បុរីប៉េង ហួតបង្ហាញគំរោងដឹស្តាមេរា ហ្កាដិនលើទំហំដី៤០ហិកតាផ្តល់ការរស់នៅបែបធម្មជាតិ

ដោយៈរ៉ាម៉េត

ភ្នំពេញៈ ស្របតាមការអភិវឌ្ឍឥតឈប់ឈរ តាមផែនការមេឆ្នាំ2035 នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ភាគខាងត្បូងកំពុងតែមមាញឹកអភិវឌ្ឍ ជាមួយនឹងសន្ទុះយ៉ាងលឿន មានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គម្រោងអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។

ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ចំងាយ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ 60ម៉ែត្រ) ដឹស្តា មេរាហ្កាដិន ជាគម្រោងអភិវឌ្ឍលើផ្ទៃដីរហូតដល់40​ហិចតា ដែលពោពេញទៅដោយសក្តានុពលនៃលំហបៃតង ក្រោមការអភិវឌ្ឍរបស់បុរី ប៉េង ហួត បានក្លាយជាចំណែកមួយនៃការអភិវឌ្ឍភាគខាងត្បូងនេះផងដែរ។

គម្រោងនេះផ្ទាល់ ជាគម្រោងអភិវឌ្ឍបែបធម្មជាតិ លេចធ្លោជាងគេ ក្នុងតំបន់ ដែលកំពុងតែទទួលបាននូវការអភិវឌ្ឍចម្រុះឥតឈប់ឈរ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ រៀបចំឡើងតាមស្តង់ដារនៃការរស់នៅ រួមមានសួនច្បារធំជាងគេ អមដោយដើមឈើធំៗ បណ្តុំទៅដោយរុក្ខជាតិដ៏ស្រស់បំព្រង ជាពិសេសផ្កាចម្រុះពណ៌ជាច្រើនប្រភេទ រីកគ្រប់រដូវកាល វេទិកាសិល្បៈ និងសាលប្រគុំតន្រ្តីកណ្តាលសួនច្បារ ទីធ្លាកីឡា ក្លឹបហាត់ប្រាណដ៏ទំនើបទាន់សម័យ ទីតាំងពិចនិចជួបជុំសម្រាប់គ្រួសារ និងសួនកុមារដែលមានឧបករណ៌ប្លែកៗជាច្រើនប្រភេទ សម្រាប់ការកម្សាន្តចម្រុះ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ប្រកបដោយកិត្យានុភាព ផាសុកភាព ភាពរីករាយ និងភាពស្រស់ថ្លាទ្វេដង ក្នុងការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិ។

ក្រៅពីការអភិវឌ្ឍផ្សារភ្ជាប់បែបធម្មជាតិ ដឹស្តា មេរាហ្កាដិន បានបន្ថែមនូវតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគម្រោង ក៏ដូចជាក្នុងតំបន់ បានក្លាយជាសហគមន៍រស់នៅទំនើបចម្រុះ។

ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាស៊ីវិល័យជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ត្រូវបានរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ផ្តោត់សំខាន់ទៅលើការរស់នៅសម័យទំនើប ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

អតិថិជន ដែលមានបំណងចង់បានគេហដ្ឋាន ក្នុងគម្រោងដឹ​ស្តា មេរាហ្កាដិន លោកអ្នកនឹងទទួលបានការផ្តល់ជូនប្រូម៉ូសិន ពិសេសជាមួយនឹងការបង់ប្រាក់កាន់តែមានភាពងាយស្រួល។ លើសពីនេះទៅទៀត លោកអ្នកអាចធ្វើការបង់រំលស់ ជាមួយនឹងធនាគារដៃគូ ដែលមានអត្រាការប្រាក់សមរម្យចាប់ពី 4.39% ឡើងទៅ ទំហំកម្ចីរហូតដល់ 100% ថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

លោកជា សុផារ៉ា ផ្តល់អនុសាសន៍ ៥ចំណុច ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយៈ សុផារី

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានផ្តល់នូវអនុសាសន៍៥ចំណុ​ច ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសច​រណ៍ជាតិ និងអន្តរជាតិ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប រៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានការចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក.។

ដើម្បីធានាការគ្រប់គ្រងការអភិវឌ្ឍ និងការអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាពនិងបរិយាបន្ន រដ្ឋបាលខេត្ត ព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកលេងកម្សាន្ត លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់អនុសាសន៍ការងារគោលដៅ៥ចំណុច រួមមាន ទី១ ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញបៃតងតាមបណ្ដោយឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។

ទី២ ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍប្រកប ដោយចីរភាព និងសុខដុមរមនា។

ទី៣ ធានាការគ្រប់គ្រង ថែរក្សាការពារស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភព នៃសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា តាមរយៈការគ្រប់គ្រងការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម និងប្រើប្រាស់ដីជាធរមាន។

ទី៤ ការពារ និងថែរក្សាភ្នំ ព្រៃឈើ និងទេសភាពធម្មជាតិ នៃតំបន់ឆ្នេរសមុទ្រដែលជាមរតកប្រវត្តិសាស្ត្រធម្មជាតិ និងបរិស្ថាន សម្រាប់គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ ប្រកបដោយចីរភាព និងសុខដុមរមនានៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការលើកវិធានការ ផែនការគ្រប់គ្រង និងតាមដានការអភិវឌ្ឍ ការអភិរក្សជាក់លាក់ និងជាប្រចាំ។

ទី៥ លើកកម្ពស់ការគ្រប់គ្រងការអភិវឌ្ឍ និងការអភិរក្សកោះនិងប្រជុំកោះ ដោយធានាបាននូវធនធានធម្មជាតិ ទេសភាព និងជីវៈចម្រុះនៅលើកោះ និងជុំវិញកោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានផែនការត្រួតពិនិត្យច្បាស់លាស់៕

ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគរហូតដល់ទៅជិត ៤០០ពាន់លានដុល្លារអាមរិក

ដោយៈសុខុម

សេអ៊ូល: បន្ទាប់ពីក្រុមហ៊ុនSamsung Group និងក្រុមហ៊ុន Hyundai Motor Group បានបង្ហាញផែនការវិនិយោគច្រើនសម្បើមរួចមក ក្រុមហ៊ុនគ្រាក់ៗផ្សេងទៀតរបស់កូរ៉េខាងត្បូង រួមមានក្រុមហ៊ុន SK ក្រុមហ៊ុនLG ក្រុមហ៊ុន GS ក្រុមហ៊ុន POSCO និងក្រុមហ៊ុន Hyundai Heavy Industries កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនបានបង្ហាញផែនការវិនិយោគទ្រង់ទ្រាយធំគួរឱ្យភ្ញាក់ផ្អើល។

អ្នកជំនាញមើលឃើញថា ផែនការវិនិយោគយ៉ាងច្រើនសម្បើមនេះ គឺដើម្បីស្វែងរកឱកាស សម្រេចបានកំណើនបន្ថែមទៀត នៅពេលអនាគត និងដើម្បីឆ្លើយតប ទៅនឹងការសន្យារបស់ប្រធានាធិបតី Yoon Suk-yeol ថានឹងបង្កើតបរិយាកាស ដែលអំណោយផលសម្រាប់អាជីវកម្ម។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣០ ខែឧសភា នេះ។

ផែនការវិនិយោគរបស់ពួកគេ គឺផ្តោតលើការបង្កើតការងារបន្ថែមទៀត និងជំរុញអាជីវកម្ម ដែលកាក់កបខ្លាំងដូចជា បន្ទះឈីប ជីវឧស្ម័ន អាគុយរថយន្តអគ្គិសនី ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងបញ្ញាសិប្បនិម្មិត (IA) ជាដើមដែលពួកគេរំពឹងថា នឹងជំរុញឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូង មានសន្ទុះហក់ឡើងខ្លាំងវិញ។

តួយ៉ាងក្រុមហ៊ុន SK Group និយាយថា ខ្លួននឹងវិនិយោគសរុបចំនួន១៩៤,៨ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបាន៥០.០០០កន្លែង។

ទន្ទឹមនេះ ក្រុមហ៊ុន LG Group ក៏បានប្រកាសដែរថា ខ្លួននឹងវិនិយោគ៨៦ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង សុទ្ធសាធរហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបានចន្លោះពី៥០.០០០កន្លែងទៅ១០.០០០កន្លែង។

ចំំណែកក្រុមហ៊ុន GS Group ដែលដំណើរការអាជីវកម្មប្រេង សំណង់ និងអាជីវកម្មចែកចាយក៏បានប្រកាសដែរថា ខ្លួននឹងវិនិយោគ១៧ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបាន២២.០០០កន្លែង។

រីឯក្រុមហ៊ុន POSCO Group បានប្រកាសថា ខ្លួននឹងវិនិយោគចំនួន៤៣ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ ដោយផ្តោតលើការប្រកួតប្រជែងក្នុងអាជីវកម្មស្នូលដូចជាដែកថែប អ៊ីដ្រូសែន ហេដ្ឋារចនាសម្ព័ន្ធដែលមិនប៉ះពាល់ដល់បរិស្ថាន និងបច្ចេកវិទ្យានាពេលអនាគតជាដើម ដែលនឹងបង្កើ​តការងារថ្មីបាន២៥.០០០កន្លែង។

ចុងក្រោយ ក្រុមហ៊ុន Hyundai Heavy Industries Group បានប្រកាសថា ខ្លួននឹងវិនិយោគ១៧ពាន់លានដុល្លារ នៅរយៈពេល៥ឆ្នាំក្រោយរហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបាន១០.០០០កន្លែង។

ដូចនេះ ទំហំទុនវិនិយោគសរុប ដែលគ្រោងចំណាយដោយក្រុមហ៊ុនគ្រាក់ៗទាំងនេះ មានចំនួនដល់ទៅ៣៥៧,៨ពាន់លានដុល្លារ៕ Korea Times៕

តើការសាងសង់ខុនដូនៅក្នុងប្រទេសកម្ពុជាពិតជាឆ្លើយតបនឹងតម្រូវការទីផ្សារពិតមែនឬ?

ដោយ: សុផារី

ភ្នំពេញ: និន្នាការរស់នៅក្នុងអាគារសហកម្មសិទ្ធិ ឬខុនដូ កាន់តែមានភាពពេញនិយម នៅក្នុងស្រទាប់ប្រជាជនកម្ពុជា ដែលបង្ហាញតាមរយៈកំណើនការអភិវឌ្ឍអាគារខុនដូថ្មីៗជាច្រើនក្នុងក្រុងភ្នំពេញ។

ស្របពេលល្បឿនការអភិវឌ្ឍន៍មានសន្ទុះខ្លាំងក្លា តម្រូវការហាក់មានការកើនយឺត ខណៈទីផ្សារបន្តប្រឈមវិបត្តិកូវីដ១៩។ តើការសាងសង់ខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពិតជាឆ្លើយតបនឹងតម្រូវការទីផ្សារពិតមែនឬ?

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែឧសភានេះថា តម្រូវការក្នុងវិស័យខុនដូ ពិតជាមានការកើនឡើង ស្របពេលដែលការផ្គត់ផ្គង់ក៏មានសន្ទុះផងដែរ។

លោកថា “សម្រាប់អ្នកវិនិយោគ ឬអ្នកសាងសង់ យើងសាងសង់ទៅរំពឹងថាគេមកទិញយើង ឬមានតម្រូវការហើយទើបសាងសង់។ ជាធម្មតា យើងមិនអាចយកលុយទៅកប់ចោលបានទេ មែនទេ? បើកប់លុយ៥ឆ្នាំ ១០ឆ្នាំ យកលុយនេះធ្វើអ្វីផ្សេង វាល្អប្រសើរជាង”។ លោកបន្តថា “ដោយ​សារតែ អ្នកវិនិយោគទាំងនោះដឹងថា មានតម្រូវការហើយ ទើបគាត់សាងសង់ ដែលជំរុញឱ្យមានការរីកចម្រើន ក្នុងវិស័យអចលនទ្រព្យ ជាពិសេសក្នុងវិស័យខុនដូ”។

ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខុនដូកាន់តែមានភាពទំនើប និងស្អាតជាងមុន។ ជាក់ស្តែងបច្ចុប្បន្ននេះ មានខុនដូប្រភេទ Penthouse ដែ​លមានតម្លៃប្រហែល៧លានដុល្លារ ដល់១០លានដុល្លារក្នុងមួយយូនីតនៅក្នុងទីផ្សារ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ការផ្គត់ផ្គង់ខុនដូនៅក្នុងក្រុងភ្នំពេញ ពិតជាមានកំណើនខ្ពស់ពិតមែន តែការលក់របស់គម្រោងទាំងឡាយណា ដែលសិក្សាពីតម្រូវការជាក់ស្តែងច្បាស់លាស់ នៅតែអាចបន្តទទួលបានភាពជោគជ័យ។

អ្នកនាងថា “ទាក់ទងនឹងចំនួនវាជាការពិត គឺពិតជាមានច្រើន ប៉ុន្តែ ប្រសិនបើគម្រោងនេះធ្វើការសាងសង់ ដោយបានសិក្សា និងយល់ច្បាស់ពីតម្រូវការរបស់អ្នកទិញ គាត់នៅតែអាចបន្តលក់បាន”។ អ្នកនាងបន្តថា “ជាពិសេស គម្រោងមួយចំនួននៅតែជោគជ័យខ្លាំងផងដែរ ដោយសារគាត់បានសិក្សាស្វែងយល់ពីអ្នកទិញ ជាពិសេសអ្នកទិញក្នុងស្រុក ដែលជាទូទៅ តែងតែទិញ ដើម្បីចូលរស់នៅដោយខ្លួនឯង ជាជាងអ្នកទិញទុក ដើម្បីវិនិយោគ”។

អ្នកនាងកេសាបានបន្តថា ជាធម្មតាទេ ការផ្គត់ផ្គង់នៅក្នុងស្រុក មានការកើនឡើងលឿនជាងតម្រូវការ។ ល្បឿននៃការទិញ មិនទាន់ល្បឿននៃការផ្គត់ផ្គង់ថ្មីនៅឡើយ។

អ្នកនាងបញ្ជាក់ថា អ្នកនាងមិនអាចអះអាងថា នេះជាការផ្គត់ផ្គង់លើសសម្រូវការនោះទេ។ ទោះបីជាយ៉ាងណាក្តី បើតាមការលើកឡើងរបស់អ្នកនាងកេសា នៅក្នុងឆ្នាំ២០២១ អ្នកអភិវឌ្ឍន៍បានធ្វើការបន្ថយល្បឿន ដែលអនុញ្ញាត ឱ្យទីផ្សារខុនដូប្រើប្រាស់ពេលមួយឆ្នាំ ដើម្បីស្រូបយកទាំងអ្នកទិញក្នុងស្រុក និងអ្នកទិញបរទេសផងដែរ៕

EU បានរងភាពបរាជ័យក្នុងការហ៊ុំព័ទ្ធប្រេងរបស់ប្រទេសរុស្ស៊ី

ដោយ:លាងហួរ

អឺរ៉ុប : សហភាពអឺរ៉ុប បានរងភាពបរាជ័យកាលពីថ្ងៃអាទិត្យ ក្នុងការអនុម័តលើការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី។

ប៉ុន្តែអ្នកការទូតកំពុងព្យាយាម ធ្វើឱ្យមានវឌ្ឍនភាពឡើងវិញមុនកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទដល់ថ្ងៃអង្គារស្តីពី ការលើកលែងសម្រាប់ការចែកចាយបំពង់បង្ហូប្រេង ទៅកាន់បណ្តាប្រទេសអឺរ៉ុបកណ្តាល ដែលគ្មានផ្លូវគោក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថា “នៅមានព័ត៌មានលម្អិតច្រើនណាស់ ដើម្បីដោះស្រាយភាពជាប់គាំងនេះ” ដើម្បីឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងរួមគ្នាមួយ មុនពេលមេដឹកនាំសហភាពអឺរ៉ុប ជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល នៅរសៀលថ្ងៃចន្ទនេះ។

សំណើដាក់ទណ្ឌកម្ម លើការនាំចូលប្រេងគឺជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មជុំទី៦របស់សហភាពអឺរ៉ុបលើរុស្ស៊ី។

ការដាក់ទណ្ឌកម្មធំៗរបស់អឺរ៉ុប និងអាមេរិក រួមបញ្ចូលទាំងការកាត់ធនាគារធំបំផុតរបស់រុស្ស៊ី Sberbank ចេញពីប្រព័ន្ធ SWIFT និងការបង្កកទ្រព្យសម្បត្តិជាដើម។

ប្រទេសហុងគ្រីបាននិយាយថា ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី នឹងបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ព្រោះពួកគេមិនអាចទទួលបានប្រេងពីប្រទេសផ្សេង ដោយងាយស្រួលនិងមានតម្លៃទាបជាងរុស្ស៊ីនោះទេ ខណៈដែលស្លូវ៉ាគី និងសាធារណៈរដ្ឋឆេក បានសម្តែងការព្រួយបារម្ភស្រដៀងគ្នា។

ការពិភាក្សាស្តីពី ការហាមប្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ី បានបន្តអូសបន្លាយអស់រយៈពេលមួយខែ ដោយមិនមានការរីកចម្រើន ហើយមេដឹកនាំអឺរ៉ុប មានបំណងចង់ឈានដល់ការបង្កើត កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល ដើម្បីជៀសវាងការមើលទៅមិនចុះសម្រុងគ្នា ក្នុងការឆ្លើយតបរបស់ពួកគេចំពោះទីក្រុងម៉ូស្គូ។

ដើម្បីទម្លាយភាពជាប់គាំង គណៈកម្មការអឺរ៉ុបបានស្នើថា ការហាមប្រាមនេះ អនុវត្តន៍ចំពោះតែប្រេងរុស្ស៊ី ដែលនាំចូលទៅក្នុងសហភាពអឺរ៉ុបដោយកប៉ាល់ដឹកប្រេង ដោយទុកឱ្យប្រទេសហុងគ្រី ស្លូវ៉ាគី និងឆេក បន្តនាំចូលប្រេងពីរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ីមួយរយៈសិន រហូតដល់ការផ្គត់ផ្គង់ជំនួសអាចកើតមាន៕

អ្នកជំនាញដីធ្លីមើលឃើញថាវិស័យដីធ្លីកម្ពុជាដល់ពេលងើបឡើងវិញហើយ ក្រោយរង្គោះរង្គើអស់ ២ឆ្នាំកន្លង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់មិនខុសពីវិស័យផ្សេងទៀតឡើយ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិនៃជំងឺឆ្លងសកល កូវីដ១៩ តែមកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះ អ្នកជំនាញនៃវិស័យនេះ បានមើលឃើញថា ដល់ពេលដែលវាត្រូវងើបឡើងវិញ និងបន្តមានសន្ទុះទៅមុខទៀតចាប់តាំងពីពេលនេះតទៅ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL និងជាអ្នកជំនាញដីធ្លីមួយរូបនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វាដល់ពេលដែលវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លីចាប់ផ្ដើមកក្រើកឡើងវិញ ។

លោកបន្តថា “វិស័យនេះ វានឹងចាប់ផ្ដើមងើបឡើងវិញ ក្នុងស្ថានភាពល្អប្រសើរ ហើយវាមិនមែនងើបឡើង តែក្នុងឆ្នាំ២០២២នេះទេ តែក្នុងឆ្នាំក្រោយៗទៀត វានឹងកាន់តែល្អប្រសើរបន្តទៀត” ។

លោកឧកញ៉ាបន្តថា កត្តាដែលយើងហ៊ានអះអាងថា វិស័យនេះនឹងកាន់តែល្អនៅឆ្នាំក្រោយៗ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ី  ហ្គេម ហើយជាធម្មតាទាំងគេទាំងយើង នឹងមិនទៅបណ្ដាក់ទុនរកស៊ីឬវិនិយោគនៅប្រទេសណា ដែលយើងមិនធ្លាប់បានទៅដល់ មិនធ្លាប់ស្គាល់នោះទេ។

លោកបន្តថា ព្រឹត្តិការណ៍ស៊ីហ្គេម នឹងនាំមនុស្សពាសពេញពិភពលោកមកជុំគ្នានៅកម្ពុជា ដើម្បីទស្សនាការប្រកួត។ ក្រៅពីការប្រកួតវិនិយោ​គិននឹងដើរទស្សនា នៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ហើយនៅពេលដែលគេបានដឹង បានយល់ពីកម្ពុជា នោះគេនឹងបណ្ដាក់ទុនវិនិយោគរកស៊ីក្នុងប្រទេសកម្ពុជា ដែលអាចនាំមកនូវប្រាក់ចំណូល ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកមុខមាត់ប្រទេសកម្ពុជា ស្មើមុខស្មើមាត់នឹងប្រទេសជិតខាងផងដែរ។

លោកឧកញ៉ាចេង ខេងបានបន្ថែមថា ជាការកត់សម្គាល់មួយទៀត ដែលយើងអះអាងថា វិស័យដីធ្លីដល់ដំណាក់កាល កម្រើកឡើងវិញនោះ តាមរយៈសកម្មភាពនៃអាជីវកម្មក្នុងស្រុក ចរាចរណ៍ចាប់ផ្ដើមស្ទះហើយវាស្ទះខ្លាំងជាងកាលមុនកូវីដ១៩ទៅទៀត ដែលបញ្ជាក់ពីភាពមមាញឹកនៃការរកស៊ីរបស់ប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេស  ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ក៏បានលើកឡើងផងដែរ ក្នុងរយៈពេលជាង៣សប្ដាហ៍កន្លងទៅនេះ កម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃកូវីដ១៩នោះទេ ហើយកម្ពុជាក៏បានបើកទូលាយ ដល់អ្នកដំណើរមកពីបរទេស ដោយមិនធ្វើចត្តាឡ័ក និងមិនធ្វើតេស្ត សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច។

លោកបន្តថា “ទាំងនេះគឺជាសញ្ញាល្អសម្រាប់វិស័យដីធ្លី ក្នុងប្រទេសកម្ពុជា ដែលអាចនឹងទទួលបានការវិនិយោគ ការទិញ លក់ឡើងវិញក្រោយពីទទួលរងផលប៉ះពាល់២ឆ្នាំកន្លង”។

ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុកមួយរូបលោកថា នឹងធ្វើយ៉ាងណាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជា ដល់វិនិយោគិនបរទេសចូលមកស្វែងរកការបណ្ដាក់ទុនបន្ថែម ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលមានសក្ដានុពសល និងទូលាយសម្រាប់ការវិនិយោគដីធ្លីផងដែរ៕

ផលិតផលទឹកដោះគោម្សៅ Balactan ជម្រើសដែលអ្នកម្តាយគ្រប់រូបគួរជ្រើសរើសដើម្បីបុត្រធីតារបស់ខ្លួន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការជ្រើសរើសផលិតផលទឹកដោះគោម្សៅ សម្រាប់បុត្រធីតារបស់ខ្លួនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ភាពលូតលាស់សតិបញ្ញាស្មារតីដល់ពួកគេ និងកំណត់នូវកម្រិតឆ្លាតវៃរបស់ពួកគេផងដែរ។


ជាមួយគ្នានេះ ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltd បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផ​លរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលី បានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសម្រេចជ្រើសរើសផលិតផល ទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើស យកផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតា សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

អ្នកជំនាញបង្ហើបពីបណ្តាខេត្តមួយចំនួនបន្តមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់លើការវិនិយោគវិស័យដីធ្លី

ដោយៈសុផារី

ភ្នំពេញៈ សកម្មភាពលើវិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថា មានសកម្មភាពល្អប្រសើរឡើងបណ្តើរៗ ជំរុញដោយការបើកសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវការបន្តសកម្មភាពអភិវឌ្ឍន៍ និងលំហូឬវិនិយោគ។

អ្នកជំនាញបានអះអាងថា ស្របពេលជាមួយគ្នានេះ ខេត្តមួយចំនួននៅតែបន្តមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងអាចផ្តល់នូវផលចំណេញបានច្រើននាពេលអនាគត។

លោកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍បញ្ជាក់កាលពីចុងសប្តាហ៍មុនថា ខេត្តដែលមានការអភិវឌ្ឍ និងគួរសម្លឹងមើលឱកាសវិនិយោគ មានខេត្តមួយចំនួណដែលមានសក្តានុពលនៃតំបន់បួនប្រភេទ រួមមាន តំបន់ពាណិជ្ជកម្ម តំបន់លំនៅឋាន តំបន់រីសត និងតំបន់កសិកម្ម។

បើតាមការបញ្ជាក់ពីលោកស្រី តំបន់ទី១គឺ “តំបន់រីសត” ជាទូទៅមាននៅក្នុងខេត្តកំពត និងខេត្តកែប និងខេត្តថ្មីមួយទៀត ដែលកំពុងតែមានសក្តានុពលថ្មីគឺ ខេត្តមណ្ឌលគិរី ដែលអ្នកវិនិយោគគួរសម្លឹងមើល។

ក្រៅពីនេះ តំបន់ទី២ “តំបន់ពាណិជ្ជកម្ម ឬតំបន់សេដ្ឋកិច្ច” គួរសម្លឹងមើលខេត្តកំពង់ស្ពឺ ដោយសារខេត្តមួយនេះ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅ ហើយខេត្តមួយនេះ មានតម្រូវការការសាងសង់ ជាតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច និងឃ្លាំងច្រើន។

លោកស្រីបន្តថា តំបន់ទី៣ “តំបន់លំនៅឋាន” អ្នកវិនិយោគគួរសម្លឹងមើលខេត្តមួយចំនួន ជាពិសេស ខេត្តកំពត កំពុងពេញនិយមលើប្រភេទផ្ទះលំហែ និងផ្ទះវិស្សមកាល។

ចំណែកតំបន់ទី៤ “តំបន់កសិកម្ម” ដោយសារតែកំណើនសក្តានុពលវិនិយោគពីក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ដែលមានបំណងចង់នាំចេញផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយចន្ទី ម្រេច ជាដើមទៅកាន់ក្រៅប្រទេស។

ជាមួយគ្នានេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ផងដែរថា ខេត្តដែលបន្តមានសក្តានុពលខ្ពស់លើការវិនិយោគដីធ្លី និងអចលនទ្រព្យ រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី នៅបន្តមានកំណើនតម្លៃដីធ្លីខ្ពស់។

លោកឧកញ៉ាថា ខេត្តបីនឹងកំពុងតែងើបខ្លាំងមែនទែន ដោយសារមានអ្នកវិនិយោគជាច្រើនបានស្វែងរកទិញដី ពួកគាត់មានការចូលចិត្តទេសភាព និងអាកាសធាតុនៅក្នុងខេត្តទាំងនោះ ទើបធ្វើឱ្យមានតម្រូវការដីធ្លីបន្ថែម។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលបន្តមានសកម្ម​ភាពទិញលក់ខ្ពស់ មានដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តមណ្ឌលគិរី និងខេត្តជុំវិញក្រុងភ្នំពេញ ដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ជាដើម។

លោកឧកញ៉ាបន្តថា “ខេត្តសំខាន់ៗ ដែលកំពុងលើកមុខមាត់ប្រទេសកម្ពុជា ដូចជា ខេត្តព្រះសីហនុជាច្រើន មានកំណើនតម្លៃដីធ្លីខ្លាំងក្លាណាស់ ហើយប្រសិនបើបងប្អូន បានទៅទស្សនាក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ នោះនឹងប្លែកចិត្តស្ទើរមិនជឿថា នេះគឺជាក្រុងព្រះសីហនុនោះទេ”៕

គំរោងដីលំហែរកាយឆ្នេរសមុទ្រកោងកាងតម្លៃ ១០លានដុល្លារ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីនៅខេត្តកែប

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាគម្រោងវិនិយោគប្រកបដោយភាពច្នៃប្រឌិត និងជាការវិនិ​យោគប្រកបដោយការទទួលខុសត្រូវសង្គម អ្នកវិនិយោគគំរោងដីលំហែរកាយ “ឆ្នេរសមុទ្រកោងកាង”នឹងប្រែក្លាយគំរោងនេះ ទៅជាផលិតផលទេស​ចរណ៍ដ៏ទាក់ទាញមួយ។

“ឆ្នេរសមុទ្រកោងកាង” ជាគំរោងវិនិយោគដីលំហែរកាយ ធំជាងគេ ស្តង់ដាអន្តរជាតិលើកដំបូងក្នុងខេត្តកែប ដែលមានផ្ទៃដីរហូតដល់១៥ហិកតា និងមានចម្ងាយប្រមាណពីរគីឡូម៉ែត្រពីរង្វង់មូលសេះ “ស”។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estateបានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំនឹងឆ្នៃគម្រោង “ឆ្នេសមុទ្រកោងកាង”អោយក្លាយជាតំបន់ទេសចរណ៍ ក្នុងស្រុកក្នុងពេលឆាប់ៗនេះ”។ លោកបន្តថា “ទូកចំនួន 30ទូកនឹងដឹកមកគម្រោង ក្នុងពេលឆាប់ៗនេះ បងប្អូនដែលចង់ជិះទូកកំសាន្តតាមដៃសមុទ្រ អាចអញ្ជើញមកគម្រោងជិះកំសាន្តដោយឥតគិតថ្លៃ”។

លោកបន្តថា ជាមួយនឹងទីតាំងពោរពេញដោយសក្តានុពល យើងបាននិងកំពុងបង្ហាញនូវទិដ្ឋភាព និងមោទនភាពសម្រាប់ខេត្តកែប ចំពោះគំរោងរបស់យើង ព្រោះគំរោងនេះស្ថិតនៅជាមួយនឹងធម្មជាតិ រួមមានទេស​ភាពជួរភ្នំដ៏វែងអន្លាយ ដងព្រែកដែលអាចជិះទូកកំសាន្ត ស្ទូចត្រី និងជិះទូកឬកាណូតទៅកាន់សមុទ្ខបាន ពិសេសយើងមានឆ្នេរដ៏ស្រស់ស្អាត រួមជាមួ​យនឹងព្រៃកោងកាង និងទេសភាពស្រែអំបិលដ៏គួរឲ្យជាប់ចិត្ត។

លោកបន្តថា “អ្នកវិនិយោគគំរោងនេះ ដើម្បីសាងសង់ផ្ទះលំហែរ ដើម្បីទុកលក់យកចំណេញ នឹងទទួលបានឱកាសដ៏កម្រ ពីគំរោង “ឆ្នេរសមុទ្រកោងកាង”៕

អ្នកជំនាញអចលនទ្រព្យជាតិ អន្តរជាតិបង្ហាញពីឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជា

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្រោយពីជួបវិបត្តិដោយសារតែកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងទៅ ពិភពលោកហាក់ទទួលបាននូវពន្លឺខ្លះៗឡើងវិញ ជាពិសេសនោះវិស័យដីធ្លី ក៏ហាក់មានសកម្មភាពកម្រើកឡើងវិញបន្តិចផងដែរ។

ដើម្បីដាស់ឱ្យវិស័យនេះ មានសកម្មភាព កាន់តែកម្រើន អ្នកជំនាញមកពីប្រទេស៣ ជាអ្នកជិតខាងកម្ពុជា បានបង្ហាញពីឱកាសវិនិយោគទៅវិញទៅមក និងបង្ហាញពីភាពល្អរបស់កម្ពុជាជាច្រើនផងដែរ។

នៅក្នុងកម្មសិក្ខាសាលាមួយក្រោមប្រធាន “គ្មានព្រំដែនសម្រាប់អាជីវកម្មអចលនទ្រព្យ” កាលពីចុងសប្ដាហ៍កន្លងទៅ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ថា ក្រោយពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងកម្ពុជាបានធូរស្រាលឡើងវិញ អ្នកជំនាញដីធ្លីដែលជាតំណាងក្រុមហ៊ុនKW មកពី៣ប្រទេសរួមមានកម្ពុជា ថៃ និងវៀតណាម បានបង្ហាញពីការធ្វើជំនួញដីធ្លីនៅក្នុងប្រទេសរៀងៗខ្លួន និងមានការចូលរួមពីវិនិយោគទុនធំមកពីប្រទេសជាច្រើនផងដែរ។

លោកបន្តថា “ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ វិស័យដីធ្លីកម្ពុជាយើងមិនមានភាពរស់រវើក ដូចកាលមុនកូវីដ១៩ទេ តែពេលនេះសកម្មភាព នៃវិស័យដីធ្លីរបស់កម្ពជា យើងហាក់មានភាពប្រសើរឡើងវិញបន្តិចម្ដងៗ”។ លោកបន្តថា “ជាក់ស្ដែងកូវីដ១៩ ក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមប្រសើរឡើងខ្លាំង តួយ៉ាងរយៈពេល៣សប្ដាហ៍ហើយ ដែលកម្ពុជាមិនមានករណី ឆ្លងកូវីដ១៩ថ្មីសូម្បីតែមួយ ហើយវាក៏ដល់ពេល ដែលយើងត្រូវធ្វើឱ្យវិស័យដីធ្លី នៅកម្ពុជាកម្រើកឡើងវិញ។ ដូច្នេះការជួបជុំរវាង KW ទាំង៣ប្រទេសនេះ ក៏ជាសកម្មភាពជួយឱ្យវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាយើងនឹងកក្រើកឡើងវិញមួយកម្រិតផងដែរ។

លោកបណ្ឌិតគីម ហ៊ាងបន្ថែមថា រដ្ឋាភិបាលកម្ពុជា ក៏បានខិតខំប្រឹងប្រែងក្នុងការប្រមូលដើមទុន ចូលមកស្រុកខ្មែរយើងផងដែរ ជាក់ស្ដែងតាមរយៈសកម្មភាពសម្ដេចតេជោហ៊ុនសែន ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់២ នឹងទាក់ទាញវិនិយោគិនបរទេស ចូលមកកម្ពុជាបន្ថែមទៀត ។ ដូច្នេះហើយពួកយើងជាអ្នកវិនិយោគក្នុងស្រុក ក៏បានត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វិនិយោគិនមកពីប្រទេសនានា ដើម្បីសហការក្នុងការបណ្ដា​ក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក Long Ja Hoang តំណាងក្រុមហ៊ុន KW Vietnam បានមានប្រសាសន៍ថា តាមរយៈការសង្កេតរបស់លោក នៅក្នុងប្រទេសកម្ពុជា លោកបានមើលឃើញថា កម្ពុជាជាប្រទេសដែលមានសក្ដានុ​ពលខ្ពស់ក្នុងវិស័យដីធ្លី ហើយកម្ពុជានឹងទទួលបាន ការវិនិយោគពីប្រទេ​សបន្ថែមទៀតក្នុងវិស័យដីធ្លី ។

ចំណែកលោក Vit Kultanvipas តំណាងក្រុមហ៊ុនKW ប្រចាំប្រទេសថៃក៏បានលើកឡើងផងដែរថា ប្រទេសថៃ និងកម្ពុជាអាចចាត់ទុក​ជាប្រទេសបងប្អូន ហើយការវិនិយោគរវាងប្រទេសថៃ នៅកម្ពុជាក៏ឃើញថាមានចំនួនកាន់តែច្រើន ខណៈទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក៏មានកំណើនខ្ពស់ជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា “តាមរយៈស្ថានភាព និងសក្ដានុពលនៅក្នុងប្រទេសកម្ពុជា លោកជឿថាកម្ពុជានឹងទទួលបាន ការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគមកពីបរទេស រួមទាំងប្រទេសបន្ថែមទៀតផងដែរ នៅពេលអនាគតខាងមុខនេះ”៕