អ្នកជំនាញ: តម្រូវការទីផ្សារអចលនទ្រព្យឈានដល់របត់ថ្មីក្រោយប្រឈមវិបត្តិកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ នៅពេលសេដ្ឋកិច្ចរបស់ប្រទេសជាតិមានកំណើនខ្ពស់ខ្លាំង តម្រូវការអចលនទ្រព្យធ្វើឡើងសម្រាប់ការវិនិយោគ។ ប្រឈមនឹងវិបត្តិកូវីដ១៩ តម្រូវការអចលនទ្រព្យមានការប្រែប្រួលច្រើន ដែលអ្នកជំនាញមើលឃើញថា នេះគឺជារបត់ថ្មីមួយ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ប្រាប់ Property Area Asia ក្នុងកិច្ចសម្ភាសន៍ពិសេសមួយ នាថ្ងៃទី០១ ខែមិថុនានេះថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២២នេះ តម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការកើនឡើង ប៉ុន្តែតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មានភាពខុសគ្នាពីមុនសម័យកូវីដ១៩។

និន្នាការទី១ លោកសង្គេតឃើញថា ប្រជាពលរដ្ឋដែលស្វែងរកទិញលំនៅឋានភាគច្រើនដើម្បីស្នាក់នៅដោយផ្ទាល់ ជាជាងការទិញដើម្បីវិនិយោគ។

លោកថា “តម្រូវការកាន់តែមានការកើនឡើងច្រើន ដែលជាតម្រូវការសម្រាប់ការស្នាក់នៅ ប្រៀបធៀបកាលពីមុន ទិញដើម្បីទុកចំណេញ”។

និន្នាការទី២ ការប្រើប្រាស់ហិរញ្ញវត្ថុក្នុងការទិញអចលនទ្រព្យរបស់ប្រជាពលរដ្ឋ មានការប្រែប្រួល។ កាលពី៥ឆ្នាំមុន ការទិញផ្ទះសម្បែងនិយមប្រើប្រាស់លុយសុទ្ធ ឬបង់ជាមួយបុរី ហើយបន្តបង់ដោយប្រាក់ខ្លួនឯង។ បច្ចុប្បន្ននេះ ការទិញផ្ទះ អាចធ្វើឡើងបានទោះបីជាមានថវិកាតិចតួចក្តី ឬអាចខ្ចីពីធនាគារ។

លោកថា “កាលពី៤ ទៅ៥ ឆ្នាំមុន គាត់ទិញផ្ទះសំបែង គាត់ប្រើប្រាស់សាច់ប្រាក់សុទ្ធឬបង់ជាមួយបុរីហើយបង់តាមរយៈប្រាក់របស់ពួកគាត់។ បរិបទឥលូវមានការកែប្រែច្រើន។ ប្រជាពលរដ្ឋទិញផ្ទះ មានបរិមាណសាច់ប្រាក់២០ទៅ៣០ភាគរយក្នុងដៃទេ សល់ពីនេះគាត់ទទួលហិរញ្ញប្បទានពីធនាគារ”។

កាលពីមុន អ្នកវិនិយោគនិយមទិញដី ដើម្បីទុកចំណេញរយៈពេលខ្លី ប៉ុន្តែបច្ចុប្បន្នទីផ្សារមានលំហូរសាច់ប្រាក់នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យមានការលំបាកក្នុងការវិនិយោគរយៈពេលខ្លីដូចកាលពីមុន។

លោកមានប្រសាសន៍បន្តថា “ក្នុងបរិបទកូវីដ១៩ វាប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់ប្រជាពលរដ្ឋ ឥលូវគាត់មានលុយមួយចំនួន គាត់ទិញដើម្បីស្នាក់នៅ។ ចំណែក អ្នកចង់វិនិយោគលើដីធ្លី គាត់សម្លឹងមើលថា ទិញដីដែលមានទីផ្សារ និងតម្លៃល្អ ដោយទិញទុករយៈពេលវែងទៅមធ្យម”៕

ក្រុងម៉ាកាវបាត់បង់ប្រាក់ចំណូលកាស៊ីណូច្រើនសន្ធឹកសន្ធាប់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចជាតិ

ដោយសុខុម

សិង្ហបុរី: ការដាំក្បាលចុះនូវប្រាក់ចំណូលកាស៊ីណួ ឬបនល្បែងនៅក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលបនល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោក កំពុងជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចក្រុងនេះទាំងមូល ដោយបង្ខំឱ្យអាជីវកម្មរាប់រយត្រូវបិទទ្វារ និងជំរុញឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៩មក។

កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ក្រុងម៉ាកាវ ដែលធ្លាប់ស្ថិតក្រោមនឹមអាណានិគមរបស់ប្រទេសព័រទុយហ្គាល់ បានបាត់បង់ប្រាក់ចំណូលល្បែងប្រចាំខែធ្ងន់ធ្ងរបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក។

ការដាំក្បាលចុះនេះកើតមានឡើងមួយសប្ដាហ៍ ក្រោយពីរដ្ឋបាលក្រុងម៉ាកាវ បានព្រមានថា ការកើនឡើងនូវអត្រាបាត់បង់ការងារធ្វើ និងវិបត្តិហិរញ្ញវត្ថុ អាចបណ្ដាលឱ្យមានចលាចលសង្គម និងធ្វើឱ្យសន្តិសុខក្នុងក្រុងទីក្រុងនេះបាត់បង់ស្ថិរភាព។

តំបន់រដ្ឋបាលពិសេសរបស់ចិន មួយនេះគឺជាតែមួយគត់នៅក្នុងប្រទេសចិន ដែលអនុញ្ញាតឱ្យស្របច្បាប់សម្រាប់ការលេងល្បែងស៊ីសងក្នុងកាស៊ីណូ។ នេះមានន័យថា ការលេងល្បែងស៊ីសងនៅក្រៅពីក្រុងម៉ាកាវ គឺខុសច្បាប់។

ដោយពឹងផ្អែកខ្លាំងលើពន្ធកាស៊ីណូ ដែលគ្របដណ្ដប់ រហូតដល់ទៅជាង៨០%នៃប្រាក់ចំណូលរបស់រដ្ឋបាលក្រុងនេះ ម៉ាកាវទទួលបានភាពជោគជ័យតិចតួចណាស់ នៅក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

សាស្ត្រាចារ្យ Glenn McCartney បង្រៀននៅសកលវិទ្យាល័យក្រុងម៉ាកាវ (University of Macao) បានលើកឡើងថា “ក្រុងរបស់យើងពឹងផ្អែកលើទេសចរណ៍ខ្លាំងបំផុតក្នុងពិភពលោក។ ជាការពិតណាស់ យើងគ្មានឧស្សាហកម្មផ្សេងៗទៀត ដែលត្រូវពឹងផ្អែកនោះទេ”។

សាស្ត្រាចារ្យរូបនេះបានបន្ថែមទៀតថា “ដោយសារតែបែបនេះ ក្រុងរបស់យើងមិនបានធ្វើពិពិធកម្មសេដ្ឋកិច្ចអស់រយៈពេល២០ឆ្នាំមកហើយ។ ការធ្វើពិពិធកម្មនឹងមិនកើតឡើង នៅថ្ងៃស្អែកនោះឡើយ និយាយរួម គឺស្ថានភាពនេះនឹងមិនត្រូវបានដោះស្រាយ ក្នុងពេលឆាប់ៗនោះទេ”៕

កម្ពុជាមានទីតាំងដ៏ល្អសម្រាប់ទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកបោះ ការិយាល័យកណ្តាល

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា កម្ពុជាមានទីតាំងដ៏ល្អ ស្ថិតនៅចំចំណុចកណ្តាលនៃអាស៊ាន ដែលសមស្របបំផុតក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបោះទីតាំងជាការិយាល័យកណ្តាលរបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុន Coldwell Banker លោក Ken Lo មានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ មិថុនាកន្លងមកថា បើគិតក្នុងតំបន់អាស៊ាន ការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ ចំណាយពេលមិនលើស១ម៉ោងឡើយ ហើយបើទៅកាន់បណ្តាប្រទេសអាស៊ានដទៃទៀត ការហោះហើរពីកម្ពុជា ចំណាយពេលមិនលើស២ម៉ោងនោះទេ។

លោកបន្តថា “ភាពអំណោយផលផ្នែកទីតាំងភូមិសាស្រ្តនេះ នឹងធ្វើ់ឲ្យក្រុមហ៊ុនអន្តរជាតិធំៗ មកបោះការិយាល័យកណ្តាល នៅកម្ពុជាច្រើននាពេលអនាគត”។ លោកបន្តថា “ហេតុនេះអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិគួរតែបន្តវិនិយោគសាងសង់ អគារការិយាល័យលំដាប់A ព្រោះចំនួនអាគារការិយាល័យនៅកម្ពុជាមានកម្រិតនៅឡើយ”។

នៅរាជធានីភ្នំពេញ មានអាគារការិយាល័យលំដាប់ A ចំនួនតិចជាង១០ប៉ុណ្ណោះ ដែលអាគារការិយាល័យលំដាប់ A ទាំងនោះមាន ដូចជា វិមាន ​វឌ្ឈនៈ អាគារ Exchange Squares អាគារស្ថាបនា ដែលវិនិយោគដោយជប៉ុនជាដើម។

លោក Ken Lo បានបន្តថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត កំនើនសេដ្ឋកិច្ចរ៉ឹងមាំ និងការចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ សុទ្ឋតែអំណោយផល ដល់ការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលពួកគេនឹងមកបោះទីតាំងនៅកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា កម្ពុជាពិតជាមានភាពអំណោយផល ក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិមកបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួន ដោយសារយើងស្ថិតនៅចំណុចកណ្តាលនៃអាស៊ាន កំលាំងពលកម្មនៅមានតម្លៃថោក តម្លៃជួល​ការិយាល័យនៅមានតម្លៃល្អ ដីធ្លីនៅល្អធៀបជាមួយប្រទេសជិតខាង។

លោកបន្តថា “អ្វីដែលយើងប្រឈម និងមិនទាន់ទាក់ទាញក្រុមហ៊ុនធំៗ ជ្រើសរើសជាការិយាល័យកណ្តាលរបស់ខ្លួន គឺកង្វះការផ្សព្វផ្សាយពី​សក្តានុពលកម្ពុជា និងធនធានមនុស្សរបស់យើងនៅមានកម្រិត”។ លោកបន្តថា “ធនធានមនុស្សរបស់យើង ដែលជាក្រុមហ៊ុនគិតធំៗ នៅមានចំនួនទាបនៅឡើយ ជាហេតុធ្វើឲ្យក្រុមហ៊ុនអន្តរជាតិធំៗ មិនទាន់សម្រេចចិត្តមកកម្ពុជា”៕

អ្នកជំនាញព្រួយបារម្ភពីប្រព័ន្ឋសុវត្ថិភាពអគ្គិភ័យនៅតាមអាគារខ្ពស់ៗ និងជម្រុញឲ្យរដ្ឋាភិបាលវិនិយោគ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានស្វាគមន៍ និងអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ច និង​វត្តមានអាគារខ្ពស់ៗនៅកម្ពុជា ប៉ុន្តែបាន​សម្តែងការបារម្ភពីប្រព័ន្ឋសុវត្ថិភាព និងអគ្គិភ័យនៅតាមអាគារខ្ពស់ៗនានា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី១ មិថុនាកន្លងមកថា ការសាងសង់អាគារខ្ពស់ៗ និងលំនៅដ្ឋានជាប់ដីកាន់តែច្រើន បាននិងកំពុងគិតគូរពីតំបន់បៃតង ទីធ្លាសាធារណៈកាន់តែច្រើនបណ្តើរៗ ហើយ ប៉ុន្តែបញ្ហាប្រព័ន្ឋសុវត្ថិភាពនៅតាមអាគារខ្ពស់ៗ ពិសេសប្រព័ន្ឋពន្លត់អគ្គិភ័យ នៅមានកម្រិតនៅឡើយ។

លោកបន្តថា “ខ្ញុំមានការព្រួយបារម្ភពីកង្វះប្រព័ន្ឋសង្រ្គោះ នៅពេលដែលអគ្គភ័យឆាបឆេះអាគារណាមួយ ដោយសារយើងមានឧបករណ៍សង្រ្គោះនៅមានកម្រិត”។ លោកបន្តថា “រាជរដ្ឋាភិបាលគួរបង្កើនការវិនិយោគលើប្រព័ន្ឋសង្រ្គោះអគ្គិភ័យ និងឧបករណ៍រំដោះមនុស្សដទៃទៀត ដូចជា ឧទ្ទមភាគចក្រ ដែលអាចជួយរំដោះមនុស្សបាន”។

លោកច្រឹក សុខនីមបានបន្តថា នៅប្រទេសរីកចម្រើននានា គេបានវិនិយោគច្រើនលើប្រព័ន្ឋសង្រ្គោះករណី មានឧបទ្ទវហេតុអគ្គិភ័យធំៗនៅតាម អាគារខ្ពស់ៗកើតឡើង ប៉ុន្តែនៅកម្ពុជាការវិនិយោគផ្នែកនេះនៅមានកម្រិត​នៅឡើយ។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបបានលើកឡើង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលគួរទិញឧទ្ទម្ភភាគចក្រយ៉ាងតិច២គ្រឿង ដើម្បីបង្ការហានិភ័យនានា ពិសេសនៅពេលមានករណីភ្លើងឆេះអាគារខ្ពស់ៗនានា ព្រោះឧទ្ទម្ភភាគចក្រទាំងនោះមានជណ្តើរ ដែលអាចជួយរំដោះមនុស្សបាន។

ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថា រដ្ឋាភិបាលបានយកចិត្តទុកដា​ក់លើបញ្ហានេះ ដោយបានបណ្តុះបណ្តាលមន្រ្តីពន្លត់អគ្គិភ័យ មួយចំនួនផង​ដែរ និងបានទិញឧបករណ៍មួយចំនួន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរស់​នៅតាមអាគារខ្ពស់ៗផងដែរ។

ប៉ុន្តែយ៉ាងណាក៏ដោយមន្រ្តីរូបនោះបានទទួលស្គាល់ថា ឧបករណ៍សំរាប់សង្រ្គោះនៅគ្រាអាសន្នបែបនេះ នៅមានកម្រិតនៅឡើយ បើធៀបនឹងអ្វី ដែលប្រទេសជឿនលឿននានាបានធ្វើ៕

ក្រុមហ៊ុន Vietnam Airlines លក់ភាគហ៊ុន ៣៥ភាគរយក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន៣៥ភាគរយ ក្នុងចំណោមភាគហ៊ុន៤១ភាគរយ នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារ ដោយគ្រោងបន្តលក់ភាគហ៊ុនសេសសល់ ត្រឹមចុងឆ្នាំ២០២២នេះ។

ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនមួយនេះបានទិញភាគហ៊ុនក្រុមហ៊ុន Cambodia Angkor Air ចំនួន៤៩ភាគរយ ហើយបានសន្យាថានឹងពង្រីក ប៉ុន្តែនៅឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនបានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការលក់ភាគហ៊ុនរបស់ខ្លួន។

តាមរបាយការណ៍ហិរញ្ញវត្ថុរួម ដែលបានធ្វើសវនកម្ម ពីក្រុមហ៊ុន Vietnam Airlines ក្រុមហ៊ុនទទួលបាន៣៤លានដុល្លារ រួមទាំងប្រាក់កក់១លានដុល្លារ ពីកិច្ចព្រមព្រៀងលក់។ យោងតាមកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងបន្តដកភាគហ៊ុន១៤ភាគរយ ដែលនៅសល់នៅឆ្នាំនេះ។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានខាតបង់ប្រាក់ កើនឡើងរហូត ៩៥៥,៦ លានដុល្លារ កាលពីឆ្នាំ២០២១ ប្រហាក់ប្រហែលនឹងដើមទុនជើងហោះហើរពិសេសរបស់ខ្លួនទៅហើយ។

ខេមបូឌា អង្គរអ៊ែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើឱ្យក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ តាមរយៈដៃគូរបស់ខ្លួន។ ក្រុមហ៊ុននេះមានយន្តហោះ Airbus 320 ចំនួនពីរគ្រឿង និងយន្តហោះ A321 Airbus មួយគ្រឿង រួមជាមួយ ATR 72-500 ចំនួនពីរគ្រឿង៕

អ្នកជំនាញលើកឡើងថា ចំនួនសេដ្ឋីកំពុងកើនឡើងច្រើននៅកម្ពុជា

ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យ លំដាប់អន្តរជាតិមួយបានអះអាងថា ចំនួនសេដ្ឋីនៅកម្ពុជាបាន និងកំពុងកើនឡើងកាន់តែច្រើន​នៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុន Coldwell Banker លោក Ken Lo បានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ មិថុនាកន្លងមកថា ដោយសារសេដ្ឋកិច្ចមានភាពរីកចម្រើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានកើនឡើងជាបន្តបន្ទាប់ ដែ​លធ្វើឲ្យចំនួនសេដ្ឋីនៅកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែមិនទាន់មានចំនួនច្រើនពេកនោះទេ”។

លោកបន្តថា “ស្របពេលសេដ្ឋកិច្ចកម្ពុជារីកចម្រើន ក្នុងរង្វង់៧ភាគរយ មុនវិបត្តិកូវីដ១៩ ចំនួនអ្នកមានបានកើនឡើង ដោយអ្នកមានជីវភាពទាបបានកើនឡើងដល់ជីវភាពមធ្យម អ្នកមានជីវភាពមធ្យមបានឈានឡើងដល់ជីវភាពខ្ពស់ ហើយអ្នកមានជីវភាពខ្ពស់ ក៏ក្លាយជាអ្នកមានឬសេ​ ដ្ឋី”។​

ទោះជាយ៉ាងណានៅក្នុងសង្គមខ្មែរ គេមិនទាន់បានចាត់និយមន័យអ្នកមានឬសេដ្ឋី មានទ្រព្យសម្បត្តិកំរិតណានោះទេ ប៉ុន្តែនៅលើស្តង់ដាពិភពលោកបានកំណត់និយមន័យថា មហាសេដ្ឋី គឺជាបុគ្គលទាំងឡាយណាមានទ្រព្យសម្បត្តិ ចាប់ពី១០០០លានដុល្លារឡើងទៅ។

លោក Ken Lo បានបន្តថា ចំនួនសេដ្ឋីនៅកម្ពុជា យើងឃើញមានអ្នកទទួលបានងារជាអ្នកឧកញ៉ា មានចំនួនប្រមាណ២០រូបប៉ុណ្ណោះ ប៉ុន្តែអ្នកមានងារជាឧកញ៉ាមានចំនួនច្រើនខ្ទង់ពាន់នាក់ ដែលអ្នកទទួលបានងារជាឧកញ៉ាអាចចាត់ចូលជា “សេដ្ឋី”បាន។

លោកបានបន្តថា ដោយសារចំនួនសេដ្ឋីកើនឡើងនៅកម្ពុជា ទើបអ្នកវិនិយោគបុរីមួយចំនួនបានចាប់ផ្តើមសាងសង់ បុរីតម្លៃខ្ពស់រហូតដល់១ទៅ៥លានដុល្លារ ដែលពីមុនមិនឃើញមាននោះទេ ប៉ុន្តែទោះជាយ៉ាងណាទីផ្សារលំនៅដ្ឋានលំដាប់មធ្យម នៅតែមានចំនួនច្រើនគ្របដណ្តប់ភាគច្រើននៅក្នុងទីផ្សារ។

ជាមួយគ្នានេះ អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service, Co, Ltd បានមានប្រសាសន៍ឲ្យដឹងផងដែរថា ចំនួនសេដ្ឋី ឬអ្នកមាននៅស្រុកខ្មែរពិតជាមានការកើនឡើ់ងខ្ពស់ ជាហេតុធ្វើឲ្យអ្នក​វិនិយោគបុរីធំៗបានសាងសង់ផ្ទះតម្លៃខ្ទង់លានដុល្លារ។

អ្នកស្រីបន្តថា “ទោះជាយ៉ាងណាផ្ទះតម្លៃខ្ទង់លានដុល្លារ មិនសូវមានច្រើននោះទេ ហើយការលក់ក៏មិនបានលឿនដូចផ្ទះតម្លៃមធ្យម ឬសម្រាប់អ្នកមានជីវភាពមធ្យមនោះទេ”។

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានបង្ហាញពីម៉ូតផ្ទះ តម្លៃ៣លានដុល្លារ ដែលសាងសង់លើផ្ទៃដីទំហំ១ហិកតា ធ្វើឲ្យមានការចាប់អារម្មណ៍លើទីផ្សារផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានវិនិយោគបុរីវិមានសំណាង ដោយសាងសង់ផ្ទះមានតម្លៃរហូទដល់៥លានដុល្លារអាមេរិក ប៉ុន្តែវិមានឬភូមិគ្រឹះដ៏ធំនោះ មិនមានចំនួនច្រើនឡើយ៕

 

ហេតុអ្វីអ្នកសាងសង់គួរទិញធារ៉ាប់រងសម្រាប់ការដ្ឋានរបស់ខ្លួន?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្ដែងយើងឃើញអគារខ្ពស់ៗ និងការដ្ឋាននិងកំពុងសាងសង់ជាច្រើន នៅក្នុងរាជធានីភ្នំពេញ។

ក្រៅពីអគារទាំងនេះ ក៏មានសំណង់ស្ពាន និងសំណង់ជាច្រើនទៀតរបស់រដ្ឋនិងឯកជនផងដែរ ។ យ៉ាងណាក្ដីម្ចាស់ការដ្ឋានសំណង់ មួយចំនួនបានគិតគូរពីការខូចខាត និងបានប្រើប្រាស់លើធានារ៉ាប់រង និងមួយចំនួនមិនទាន់បានប្រើនៅឡើយ ។ តើមូលហេតុអ្វីម្ចាស់ការដ្ឋានសំណង់ ឬអ្នកសាងសង់ប្រើគួរប្រើវា ?។

លោកអ៊ុង រឹទ្ធី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ក្រុមហ៊ុនហួយវ័នអ៊ិនសួរេនបានឱ្យដឹងថា កត្តាដែលអ្នកសាងសង់ ឬម្ចាស់ការដ្ឋានសំណង់គួរតែទិញកញ្ចប់ធានារ៉ាប់រង់ សម្រាប់ការដ្ឋានរបស់ខ្លួននោះ មានពីរធំៗ គឺទី១ការពារទៅលើទ្រព្យសម្បត្តិ  ដូចជាការបាត់បង់ឬខូចខាតទ្រព្យ ។ ក្នុងន័យនេះ មានន័យថាបើសិនជាអ្នកសាងសង់ ទទួលបានគម្រោងសាងសង់តម្លៃ១០លានដុល្លារអាមេរិកលើអគារទាំងមូល គេអាចយកកុងត្រាដែលទទួលបាននោះមកដាក់ធានាទាំងស្រុងនោះ ក្រុមហ៊ុនធានារ៉ាប់រងការពារទៅលើអគារនេះ។

លោកបន្តថា ប៉ុន្តែអ្នកសាងសង់អាចដាក់ធានា ពីលើគម្រោងដែលទទួលបាននោះផងដែរ ដូចជា គ្រឿងចក្រយកមកសាងសង់ ដងស្ទូចនិងសម្ភារៈសាងសង់នានាទៀតផងដែរ ។ លោកបន្តថា ក្នុងដំណាក់កាលទី១នេះ អ្នកសាងសង់អាចទិញការធានារ៉ាប់រង ក្នុងអំឡុងពេលណាមួយ ដូចជា ចាប់ពីបុកគ្រឹះរហូតដល់សាងសង់រួច ក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំហើយក្នុងពេលនេះ បើសិនជាអគារនោះបាក់ស្រុត ឆាប់ឆេះ ឬបាត់បង់ដោយប្រការណាមួយ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ដល់សំណងជូន។

ក្នុងដំណាក់កាលទី២ អ្នកសាងសង់ឬក៏ម្ចាស់អគារនោះអាចទិញកញ្ចប់ធានារ៉ាប់រងរយៈពេលណាមួយ ក្រោយសាងសង់ហើយបើសិនជាមានការបាត់បង់អ្វីមួយបាក់ស្រុត ឆាបឆេះ ដោយអចេតនា ក៏ក្រុមហ៊ុននឹងធ្វើសំណងជូនដែរ ។

ចំណែកលោកយក់ ចំរើនរឹទ្ធអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេបានមានប្រសាសន៍ផងដែរថា ការដ្ឋានសំណង់កើនច្រើនធ្វើឱ្យការលក់នៃការធានា ទៅលើការដ្ឋានសំណង់ក៏មានច្រើនដែរ ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងវិស័យធានារ៉ាប់រង ក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ។

លោកបន្តថា “ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ការធានារ៉ាប់រង ទៅលើសំណង់ហាក់បានថមថយបន្តិច ដោយសារតែមិនមានការដ្ឋា​នសំណង់ថ្មីៗ ត្រូវបានដំណើរការដូចមុនកូវីដ១៩ ហើយការដ្ឋានសំណង់ដែលដំណើរការ ក៏បានទិញការធានារួចហើយដែរមួយចំនួនធំ”។

លោកបញ្ជាក់ថា ការទិញការធានារ៉ាប់រងទៅលើការដ្ឋានសំណង់ វានឹងជួយអ្នកសាងសង់មិនឱ្យខាតបង់ នៅពេលមានហានិភ័យណាមួយកើតឡើង ជាឧទារហណ៍ថាបើសិនជាកំពុងសាងសង់សុខៗ ស្រាប់តែមានការបាក់ស្រុត ឬមានហានិភ័យអគ្គីភ័យកើតឡើង អ្នកម៉ៅការសាងសង់នឹងត្រូវចេញសងទៅម្ចាស់គម្រោងនោះ ហើយធ្វើឱ្យខាត់បង់កាន់តែច្រើន៕

តម្លៃលំនៅដ្ឋាននៅប្រទេសចិនចាប់ផ្តើមលើងឡើងបន្តិចក្នុងខែឧសភា

ដោយៈ ​លាងហួរ

ប្រទេសចិនៈ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០ បានកើនឡើង០.០៣ភាគរយ បើធៀបនឹងការកើនឡើង០.០២ភាគរយនៅក្នុងខែមេសា នេះបើយោងតាមទិន្នន័យស្ទង់មតិពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ធំបំផុតមួយរបស់ប្រទេសចិន។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចបានធ្លាក់ចុះអស់រយៈពេលមួយឆ្នាំ ហើយបានធ្លាក់ចុះបន្ថែម ទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារវិធានការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ១៩ដ៏តឹងរ៉ឹង។

នៅក្នុងខែឧសភា ទីក្រុងជាង៦០រួមទាំងរដ្ឋធានី និងបណ្តាខេត្តមួយចំនួនបានបន្ធូរបន្ថយ គោលនយោបាយកូវីដសូន្យរបស់ខ្លួន ដើម្បីជំរុញវិស័យអចលទ្រព្យនេះ ប៉ុន្តែវិធានការភាគច្រើនផ្តោត លើការជំរុញតម្រូវការទិញផ្ទះ តាមរយៈការកាត់បន្ថយអត្រាការប្រាក់បញ្ចាំ ការបង់ប្រាក់ទាប និងការឧបត្ថម្ភធន។

ទីក្រុងភាគខាងជើងនៃទីក្រុង Taiyuan នៃខេត្ត Shanxi  បានអោយដឹងកាលពីថ្ងៃទី២៣ខែឧសភាថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភពន្ធលើប័ណ្ណកម្មសិទ្ធិ និងបានអំពាវនាវឱ្យធនាគារ ផ្តល់ការបង់រំលោះតិចតួចសម្រាប់អ្នកទិញផ្ទះដំបូង។ តម្លៃផ្ទះថ្មីនៅទីក្រុងសៀងហៃ បានធ្លាក់ចុះ០.០១ភាគរយពីមួយខែមុន បើប្រៀបធៀបនឹងមិនមានការផ្លាស់ប្តូរនៅក្នុងខែមេសា។

ធនាគារកណ្តាលបាននិយាយកាលពីសប្តាហ៍មុនថា និយតករហិរញ្ញវត្ថុបានសន្យាថា នឹងរក្សាកំណើនឥណទានឱ្យមានស្ថេរភាព នៅក្នុងវិស័យអចលនទ្រព្យ និងជួយអ្នកទិញផ្ទះ ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកុវីដ១៩ ដើម្បីពន្យារពេលការទូទាត់ប្រាក់កម្ចីរបស់ពួកគេ នេះបើយោងតាមធនាគារកណ្តាលបាននិយាយកាលពីសប្តាហ៍មុន។

បញ្ហាទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងកាន់តែមានភាពស្មុកស្មាញនៅឆ្នាំ២០២២នេះ ដោយមិនមានការកើនឡើងនៃតម្លៃផ្ទះពេញមួយឆ្នាំ នេះបើយោងតាមការស្ទង់មតិចុងក្រោយ របស់សារពត៌មាន Reuters៕

កំណាត់ផ្លូវលេខ១០៨០ ភ្ជាប់មហាវិថីឈ្នះឈ្នះដល់ផ្លូវលេខ៤២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ដោយ៖ សុផារី

ភ្នំពេញ៖ កំណាត់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ ផ្លូវលេខ៤២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ។

ពិធីសម្ពោធកំណាត់ផ្លូវបេតុងអារម៉េមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា “កំណាត់ផ្លូវមួយខ្សែនេះ ពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោបានសម្រេចឱ្យមានការស្ថាបនាឡើងជាបន្តបន្ទាប់។ ចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ ក៏កំណាត់ផ្លូវនេះត្រូវបានសម្រេចឱ្យស្ថាបនាថ្មី ជាមួយនឹងការពង្រឹកផ្លូវឱ្យកាន់តែធំទូលាយ ជាងមុនទៀតផង”។

បើតាមលោក ឃួង ស្រេង ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ សម្តេចតេជោបានសម្រេចផ្តល់កំណាត់ផ្លូវ មួយខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង១៥០០ម៉ែត្រ ទទឹង១២ម៉ែត្រ ហើយបានប្រកាស បើកការដ្ឋាននាព្រឹកថ្ងៃទី០១ មិថុនាឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងដែរថា កំណាត់ផ្លូវនេះពីមុនមាន ទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះបានពង្រីកដល់១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេ សម្រាប់ធ្វើចរាចរតភ្ជាប់ពីតំបន់លំនៅឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យនិងវិថីបម្រើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូនផលិតផល មកផ្គត់ផ្គង់រាជធានីភ្នំពេញ។

លោកបន្តថា ម្យ៉ាងវិញ ទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវ Express Way ភ្នំពេញ -ក្រុងព្រះសីហនុ ឬតភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំប្រសិទ្ធិ៍ ជាតំបន់ទេសចរណ៍ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង និងផ្សារផ្លូវជាតិលេខ៥ ត្រង់ឧត្តុង៕

កត្តាចំនួនបីធ្វើឱ្យអចលនទ្រព្យឧត្តរមានជ័យមានសកម្មភាពតិចតួចជាងបណ្តាខេត្តផ្សេង

ដោយៈ សុផារី

ឧត្តរមានជ័យៈ ខេត្តឧត្តរមានជ័យមានទីតាំង ស្ថិតនៅបណ្ដោយខ្សែព្រំដែនប្រទេសកម្ពុជា-ថៃ ដែលជាច្រកមានសកម្មភាពពាណិជ្ជកម្មច្រើនគួរសម ប៉ុន្តែយ៉ាងណាក្តី សកម្មភាពវិនិយោគអចលនទ្រព្យ នៅក្នុងខេត្តមួយនេះមានសភាពយឺតយ៉ាវ ដោយអ្នកជំនាញអះអាងថា កត្តាបីបានធ្វើឱ្យវិស័យនេះមានសន្ទុះអភិវឌ្ឍន៍តិច។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី៣១ ខែឧសភានេះ ថា វិស័យអចលនទ្រព្យ នៅក្នុងខេត្តឧត្តរមានជ័យ មានការរីកចម្រើនដែរ តែនៅមិនទាន់មានសន្ទុះខ្លាំងណាស់ណានោះទេ។

យ៉ាងណាក្តី លោកឧកញ៉ាមានប្រសាសន៍ថា “កំណើនអភិវឌ្ឍន៍អច ល​នទ្រព្យនៅក្នុងតំបន់នេះ អាស្រ័យលើគោលនយោបាយរដ្ឋាភិបាល ដោយបច្ចុប្បន្ននេះ រដ្ឋាភិបាលបានមានចក្ខុវិស័យអភិវឌ្ឍន៍វែងឆ្ងាយ និងសក្តា​នុពលតំបន់ជនបទ ដែលមានការតភ្ជាប់រវាងទីប្រជុំ តាមរយៈការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា”។

លោកនួន រិទ្ឋីបានបញ្ជាក់ថា ចំណុចសំខាន់មួយទៀត គឺការបង្កើតការងារ និងការផ្គត់ផ្គង់មួយចំនួននៅក្នុងតំបន់ ដែលនឹងនាំឱ្យមានការរីកចម្រើន។ លោកឧកញ៉ាបានបន្តថា “តំបន់មានការរីកចម្រើន តែឱ្យមានសន្ទុះខ្លាំងក្លានៅមិនទាន់មានទេ ប៉ុន្តែរដ្ឋាភិបាលប្រឹងប្រែងជំរុញណាស់ ពាក់ព័ន្ធនឹងគោលនយោបាយកំណត់ជាតំបន់អភិវឌ្ឍន៍ ក៏ដូចជាការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងតំបន់ពីតូចទៅធំ បានជម្រុញឱ្យអចលនទ្រព្យមានកំណើនច្រើនណាស់ដែរ”។

លោក ថន វីរៈ ប្រធានផ្នែកលក់ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានទីតាំងនៅក្នុងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី១ ខែមិថុនានេះថា សកម្មភាពអចលនទ្រព្យនៅក្នុងខេត្តឧត្តរមានជ័យ មិនសូវមានសកម្មភាពច្រើននោះទេ។ ភាគច្រើនមានត្រឹមតែគម្រោងអភិវឌ្ឍន៍ដីឡូត៍ទំហំតូចៗ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ចំនួនពីរតែប៉ុណ្ណោះ គឺព្រំដែនអូរស្មាច់ និងព្រំដែនជប់គគីរ។

លោក វីរៈ បញ្ជាក់ថា “នៅក្នុងខេត្តព្រំដែនមួយនេះ សកម្មភាពអភិវឌ្ឍលើវិស័យលំនៅឋាន អាគារខ្ពស់ៗ នៅមិនទាន់មាននៅឡើយទេ”។

លោកបន្តថា សកម្មភាពទិញលក់អចលនទ្រព្យ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយ ដោយសារកត្តាចំនួនបី។ កត្តាទី១ ចំនួនប្រជាជននៅមានតិចតួច កត្តាទី២ ចំនួនក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យនៅមានចំនួនតិចតួចហើយ កត្តាទី៣ ការផ្លាស់ប្ដូរផ្នត់គំនិត និងបែបផែនការរស់នៅរបស់ប្រជាជននៅក្នុងមូលដ្ឋានមានការលំបាក។

លោកបន្តថា “ប្រជាជននៅទីនេះមានចំនួនតិច ហើយការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន ឱ្យមានបែបផែនការរស់នៅដូចបណ្តាខេត្តផ្សេង ដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ ជាដើម មានការលំបាក”៕