តើតម្លៃដីធ្លីនៅសង្កាត់ណាខ្លះនៃខណ្ឌជ្រោយចង្វារ ដែលមានតម្លៃហក់ឡើងខ្ពស់?

ដោយៈ សហការី

ភ្នំពេញៈ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃខណ្ឌជ្រោយចង្វារ រួមមាន ទីក្រុងរណប Garden City ទីក្រុងរណបជ្រោយចង្វារ គម្រោងខុនដូ បុរី និងដីឡូតិ៍ជាដើម បានជំរុញឱ្យតម្លៃដីធ្លី បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ខណ្ឌជ្រោយចង្វារ មានទីតាំងស្ថិតនៅភាគខាងជើង នៃទីក្រុងភ្នំពេញ ដែលមានផ្ទៃដីសរុបជាង៨៥គីឡូម៉ែត្រការ៉េ ហើយចែកចេញជា៥សង្កាត់គឺ សង្កាត់ជ្រោយចង្វារ បាក់ខែង ព្រែកលៀប កោះដាច់ និងព្រែកតាសេក។ ក្នុងនោះ ដីធ្លីក្នុងសង្កាត់ពីរគឺ សង្កាត់បាក់ខែង និងកោះដាច់ មានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ។

លោក ម៉ែន វិជ្ជាកា នាយកសាខាក្រុមហ៊ុន Century 21 Zillion Holding មានប្រសាសន៍ថា តម្លៃដីនៅខណ្ឌជ្រោយចង្វារ បានបន្តកើនឡើង ដោយសារតែមានលំហូរ នៃការអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងតំបន់នេះ ជាពិសេសគម្រោងបុរី និងខុនដូ។

លោកបានបន្តថា ក្នុងខណ្ឌជ្រោយចង្វារមានសង្កាត់ចំនួនពីរ ដែលតម្លៃដីទាបជាងសង្កាត់ចំនួនបីផ្សេងទៀត គឺសង្កាត់បាក់ខែង និងកោះដាច់។ តម្លៃដីនៅបាក់ខែងអាចរកបានពី២០០ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមដងផ្លូវធំៗ និងពី៨០ ទៅ៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅតាមផ្លូវលំតូចៗ ខណៈតម្លៃដីនៅកោះដាច់ មានតម្លៃចាប់ពី៥០ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំងនិមួយៗ។

លោកបានបន្ថែមថា “តម្លៃដីក្នុងសង្កាត់ទាំងពីរនេះ មានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ”។

សង្កាត់ចំនួនបីផ្សេងទៀត ដូចជា សង្កាត់ជ្រោយចង្វារមានតម្លៃដីចាប់ពី៨០០ ទៅ៣៥០០ដុល្លារ ព្រែកលៀប២០០ ទៅ២៥០០ដុល្លារ និងព្រែកតាសេក៨០ ទៅ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងសក្តានុពលរបស់សង្កាត់នីមួយៗ៕

អ្វីជាមូលហេតុជំរុញឱ្យពលរដ្ឋសឹង្ហបុរីកាន់តែច្រើនវិនិយោគលើអចលនទ្រព្យនៅបរទេស?

ដោយៈសុខុម

សឹង្ហបុរី: អចលនទ្រព្យ បានក្លាយជាប្រធានបទ “ដ៏ក្ដៅគគុក” នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏សំខាន់មួយនៅអាស៊ី។ ទោះបីជាអំឡុងពេលវីរុសកូវីដ-១៩ រីករាលដាលយ៉ាងខ្លាំងក្លាយក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏តម្រូវការអចលនទ្រព្យក្នុងប្រទេសនេះ បានធ្លាក់ចុះតិចតួចប៉ុណ្ណោះ។

ទន្ទឹមនេះទិន្នន័យបង្ហាញថា ពលរដ្ឋសិង្ហបុរី កាន់តែច្រើនឡើងបានសម្រុកទិញអចលនទ្រព្យ នៅក្រៅប្រទេសជាជាងទិញនៅក្នុងស្រុក។ ដូចនេះ តើមានមូលហេតុអ្វីដែលជំរុញឱ្យពលរដ្ឋសិង្ហបុរី កាន់តែច្រើនវិនិយោគលើអចលនទ្រព្យនៅបរទេសបែបនេះ?។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានដំឡើងពន្ធប្រថាប់ត្រាសម្រា​ប់ការទិញផ្ទះបន្ថែម (ABSD) កាលពីខែធ្នូ ចុងឆ្នាំ២០២១។

លោកស្រី Joanne Kua នាយកប្រតិបត្តិក្រុមហ៊ុន KSK Group និងជានាយកគ្រប់គ្រងក្រុមហ៊ុន KSK Land Malaysia បានលើកឡើងថា “ការដំឡើងពន្ធប្រថាប់ត្រា ABSD មានគោលបំណងរារាំងទីផ្សារអចលនទ្រព្យសឹង្ហបុរី កុំឱ្យមានសន្ទុះលឿនខ្លាំងពេក និងកាត់បន្ថយការទិញទុកលក់ចំណេញច្រើនហួសហេតុ ដែលអាចបង្កអស្ថិរភាពដល់ប្រព័ន្ធហិរញ្ញវ ត្ថុ។ លោកស្រីបន្តថា “កត្តានេះហើយបានជំរុញឱ្យពលរដ្ឋសិង្ហបុរី មួយចំនួនវិនិយោគអចលនទ្រព្យនៅប្រទេសផ្សេង”។

ពេលនេះមានសំណួរចោទសួរថា តើពលរដ្ឋសិង្ហបុរី ភាគច្រើននៅតែយល់ថាវាជាគំនិតដ៏ល្អ ឬនៅក្នុងការទិញផ្ទះទី២នៅបរទេស? ទិន្នន័យបង្ហាញថា ចម្លើយគឺ “មែនហើយ”។

លោក Nicholas Keong ប្រធានផ្នែកការិយាល័យឯកជននៃក្រុមហ៊ុនអចលនទ្រព្យ Knight Frank នៅសិង្ហបុរីបានលើកឡើងថា ការដំឡើងពន្ធប្រថាប់ត្រា ABSD បានធ្វើឱ្យប៉ះពាល់ ដល់បុគ្គលម្នាក់ៗនៅពេលទិញអចលនទ្រព្យទី២ ឬផ្ទះបន្តបន្ទាប់នៅក្នុងប្រទេសសិង្ហបុរី ដោយពលរដ្ឋសិង្ហបុរី ត្រូវបង់ពន្ធប្រថាប់ត្រា ABSD ១៧%បន្ថែមពីលើអត្រាពន្ធស្តង់ដារលើអចលនទ្រព្យទី២របស់ពួកគេ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា អចលនទ្រព្យគឺជាការវិនិយោគដ៏ល្អឥតខ្ចោះ សម្រាប់ការពារពីហានិភ័យអតិផរណា ប៉ុន្តែអ្នកទិញដែលសម្លឹងរកអចលនទ្រព្យ ប្រភេទលំនៅដ្ឋានជាការវិនិយោគ នឹងពិចារណាលើកត្តាជាច្រើន រួមទាំងថ្លៃចំណាយលើប្រតិបត្តិទិញលក់ផងដែរ។ ដូចនេះជាធម្មតា អ្នកទិញផ្ទះទី២ បាននិងកំពុងពិចារណាជម្រើសទិញ នៅក្រៅប្រទេស។

នៅក្នុងរបាយការណ៍មានឈ្មោះថា The Wealth Report 2022 របស់ក្រុមហ៊ុន Knight Frank ដែលត្រូវបានចេញផ្សាយកាលពីខែខែមីនា បង្ហាញថា ប្រទេសចំនួន៣ ដែលជាគោលដៅពេញនិយមបំផុត សម្រាប់ពលរដ្ឋសិង្ហបុរី ទិញអចលនទ្រព្យនៅបរទេសមានដូចជា ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី៕ CNA៕

តើព៌តមាន មានសារៈសំខាន់ដូចម្តេចក្នុងវិស័យអចលនទ្រព្យ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ព៌តមានដើរតួនាទីសំខាន់ណាស់ នៅក្នុងមុខជំនួញឬការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែយកពេលវេលា តាមដានព៌តមាន និងការវិវត្តនៃសេដ្ឋកិច្ចសង្គម។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ការដឹងពីមូលដ្ឋានព៌តមានជាក់លាក់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយកមកធ្វើជាមូល​ដ្ឋានវិភាគ ពិចារណា មុនសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះអ្នកសារព៌តមាន បានធ្វើការជិតស្និទ្ឋជាមួយមន្រ្តីរដ្ឋាភិបាល ដែលពួកគេអាចច្បិចនិងចាប់យកមូលដ្ឋានព៌តមានយកមកចែកជូន លោកអ្នកបានដឹង។

លោកបន្តថា “ជាឧទាហរណ៍គេហទំព័រ Propertyarea.asia តែងតែនាំមុខគេលើព៌តមានធំៗដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរី គំរោងព្រលានយន្តហោះខេត្តកោះកុង គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រវ៉ាត់ក្រុងទី៤ និងគំរោងអភិវឌ្ឈន៍ជាច្រើនទៀត យើងតែងតែនាំមុខគេ”។ លោកបន្តថា “ដោយសារល្បឿន ព៌តមានអាចទុកចិត្តបា​ន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ទើបយើងទទួលបានទំនុកចិត្តខ្ពស់ពីមិត្តអ្នកអានជាតិ អន្តរជាតិ”។

លោកយិន លាងគង់បានបន្តថា ដោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំ លើវិស័​យសារគមនាគមន៍ (វិស័យសារព៌តមាន) យើងបាននិងកំពុងនាំមកនូវមូលដ្ឋានព៌តមានថ្មីៗ ចំណេះដឹង អត្ថបទវិភាគស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់អ្នកអាន។ ដោយបដិសេធមិនផ្សព្វផ្សាយព៌តមានបំពុល បំប៉ោង បំភ្លៃ ទើបយើងអាចឈរជើងបានក្នុងសមរភូមិព៌តមាននាពេលនេះ។

លោកបន្តថា ការអានព៌តមានជាប្រចាំ ក៏អាចធ្វើឲ្យលោក អ្នកបានដឹងពីព្រឹត្តិការ​ណ៍ជាតិ និងអន្តរជាតិធំៗ ពិសេសមូលដ្ឋានវិភាគលើបញ្ហានយោ​បាយ សេដ្ឋកិច្ច សង្គម​នានានៅជុំវិញពិភពលោកផងដែរ។

លោកយិន លាងគង់បានបន្តថា ហេតុនេះការអានព៌តមានជាប្រចាំ មុនសម្រេចចិត្តវិនិយោគលើដីធ្លី អចលនទ្រព្យដទៃទៀត ឬអភិវឌ្ឍន៍គំរោងអ្វីមួយ គឺជារឿងចាំបាច់ ដែលអ្នកវិនិយោគជាតិ អន្តរជាតិល្បីៗ និងជោគជ័យតែងតែធ្វើជាប្រចាំ ហើយពួកគេបានចាត់់ទុកព៌តមាន ជាអាហារប្រចាំថ្ងៃរបស់ពួកគេផងដែរ៕

ទស្សនទានទីក្រុងបូកគោឈរលើនិរន្តរភាពនៃបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព

ដោយៈជេស៊ីកា

កំពតៈ ទស្សនទាននៃការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ របស់ទីក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញការវិនិយោគកាន់តែ​ច្រើន ពិសេសការវិនិយោគលើរមណីយដ្ឋាន និងផ្ទះលំហែរកាយ។

រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។

យោងតាមអនុក្រឹត្យស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដី គម្រោងអភិ​វឌ្ឍន៍ក្រុងបូកគោ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា ដោយពិនិត្យទៅលើសក្តានុពល ក៍ដូចជាប្រវត្តិសាស្ត្រ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឃើញថា ទីតាំងនេះជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៍មានសក្ដានុពល ដែលមានអាកាសធាតុ ត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរ នៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគ​មរហូតមកដល់បច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព័ន្ឋទាំងនោះមានដូចជា អគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយ អគ្គិសនី ទំនប់ទឹកបារាំង។ល។

ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិជាសេនាធិការ បានផ្តួចផ្តើម សិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្ត្រខេត្តកំពតខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាប្រមាណ២៧ ៩៤៣ ហិកតា ស្មើនឹង១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ១៥៤ ៥៤២ហិកតា អនុលោមតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ និងអនុក្រឹត្យ លេខ ១៧១ អនក្រ.បក ចុះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស ”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។

ប្លង់គោលប្រើប្រាស់ដីនេះត្រូវបានកសាងឡើង ដោយការសិក្សាច្បា​ស់លាស់លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្ត សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជា ច្បាប់ ភូមិបាល ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបេតិ​កភណ្ឌវប្បធម៌ ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ។

អនុក្រឹត្យស្តីពីការកំណត់តំបន់ ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ និងអនុក្រឹត្យស្តីពី នគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជនជាដើម។

ចក្ខុវិស័យនៃប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈ ទូលំទួលាយគ្របដណ្តប់ទាំងទិដ្ឋ​ភាពគតិយុត្ត និងបច្ចេកទេស សម្រាប់ធ្វើការ សម្របសម្រួលរវាងវិស័យនានាដែល ជាកម្លាំងចលករសេដ្ឋកិច្ច សំដៅធ្វើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុ​ ប្បន្ននិងទៅអនាគត ដោយធានាបាននូវការការពារធនធានដី ធនធានក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសអភិរក្សតំបន់ទីក្រុងប្រវត្តិសាស្ត្រ។

ខេត្តកំពតស្ថិតនៅទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរមណីយដ្ឋានឋានសួគ៌ បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិល្អឯកពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្ត កំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងប្រទេសវៀតណាម។

សក្តានុពលធនធានធម្មជាតិជាច្រើន ដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាង ឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនមាន ដូចជាសំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសិដាឱន ទឹកឈូ។

ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់ បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច និងរមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេសចណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល។ សក្តានុពលទេសចរណ៍ទាំងអស់នេះ បានធ្វើឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ស្ទើរគ្រប់វិស័យ ដូចជា វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម រ៉ែ ថាមពល សេដ្ឋកិច្ច ទេស​ចរណ៍ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕

សណ្ឋាគារដ៏ល្បីនៅក្រុងសៀមរាបបានប្រកាសបើកដំណើរការឡើងវិញនៅខែក្រោយនេះ

ដោយៈគង់ សូរិយា

សៀមរាបៈ សណ្ឋាគារដ៏ល្បីនៅក្រុងសៀមរាប Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែមិថុនាខាងមុខនេះ បន្ទាប់ពីត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​បី​ឆ្នាំ។

​ការប្រកាសបើកដំណើរការឡើងវិញនេះ គឺស្របពេលដែលមានទេស​ចរបរទេស បាននិងកំពុងចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន ក្រោមមានការ​បន្ធូរបន្ថយ​ការ​រឹតត្បិតនៃវិធានសុខាភិបាល។

Raffles Grand d’Angkor Hotel ដែលត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីបានផ្អាកដំណើរការរយៈពេលជិត៣ឆ្នាំដោយសារវិបត្តិកូវីដ១៩។

អ្នកគ្រប់គ្រងទូទៅសណ្ឋាគារដ៏ល្បីនេះ លោក Dennis de Groot បាននិយាយថា “វាពិតជាអស្ចារ្យណាស់ ដែលសណ្ឋាគារដ៏ប្រណីតរបស់យើងអាចបើកដំណើរការឡើងវិញ ក្នុងពេលវេលាដ៏សមស្របមួយនេះ” ។

លោកបន្ថែមថា “ឆ្នាំនេះ យើងត្រូវរៀបចំពិធីអបអរសាទរខួបលើកទី ៩០ របស់សណ្ឋាគារ ហើយយើងពិតជារីករាយណាស់ ដែលសណ្ឋាគារនេះ អាចបន្តផ្តល់សេវាបដិសណ្ឋារកិច្ច ដែលមានស្តង់ដារ គុណភាព និង ទទួលបាននូវអារម្មណ៍ជាពិសេសមួយគឺ ភាពជាមិត្ត ជាក្រុមគ្រួសារ ជូនដល់ភ្ញៀវទាំងអស់ដែលមកស្នាក់នៅទីនេះ”៕

គំរោងវារីអគ្គិសនីស្ទឹងតាតៃ តម្លៃជិត ៤០០លានដុល្លារ មិនទាន់បញ្ចប់ការដោះស្រាយផលប៉ះពាល់

ដោយៈ ជេស៊ីកា

កោះកុងៈ គម្រោងវារីអគ្គិសនីតាតៃ ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ដែលវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង ៣៨៩ លានដុល្លារអាមេរិកស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង កំពុងត្រូវបានអាជ្ញាធរខេត្តចុះដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល ដោះស្រាយបញ្ហារវាងប្រជាពល​រដ្ឋ និងក្រុមហ៊ុនវារីអគ្គិសនីកាល ពីថ្ងៃទី២៧ឧសភាកន្លងមក លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា បញ្ហានេះកើតមានឡើង ដោយសារគម្រោងវារីអគ្គិសនីតាតៃ លើអានុភាព ១៥០មេហ្កាវ៉ាត់ និងត្រូវសាងសង់នៅស្រុកថ្មបាំង ខេត្តកោះកុង ហើយទីតាំងសាងសង់នេះ ប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលជាដីមានប័ណ្ណកម្មសិទ្ធិ។

លោកបានបន្តថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សាសម្រសម្រួលនេះ ដំណោះស្រាយមានបីជម្រើស សម្រាប់ភាគីទាំងពីរពិចារណា សម្របសម្រួលដោះស្រាយគឺជម្រើសទី១ ក្រុមហ៊ុនវារីអគ្គិសនីអាចធ្វើផ្លូវទំហំ៨ម៉ែត្រ ចូលទីតាំ​ង​ដោយកាត់តាមព្រំដីរបស់ប្រជាពលរដ្ឋ (ដីក្រុមហ៊ុន លឹម លុង និងដី លោក ស៊ុន សាមឿន)។ ផ្ទៃដីដែលប៉ះពាល់សម្រាប់ធ្វើផ្លូវនេះ ក្រុមហ៊ុនវារីអគ្គិសនី នឹងត្រូវសងសំណងសមរម្យ ទៅម្ចាស់ដីតាមការចរចារ។ ជម្រើសទី២ ក្រុមហ៊ុនវារីអគ្គិសនី អាចជួលដីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដល់ការសាងសង់។

ជម្រើសទី៣ ប្រសិនបើ ជម្រើសទី១ និងទី២ មិនអាចអនុវត្តទៅបាន នោះក្រុមហ៊ុនអាចចរចាជាមួយម្ចាស់ដី ដើម្បីទិញដីដែលប៉ះពាល់នោះក្នុងតម្លៃសមស្របណាមួយ។

គម្រោងវារីអគ្គិសនីស្ទឹងតាតៃ ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation បានចាប់ផ្តើមសាងសង់ជាផ្លូវការ នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១កន្លងទៅនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៦ខាងមុខ។

គម្រោងនេះ ក្រុមហ៊ុនបានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយ ដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។គម្រោងនេះ ផ្ដល់សម្បទានរយៈពេល៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសា​ង​សង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។

បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំ លក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕

ក្រសួងទេសចរណ៍បង្ហាញរូបថតបួនសន្លឹកជាមួយនឹង “ការត្រឡប់មកសារជាថ្មី ជាមួយដែនដីដ៏មនោរម្យ » អង្គរវត្ត

ដោយៈ ជេស៊ីកា

សៀមរាបៈ ក្រសួងទេសចរណ៍បានបង្ហាញនូវរូបថតបួនសន្លឹក ដែលបង្ហាញពីទស្សនីយភាព និងភាពមហស្ចារ្យនៃអង្គ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

រូបថតនេះ ត្រូវបានថតដោយ៖ Phalla Aloo
#ព្រះរាជាណាចក្រកម្ពុជា
#ទស្សនាកម្ពុជា
#ទេសចរណ៍អង្គរ
#ប្រាសាទអង្គរវត្ត
#សៀមរាប

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។

ប្រាសាទនេះ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះ សាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី[[យសោធរបុរៈ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។

ប្រាសាទនេះជាប្រាសាទ ដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ។ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង 30ម៉ឺននាក់ និងដំរីជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណ 10លានតោន។

នៅក្នុងប្រាសាទមានចម្លាក់អប្សរាយ៉ាងស្អាត ចំណែកឯទីធ្លាខាងក្រៅមានដើមត្នោត រួមទាំងទេសភាពដ៏ស្រស់បំព្រង ហើយនៅជុំវិញប្រាសាទប្រាសាទអង្គរវត្ត ត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិ្សណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា១៦គីឡូម៉ែត្រ
ចំណែកកសិ្សណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិច ទៅដល់ប្រាសាទកណ្តាល មានប្រវែង២៥០ម៉ែត្រ។ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។

នៅចំកណ្ដាលនៃប្រាសាទ បញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសា​ទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រា​វជ្រាវរបស់អ្នកសិក្សាបានវែកញែកថា ជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះ ត្រូវបានគេកោតសរសើរ ដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ៕

អង់គ្លេសបញ្ចេញជំនួយ ១៩ពាន់លានដុល្លារ និងដំឡើងពន្ធថាមពល ២៥ភាគរយ

ដោយជេស៊ីកា

អង់គ្លេសៈ ប្រទេសអង់គ្លេស បានប្រកាសដំឡើងពន្ធ២៥% លើប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នហ្គាសរួមជាមួយនឹងកញ្ចប់ជំនួយ១៨,៩ពាន់លានដុល្លារ ដើម្បីជួយដល់គ្រួសារពលរដ្ឋ ដែលជួបការលំបាក ក្នុងការទូទាត់វិក្កយបត្រថាមពលដែលហក់ឡើងខ្ពស់។

ចំណាត់ការនេះ នឹងផ្ដល់ផលប្រយោជន៍ដល់គ្រួសារ ដែលមានប្រាក់ចំណូលទាបបំផុតនៅប្រទេសអង់គ្លេស ដោយគ្រួសារនីមួយៗនឹងទទួលបានការបញ្ចុះតម្លៃ៥០០ដុល្លារ លើវិក្កយបត្រថាមពលរបស់ពួកគេអមជាមួយនឹងជំនួយបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា។

នេះគឺជាអន្តរាគមន៍លើកទី២ ហើយផ្នែកគោលនយោបាយគ្រាអាសន្នដើម្បីជួយដល់គ្រួសារពលរដ្ឋ មានប្រាក់ចំណូលទាប ដែលជួបការលំបាកក្នុងការទូទាត់វិក្កយបត្រថាមពល ដែលហក់ឡើងកាន់តែខ្ពស់នៅក្នុងឆ្នាំ២០២២ នេះ។

លោក Rishi Sunak រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស បានលើកឡើងអំពីការដំឡើងពន្ធនេះថា ក្រុមហ៊ុនថាមពលនានា ទទួលបានប្រាក់ចំណេញច្រើនកប់ក្ដោង ខណៈពលរដ្ឋអង់គ្លេស កំពុងតែត្រដាបត្រដួសខ្លាំង ដូចនេះវាដល់ពេលដែលក្រុមហ៊ុនទាំងនោះ ត្រូវរួមចំណែកជួយដល់សង្គមវិញហើយ។

រដ្ឋាភិបាលអឺរ៉ុប ផ្សេងៗទៀតក៏បានបញ្ចេញកញ្ចប់ថវិកា រាប់សិបពាន់លានដុល្លារផងដែរ ក្នុងវិធានការណ៍នានា ដើម្បីជួយសម្រាលវិបត្តិថាមពលហក់ឡើងថ្លៃខ្ពស់៕ Aljazeera៕

ប្រទេសថៃ និងវៀតណាម គ្រោងសហការគ្នាដំឡើងថ្លៃអង្ករដើម្បីក្ដោបក្ដាប់ទីផ្សារជួញដូរអង្ករពិភពលោក

ដោយៈសុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាបានលើកឡើងថា ប្រទេសថៃ និងប្រទេសវៀតណាម គួរតែរួមគ្នាដំឡើងថ្លៃអង្ករ ដើម្បីបង្កើនអំណាចនៃការចរចារបស់ខ្លួន នៅលើទីផ្សារពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែឧសភា នេះ។

ចំណាត់ការនេះ ត្រូវបានអ្នកជំនាញមើលថា វាជាការគំរាមកំហែងដល់សន្តិសុខស្បៀង ដែលអាចធ្វើឱ្យស្បៀងអាហារ ហក់ឡើងថ្លៃកាន់តែខ្ពស់ទូទាំងពិភពលោក។

អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ចំណាត់ការបែបនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករ បង្កបង្កើនផលដំណាំស្រូវរាប់លាននាក់ នៅក្នុងប្រទេសទាំងពីរ ដែលបានជួបការលំបាកដោយសារថ្លៃដើមកើនឡើង ខណៈតម្លៃស្រូវអង្ករនៅតែធ្លាក់ចុះ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានជួបជាមួយក្រុមមន្ត្រីថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការនេះ។
គម្រោងដំឡើងថ្លៃអង្ករ ពីសំណាក់ប្រទេសនាំចេញអង្ករធំៗទាំងពីរនេះកើតមានឡើង ស្របពេលមានការកើនឡើង នូវការគាំពារនិយមផ្នែកស្បៀងអាហារ និងអតិផរណាហក់ឡើងខ្ពស់។

ពិភពលោកមានការព្រួយបារម្ភថា ប្រទេសឥណ្ឌា អាចនឹងរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាលើស្រូវសាលី និងស្ករស ខណៈទីផ្សារស្បៀងអាហារពិភពលោកបានជួបវិបត្តិហក់ឡើងថ្លៃរួចទៅហើយ ដោយសារសង្គ្រាមរុស្ស៊ី ចូលឈ្លាន​ពានប្រទេសអ៊ុយក្រែន៕ Bangkok Post៕

អ្នកអភិវឌ្ឍន៍ដីធ្លី និងផ្ទះ បង្ហាញទស្សនចំពោះស្ថានភាពវិនិយោគនៅតំបន់ផ្លូវ៥១

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់តាមបណ្ដោយផ្លូវ៥១ ចាត់ទុកជាតំបន់ក្រវ៉ាត់ក្រុងថ្មីមួយ និងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដូចជាលំនៅឋាននិងដីឡូត៏ជាដើម។

កាលពីប៉ុន្មានឆ្នាំមុននេះ និងមុនវិបត្តិកូវីដ១៩ តំបន់នេះ ទទួលបានការគាំទ្រពីពលរដ្ឋក្នុងការទិញ និងវិនិយោគដីធ្លី ក៏ដូចជា លំនៅឋានច្រើន តែមកដល់បច្ចុប្បន្ននេះ មានអ្នកអភិវឌ្ឍន៍មួយចំនួនថា ល្អមួយចំនួនទៀតថាទីផ្សារចង្អៀត។

លោកអ៊ឹង ប៊ុនហួត ប្រធានទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ PIXIU នៅក្នុងតំបន់ផ្លូវ៥១ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៧ ឧសភាថា សកម្មភាពនៃទិញ លក់អចលនទ្រព្យ ដូចជា ដីធ្លី និងផ្ទះ នៅក្នុងតំបន់នេះមានការថមថយបន្តិច ដោយសារតែប្រជាពលរដ្ឋមួយចំនួន ដែលរកចំណូលបានហើយ តែមិនទាន់បញ្ចេញលុយសម្រាប់វិនិយោគ ក៏ដូចជាទិញអចលនទ្រព្យនៅតំបន់នោះ ក្រោយពីវិបត្តិកូវីដ១៩ ។

លោកបន្តថា “ម្ចាស់គម្រោងដែលមានស្រាប់ នៅក្នុងតំបន់នេះនៅតែបន្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួដដែល ទោះបីជាមិនសូវមានអតិថិជនទិញច្រើនក្ដី”។ លោកបន្តថា “ជាក់ស្ដែងមិនថា គម្រោងរបស់លោកឬគម្រោងអ្នកផ្សេងទេ ពោលនៅតែបន្តសកម្មភាពដដែល តែរាងស្ងាត់បន្តិចហើយ”។

សម្រាប់ដីធំៗ ឃើញថានៅតែមានការចាប់អារម្មណ៍ និងមានការទិញលក់ជាហូរហែរដដែល ពីព្រោះអ្នកទិញអាចទិញ សម្រាប់ទុកពេលអនាគទើបអភិវឌ្ឍន៍ ។

ចំណែកលោកផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន KH Land និងមានគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ ក៏បានឱ្យដឹងថា ការអភិវឌ្ឍនៅតំប​ន់៥១ បានរីករាលដាលកាន់តែខ្លាំងជាបន្តបន្ទាប់ ហើយអ្នកអភិវឌ្ឍន៍មិនថាតែក្រុមហ៊ុនរបស់លោក ឬក្រុមហ៊ុនផ្សេងទៀត បាននិងកំពុងពង្រីកខ្លួនជាបន្តបន្ទាប់កាន់តែធំឡើង ទោះបីជាពេលនេះ ស្ថានភាពទីផ្សារហាក់ថមថយបន្តិចក្ដី ។

លោកបន្តថា “ការពង្រីកជាបន្តបន្ទាប់នេះ ដោយរំពឹងថានឹងទទួលបានកំណើនឡើងវិញ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ស្របពេលតម្រូវការលំនៅឋាននិងដីធ្លីកាន់តែកើនឡើង ហើយការអភិវឌ្ឍទីក្រុងក៏កាន់តែរីកទៅកាន់តំបន់ជាយៗផងដែរ”។

អ្នកជំនាញអចលនវត្ថុកម្ពុជាមួយរូបលោកវ៉ា វីរៈ បានមើលឃើញថា អនាគតការអភិវឌ្ឍ និងរីកទៅកាន់ទិសខាងលិច ដូច្នេះតំបន់នៅខាងកំពង់ស្ពឺផ្នែកខ្លះ នៃកណ្ដាល និងមានតម្រូវការខ្ពស់ទៅលើដីធ្លី សម្រាប់អភិវឌ្ឍន៍ជាទីតាំងឧស្សាហកម្ម លំនៅឋាន ។

លោកបន្តថា “នៅពេលខាងមុខឆាប់ៗនេះដែរ អ្នកវិនិយោគបរទេសនឹងចូលមកកម្ពុជាឡើងវិញ ពីព្រោះថាកម្ពុជាជាប្រទេស ដែលមានភាពទាក់ទាញ និងតម្លៃដីធ្លីនៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង”។លោក​បន្តថា “ដូច្នេះហើយវិនិយោគិនបរទេស នឹងមកបណ្ដាក់ទុនបន្ថែមទៀត ដែលធ្វើឱ្យរំហូរទុនផ្ទាល់ពីបរទេស នឹងមានកំណើនកាន់តែច្រើននាពេលអនា​គត”៕