ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យងាកទៅទិសខាងលិច និងខាងត្បូង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ដោយសារតម្លៃដីនៅជិតក្រុងមានតម្លៃខ្ពស់ វិនិយោគិនក៏បានងាកទៅរកតំបន់ជាយក្រុង ដើម្បីធ្វើការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។ ក្នុងនោះ តំបន់ខាងលិច និងខាងត្បូងភ្នំពេញមើលឃើញមានការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យច្រើន។

ជាការកត់សម្គាល់ លំនៅឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ និងខ្លះតម្លៃត្រឹម៤ទៅ៥ម៉ឺនដុល្លារអាមេរិក មានការអភិវឌ្ឍច្រើននៅតំបន់ខាងលិច និងខាងត្បូង ដោយវិនិយោគិនថ្មីចាស់ជាច្រើនចាប់ផ្ដើមបញ្ចេញសកម្មភាព ជាពិសេស នៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ និងតំបន់ដែលមានសក្ដានុពល។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃក្រោម១០ម៉ឺនដុល្លារគួរងាកទៅផ្លូវជាតិលេខ៣ ឬលេខ៤ ពីព្រោះតម្លៃដីធ្លីនៅតំបន់នោះនៅមានកម្រិតនៅឡើយ ដូច្នេះអ្នកអភិវឌ្ឍន៍អាចទិញដីនៅតំបន់នោះ ហើយសង់ផ្ទះ ដើម្បីលក់ក្នុងតម្លៃនោះបាន។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញភាគច្រើននៅជួលផ្ទះគេនៅឡើយ ។ ដូច្នេះបើសិនជាមានការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យច្រើននោះ ពួកគាត់នឹងមានលទ្ធភាពក្នុងការទិញផ្ទះ ដោយបង់រំលស់ជាមួយធនាគារ ឬបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងអាចស្នាក់នៅបាន ហើយក្នុងរយៈពេលណាមួយ ផ្ទះនោះនឹងក្លាយជារបស់ពួកគេ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ខណ្ឌជាយក្រុងមួយចំនួនបានក្លាយជាទីចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ ក្នុងនោះមានខណ្ឌដង្កោនៅប៉ែកខាងត្បូងភ្នំពេញ ខណ្ឌកំបូលខាងលិចភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ នៅខាងលិចភ្នំពេញ ជាដើម។

អ្នកនាងបន្តថា ការអភិវឌ្ឍលំនៅឋានពីសំណាក់វិនិយោគិនក្នុងស្រុកជាច្រើន បានរួមចំណែកដល់ការផ្គត់ផ្គង់ទីផ្សារលំនៅឋានជូនប្រជាពលរដ្ឋ ដែលមានតម្រូវការហើយ។ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវិដ១៩ ការទិញលក់លំនៅឋានក្នុងប្រទេសកម្ពុជាក៏ឃើញថានៅតែមានភាពសកម្ម៕

អ្នកឧកញ៉ា លី ហួរ៖ វិបត្តិសេដ្ឋកិច្ចសកល អាចធ្វើឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២២យឺតជាងឆ្នាំ២០២១

ដោយ៖ សូរិយា

ភ្នំពេញ៖ ស្របពេលវិបត្តិជំងឺកូវីដ១៩មានភាពប្រសើរឡើង វិបត្តិសេដ្ឋកិច្ចសកលបាននិងកំពុងបង្កក្តីបារម្ភពីផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ អាចធ្វើឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា ដោយសារតែវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យការលក់លំនៅឋានកាន់តែតឹងតែង បណ្តាលឱ្យការលក់គម្រោងលំនៅដ្ឋាននៅឆ្នាំនេះធ្លាក់ចុះផងដែរ។

ចាប់តាំងពីកើតមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក បានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងបង្កឱ្យតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យទំនិញស្ទើរគ្រប់មុខឡើងថ្លៃ ក្នុងនោះដែរ ដែក និងសម្ភារៈសំណង់ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស បម្រើឱ្យវិស័យសំណង់ក៏បានកើនឡើងផងដែរ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា បើទោះបីជាតម្លៃដែក និងសម្ភារៈសំណង់ផ្សេងៗហក់ឡើងថ្លៃខ្លាំងក៏ដោយ ក៏តម្លៃលំនៅឋានដែលបានដាក់លក់មិនអាចដំឡើងថ្លៃតាមបាននោះទេ ខណៈការលក់លំនៅដ្ឋាននៅកម្ពុជា បានធ្លាក់ចុះគួរកត់សម្គាល់។

អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា ក្នុងពេលដែលតម្លៃសម្ភារៈសំណង់ផ្សេងៗកំពុងឡើងថ្លៃខ្ពស់ ប៉ុន្តែសម្រាប់គម្រោងលំនៅឋានដែលបានដាក់លក់ ទាំងគម្រោងចាស់ និងគម្រោងថ្មី មិនអាចដាក់លក់ដំឡើងថ្លៃតាមវត្ថុធាតុដើមនៃសំណង់នោះទេ ព្រោះបើដំឡើងថ្លៃលក់នឹងធ្វើឱ្យអ្នកទិញរារែកចិត្ត។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា “ទំនិញវាឡើងថ្លៃ តម្លៃសំណង់វាឡើងថ្លៃ ដោយសារការដឹកជញ្ជូនឡើងថ្លៃ ដែលជាការប៉ះពាល់ដល់ការសាងសង់។ បើផ្ទះយើងលក់ ហើយកំពុងសាងសង់ យើងអត់អាចដំឡើងថ្លៃបានទេ។

ដោយឡែក គម្រោងថ្មីៗក៏ពិបាកក្នុងការដំឡើងផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យយើងក៏រៀងពិបាកដែរ ដោយសារស្ថានភាពផលប៉ះពាល់ជាទូទៅពាក់ព័ន្ធនឹងសេដ្ឋកិច្ចសកល”។

អ្នកឧកញ៉ាមានប្រសាសន៍បន្តថា  “វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែង វាធ្វើឱ្យប៉ះពាល់ទាំងអស់ កាលណាប៉ះពាល់ដល់សេដ្ឋកិច្ចសកល ការលក់ក៏វារៀងតឹងតែងដូចគ្នា បើយើងឡើងថ្លៃខ្ពស់ពេក យើងលក់អត់បានទេ ជាទូទៅលក់ដដែល គ្រាន់តែបាត់បង់ការចំណេញ។ បើយើងគិតថារបស់ថ្លៃ យើងលក់ថ្លៃដែរ សួរថាលក់បានដែរឬអត់?”។

អ្នកឧកញ៉ាបន្តថា គម្រោងសាងសង់ដែលចេញរួចហើយ មិនមានគម្រោងណាពន្យារសាងសង់នោះទេ ប៉ុន្តែបើគម្រោងថ្មី គេអាចនឹងពិចារណាក្នុងការពន្យារបើកលក់សិន។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ នឹងជំរុញឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១៕

អគ្គនាយកដ្ឋានពន្ធដារនឹងចុះបញ្ជីព័ត៌មានអចលនទ្រព្យខេត្តកំពត ចាប់ពីថ្ងៃទី៩ ខែមិថុនាតទៅ

ដោយ៖​ សុផារី

កំពត៖ ក្រោយបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារ ជូនម្ចាស់អចលន ទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន អគ្គនាយកដ្ឋានពន្ធដារត្រៀមចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ នៅខេត្តកំពត ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២តទៅ។

ការកំណត់ពេលវេលាក្នុងការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ នៅខេត្តកំពត ធ្វើឡើងក្នុងជំនួបរវាងអគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកំពត នៅដើមសប្តាហ៍នេះ។

កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារ ជូនម្ចាស់អចលន ទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួនរួមមាន ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះអនុវត្តការងារនៅខេត្តសៀមរាប។
ក្រុមការងារអង្កេតអចលនទ្រព្យគ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៥ នៃក្រុងកំពត ខេត្តកំពត ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះតទៅ។

លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗទាំង០៦ នៃការចុះអង្កេតអចលនទ្រព្យនេះរួមមាន ការរៀបចំគោលនយោបាយសារពើពន្ធប្រកបដោយភាពច្បាស់លាស់ មូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការរៀបចំផែនការថវិកាប្រចាំឆ្នាំឲ្យសមស្រប ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ទិន្នន័យជាមូលដ្ឋានច្បាស់លាស់ ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធពាក់ព័ន្ធដទៃទៀត ទិន្នន័យសម្រាប់ការវិភាគ និងរៀបចំរបាយការណ៍ និង ផ្តល់ភាពងាយស្រួល ដល់ការគ្រប់គ្រងនិងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ។

គោលបំណង និងនីតិវិធីនៃការចុះផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យរូបថតទីតាំងនិយាមកា និងព័ត៌មានចាំបាច់ផ្សេងទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីពន្ធដារឲ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ៕

សម្តេចតេជោផ្ញើសារដ៏រំជួលចិត្តដល់ពលរដ្ឋខ្មែរ និងយុវជនឲ្យចេះស្រលាញ់ និងថែររក្សាសន្តិភាព

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពពីអតីតកាល របស់សម្តេចមួយសន្លឹក អមដោយខ្លឹមសារដាសអារម្មណ៍ ដល់យុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែន។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខ្លឹមសារយ៉ាងដូច្នេះថា រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះ ប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម

សម្តេចបន្តថា តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍ នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស។

សម្តេចបន្ថែមថា “ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ

សម្តេចតេជោហ៊ុន សែនបានបន្តថា សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសល ដូចខ្លួនខ្ញុំ និងអ្នកជំនា​ន់មុន ដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែនអីចឹង

មហាយក្សចិននឹងសម្រុកបោះផ្សាយលក់មូលបត្របំណុល ៥១៨ពាន់លានដុល្លារនៅខែក្រោយដើម្បីស្ដារសេដ្ឋកិច្ច

ដោយៈ សុខុម

ប៉េកាំង: ខេត្តនានារបស់ចិន កំពុងដុតដៃដុតជើង ដើម្បីបោះផ្សាយលក់មូលបត្របំណុល ក្នុងទំហំរហូតដល់២២៥ពាន់លានដុល្លារ នៅខែមិថុនា ដើម្បីស្ដារសេដ្ឋកិច្ចដែលរងការប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។

គណៈរដ្ឋមន្ត្រីចិន បានបង្ហាញសេចក្ដីព្រាងវិធានការ គោលនយោបា​យជាច្រើនកាលពីសប្តាហ៍មុន ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិធានការដ៏តឹងរ៉ឹង នៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ប៉ុន្តែក្រុមអ្នកវិភាគជឿថា ប្រទេសចិន នឹងត្រូវការកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

គណៈរដ្ឋមន្ត្រីនេះបានប្រាប់រដ្ឋបាលថ្នាក់មូលដ្ឋាន នៅថ្ងៃអង្គារ ទី៣១ ខែឧសភា នេះថា ធ្វើយ៉ាងណាឱ្យការបោះផ្សាយមូលបត្របំណុល ពិសេសចំនួន៥១៨ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបញ្ចប់នៅត្រឹមដំណាច់ខែមិថុនា ដោយរុញពេលវេលាកំណត់ទៅមុខ៣ខែ ក្នុងគោលបំណងជំរុញការវិនិយោគ។

នេះមានន័យថា ខេត្តនានានឹងត្រូវបោះផ្សាយមូលបត្រ បំណុល២២៥ពាន់លានដុល្លារ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ថវិកាដែលបានពីការបោះផ្សាយមូលបត្របំណុលទាំងនេះ នឹងត្រូវប្រើប្រាស់នៅត្រឹមដំណាច់ខែសីហា។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនមូលបត្រចិន Guosheng Securities បានលើកឡើងថា ចំណាត់ការនេះអាចនឹងបង្កើនសម្ពាធ លើសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារ និងបង្ខំឱ្យធនាគារកណ្តាលចិន បញ្ចេញសាច់ប្រាក់បន្ថែមទៀត។

ក្រុមអ្នកវិភាគនិយាយថា ថវិកានេះអាចត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់ការជំរុញពង្រីកហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលផ្តោតលើបច្ចេកវិទ្យា 5G បញ្ញាសិប្បនិមិត្ត (AI) និងទិន្នន័យ ដោយសារតែគម្រោងដដែលៗដូចជាផ្លូវហាយវ៉េ ផ្លូវដែក និងអាកាសយានដ្ឋានជាដើម ផ្ដល់ប្រាក់ចំណេញតិចជាងឆ្ងាយនាពេលបច្ចុប្បន្ន។

គណៈរដ្ឋមន្ត្រីចិន បាននិយាយនៅថ្ងៃអង្គារ ទី៣១ ខែឧសភា នេះថា ខ្លួនបានអនុម័តគម្រោងថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រភេទថ្មីៗជាច្រើន៕ Reuters៕

កំណើនវិនិយោគក្នុងខេត្តកំពង់ស្ពឺនឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនៅខេត្តផ្សេង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺហាក់ទទួលបានកំណើនល្អប្រសើរ ជាពិសេសទៅលើរោងចក្រឧស្សាហកម្ម ដែលធ្វើឱ្យអភិបាលខេត្តមួយនេះ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះកង្វះខាតកម្មករបម្រើការតាមរោងចក្រ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំខេត្តមួយនេះ បានមើលឃើញថា ការបណ្ដាក់ទុនវិនិយោគកាន់តែច្រើន នៅក្នុងខេត្តមួយនេះនឹងផ្ដល់ប្រយោជន៍ដល់បណ្ដាខេត្តផ្សេងផងដែរ។

លោកប៊ូ សេងហូ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ ឧសភានេះថា ការវិនិយោគកាន់តែច្រើន នៅក្នុងខេត្តកំពង់ស្ពឺ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្នុងខេត្តនេះទេ តែនឹងផ្ដល់ប្រយោជន៍ដល់ប្រជាពល​រដ្ឋនៅបណ្ដាខេត្តជាច្រើនទៀត។

លោកបន្តថា “នៅពេលកំនើនវិនិយោគកាន់តែច្រើន នឹងធ្វើឱ្យមានតម្រូវការលើបុគ្គលិក និងកម្មករសម្រាប់បម្រើការ ហើយបើពឹងទៅលើខេត្តកំពង់ស្ពឺមួយ ក៏មិនអាចផ្គត់ផ្គង់កំលាំងពលកម្មកគ្រប់ ទៅតាមតម្រូវការនោះដែរ ដូច្នេះចង់មិនចង់ក៏ត្រូវការយកកំលាំងពលកម្ម ពីខេត្តផ្សេងមកធ្វើការបន្ថែម”។

លោកប៊ូ សេងហូបានបន្តថា កំណើនរោងចក្រកាន់តែច្រើននៅក្នុងខេត្តកំពង់ស្ពឹ ក៏នឹងធ្វើឱ្យមានកំណើនដីធ្លីបន្ថែមផងដែរ ហើយវាមិនមែនសម្រាប់តែសង់រោងចក្រប៉ុណ្ណោះទេ តែដីសម្រាប់សង់ផ្ទះជួលជូនកម្មករ កម្មការិនី ដីសម្រាប់សាងសង់ជាផ្សា រលក់ទំនិញជូនបុគ្គលិក ឬកម្មករ និងដីសម្រាប់អភិវឌ្ឍន៍ផ្សេងទៀត។ ដូច្នេះហើយការវិនិយោគទាំងនេះ នឹងហុចផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់នេះផ្ទាល់ ក៏ដូចជាតំបន់ជិតខាងផងដែរ។

លោកបន្ថែមថា រហូតមកដល់ពេលនេះ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ការវិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺមិនទាន់បញ្ចប់ត្រឹមនេះទេ ដោយយើងបានឃើញក្រុមប្រឹក្សាអភិវឌ្ឍន៍បានចេញវិញ្ញាបនបត្រវិនិយោគ ជាបន្តបន្ទាប់នៅកម្ពុជា ហើយមួយចំនួនក៏មានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance លោកប៉ូ អ៊ាវគង់ បានលើកឡើងផងដែរថា តំបន់តាមបណ្ដោយផ្លូវជាតិលេខ៤ រួមមានខេត្តកណ្ដា​លខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើឧស្សាហកម្មរោងចក្រ ដើម្បីផលិតនូវទំនិញសម្រាប់នាំចេញ ដោយសារតែតំបន់ទាំងនេះជាតំបន់ដែលមានភាព ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយអនាគតក៏នឹងដឹកទៅកាន់កំពង់ទឹកជ្រៅមួយនៅក្នុងខេត្តកំពត ដែលអាចនឹងជំរុញឱ្យការវិនិយោគនៅតំបន់នោះកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ៕

មហាវិថីថ្មីចំនួនពីរកំពុងជំរុញសក្តានុពលអចលនទ្រព្យតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ

ដោយៈសុផារី

ភ្នំពេញៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីចំនួនពីរ បានកំពុងជម្រុញតម្លៃដីធ្លី និងទាក់ទាញបន្ថែមនូវគម្រោងលំនៅឋានធំៗជាច្រើន មកកាន់តំបន់ក្បែរពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

លោក Chrea Chantana ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ប្រាប់ Property Area Asia នាព្រឹកថ្ងៃទី៣១ ឧសភានេះថា តម្លៃដីនៅក្នុងតំបន់នេះ បានហក់ឡើងខ្ពស់ខ្លាំងបំផុត ហើយនាពេលបច្ចុប្បន្ននេះ បានកំពុងជំរុញដោយការអភិវឌ្ឍន៍ឱ្យតំបន់នេះ ក្លាយជាតំបន់ប្រមូលផ្តុំគម្រោងលំនៅឋាននានា និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងបន្ថែមទៀត។

លោកបញ្ជាក់ថា ក្នុងនោះមានមហាវិថីថ្មីចំនួនពីរ កំពុងលេចរូបរាង នៅក្នុងតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយវាមិនត្រឹមតែដើរតួនាទីក្នុងការជួយសម្រួលការធ្វើដំណើរ នៅក្នុងក្រុងប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យតម្លៃដីនៅតំបន់នេះបន្តហក់ឡើងខ្ពស់ផងដែរ។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទី១ គឺ“វិថីថ្មី” ដែលប្រវែងជាង១៥គីឡូម៉ែត្រ ភ្ជាប់ចរាចរពីផ្លូវជាតិលេខ៦ ម្តុំខាងត្បូងសាលាកសិកម្មព្រែកលៀប ទៅកាន់មហាវិថីឈ្នះឈ្នះ នៅខាងកើតគល់ស្ពានព្រែកព្នៅ និងរង្វង់មូលខាងលិចវិមានឈ្នះឈ្នះ។ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងនេះប្រើប្រាស់ថវិកាជាតិ និងបានសាងសង់រួចរាល់ហើយ។

លោក Chrea ChanRatana បានមានប្រសាសន៍ថា “តម្លៃដីធ្លីនៅក្នុងខណ្ឌនេះមានកំណើនខ្ពស់មែនទែន។ គ្រាន់តែព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣មួយធ្វើឱ្យកម្រើកបាត់ទៅហើយ។ ក្នុងឱកាសស៊ីហ្គេមនេះ រាជរដ្ឋាភិបាលបានធ្វើកំណាត់ផ្លូវថ្មី ដើម្បីសម្រួលចរាចរណ៍ នៅពេលកកស្ទះនៅឆ្នាំក្រោយ យើងមានមហាវិថីថ្មីសសៀរជាមួយទន្លេសាប ឆ្ពោះទៅកាន់ស្ពានលី យ៉ុងផាត់។ មួយទៀតគឺមហាវិថីរបស់ក្រុមហ៊ុនOCIC ដែលតភ្ជាប់យ៉ាងខ្វាត់ខ្វែងនាពេលបច្ចុប្បន្ន”។

លោកបន្តថា “តម្លៃដីធ្លីប្រភេទព្រៃ កាលពីមុនលក់ក្នុងតម្លៃប្រមាណ៣៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ តម្លៃបានកើនឡើងដល់៤៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

តាមរយៈគម្រោងពហុកីឡដ្ឋាននេះ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ក៏បានទាក់ទាញការប្រមូលផ្តុំ គម្រោងលំនៅដ្ឋានគ្រប់ប្រភេទមកកាន់តំបន់ក្បែរៗនេះ។

លោកបានប្រសាសន៍ថា “ដីធ្លីនៅព័ទ្ធជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ដែលធ្លាប់ជាបឹង ឥលូវត្រូវបានចាក់ខ្សាច់ ក្លាយទៅជាបុរីព្រោងព្រាត។ ឧទាហរណ៍ បុរីអរគីដេ បុរីប្លូដៃមិន បុរីជីបម៉ុង៦អា បុរីអង្គរភ្នំពេញ ជាដើម សុទ្ធតែពពាក់ពពូននៅក្នុងតំបន់ក្បែរពហុកីឡដ្ឋាននេះ។ អញ្ចឹងធ្វើឱ្យ សន្ទុះអភិវឌ្ឍន៍អចលនទ្រព្យកើនឡើងខ្ពស់មែនទែន”។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍ឱ្យដឹងកន្លងមកថា “វិថីថ្មី” ខាងលើនេះ ជាផ្លូវយុទ្ធសាស្ត្រ សម្រាប់ជួយដោះស្រាយបញ្ហាចរាចរ នៅពេលបើកស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលខាងមុខ។

លោកបានឱ្យដឹងទៀតថា មហាវិថីនេះ មានទទឹង២០ម៉ែត្រនេះ បានសាងសង់ឡើង ដោយចាក់បេតុងឆ្អឹងដែក កម្រាស់០,២០ម៉ែត្រ ទទឹង១៥ម៉ែត្រ ប្រវែង១៥.១៦៨ម៉ែត្រ និងមានដាំដើមឈើលំអរផងដែរ។ វិថីថ្មីនេះស្ថិតនៅស្របខាងកើតដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដែ​លពីមុនជាផ្លូវដីលិចទឹកក្នុងរដូវវស្សា៕

រដ្ឋាភិបាលថៃគ្រោងនឹងចំណាយទឹកប្រាក់ ៩៣ពាន់លានដុល្លារអាមេរិកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ដោយៈ លាងហួរ

ប្រទេសថៃៈ រដ្ឋាភិបាលថៃនៅថ្ងៃអង្គារនេះ បានដាក់សំណើរស្នើសុំថថវិការចំនួន ៣.១៨៥ពាន់ពាន់លានបាត (៩៣.២៤ពាន់លានដុល្លារ) នៅក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ ដើម្បីពន្លឿននូវការស្តារសេដ្ឋកិច្ចប្រទេសថៃឡើងវិញ។

សភាថៃគ្រោងនឺងចំណាយ ២.៧៤ភាគរយ ច្រើនជាងឆ្នាំ២០២២នេះ និង០.៧ភាគរយ នៃឱនភាពធ្លាក់ចុះដល់៦៩៥ពាន់លានបាត ឬប្រហែល៣.៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។

អ្នករៀបចំផែនការបញ្ចេញកញ្ចប់ថវិកាបានប៉ាន់ស្មានថា ប្រទេសថៃដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ នឹងសម្រេចបានកំនើនសេដ្ឋ​កកិច្ចពី៣.៥ភាគរយ ទៅ៤.៥ភាគរយនៅឆ្នាំនេះ និងពី៣.២ភាគរយដល់៤.២ភាគរយនៅឆ្នាំក្រោយ ហើយកំណើននេះ បណ្តាលមកពីការកើនឡើងតម្រូវការក្នុងស្រុក និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋនាពេល ថ្មីៗនេះបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងកើនទាបជាងពី២.៥ភាគរយ ទៅ៣.៥ភាគរយនៅឆ្នាំនេះ ដោយសារការប្រែប្រួលជាសកល។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ​ ចាន់អូចាបានប្រាប់សភាដែលគ្រោងនឹងពិភាក្សាលើការអានសេខក្តីព្រាងច្បាប់ នៅសភាជាលើកដំបូងរហូតដល់ថ្ងៃព្រហ​ស្បតិ៍ថា “ក្រោមកាលៈទេសៈនេះ រដ្ឋាភិបាលត្រូវអនុវត្តគោលនយោ​បាយសារពើពន្ធពង្រីក ដើម្បីស្តារអោយមានការងើបឡើងវិញនៃសេដ្ឋកិច្ច” ។

បញ្ហាថវិកាមានសារៈសំខាន់ ចំពោះតំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ពីព្រោះការបរាជ័យក្នុងការអានសេចក្តីព្រាងច្បាប់ដំបូង អាចនាំឱ្យលោកលាលែងពីតំណែងឬរំលាយសភា។ ប្រសិនបើអនុម័ត ច្បាប់នេះនឹងតម្រូវឱ្យអានពីរដងទៀត នៅក្នុងខែសីហា មុនពេលបញ្ជូនទៅព្រឹទ្ធសភា និងព្រះមហាក្សត្រ៕

ផ្សារទំនើបចំនួន២ នៅបណ្ដោយផ្លូវវេងស្រេងកំពុងប្រែក្លាយតំបន់នេះពីឧស្សាហកម្មមកជា CBD បណ្តើរៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ តំបន់តាមបណ្ដោយផ្លូវវេងស្រេងជាតំបន់មួយ មិនមានការចាប់អារម្មណ៍ និងវិនិយោគគំរោងធំៗឡើយ ហើយវាក៏គ្រាន់តែជាតំបន់ឧស្សាហកម្ម ដែលភាគច្រើននៃអ្នករស់នៅទីនោះជាអ្នកមានចំណូលក្រោមមធ្យមជាកម្មករ កម្មការិនីរោងចក្រកាត់ដេរ។

ប៉ុន្តែឥលូវនេះ អ្វីៗបាននិងកំពុងចាប់ផ្តើមផ្លាស់ប្តូរ និងប្រែមុខមាត់បន្តិចម្ដងៗ និងមានការអភិវឌ្ឍផ្ទះពាណិជ្ជកម្មនិងផ្សារទំនើបផងដែរ ក្នុងនោះផ្សារទំនើបចំនួន២ នឹងជំរុញឱ្យតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (Central Business Development)។

ផ្សារទំនើបទាំងពីរ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវវេង ស្រេងហើយនឹងជំរុញឱ្យមានការអភិវឌ្ឍ ជាបន្តបន្ទាប់នោះរួមមានផ្សារទំនើប K-Mall បានសាងសង់រួចនិងកំពុងដំណើរការអាជីវកម្មរបស់ខ្លួន និងផ្សារទំនើបជីបម៉ុង ដែលកំពុងដំណើរការសាងសង់ និងដាក់ឱ្យដំណើរការអាជីវកម្មនៅពេលខាងមុខនេះដែរ។

ផ្សារទំនើបទាំងពីរនេះ នឹងនាំមកនូវម៉ាកយីហោទំនិញពីបរទេស និងក្នុងស្រុកមកកាន់តំបន់នេះ ហើយនឹងជំរុញឱ្យតំបន់មួយនេះ មានការប្រែប្រួលយ៉ាងលឿន។ ក្រៅពីផ្សារទំនើបទាំងពីរនេះហើយ ក៏មានហាងទំនិញម៉ាកល្បីៗពីបរទេស និងក្នុងស្រុកជាច្រើន នៅតាមបណ្ដោយផ្លូវនេះផងដែរ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ ឧសភានេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតំបន់ផ្លូវវេង ស្រេង ពិតជាមានការកែប្រែមុខមាត់ខុសពីមុនមែន ដោយកាលពីមុនតំបន់នេះ ជាតំបន់ឧស្សាហកម្ម តែបច្ចុប្បន្នឧស្សាហកម្មក៏រក្សាដដែលគ្រាន់តែ បន្ថែមជាលំនៅឋាននិងពាណិជ្ជកម្ម។

លោកបន្តថា នៅតំបន់នេះដែរ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានផ្គត់ផ្គង់បំពេញតម្រូវការជូនអតិថិជនផងដែរ ហើយបើកាលណាមានប្រជាពលរដ្ឋច្រើនទៅរស់នៅតំបន់នោះ វានឹងធ្វើឱ្យតម្រូវការសម្រាប់មនុស្សកើនឡើង ដែលជាហេតុធ្វើឱ្យមានការវិនិយោគលើផ្សារទំនើបនេះ”។

លោកប៉ូ អ៊ាវគង់បានបន្តថា នៅពេលខាងមុខនេះ តំបន់ផ្លូវវេងស្រេងជាពិសេសនៅតំបន់ផ្សារទំនើប K-Mall នឹងកាន់តែមានការអភិឌ្ឍលើពាណិ​ជ្ជកម្មកាន់តែច្រើន ស្របពេលអគារពាណិជ្ជកម្ម និងផ្ទះពាណិជ្ជកម្មក៏បានកើនឡើងជាបន្តបន្ទាប់នៅតំបន់នេះផងដែរ ។

ជាមួយគ្នានេះ អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ការវិនិយោគលើផ្សារទំនើប អាចធ្វើទៅបានអាស្រ័យលើកំនើននៃតម្រូវការ ហើយតំបន់ណាដែលមានមនុស្សរស់នៅច្រើន តម្រូវការលើផ្សារទំនើបនេះ ក៏កាន់តែច្រើនដូចគ្នា ។ យ៉ាងណាមិញសម្រាប់ផ្សារទំនើបៗ ដែលមិនទាន់មានគម្រោងបង្កើតឡើង គួររក្សាគម្រោងសិន ហើយបើសិនជាវិនិយោគិនមានគម្រោង និងដំណើរការហើយក៏អាចបញ្ចប់គម្រោងរបស់ខ្លួន៕

ក្រុមហ៊ុន Unipec របស់ប្រទេសចិន បានបញ្ជូននាវាចំនួន ១០គ្រឿងបន្ថែមទៀត ដើម្បីដឹកប្រេងពីរុស្ស៊ី

ដោយៈ លាងហួរ

ចិនៈ ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន Unipec បានបញ្ជូននាវាចំនួន១០បន្ថែមទៀតក្នុងខែនេះ ដើម្បីដឹកជញ្ជូនប្រេងឆៅពីប្រទេសរុស្ស៊ី ស្របពេលដែលអាជ្ញាធរក្រុងសៀងហៃបានបង្ហាញ នូវគោលនយោ​បាយថ្មីៗ ដើម្បីជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។

ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសចិន China International United Petroleum and Chemical Co ឬ Unipec បានបញ្ជូននាវាដឹកប្រេងយ៉ាងហោចណាស់១០គ្រឿង មកទល់ពេលនេះក្នុងខែនេះ ដើម្បីដឹកជញ្ជូនប្រេងឆៅ ESPOពីរុស្ស៊ី ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើង៤០០ភាគរយ នៃចំនួនកប៉ាល់ដែលបានកក់ទុកមួយខែមុន សម្រាប់ការធ្វើពាណិជ្ជកម្មនេះ។

សារពត៏មាន Bloomberg បានរាយការណ៍ថា អាជ្ញាធរក្រុងស៊ាងហៃបានដាក់ចេញនូវគោលនយោបាយថ្មីៗមួយចំនួន ដើម្បីជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីផលប៉ះពាល់ នៃការរាតត្បាតនៃជំងឺកូវីដ១៩។  គោលនយោ​បាយរួមមានការបញ្ចុះតម្លៃពន្ធ អនុញ្ញាតឱ្យក្រុមហ៊ុនផលិតចាប់ផ្តើមប្រតិ​បត្តិការឡើងវិញក្នុងខែមិថុនា បង្កើនល្បឿនការអនុម័ត សម្រាប់គម្រោងអច​លនទ្រព្យ ការផ្តល់ការអភិវឌ្ឍន៍លំនៅដ្ឋានថ្មី កាត់បន្ថយពន្ធលើការទិញរថយន្តមួយចំនួន ឧបត្ថម្ភធនធានលើយានជំនិះអគ្គិសនី ជាដើម។

សារព៌តមាន CNN ក៏បានរាយការណ៍ផងដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba របស់ចិនបានកើនឡើង៩ភាគរយបើធៀបនឹងឆ្នាំមុន។ ការ​កើនឡើងនេះកើតឡើង ដោយសារការកើនឡើង នៃតម្រូវការទិញទំនិញតាមអ៊ីនធឺណិត និងតាមទូរស័ព្ទដៃក្នុងចំណោមអ្នកប្រើប្រាស់។  កំណើននៃប្រាក់ចំណូល ក៏ត្រូវបានសន្មតថាមានការកើនឡើង១២ភាគរយ នៅក្នុងអង្គភាពរបស់ក្រុមហ៊ុន៕