ល្បឿននៃការសាងសង់ និងការលក់បុរីបុស្បាបាននិងកំពុងសម្រេចបានតាមផែនការ

ដោយៈជេស៊ីកា

ភ្នំពេញៈ ស្របពេលការលក់បាននិងកំពុងទទួលជោគជ័យ បុរីបុស្បាបាននិងកំពុងពន្លឿនការសាងសង់ផងដែរ ដែលរហូតមកទល់ពេលនេះការសាងសង់ផ្ទះមួយចំនួនបានសម្រេចវឌ្ឍនភាពតាមផែនការ។

នៅពេលនិយាយពីការអភិវឌ្ឍអចលនទ្រព្យ គេតែងតែនិយា​យពី “ទីតាំង ទីតាំង និងទីតាំង” ព្រោះវាជាផ្នែកសំខាន់នៃរសនិយម និងការសម្រេចចិត្តរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយជ្រើសរើសទីតាំងសមស្រប និងងាយស្រួលធ្វើដំណើរបានធ្វើឲ្យបុរីបុស្បា ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋ។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាអភិបាល និងជាអគ្គនាយកនៃគណកម្មការផ្នែកលក់នៃបុរីបុស្បា បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍៍នេះថា ដោយសារការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងអ្នកមានឈ្មោះបោះសម្លងក្នុងសង្គម បានធ្វើឲ្យការលក់របស់យើង ទទួលបានជោគជ័យតាមផែនការគ្រោងទុក ហើយជាមួយគ្នានេះល្បឿន នៃការសាងសង់របស់យើង​ក៏បានពន្លឿន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

លោកបន្តថា ជាមួយនឹងការដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងាត់ នឹងធ្វើឲ្យបុរីបុស្បា ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រា​ប់អ្នកស្នាក់នៅក្នុងបុរីនេះ”។

បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥  រួមមាន ទី១ គុណភាព និងសោភ័​ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូវជាតិសំខាន់​ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើប AEON Mall3 ព្រលានយន្តហោះអន្តរជាតិចតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋបានបន្តឲ្យដឹងថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋានកើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូង លើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។

លោកអ៉ី ពិសិដ្ឋបានបន្តទៀតថា ជាមួយនឹងផែនការ និងចក្ចុវិស័យចំពោះមុខ ក្រុមហ៊ុនបានវិនិយោគបុរីនេះឡើង ដោយគិតពីគុណតម្លៃរបស់អតិថិជន ដែលមានន័យថា យើងលក់តម្លៃសមរម្យ ទាបជាងទីផ្សារ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋ ការឌីសាញគំរោងរបស់យើង មិនចាញ់បុរីល្បីៗនៅកម្ពុជានោះទេ។

លោកបន្តថា “ការសិក្សាពីតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជន គឺជាស្នូលនៃគុណតម្លៃ ដែលយើងផ្តល់ជូនអតិថិជន នូវស្នាមញញឹម បរិយា​កាសរស់នៅប្រកបដោយផាសុខភាព និងមានភាពស៊ីវិល័យ”៕


ខេត្តព្រះសីហនុដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ដើម្បីបន្តរក្សាចំណាត់ថ្នាក់ខេត្តគោលដៅទេសចរណ៍ទី១

ដោយៈសុផារី

ព្រះសីហនុៈ ខេត្តព្រះសីហនុ នៅបន្តជាគោលដៅទេសចរណ៍លំដាប់ទី១ ក្នុងចំណោម២៥ខេត្តក្រុង នៅប៉ុន្មានខែចុងក្រោយនេះ។ ដើម្បីស្តារឡើងវិញ លើកកម្ពស់ និងបន្តរក្សាចំណាត់ថ្នាក់ខេត្តគោលដៅ ទេសចរណ៍ទី១ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ក្នុងការអនុវត្ត។

លោកតាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងកាលពីថ្ងៃទី៣០ ឧសភាថា រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងទេស​ចរណ៍ ចាត់ទុកវិស័យទេស​ចរណ៍ថា បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចសង្គម។ នៅពេលដែលវិស័យទេសចរណ៍មានបញ្ហាប្រឈម គឺធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសង្គមជាច្រើន ជាពិសេសគឺការបាត់បង់ការងារ ទាំងផ្ទាល់និងប្រយោល។

លោកបានបន្តថា ដើម្បីរួមចំណែកស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដាក់ចេញនូវផែនការមួយចំនួនដូចជា  ពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី កំណ​ត់តម្លៃលើសេវាផ្សេងៗ ដើម្បីរក្សាស្ថិរភាពអាជីវកម្ម  ធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា  ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងការបណ្តុះបណ្តាលជំនា​ញវិជ្ជាជីវៈទេសចរណ៍ជាដើម។

លោកមានប្រសាសន៍ថា “សម្រាប់ការអនុវត្តគ្រប់គ្រងគោលដៅទេសចរណ៍មួយ ដែលជោគជ័យ មិនអាស្រ័យតែលើការងាររបស់មន្ទីរ ឬក៏ការងារសំខាន់ពាក់ព័ន្ធមួយចំនួន ទៅហ្នឹងឧស្សាហកម្មទេសចរណ៍ ដែលចាំបាច់ត្រូវតែមានស្តង់ដារគុណភាពខ្ពស់”។ លោកបន្តថា “អ្វីដែលសំខាន់ទៀតនោះ គឺពាក់ព័ន្ធទៅនឹងកត្តាខាងក្រៅមួយទៀត ប្រសិនបើគោលដៅមានគុណភាពសេវាកម្មទេសចរណ៍ល្អ មានបរិស្ថានល្អ មានសុវត្ថិភាពល្អ មានស្ថិរភាពនយោបាយសន្តិសុខ រួមទាំងបច្ចេកទេសបច្ចេកវិទ្យា ជាកត្តាសំខាន់ ដើម្បីជំរុញដល់ការផ្សព្វផ្សាយផ្ដល់ព័ត៌មាន ទៅដល់ភ្ញៀវទេសចរ”។

លោកតាំង សុចិត្រគ្រឹះស្នាបានបន្តថា ក្នុងនោះដែររួមទាំងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំណល់រឹងរាវ ព្រលានយន្តហោះ ដែលសព្វថ្ងៃនេះយើងពង្រីក រហូតទទួលនូវយន្តហោះខ្នាតធំ ដែលទាំងនេះគឺបានជំរុញឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនខ្លាំង ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ដើម្បីទ្រទ្រង់ ដល់វិស័យទេសចរណ៍ឱ្យមានការរីកចម្រើន ប្រកបដោយគុណភាព និងនិរន្តរភាព រដ្ឋបាលខេត្តបានកំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដារ សេវាកម្មទេសចរណ៍។

លោកបានបន្តថា រដ្ឋបាលខេត្តក៏ពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈរួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ដែលបានចូលរួមអភិវឌ្ឍន៍ និងគាំទ្រដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននិងពេលអនាគត។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ខេត្តព្រះសីហនុ ទាក់ទាញបានទេសចរសរុប ចំនួន៥៦.២៥១នាក់ ក្នុងចំណោមទេសចរសរុបចំនួន២៧៤.០២៦នាក់៕

អាល្លឺម៉ង់ព្រមព្រៀងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ១០៧ពាន់លានដុល្លារ ក្រោយផ្ទុះសង្គ្រាមអ៊ុយក្រែន

ដោយៈសុខុម

ប៊ែរឡាំង: រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ និងគណបក្សប្រឆាំងដ៏ធំនៃប្រទេសនេះ បានឈានដល់ការព្រមព្រៀងគ្នា ឆ្ពោះទៅរកការបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យការពារជាតិ ដែលអធិការបតី Olaf Scholz បានប្រកាសកាលពី៣ខែមុន។

លោក Olaf Scholz បានសម្ដែងការស្វាគមន៍ ចំពោះការព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា នេះ ដោយលោកលើកឡើងថា “វាគឺជាការឆ្លើយដ៏ត្រឹមត្រូវ ទៅនឹងចំណុចរបត់ ដែលបានផ្តើមចេញពីសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន”។

៣ថ្ងៃបន្ទាប់ពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មេដឹកនាំអាល្លឺម៉ង់ រូបនេះបានប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងផ្តល់កញ្ចប់ថវិកាពិសេស រហូតដល់ទៅ១០៧ពាន់លានដុល្លារសម្រា​ប់យោធារបស់ខ្លួន ហើយនឹងបង្កើនការចំណាយ សម្រាប់វិស័យការពារជាតិឱ្យលើសពី២% នៃផលទុនជាតិសរុប (GDP) របស់ខ្លួន។

នៅឯពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា លោកOlaf Scholz បានលើកឡើងថា “វិស័យការពារជាតិរបស់អាល្លឺម៉ង់ នឹងត្រូវបានពង្រឹង ដោយមានសមត្ថភាពបំពេញ បេសកកម្មការពារខ្លួនបានល្អប្រសើរ ជាងពេលណាៗទាំងអស់ ហើយនឹងមានសមត្ថភាព អាចចូលរួមចំណែកជួយដល់អង្គការ NATO ដូច្នេះយើងអាចការពារខ្លួនបានគ្រប់ពេលវេលា ពីការវាយប្រហារពីខាងក្រៅ”។

អធិការបតីអាល្លឺម៉ង់ រូបនេះបានបន្ថែមទៀតថា “កញ្ចប់ថវិកានេះនឹងរួមចំណែកជួយឱ្យប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប កាន់តែមានសន្តិសុខល្អប្រសើរ”។ លោកបន្តថា “វាគឺជាការឆ្លើយដ៏ត្រឹមត្រូវ ទៅនឹងចំណុចរបត់ដែ​លបានផ្តើមចេញពីសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន”៕ Aljazeera៕

លោកឡេននី វង់ ជាប់ឆ្នោតជាប្រធានសាខាសភាពាណិជ្ជកម្មប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ជាលទ្ឋផលបន្ទាប់ពីការបោះឆ្នោតជ្រើសរើស និងផ្តល់សេចក្តីទុកចិត្តពីអង្គបោះឆ្នោត លោកឡេននី វង់បានជាប់ឆ្នោតជាប្រធានសាខា សភាពាណិជ្ជកម្មប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។

លោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd បានជាប់ឆ្នោតជាប្រធាន និង៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។

លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា បានចូលរួមជាគណៈអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើស ប្រធាន និងសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ តាមប្រព័ន្ធវីដេអូ។

លោកបន្តថា កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែលនឹងត្រូវក្លាយទៅជាសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ហើយក៏ជាការិយាល័យតំណាង ឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។

លោកបន្តថា “ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង”៕

ចង់វិនិយោគដីឡូត៏លំហែត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដីឡូត៏ និងផ្ទះលំហែកាយគឺជាផ្នែកមួយនេះ នៃវិស័យអច​ល​នទ្រព្យកម្ពុជា និងមានការវិនិយោគជាបន្តបន្ទាប់ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស តែអ្នកអភិវឌ្ឍន៍ខ្លះក៏ជោគជ័យ ខ្លះទៀតក៏មិនជោគជ័យ ។

តើហតុអ្វីត្រូវវិនិយោគលើដីឡូត៏លំហែកាយ និងផ្ទះលំហែកាយនៅក្នុងប្រទេសកម្ពុជា និងត្រូវត្រៀមលក្ខណៈយ៉ាងណា ដើម្បីទទួលបានជោគ​ជ័យ ? ។

លោក Cooler Tan ម្ចាស់គម្រោងវិនិយោគលើដីឡូត៏លំហែកាយបូកគោលែននៅក្នុងខេត្តកំពតបានលើកឡើងថា តាមពិតទៅលោកគឺជាអ្នកវិនិយោគលើវិស័យផ្សេងទេ កាលពីមុននេះបន្តិច ប៉ុន្តែដោយសំលឹងមើលឃើញថា វិស័យអចលនទ្រព្យ កំពុងតែមានការពេញនិយម និងមានតម្រូវការខ្ពស់ ហើយវិស័យនេះដែរ ក៏បានចូលរួមចំណែកធំក្នុងសេដ្ឋកិច្ច លោកក៏បានសម្រេចចិត្ត ក្នុងការបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនិងបានជ្រើសរើស យកការអភិវឌ្ឍលើដីឡូត៏លំហែកាយនៅក្នុងខេត្តកំពត។

លោកបន្តថា “អ្នកដែលចង់វិនិយោគដីឡូត៏ផ្នែកលំហែនេះ គឺត្រូវមានទុនគ្រប់គ្រាន់ ដោយមួយចំណែកត្រូវរកទិញដីឱ្យបានសិន ពេលដែលទិញបានហើយ គឺត្រូវការទុនមួយចំណែកទៀត សម្រាប់ទុកអភិវឌ្ឍន៍ និងត្រូវមានទុនមួយកញ្ចប់ទៀត សម្រាប់ទុកទិញដីអភិវឌ្ឍន៍គម្រោងបន្តបន្ទាប់”។

លោកបន្តថា “ទោះបីជាយើងមានទុនទាំងអស់នេះហើយ ក៏មិនប្រាកដថាអាចទទួលបានជោគជ័យនោះទេ ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាអ្នកមានធនធាន និងមានដីច្រើនណាស់ ដោយអ្នកខ្លះមិនធ្វើខាងផ្នែកលំហែនេះទេ ហើយអ្នកខ្លះទៀត ធ្វើដែរតែក៏មិនទទួលបានជោគជ័យ អ្វីដែលសំខាន់គឺផ្នត់គំនិត ពោលគឺត្រូវមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍ”។

លោក Cooler Tan បានបន្តទៀតថា សម្រាប់គម្រោងបូកគោលែនដ៏របស់លោក ដែលទទួលបានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា គឺបានសិក្សាស្វែងយល់ ពីតម្រូវការទីផ្សាររបស់អតិថិជន ធ្វើយ៉ាងណាឱ្យអតិថិជនស្រលាញ់ពេញចិត្តនូវគម្រោងនីមួយៗ ដូចជា ការគូប្លង់ រចនាគម្រោង ទាក់ទាញអតិថិជន ។ ក្រៅពីនេះ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ ត្រូវអ្នកដែលមានទីផ្សារ រកអ្នកដែលមានចំណេះដឹងផ្នែកទីផ្សារ មកលក់គម្រោងរបស់យើង ។

លោកបន្ថែមថា សម្រាប់រូបលោកដែលជាអ្នកអភិវឌ្ឍន៍ គម្រោងលំហែបូកគោលែនដ៍ មិនត្រឹមតែគូសប្លង់ រចនាគម្រោងបានស្អាត និងរកទីផ្សារហើយ គ្រប់គ្រាន់ទេ តែលោកត្រូវអភិវឌ្ឍន៍គម្រោងនោះ ឱ្យបានស្អាតជាងគេ ទាក់ទាញជាងគេ ។ គម្រោងដែលជោគជ័យ មិនមែនជាគម្រោងដែលលក់ឱ្យអតិថិជនដាច់អស់លឿន ហើយគ្រប់គ្រាន់តែទេ តែធ្វើយ៉ាងណាទាក់ទាញឱ្យអតិថិជនមកអភិវឌ្ឍន៍ មកសង់ផ្ទះ និងមករស់នៅ ។

លោកថា “យើងមានផែនការអភិវឌ្ឍឱ្យស្អាត ល្អទាក់ទាញ និងធ្វើឱ្យ​លឿន ដើម្បិឱ្យអតិថិជនដែលចង់សង់ផ្ទះ នៅក្នុងគម្រោងដែលបានទិញអាចសង់បានភ្លាមៗលឿនរហ័ស”។ លោកបន្តថា “គម្រោងខ្លះអភិវឌ្ឍន៍ពីរបីឆ្នាំហើយ តែទោះចង់មកអភិវឌ្ឍន៍ក៏មិនអាចធ្វើទៅបាន ខ្វះប្រព័ន្ធទឹក ភ្លើង ផ្លូវជាដើម តែសម្រាប់គម្រោងរបស់យើង អតិថិជនទិញហើយ មិនឱ្យរង់ចាំយូរនោះទេ ”។

លោកបញ្ជាក់ថា ដីដែលដែលមានគុណតម្លៃគឺដី ដែលមានមនុស្សរស់នៅច្រើន ហើយដីដែលកាន់តែមានគុណតម្លៃទៅទៀតនោះ គឺគម្រោងដែលទាក់ទាញអ្នកមានៗ កាន់តែច្រើនទៅរស់នៅ។ ជាក់ស្ដែងដីនៅតំបន់បឹងកេងកងមួយម៉ែត្រការ៉េ ឡើងដល់៥០០០ដុល្លារអាមេរិក និងខ្ពស់ជាងនេះទៅទៀត ពីព្រោះតំបន់បឹងកេងកង១ ជាតំបន់ដែលសំបូរទៅដោយអ្នកមានរស់នៅ។

លោក Cooler បានបញ្ជាក់ថា សម្រាប់វិស័យដីឡូត៏លំហែ លោកមើលឃើញថា មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំងនោះទេ បើធៀបជា​មួយនឹងការអភិវឌ្ឍលំនៅឋាន។ ប៉ុន្តែលោកជឿថា ចាប់ពីឆ្នាំ២០២៣ឡើងវិញ ទីផ្សារដីឡូត៏លំហែ នឹងកាន់តែមានការប្រកួតប្រជែងគ្នាខ្លាំងឡើង ។ អ្វីដែលអ្នកទិញដីឡូត៏ត្រូវប្រយ័ត្ន និងពិចារណាមុននឹងទិញដីឡូត៏លំហែ គឺត្រូវមើលថា តើគម្រោងនោះធ្វើពិតប្រាកដឬអត់ គម្រោងអភិវឌ្ឍន៍ពិតដែរទេ ។បើសិនជាត្រឹមទិញហើយទុកចោល ឬត្រូវប្រើពេលវេលាបួនដប់ឆ្នាំក្រោយ​ទើបអាចមកចូលនៅបាន វាអត់ន័យនោះទេ៕

ជប៉ុនបោះទុនវិនិយោគដល់ទៅ ៧២ពាន់លានដុល្លារលើគម្រោងផ្លូវដែកល្បឿនលឿន

ដោយៈសុខុម

តូក្យូ: ប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកបន្ទាប់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតលេខ២ បានបោះទុនវិនិយោ​គរហូតដល់ទៅ៧២ពាន់លានដុល្លារអាមេរិក លើគម្រោងផ្លូវដែកល្បឿនលឿន Chuo Shinkansen។

យោងតាមសារព័តមាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភាបានឱ្យដឹងថា ការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឡើង ក្រោយពីចំណាយពេលជាង៤០ឆ្នាំ នៅក្នុងការអភិវឌ្ឍរថភ្លើងល្បឿនលឿន (Maglev) ដែលអាចរត់បានក្នុងល្បឿន អតិបរមា៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងផ្លូវដែកល្បឿនលឿន ប្រវែង២៨៦គីឡូម៉ែត្រនេះ នឹងជួយកាត់បន្ថយពេលធ្វើដំណើរបានច្រើនគួរឱ្យភ្ញាក់ផ្អើល ដោយការធ្វើដំណើរពីទីក្រុងតូក្យូ ឆ្ពោះទៅទីក្រុង Nagoya គឺចំណាយពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ។ ហើយនៅទីបំផុតការធ្វើដំណើរពីក្រុងតូក្យូ ឆ្ពោះទៅក្រុង Osaka ក្នុងចម្ងាយផ្លូវប្រមាណ៥០០គីឡូម៉ែត្រ នឹងត្រូវប្រើពេលត្រឹមតែ៦៧នាទីប៉ុណ្ណោះ។

ការកសាងគម្រោងផ្លូវដែកនេះ បានចាប់ផ្ដើមក្នុងឆ្នាំ២០១៤ ហើយដំបូងឡើយគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៧ ប៉ុន្តែដោយ​សារមានបញ្ហា ក្នុងការទទួលបានការអនុញ្ញាត សម្រាប់កសាងមួយកំណាត់នៃផ្លូវដែកល្បឿនលឿននេះ បានធ្វើឱ្យកាលបរិច្ឆេទ សម្ពោធដាក់ឱ្យប្រើប្រា​ស់​ជាផ្លូវការ ស្ថិតក្នុងភាពស្រពេចស្រពិលរហូតមកទល់ពេលនេះ។

ការពន្យារពេល និងការកើនឡើងខ្លាំងនូវការចំណាយ ក្នុងគម្រោងនេះបានធ្វើឱ្យមជ្ឈដ្ឋានមហាជន ចោទសួរអំពីតម្លៃសេដ្ឋកិច្ច ដែលគម្រោងនេះនឹងផ្ដល់ឱ្យត្រលប់មកវិញ៕ CNN៕

អ្នកជំនាញដីធ្លីមកពីប្រទេសថៃ និងវៀតណាបង្ហាញសញ្ញាល្អក្នុងការវិនិយោគនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញ នៃវិស័យដីធ្លី២រូបមកពីប្រទេសថៃ និងវៀតណាមបានមកដល់កម្ពុជា និងបានបង្ហាញពីសញ្ញាល្អ នៃការវិនិយោគអចលនទ្រព្យនៅកម្ពុជាជាពិសេសទៅលើវិស័យដីធ្លី ក្នុងពេលបច្ចុប្បនិងអនាគត។

នៅក្នុងកិច្ចសម្ភាសន៍មួយ កាលចុងសប្ដាហ៍កន្លងទៅនេះ លោកឡុង ចាហ៊ង តំណាងក្រុមហ៊ុន KW Vietnam បានមានប្រសាសន៍ក្នុងគ្រាដែលលោកមកដល់កម្ពុជាដំបូង ដោយលោកបានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល មិននឹកស្មានថាកម្ពុជា មានការអភិវឌ្ឍបែបនេះ ហើយលោកក៏បានមើលឃើញ ពីឱកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើនផងដែរ ។

លោកបន្តថា “តាមរយៈការជជែកជាមួយមិត្តភក្ដិកម្ពុជា ឃើញថាកម្ពុជាពិតជាមានសក្ដានុពល និងទាក់ទាញខ្លាំង ក្នុងនោះដែរច្បាប់វិនិយោគថ្មីរបស់កម្ពុជា អាចធ្វើឱ្យវិនិយោគិនបរទេស មានទំនុកកាន់តែខ្លាំងទៅលើការវិនិយោគអចលនទ្រព្យ”។

លោកឡុង ចាហ៊ងបានបន្តថា ក្រៅពីនេះស្ថេរភាពនៃសេដ្ឋកិច្ច ក៏ជាកត្តាសំខាន់មួយ ក្នុងការទាក់ទាញការបណ្ដាក់ទុនវិនិយោគពីប្រទេស ជាមួយកំលាំងពលកម្ម ក្នុងស្រុកក៏មានសក្ដានុពល ខ្ពស់បន្ថែមទៀតនោះនឹងជំរុញឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ ។

លោកជឿជាក់ថា “កម្ពុជានឹងទទួលបាននូវការវិនិយោគ លើវិស័យដីធ្លីនិងអចលនទ្រព្យទាំងមូល ពីវិនិយោគិនមកពីគ្រប់ទិសទី ជាពិសេសវិនិយោ​គិនមកពីប្រទេសសមាជិកអាស៊ាន”។

ដោយឡែកអ្នកជំនាញដីធ្លីមកពីប្រទេសថៃ លោក Vit Kultanvipas តំណាង KW Thailand ក៏បានឱ្យដឹងថា កំណើនអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំចុងក្រោយនេះ លោកមើលឃើញថា មានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន GDP ជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ បានធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញ និងមានអ្នកចង់មកបណ្ដាក់ទុនវិនិយោគកាន់តែច្រើន។

លោកបន្តថា នៅពេលខាងមុខនេះ កម្ពុជានិងប្រទេសថៃ នឹងមានកិច្ចសហប្រតិបត្តិការ កាន់តែច្រើនជិតស្និទ្ធ ជាពិសេសនោះគឺការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងថៃ។ លោកបន្តថា បច្ចុប្បន្ននេះដែរ រដ្ឋាភិបាលទាំងពីរក៏បាន និងកំពុងបង្កើនទំនាក់ទំនង កាន់តែខ្លាំងថែមទៀតរួចហើយ តាមរយៈការបើកច្រកព្រំដែន ការតភ្ជាប់ផ្លូវដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវដែក ដើម្បីឱ្យការដឹកជញ្ជូនកាន់តែលឿន ហើយនៅពេលនោះដែរវិនិយោ​គិនបរទេស អាចនឹងចូលមកកម្ពុជាបន្ថែមទៀត ក្នុងការស្វែងរកការវិនិយោគនានាដែលមានសក្ដានុពលខ្ពស់៕

លោក ពៅ លីដា ផ្តើមជីវិតពីកូនកសិករក្លាយជាសហគ្រិនវ័យក្មេងលើវិស័យអចលនទ្រព្យជោគជ័យមួយរូប

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ផ្តើមជីវិតពីកូនកសិករមួយរូប នៅព្រំដែនកម្ពុជា វៀតណាម មុនពេលចូលមករស់នៅ រាជធានីភ្នំពេញទាំងវ័យក្មេង លោកពៅ លីដា បានតស៊ូ ខិតខំរៀនសូត្រ រហូតក្លាយជាសហគ្រិនមួយរូប ទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ។

ចាប់កំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ លោកជាកូនច្បង ក្នុងចំណោ មបងប្អូន៥នាក់។ លោកបានចូលសិក្សា នៅសាលាបឋមសិក្សាសុភមង្គល មុនបន្តមកកាន់អនុ និងវិទ្យាល័យសម្តេចតេជោភ្នំពេញថ្មី ហើយបន្តសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

អតីតសិស្សពូកែ
ជាកុមារ និងយុវជនមួយរូប ដែលស្រលាញ់ចូលចិត្តការសិក្សា និងអភិវឌ្ឍន៍ខ្លួនឯង លោកតែងតែជាប់ឈ្មោះជា សិស្សរៀនពូកែប្រចាំថ្នាក់ចំណាត់ថ្នាក់លេខ១~៥ តាំងពីកម្រិតបឋមសិក្សា រហូតដល់មហាវិទ្យាល័យ។

លោកបានមានប្រសាសន៍ថា “ខ្ញុំជាប់ជាសិស្សពូកែចំណាត់ថ្នាក់លេខ១ ដល់លេខ៥ជាប្រចាំ នៅពេលសិក្សានៅសាលាបឋមសិក្សា និងរហូតដល់កម្រិតមហាវិទ្យាល័យ ព្រោះការសិក្សាជាមូលដ្ឋានមិនអាចខ្វះបាន និងមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់ខ្ញុំ”។

ការអភិវឌ្ឍខ្លួនឯង
ការចាប់យកឱកាស និងបង្កើតឱកាសសម្រាប់ខ្លួនឯង មានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ តែឱកាសមិនចេះតែមាននោះទេ ប៉ុន្តែការសិក្សា និងធ្វើការបណ្តើរ និងធ្វើឲ្យជីវិតមានភាពរ៉ឹងមាំ និងគុណតម្លៃ។

ដោយសារខ្លួនឯង ត្រូវទទួលខុសត្រូវលើគ្រួសារ ក្នុងនាមជាកូនច្បង បានធ្វើឲ្យលោក តែងតែខិតខំប្រឹងប្រែង គិតពីការអភិវឌ្ឈខ្លួនជាប្រចាំ និងឆ្លៀតធ្វើការជាបុគ្គលិកផ្នែកទីផ្សារ នៅសាលាឯកជនមួយ មុនពេលលោកផ្លាស់ប្តូរការងារ ក្លាយជាអ្នកលក់ផលិតផលថែររក្សាសុខភាព និងបន្តបន្ទាប់ប្រឡូកក្នុងក្រុមហ៊ុនលក់ផ្សេងទៀត។

ជាមួយគ្នានេះ លោកក៏ធ្លាប់ធ្វើការងារនៅរោងចក្រ បើកហាងអាហារដោយខ្លួនឯង និងចាប់ផ្តើមប្រឡូក ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០១៦ បន្ទាប់ពីលោកមើលឃើញថា វិស័យនេះ ជាវិស័យដែលលោកស្រលាញ់ចូលចិត្ត និងអាចមានលទ្ឋភាពផ្តល់ការងារដល់យុវជនជាច្រើន។

ការចេញក្រៅប្រទេសញឹកញាប់ ជាមូលដ្ឋាននៃការក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ បានធ្វើឲ្យគុណភាពនៃការគិត និងគុណភាពជីវិតរបស់លោក ពៅ លីដា កាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងបច្ចុប្បន្ននេះ លោកបានបង្កើតក្រុមហ៊ុនបីនៅក្នុងដៃ និងមានភាគហ៊ុនមួយចំនួនទៀតជាមួយដៃគូរ និងទទួលបានតួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មក្នុងខេត្តកំពង់ស្ពឺ ហើយលោកក៏ធ្លាប់ជាប្រធាន BNI Chapter ផងដែររហូតទទួលបាន បញ្ញតិគោរម្យ៍ងារ (ធម្មចន្រ្ទាជារាមេឃមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍) ជាទីប្រឹក្សាផ្ទាល់ របស់សម្ដេចមហាសង្ឃរាជ បួរ គ្រី។
អ្វីជាមូលដ្ឋាននៃការឈានឡើង

ការឈានឡើងរបស់បុគ្គលជោគជ័យ ឬសហគ្រិនជោគជ័យលើមុខជំនួញនានា តែងតែមានភាពខុសគ្នា អាស្រ័យលើពេលវេលា កាលៈទេសៈ និងមូលដ្ឋានគ្រួសាររបស់ខ្លួន។

ដូចគ្នានេះដែរ លោក ពៅ លីដា បានឈានពីកូនកសិករ ពីបុគ្គលិកលក់សាមញ្ញមួយរូប និងពីបុគ្គលិកផ្នែកលក់អចលនទ្រព្យឲ្យគេរយៈពេលពីរឆ្នាំ មុនពេលក្លាយជាអ្នកអភិវឌ្ឍន៍៍អចលនទ្រព្យដោយខ្លួនឯង គឺលោកបានប្រើប្រាស់នូវមូលដ្ឋានជាច្រើន ដើម្បីឈានឡើង ប៉ុន្តែចំណេះដឹង និងមូល ដ្ឋានទំនាក់ទំនង ជាអ្វីដែលលោកបានផ្តល់អាទិភាពក្នុងជីវិត។

លោកបានមានប្រសាសន៍ថា “កត្តាសំខាន់ដើម្បីឈានឡើង គឺការរៀនសូត្រជាប្រចាំ ដែលខ្ញុំបាននិងកំពុងបន្តរៀនសូត្រ មិនដែលបោះបង់នោះទេ ទាំងការអានសៀវភៅ ស្តាប់ ចូលរួមវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស”។ លោកបន្តថា “ជាមួយគ្នានេះ ការទំនាក់ទំនងល្អក្នុងសង្គម ក៏ជាផ្នែកមួយដែលមិនអាចខ្វះបាន និងខ្ញុំបានផ្តល់អាទិភាពទៅលើវាជាប្រចាំ ព្រោះពេលយើងមានទំនាក់ទំនងល្អ ជាមួយមនុស្សជាច្រើន យើងអាចរៀនសូត្របានច្រើន និងអាចកសាងបណ្តាញជំនួញបានដោយជោគជ័យ”។

ជាមួយនឹងការកសាងបណ្តាញ និងទំនាក់ទំនងល្អបែបនេះហើយ ទើបលោកបានកសាងឱកាស បង្កើតជំនួញជាមួយដៃគូលើគំរោងជាច្រើនទៀតផងដែរ។

មូលដ្ឋានជំនួញទទួលបានជោគជ័យ លោកពៅ លីដា ក៏ទទួលបានជោគជ័យ និងសុភមង្គលក្នុងគ្រួសារផងដែរ ដោយលោកបានរៀបការជាមួយអ្នកស្រីស្វាយ កូលាប និងទទួលបានកូនស្រីចំនួន២នាក់ជាចំណងអាពាហ៍ពិពាហ៍ផងដែរ៕

រដ្ឋាភិបាលថៃពិចារណាពន្យារពេលប្រមូល និងបញ្ចុះអត្រាពន្ធលើដីធ្លីនិងពន្ធលើសំណង់អគារ

ដោយៈសុខុម

បាងកក: ក្រសួងហិរញ្ញវត្ថុថៃ កំពុងពិចារណាលើសំណើរបស់វិស័យឯកជនដែលស្នើសុំពន្យារពេលប្រមូល និងបញ្ចុះពន្ធលើដីធ្លី និងពន្ធលើសំណង់អគារ ពីព្រោះអាជីវកម្មនានាកំពុងជួបទ្វេគ្រោះ។

អ្វីជាទ្វេរគ្រោះ? ចម្លើយគឺ ទី១ គឺវិបត្តិកូវីដ-១៩ ហើយទី២ គឺសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣០ ខែឧសភា។

ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលថៃ បានចេញវិធានការបញ្ចុះពន្ធលើដីធ្លី និងពន្ធលើសំណង់អគាររហូតដល់ទៅ៩០% ដើម្បីជួយសម្រាលបន្ទុករបស់ម្ចាស់ដី និងម្ចាស់សំណង់អគារ ដោយសារពួកគេបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។

ការបញ្ចុះអត្រាពន្ធនេះ បានចូលជាធរមានចាប់ពីឆ្នាំ២០២០-២០២១ ប៉ុន្តែក្រសួងហិរញ្ញវត្ថុថៃ បានបដិសេធមិនព្រមបន្តវាឱ្យហួសពីឆ្នាំ២០២១។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បញ្ជាក់ថា លោកបានចាត់តាំងឱ្យការិយាល័យ គោលនយោបាយសារពើពន្ធ ធ្វើការវិភាគលើការប្រមូលពន្ធរួចហើយ បន្ទាប់ពីវិស័យឯកជនបានស្នើសុំពន្យារពេលប្រមូល និងបញ្ចុះអត្រាពន្ធ។

ជាធម្មតា ម្ចាស់ដីត្រូវបង់ពន្ធនេះក្នុងខែមេសា។ រដ្ឋបាលក្រុងមួយចំនួនដូចជា ក្រុងបាងកក ជាដើមបានពន្យារពេលប្រមូលពន្ធ ពីខែមេសា មកដល់ខែកក្កដា ដើម្បីបន្ធូរបន្ថយការលំបាករបស់ប្រជាជន។

ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុបារម្ភខ្លាចការពន្យារពេល ឬការបញ្ចុះអត្រាពន្ធនេះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ចំណូលរបស់រដ្ឋបាលមូលដ្ឋាន។

ទិន្នន័យបង្ហាញថា ការបញ្ចុះពន្ធនេះចំនួន៩០ អំឡុងឆ្នាំ២០២០-២០២១ បានធ្វើឱ្យរដ្ឋបាលមូលដ្ឋាន ខាតបង់សរុបជិត១.០០០ពាន់លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលគ្មានលទ្ធភាពរកប្រាក់ចំណូលថ្មី ដើម្បីទូទា​ត់ការខាតបង់ទាំងនេះបានឡើយ៕ Bangkok Post៕

លោកអ៉ី ពិសិដ្ឋផ្តើមពីនិស្សិតក្រីក្រទទួលបានអាហារូបករណ៍ពីរក្នុងពេលតែមួយក្លាយជាសហគ្រិនជោគជ័យ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការឈានឡើងរបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា អាស្រ័​យ​លើពេលវេលា កាលៈទេសៈ ចំណេះដឹងជាមូលដ្ឋាន និងបទពិសោធន៍ក្នុងជីវិត។

ចាប់កំណើតនៅលើកោះ ស្ថិតនៅភូមិវត្ត ឃុំកោះច្រែង ស្រុកក្រចេះ ខេត្តក្រចេះ កុមារអ៉ឺ ពិសិដ្ឋបានធំធាត់ និងដឹងក្តី ក្នុងទឹកដីខេត្តក្រចេះ ដែលជាទឹកដីសម្បូរដោយធនធានធម្មជាតិ។

លោកជាកូនពៅ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានស្រី២នាក់ ប្រុស៥នាក់ ក្នុងគ្រួសារជាអ្នកចំការ។

ជីវិតនិងការសិក្សា
ចម្រើនវ័យវឌ្ឍនាការ លោកអ៉ី ពិសិដ្ឋបានចាប់ផ្តើមសិក្សា នៅសាលាបឋមសិក្សាភូមិព្រែក មុនពេលផ្លោះមកសិក្សានៅអនុវិទ្យាល័យកោះច្រែង និងវិទ្យាល័យសិលាទេវីគាត ឈន់ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

បន្ទាប់ពីបញ្ចប់ការសិក្សា ក្នុងនាមជាសិស្សពូកែនៅកម្រិតវិទ្យាល័យ លោកទទួលបានអាហារូបករណ៍ពីរ ក្នុងពេលតែមួយ គឺអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស និងបរិញ្ញាបត្រទីផ្សារនៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។

ជាមួយនឹងនិស្ស័យស្រលាញ់ការសិក្សា និងជាប់ឈ្មោះជាសិស្សពូកែ នៅកម្រិតបឋមសិក្សា ដល់មហាវិទ្យាល័យ លោកអ៉ី ពិសិដ្ឋក៏បានទទួលអាហារូបករណ៍ទៅសិក្សា ជំនាញគ្រប់គ្រងឧស្សាហកម្ម នៅប្រទេសហ្វីលីពីន រយៈពេល២ឆ្នាំ មុនពេលលោកត្រលប់មករាជធានីភ្នំពេញវិញ និងបានចាប់ផ្តើមប្រឡូក្នុងអាជីពការងារ។

មូលដ្ឋានគ្រឹះនៃការសិក្សានេះហើយ បានធ្វើឲ្យគុណភាពជីវិតរបស់លោកកាន់តែមានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងរហូតដល់ក្លាយជាសហគ្រិនវិនិយោគអចលនទ្រព្យជោគជ័យមួយរូប។

ជីវិត និងការងារ
ផ្តើមចេញពីចំណេះដឹងជាមូលដ្ឋាន ភាពឆ្លាតវៃ និងបទពិសោធន៍៍ លោកអ៉ី ពិសិដ្ឋ បានត្រលប់ពីការសិក្សានៅក្រៅប្រទេស មកប្រឡូកការងារជាលើកដំបូងក្នុងជីវិត ដោយលោកបានបំពេញការងារ នៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុPrime MF បន្ទាប់មកលោកបានប្តូរការងារ មកធ្វើការនៅធនាគារហ្វីលីព និងចាប់ផ្តើមនូវមុខជំនួញខ្លួនឯងជាលើកដំបូង ដោយលោកបានបើកដំណើរការនូវគ្រឹះស្ថាន “មាតាប្រតិបត្តិករឥណទាន”។

ជាអ្នកនិយមការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនជាប្រចាំ លោកអ៉ី ពិសិដ្ឋ បានបន្តឈានឡើងមួយកម្រិតទៀត ដោយលោកបានចាប់ផ្តើមប្រឡូកក្នុងវិ​ស័យអចលនទ្រព្យ ដោយដើរតួនាទីជាភ្នាក់ងារលក់ ហើយក្រោយមកលោក​បានកាត់ស្តុកអចលនទ្រព្យ ពីក្រុមហ៊ុនផ្សេងៗយកមកលក់ខ្លួនឯង ដោយទទួលបានជោគជ័យលើសការរំពឹងទុក។៉

ពីភ្នាក់ងារក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ
ជាមួយនឹងបទពិសោធន៍ និងសម្លឹងមើលឃើញឱកាសកាន់តែធំជាងមុន លោកអ៉ី ពិសិដ្ឋមិនបានរង់ចាំឱកាសទៀតទេ ដោយលោកបានចាប់​ បង្កើតឱកាសដោយខ្លួនឯង ដើម្បីឈរជើងកាន់តែរ៉ឹងមាំក្នុងវិស័យនេះ។

លោកអ៉ី ពិសិដ្ឋបានចាប់ផ្តើមវិនិយោគគំរោងលំនៅដ្ឋានឈ្មោះ “បុរី TV Stars” ស្ថិតនៅក្នុងខ័ណ្ឌដង្កោ វិនិយោគដីឡូត៍ វិនិយោគបុរីរតនៈ បុរីឡូង នី និងក្លាយជាអ្នកតំណាងចែកចាយធំផលិតផល របស់ក្រុមហ៊ុនសម្រស់ធម្មជាតិប្រចាំពោធិចិនតុង។

បច្ចុប្បន្នលោកអ៉ី ពិសិដ្ឋបាននិងកំពុងវិនិយោគបុរីថ្មីមួយទៀត គឺ “បុរី បុស្បា” ជាមួយតួនាទីជាក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រធានគណៈកម្មការទីផ្សាររបស់បុរីដ៏ស្រស់ស្អាត និងទាក់ទាញមួយនេះ។
តួនាទី និងកិត្តិនាម និងការចូលរួមសកម្មភាពសង្គម ដោយសារចំណេះដឹង ជំនាញ បទពិសោធន៍ ពិសេសភាពជាអ្នកដឹកនាំរបស់លោក បានធ្វើឲ្យលោកអ៉ី ពិសិដ្ឋត្រូវបានតែងតាំងជាអនុប្រធាន​សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ជាសមាជិកសភាពាណិជ្ជកម្ម និងទើបត្រូវបានសម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បួរ គ្រី ដែលបានសព្វព្រះរាជហឫទ័យព្រះប្រទាននូវគោរមងារ មានសក្ត័ជា ទីប្រឹក្សាផ្ទាល់បញ្ញាតិគោរម្យ៍ងារ (ធម្មវិសេសទេវរក្សាមហាឧបាសកពុទ្ធសាសនូបត្ថមក៍) នៅថ្ងៃទី30 ខែឧសភា ឆ្នាំ2022ននេះ។

ជាមួយគ្នានេះ លោកអ៉ី ពិសិដ្ឋក៏ជាសាសនូវបត្ថម្ភមួយរូប ដែលតែងតែគិតគូជួយលើកិច្ចការពុទ្ឋចក្រ និងអាណាចក្រផងដែរ ដោយលោកបាន​កសាងផ្លូវបេតុងមួយខ្សែប្រវែង១០០០ម៉ែត្រ នៅស្រុកកំណើត និងបាន​ចូលរួមលើកិច្ចការជាច្រើនទៀត លើការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិសាត់ ដែលរួមមានការឧបត្ថម្ភអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវជាដើម ពិសេសលោកបានចូលរួមកសាងខ្លោងទ្វារវត្តមួយផងដែរ។

ក្រៅពីសកម្មភាពទាំងអស់នេះ លោកក៏បានផ្តល់នូវចំណេះដឹងតាមរយៈការចូលររួមជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលនានា ដល់សិស្ស និស្សិត និងអ្នកចង់ក្លាយជាសហគ្រិនជាដើម។

អនុសាសន៍
ភ្ជាប់ជាមួយនូវបទពិសោធន៍ជោគជ័យលើការសិក្សា ការងារ និងកិច្ចការជំនួញ លោកអ៉ី ពិសិដ្ឋបានលើកឡើងថា យើងត្រូវស្គាល់ខ្លួនឯង មានជំ​នាញអ្វី អ្វីដែលខ្វះខាត យើងត្រូវចេះបំពេញបន្ថែម ពិសេសមុនសម្រេច​ចិត្តធ្វើអ្វីមួយត្រូវតែមានភាពច្បាស់លាស់ ហ៊ានសម្រេចចិត្តដោយមានការទទួ​លខុសត្រូវខ្ពស់ ពិសេសត្រូវមានទំនាក់ទំនងល្អក្នុងសង្គម ជាមួយមហាជនទូទៅ ជាមួយសហគ្រិនក្នុងវិស័យអប់រំ ដែលផ្តោតលើការសិក្សារៀនសូត្រជាប់ជាប្រចាំ ពិសេសលើការងារអចលនទ្រព្យ និងមានទំនាក់ទំនងក្នុងកម្រិតជាតិ និងអន្តរជាតិឲ្យបានល្អតាមដែលអាចធ្វើទៅបាន។

លោកអ៉ី ពិសិដ្ឋបានសម្រេចចិត្តរៀបការនៅឆ្នាំ២០១៥ ជាមួយអ្នកស្រីសារុំ ពុទ្ឋិកា ដោយមានកូនស្រីគួរឲ្យស្រលាញ់ពីរនាក់។ បច្ចុប្បន្នអ្នកស្រី សារុំ ពុទ្ឋិកាជាអគ្គនាយិកាក្រុមហ៊ុនតំណាងចែកចាយ ផលិតផលសម្រស់ធម្មជាតិធំជាងគេ នៅតំបន់ពោធិ៍ចិនតុង៕