ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស ចាប់ផ្តើមសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយ ឧបករណ៍ បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។
អ្នកបើកបរយានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។