀតផងដែរ។ លោកបណ្ឌិតបញ្ជាក់ថា “នៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង ជាដើម ស្ថានភាពបែបនេះមិនខុសគ្នាឡើយ គឺវាអាស្រ័យតាមតម្រូវការរបស់អតិថិជន”។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ជាក់ស្តែងវាជាចំណុចល្អ ដែលក្រុមហ៊ុនធំៗបានចូលមកក្នុងប្រទេស ប៉ុន្តែវាប៉ះពាល់ដល់ចាប់ហួយរបស់យើង។ អាជីវករនៅតាមផ្ទះអាចនឹងប៉ះពាល់ ព្រោះម៉ាតភាគច្រើន តែងតែមានស្តង់ដារច្បាស់លាស់ មានកាលបរិច្ឆេទត្រឹមត្រូវ និងភាពរៀបរយលើគុណភាពនៃទំនិញរបស់ខ្លួន​។

លោកបន្តថា “ទំនុកចិត្តរបស់អតិថិជនភាគច្រើន ផ្អែកលើម៉ាតច្រើនជាងហើយ។ ចាប់ហួយដែលជាមុខរបរបុរាណរបស់បងប្អូនយើង អាចមានបញ្ហាប្រឈម”។

លោកឧកញ៉ាបញ្ជាក់ថា ក្នុងរូបភាពសេដ្ឋកិច្ច ជាទូទៅការចូលមកនៃក្រុមហ៊ុនលក់រាយធំៗ មកកាន់ប្រទេសកម្ពុជា ជារឿងល្អ ដែលក្រុមហ៊ុនស្តង់ដារអន្តរជាតិ ហូរចូលមកកាន់ប្រទេសកម្ពុជាយើង ស្របនឹងកម្រិតជីវភាព និងស្តង់ដារ នៃការរស់នៅរបស់ប្រជាជនយើង ដែលកំពុងមានភាពល្អប្រសើរឡើង។

ក្រុមហ៊ុនលក់រាយអន្តរជាតិ 7-Eleven និងក្រុមហ៊ុន Aeon Mall ជាដើម បាននិងកំពុងពង្រីកសាខាបន្ថែមទៀត នៅក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តសក្តានុពលសំខាន់ៗជាច្រើន។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Makro បានប្រកាសពីគម្រោងពង្រីកសាខាធំមួយទៀត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។

ចំណែកក្រុមហ៊ុន Big C Supercenter ក៏បានប្រកាសពីការឈានជើងខ្នាតធំ ចូលមកកាន់ក្រុងភ្នំពេញ ហើយគ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានព្រមានថា ទំហំផ្សារទំនើបលក់រាយនៅកម្ពុជាចាប់ផ្តើមមានសញ្ញាផ្គត់ផ្គង់ លើសតម្រូវការបណ្តើរៗហើយ ដោយបច្ចុប្បន្នចំនួនផ្សារទំនើបនៅកម្ពុជាមានចំនួនច្រើន ប៉ុន្តែគំរោងខ្លះបានដាក់ទីតាំងមិនសមស្រប ដោយស្ថិតនៅលើផ្លូវតូចៗ និងស្ថានភាពមិនអំណោយផលដទៃទៀត។

ជាក់ស្តែងផ្សារទំនើបក្នុងស្រុកមួយចំនួនបាននិងកំពុងបិទទ្វារ ដូចជាផ្សារទំនើបសុវណ្ណា ផ្សារទំនើប City Mallកំពុងបិទផ្នែកខ្លះ និងផ្សារទំនើបដទៃទៀតក៏កំពុងប្រឈម នឹងនិន្នាការធ្លាក់ចុះនូវអត្រាជួលផងដែរ។

អ្នកស្រីអាន សុធីតាបានបន្តថា “ការអភិវឌ្ឍផ្សារទំនើបមានផលចំណេ​ញខ្ពស់ពីការវិនិយោគ ប៉ុន្តែទាមទារការធ្វើបច្ចុប្បន្នភាព រៀងរាល់៥ឆ្នាំ ម្តង ប៉ុន្តែតម្រូវការទីផ្សារ និងអំណាចនៃការទិញនៅមានកម្រិត ក៏ជាសញ្ញាត្រូវពិចារណាផងដែរ”៕

ក្រុមហ៊ុន Vietnam Airlines លក់ភាគហ៊ុនតម្លៃ ៣៥លានដុល្លារដើម្បីផ្ដាច់ខ្លួនចេញពី Cambodia Angkor Air

ដោយៈសុខុម

ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានប្រកាសកាលពីថ្ងៃទី២៧ ខែឧសភាកន្លងមកថា ខ្លួនបានបញ្ចប់ដំណើរការផ្ទេរភាគហ៊ុន៣៥%របស់ខ្លួន នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air ឱ្យទៅភាគហ៊ុនិកថ្មីជាស្ថាពរហើយ ក្រោមការព្រមព្រៀងរវាងភាគីទាំង២ក្នុងកិច្ចសន្យាផ្ទេរភាគហ៊ុន។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានបញ្ជាក់ថា បន្ទាប់ពីការផ្ទេរនេះ ក្រុមហ៊ុន Cambodia Angkor Air លែងជាប់ពាក់ព័ន្ធនឹងខ្លួនទៀតហើយ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១ ខែមិថុនា។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុមួយបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះ បានទទួលប្រាក់មួយលើកចំនួន៣០លានដុល្លារអាមេរិក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងមួយលើកទៀតចំនួន៤លានដុល្លារអាមេរិក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ពីអ្នកវិនិយោគសម្រាប់ការទិញយកភាគហ៊ុនក្នុងក្រុមហ៊ុន Cambodia Angkor Air។

ក្រុមហ៊ុននេះ ក៏បានទទួលប្រាក់កក់ចំនួន១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ផងដែរ។ ទឹកប្រាក់សរុបចំនួន៣៥លានដុល្លារអាមេរិក ខាងលើនេះ គឺជាការទូទាត់ថ្លៃទិញយកភាគហ៊ុនទាំង៣៥% របស់ខ្លួននៅក្នុងក្រុមហ៊ុន Cambodia Angkor Air។

ការទូទាត់ទើបតែធ្វើឡើងក្នុងឆ្នាំ២០២២ នេះប៉ុណ្ណោះ ប៉ុន្តែការផ្ទេរកម្មសិទ្ធិភាគហ៊ុនធ្វើឡើងតាំងពីឆ្នាំ២០២១ មកម៉្លេះ។

ប្រាក់ចំណូលដែលបានពីការលក់ភាគហ៊ុននេះ ជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines កាត់បន្ថយបានមួយចំនួនធំនូវការខាតបង់របស់ខ្លួនក្នុងឆ្នាំ២០២១។

ក្រុមហ៊ុនអាកចរណ៍ Cambodia Angkor Air ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines និងរាជរដ្ឋាភិបាលកម្ពុជា៕ Vietnam News៕

ការផ្តោតលើទីធ្លាសាធារណៈ និងតំបន់បៃតងកំពុងក្លាយជាមូលដ្ឋានគន្លឹះនៃការរស់នៅរបស់អភិជន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការវិនិយោគលើទីធ្លាសាធារណៈ តំបន់បៃតង ការលំហែរអារម្មណ៍ នឹងធ្វើឲ្យអ្នករស់នៅមានភាពស្រស់ស្រាយ និងមនោរម្យ ដែលកាន់តែធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងកសាងមូលសុភមង្គលក្នុងក្រុមគ្រួសារ។

អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ មិថុនានេះថា ជាមួយនឹងរសនិយម និងនិន្នាការរស់នៅសម័យថ្មីរបស់ប្រជាពលរដ្ឋ ដែលចូលចិត្តធម្មជាតិ និង​និយមការហាត់ប្រាណ ដើម្បីថែររក្សាសុខភាព ទើបបុរីវិមានសំណាងបាននិងកំពុងកសាហហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានសួនច្បារដ៏ធំមួយសំរាប់​ការដើរហាត់ប្រាណ មានកន្លែងធ្វើអាជីវកម្ម ពិសេសមានដងព្រែកធម្មជាតិ ដែលផ្តល់ឲ្យបរិយាកាសរស់នៅ ពោរពេញដោយផាសុខភាព។

លោកជំទាវបន្តថា “អ្វីដែលយើងផ្តោតសំខាន់ពេលនេះ គឺផ្តល់ឲ្យអតិ​ថិជននូវតម្លៃពិសេសមួយ ព្រោះយើងកំពុងកសាងគុណតម្លៃ ជាជាងប្រាក់ចំណេញតែមួយមុខ”។ លោកជំទាវបានបន្តថា “ដោយសារយើងផ្តោតលើម៉ូតផ្ទះធំទូលាយ មានរចនាបទរសរវើក បានធ្វើឲ្យទំហំចំណាយរបស់​យើងមានលើសពី២០ ទៅ៣០ភាគរយ បើធៀបនឹងម៉ូតផ្ទះសាមញ្ញៗ”។

ជាមួយគ្នានេះ បុរីវិមានសំណាងនឹងបើកសម្ភោធផ្ទះគំរូ នាខែកក្កដាខាងមុខនេះហើយ ដែលមានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកជំទាវគង់ សំណាងបានបន្តថា ជាមួយនឹងការសិក្សាពីរសនិយ​ម និងចំណង់ចំណូលចិត្តរបស់អតិថិជន មុនពេលយើងវិនិយោគបុរីនេះ បានធ្វើឲឲ្យល្បឿននៃការលក់របស់យើង សម្រេចបានលើសផែនការ ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះអស់ជាង២០ភាគរយហើយ លើគំរោងដំណាក់កាលទី១។

លោកជំទាវបន្តថា “ការសម្រេចចិត្តវិនិយោគបុរី ដែលផ្តោតលើអ្នកមានប្រាក់ច្រើននេះ ដោយយសារជីវភាពរបស់ប្រជាពលរដ្ឋយើងកើនឡើង ពិសេសចំនួនអ្នកមានជីវភាពធូរធារ នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋានប្រភេទនេះ មានចំនួនកើនឡើងជាស្វ័យប្រវត្តិ៕

លោកបណ្ឌិតគីម ហ៊ាងៈ អ្នកមាននៅកម្ពុជា ៧០ភាគរយមានបានដោយសារដីធ្លី

ដោយៈជេស៊ីកា

ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បាន​ថ្លែងថា ការវិនិយោគដីធ្លីមានភាពពេញនិយមនៅកម្ពុជា ដោយអ្នកមានប្រាក់ច្រើនក្នុងរង្វង់ ៧០ភាគរយ ទទួលភាពមានបានដោយសារដីធ្លី។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ មិថុនានេះថា ​ផលចំណេញពីការវិនិយោគដីធ្លី នៅកម្ពុជាមានផលចំណេញច្រើន គឺដោយសារតង់ស៊ីតេរបស់ប្រជាពលរដ្ឋ ដែលមានអាយុក្មេងវ័យចាប់ពីអាយុ៤៤ឆ្នាំចុះ មានប្រមាណ១១លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១៧លាននាក់។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាឈានពីប្រទេសតតិយ​លោក មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅកាន់ទៅកាន់ប្រទេសមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខ”។ លោកឧកញ៉ាបន្តថា “ចំណែកកត្តាមួយទៀត គឺកម្ពុជាមានស្ថេរភាពនយោ​បាយ មិនដូចមនុស្សមួយចំនួនមិនធ្លាប់មកកម្ពុជាចេះតែនិយាយផ្តេសផ្តាសឡើយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ នយោបាយកម្ពុជាមានលំនឹងល្អណាស់”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា កត្តាសំខាន់ទី២ លំហូរទុនវិនិយោគពីបរទេសច្រើន ព្រោះប្រជាពលរដ្ឋកម្ពុជាមានបេះដូងទូលាយ មានភាពរួសរាយរាក់ទាក់ រៀនគ្រប់ភាសា ដែលធ្វើឲ្យកម្ពុជាមានភាពទាក់ទាញទុនវិនិយោគពីបរទេស គួរផ្សំនឹងការរីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងមូលដ្ឋានច្បាប់វិនិយោគដ៏ល្អ។

លោកបន្តថា ប្រភពទុនវិនិយោគចំនួនប្រភេទ៣ អាចជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំង មានដូចជា ទី១ អ្នកវិនិយោគក្នុងស្រុក ដែលពួកគាត់បញ្ចេញលុយវិនិយោគ ព្រោះនៅកម្ពុជាមានអ្នកមានក្នុងស្រុកច្រើន បើពួកគាត់បញ្ចេញទុនវិនិយោគច្រើន នឹងជួយសេដ្ឋកិច្ចយើងបានកាន់តែប្រសើរ ទី២ ទុនវិនិយោគពីបរទេស ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគចិនបានដើរតួនាទីសំខាន់ណាស់ ក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យអចលនទ្រព្យ និងទី៣ ពេលអញ្ជើញទៅកាន់អាមេរិក និងប្រទេសស្វីស សម្តេចតេជោនឹងពិចារណាពីលទ្ធភាពក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលនេះជាសញ្ញាដ៏ល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

ទី៣ បើពួកគាត់(ខ្មែរនៅក្រៅប្រទេស) ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយ យើងទាក់ទាញឲ្យពួកគាត់មកវិនិយោគនៅកម្ពុជា ពិតជាសំខាន់ណាស់ ព្រោះទុនវិនិយោគរបស់អ្នកមានខ្មែរនៅក្រៅប្រទេស ទំហំទុនវិនិយោគរបស់ពួកគាត់ មានមិនតិចជាងទុនវិនិយោគពីជនបរទេសនោះទេ។

លោកឧកញ៉ាបណ្ឌិតបានបន្តថា “ប្រសិនជាយើងមានប្រភពទុនទាំងបីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែរីកចម្រើនលឿនជាងមុនបន្ថែមទៀត”៕

អ្នកជំនាញវៀតណាមស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាច្បាប់អចលនទ្រព្យទេសចរណ៍ឱ្យបានច្បាស់លាស់

ដោយ៖ លាងហួរ

វៀតណាម៖ អ្នកជំនាញអចលនទ្រព្យវៀតណាម បានទទូចឱ្យរដ្ឋាភិបាលបញ្ជាក់ពីទិដ្ឋភាពច្បាប់នៃអចលនទ្រព្យបម្រើឱ្យវិស័យទេសចរណ៍ រួមមាន ខុនដូថែល (Condotel) វីឡាទេសចរណ៍ និងផ្ទះអាជីវកម្ម ដើម្បីការពារផលប្រយោជន៍អ្នកទិញនិងអ្នកលក់ ហើយជួយស្តារវិស័យទេសចរណ៍ឡើងវិញ។

លោក Nguyễn Văn Quyền ប្រធានសមាគមគណៈមេធាវីវៀតណាម បានមានប្រសាសន៍ថា ភាពស្របច្បាប់ នៃអចលនទ្រព្យទាំងនេះ ត្រូវតែបញ្ជាក់ឱ្យច្បាស់លាស់ ប៉ុន្តែក្របខ័ណ្ឌច្បាប់នៅតែមិនគ្រប់គ្រាន់ ដែលបង្កជាការលំបាក និងភាពមិនស៊ីសង្វាក់គ្នា ដល់ការគ្រប់គ្រង ដែលធ្វើឱ្យមានការព្រួយបារម្ភទាំងអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍។

យោងតាមការបញ្ជាក់ពីប្រធានសមាគមរូបនេះ មានការរីកចម្រើនជាច្រើន ក្នុងនោះ មានខុនដូថែល ចំនួន២ម៉ឺន និងវីឡា ចំនួន៥០០០កន្លែង ក្នុង១៥រដ្ឋធានី-ខេត្តទូទាំងប្រទេស ដែលភាគច្រើនសាងសង់រួចរាល់ និងលក់អស់ ប៉ុន្តែកំពុងប្រឈមមុខនឹងបញ្ហាទាក់ទងនឹងផ្លូវច្បាប់។

លោកបណ្ឌិត Cấn Văn Lực សមាជិកក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុជាតិ បានលើកឡើងថា អចលនទ្រព្យទេសចរណ៍ មិនត្រូវបានលើកឡើង នៅក្នុងច្បាប់ភូមិបាលវៀតណាមទេ ដូច្នេះមិនមានសិទ្ធិទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិទេ។

លោកបានបន្ថែមថា វាមានសារៈសំខាន់ណាស់ ក្នុងការមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ សម្រាប់ប្រភេទអចលនទ្រព្យទេសចរណ៍នីមួយៗ និងសម្រាប់តំបន់រួម នៅក្នុងអគារផ្ទះល្វែង បន្ទប់ក្រោមដី និងចំណែកនៃថ្លៃថែទាំ។ ទិដ្ឋភាពសំខាន់បំផុត គឺនិយមន័យផលិតផល គោលបំណង ស្តង់ដារបច្ចេកទេស និងភាពជាម្ចាស់អចលទ្រព្យ។

លោកបណ្ឌិត Nguyễn Văn Đính អនុប្រធាន និងជាអគ្គលេខាធិការ នៃសមាគមឈ្មួញជើងសាអចលនវត្ថុវៀតណាម បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែចេញសារាចរមួយ ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់ជាបន្ទាន់ ដែលអចលនទ្រព្យទេសចរណ៍កំពុងប្រឈមមុខ ដើម្បីការពារផលប្រយោជន៍របស់អ្នកវិនិយោគ។

យោងតាមសមាគមឈ្មួញជើងសាអចលនទ្រព្យវៀតណាម គិតត្រឹមខែកញ្ញាឆ្នាំមុន ប្រទេសវៀតណាម មានគម្រោងអចលនទ្រព្យទេសចរណ៍ ចំនួន២៣៩ ក្នុងនោះមាន ខុនដូថែលចំនួន១១៤.០៩៧ ផ្ទះវីឡាទេសចរណ៍២៤.៣៩៩ និងហាងទំនិញចំនួន៣០.៨៩៩៕

អ្នកជំនាញរំពឹងសន្ទុះតម្លៃដីធ្លីគុណនឹង៤ ក្រោយកាស៊ីណូតាមព្រំដែនកម្ពុជា-ថៃបើកដំណើរការឡើងវិញ

ដោយ៖ សុផារី

ភ្នំពេញ ៖ កូវីដ១៩ ទើបធ្វើឱ្យច្រកព្រំដែនត្រូវបានបិទ ហើយសកម្មភាពកាស៊ីណូមិនមានដំណើរការ។ អ្នកជំនាញមើលឃើញថា ប្រសិនបើច្រកព្រំដែនបើកដំណើរការពេញលេញ កាស៊ីណូនឹងដំណើរការ ដែលនឹងជំរុញតម្លៃដីធ្លីនៅតំបន់នេះ អាចនឹងឡើងគុណនឹងបី ទៅបួនដង។

លោក ថន វីរៈ ប្រធានផ្នែកលក់ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានទីតាំងនៅក្នុងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់ Property Area Asia ថា តម្លៃដីធ្លី មានការប្រែប្រួលតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតាមបណ្តោយព្រំដែននីមួយៗ។

អ្នកជំនាញមូលដ្ឋានរូបនេះបញ្ជាក់ថា ជាក់ស្តែង នៅតាមបណ្តោយព្រំដែនស្មាច់មានជ័យ តម្លៃដីធ្លីស្ថិតនៅចន្លោះ៦០ទៅ៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំណែក នៅតាមបណ្តោយព្រំដែនជប់គគីរ ចុះមកក្រោម៣គីឡូម៉ែត្រ មានតម្លៃចន្លោះពី៤៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

នៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃ ប្រចាំខេត្តឧត្តរមានជ័យ មានកាស៊ីណូចំនួនបីទីតាំង នៅតាមព្រំដែនស្មាច់ និងច្រកជប់គគីរ។

លោកវីរៈបានឱ្យដឹងថា សម្ដេចតេជោបានជំរុញឱ្យបើកដំណើរការតាំងពីឆ្នាំ២០២០ម្លេះ តែដោយសារកូវីដ១៩ ទើបធ្វើឱ្យមិនមានដំណើរការ។ ប្រសិនបើចប់កូវីដទៅ ដឹងតែច្រកនឹងអាចឱ្យអភិវឌ្ឍន៍ជាង៨០ភាគរយ នៃច្រកប៉ោយប៉ែត។ បច្ចុប្បន្ននេះ ច្រកព្រំដែនស្មាច់ត្រូវបានបើកដំណើរការបណ្តើរៗហើយ ហើយច្រកព្រំដែនពីរទៀតគ្រោងនឹងបើកដំណើរការឆាប់ៗនេះ។

លោកថា បច្ចុប្បន្ននេះ ច្រកស្មាច់បើកដំណើរការ អាចចេញចូលមនុស្ស និងទំនិញបានហើយ ហើយច្រកពីរផ្សេងទៀតអាចនឹងបើកនៅខែក្រោយហើយ។ ប្រសិនបើបើកច្រក ដីធ្លីនៅតំបន់នេះអាចនឹងឡើងគុណនឹងបី ទៅបួនដង”។

លោកថា “ទីតាំងច្រកនេះជាតំបន់អភិវឌ្ឍន៍ថ្មី ដែលធ្វើឱ្យដីធ្លីមានកំណើនលឿន បើប្រៀបធៀបនឹងប៉ោយប៉ែត ដែលជាតំបន់ព្រំដែនអភិវឌ្ឍន៍រួចរាល់ហើយនោះ តម្លៃមិនសូវជាឡើងខ្ពស់ឡើយ”។

បើតាមលោកវីរៈ អតិថិជន ដែលកំពុងស្វែងរកទិញដីនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នៅក្នុងខេត្តឧត្តរមានជ័យ ភាគច្រើនជាអតិថិជននៅក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួននៅជុំវិញ។

លោកបន្តថា “ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលកម្ពុជាបានផ្តោតការអភិវឌ្ឍខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមព្រំដែន ដែលកាលពីឆ្នាំ២០១៨ ២០១៩ គោលការណ៍អភិវឌ្ឍន៍ប៉ែកខាងលិច ក៏សម្រុកមកខេត្តឧត្តរមានជ័យខ្លាំងផងដែរ ដោយឱ្យអភិវឌ្ឍន៍ចាប់ពីច្រកព្រំដែនជប់គគីរទៅ។ ទោះបីជាប្រឈមសម័យកូវីដ១៩ក្តី ក៏ហាងឆេងនៅតែមិនធ្លាក់ចុះដែរ”៕

រុស្ស៊ីទទួលស្គាល់ថាខ្លួនកំពុងជួបការលំបាកក្នុងការនាំចេញធញ្ញជាតិដោយសារកប៉ាល់របស់ខ្លួនក៏រងទណ្ឌកម្ម

ដោយ៖ សុខុម

អន្តរជាតិ: រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទទួលស្គាល់កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ថា រដ្ឋាភិបាលក្រុងមូស្គូ កំពុងជួបការលំបាកក្នុងការនាំចេញទំនិញគ្រាប់ធញ្ញជាតិ ដោយសារកប៉ាល់របស់ខ្លួនក៏ទទួលរងទណ្ឌកម្ម។

អំឡុងដំណើរទស្សនកិច្ចទៅកាន់បរទេសអារ៉ាប៊ីសាអូឌីត លោក Sergei Lavrov បានលើកឡើងថា “រុស្ស៊ី ក៏មានបញ្ហានាំចេញទំនិញគ្រាប់ធញ្ញជាតិផងដែរ ដោយសារកប៉ាល់ដែលដឹកទំនិញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ក៏បានធ្លាក់ក្រោមទណ្ឌកម្មផងដែរ”។

ការបញ្ឆេះសង្គ្រាមពីសំណាក់រុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ដែលជាប្រទេសនាំចេញទំនិញធញ្ញជាតិដ៏ធំ បានធ្វើឱ្យស្បៀងអាហារទូទាំងពិភពលោកហក់ឡើងថ្លៃខ្ពស់ ប៉ុន្តែប្រទេសរុស្ស៊ី មិនបានទទួលស្គាល់កំហុសរបស់ខ្លួនឡើយ ហើយបែរជាបន្ទោសទណ្ឌកម្មរបស់លោកខាងលិចដែលដាក់មកលើខ្លួនទៅវិញ។

រុស្ស៊ី បានចោទប្រកាន់ថា ទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឱ្យការនាំចេញជីកសិកម្ម និងទំនិញគ្រាប់ធញ្ញជាតិរបស់ខ្លួនរាំងស្ទះ៕