តម្លៃប្រេងសាំងធម្មតាឡើងថ្លៃដល់៥.៦៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត៥.៥៥០រៀលក្នុងមួយលីត្រ

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុងតម្លៃ៥.៦៥០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥.៥៥០រៀល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.៩១៤រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៨១៤រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២១ មានទឹកប្រាក់សរុបជិត ២០០លានដុល្លារអាមេរិកក្នុងខែឧសភា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះ សកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានដំណើរការល្អ និងវិវត្តន៍ទៅរកស្ថានភាព ដូចមុនកូវីដ១៩វិញបណ្ដើរៗហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ត្រូវបានអនុម័តជាផ្លូវការ។

ជាក់ស្តែង ក្នុងខែឧសភា មានគម្រោង២១ត្រូវបានអនុម័ត ដោយមានទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ភាគច្រើននៃគម្រោងដែលត្រូវបានអនុម័តឱ្យវិនិយោគជា គម្រោងរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្ម ផ្សេងៗទៀត។

ក្នុងចំណោមគម្រោងទាំងអស់ដែល CDC អនុម័តក្នុងខែឧសភានោះដែរ មានគម្រោងចំនួន២ មានទឹកប្រាក់វិនិយោគធំជាងគេ គឺ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា មានទីតាំងនៅស្រុកអង្គស្នួលខេត្តកណ្ដាល មានទុនវិនិយោគ៥៧,២លានដុល្លារអាមេរិក និងបង្កើតការងារបានជាង៩០០កន្លែង។

គម្រោងមួយទៀត គឺ គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទឹកប្រាក់វិនិយោគចំនួន៧១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋចំនួន៣០៤នាក់។

ក្រៅពីគម្រោងដែលមានទឹកប្រាក់ច្រើនទាំងពីរនោះ ជាគម្រោងរោងចក្រឧស្សាហកម្មមានទុនវិនិយោគក្រោម១០លានដុល្លារអាមេរិក តែអាចបង្កើតការងារបានច្រើនដល់ពលរដ្ឋ ។

លោក វ៉ា វីរៈ ប្រធានអ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកនៃក្រុមហ៊ុនCentury 21 Fortuna បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២នេះ ការវិនិយោគក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានកំណើនល្អប្រសើរឡើងវិញ ទាំងទុននៅក្នុងស្រុក និងទុនមកពីបរទេស។ តាមរយៈគម្រោងវិនិយោគទាំងនេះ បានធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា មានកំណើនខ្ពស់ក្នុងឆ្នាំ២០២២នេះ និងរំពឹងថារំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមានកំណើនកាន់តែច្រើនថែមទៀង ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ ។

លោកបន្តថា សម្រាប់តំបន់ ដែលទទួលបានគម្រោងវិនិយោគច្រើន និងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់វិនិយោគិនបរទេស និងក្នុងស្រុកនោះ គឺនៅតំបន់ខាងលិចទន្លេ ដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ក្រុងព្រះសីហនុ កោះកុង ជាដើម។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅថា ឆ្នាំ២០២២នេះ ដល់ពេលវេលា ដែលត្រូវដាស់ឱ្យវិស័យដីធ្លី និងការវិនិយោគ ត្រលប់មកវិញហើយ ។ ជាក់ស្ដែង ក្នុងរយៈពេលជិត១ខែហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មី ដោយនេះជាកត្តាដែលអាចទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាបន្ថែម៕

តម្លៃប្រេងនៅតំបន់អាស៊ីហក់ឡើងខ្ពស់ ក្រោយសហភាពអឺរ៉ុបសម្រេចហ៊ុមព័ទ្ធប្រេងរុស្ស៊ី

ដោយ៖ សុខុម

សិង្ហបុរី: តម្លៃប្រេងនៅតំបន់អាស៊ី បានហក់ឡើងនៅព្រឹកថ្ងៃពុធ ទី០១ ខែមិថុនានេះ បន្ទាប់ពីក្រុមមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងហ៊ុមព័ទ្ធប្រេងរុស្ស៊ី ដោយផ្នែក និងជាដំណាក់កាល និងស្របពេលប្រទេសចិន បញ្ចប់ការបិទខ្ទប់ក្នុងក្រុងសៀងហៃ។

តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស សម្រាប់ការចែកចាយក្នុងខែសីហា បានហក់ឡើ៧៨សេន ឬ ០,៧% ដល់១១៦,៣៨ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

កិច្ចសន្យាប្រេងសម្រាប់ការចែកចាយក្នុងខែកក្កដា បានផុតកំណត់កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ជាមួយនឹងតម្លៃ១២២,៨៤ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ដោយហក់ឡើងថ្លៃ១%។

ទន្ទឹមនេះប្រេងឆៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃ៦៣%សេន ឬ ០,៦% ដល់១១៥,៣០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាជាគោលការណ៍កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ដើម្បីកាត់បន្ថយការនាំចូលប្រេង៩០% ពីប្រទេសរុស្ស៊ី ត្រឹមដំណាច់ឆ្នាំ២០២២ ដែលជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់ប្លុកនេះ មកលើរដ្ឋាភិបាលក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ៕

ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ

ដោយ៖ សហការី

ភ្នំពេញ (អគារ Morgan) ៖ ក្រុុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដាខាងមុខនេះ នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ។

កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗ ឱ្យឈាន​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា ​ដែលកំពុងតែរីកចម្រើន ។

ពិព័រណ៍អចលនទ្រព្យនេះ គឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិកនៃ Realestate.com.kh និង លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន ជាមួយនឹងចក្ខុវិស័យ ​ដើម្បីធានាដល់​អតិថិជន ​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វី ដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស ​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជា ជាដើម។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជា នឹងដាក់តាំងបង្ហាញ រួមមាន OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។

ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួម ដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នក ដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។

ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍

មានឱកាសឈ្នះរង្វាន់ធំ

ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួន ដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ រួមមាន គ្រឿងអលង្ការពី Princess Alanka នាឡិកាពី Watch Empire គ្រឿងបរិក្ខារពី Seara Sports Systems សំបុត្រកុនពីរោងភាពយន្ត Legend គ្រឿងប្រើប្រាស់ពី Fotile Mitsubishi និងជាច្រើនទៀត។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្ត ដល់អ្នកទិញជាច្រើន ក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញ ដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !

តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង09:00ព្រឹក រហតូដល់ម៉ោង06:00ល្ងាច ។

អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្ម

Thomas O’Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា “ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ2019មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ ដោយសារជំងឺរាតត្បាត។ ប៉ុន្តែខណៈនេះអ្វី ដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើល ជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទ ដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ។ នេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួម ដែលមានចំនួនជាង5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍””។

លោក Thomas O’Sullivan បានបន្តថា “ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាព ដូចជា សិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មានកន្លែងក្មេងលេង កន្លែងបង្ហាញរថយន្ត អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល”។

ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍

បំបែកកំណត់ត្រាប្រកបដោយជោគជ័យ

អចលនទ្រព្យកម្ពុជាលើកចុងក្រោយ ដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយ ដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួនជាង30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង20.000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង15.000 នាក់ និងឈានដល់ការលក់ជាង20លានដុល្លារ ។

វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា

ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។

អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.

អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Media

ដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLife

ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍

ពូទីនពឹងឱ្យចិន និងឥណ្ឌាជួយទិញប្រេងរុស្ស៊ីបន្ថែមទៀត ខណៈសហភាពអឺរ៉ុបគ្រោងហាមឃាត់ប្រេងរុស្ស៊ី ៩០ភាគរយ

ដោយ សុខុម

ប៉េកាំង: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រហែលជាត្រូវពឹងផ្អែកលើមហាយក្សចិន និងឥណ្ឌា កាន់តែខ្លាំងផ្នែកប្រេង ប្រសិនបើសហភាពអឺរ៉ុប សម្រេចហ៊ុមព័ទ្ធប្រេងរុស្ស៊ី ៩០% ឬទាំងស្រុង ដោយសារប្រទេសទាំង២នេះមានសមត្ថភាពចម្រាញ់ប្រេងឆៅប្រភេទ Urals ដែលអឺរុប ធ្លាប់តែទិញ។

ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងបន្តហ៊ុមព័ទ្ធដោយផ្នែកលើប្រេងឆៅរុស្ស៊ី ដែលដឹកជញ្ជូនតាមសមុទ្រ ហើយការហ៊ុមព័ទ្ធនេះអាចធ្វើឱ្យលោក ពូទីន ខាតបង់ប្រាក់ចំណូលនាំចេញរហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា។

ក្រុមឈ្មួញទម្លាយឱ្យដឹងថា ការហ៊ុមព័ទ្ធដោយផ្នែកនេះបានធ្វើឱ្យរុស្ស៊ី សល់យ៉ាងច្រើនសន្ធឹកសន្ធាប់នូវប្រេងឆៅប្រភេទ Urals ដែលអឺរ៉ុប ពេញនិយមទិញ។ ទោះជាយ៉ាងណា នៅអាស៊ី នឹងមានប្រទេសតិចណាស់ដែលទិញប្រេងឆៅប្រភេទនេះដោយសារប្រទេសទាំងនោះដូចជាស្រីលង្កា និងឥណ្ឌូនេស៊ី ជាដើមគ្មានសមត្ថភាពចម្រាញ់ប្រេងឆៅប្រភេទនេះទ្រង់ទ្រាយធំ ឬនិយាយដោយខ្លីគឺខ្វះធនធានបច្ចេកទេស។

ស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះគឺមានតែប្រទេសចិន និងឥណ្ឌា ប៉ុណ្ណោះដែលអាចជួយទិញប្រេងឆៅ Urals របស់រុស្ស៊ី បន្ថែមទៀតដោយសារប្រទេសទាំងនេះមានរោងចក្រដែលអាចចម្រាញ់ប្រេងឆៅ Urals។

ក្រុមឈ្មួញនិយាយថា ដោយស្ថានភាពកូវីដ-១៩ នៅក្រុងសៀងហៃ មានភាពធូរស្រាលច្រើនក្រោយការបិទខ្ទប់រាប់ខែ រោងចក្រចម្រាញ់ប្រេងនានារបស់ចិន ទាំងគ្រប់គ្រងដោយរដ្ឋ និងឯកជនប្រហែលជាចង់ទិញប្រេងឆៅរុស្ស៊ី បន្ថែមទៀត។

ទោះជាយ៉ាងណា វាក៏ទំនងជាមានដែនកំណត់ដែរលើចំនួនដែលប្រទេសចិន និងឥណ្ឌា អាចទិញទៅតាមភាពជាក់ស្តែង ដោយសារប្រទេសទាំង២ បានសម្រុកទិញប្រេងឆៅរុស្ស៊ី ក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មានរួចទៅហើយ ក្រោយពីអឺរ៉ុប ចៀសវាងមិនទិញប្រេងរុស្ស៊ី ជាការដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ៕

គម្រោងសាងសង់ចំណតកំពង់ផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២នេះ

ដោយ៖ សុផារី

ព្រះសីហនុ ៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រចូលចតបាន ដែលក្នុងពេលនោះ កប៉ាល់ប្រមាណ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាស៊ី អាចចូលចតនៅកម្ពុជាបាន ។

លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅ នៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ បណ្តាប្រទេសក្នុងតំបន់និងពិភពលោកទាំងមូល ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

លោកបានបន្តថា ថ្នាក់ដឹកនាំកំពង់ផែ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អភិវឌ្ឍកំពង់ផែ ឱ្យក្លាយទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗលំដាប់ពិភពលោកចេញចូលបាន ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ៩,២ម៉ែត្រចេញចូលនៅទីនេះបាន ដែលមានន័យថា កំពង់ផែអាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលចតបានប្រមាណតែ១៨ភាគរយប៉ុណ្ណោះ ដោយ ក្នុងចំណោម១០០កប៉ាល់អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្ទុកកុងតឺន័របានតែ១៥០០ប៉ុណ្ណោះ។

លោកបានបន្ថែមថា ដូច្នេះដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង២០០លាន ដុល្លារពីរដ្ឋាភិបាលជប៉ុន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ហើយដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូនអាចចុះជាង២០០ដុល្លារ ក្នុងមួយកុងតឺន័រ។

លោកមានប្រសាសន៍ថា “អ្វីដែលជាការគិតនិងជាបំណង ដែលបំណងនោះនឹងក្លាយជាការពិតនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គឺយើង នឹងចាប់ផ្តើមសាងសង់កំពង់ផែដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រនៅចុងឆ្នាំ២០២២នេះនឹងចាប់ផ្ដើមការសាងសង់ ហើយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានន័យថារយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ ដូច្នេះប្រសិនបើយើងសាងសង់ផែដែលមានជម្រៅទឹក១៤,៥កន្លះ តាមការសិក្សាពីក្រុមជំនាញការ JICAរបស់ជប៉ុន ក៏ដូចជាអ្នកជំនាញរបស់កំពង់ផែ គឺយើងអនុញ្ញាតឱ្យនាវា៩៣ភាគរយ នៃនាវាដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ប៉ាស៊ីហ្វិក អាចចេញចូលកំពង់ផែកម្ពុជាបាន នេះប្រសិនបើយើងសាងសង់ផែ១៤,៥ម៉ែត្ររួចរាល់ នៅចុងឆ្នាំ២០២៥”។

បន្ថែមពីនេះ លោក ថៃ ឬទ្ធី បានមានប្រសាសន៍បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២និងជំហានទី៣បន្ថែមទៀត ខណៈដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង៤០០ម៉ែត្រ និង ជម្រៅទឹក១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង៤៣០ម៉ែត្រ និងជម្រៅទឹក១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការនៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ជាមួយនឹងការព្យាករណ៍កំណើនផលិតផល ក្នុងស្រុកសរុប(GDP)របស់កម្ពុជាផងដែរ៕

ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញហាក់មិនមានសញ្ញាវិជ្ជមានរហូតដល់ចុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ស្របពេលសកម្មភាពអាជីវកម្មវិនិយោគចាប់ផ្តើមត្រឡប់មកវិញបណ្តើរៗ អ្នកជំនាញអះអាងថា ការងើបឡើងវិញនៃទីផ្សារការិយាល័យក្នុងរាជធានីភ្នំពេញ ហាក់មិនមានសញ្ញាវិជ្ជមាន ខណៈតម្រូវការនៅមានតិចតួច ហើយការផ្គត់ផ្គង់នៅមានចំនួនច្រើន។

អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា សកម្មភាពជួលការិយាល័យក្នុងវិស័យអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញមានសភាពទ្រឹង ខណៈសកម្មភាពនៅក្នុងខែឧសភាមានការថយចុះ បើធៀបនឹងខែមេសា ក្នុងឆ្នាំនេះ។ បើក្រឡេកមើលទិដ្ឋភាពទូទៅនៃការជួលអចលនទ្រព្យប្រភេទការិយាល័យ តម្លៃនៃការជួលនៅបន្តមានសភាពទ្រឹងដដែល។

អ្នកជំនាញអចលនទ្រព្យរូបនេះ បានបញ្ជាក់ថា ទីផ្សារនេះហាក់បានមានសញ្ញាវិជ្ជមាននោះទេ ទោះបីរង់ចាំមើលរហូតដល់ចុងឆ្នាំ២០២២ ក៏ដោយ។ ចំនួននៃការផ្គត់ផ្គង់បន្តមានកំណើន ខណៈតម្រូវការក្នុងការប្រើប្រាស់ការិយាល័យសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគ នៅមានល្បឿនយឺត ហើយទីផ្សារមួយនេះអាចត្រូវការរយៈពេលប្រហែល១ទៅ២ឆ្នាំ ដើម្បីត្រលប់មករកភាពប្រសើរឡើងវិញបាន។

អ្នកនាងមានប្រសាសន៍ថា “សម្រាប់ត្រីមាសនេះរហូតដល់ចុងឆ្នាំ២០២២ ក៏មិនទាន់មានការកើនឡើងវិញនូវទីផ្សារជួលដែរ។ សញ្ញាវិជ្ជមានបំផុតគឺសង្ឃឹមនៅទ្រឹងដដែល ដោយតម្លៃជួលអាចនឹងមិនធ្លាក់ចុះបន្តទៀត”។

អ្នកនាងបន្តថា “ទោះបីចុងឆ្នាំ តម្លៃជួលមានការធ្លាក់ចុះក្តី ក៏យើងមិនមានការភ្ញាក់ផ្អើលដែរ ដោយសារចំនួននៃការផ្គត់ផ្គង់នៅតែច្រើនដដែល ហើយជាក់ស្តែងសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគទើបចាប់ផ្ដើមមកតិចៗ”។

អ្នកនាងរំពឹងថា ការប្រែប្រួលនៃទីផ្សារអចលនទ្រព្យមួយនេះត្រូវការពេលយ៉ាងហោចណាស់១ ទៅ២ឆ្នាំដើម្បីមើលឃើញភាពប្រែប្រួលខ្លាំង។

លោក ​ប៉ូ​ អ៊ា​វ​គង់​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance​ បានមានប្រសាសន៍ថា ទីផ្សារជួលការិយាល័យ នៅមិនទាន់មានអ្វីប្រែប្រួលខ្លាំងនោះឡើយ ដោយក្តីរំពឹងថា ទីផ្សារមួយនេះដូចជាសញ្ញាវិជ្ជមាន ក្នុងដើមឆ្នាំ២០២២នេះ ត្រូវបានអូសបន្លាយបន្តទៀត៕

តើសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា មានគោលការណ៍ផ្តល់ដីឱ្យឯកជនរយៈពេលប៉ុន្មានឆ្នាំ?

ដោយ៖ សុផារី

ភ្នំពេញ៖ សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទាន ជាក់លាក់ ក្នុងគោលបំណងធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម និងបង្កើតចំណូលរដ្ឋ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។

សម្បទានិក ត្រូវធានាការគោរពកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមកិច្ចសន្យាសម្បទាន ដើម្បីជៀសវាងការកើតមានកំហុសធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ដកហូតសម្បទានដីសេដ្ឋកិច្ចមកវិញ។

សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យ ដើម្បីសម្រេចគោលបំណងដូចខាងក្រោម៖
១. អភិវឌ្ឍន៍សកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគដើមទុនដំបូង ក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប។
២. សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់នៃតំបន់នោះ។
៣. បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការ រកស៊ី។ចិញ្ចឹមជិវិតមានលក្ខណៈសម្បូ រណ៍បែប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប។
៤. លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច។
៥. បង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ/សង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។

ដីសម្បទានសេដ្ឋកិច្ចអាចផ្ដល់ចំពោះតែដី ដែលមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យទាំង៥ដូចខាងក្រោម៖
១. ដីដែលបានចុះបញ្ជី និងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
២. ដីដែលមានផែនការប្រើប្រាស់ដែល អនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្រុង ហើយប្រើប្រាស់មានលក្ខណៈស្របទៅតាមផែនការនោះ។
៣. ដីដែលបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះកាប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោង សម្បទាន។
៤. ដីដែលមានដំណោះស្រាយចំពោះបញ្ហាតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន។ អាជ្ញាមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានា មិនមានការបង្ខំឱ្យធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស័្មគ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន។
៥. ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងតំបន់។

យោងតាមមាត្រា៥៣ នៃច្បាប់ស្ដីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានបញ្ញត្តិថាសម្បទានដីសេដ្ឋកិច្ចមិនត្រូវមានរយៈពេលលើសពី៥០ឆ្នាំ មានទំហំច្រើនបំផុតមិនលើសពី១០.០០០ហិកតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំដីសម្បទានសរុបមិនត្រូវលើសពី១០.០០០ហិកតាឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន ប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់។

សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកបានទ្បើយ លើកលែងសម្បទានដីសង្គមកិច្ច ប៉ុន្តែអាចបង្កើតសិទ្ធិលើការប្រើប្រាស់ និងអាស្រ័យផលលើដី ព្រមទាំងទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។

ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ សម្បទានិកត្រូវចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងពេល១២ខែ បន្ទាប់ពីទទួលបានសម្បទានដី បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ៕

ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យងាកទៅទិសខាងលិច និងខាងត្បូង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ដោយសារតម្លៃដីនៅជិតក្រុងមានតម្លៃខ្ពស់ វិនិយោគិនក៏បានងាកទៅរកតំបន់ជាយក្រុង ដើម្បីធ្វើការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។ ក្នុងនោះ តំបន់ខាងលិច និងខាងត្បូងភ្នំពេញមើលឃើញមានការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យច្រើន។

ជាការកត់សម្គាល់ លំនៅឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ និងខ្លះតម្លៃត្រឹម៤ទៅ៥ម៉ឺនដុល្លារអាមេរិក មានការអភិវឌ្ឍច្រើននៅតំបន់ខាងលិច និងខាងត្បូង ដោយវិនិយោគិនថ្មីចាស់ជាច្រើនចាប់ផ្ដើមបញ្ចេញសកម្មភាព ជាពិសេស នៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ និងតំបន់ដែលមានសក្ដានុពល។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃក្រោម១០ម៉ឺនដុល្លារគួរងាកទៅផ្លូវជាតិលេខ៣ ឬលេខ៤ ពីព្រោះតម្លៃដីធ្លីនៅតំបន់នោះនៅមានកម្រិតនៅឡើយ ដូច្នេះអ្នកអភិវឌ្ឍន៍អាចទិញដីនៅតំបន់នោះ ហើយសង់ផ្ទះ ដើម្បីលក់ក្នុងតម្លៃនោះបាន។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញភាគច្រើននៅជួលផ្ទះគេនៅឡើយ ។ ដូច្នេះបើសិនជាមានការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យច្រើននោះ ពួកគាត់នឹងមានលទ្ធភាពក្នុងការទិញផ្ទះ ដោយបង់រំលស់ជាមួយធនាគារ ឬបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងអាចស្នាក់នៅបាន ហើយក្នុងរយៈពេលណាមួយ ផ្ទះនោះនឹងក្លាយជារបស់ពួកគេ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ខណ្ឌជាយក្រុងមួយចំនួនបានក្លាយជាទីចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ ក្នុងនោះមានខណ្ឌដង្កោនៅប៉ែកខាងត្បូងភ្នំពេញ ខណ្ឌកំបូលខាងលិចភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ នៅខាងលិចភ្នំពេញ ជាដើម។

អ្នកនាងបន្តថា ការអភិវឌ្ឍលំនៅឋានពីសំណាក់វិនិយោគិនក្នុងស្រុកជាច្រើន បានរួមចំណែកដល់ការផ្គត់ផ្គង់ទីផ្សារលំនៅឋានជូនប្រជាពលរដ្ឋ ដែលមានតម្រូវការហើយ។ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវិដ១៩ ការទិញលក់លំនៅឋានក្នុងប្រទេសកម្ពុជាក៏ឃើញថានៅតែមានភាពសកម្ម៕

អ្នកឧកញ៉ា លី ហួរ៖ វិបត្តិសេដ្ឋកិច្ចសកល អាចធ្វើឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២២យឺតជាងឆ្នាំ២០២១

ដោយ៖ សូរិយា

ភ្នំពេញ៖ ស្របពេលវិបត្តិជំងឺកូវីដ១៩មានភាពប្រសើរឡើង វិបត្តិសេដ្ឋកិច្ចសកលបាននិងកំពុងបង្កក្តីបារម្ភពីផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ អាចធ្វើឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា ដោយសារតែវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យការលក់លំនៅឋានកាន់តែតឹងតែង បណ្តាលឱ្យការលក់គម្រោងលំនៅដ្ឋាននៅឆ្នាំនេះធ្លាក់ចុះផងដែរ។

ចាប់តាំងពីកើតមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក បានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងបង្កឱ្យតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យទំនិញស្ទើរគ្រប់មុខឡើងថ្លៃ ក្នុងនោះដែរ ដែក និងសម្ភារៈសំណង់ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស បម្រើឱ្យវិស័យសំណង់ក៏បានកើនឡើងផងដែរ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា បើទោះបីជាតម្លៃដែក និងសម្ភារៈសំណង់ផ្សេងៗហក់ឡើងថ្លៃខ្លាំងក៏ដោយ ក៏តម្លៃលំនៅឋានដែលបានដាក់លក់មិនអាចដំឡើងថ្លៃតាមបាននោះទេ ខណៈការលក់លំនៅដ្ឋាននៅកម្ពុជា បានធ្លាក់ចុះគួរកត់សម្គាល់។

អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា ក្នុងពេលដែលតម្លៃសម្ភារៈសំណង់ផ្សេងៗកំពុងឡើងថ្លៃខ្ពស់ ប៉ុន្តែសម្រាប់គម្រោងលំនៅឋានដែលបានដាក់លក់ ទាំងគម្រោងចាស់ និងគម្រោងថ្មី មិនអាចដាក់លក់ដំឡើងថ្លៃតាមវត្ថុធាតុដើមនៃសំណង់នោះទេ ព្រោះបើដំឡើងថ្លៃលក់នឹងធ្វើឱ្យអ្នកទិញរារែកចិត្ត។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា “ទំនិញវាឡើងថ្លៃ តម្លៃសំណង់វាឡើងថ្លៃ ដោយសារការដឹកជញ្ជូនឡើងថ្លៃ ដែលជាការប៉ះពាល់ដល់ការសាងសង់។ បើផ្ទះយើងលក់ ហើយកំពុងសាងសង់ យើងអត់អាចដំឡើងថ្លៃបានទេ។

ដោយឡែក គម្រោងថ្មីៗក៏ពិបាកក្នុងការដំឡើងផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យយើងក៏រៀងពិបាកដែរ ដោយសារស្ថានភាពផលប៉ះពាល់ជាទូទៅពាក់ព័ន្ធនឹងសេដ្ឋកិច្ចសកល”។

អ្នកឧកញ៉ាមានប្រសាសន៍បន្តថា  “វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែង វាធ្វើឱ្យប៉ះពាល់ទាំងអស់ កាលណាប៉ះពាល់ដល់សេដ្ឋកិច្ចសកល ការលក់ក៏វារៀងតឹងតែងដូចគ្នា បើយើងឡើងថ្លៃខ្ពស់ពេក យើងលក់អត់បានទេ ជាទូទៅលក់ដដែល គ្រាន់តែបាត់បង់ការចំណេញ។ បើយើងគិតថារបស់ថ្លៃ យើងលក់ថ្លៃដែរ សួរថាលក់បានដែរឬអត់?”។

អ្នកឧកញ៉ាបន្តថា គម្រោងសាងសង់ដែលចេញរួចហើយ មិនមានគម្រោងណាពន្យារសាងសង់នោះទេ ប៉ុន្តែបើគម្រោងថ្មី គេអាចនឹងពិចារណាក្នុងការពន្យារបើកលក់សិន។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ នឹងជំរុញឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១៕