ដោយៈ គង់ សូរិយា
ភ្នំពេញៈ នគរូបនីយកម្ម គឺសំដៅទៅលើការផ្លាស់ប្តូរចំនួនប្រជាជនពីទីជនបទទៅទីប្រជុំជន នៅក្នុងប្រទេសនីមួយៗ ដែលជាហេតុបណ្តាលឱ្យមានរីករាលដាលទាំងទំហំ ទ្រង់ទ្រាយ និង ទីតាំងភូមិសាស្រ្តជាដើម នៃតំបន់ទីប្រជុំជននោះ។
ដំណើរការរៀបចំ និងអភិវឌ្ឍទីក្រុងនិងទីប្រជុំជន គឺកើតឡើងដោយសារតម្រូវការរបស់មនុស្ស ដែលមានវត្តមាននៅទីនោះ ពោលគឺ ការបង្កើនល្បឿនលើគ្រប់វិស័យ។
ទោះបីជាមានការកំណត់ដោយឡែកៗពីគ្នា រវាងប្រទេសនីមួយៗយ៉ាងណាក៏ដោយ ក៏ការធ្វើនគរូបនីយកម្ម ត្រូវបានកត់សម្គាល់ក្នុងន័យរួមមួយ គឺការរីកចម្រើនរបស់ទីក្រុង ឬទីប្រជុំជន។
យោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិបានបង្ហាញថា ជិតពាក់កណ្តាល នៃប្រជាជនពិភពលោករស់នៅក្នុងតំបន់ទីក្រុង និងទីប្រជុំជននាដំណាច់ឆ្នាំ២០០៨ ហើយគេបានព្យាករណ៍ទៀតថា នៅដំណាច់ឆ្នាំ២០៥០ ប្រជាជនប្រហែល៦៤% នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង ប្រមាណជា៨៦% នៃប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍ នឹងត្រូវធ្វើចំណាកជនបទទៅទីក្រុង ឬទីប្រជុំជន ឬក៏អាចធ្វើនគរូបនីយកម្មតំបន់តែម្តង ពោលគឺ មានប្រជាជនប្រមាណជា៣ពាន់លាន់រស់នៅទីក្រុង និងទីប្រជុំជន ជាពិសេស គឺការកើតឡើងនៅក្នុងទ្វីបអាហ្រ៊ិក និងអាស៊ី។
តាមរបាយការណ៍អង្គការសហប្រជាជាតិ ដដែលបានព្យាករណ៍ថា កំណើនប្រជាជន ស្ទើរតែទាំងអស់នៅក្នុងពិភពលោក ចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០៣០ នឹងត្រូវបានស្រូបយកដោយទីក្រុង និងទីប្រជុំជន ដែលមានប្រជាជនចំនួនប្រមាណជា ១,១លាននាក់ ក្នុងរយៈពេលប្រមាណ១៣ឆ្នាំខាងមុខ។
ការធ្វើនគរូបនីយកម្ម គឺពាក់ព័ន្ធទៅនឹងកត្តាផ្សេងៗទៀតជាច្រើន ដូចជា ការរៀបចំទីក្រុង ការសិក្សាភូមិសាស្ត្រ ការសិក្សាវិភាគសង្គម សេដ្ឋកិច្ច និង សុខភាពសាធារណៈ។ ការធ្វើនគរូបនីយកម្ម អាចត្រូវបានគេកំណត់បរិមាណនៃការអភិវឌ្ឍទីក្រុង ដោយផ្អែកលើចំនួនប្រជាជនសរុប ឬជាអត្រា ដែលអត្រាប្រជាជន នៅតាមទីប្រជុំជនកំពុងកើនឡើង។
ជាការពិត នគរូបនីយកម្ម បានបង្កើតនូវការផ្លាស់ប្តូរសង្គមសេដ្ឋកិច្ច និង បរិស្ថាន ដែលផ្តល់នូវឱកាស សម្រាប់និរន្តភាពជាមួយនឹង “សក្តានុពល ក្នុងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតឱ្យមានការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តភាព និងដើម្បីការពារជីវចម្រុះនៃប្រព័ន្ធអេកូធម្មជាតិ”។
នគរូបនីយកម្ម មិនមែនគ្រាន់តែជាបាតុភូតសម័យទំនើបនោះទេ ប៉ុន្តែ វាជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងជាប្រវត្តិសាស្ត្រនៃឫសសង្គមរបស់មនុស្សទូទាំងពិភពលោក ដែលវប្បធម៌ភាគច្រើន នៅតាមជនបទត្រូវបានជំនួសយ៉ាងឆាប់រហ័សដោយវប្បធម៌ទីក្រុង។ ការផ្លាស់ប្តូរដ៏ធំបំផុតដំបូងនៃគំរូតាំងទីលំនៅ គឺការប្រមូលផ្តុំអ្នកប្រមូលសត្វព្រៃ ចូលក្នុងភូមិរាប់ពាន់ឆ្នាំមកហើយ។ វប្បធ៌មនៅតាមភូមិដ្ឋានជនបទ ត្រូវបានកំណត់ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាកប្បកិរិយារួមគ្នា ចំណែកឯវប្បធម៌នៅតាមទីក្រុង និងទីប្រជុំជន អាចត្រូវបានកំណត់ដោយសារខ្សែបន្ទាត់ កាត់ផ្តាច់ណាមួយ ឬដោយសារការមានទំនាក់ទំនង មិនសូវច្បាស់លាស់ និងឥរិយាបថបែបប្រកួតប្រជែង។
២‑ ប្រវត្តិនគរូបនីយកម្ម
ចាប់តាំងពីការបង្កើតទីក្រុងដំបូងបង្អស់ នៅមេសូប៉ូតាមៀ និងអេហ្ស៊ីបរហូតមកដល់សតវត្សរ៍ទី១៨ គេសង្កេតឃើញលំនឹង រវាងប្រជាជនភាគច្រើន ដែលបានចូលរួមក្នុងវិស័យកសិកម្ម ដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិបទជនបទ និងមជ្ឈមណ្ឌលពាណិជ្ជកម្មតូចៗ នៅតាមទីប្រជុំជន ដែលជាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមទីផ្សារ។ ដោយសារតែស្ថានភាព នៃកសិកម្មនៅដំណាក់កាលដំបូង និងមិនជាប់គាំងនៅក្នុងអំឡុងពេលនេះ អត្រាសមាមាត្រនៃប្រជាជននៅតាមជនបទ និងទីក្រុងនៅតែមានលំនឹងថេរ។
ទោះជាយ៉ាងណាក៏ដោយ ក៏ការកើនឡើងគួរឱ្យកត់សម្គាល់ នៃភាគរយប្រជាជនទីក្រុងនៅទូទាំងពិភពលោក អាចត្រូវបានរកឃើញនៅសហវត្សទី១ មុន គ.ស.។ ការកើនឡើងគួរឱ្យកត់សម្គាល់មួយផ្សេងទៀត ត្រូវបានរកឃើញនៅ Mughal ប្រទេសឥណ្ឌា ដែលមានប្រជាជនប្រមាណជា១៥% រស់នៅក្នុងទីក្រុងក្នុងអំឡុងសតវត្សរ៍ទី១៦ និង១៧ ពោលគឺមានអត្រាខ្ពស់ជាងនៅទ្វីបអឺរ៉ុប ដែលមានប្រជាជនប្រមាណ៨% ទៅ១៣% ប៉ុណ្ណោះនាពេលនោះ។
ជាមួយនឹងការចាប់ផ្តើមនៃបដិវត្តន៍កសិកម្ម និងឧស្សាហកម្មអង់គ្លេសនៅចុងសតវត្សរ៍ទី១៨ ចំនួនទាំងនេះ ត្រូវបានផ្លាស់ប្តូរជាគំហុគ ពោលគឺ ការតាំងទីលំនៅ ដែលមិនធ្លាប់មានពីមុន នៅក្នុងទីក្រុង និងទីប្រជុំជន បានកើតឡើងយ៉ាងឆាប់រហ័សនៅសតវត្សរ៍ទី១៩ រួមទាំងតាមរយៈការបន្តការធ្វើចំណាកស្រុកពីជនបទផង និង ដោយសារតែភាពរឹងមាំ នៃការពង្រីកប្រជាសាស្ត្រដែលបានកើតឡើងនៃតំបន់ទីក្រុង និងទីប្រជុំជននៅគ្រានោះផង។
នៅក្នុងប្រទេសអង់គ្លេស និងប្រទេសវែល ចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជន បានកើតឡើងដល់១៧% នៅដើមសតវត្សរ៍ទី១៩ និង រហូតដល់៥៤% នៅចុងសតវត្សរ៍ទី១៩។ លក្ខណៈបែបនេះ ក៏មិនសូវខុសគ្នាដែរ ទៅនឹងប្រទេសមួយចំនួនផ្សេងទៀត ក្នុងការធ្វើនគរូបនីយកម្ម ដូចជា ប្រទេសបារាំង ប្រមាណជា៣៧% នៅក្នុងទីក្រុង និងទីប្រជុំជន និង សហរដ្ឋអាម៉េរិកប្រមាណជា២៨% រស់នៅតំបន់ទីក្រុង និងទីប្រជុំជន។
នគរូបនីយកម្ម បានរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងពិភពលោក ជាពិសេសប្រទេសលោកខាងលិច ប៉ុន្តែចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក នគរូបនីយកម្ម បានចាប់ផ្តើមរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ជាក់ស្តែងនៅចុងសតវត្សរ៍ទី២០ មានប្រជាជននៅក្នុងពិភពលោកប្រមាណតែ១៥% ប៉ុណ្ណោះរស់នៅក្នុងទីក្រុង និងទីប្រជុំជនភាគច្រើនប្រទេសអភិវឌ្ឈន៍ ប៉ុន្តែតួលេខនេះ ត្រូវបានប្រែប្រួលរហូតដល់ប្រមាណជា៥០% នៅឆ្នាំ២០០៧ (ដើមសតវត្សរ៍ទី២១) ដោយសារការកើនឡើងយ៉ាងគំហុករបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសទ្វីបអាស៊ី និងអាហ្រ៊ិក។
ការព្យាការណ៍ចំនួនប្រជាជនជនបទនិងទីក្រុងឆ្នាំ២០៥០ (UNFPA)
៣‑ មូលហេតុនគរូបនីយកម្ម
ការធ្វើនគរូបនីយកម្ម គឺជាកើតឡើងនៃការរៀបចំផែនការ ដែលជាលទ្ធផលនៃសកម្មភាពរួមគ្នារវាងឯកជន និងរដ្ឋ។ ការរស់នៅក្នុងទីក្រុង ឬទីប្រជុំជន អាចមានអត្ថប្រយោជន៍ផ្នែកវប្បធម៌ និងសេដ្ឋកិច្ចច្រើនជាងជនបទដោយសារវាអាចផ្តល់នូវឱកាសច្រើន ក្នុងការទទួលបានទីផ្សារការងារ ការកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន ការធ្វើឱ្យប្រសើរនូវលក្ខខណ្ឌលំនៅដ្ឋាន និងលក្ខខណ្ឌសុវត្ថិភាព។
លក្ខខណ្ឌជាច្រើន ដូចជា ដង់ស៊ីតេ ភាពចម្រុះនានា និងការប្រកួតប្រជែងទីផ្សារ គឺជាធាតុផ្សំនៃបរិយាកាសទីក្រុង ឬទីប្រជុំជនដែលអាចនាំទៅដល់ភាពវិជ្ជមានសម្រាប់ទីក្រុង ឬទីប្រជុំជននោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ភាពអវិជ្ជមានតែតែកើតមានជានិច្ច ក្នុងការផ្លាស់ប្តូរ និង បង្កើនតម្លៃនៃការរស់នៅ ដើម្បីផ្សារភ្ជាប់ទៅនឹងអ្វី ដែលហៅថាបទដ្ឋាននៃការរស់នៅតាមទីក្រុង។
ជាក់ស្តែង តំបន់ជាយក្រុងនានា ដែលកំពុងកើតមានឡើង នៅក្នុងទីក្រុង នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ធំៗ អាចត្រូវបានចាត់ទុកថា គឺជាការធ្វើឱ្យមានតុល្យភាព នៃទិដ្ឋភាពអវិជ្ជមាននៃជីវិតទីក្រុង ខណៈពេលដែលមានការប្រើប្រាស់ធនធានរួម និងស្មើភាព។
នៅចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១ មនុស្សជាច្រើនបានផ្លាស់ទីលំនៅទៅទីក្រុង ដើម្បីទទួលបានឱកាសសេដ្ឋកិច្ច ជាពិសសប្រទេសចិននិង ឥណ្ឌា ក៏ប៉ុន្តែការផ្លាស់ទីទាំងនេះ គឺមិនបានបង្ហាញជារូបភាពលម្អិតនៃការធ្វើនគរូបនីយកម្មដែរ។ នៅតំបន់ជនបទ កសិដ្ឋានគ្រួសារតូចៗ ឬ កសិដ្ឋានប្រមូលផ្តុំនៅតាមភូមិនានា ពិតជាមានការលំបាកក្នុងការប្រើប្រាស់ទំនិញដែលផលិតនៅតាមទីក្រុង ទោះបីជាគុណភាពជីវិតទូទៅមានលក្ខណៈជាប់ទាក់ទងគ្នា យ៉ាងពិតប្រាកដជាមួយនឹងទីក្រុងក៏ដោយ។
ម៉្យាងវិញទៀត ការរស់នៅតាម កសិដ្ឋាននៅជនបទ តែងតែងាយនឹងជួបប្រទះគ្រោះធម្មជាតិ ដែលមិនអាចទាយទុកជាមុនបានឡើយ ដូចជា នៅពេលខ្លះមានគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ឬជំងឺអាសន្នរោគជាដើម ដែលជាហេតុធ្វើឱ្យការរស់រាន មានជីវិតនៅតាមជនបទ អាចនឹងជួបបញ្ហា។
បទពិសោធន៍នៅក្នុងប្រទេសថៃ ការធ្វើនគរូបនីយកម្ម ក៏ជាលទ្ធផលនៃការកើនឡើងបញ្ហាជាច្រើន នៅតាមជនបទដែរ ដូចជា ការផ្លាស់ប្តូរពីបរិយាកាសជនបទ មកសហគមន៍ជនបទ ក៏អាចបណ្តាលឱ្យមានការផ្លាស់ប្តូររបបអាហារជាមូលដ្ឋាន ដែលផ្អែកទៅលើរបបអាហារ ដែលជីវិតជនបទមិនធ្លាប់ទទួលបាន និងអនុវត្តន៍។
ទីក្រុង និងទីប្រជុំជន គឺជាកន្លែងដែលផ្តល់ជូននូវសេវាកម្មជាច្រើនរួមទាំងសេវាកម្មជំនាញ ដែលមិនមាននៅក្នុងតំបន់ជនបទ។ សេវាកម្មទាំងនេះ តម្រូវឱ្យកម្មករនិយោជិត ធ្វើឱ្យមានឱកាសការងារកាន់តែច្រើន និង មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មនុស្សវ័យចំណាស់ អាចត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់ទីក្រុងនានា ដែលមានវេជ្ជបណ្ឌិត និងមន្ទីរពេទ្យ ដែលអាចបំពេញតម្រូវការសុខភាពរបស់ពួកគេ រួមទាំងឱកាសសិក្សាដែលមានគុណភាពខ្ពស់ គឺជាកត្តាមួយផ្សេងទៀតមាននៅក្នុងទីក្រុង។
៤‑ កត្តាប្រឈមនៃនគរូបនីយកម្ម
៤.១‑ ផលប៉ះពាល់សេដ្ឋកិច្ច
នៅពេលទីក្រុងមានការរីកចម្រើន ផលប៉ះពាល់ជាច្រើន នឹងកើតមានឡើង រួមបញ្ចូលទាំងការកើនឡើងយ៉ាងខ្លាំង និងការប្រែប្រួលថ្លៃដើមរបស់ទំនិញនានានៅក្នុងទីផ្សារផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ដែលកើតមានឡើងនូវវិសមភាពជាច្រើន ដោយសារនិន្នាការនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ ការជំរុញឱ្យមានការរីកចម្រើននៅក្នុងទីក្រុង ឬទីប្រជុំជនយ៉ាងឆាប់រហ័ស អាចនាំឱ្យកើតមាននូវប្រសិទ្ធភាព ប្រកបទៅដោយសមធម៌តិចតួច។
បញ្ហាមួយនៅក្នុងចំណោមបញ្ហាជាច្រើន នៅក្នុងការអភិវឌ្ឍទីក្រុង គឺកម្មករប្រវេសន៍ជាច្រើន ធ្វើចំណាកស្រុកពីទីជនបទ នង កម្មករអន្តោប្រវេសន៍ចំណាកប្រទេសជាច្រើន ដែលជាកត្តាធ្វើឱ្យមានកំណើន តំបន់អនាធិបតេយ្យនៅក្នុងទីក្រុង ឬ ទីប្រជុំជនដែលកំពុងធ្វើនគរូបនីយកម្មនោះតែម្តង។ មានករណីជាច្រើនទៀត កម្មករប្រវេសន៍ និងអន្តោរប្រវេសន៍ដែលមានជំនាញតិចតួច ឬគ្មានជំនាញ រស់នៅក្នុងទីក្រុងដែលសម្បូរទៅឱកាសសេដ្ឋកិច្ច តែពួកគាត់នៅតែគ្មានឱកាសការងារ និងមិនមានលទ្ធភាពអាចរកការងារធ្វើ ជាហេតុធ្វើពួកគាត់គ្មានលទ្ធភាព ក្នុងការស្វែងរកលំដៅដ្ឋានសមរម្យ នៅតាមទីក្រុងបានទេ ហើយត្រូវបង្ខំចិត្តរស់នៅ ក្នុងតំបន់អនាធិបតេយ្យនៅក្នុងទីក្រុង។
បញ្ហាទីប្រជុំជន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏កំពុងតែជំរុញ ឱ្យមាននិន្នាការនគរូបនីយកម្ម ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍនានា ទោះបីជាទីក្រុងសំខាន់ៗ នៅក្នុងប្រទេសមាននិន្នាការ នគរូបនីយកម្មក៏ដោយ ក៏ទីប្រជុំជននៅតែបន្តលក្ខណៈនេះ កាន់តែច្រើនជាងមុន។ ការធ្វើនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងមួយញឹកញាប់ ត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ច្រើន ប៉ុន្តែភាពអវិជ្ជមានទាំងនេះ គឺជាកត្តាចម្បង ក្នុងការនាំទៅដល់ការកាត់បន្ថយ ការចំណាយក្នុងការធ្វើដំណើរ និង ការដឹកជញ្ជូន ខណៈពេលដែលការកែលម្អ ឱកាសសម្រាប់ការងារអប់រំ និង ការស្នាក់នៅត្រូវបានអភិវឌ្ឍន៍បន្តបន្ទាប់។
ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលមានកំណើនសេដ្ឋកិច្ចកំពុងរីកដុះដាល និងការកើនឡើងយ៉ាងគំហុក លើវិស័យឧស្សាហកម្មធុនស្រាលមួយចំនួន បានធ្វើឱ្យប្រជាជនវ័យក្មេងភាគច្រើន នៅក្នុងប្រទេសទាំងនេះ ជួបឧបសគ្គ ដូចជា កង្វះខាតលទ្ធភាព ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និង សេវាពិគ្រោះអាជីវកម្ម ការលំបាកក្នុងការទទួលបានឥណទាន ដើម្បីចាប់ផ្តើមអាជីវកម្ម និងខ្វះជំនាញសហគ្រិន ដើម្បីប្រឹក្សាឱ្យពួកគេអាចទទួលបានឱកាសនៅក្នុងឧស្សាហកម្មទាំងនេះ។
ការវិនិយោគលើធនធាមនុស្ស ដើម្បីឱ្យមនុស្សវ័យក្មេងមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងកាយសម្បទាគ្រប់គ្រាន់ ដើម្បីទទួលបាននូវសម្ភារៈបរិក្ខារអប់រំ គឺជាការចាំបាច់ដើម្បីយកឈ្នះលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅក្នុងការធ្វើនគរូបនីយកម្ម។
៤.២‑ ផលប៉ះពាល់បរិស្ថាន
ទីក្រុងនៃប្រទេសនៅក្នុងតំបន់ត្រូពិក គឺជាទីក្រុងដែលមានសីតុណ្ហភាពខ្ពស់ ហើយវាបានក្លាយទៅជាកង្វល់រួម នៃការកើនឡើងកម្តៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្តៅនៅក្នុងទីក្រុងនានា បានកើនឡើងខ្ពស់ នៅពេលដែលវិស័យឧស្សាហកម្មកាន់រីកចម្រើន។ យានយន្ត រោងចក្រ និង ឧបករណ៍កំដៅនៃផលិតផលឧស្សាហកម្មផ្សេងទៀត បានបញ្ចេញសារធាតុផ្សេងៗ ទៅក្នុងបរិយាកាស ដែលជាហេតុធ្វើឱ្យទីក្រុងជាទូទៅ មានសីតុណ្ហភាពចាប់ពី១០C ទៅ ៣០C ក្តៅជាងតំបន់ដែលនៅជុំវិញ។
ផលប៉ះពាល់ក៏រួមបញ្ចូល ទាំងការកាត់បន្ថយសំណើមដី និងការកាត់បន្ថយការបញ្ចេញចោល កាបូនឌីអុកស៊ីតឡើងវិញ។ តាមលោក ស្ទីវ៉ាត ប្រែន (Stewart Brand) បានអះអាងថា ផលប៉ះពាល់អំពីការធ្វើនគរូបនីយកម្ម គឺមានភាពអវិជ្ជមានចំពោះបរិស្ថាន។
ទី១ អត្រាកំណើននៃអ្នករស់នៅតាមទីក្រុង និង ប្រជុំជនកើនឡើងឬ រក្សានូវអត្រាមិនប្រែប្រួលណាមួយ ដែលនៅតែអាចឈានទៅរកភាពតានតឹង ផ្នែកបរិស្ថានដោយសារកំណើនប្រជាជន។ ទី២ ការធ្វើចំណាកស្រុក ចេញពីតំបន់ជនបទ បានធ្វើឱ្យមានការបាត់បង់បច្ចេកទេស ធ្វើកសិកម្មចិញ្ចឹមជីវិតខ្លះ ដែលឈានទៅដល់ការបំផ្លិចបំផ្លាញ ដូចជា ការកាប់សម្លាប់ និង ដុតបំផ្លាញវិស័យកសិកម្មជាដើម។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៣ បានព្រមានថា ជាមួយនឹងប្រជាជនប្រមាណជាង២,៤ ពាន់លាននាក់នៅជនបទ គិតត្រឹមឆ្នាំ២០៥០ បរិមាណម្ហូបអាហារដែលផលិតបាន នឹងត្រូវកើនឡើងប្រហែល៧០% ដែលអាចរាំងស្ទះដល់ការផលិតស្បៀងអាហារ ហើយមានប្រទេសខ្លះ នៅក្នុងពិភពលោកបានកំពុងនឹងប្រឈមអសន្តិសុខស្បៀងរួចទៅហើយ ដោយសារតែការផ្លាស់ប្តូរស្ថានភាពបរិស្ថាន។ ម៉្យាងទៀត ការផ្លាស់ប្តូរបែបនេះ អាចនឹងធ្វើឱ្យប្រព័ន្ធអនាម័យ និង ការថែទាំសុខភាពសាធារណៈមានភាពតានតឹង ហើយអាចបង្កឱ្យមានគ្រោះមហន្តរាយផ្នែកមនុស្សធម៌ និងបរិស្ថាន។ (នៅមានតនៅថ្ងៃស្អែក)។(ឯកសាររបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម)៕