តើលោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មានការតស៊ូ និងបានសិក្សាលើជំនាញអ្វីខ្លះនៅលើឆាកអន្តរជាតិ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាបុគ្គលរឹងមាំម្នាក់ចាប់តាំងពីចាប់កំណើត រហូតដល់ពេលមួយត្រូវបែកពីលោកឪពុកយ៉ាងយូរ ទម្រាំបានជួបឪពុកវិញ ហើយហៅឪពុកថា “ពូ” លោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មានប្រវត្តិតស៊ូ ការសិក្សា និងភាពអង់អាចក្លាហានដ៏គួរឲ្យចាប់អារម្មណ៍បំផុត។

ផ្តើមចេញពីភាពជាអ្នកដឹកនាំខ្លួនឯងទាំងវ៏យក្មេង ដឹកនាំយុវជន កងកំលាំងប្រដាប់អាវុធ និងកងអង្គរ័ក្សសម្តេចតេជោ ដឹកនាំក្រុមសិស្ស និស្សិត និងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ បានធ្វើឲ្យបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគតនេះទទួលបានប្រជាប្រិយភាព និងការគោរពយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក។ ពេលលោកចាប់កំណើតក្នុងផ្ទៃបានប្រមាណ៥ខែ ឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ក៏បានភាសខ្លួនយកជីវិតផ្សងនឹងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ហើយត្រូវលាក់ខ្លួនពួនអាត្មា និងលាក់ប្រវត្តិជាមួយម្តាយ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ លោក ម៉ាណែត និងម្តាយ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវលក់លាក់ប្រវត្តិនៅក្នុងស្រុកមេមត់រយៈពេលជិត២ឆ្នាំ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាយវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លោក ម៉ាណែត និងម្តាយ បានឡើងមករាជធានីភ្នំពេញ ដើម្បីជួបជុំជាមួយឪពុក គឺសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បន្ទាប់ពីបានជួបជុំគ្រួសារ លោក ហ៊ុន ម៉ាណែត ទទួលបានការបីបាច់ថែរក្សាយកចិត្តទុកដាក់បំផុតពីឪពុក និងម្តាយ។ លោក ក៏ត្រូវបានឪពុកយកចិត្តទុកដាក់ខ្ពស់បំផុត លើការសិក្សាអប់រំ រហូតក្លាយជាសិស្សឆ្នើមមួយរូប។

លោក ហ៊ុន ម៉ាណែត បានក្លាយជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ មកពីវិទ្យាល័យភ្នំដូនពេញ។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅ នៅក្នុងរាជធានីភ្នំពេញនាដើមទសវត្សរ៍ឆ្នាំ១៩៩០ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាឪពុកបញ្ជូនទៅសិក្សារៀន សូត្រក្រេបចំណេះវិជ្ជានៅសហរដ្ឋអាមេរិក ក្នុងវ័យប្រមាណ១៦ឆ្នាំ។

ការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាពេលវេលាដែលលោក ហ៊ុន ម៉ាណែត បានលត់ដំខ្លួន និងម្ចាស់ការលើការរស់នៅ ដោយឃ្លាតឆ្ងាយពីឪពុក ម្តាយ មិនមានការមើលខុសត្រូវ ដិតដល់ដូចពេលរស់នៅក្នុងប្រទេសទៀតនោះឡើយ។ បើទោះរស់នៅ ដោយមិនមានការមើលថែស្តីប្រដៅដោយផ្ទាល់ពីឪពុកម្តាយ ក៏លោក ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរ ដែលមានអត្តចរិត និងស្មារតីស្រឡាញ់ការសិក្សាខ្ពស់ ហើយបានស្វាធ្យាយប្រឹងប្រែងសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សា នៅសាលាល្បីៗរបស់អាមេរិកដូចជាសាលាយោធា West Point ជាដើម។

លោកហ៊ុន ម៉ាណែត ដើមឡើយគេតែងគិតថា លោកជាអ្នកដែលទទួលបានការតម្រង់ទិស លើការសិក្សារៀនសូត្រពីសម្តេចតេជោ ហ៊ុន សែន ដើម្បីជាការតម្រែតម្រង់ ឈានឆ្ពោះទៅកាន់តំណែងណាមួយលើកិច្ចការជាតិ។

ប៉ុន្តែការគិតនេះ បានផ្ទុយស្រឡះ ហើយក៏នាំឱ្យមានការភ្ញាក់ផ្អើលផងដែរ នៅពេលសម្តេចតេជោ ហ៊ុន សែន បានទម្លាយលិខិតសម្ងាត់មួយច្បាប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ លិខិតសម្ងាត់នេះ គឺជាលិខិតរបស់លោក ហ៊ុន ម៉ាណែត ក្នុងវ័យត្រឹមតែ១៦ឆ្នាំ សរសេរសុំការអនុញ្ញាតពីឪពុក ដើម្បីរៀនមុខវិជ្ជាដែលខ្លួនបានគិតទុកមុនរួចជាស្រេច។

ដើមឡើយគេដឹងត្រឹមថា លោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។ តែតាមរយៈលិខិតសម្ងាត់ ដែលសម្តេចតេជោ ហ៊ុន សែនបានទម្លាយ លោក ហ៊ុន ម៉ាណែត ក៏បានលួចសិក្សារៀនសូត្រ លើមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយផងដែរ។

ការសិក្សាលើវិជ្ជាវិទ្យាសាស្ត្រនយោបាយនេះ លោកស្នើសុំឪពុកមិន  ឱ្យប្រាប់នរណានោះឡើយ។

មិនត្រឹមតែជាបញ្ញវន្ត បញ្ចប់ការសិក្សានៅសាលាល្បី កម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យា​នុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រ ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន៕ ប្រភពFreshnews៕

ពានរង្វាន់បាល់ទាត់ពិភពលោក នឹងត្រូវដង្ហែមកដល់កម្ពុជានៅពាក់កណ្តាលខែមិថុនា

ដោយៈ សុផារី

ភ្នំពេញៈ ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Trophy) នឹងមកដល់កម្ពុជានៅថ្ងៃទី១៥ មិថុនានេះ ដោយនឹងត្រូវដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់វិមានសន្តិភាព ហើយសម្ដេចតេជោ ហ៊ុន សែន នឹងរង់ចាំទទួលផងដែរ។

ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា នឹងនាំមកជូននូវ ដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA WORLD CUP-Trophy Tour នឹងមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាតាមជើងហោះហើរឯកជនពិសេស “Private Jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ មានមោទនភាពជាតិ ដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃ ដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក លើកទី១ មកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួត កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

កម្មវិធីសំខាន់ៗ អំឡុងពេលពានរង្វាន់បាល់ទាត់ពិភពលោក មកដល់ប្រទេសកម្ពុជារួមមាន  ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព ដោយមានពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។

ជាពិសេស ស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល១រសៀល រហូតដល់ម៉ោង១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕

សម្តេចតេជោបញ្ជាក់ពីការដឹកនាំប្រទេសរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត នាពេលអនាគត

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីនៃជោគវាសនា ក្នុងការដឹកនាំប្រទេសកម្ពុជាបន្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច។

សម្តេចតេជោបានអះអាងថា ការដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត អាចឈានទៅដឹកនាំប្រទេសបន្តពីសម្តេចបាន គឺចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ គឺឆ្លើយតបទៅនឹងសំណួរក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី “អនាគតរបស់អាស៊ី” រៀបចំឡើងដោយក្រុមហ៊ុននីកកេ (Nikkei Inc.) របស់ជប៉ុន តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងសន្និសីទនេះ អ្នកសម្របសម្រួលកម្មវិធី ដែលតែងតែចោទសួរសំណួរក្តៅៗ ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីនោះ បានចោទសួរសំណួ​រចំនួនពីរពាក់ព័ន្ធកម្ចីរបស់ចិន និងការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងសំណួរស្តីពី ការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេននោះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងរួចហើយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ប៉ុន្តែពេលវេលានឹងឡើងទៅជំនួសសម្តេចនាពេលណា គឺទុកមួយអន្លើសិន ហើយការបោះឆ្នោតអាណត្តិទី៧គឺសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតបញ្ជាក់ និងតបតទៅនឹងអ្នកតិះទៀនសម្តេច ជុំវិញការតែងតាំងកូនប្រុស ឱ្យធ្វើជាបេក្ខភាពនាយករដ្ឋម ន្ត្រីបន្តវេននេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការឈ្នះតំណែងនាយករដ្ឋមន្ត្រី គឺពឹងផ្អែកលើការបោះឆ្នោត ដូច្នេះបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត គឺមិនត្រឹមតែលោក ហ៊ុន ម៉ាណែត ទេ ដែលបាត់បង់តំណែង សូម្បីសម្តេចក៏នឹងបាត់បង់ដែរ។ ត្រង់ចំណុចនេះសម្តេចតេជោ ចង់សង្កត់ធ្ងន់ថា តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា គឺពឹងអាស្រ័យទាំងស្រុងលើការបោះឆ្នោត មិនមែនចំណុះលើការតែងតាំង ចេញពីបក្សនោះឡើយ។

សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងថា “ការបន្តវេន ឬមិនបន្តវេន វាចំណុះលើប្រជាជនបោះឆ្នោតឱ្យឬអត់? បើសិនជាប្រជាជនបោះឆ្នោតឱ្យ គឺបញ្ហានេះ វាមិនមែនជាការផ្ទេរតំណែងដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ។សម្តេចបន្ថែមថា អ៊ីចឹងនៅពេលបោះឆ្នោតខាងមុខ បើប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេន គឺបានសេចក្តីថា ប្រជាជនយល់ស្របឱ្យគណបក្សប្រជាជនដឹកនាំ ហើយដឹកនាំដោយ ហ៊ុន សែន បន្តទៅដឹកនាំដោយហ៊ុន ម៉ាណែត។ នេះជារឿងធម្មតា ប៉ុន្តែបើគណបក្សប្រជាជនចាញ់ វាបាត់ទាំង ហ៊ុន សែន ហើយវាបាត់ទាំង ហ៊ុន ម៉ាណែត តែម្តង

សម្តេចតេជោបញ្ជាក់បន្ថែមថា បើយើងខ្ញុំមិនធ្វើការបោះឆ្នោត ហើយផ្ទេរអំណាចឱ្យកូន ទើបជារឿងដែលគេនិយាយត្រឹមត្រូវ ខ្ញុំទទួលយក។ ប៉ុន្តែនៅពេលមានការបោះឆ្នោតបែបនេះ ខ្ញុំមិនអាចទទួលយកនូវការតិះទៀនណាមួយនោះទេ

ឆ្លើយតបការតិះទៀន រឿងតែងតាំងកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាសំណួរ សួរទៅអ្នកតិះទៀនដែរថា តើពួកគេចង់ឱ្យកូនខ្លួនឯងរកស៊ីមានបាន និងមានការងារល្អធ្វើទេ? សម្រាប់សម្តេច ក៏ដូចជាមនុស្សទាំងនោះដែរ បើពួកគេចង់ឱ្យកូនចៅខ្លួនមានការងារធ្វើល្អ ហេតុអ្វីសម្តេចគ្មានសិទ្ធិ?។

សម្តេចតេជោបានចោទសួរបែបនេះ អ្នកដទៃទៀតឆ្លើយមក និយាយមក។ ខ្លួនឯងកំពុងតស៊ូដើម្បីអ្វី? ដើម្បីអំណាច ហើយខ្លួនឯងក៏ចង់ឱ្យកូនខ្លួនឯងទៅធ្វើអ្នកធំដែរ ចុះហេតុអ្វីត្រូវដកសិទ្ធិខ្ញុំ មកតិះទៀនខ្ញុំ

សម្តេចតេជោ បានអះអាងថា សម្តេចប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនមក គឺចង់ឱ្យមានជោគវាសនាល្អ ហើយការដែលសម្តេចតែងតាំង    ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្តវេន ក៏ព្រោះតែលោកមានចំណេះដឹង និងលទ្ធភាពគ្រប់គ្រាន់។

សម្តេចតេជោបញ្ជាក់ថា “បើកូនខ្ញុំគ្មានចំណេះដឹងគ្រប់គ្រាន់ គ្មានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំក៏មិនបណ្តោយឱ្យសមិទ្ធផលដែលឪពុករបស់វា រួមចំណែកជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា កសាងជាង ៤៣ឆ្នាំ ឱ្យរបូតពីដៃនោះទេ។ ប៉ុន្តែខ្ញុំបានបណ្តុះបណ្តាលកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំ៣នាក់ អាចមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីទាំង៣នាក់ ក៏ប៉ុន្តែពួកគេមិនដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រីទេ

 

តើអ្វីជាចំណុចទាំង៥ នៃការលើកឡើងរបស់សម្តេចតេជោក្នុងសន្និសីទអន្តរជាតិនៅថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកមតិ និងយោបល់៥ចំណុច ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក។

ការចែករំលែកមតិយោបល់របស់សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៉ី នៅក្នុងពិភពលោកដែលបែកខ្ញែក”។

នៅក្នុងបរិការណ៍រួមដូចបានគូសបញ្ជាក់ខាងលើ សម្តេចតេជោ សូមចែករំលែកនូវមតិ និងយោបល់ ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក ដែលបែកខ្ញែក ដូចជាទី១ បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និងឯករាជ្យភាព គ្នាទៅវិញទៅមក រួមទាំងជម្រើសនៃការដឹកនាំដែលស្របតាមលក្ខខណ្ឌ និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ។

ទន្ទឹមនេះដែរ ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និង ការគោរពទៅវិញទៅមក នូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណតម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និងបរិយាបន្ន ។

ទី២ ការប្រកាន់ខ្ជាប់នូវគោលការណ៍ “ពហុភាគីនិយម” និង “កិច្ចសហប្រតិបត្តិការអន្ដរជាតិ ផ្អែកលើវិធាននៃច្បាប់” គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្ដរជាតិ ព្រមទាំងគោលការណ៍ និងគោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ ។

ទី៣ បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ មានតម្លាភា​ព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហ-ប្រតិបតិ្តការក្នុងតំបន់ ។

ក្នុងន័យនេះ យើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍរបស់អាស៊ី ឱ្យបានជាអតិបរមា ។

ទី៤ យើងត្រូវបន្តរក្សា និងពង្រឹងនូវការឯកភាព និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានា ក្នុងទ្វីបអាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនានា ក្នុងតំបន់ និងពិភពលោក ។ ក្នុងន័យនេះ អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅ ប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ ។

អាស៊ាន តាមរយៈយន្តការនានា ដូចជា អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានប្រមូលផ្តុំមហាអំណាចធំៗ មហាអំណាចទំហំមធ្យម និងរដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាងជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបន- កម្មតំបន់ ផ្អែកលើវិធាននៃច្បាប់ ដែលមានអាស៊ានជាស្នូល ។

ទី៥ យើងត្រូវបន្តខិតខំរួមគ្នាបង្កើន ការយកចិត្តទុកដាក់ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន តាមរយៈ ៖ (១). ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួល បានការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ (២). ការបន្តផ្តល់អាទិភាព លើកិច្ចសហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម (៣). ការជំរុញបន្ថែមនូវការតភ្ជាប់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ (៤). ការចាប់យកកាលានុវត្តភាព ពីបរិវត្តកម្មឌីជីថល និង (៥). ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការធ្វើអន្តរកាល ថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង៕

សម្តេចតេជោៈ កម្ពុជាមិនដាក់ខ្លួនឯងក្នុងអន្ទាក់បំណុលរបស់ប្រទេសណានោះទេ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាមិនដាក់ខ្លួនឯងចូល ក្នុងអន្ទាក់បំណុលរបស់ប្រទេសណានោះទេ។

សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងសន្និសទីអន្តរជាតិលើកទី២៧ស្តីពីអនាគតរបស់អាស៊ី ក្រោមមូលបទ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក” នាព្រឹកថ្ងៃទី២៧ ឧសភានេះថា “ខ្ញុំសូមជម្រាបថា អ្វីដែលយើងខ្ញុំខ្ចី យើងខ្ញុំមានការប្រុងប្រយ័ត្ន យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុល”។ សម្តេចបន្តថា “បើគិតមកទល់ពេលនេះ បើគិតពីពិដាននៃការខ្ចីរបស់យើង គឺគេអនុញ្ញាត្តឲ្យខ្ចី៤០ភាគរយនៃផលទុនជាតិសរុប យើងខ្ញុំទើបខ្ចី២៣ភាគរយប៉ុណ្ណោះ ដែលនៅសេសសល់សម្រាប់ការខ្ចីតទៅទៀត”។

សម្តេចបានបន្តថា មិនមែនយើងចេះតែខ្ចី ដោយមិនបានគិតគូពីស្ថានភាពបំណុល ដែលយើងអាចដោះស្រាយបាននោះទេ ដូច្នេះខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់កម្ពុជានោះទេ ហើយខ្ញុំក៏មិនយល់ថាជប៉ុនដាក់អន្ទាក់កម្ពុជា ទៅលើបញ្ហាការខ្ចីបុលពីជប៉ុន លើការ​សាងសង់កំពង់ផែទឹកជ្រៅនោះទេ។

សម្តេចបន្តថា “ខ្ញុំសូមបញ្ជាក់ថា កម្ពុជានឹងមិនដាក់ខ្លួនទៅជាកូនបំណុលរបស់អ្នកណាមួយនោះទេ”។ សម្តេចបន្ថែមថា “យើងមិនអាចខ្ចីតែពីចិន តែយើងអាចខ្ចីពីជប៉ុន ពីកូរ៉េ អាចខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងអាចខ្ចីពីធនាគារអឺរ៉ុប”។

សម្តេចបានបញ្ជាក់ទៀតថា អញ្ចឹងយើងមិនអាចខ្ចីតែពីចិននោះទេ ប៉ុន្តែវាច្បាស់ហើយ ដែលចិនបានផ្តល់ជាមូលដ្ឋានសំរាប់យើង នេះជាបញ្ហា ពិតប្រាកដ ដែលយើងត្រូវទទួលស្គាល់ការពិត។ ឆ្នាំទៅខ្ញុំបាននិយាយថា “បើមិនឲ្យខ្ញុំពឹងចិន ឲ្យខ្ញុំទៅពឹងអ្នកណា?“នេះជាសម្តីពិតរបស់ខ្ញុំ”។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ទៀតថា ឥលូវស្ពានកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប មានស្ពានជប៉ុនតែពបីប៉ុណ្ណោះ គឺស្ពានអ្នកលឿង ស្ពានទន្លេមេគង្គឆ្លងកាត់ក្រុងកំពង់ចាម ស្ពានជ្រោយចង្វារ ក្រៅពីនោះគឺស្ពានចិនទាំងអស់។ អញ្ចឹងបើមិន ឲ្យខ្ចីចិន តើមានស្ពានឯណាឆ្លង ផ្លូវរាប់ពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ។

សម្តេចបន្តទៀតថា “បើយើងខ្ញុំមិនបានលុយខ្ចីពីចិនទេ តើយើងខ្ញុំបានអ្វី? នៅមានផ្លូវល្បឿនលឿន ការវិនិយោគដទៃទៀត វារីអគ្គិសនី បើយើងខ្ញុំមិនទទួលបានការវិនិយោគពីចិនទេ តើយើងខ្ញុំមានអគ្គិសនីមកពីណាប្រើប្រាស់?”៕

រដ្ឋាភិបាលកែសម្រួលតំបន់ពីរ និងបីនៃផ្ទៃបឹងទន្លេសាបជិត ២ម៉ឺនហិចតាក្នុងខេត្តចំនួនបី

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបឹងទន្លេសាប ត្រូវគិតលើកិច្ចការ៣សំខាន់ ដោយថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។ រដ្ឋាភិបាលបានសម្រេចកែសម្រួ លតំបន់ផ្ទៃបឹងទន្លេសាបជិត ២ម៉ឺនហិចតា ក្នុងខេត្តចំនួនបី រួមមាន ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

នេះបើតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចបានបញ្ជាក់ថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់។ តំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ដែលអាចចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធជូនប្រជាពលរដ្ឋ តំបន់ទី២ ជាតំបន់ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផល នៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក តំបន់ទី៣ ជាតំបន់ព្រៃលិចទឹក និងតំបន់ហាមឃាត់ការបារដាច់ខាត តែតែងតែមានការទន្រ្ទាន ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។

សម្តេចបានថ្លែងថា ក្នុងខេត្តកំពង់ធំ សម្រួលដី១ម៉ឺន១៤ហិចតា ចេញពីតំបន់ពីរមកជាតំបន់មួយ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន៩.១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ៦.៣៦៥ហិចតា ស្មើនឹង២.០២៥ ក្បាលដី ចេញពីតំបន់បី បញ្ចូលមកកាន់តំបន់ពីរនៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន១.៧៤៨គ្រួសារ។

សម្រាប់ខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃដីចំនួន៥៨ហិចតា១៦អា ចេញពីតំបន់បី បញ្ចូលតំបន់ពីរនៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន២២គ្រួសារ។ ខេត្តពោធិ៍សាត់ កែសម្រួលផ្ទៃដី៣.៤៤៨ហិចតា ចេញពីតំបន់បីចូលមកតំបន់ពីរនៃបឹងទន្លេសាប និងជូនប្រជាពលរដ្ឋចំនួន១.៦៥៨គ្រួសារ។

កិច្ចការ៣សំខាន់ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ធ្វើ រួមមាន កិច្ចការទី១ កាត់ឆ្វៀលដីតំបន់ពីរឬតំបន់បី សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្តែង ឱ្យកើតជាភូមិករ ឃុំ ស្រុក មានទីវត្តអារាម ពិនិត្យពិចារណា ដោយផ្អែកលើភូមិសាស្ត្រជាក់ស្តែងនៃខេត្តនីមួយៗ ហើយភូមិខ្លះបានកើតយូរមកហើយ។

កិច្ចការទី២ កែសម្រួលព្រំប្រទល់តំបន់ពីរ និងបីឡើងវិញ ទៅផ្អែកតាមស្ថានភាពជាក់ស្តែងជាពិសេសការពារផ្ទៃដីលិចទឹក។

សម្តេចបានបញ្ជាក់ថា “ទីតាំងដែលពលរដ្ឋអាស្រ័យផល នៅទីនោះរាប់សិបឆ្នាំហើយនោះ មិនមែនជាពួកថៅកែដែលបានដកហូត ត្រូវរក្សានិងចេញកម្មសិទ្ធិជូនពលរដ្ឋ”។ សម្តេចថ្លែងថា “សម្រាប់ប្រជាជនដែលបានអាស្រ័យផលនៅក្នុងតំបន់នេះ ដែលគ្មានកន្លែងដ៏ទៃទៀត ចាំបាច់ត្រូវធ្វើការកែសម្រួល ដោយកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងកែសម្រួលបង្គោលព្រំដែនដែលអាចរើបង្គោលពីតំបន់បី ទៅជាតំបន់ពីរ ឬកែតំបន់ពីរជាតំបន់មួយតែម្តង”។

អាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យមើលថាតើតំបន់ណា ដែលចាំបាច់ត្រូវបូមស្តារ ដើម្បីអភិរក្សនិងរក្សាពូជត្រីនៅក្នុងបឹងទន្លេសាប។

សម្តេចបានថ្លែងថា “ជារៀងរាល់ឆ្នាំ ដីល្បាប់ហូរចូល ជាមួយស្លឹកឈើជ្រុះ ធ្វើឱ្យតំបន់បឹងទន្លេសាបរាក់ពីមួយថ្ងៃទៅមួយថ្ងៃ”។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់ពីរ និងបីនេះ៕

រដ្ឋាភិបាលគ្រោងលើកទឹកចិត្តពន្ធចំនួនពីរចំណុចបន្ថែម ខណៈចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីកើនឡើង ៨០០ភាគរយ

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ចំនួននៃការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង រហូតដល់៨០០ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយមានការកើនឡើងពីចំនួន៩ទៅដល់៨៤គ្រឿង។

ដើម្បីលើកទឹកចិត្តក្នុងការប្រើប្រាស់ រថយន្តអគ្គិសនីបន្ថែមទៀត រដ្ឋាភិបាល និងក្រសួងពាក់ពន្ធបាននិងកំពុងពិចារណា គ្រោងដាក់ចេញការបន្ធូរបន្ថយពន្ធ និងការលើកទឹកចិត្តបន្ថែមមួយចំនួន ដល់អ្នកប្រើប្រាស់រថយន្តអគ្គសនី។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងយ៉ាងនេះ ក្នុងកម្មវិធី MPWT LIVE SHOW  លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា” នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ស៊ុន ចាន់ថុល សព្វថ្ងៃនេះ មានក្រុមហ៊ុននាំចូលរថយន្តអគ្គីសនីចំនួន៩ក្រុមហ៊ុន និងក្រុមហ៊ុននាំចូលម៉ូតូអគ្គិសនីមួយផ្សេងទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិតម៉ូតូអគ្គីសនីមួយ បានចំនួនប្រហែលជា២០០គ្រឿងមកហើយ។ ជាពិសេស នាពេលថ្មីៗនេះ មានក្រុមហ៊ុន Onion ដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា ដោយបានផលិតបានជាង២០០គ្រឿង ហើយគ្រោងផលិតឱ្យបាន២ពាន់ទៅ៣ពាន់គ្រឿង ក្នុងមួយឆ្នាំផងដែរ និងគ្រោងធ្វើការនាំចេញទៅកាន់ក្រៅប្រទេសផងដែរ។

លោកបានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ត ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយពន្ធឱ្យស្ថិតនៅត្រឹម៦៣ភាគរយ ក្នុងការនាំចូលរថយន្តអគ្គិសនី ប្រៀបធៀបនឹងពន្ធលើរថយន្តប្រើថាមពលសាំងធម្មតា ដែលស្ថិតក្នុងអត្រាប្រមាណ១២០ភាគរយ។

លោករដ្ឋមន្ត្រីក៏បញ្ជាក់បន្ថែមថា ក្រៅពីនេះ ក្រសួងកំពុងពិចារណា ការបន្ធូរបន្ថយតម្លៃ នៃការចុះបញ្ជីរថយម្តអគ្គិសនី ឱ្យថោកជាងរថយន្តប្រើថាមពលសាំងធម្មតា។ បន្ថែមលើសនេះ ក្រសួងបាននិងពិភាក្សាជាមួយអគ្គនាយកពន្ធដារ ក្នុងការបន្ធូរបន្ថយពន្ធផ្លូវបន្ថែមទៀតផង៕

ដីប្រភេទណាខ្លះដែលងាយរកផលចំណេញពីការវិនិយោគ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍​ឲ្យដឹងថា ដីសម្រាប់កសិកម្ម ជាប្រភេទដីបម្រើដល់ការដាំដុះ ដោយលោកយល់ថា ប្រសិនបើទិញដីកសិកម្ម ដើម្បីចំណេញ គឺជាគំនិតខុសមួយ ព្រោះតែដីកសិកម្ម មានចំនួនច្រើន និងទំហំធំណាស់។

លោកបន្តថា ដីសម្រាប់អភិវឌ្ឍន៍លើវិស័យទេសចរណ៍ ជាប្រភេទដីដែលអាចបម្រើដល់ វិស័យទេសចរណ៍ ស្ថិតនៅតំបន់ដែលមានមនុស្សទៅកំសាន្តច្រើន ដូចជាភ្នំ ទន្លេ និងសមុទ្រ។ ដីទេសចរណ៍នៅជិតតំបន់ភ្នំ មិនងាយឡើងថ្លៃ ព្រោះជាទូទៅដីនៅតាមតំបន់ភ្នំ មានទំហំធំរាប់ហិចតា។

ប៉ុន្តែបើដីសម្រាប់ទេសចរណ៍ ស្ថិតនៅជិតទន្លេ និងសមុទ្រ អាចឡើងថ្លៃ ព្រោះមានចំនួនតិច។ ចំណែក ដីដែលអាចចំណេញខ្ពស់ គឺដីឧស្សាហកម្ម និងដីសម្រាប់លំនៅដ្ឋាន។

លោកឧកញ៉ាគីម ហ៊ាងបានបង្ហើបថា ដីសម្រាប់ឧស្សាហកម្ម គឺដីដែលអាចធ្វើរោងចក្រ សហគ្រាស។ វាជាប្រភេទដីឡើងថ្លៃលឿន ដោយ​សារការសាងសង់រោងចក្រ នាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ។

ចំណែកដីលំនៅដ្ឋាន ជាប្រភេទដីដែលអាចសាងសង់លំនៅដ្ឋាន បុរី ជាដើម។ ដីប្រភេទនេះឡើងថ្លៃជាប្រចាំ ហើយងាយស្រួលលក់ចេញវិញ ដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុត។

លោកបញ្ជាក់ថា “ដីលំនៅដ្ឋាន ជាដីចំណេញ និងងាយលក់។ ចំណែ​កដីឧស្សា​ហកម្ម ក៏ចំណេញដែរ តែនៅចាញ់ប្រភេទដីលំនៅដ្ឋាន។ ដីសំរាប់បំរើសេវាកម្ម ទេសចរណ៍ ទាល់តែជាប់សមុទ្រ ជាប់ទន្លេ។ រីឯដីកសិកម្មទិញហើយ៥ឆ្នាំ លក់មិនដាច់ទេ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើសិនជាដីស្ថិតនៅជាប់ផ្លូវល្បឿនលឿន មិនត្រឹមតែមិនចំណេញទេ តែនឹងជាប់គាំង ព្រោះផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ។

ចំណែកដីនៅតំបន់ព្រលានយន្តហោះ លោកយល់ថា ការទិញដីសម្រាប់ចំណេញនៅក្នុងតំបន់នេះ មិនមែនជាគំនិតល្អទេ ព្រោះដង់ស៊ីតេប្រជាជនកម្ពុជា ដែលមានប្រមាណ៣លាននាក់ក្នុងក្រុងភ្នំពេញ ហើយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ម៉្យាងទៀត នៅជុំវិញតំបន់នោះ នៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយទេ៕

 

ការបោះទុនវិនិយោគលើវិស័យលក់រាយអចលនទ្រព្យនៅប្រទេសជប៉ុន ចាប់ផ្តើមងើបឡើងវិញ

ដោយៈ លាងហួរ

ជប៉ុនៈ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Savills ថ្មីៗនេះបានបង្ហាញថា លទ្ធផលចុងក្រោយនៃការស្ទង់មតិពាក់កណ្តាលឆ្នាំ កាលពី ខែតុលាឆ្នាំមុនបានបង្ហាញថា អត្រាការប្រាក់ដែលរំពឹងទុក សម្រាប់អចលនទ្រព្យលក់រាយភាគច្រើន បានស្ថិតនៅក្នុងសភាពទ្រឹង ក្នុងរយៈពេលប្រាំ​មួយខែចុងក្រោយនេះ លើកលែងតែទីក្រុងមួយចំនួនដែលមានការរឹតបន្តឹង។

អត្រាការប្រាក់ដែលរំពឹងទុក សម្រាប់មជ្ឈមណ្ឌលទិញទំនិញនៅជាយក្រុងក្នុងទីក្រុងតូក្យូ និងទីក្រុងភាគច្រើនក៏នៅដដែល លើកលែងតែទីក្រុង Osaka និង Nagoya ដែលទីក្រុងទាំងពីរនេះ បានឃើញថាអត្រាការប្រាក់មានការកើនឡើងពី០.១%ទៅ៥.៦%% និង៥.៩% ។

ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនមួយចំនួនមានសុទិដ្ឋិនិយមចំពោះការងើបឡើងវិញក្នុងវិស័យនេះ នៅពេលដែលជំងឺរាតត្បាតរាតត្បាតធ្លាក់ចុះ ហើយខណៈដែលប្រទេសជាច្រើន ក្នុងពិភពលោកកំពុងឈានដល់ស្ថានភាពធម្មតា។

ជាការពិត អចលនទ្រព្យមួយចំនួន នៅក្នុងវិស័យលក់រាយលំដាប់ខ្ពស់ បានឃើញមានការចាប់អារម្មណ៍ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ជាឧទាហរណ៍ អគារ Ginza Yanagi-dori ដែលជាអគារលក់រាយ និងការិយាល័យឈានមុខគេ នៅកណ្តាលទីក្រុងGinza ត្រូវបានទិញដោយអ្នកវិនិយោគក្នុងស្រុកចំនួន៤។ លើសពីនេះទៀត ប្រតិបត្តិការផ្សេងទៀតនៃអចលនទ្រព្យលក់រាយសំខាន់ៗ ដូចជា Clover Ginza នៅ Ginza និង JPR Umeda Loft Building នៅ Osaka ក៏បានកើតឡើងផងដែរ។

សរុបមក ប្រតិបត្តិការលក់រាយនៅឆ្នាំ២០២១ បានកើនលើសកម្រិតដែលមានក្នុងឆ្នាំ២០២០។

យោងតាមទិន្នន័យបឋមពី Real Capital Analytics (RCA) បរិមាណប្រតិបត្តិការ មានទំហំទឹកប្រាក់លើសពី៤៨ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលជាការកើនឡើង៣៣% ពីឆ្នាំ២០២០​ ខណៈពេលដែលបរិមាណ នៃការលក់រាយក្នុងនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២២នេះមានភាពយឺតយ៉ាវ៕

តើ​ដំណើរ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​​ចីរភាព​នៅ​កម្ពុជាធ្វើឡើងដោយរបៀបណា

ដោយៈ សហសេវិក

ភ្នំពេញៈ អង្គការសហប្រជាជាតិបានបញ្ចប់នូវផែនការអភិវឌ្ឈន៍សហសវត្សរ៍របស់ខ្លួននៅឆ្នាំ២០១៥ និងបានចាប់ផ្តើមនូវគោលនយោបាយថ្មី តាមរយៈអ្វីដែលខ្លូនហៅថា “គោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលបានចាប់ផ្តើមពីឆ្នាំ២០១៥ ដល់់ឆ្នាំ២០៣០។​

តើប្រទេសកម្ពុជាកំពុងដើរលើផ្លូវរបៀបណា ដើម្បីសម្រេចគោលដៅនេះ?
យោងតាមអង្គការសហប្រជាជាតិបានបង្ហាញថា នៅ​ក្នុង​ឆ្នាំ​ ២០០៣​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ត្រូវ​បាន​ផ្តោត​ជា​ថ្មី​សម្រាប់​ការ​កំណត់​មូលដ្ឋាន​ នៅ​ពេល​ដែល​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ ត្រូវ​បាន​អនុម័ត​។​

វា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​ទៅ​នឹង​ភាព​ជាក់ស្តែង​នៅ​ក្នុង​តំបន់​ កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ និង​ដោយ​បាន​រួម​ប​ញ្ជូ​ល​នូវ​គោលដៅ​ចំនួន​៩​ ដើម្បី​រៀបចំ​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​។​ យ៉ាងណាមិញ​ អ្នក​អង្កេត​ការ​ជា​ច្រើន​បាន​ជឿជាក់​ថា​ ការ​ផ្តោត​សំខាន់​នៃ​គោលដៅ​ទាំងនេះ​ នៅ​តែ​ទាមទារ​ទស្សនវិស័យ​សកល​ជា​ច្រើន​ ដែល​រាំងស្ទះ​ដល់​ការ​អនុវត្ត​មូលដ្ឋាន​នៃ​របៀបវារៈ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​

ការ​ស្វែង​យល់​ពី​ទំនាក់ទំនង​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហ្ស​វ​ត្យ​រ៍​នីមួយៗ​ ហើយនឹង​តម្រូវការ​នៃ​ចំណេះដឹង​ និង​ការ​យល់​ឃើញ​ដូច​គ្នា​ នៅ​កម្រិត​ប្រទេស​គឺជា​កត្តា​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​។

ឧទាហរណ៍​
សូចនាករ​ ដែល​ផ្តោត​លើ​ការងារ​ផ្លូវការ​ មិន​បាន​រួម​បញ្ចូល​បរិមាណ​ខ្ពស់​នៃ​ស្ត្រី​ដែល​បាន​ធ្វើ​ការងារ​មិន​ផ្លូវការ​នោះ​ទេ។ វឌ្ឍនភាព​សេដ្ឋកិច្ច​ ដោយ​ទាញ​យក​ធនធានធម្មជាតិ​ ដែល​មាន​សារៈសំខាន់​សម្រាប់​សុ​វត្ថ​ភាព​អាហារ​ គឺ​ផ្ទុយ​នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​​ចី​រភាព។

ប្រជាជន​ភាគច្រើន​នៅ​តំបន់​ជនបទ ​នៃ​ប្រទេស​កម្ពុជា​ មាន​កម្រិតជីវភា​ព​ លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិច​ប៉ុណ្ណោះ​ ហើយ​ពួក​គេ​មាន​ភាព​ងាយ​រង​គ្រោះ​ នឹង​សេដ្ឋកិច្ច​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​អាច​នឹង​ប៉ះពាល់​ដល់ចំណុច​ដៅ​មួយ​ចំនួន​​។

ឯកសាររបស់អង្គការសហប្រជាជាតិបានបង្ហាញថា របៀបវារៈ​ការ​អភិ​វឌ្ឍ​ប្រកបដោយ​និរន្តរភាព​ឆ្នាំ​ ២០៣០​ ត្រូវ​បាន​ផ្សព្វផ្សាយ​ ខណៈ​ដែល​មានការ​ចូលរួម​ និង​សមភាព​កាន់តែ​ច្រើន​។​ ដូច្នេះ​ហើយ​ កិច្ចការ​សម្របសម្រួល​នៃ​ការ​ធ្វើ​ផែនការ​ និង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាមួយនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ នៅ​ក្នុង​មូលដ្ឋាន​នានា​ ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ ត្រូវ​បាន​កំណត់​ជា​អាទិភាព​។​

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព
ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​បាន​ចាប់ផ្តើម​ជាមួយនឹង ​សិក្ខាសាលា​ជា​ច្រើន​លើក​ច្រើន​សារ ​​ដែល​បាន​ប្រារព្ធ​ឡើង​ដោយ​ក្រសួងផែនការ​ មុន​ពេល​នៃ​ការ​បំពេញ​របៀបវារៈ​ សហស្ស​វត្សរ៍រួចរាល់​។​
អ្នកចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ទាំងនេះ​ រួម​មាន​អ្នកតំណាង​មក​ពី​ស្ថាប័ន​រ ដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ដែល​ជា​អ្នក​ពិនិត្យ​លើចំណុច​ដៅ​ និង​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រក​បដោយ​ចីរភាព​នីមួយៗ​ ក្នុង​ការ​បញ្ជ្រាប​គោលដៅ​ទាំង​នោះ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជូនដំណឹង​ពួក​គេ​ពី​ការងារ​ របស់​ក្រុមការងារ​បច្ចេកទេស​។​

ក្រុម​ទាំងនេះ ​ត្រូវ​អភិវឌ្ឍ​ផែនការ​ជាក់លាក់​ជា​ច្រើន ​ទៅ​តាម​មុខងារ ​ផ្សេងៗ​ នៃ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​

ការ​ពិចារណា​ពី​ទំហំ​នៃ​បញ្ហា​គ្របដណ្តប់​ ដោយចំណុច​ដៅ​នានា​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ វា​គឺ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​គិតគូរ​ ថា​តើ​របៀបវារៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នានា ​របស់​របៀបវារៈ​សហ្ស​វ​ត្យ​រ៍​បាន​យ៉ាងដូចម្តេច​។​

រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​មិន​ធ្វើការ​គ្រោង​យុទ្ធសាស្ត្រ​ថ្មីៗ​ ដើម្បី​សម្រេ​ច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ​ប្រកបដោយ​ចីរភាព​នោះ​ទេ​ រហូត​ទាល់តែ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣​ ត្រូវ​បាន​បង្កើត​។​
​ដូច្នេះ​ហើយ​ ការ​សិក្សា​ពី​ការ​តម្រែតម្រង់​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រក​ប​ដោយ​ចីរភាព​ជាមួយនឹង​ផែនការ​ និង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​ ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨)​ ជាដើម​ ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​កំណត់​នូវ​ភាព​ខ្វះចន្លោះ​នានា​ ដែល​ផែនការ​ និង​គោលនយោបាយ​ទាំងនេះ ​មិន​បាន​សង្គតិភាព​ទៅ​នឹង​ចំណុច​ដៅ ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ចំណុចដៅ​ទាំង​១៦៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

– ចំណុច​ដៅ​ចំនួន​ ៤៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​ចំនួន​
១៦​ ដំបូង​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​អាច​ជា​មធ្យោបាយ​នៃ​ការ​អនុវត្ត​។​ ចំណុច​ដៅ​ទាំងនេះ​ សំដៅ​រក​ការ​ផ្តល់​ហិរញ្ញប្បទាន ​នៃ​គោលដៅ​អនាគត​ និង​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់ ​ក្រៅពី​គោលនយោបាយ​ដែល​មាន​នោះ​ទេ​។
គោលដៅ​ចំនួន​៤​ ទៀត​ត្រូវ​បាន​ចាត់​ទុក​ថា​ មិន​អាច​អនុវត្តន៍​បាន​ សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះថា​គោលដៅ​ទាំងនេះ​ សំដៅលើ​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ជា​អន្តរជាតិ​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ទៅ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

​ចំនែកចំណុច​ដៅ​១៣​ទៀត​នៃ​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៧​ -​ ភាព​ជា​ដៃគូ​ ដើម្បី​សម្រេច​គោលដៅ​”​ ទាមទារ​ព័ត៌មាន​ច្រើន​អំពី​គោលនយោបាយ​ និង​ស្ថាប័ន​ខាងក្រៅ​។​

– ចំណុចដៅ​ទាំង​១៦៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​
ចំណុច​ដៅ​ចំនួន​៤៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ​ចីរភាព​ចំនួន​ ១៦​ ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​អាច​ជា​មធ្យោបាយ​នៃ​ការ​អនុវត្ត​។​ ចំណុច​ដៅ​ទាំងនេះ ​សំដៅ​រក​ការ​ផ្តល់​ហិរញ្ញប្បទាន ​នៃ​គោលដៅ​អនាគត​ និង​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់ ​ក្រៅពី​គោលនយោបាយ​ដែល​មាន​នោះ​ទេ​។​

​ ​គោលដៅ​ចំនួន​៤​ ទៀត​ត្រូវ​បាន​ចាត់​ទុក​ថា​ មិន​អាច​អនុវត្តន៍​បាន​ សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះថា​គោលដៅ​ទាំងនេះ​ សំដៅលើ​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ជា​អន្តរជាតិ​ ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ទៅ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​ចំនែកចំណុច​ដៅ​១៣​ទៀត​នៃ​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៧​ -​ ភាព​ជា​ដៃគូ​ ដើម្បី​សម្រេច​គោលដៅ​”​ ទាមទារ​ព័ត៌មាន​ច្រើន​អំពី​គោលនយោបាយ​ និង​ស្ថាប័ន​ខាងក្រៅ​។​

– ចំណុច​ដៅ​ដែល​នៅ​សល់​ចំនួន​ ១០៩​ទៀត​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​
​រហូត​ទៅ​ដល់​ ៨៥​នៃចំណុចដៅ​ (៧៨%)​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ និង​គោល​នយោបាយ​​ជាតិ​។​

​ចំណុច​ដៅ​ចំនួន​ ១៧​ កំពុង​ត្រូវ​បាន​លើក​ឡើង​ដោយ​ផ្នែកៗ​តែ​ប៉ុណ្ណោះ​។​ ចំណុច​ដៅ​ចំនួន​ ៧​ ទៀត​មិន​ត្រូវ​បាន​លើក​ឡើង​នោះ​ទេ​។​

​ភាព​ខ្វះចន្លោះ​ដែល​កំពុង​មាននៅ​ក្នុង​គោលនយោបាយ​បណ្តាល​មក​ពី​ហេតុផល​មួយ​ចំនួន​ រួម​មាន​៖
​ចំណុចដៅ​របស់​រដ្ឋាភិបាល​ដែល​មាន​ស្រាប់​ មិន​ទាន់​មាន​មហិច្ឆតា​គ្រប់គ្រាន់​នៅឡើយ​។
​មិន​មាន​សកម្មភាព​គោលនយោបាយ​គ្រប់គ្រាន់​ ដើម្បី​ពន្យល់​ពី​របៀប​ដើម្បី​សម្រេច​បាន​នូវ​គោលនយោបាយ​ទាំងនោះ​។

​មិន​មានការ​លើក​ឡើង​នូវ​តម្រូវការ​នានា​នៃ​ក្រុម​ជន​ងាយ​រង​គ្រោះ​ មាន​ដូច​ជា​ ស្ត្រី​ កុមារ​ ពលរដ្ឋ​រស់នៅ​ជាមួយនឹង​ពិការ​ភាព​ ឬ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ ដែល​មាននៅ​ក្នុង​កិច្ចប្រជុំ​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ​ទេ​។​

បញ្ហា​ចម្បង​នានា ​នៃ​កង្វះខាត​ការ​យកចិត្តទុកដាក់​រួម​មាន​ វិសមភាព​យេ​ន​ឌ័​រ​ ការ​បែងចែក​ដោយ​សមធម៌ ​នូវ​រាល់​ផលប្រយោជន៍​ បាន​មក​ពី​ធនធានធម្មជាតិ​ទៅ​ដល់​ក្រុម​ជន​ងាយ​រង​គ្រោះ​ ការ​ប្រឈម​នានា​នៃ​ប្រជាជន​រស់នៅ​ទីក្រុង​ និង​ការ​ដាក់​បញ្ចូល​នូវ​ក្រុម​ងាយ​រង​គ្រោះ​នានា​ នៅ​ក្នុង​ដំណើរការ​សម្រេចចិត្ត​។​

កង្វះ​ចន្លោះ​នៃ​ការ​ធ្វើ​ផែនការ​ និង​គោលនយោបាយ​ទាំងនេះ​រួម​មាន​ បញ្ហា​អន្តរ​វិស័យ​ ឬ​ឆ្លងកាត់​វិស័យ​ជា​ច្រើន​។​ នេះ​មាន​ន័យ​ថា​ ខណៈ​ដែល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ មានការ​ផ្គូរ​ផ្គង​កាន់តែ​ច្រើន​ជាមួយ​ផែនការ​ និង​គោលនយោ​បាយ​​របស់​រដ្ឋាភិបាល​ ជាង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ដែល​ធានា​ថា​ ផែនការ​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​រួម​គ្នា​ ជា​ពិសេ​ស​នៅ​ថ្នាក់​ក្រោម​ជាតិ ​នឹង​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​។​

កង្វះ​ចន្លោះ​នៃ​ការ​ធ្វើ​ផែនការ​ និង​គោលនយោបាយ​ទាំងនេះ​ បាន​ក្លាយជា​ចំណុច​ផ្តោត​សំខាន់​ សម្រាប់​ការ​បង្កើត​ចំណុចដៅ​នានា​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ ​នឹង​ចំណុចខ្វះខាត​ ដែល​មិន​ទាន់​បាន​បំពេញ ​ខណៈ​ពេល​កំពុង​អនុវត្ត​គោលដៅ​អភិវឌ្ឍ​សហ្ស​វ​ត្យ​រ៍​។​

មធ្យោបាយ​នៃ​ការ​អនុវត្ត​ គឺជា​ចំណុច​ផ្តោត​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​ចំណុច​ដៅ​របស់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ខ្វះខាត​ ដែល​បាន​រក​ឃើញ​ នៅ​ពេល​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​

ធនធាន​នានា​ ដែល​ត្រូវការ​មាន​រួម​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​មិនមែន​ហិរញ្ញប្បទាន​ រួម​ទាំង​អភិបាលកិច្ច​ជាតិ​ និង​សកល​។

ប្រទេស​កម្ពុជា​ នឹង​ត្រូវការ​ប្រើប្រាស់​ប្រភេទ​ធនធាន​ទាំងនេះ ​នៅ​គ្រប់​កម្រិត​នីមួយៗ​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ទាំងនោះ​។​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​ជាស​កល​
នៅ​ឆ្នាំ​២០១៧​ កម្ពុជា​ទទួល​បាន​ថវិកា​ចំនួន​១,៣៥​លាន​ សម្រាប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ដែល​ច្រើន​ជាង​ឆ្នាំ​២០១៦​។​ យ៉ាងណា​ក៏​ដោយ​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ត្រូវ​បាន​សន្និដ្ឋាន​ថា​នឹង​ធ្លាក់​ចុះ​ ពី​ឆ្នាំ​២០១៤​ ទៅ​ឆ្នាំ​២០១៨​ ដោយ​មាន​កំណើន​ផ្នែក​កម្ចី​ និង​ការ​ធ្លាក់​ចុះ​ជំនួយ​។

កម្ពុជា​ បាន​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ នៅ​ឆ្នាំ​២០១៦​ ហើយ​អាច​នឹង​ចាក​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ក្នុង​រយៈពេល​តែ​១​ទស្សវត្សរ៍​។​ ស្ថានភាព​ជំនួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តាម​រយៈ​ធនាគារ​ពហុភាគី​ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ​ដែល​មាន​ភាព​អនុគ្រោះ​ គឺ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

ឥទ្ធិពល​ទាំងនេះ​ភាគច្រើន​គឺ​ពី​ប្រទេស​ចិន​ ដែល​ក្លាយជា​ប្រភព​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ចំបង​។

ស្ថាប័ន​ដែល​ផ្តល់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​អេ​ហ្វ​ ឌី​ អាយ​)​ កាន់តែ​ដើរតួរ​សំខាន់​ជាង​មុន​។​ វា​កើតឡើង​តាម​រយៈ​យន្តការ​ដូច​ជា​ មូលនិធិ​បៃតង​សម្រាប់​បម្រែបម្រួល​អាកាសធាតុ​ ដឹកនាំ​ដោយ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC)​ ព្រមទាំង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ (AIIB)​។​

យន្តការ​ហិរញ្ញវត្ថុ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​អាច​ឱ្យ​ការ​វិនិយោគ​វិស័យ​ឯកជន​ អាច​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋ​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កិច្ច​ផ្តួចផ្តើម​និរន្តរភាព​។​

ការ​លេចឡើង​នៃ​ធនាគារ ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ (AIIB)​ មាន​សក្តានុពល​ក្នុង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​របៀប ​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញ ​តាម​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

គោលបំណង​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB)​ គឺ​ធ្វើការ​បំពេញ​ មិនមែន​ជា​ការ​ប្រកួតប្រជែង​ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុ​ពហុភាគី​។​ យ៉ាងណា​ក៏​ដោយ​របៀបវារៈ​ របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB)​ ផ្តោត​លើ​ពាណិជ្ជកម្ម​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ជាង​វិធីសាស្ត្រ​ដែល​ដឹកនាំ​ដោយ​ម្ចាស់​ជំនួយ​ដែល​មាន​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ​។​

ការ​ផ្តោត​ការ​យកចិត្តទុកដាក់​នេះ​ គឺ​ផ្អែក​លើ​គោលការណ៍​ចំនួន​ប្រាំ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​ស​ឆ្នាំ​ ២០១៤​ ស្តី​ពី​ជំនួយ​បរទេស​របស់​ចិន​។​ គោលការណ៍​ខ្លះ​មាន​ភាពចម្រូងចម្រាស ដែល​រួម​មាន​ មិន​ជ្រៀតជ្រែក​កិច្ចការ​អធិបតេយ្យភាព​ មិន​មាន​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ​ ជា​ពិសេស​ទាក់ទង​នឹង​អភិបាលកិច្ច​ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលនយោបាយ​ “​ចិន​តែ​មួយ​”​ ដោយ​គោរព​ទំនាក់ទំនង​ជាមួយ​ប្រទេស​តៃវ៉ាន់​។​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​កម្រិត​ថ្នាក់​ជាតិ​
ខណៈ​ដែល​ជា​ប្រទេស​ដែល​មាន​ទំហំ​តូច​ មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្រិត​ថ្នាក់​ជាតិ​ របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ពឹងផ្អែក​ស្រប​ទៅ​នឹង​កំណើន​នា​ពេល​ថ្មីៗ​នេះ ​របស់​ប្រទេស​នេះ​។​ ប្រទេស​កម្ពុជា​បាន និង​កំពុង​បង្កើន​មូលនិធិ​ផ្ទាល់ខ្លួន​ សម្រាប់​ការ​អភិវឌ្ឍ​ តាម​រយៈ​ចំណូល​ដែល​បាន​មក​ពី​ពន្ធ​ និង​ចំណូល​មិនមែន​ពន្ធ​របស់​រដ្ឋាភិបាល​។​

ឧ​ទារ​ហណ៍​ ចំណូល​រដ្ឋាភិបាល​ជា​សរុប​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ មាន​ចំនួន​ ៣.៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ឬ​១៨​ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ជា​ភាគរយ​ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ បាន​កើនឡើង​ពី​១០​ភាគរយ​ មក​១៥ ភាគរយ​ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ​ ២០១៦​នេះ​។​ ភាពល្អ​ប្រសើរ​ទាំងនេះ​ ត្រូវ​បាន​នាំ​មក​ដោយ​យុទ្ធសាស្ត្រ​គៀងគរ​ធនធាន​ឆ្នាំ​ ២០១៤-២០១៨​ របស់​រដ្ឋាភិបាល​។​ គោលបំណង​នៃ​យុទ្ធសាស្ត្រ​នេះ​ គឺ​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋបាល​ផ្នែក​ពន្ធដារ​បាន​ប្រសើរ​ឡើង​ តាម​រយៈ​ការ​កែ​លម្អ​តាម​ការ​អនុលោម​នៃ​ច្បាប់​ ជាមួយនឹង​បទបញ្ញត្តិ​ដែល​មាន​ស្រាប់​ ដោយ​គ្មាន​ការ​ព​ង្រឹ​ក​បន្ថែម​នូវ​ទំហំ​នៃ​ការ​ប្រមូល​ពន្ធ​ ឬ​អត្រា​នៃ​ពន្ធ​នោះ​ឡើយ​។​

ភាព​ជា​ដៃគូ​នៃ​វិស័យ​សារ​ធារ​ណៈ​ និង​ឯកជន​ ក៏​ជា​យុទ្ធសាស្ត្រ​ផ្សេង​មួយទៀត​ ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រហាក់ប្រហែល​គ្នា​ ដោយ​ប្រទេស​កម្ពុជា​ ដើម្បី​ឈាន​ដល់​ការ​ប្រើប្រាស់​ធនធាន ​សម្រាប់​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​ ការ​ប៉ាន់​ប្រមាណ​តាម​បែប​អភិរក្សនិយម​មួយ​បាន​លើក​ឡើង​ថា​ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទំហំ​១២​ ទៅ​១៦​ លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក​ នឹង​ត្រូវ​បាន​ស្នើ​សុំ​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​តម្រូវការ​នៃ​ដំណើរការ​នគរូបនីយកម្ម​ និង​ឧស្សាហូបនីយកម្ម ​នៅ​ក្នុង​រយៈពេល​ ២០១៣-២០២២​។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត ​លើ​គោលនយោបាយ​ស្តី​ពី​ ភាព​ជា​ដៃគូ​នៃ​វិស័យ​ឯកជន​ និង​សាធារណៈ​ ដើម្បី​សម្រួល​ដល់​បរិយាកាស​ពាណិ ជ្ជកម្ម​ដែល​បាន​កែ​លម្អ​ ដល់​ភាព​ជា​ដៃគូ​នេះ​ ធ្វើការ​អភិវឌ្ឍ​ និង​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុង​បន្ត​ទាំងឡាយ​រួម​មាន​ អំពើ​ពុក​រលួយ​ ភាព​មិន​ច្បាស់ លាស់​នៃ​បទបញ្ញត្តិ​ អ​ស្ថេ​រ​ភាព​នយោបាយ​ កង្វះខាត​នៃ​ការ​ទទួល​បាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ និង​តម្លៃ​សមរម្យ​ រួម​ទាំង​បញ្ហា​ផ្សេងៗ​ ដែល​ជា​ឧបសគ្គ​ដល់​ការ​វិនិយោគ ​នៃ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​។

រដ្ឋាភិបាល​ កំពុង​រៀបចំ​សៀវភៅ​ណែនាំ​អំពី​លទ្ធកម្ម ​របស់​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន​ និង​សារ​ធារ​ណៈ​ ដែល​ពេល​នេះ​សៀវភៅ​នេះ​នៅ​ជា​ឯកសារ​ព្រាង​នៅឡើយ​។ សៀវភៅ​ណែនាំ​នេះ​ នឹង​ផ្តល់​ព័ត៌មាន​អំពី​យន្តការ​នានា ​ដែល​វិស័យ​ឯកជន​អាច​ប្រើប្រាស់ ​ដើម្បី​ជម្រុញ​ការ​ផ្តល់​សេវា​ហេ​ដ្ឋា​សម្ព័ន្ធ​ ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ជា​ការ​ឆ្លើយ​តប​ប្រសើរ ​ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា
ក្រុមការងារ​បច្ចេកទេស​ គឺជា​គន្លឹះ​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ ដើម្បី​ធ្វើការ​ស​ម្រ​ច​ចិត្ត​អំពី​វិធី​ក្ន​ង​ការ​បន្ត​បញ្ចូល​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទៅ​ក្នុង​ដំណើរការ​ និង​យុទ្ធសាស្ដ្រ​ផែនការ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ ខណៈ​ដែល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បាន​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ លើ​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​ទាំងនេះ​ មិនមែន​រាល់​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ទាំងអស់​ នឹង​អាច​ត្រូវ​បាន​អនុវត្តន៍​ស្មើៗ​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​។

ការ​តាមដាន​វឌ្ឍនភាព ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិ វឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ គឺ​តម្រូវ​ឱ្យ​មានការ​យល់​ដឹង​អំពី​មូលហេតុ​នៃ​ការ​មិន​មាន​វឌ្ឍនភាព​ ដែល​មាន​ភាព​រាំងស្ទះ​ និង​ការ​ផ្សារ​ភ្ជាប់​សក្តានុពល​ និង​ការ​ផ្លាស់​ប្តូរ​ដែល​អាច​ធ្វើ​ឱ្យ​ឆ្លង​ផុត​នូវ​ដែន​កំណត់​ទាំងនេះ​។

វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (NIS)​ នឹង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ សម្រាប់​ការ​ត្រួតពិនិត្យ​ដែល​មានការ​ចូលរួម​ និង​រួម​បញ្ចូល​គ្នា​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ នៅ​ក្នុង​ ២៨​ ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ និង​ស្ថាប័ន​ផ្សេងៗ​ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​ទិន្នន័យ​ត្រូវ​បាន​ប្រមូល​។​

ការ​សម្របសម្រួល​នៃ​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ទិន្នន័យ​នេះ​ គឺ​ផ្អែក​លើ​មុខងារ​របស់​ក្រុមការងារ​បច្ចេកទេស​១៩​ក្រុម​ខុសៗ​គ្នា​ ដើម្បី​សម្របសម្រួល​ដំណើរការ​រៀបចំ​ផែនការ​ និង​គោលនយោបាយ​ក្នុង​ការ​ឆ្លើយ​តប​។​

វា​មាន​សារៈសំខាន់ ​សម្រាប់​ការ​ធ្វើ​ឱ្យ​ដំណើរការ​ផែនការ ​នៅ​ថ្នាក់​តំបន់​មាន​ភាព​ស្របគ្នា ​ជាមួយ​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ថ្នាក់​ជាតិ​ ដែល​ទទួល​ឥទ្ធិពល​ពី​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ ​ប្រកបដោយ​​ចី​រភាព​ក្នុង​ឆ្នាំ​២០៣០​។

ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ នៃ​ទិន្នន័យ​ត្រួតពិនិត្យ​ដែល​មានគុណ​ភាព​ខ្ពស់ ​ក្នុង​ទម្រង់​ដែល​អាច​ចូល​ទៅ​បាន​ដល់ ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​គឺ​មាន​សារៈសំខាន់​។​ ដោយសារ​តែ​ការ​ពឹងផ្អែក​ទៅ​វិញ​ ទៅ​មករ​វាង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​១៧​ វា​នឹង​មាន​សារៈសំខាន់​ដើម្បី​រក្សា​ការ​ឃ្លាំមើល​ជាក់លាក់​នៃ​គោលដៅ​នីមួយៗ​។​

វា​ក៏​សំខាន់​ផង​ដែរ​ ដែល​ព័ត៌មាន​នេះ ​មាន​ភាព​ងាយស្រួល​យល់​សម្រាប់​ប្រជាជន​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​កែ​លម្អ ​គណនេយ្យ​ភាព​របស់​ក្រសួង​រដ្ឋ​៕