ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្នុងឱកាសចូលរួមម្មវិធីមួយ ដែលផ្តល់ជំនួយដោយUSAID នៅកម្ពុជា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានមានប្រសាសន៍ថា កម្ពុជាត្រូវតែបង្កើនការប្រកួតប្រជែង នៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាននៅកម្ពុជា កាលពីថ្ងៃទី ៤ សីហា លោកAnthony Blinken បានឆ្លៀតចូលរួមក្នុងកម្មវិធី ប្រកាសអំពីការផ្តល់មូលនិធិសន្តិសុខស្បៀង ក្រោមជំនួយពីទីភ្នាក់ងារUSAID ដោយលោកលើកឡើងថា កម្ពុជាបាននាំផលិតផលជាច្រើន ទៅកាន់សហរដ្ឋអាមេរិក និងពិភពលោក។
លោកបានបន្តថា “ក្នុងចំណោមផលិតផលទាំងនោះ គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានគេទទួលស្គាល់ថា ពិតជាមានគុណភាពល្អ”។ លោកបញ្ជាក់ទៀតថា “ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលពឹងផ្អែកទៅលើវិស័យកសិកម្ម ជាប្រភពចំណូលចម្បងរបស់ពួកគេ វិធីសាស្ត្រផលិតកម្មកសិកម្មត្រូវតែធ្វើទំនើបកម្ម”។
លោកAnthony Blinken បានបន្តថា កម្ពុជាត្រូវតែបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដែលមានន័យថាការកែលម្អ លទ្ធភាពទទួលបានហិរញ្ញវត្ថុ បង្កើនតម្លៃបន្ថែម កាត់បន្ថយការប្រឈមនឹងហានិភ័យអាកាសធាតុ ការកែលម្អគុណភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដាសុវត្ថិភាព និងការបង្កើនលទ្ធភាពទទួលបានសេវាកសិកម្ម។
ជាមួយគ្នានេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា Harvest III នឹងជួយកសិករជាច្រើនឱ្យបង្កើនការធ្វើពាណិជ្ជកម្ម និងនាំយកនូវបច្ចេកវិទ្យាទំនើប ដែលនឹងអាចជួយបង្កើនផលិតភាព និងទទួលបានតម្លៃបន្ថែម ពីការផលិតនូវផលិតផលទាំងនោះ និងទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបញ្ជាក់ថា ភ្នាក់ងារទាំង ២ USAID និង US Department of Agriculture បាននិងកំពុងអនុវត្តនូវកម្មវិធីជួយ ដល់ការផ្តល់មូលនិធិសន្តិសុខស្បៀង ប្រកបដោយភាពធន និងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
គម្រោង Harvest ក្រោមជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ(USAID) នេះបានដំណើរការ២ដងមកហើយ ដោយគម្រោងកម្ពុជាហាវែសII ។
ក្នុងរយៈពេល៥ឆ្នាំកន្លងមក គម្រោងកម្ពុជាហាវែស II បានជួយផ្នែកឯកជនបង្កើនទុនវិនិយោគប្រមាណ២៨លានដុល្លារ បង្កើតការងារបានជាង ២៥០០កន្លែង គាំទ្រដល់ការអភិវឌ្ឍ គោលនយោបាយកសិកម្មចំនួន១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង៧៥លានដុល្លារ៕