តើសង្កាត់ណាក្នុងក្រុងព្រះសីហនុមានអគារខ្ពស់ច្រើនជាងគេ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខណៈរយៈពេល៥ឆ្នាំកន្លងមក ក្រុងព្រះសីហនុបានផ្លាស់បប្តូរមុខមាត់ទាំងស្រុង ដោយសារលំហូរទុនវិនិយោគពីបរទេស ពិសេសពីប្រទេសចិន ទីក្រុងនេះបានក្លាយជាក្រុងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានអាគារខ្ពស់កប់់ពពកច្រើនជាងគេ។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់ជូនដោយលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញឲ្យដឹងថា ក្នុងចំណោមសង្កាត់ចំនួន៤ នៅក្រុងព្រះសីហនុ សង្កាត់លេខ៤ មានអាគារខ្ពស់ៗកប់ពពកច្រើនជាងគេ ដោយមានអាគាររហូតដល់ចំនួន៥០៦អាគារ។

ចំណែកសង្កាត់ជាប់ចំណាត់ងថ្នាក់លេខ២ គឺសង្កាត់លេខ១ ដែលមាន៣១១អាគារ សង្កាត់ជាប់ចំណាត់ថ្នាក់លេខ គឺសង្កាត់លេខ២ មាន៨៤អាគារ និងសង្កាត់លេខ២ មានចំនួន៧៤អាគារ។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមសំណង់អាគារ ដែលបាននិងកំពុងផ្អាក និងដំណើរការសាងសង់មាន ដូចជា អាគារបានផ្អាកការ​សាងសង់ចំនួន៣៦៨អាគារ អាគារកំពុងដំណើរការសាងសង់មានចំនួន ៧៨អាគារ មិនដំណើរការអាជីវកម្ម មានចំនួន២៥១អាគារ និងអាគារ​ដែលកំពុងដំណើរការអាជីវកម្មមានចំនួន២៧៨អាគារផងដែរ៕

មហាយក្សចិន និងឥណ្ឌាបន្តបង្កើនការទិញប្រេងកាន់តែច្រើន ខណៈប្រេងរុស្ស៊ីស្ថិតក្រោមការហ៊ុមព័ទ្ធជុំទិស

ដោយៈសុខុម

អន្តរជាតិ: ពេលនេះប្រេងរុស្ស៊ី ក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក កំពុងត្រូវបានដឹកជញ្ជូនតាមកប៉ាល់ មកកាន់ប្រទេសឥណ្ឌា និងប្រទេសចិន ស្របពេលប្រទេសផ្សេងៗទៀត រឹតបន្តឹងការនាំចូលដោយសារសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា។

យោងតាមក្រុមហ៊ុនវិភាគ ទិន្នន័យអន្តរជាតិឈានមុខគេ Kpler ឱ្យដឹងថា ប្រេងរុស្ស៊ី ដែលត្រូវបានដឹកជញ្ជូនតាមកប៉ាល់ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនេះ មានបរិមាណច្រើនរហូត ដល់ទៅចន្លោះពី ៧៤ទៅ ៧៩លានបារ៉ែល ពោលគឺច្រើនជាងទ្វេដង បើធៀបទៅនឹងបរិមាណមុនពេលផ្ទុះសង្គ្រាមឈ្លានពានអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

ក្រុមហ៊ុនវិភាគទិន្នន័យ Kpler បានឱ្យដឹងបន្ថែមទៀតថា តំបន់អាស៊ី បានវ៉ាដាច់តំបន់អឺរ៉ុប ក្លាយជាអ្នកទិញប្រេងធំបំផុត ជាលើកដំបូងមិនធ្លាប់មានកាលពីខែមេសា កន្លងទៅ ហើយតាមការរំពឹងទុកថា គម្លាតនេះនឹងរីកកាន់តែធំនៅខែឧសភា នេះ។

ការកើនឡើងយ៉ាងគំហុកនូវបរិមាណប្រេងរុស្ស៊ី ដែលដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ពាណិជ្ជកម្មថាមពលពិភពលោកបានធ្លាក់ចូល ក្នុងស្ថានភាពចលាចល ដោយសារសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងប្រទេសជាច្រើននៅសហភាពអឺរ៉ុប ឈប់ទិញទំនិញរបស់រុស្ស៊ី ជាហេតុបង្ខំឱ្យរដ្ឋាភិបាលក្រុងមូស្គូ ស្វែងរកអ្នកទិញនៅតំបន់អាស៊ី។

ដោយឃើញឱកាសចំណេញកប់ក្ដោង ខណៈរុស្ស៊ីលក់ប្រេងបញ្ចុះតម្លៃច្រើន ដោយសារសហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តឈប់ទិញប្រេងរបស់ខ្លួន ជាការដាក់ទណ្ឌកម្ម ចំពោះការបញ្ឆេះសង្គ្រាមរបស់ខ្លួនចូលឈ្លានពានអ៊ុយក្រែន ប្រទេសចិន និងប្រទេសឥណ្ឌា បានសម្ងំសម្រុកទិញប្រេងរុស្ស៊ីជាច្រើនលានបារ៉ែល៕ South China Morning Post៕

ផ្សារទំនើប Big C របស់ថៃ បោះទុនទិញយក Kiwi Mart ចំនួន១៨សាខាក្នុងក្រុងភ្នំពេញ និងខេត្តកំពត

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុន Big C Supercenter Plc ដែលជាប្រតិបត្តិករលក់រាយឈានមុខគេក្នុងប្រទេសថៃ បានទិញយក Kiwi Mart ដែលជាហាងទំនិញងាយស្រួលមួយក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន ដើម្បីពង្រឹងអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

បើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកបុស្តិ៍ ចេញផ្សាយនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ បានឱ្យដឹងថា ការទិញយកមានប្រសិទ្ធភាពគិតត្រឹមថ្ងៃទី១៧ ខែឧសភា ប៉ុន្តែតម្លៃនៃកិច្ចព្រមព្រៀងនេះ​ មិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។

យោងតាមលោក Gary Hardy ទីប្រឹក្សារបស់ Big C Supercenter ក្រុមហ៊ុន Big C Supercenter (Cambodia) បានឈានដល់កិច្ចព្រមព្រៀងទិញយក Kiwi Mart នៅកម្ពុជា កាលពីសប្តាហ៍មុន។ លោកថា “ការទិញយក Kiwi Mart គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ទាំង Big C និងក្រុមហ៊ុនមេរបស់ខ្លួនគឺ Berli Jucker Plc ដើម្បីពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ”។

កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Big C កាន់កាប់ហាង Kiwi Mart ចំនួន១៨សាខានៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ១៧សាខានៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងសាខាផ្សេងទៀតមានទីតាំងនៅខេត្តកំពត។

ផ្សារទំនើប Big C មានវត្តមានក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយមានផ្សារទំនើប Big C ដំបូងគេបើកនៅក្រុងប៉ោយប៉ែត ដែលមានទំហំសរុប៨.០០០ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ Big C ដំណើរការពីរសាខាក្នុងប្រទេសកម្ពុជា គឺសាខាមួយរបស់ Big C Mini និងសាខាមួយរបស់ Big C hypermarket។

Kiwi Mart ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាហាងងាយស្រួល២៤ម៉ោង ដោយលក់ផលិតផលជាច្រើនប្រភេទ រួមមាន ម៉ាកយីហោបារាំង ថៃ និងក្នុងស្រុក ដោយផ្តោតលើអតិថិជនក្នុងស្រុក និងបរទេស។

លោកបានមានប្រសាសន៍ថា “Big C យល់ថានេះ​ជាឱកាសមួយ ក្នុងការពង្រីកអាជីវកម្មរបស់យើង ដើម្បីគ្របដណ្តប់លើគ្រប់វិស័យ នៃប្រទេសកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ និងក្រៅបណ្តាញ ដែលធ្វើឲ្យផលិតផលរបស់យើង មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងខិតទៅជិតអ្នកប្រើប្រាស់កម្ពុជា”។

លោក Aswin Techachareonvikul នាយកប្រតិបត្តិនៃ Big C Supercenter មានប្រសាសន៍ថា Big C គ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកប្រើប្រាស់របស់ប្រទេស ដែលអំណាចទិញនៅតែបន្តកើនឡើង។ លោកបន្តថា ក្រុមហ៊ុនរំពឹងថា ការពង្រីកអាជីវកម្មរបស់ខ្លួន នឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាជនក្នុងស្រុក រហូតដល់១.២០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

នៅក្នុងខែមីនា ក្រុមហ៊ុនមេរបស់ Big C គឺ Berli Jucker បានបង្ហាញផែនការចំណាយ ចំនួន ៦០ទៅ ៧០ពាន់លានបាត (ប្រហែល១,៨ពាន់លានដុល្លារអាមេរិក ទៅ២ពាន់លានដុល្លារអាមេរិក) ក្រោមផែនការអាជីវកម្មរយៈពេល៥ឆ្នាំ ដែលដំណើរការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដើម្បីបង្កើនទំហំអាជីវកម្ម លក់រាយទំនើបរបស់ខ្លួនទ្វេដង នៅទូទាំងអាស៊ីអាគ្នេយ៍ ជាមួយនឹងការរំពឹងទុកនៃការលក់ទ្វេដង ដល់២៧០ពាន់លានបាត (ប្រ​ហែល៨ពាន់លានដុល្លារអាមេរិក)។

ទឹកប្រាក់ប្រមាណពី១២​ ទៅ១៤ពាន់លានបាត នឹងត្រូវកំណត់ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ខណៈដែលខ្លួនមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍវេទិកាពាណិជ្ជកម្មអាស៊ាន វេទិកាទិន្ន​ន័យអតិថិជន វេទិកាគ្រប់គ្រងអ្នកផ្គត់ផ្គង់ និងវេទិកាអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម ដើម្បីទ្រទ្រង់ការលក់ និងប្រាក់ចំណេញ។

ក្នុងចំណោមថវិកាសរុប៧០% នៃថវិកានឹងគាំទ្រដល់អាជីវកម្មលក់រាយ ខណៈដែល៣០% ត្រូវបានគ្រោងទុកសម្រាប់ការវេចខ្ចប់ ផលិតផលប្រើប្រាស់ និងអាជីវកម្មថែទាំសុខភាព។

ក្រុមហ៊ុននឹងបើកហាងលក់រាយទំនើប ចំនួន២.០៩១ នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនេះ ដោយបង្កើនចំនួនហាងលក់រាយទំនើបរបស់ខ្លួន ដល់៣.៧៣៩ហាង ពី១.៦៤៨នាពេលបច្ចុប្បន្ន៕

អ្នកជំនាញរំពឹងថា លំហូរ FDI នឹងងើបឡើងវិញនៅចុងឆ្នាំនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ និងពាណិជ្ជកម្មបានរំពឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមានសញ្ញាល្អប្រសើរឡើង នៅចុងឆ្នាំនេះ ស្របពេលស្ថានភាពជំងឺកូវីដបានធូរស្រាល។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ ឧសភាថា សកម្មភាពវិនិយោគពីបរទេស នៅត្រីមាសទី១ និងទី២នេះ យើងមិនសូវឃើញមានចូលមកច្រើននៅឡើយទេ ពួកគាត់មកភាគច្រើន មិនធ្វើសកម្មភាពច្រើននោះទេ។

លោកបន្តថា “ដោយសារប្រទេសចិន មានបញ្ហាប្រឈមនឹងវិបត្តិកូវីដ ហេតុនេះយើងរំពឹងថាចុងឆ្នាំនេះ គាត់នឹងចាប់ផ្តើមវិលត្រលប់មកវិញ”។​លោកបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្ននេះ អ្នកវិនិយោគចិនបានចាប់ផ្តើមបញ្ជូនបេសកជនគាត់មកបណ្តើរៗហើយ ហេតុនេះចុងឆ្នាំនេះយើងមានក្តីសង្ឃឹមច្រើន”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទាក់ទងនឹងលំហូរ FDI អ្វី​ហាក់មានសភាពស្ងប់ស្ងាត់នៅឡើយ ដែលវិនិយោគិនមិនទាន់ចូលមកនៅឡើយ ពិសេសកម្ពុជាពឹងផ្អែកច្រើន លើបណ្តាប្រទេសក្នុងតំបន់អាស៊ី ពិសេ​សប្រទេសចិន ដែលអាចនឹងបន្តបិទរហូតដល់ចុងឆ្នាំនេះ។

អ្នកស្រីបន្ថែមថា “ហេតុនេះអ្វីៗអាចនឹងរង់ចាំ រហូតដល់ដើមឆ្នាំ២០២៣ ទើបពួកគាត់ចូលមកសន្សឹមៗ”។
ទោះជាយ៉ាងណា អ្នកជំនាញជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម បានសម្តែងសុទិដ្ឋិនិយមជាងនេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP) ជាកំលាំងចលករយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីផលិតទំនិញធ្វើការនាំចេញ ដោយរួចពន្ឋទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ដទៃទៀត។

លោកបន្តថា “មែនទែនទៅ អ្នកវិនិយោគចិនបានត្រលប់មកវិញហើយ ពួកគាត់មកបណ្តើរៗ ដើម្បីយកកម្ពុជាធ្វើជាទីតាំងផលិត ដើម្បីនាំចេ ញទំនិញដោយរួចពន្ឋទៅកាន់ប្រទេសចិន”៕

គំរោងតម្លៃ ១០០០លានដុល្លារ Crystal Ream Beach បានផ្អាកដំណើរការទាំងស្រុង

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ គំរោង Crystal Ream Beach ដ៏ធំ ស្ថិតនៅតំបន់ឆ្នេររាមបានផ្អាកដំណើរការហើយ រហូតមកទល់ពេលនេះ ដោយមិនមានមូលហេតុច្បាស់លាស់ឡើយ។

បុគ្គលិកមួយរូបនៃក្រុមហ៊ុនក្នុងស្រុក ដែលបានសហការវិនិយោគគំរោងនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការទម្លាក់ទុនយឺតយ៉ាវ បញ្ហាឯកសារមួយចំនួន ពិសេសវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ ជាមូលហេតុចំបងបណ្តាលឲ្យគំរោងនេះផ្អាកដំណើរការ។

គំរោងដ៏ធំនេះ មានទស្សនទានអភិវឌ្ឍន៍ ជារមណីយដ្ឋានលំដាប់ផ្កាយ៥ ដែលរួមមានលំនៅដ្ឋាន អាគារសហកម្មសិទ្ឋ(ខុនដូ)ភោជនីយដ្ឋាន​អាហារដ្ឋាន មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោក និងអាងហែលទឹកដ៏ធំកម្រិតអន្តរជាតិ។

នាយិកា​គ្រប់គ្រង​ផ្នែក​លក់​គម្រោង អ្នកនាង លីម សុខា​ដាវី​នធ្លាប់បាន​ប្រាប់​ឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​វីឡា​ប្រណីត បែប​លំហែរ​កាយ​ស្ថិតនៅ​ឆ្នេរសមុទ្រ​រាម ក្នុង​ជំហាន​ដំបូង ដែលជា​ផ្នែក​មួយ ក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ប្រចាំ​តំបន់​រាម Crystal Ville Ream Beach ក្នុងភូមិ​អុង ឃុំ​រាម ក្រុងព្រះសីហនុ ត្រូវបាន​ហ៊ុមព័ទ្ធ​ទៅដោយ​ធនធានធម្មជាតិ ពីមុខ​មាន​ឆ្នេរ និង​សមុទ្រ ខាងក្រោយ​មានព្រៃ​ព្រំ​ដ៏​ស្រស់ស្អាត។

គំរោងដ៏ធំនេះ គ្រោងសាងសង់ឡើង លើ​ផ្ទៃដី​ទំហំ​សរុប​ប្រមាណ៤៣ហិកតា៕

ADB ផ្តល់ហិរញ្ញប្បទានជិត ១០០០លានដុល្លារបន្ថែមសម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ

ដោយៈ សុផារី

ភ្នំពេញៈ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ពី ADB ចំនួនប្រមាណ ៩៦៥លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍ លើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនា​យ​ករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន លោក Tony McDonald នាយកប្រតិបត្តិ ប្រចាំប្រទេសកម្ពុជា លោក Takahiro Yasui នាយកប្រតិបត្តិ ប្រចាំប្រទេសជប៉ុន និង និងលោក Sergio Lugaresi។

លោក វង្សី វិស្សុត បានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់នូវសុភវិនិច្ឆ័យចំពោះកម្ពុជា និងបានថ្លែងអំណរគុណដល់ ADB ចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ (Country Partnership Strategy – CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាង ស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025)។

ក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពី ADB ចំនួនប្រមាណជាង៩៦៥លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវ​ឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែក យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាក លើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីពិនិត្យនិងស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ជារួម ជាពិសេសក្នុងបរិការណ៍ថ្មី នៃភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩ ការថមថយនៃសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ដែលហិរញ្ញប្បទានដោយADB ក្នុងប្រទេសកម្ពុជា៕

អគ្គនាយកដ្ឋានពន្ឋដានឹងចាប់ផ្តើមប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូនចាប់ពីថ្ងៃទី១ មិថុនា

ដោយៈ សហការី

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ លើ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែ​លទទួលបាននៅថ្ងៃទី២៧ ឧសភានេះបានឲ្យដឹងថា ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ឬនៅធនាគារស្ថាបនា ភីអិលស៊ីឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី«GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុ​លបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបតបង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ទៀតថា ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២នេះទេ។ ម្ចាស់យានយន្តទាំងនេះ អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកា​តព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធ ក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្តគ្រប់ប្រភេទ នឹងរួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់ខាងលើកុំបីខាន ៕

 

និន្នាការដីធ្លីថ្មីចំនួនពីរកំពុងជម្រុញកំណើនតម្រូវការដីធ្លីក្នុងខេត្តកំពត

ដោយៈសុផារី

កំពតៈ កំពតជាខេត្តមានសក្តានុពលខ្ពស់ លើសកម្មភាពអចលនទ្រព្យបម្រើឱ្យវិស័យទេសចរណ៍។ នាពេលថ្មីៗនេះ ក្រៅពីសកម្មភាពអចលនទ្រព្យទេសចរណ៍ គេសង្គេតឃើញមាននិន្នាការថ្មីចំនួនពីរ ដែលបាននិងកំពុងកើតឡើង នៅក្នុងវិស័យអចលនទ្រព្យ ខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ។

អ្នកជំនាញបានបញ្ជាក់ថា មានការកើនឡើងគួរឱ្យកត់សម្គាល់ លើការស្វែងរកដីធ្លីនៅក្នុងការអភិវឌ្ឍ និងសម្រាប់ការបង្កបង្កើនផលក្នុងវិស័យកសិកម្មផងដែរ។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ថា ស្របពេលសកម្មភាពអភិវឌ្ឍន៍ នៅបន្តមានភាពល្អប្រសើរជាហូរហែរ លោកសង្គេតឃើញមានការស្វះស្វែងរកទិញដី សម្រាប់កសិកម្មក៏មានកំណើនគួរឱ្យកត់សម្គាល់។

លោកឧកញ៉ាបានបន្តថា “អ្នកវិនិយោគដីធ្លីមួយចំនួន ក៏បានរកទិញដីនៅក្នុងតំបន់ភ្នំ ដោយសារតែដីនៅក្នុងខេត្តមួយនេះ មានជីវជាតិល្អ សម្រាប់ការដាំដំណាំបានល្អ ជាពិសេសប្រភេទធុរេន ជាដើម”។លោកបន្ថែមថា “កាលពីដើមឡើយ នៅមិនសូវមានអ្នកចាប់អារម្មណ៍ ណាស់ណានោះទេ ប៉ុន្តែឥលូវមានអ្នកស្វែងរកច្រើន ធ្វើឱ្យមានកំណើនទិញដីស្រែ ដីចម្ការដែលនៅសេសសល់ជាច្រើន”។

ចំពោះតម្លៃដីកសិកម្ម ដែលមានទីតាំងដែលនៅឆ្ងាយៗ បច្ចុប្បន្ននេះ មានតម្លៃមិនក្រោម១ដុល្លារ ដល់២០ដុល្លារអាមេរិក ក្នុងមួយមែត្រការ៉េទេ ដោយអ្នកទិញមានក្តីរំពឹង និងគោលបំណងប្រែក្លាយដៅកសិកម្មទាំងនោះជាដីឡូតិ៍ពុះលក់ និងជាប្រភេទចម្ការលំហែរនាពេលអនាគត។

ជាមួយគ្នានេះ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពត ដីកសិកម្មក៏មានសក្តានុពលមួយផងដែរ សម្រាប់ដំណាំប្រភេទធុរេនជាដើម ហើយក៏មានការដាំដុះច្រើនផងដែរ បើទោះបីមិនទាន់មានការអភិវឌ្ឍចម្ការធំៗ សម្រាប់ទ្រង់ទ្រាយនាំចេញក្តី។

លោកថា “កន្លងមកមានក្រុមហ៊ុនចិនមួយចំនួន បានមកទិញដីរាប់សិបហិចតា ដើម្បីដាំដំណាំធុរេន ហើយក៏នៅបន្តមានការទិញដីរាប់រយហិចតាសម្រាប់ដំណាំចេកជាហូរហែរដែរ”។

ក្រៅពីប្រភេទដីទេសចរណ៍ និងកសិកម្ម និងការអភិវឌ្ឍជាហូរហែរនៅលើទឹកដីខេត្តកំពត លោកសង្គេតឃើញមានកំណើន នៃការស្វែងរកដីប្រភេទឧស្សាហកម្មយ៉ាងសកម្ម  ដោយសារតែកំពង់ផែ នៅក្នុងខេត្តកំពតបានចាប់ផ្តើមការសាងសង់ ដែលនាំឱ្យមាននិន្នាការអភិវឌ្ឍឃ្លាំង ដីកសិកម្ម ឃ្លាំងស្ងួត ។ល៕

ពូទីន ចំអកឱ្យលោកខាងលិច: “អរគុណព្រះជាម្ចាស់” ដែលក្រុមហ៊ុនបរទេសមួយចំនួនចាកចេញពីរុស្ស៊ី

ដោយៈសុខុម

អន្តរជាតិ: ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភាកន្លងមកថា លោកសប្បាយចិត្តដែលក្រុមហ៊ុនបរទេសមួយចំនួន បានចាកចេញពីប្រទេសរុស្ស៊ី ពីព្រោះវាជាការទុកឱកាសឱ្យអាជីវកម្មក្នុងស្រុក អាចជំនួសកន្លែងរបស់ពួកគេ។

ទន្ទឹមនេះលោកក៏បានព្រមានលោកខាងលិចថា រដ្ឋាភិបាលក្រុងមូស្គូ នឹងស្វែងរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាទិញបច្ចេកវិទ្យាទំនើបៗ និងទំនិ​ញប្រណីតៗឱ្យបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែឧសភា នេះ។

លោក ពូទីន បានចាត់ទុកការឈ្លានពានចូលប្រទេសអ៊ុយក្រែនថា ជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី នោះគឺការបះបោរដោយរដ្ឋាភិបាលក្រុងមូស្គូ ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលលោកនិយាយថាបានធ្វើឱ្យប្រទេសរុស្ស៊ី រងនូវភាពអាម៉ាស់ងើបមុខសឹងមិនរួច ចាប់តាំងពីសហភាពសូវៀត ដួលរលំក្នុងឆ្នាំ១៩៩១។

ក្រៅពីបង្កឱ្យមនុស្សស្លាប់យ៉ាងច្រើន បន្សល់នូវសោកនាដកម្មព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ គិតសរុបជាទឹកប្រាក់ជាច្រើន រយពាន់លានដុល្លារអាមេរិក សង្គ្រាមអ៊ុយក្រែន និងការព្យាយាមរបស់លោកខាងលិច ដើម្បីធ្វើឱ្យរុស្ស៊ី “នៅឯកោ”ពីគេទុកជាការដាក់ទណ្ឌកម្ម ចំពោះការបញ្ឆេះភ្លើងសង្គ្រាមឈ្លានពាននេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង កំណើនសេដ្ឋកិច្ចពិភពលោក និងបង្កឱ្យអតិផរណាហក់ឡើងខ្ពស់ ខណៈទំនិញគ្រាប់ធញ្ញជាតិ ប្រេងឆា ជី និងថាមពលហក់ឡើងថ្លៃយ៉ាងគំហុក។

ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះមក ក្រុមហ៊ុនបរទេសធំៗជាច្រើន រាប់ចាប់ពីក្រុមហ៊ុនប្រេងអង់គ្លេសBP រហូតដល់ក្រុមហ៊ុនអាហារសម្រន់អាមេរិកMcDonald’s ទើប​តែបានចាកចេញពីប្រទេសរុស្ស៊ី ខណៈសេដ្ឋកិច្ចរុស្ស៊ី កំពុងប្រឈមនឹងការដាំក្បាលចុះធ្ងន់ធ្ងរបំផុត ចាប់តាំងពីសហភាពសូវៀតបានដួលរលំ។

ទោះជាយ៉ាងណាក្ដី លោក ពូទីន ហាក់មិនចុះញ៉មចំពោះលោកខាងលិចសូម្បីតែបន្តិច ហើយថែមទាំងឆ្លៀតចំអកឱ្យលោកខាងលិចទៀតផង។

លោក ពូទីន បាននិយាយអំពីក្រុមហ៊ុនបរទេស ដែលចាកចេញពីរុស្ស៊ី ថា “ពេលខ្លះ បើក្រឡេកមើលទៅក្រុមហ៊ុនដែលចាកចេញ គឺយើងគួរតែអរគុណព្រះជាម្ចាស់ទៅវិញទេ។ លោកបន្តថា “យើងនឹងកាន់កាប់ទីផ្សារពិសេសរបស់ពួកគេ ព្រោះអាជីវកម្មរបស់យើង ផលិតកម្មរបស់យើងបានរីកលូតលាស់រួចទៅហើយ ហើយអាជីវកម្មរបស់យើងនឹងមានសុវត្ថិភាព ព្រោះបណ្ដាដៃគូរបស់យើង បានត្រួសត្រាយផ្លូវទុកឱ្យយើងស្រាប់”៕ Reuters៕

អ្នកជំនាញរំពឹងថាតំបន់ផ្លូវជាតិលេខ៦អា នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ តំបន់ផ្លូវជាតិសំខាន់ៗ ចេញពីរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា រដ្ឋាភិបាលកំពុងសាងសង់ និងស្ថាបនាលើកកម្ពស់ជាថ្មី ដែលនឹងធ្វើឱ្យតំបន់តាមបណ្ដោយផ្លូវជាតិទាំងនោះ នឹងទទួលបានការវិនិយោគបន្ថែ​មពីវិនិយោគិន ជាពិសេសផ្លូវជាតិលេខ៦អា នឹងកាន់តែមានការទាក់ទាញ វិនិយោគិនកាន់តែខ្លាំង។

លោកស្រីហ្គ្រេស រចនីអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ ក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ​ការណ៍ប្រកួតគីឡាស៊ីហ្គេម ហើយទីតាំងនេះ កម្មវិធីលំដាប់អន្តរជាតិនេះគឺនៅប៉ែកខាងជើងរាជធានីភ្នំពេញ។

ភ្ញៀវអន្តរជាតិ ចូលរួមទស្សនាមានទាំងអ្នកជំនួញ ទាំងភ្ញៀវទេសចរ និងកីឡាករ កីឡាការិនី នឹងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ដើម្បីទៅដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដូច្នេះផ្លូវជាតិលេខ៦អា នឹងក្លាយជាចំណាប់អារម្មណ៍មុនគេសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន ។

លោកស្រីបន្តថា “ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំក្រោយនេះដែរ នឹងធ្វើឱ្យកម្ពុជា ទទួលបានវិនិយោគិនអន្តរជាតិច្រើន ចូលមកទស្សនា ក្រៅពីនោះ ពួកគេក៏អាចសិក្សាពីសក្ដានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ”។ លោកស្រីបន្តថា “កម្ពុជាត្រូវត្រៀមខ្លួន ត្រៀមលក្ខណៈឱ្យបានជាមុន ដើម្បីស្វាគមន៍វិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជានៅពេលខាងមុខនេះ”។

ចំណែកលោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល ក៏បានមានប្រសាសន៍ផងដែរថា តាមពិតទៅសក្ដានុពលអចលនទ្រព្យ នៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានភាពទាក់ទាញ និងរីកចម្រើនគួរឱ្យកត់សម្គាល់ជាពិសេសក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ។

លោកបន្តថា “តំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃើញថាទទួលបានការវិនិយោគ លើអចលនទ្រព្យច្រើន ក្នុងនោះរួមមានស្ដាតថ្មី សម្រាប់ទទួលស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ សំណង់វិមានឈ្នះឈ្នះ និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតជាដើម”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ នាយកក្រុមហ៊ុន Advance Real Estate ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Property Area នាពេលកន្លងមកថា តំបន់ផ្លូវជាតិលេខ៦អា ភាគច្រើនគេឃើញមានការទាក់ទាញ ទៅលើការអភិវឌ្ឍលំនៅឋាន និងមានអ្នកវិនិយោគក្នុងស្រុកជាច្រើន បានបណ្ដាក់ទុនវិនិយោគលំនៅឋាននៅទីនោះ ជាក់ស្ដែងយើងបានឃើញគម្រោងលំនៅឋានតូចធំជាច្រើន ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ ជាវិនិយោគិនមកពីខាងក្រៅផងដែរ៕