គំរោង Green Zone Residence កំពុងទទួលបានការចាប់អារម្មណ៍ច្រើន

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ គំរោងផ្ទះលំហែរ តម្លៃសមរម្យGreen Zone Residenceបាន និងកំពុងទទួលបានការចាប់អារម្មណ៍ និងទិញច្រើនពីអ្នកចង់បានផ្ទះលំហែរនៅជាយក្រុងភ្នំពេញ។

គំរោងលំនៅដ្ឋានផ្សារភ្ជាប់ជាមួយធម្មជាតិ សួនកំសាន្ត កន្លែងហាត់ប្រាណ និងម៉ូតផ្ទះនិមួយៗត្រូវបានរចនាឡើង សម្រាប់ការលំហែរ អាំងសាច់BBQ និងសំរាកប្រកបដោយផាសុខភាព បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបតម្រូវការអតិថិជន។

លោកឧកញ៉ាម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលនៃគំរោងGreen Zone Residenceបានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យបាននិងកំពុងប្រែប្រួល ពិសេសទីផ្សារដីឡូត៍ និងផ្ទះលំហែរ ដោយការការរីកចម្រើន នៃជីវភាពប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាជនមានលទ្ឋភាពទិញផ្ទះលំហែរកាន់តែច្រើន សម្រាប់ការកំសាន្តនាពេលចុងសប្តាហ៍។

លោកបន្តថា “គំរោងGreen Zone Residenceបាននិងកំពុងអភិវឌ្ឍន៍៍ឡើង ឆ្លើយតបនឹងតម្រូវការ និងរសនិយមរបស់ប្រជាពលរដ្ឋ ដែលកាន់តែស្រលាញ់ធម្មជាតិ និងចង់ផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ”។ លោកបន្តថា “លំនៅដ្ឋានរបស់យើងបានរចនាឡើងយ៉ាងពិសេស សំរាប់ការលំហែ​រជាលក្ខណៈគ្រួសារ និងផ្តល់់ការរស់នៅប្រកបដោយ ផាសុខភាពជាចម្បង”។

លំនៅដ្ឋាននៃគំរោងGreen Zone Residenceមានតម្លៃជាងពីរម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ជាតម្លៃមួយសមស្របនិងសម័ក្តិសម សម្រាប់អ្នកមានជីវភាពមធ្យម និងលើសមធ្យម។

ចង់បានលំនៅដ្ឋានបែបនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ០១២ ៩៩៩ ៦៨៧, ០១០ ៥៩៩ ៥៨៧៕

Ford បោះទុន ៣,៧ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីសុទ្ធ F-150 Lightning

ដោយៈ សុខុម

អន្តរជាតិ: ក្រុមហ៊ុន Ford បានប្រកាសបោះទុនវិនិយោគថ្មី៣,៧ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ក្នុងរដ្ឋចំនួន៣ដូចជារដ្ឋ Michigan រដ្ឋ Ohio និងរដ្ឋ Missouri ដើម្បីផលិតរថយន្ត Mustang ស៊េរីថ្មី និងបង្កើនការផលិតរថយន្តដឹកទំនិញ និងរថយន្ត Van រួមទាំងម៉ូឌែលរថយន្តអគ្គិសនីថ្មីៗផងដែរ។

ក្រុមហ៊ុនផលិតរថយន្តអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋ Michigan នេះបានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងវិនិយោគ២ពាន់លានដុល្លារ នៃទំហំវិនិយោគសរុបនៅក្នុងរដ្ឋខាងលើនេះ ដែលនឹងជួយបង្កើតការងារថ្មីៗបានចំនួន២.០០០កន្លែង។

ការវិនិយោគថ្មីនេះ គឺដើម្បីបង្កើនការផលិតរថយន្ត ប្រើអគ្គិសនីសុទ្ធ F-150 Lightning ឱ្យបានចំនួន ១៥០.០០០គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនទទួលបានការបញ្ជាទិញរថយន្តអគ្គិសនី F-150 Lightning ប្រមាណ២០០.០០០គ្រឿងរួចមកហើយ។

ការវិនិយោគនេះ ក៏សម្រាប់ការផលិតរថយន្ត Ford Ranger និងរថយន្ត Ford Mustang ផងដែរ ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់ផែនការលម្អិតថា តើរថយន្ត Ford Mustang ស៊េរីក្រោយនឹងប្រើថាមពលអគ្គិសនី ឬយ៉ាងណានោះទេ។

ទន្ទឹមនេះ ទឹកប្រាក់បន្ថែមចំនួន៣៥លានដុល្លារ ផ្សេងទៀតនឹងត្រូវប្រើប្រាស់ សម្រាប់បង្កើតមជ្ឈមណ្ឌលសេវាអតិថិជន និងវេចខ្ចប់ថ្មីដែលនឹងដឹកជញ្ជូនគ្រឿងបន្លាស់រថយន្ត ទៅឱ្យអតិថិជនដោយផ្ទាល់ផងដែរ៕ CNN៕

រដ្ឋាភិបាលអនម័តគម្រោងវិនិយោគ ៣១គម្រោង ក្នុងនោះកំពង់ស្ពឺទទួលបានគម្រោងច្រើនជាងគេបន្ទាប់ពីភ្នំពេញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដើមឆ្នាំ២០២២នេះ កម្ពុជាបន្តអនុម័តគម្រោងវិនិយោគជាបន្តបន្ទាប់ឡើងវិញ និងមានសន្ទុះកាន់តែកើនឡើងក្នុងនោះ រយៈពេល៣ខែចុងក្រោយនេះ ពោលគឺចាប់តាំងពីដើមខែមីនា ដល់ដំណាច់ខែឧសភា ២០២២នេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣១ ដែលខេត្តកំពង់ស្ពឺទទួលបានគម្រោងច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបូកដោយ Property area បានបង្ហាញថា គម្រោងទាំង៣១ដែលបានអនុម័តក្នុងរយៈពេល៣ខែចុងក្រោយនេះ ឃើញថាភ្នំពេញទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺចំនួន១០គម្រោង ហើយកំពង់ស្ពឺមានចំនួន៨គម្រោង ក្រៅពីនោះ មាននៅខេត្តព្រះសីហនុចំនួន៥គម្រោង តាកែវ៤គម្រោង កណ្ដាល២គម្រោ ស្វាយរៀង២គម្រោង និងកំពង់ចាម១គម្រោង ។

មិនខុសពីអ្វីដែលអ្នកជំនាញ នៃវិស័យអចលនទ្រព្យមើលឃើញពីសក្ដានុពលវិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺថា នឹងមានការទាក់ទាញទៅលើរោងចក្រឧស្សាហកម្មកាន់តែច្រើនបន្ថែមទៀត ។

ប្រធានសាខារបស់ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា តម្រូវការដីធ្លីសម្រាប់ប្រើប្រាស់នៅក្នុងខេត្តនេះ ពិតជាមានកំណើនច្រើនមែនរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយកំណើនរោងចក្រថ្មីៗ នៅក្នុងខេត្តនេះក៏មានច្រើនដែរ ។

លោកប៊ូ សេងហូ អ្នកជំនាញប្រចាំខេត្តមួយនេះ បានលើកឡើងកាលពីកូវីដ១៩ តំបន់មួយចំនួនបានផ្អាកការសាងសង់រោងចក្រ តែក្រោយស្ថានភាពមានភាពប្រសើរ ឃើញថាតំបន់នោះបានកម្រើកឡើងវិញ ក្នុងនោះយើងមើលឃើញថាស្រុកគង ពិសីមានការទិញលក់ដីធ្លី និងមានសកម្មភាពសាងសង់រោងចក្រច្រើនជាងគេ ។

ចំណែកលោកវ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិក៏បានលើកឡើងថា បណ្ដាខេត្តខាងភ្នំពេញ នឹងមានតម្រូវការនិងការវិនិយោគច្រើននៅពេលអនាគត ដូច្នេះអ្នកវិនិយោគដីធ្លី អាចងាកទៅទិសខាងលិច ដើម្បីទទួលបានប្រាក់ចំណេញ នៅពេលអនាគត៕

ទីភ្នាក់ងារអាមេរិក Fitch Ratings សម្រេចដកចេញវិញនូវការវាយតម្លៃគុណភាពឥណទានលើក្រុមហ៊ុនអភិវឌ្ឍន៍ចិន Evergrande

ដោយៈសុខុម

ហុងកុង: ទីភ្នាក់ងារអាមេរិក Fitch Ratings បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ថា ខ្លួនបានសម្រេចដកចេញវិញហើយ នូវការវាយតម្លៃរបស់ខ្លួន លើគុណភាពឥណទាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group និងបុត្រសម្ព័ន្ធចំនួន២របស់ក្រុមហ៊ុននេះដោយសារក្រុមហ៊ុនទាំងនេះ បានឈប់ចូលរួមក្នុងដំណើរការនេះ។

ទីភ្នាក់ងារវាយតម្លៃតុណភាពឥណទានមួយនេះ ​កាលពីខែធ្នូ ចុងឆ្នាំ២០២១ បាននិយាយថា ក្រុមហ៊ុន Evergrande និងបុត្រសម្ព័ន្ធ២របស់ក្រុមហ៊ុននេះរួមមានក្រុមហ៊ុន Hengda Real Estate Group Co Ltd និងក្រុមហ៊ុន Tianji Holding Ltd បានខកខានទូទាត់ថ្លៃមូលបត្របំណុលរបស់ខ្លួននៅបរទេស។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ទីភ្នាក់ងារ Fitch Ratings បាននិយាយថា ខ្លួនលែងមានព័ត៌មានគ្រប់គ្រាន់ ដើម្បីរក្សាការវាយតម្លៃគុណភាពឥណទាន លើក្រុមហ៊ុន Evergrande និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះទៀតហើយ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលគេបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលរហូត ដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។

ទីភ្នាក់ងារ Fitch Ratings និយាយថា “យោងតាមស្ថានភាពនេះ Fitch លែងផ្តល់ការវាយតម្លៃគុណភាពឥណទាន ឬធ្វើការវិភាគសម្រាប់ក្រុមហ៊ុន Evergrande និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះទៀតហើយ”។

ក្រុមហ៊ុន Evergrande ដែលកំពុងត្រដាបត្រដួស ក្នុងការទូទាត់សងអ្នកផ្គត់ផ្គង់ និងការបញ្ចប់គម្រោងរបស់ខ្លួន បានក្លាយជាក្រុមហ៊ុនដែលបង្កឱ្យផ្ទុះវិបត្តិវិស័យអចលនទ្រព្យក្នុងប្រទេសចិន នៅពេលក្រុមហ៊ុននេះខកខានទូទាត់សងមូលបត្របំណុលរបស់ខ្លួន នៅបរទេសជាបន្តបន្ទាប់៕ Reuters៕

វិភាគៈ កត្តាសន្តិភាព និងការអភិវឌ្ឈសេដ្ឋកិច្ចបានបញ្ចប់នូវអំពើហឹង្សាខាងនយោបាយនៅកម្ពុជា

ដោយៈយិន លាងគង់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ស្នាមញញឹម ការជិះរថយន្ត និងម៉ូតូនៅភាមដងផ្លូវមានសភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់របៀបរៀបរយ ហើយអ្នកឃោសនារកសម្លេងឆ្នោតនានា បានបង្ហាញស្នាមញញឹមរបស់ពួកគេ ជាមួយកែវភ្នែកយ៉ាងស្រទន់។
មូលដ្ឋានគ្រឹះ និងតម្លៃសន្តិភាព បានចាក់យ៉ាងជ្រៅក្នុងចំណោមប្រជាជាតិខ្មែរ ដែលពួកគេហាក់មានភាពឆ្អែតឆ្អន់នឹងភ្លើងសង្រ្គាម ដែលមិនបន្ស​ល់នូវអ្វីក្រៅពីទឹកភ្នែក សោកនាកម្ម ថ្លុកឈាម និងការវិនាសព្រាត់ប្រាស់នោះឡើយ។

អរគុណសន្តិភាព
ពាក្យសន្តិភាព មានតម្លៃ “មិនអាចកាត់ថ្លៃបាន” សម្រាប់ប្រជាជាតិកម្ពុជា និងជាតិសាសន៍ដទៃទៀត ព្រោះប្រទេសណាក៏ដោយ ដែលគ្មានសន្តិភាព នឹងមិនសម្រេចបាននូវមូលដ្ឋាននៃការអភិវឌ្ឍន៍បានឡើយ។

ជាក់ស្តែង គឺយើងបាននិងកំពុងឃើញ ប្រទេសអ៊ុយក្រែន ដែលប្រជាជនដាក់វាសនាប្រទេស លើតារាកំប្លែងម្នាក់ (ប្រសាសន៍របស់ប្រធានាធិបតីប្រេស៊ីល) បានធ្វើឲ្យប្រទេសរងភាពខ្ទេចខ្ទាំ ប្រជាពលរដ្ឋជាង១០លាននាក់​បានក្លាយជាជនភៀសខ្លួន ដោយសារការសម្រេចចិត្តខុសខាងនយោ​បាយរបស់មេដឹកនាំ។

ដូចគ្នានឹងកម្ពុជា រយៈពេល៥០០ឆ្នាំចុងក្រោយ ដោយសារការសម្រេច​ចិត្តខាងនយោបាយខុស បានធ្វើឲ្យប្រទេសរួមតូច ប្រជាពលរដ្ឋរង​សោកនាកដកម្មមិនចប់មិនហើយ ប៉ុន្តែរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសុខសន្តិភាព បានកើតមានលើពេញផ្ទៃប្រទេស ដោយសារមេដឹកនាំ ផ្តោតលើការកសាងសុខសន្តិភាព និងរក្សាឲ្យបាននូវសន្តិភាពជាស្នូល ដើម្បីកសាងមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ ដើម្បីរុញប្រទេសទៅកាន់លំដាប់ថ្មីមួយទៀត។

គណបក្សនយោបាយ
ភាពចាស់ទុំរបស់អ្នកធ្វើនយោបាយ មានសារៈសំខាន់ណាស់សំរាប់ជាតិសាសន៍ឬប្រជាជាតិមួយ ព្រោះបើប្រទេសមួយមានអ្នកនយោបាយស្ទើរភ្លើង គ្មានចំណេះដឹង គ្មានទេពកោសល្យ ភាពឈ្លាសវៃ គ្មានចក្ខុវិស័យ​ច្បាស់លាស់ គ្មានទស្សនវិស័យត្រឹមត្រូវ មិនស្គាល់ពីរបត់នយោបាយអន្តរជាតិ និងមិនដំកល់ផលប្រយោជន៍ជាតិជាធំ នោះប្រជាជាតិនោះពិតជាអភ័ព្វមិនខាន។

ក្នុងឱកាសបិទបញ្ចប់ការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចូលរួមចំនួន១៧ មានប្រជាពលរដ្ឋរាប់ម៉ីន សែននាក់បានចូលរួម ដើម្បីស្វែងរកអសនៈឃុំ សង្កាត់ ប៉ុន្តែក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានភាពលេចធ្លោជាងគេ និងទទូលបានអសនៈច្រើនជាងគេនាពេលខាងមុខ។

ភាពលេចធ្លោរបស់គណបក្សប្រជាជន និងទទួលបានប្រជាប្រិយភាពជាងគេ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែគឺឈរលើមូលដ្ឋានច្បាស់លាស់ ទី១ ដោយសារគណបក្សនេះ ជាបក្សកំពុងដឹកនាំប្រទេស និងមានមគ្គុទេស ក៏ដឹកនាំដ៏ឈ្លាសវៃលើកម្រិតជាតិ និងអន្តរជាតិ ទី២ គណបក្សនេះបានសិក្សាស្វែងយល់ពីអ្វី ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ និងមូលដ្ឋានជាតិ ទី៣ គណបក្សនេះមានធនធានមនុស្សច្រើន និងជាបក្សមាន​ចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

ទី៤ គណបក្សប្រជាជន មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់បំរើមូលដ្ឋាន នៃសេចក្តីប្រើប្រាស់សម្រាប់គណបក្ស ទី៥ ជាគណបក្សដែលបាន​នៅរួមរស់ជាមួយប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ទី៦ គណបក្សក្រោមការដឹកនាំប្រទេសរបស់សម្តេចតេជោ បានកសាងប្រទេសពីបាតដៃទទេ រហូតកសាងប្រទេសរហូតក្លាយជាប្រទេស មានការរីកចម្រើនលឿន និងក្លា​យជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

ទី៧ ប្រជាជនបានទទួលផលប្រយោជន៍ពិតប្រាកដ និងមើលឃើញច្បាស់ពីការរីកចម្រើន នៃជីវភាពគ្រួសាររបស់ពួកគាត់ដោយផ្ទាល់ ជាជាងគ្រាន់តែស្តាប់លឺ និងទី៨ ជាគណបក្សដែលបានរៀបចំផែនទី ចង្អុលបង្ហាញផ្លូវជាលើកដំបូងសម្រាប់អភិវឌ្ឍប្រទេស និងកសាងមេដឹកនាំសម្រាប់ជំនាន់ក្រោយ លើកដំបូងសម្រាប់ប្រជាជាតិកម្ពុជាជំនាន់ក្រោយ។

មូលដ្ឋានស្ថេរភាព និងការអភិវឌ្ឍរយៈពេលវែង
ការរក្សាបាននូវសន្តិភាព ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនជាមេដឹកនាំប្រទេសមួយ មិនអាចកសាងបាននូវកំណើនសេដ្ឋកិច្ចរ៉ឹងមាំទេ ការរក្សាសន្តិភាពក៏ជាបញ្ហាប្រឈមធំមួយដែរ។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងនូវមូលដ្ឋាននៃជំនឿ និងសេចក្តីទុកចិត្តយ៉ាងរ៉ឹងមាំ សម្រាប់ប្រជាជាតិខ្មែរ តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន ក្នុងរង្វង់ជាង៧ភាគរយ ដែលជាប់ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥លើពិភពលោក ដែល​សម្រេចបានកំណើនសេដ្ឋកិច្ចលូលលាស់លឿនជាងគេ។

ការរីកចម្រើននៃសេដ្ឋកិច្ច បានធ្វើឲ្យរាជរដ្ឋាភិបាលអាចវិភាជន៍ថវិកាជាតិ ក៏ដូចជា ទទួលបានហិរញ្ញប្បទានសម្បទាន ពីបណ្តាប្រទេសជាមិត្តនានាយកមកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ និងជាមួលដ្ឋានគ្រឹះរ៉ឹងមាំ ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនរយៈពេលវែងបន្ថែមទៀត។

ជាមួយនឹងសច្ចៈភាព មើលឃើញនឹងភ្នែកនេះហើយ បានធ្វើឲ្យភាព​ស្លោកស្រពោន ដែលលេចចេញតាមរយៈកែវភ្នែកប្រជាជាតិខ្មែរ បានប្រែក្លាយជាស្រស់បំព្រងឡើងវិញ តាមរយៈស្នាមញញឹម ភាពគ្មានអំពើហឹង្សា លើចលនានយោបាយ ដែលឈរលើមូលដ្ឋាននៃទស្សនៈវិស័យផ្សេងៗគ្នា។

កសាងបាននូវមូលដ្ឋានជីវភាពកាន់តែប្រសើរ​ រក្សាបាននូវមូលដ្ឋាន​សុខសន្តិភាព នឹងនាំមកនូវវិបុលភាពសម្រាប់ជាតិកម្ពុជា ហើយប្រទេសនេះ នឹងក្លាយជាប្រជាជាតិ ដែលមានអរិយធ៌មរស់រវើកឡើងវិញ នាពេលអនាគតឆាប់ៗខាងមុខនេះ៕

អ្នកជំនាញបង្ហាញមូលហេតុដែលកំពង់ចាមមិនសូវមានការអភិវឌ្ឍសំណង់អាគារខ្ពស់ៗ

ដោយ: សុផារី

កំពង់ចាម: ខេត្តកំពង់ចាម ជាខេត្តធំ ដែលមានសកម្មភាពមិនចាញ់ខេត្តផ្សេងឡើយ។ ប៉ុន្តែសកម្មភាពអចលនទ្រព្យមួយ បែរជាមិនសូវមានសកម្មភាពច្រើន ហើយមិនសូវជាមានសំណង់អាគារខ្ពស់ៗ ច្រើននោះឡើយ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា តម្លៃដីនៅក្នុងខេត្តកំពង់ចាម នៅមានតម្លៃធូរៗនៅឡើយ ហើយមានការពុះដីឡូត៍ច្រើន។

លោកស្រីបន្តថា “ដីនៅកំពង់ចាមនៅសល់ធំទូលាយច្រើន ប៉ុន្តែនៅកំពង់ចាមមិនទាន់មានគម្រោង លំនៅឋានធំៗនិងខុនដូរនៅឡើងទេ”។

បើតាមការបញ្ជាក់របស់លោកស្រី មូលហេតុដែលខេត្តកំពង់ចាមនៅមិនទាន់មានការវិនិយោគ លើសំណង់អាគារខ្ពស់ៗ ដោយសារមិនសូវមានតម្រូវការច្រើនឡើង ដោយសព្វថ្ងៃនេះមានគម្រោងតូចៗ ដើម្បីបំពេញតម្រូវការគ្រប់គ្រាន់ហើយ។

ម្យ៉ាងទៀត ខេត្តកំពង់ចាម មានទីតាំងនៅជិតរាជធានីភ្នំពេញ ស្រាប់ទៅហើយ ហើយប្រជាជនក្នុងខេត្តនិយមទៅវិនិយោគ នៅក្នុងរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតច្រើនជាង។

លោកស្រីបន្តទៀតថា “អាចថានៅកំពង់ចាម មកដល់បច្ចុប្បន្នមានគម្រោងតូចៗច្រើនហើយ និងកំពង់ចាមនៅជិតភ្នំពេញដែរ ហើយឃើញថា អ្នកកំពង់ចាមមកទិញ វិនិយោគនៅភ្នំពេញច្រើនដែរ”។

សហស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលឧស្សាហ៍ធ្វើដំណើរកាត់ក្រុងកំពង់ចាម ដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួនក្នុងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងមួយ សំណង់អាគារពាណិជ្ជកម្មមួយ ទាមទារនូវកត្តាសំខាន់ៗចំនួន៣ ទី១ គឺទីតាំងភូមិសាស្រ្ត ដែលមិនទាន់មានភាពអំណោយផល ដល់លការវិនិយោគំរោងធំៗ និងខ្ពស់ៗនៅឡើយ ទី២ កត្តាប្រជាជននៅមូលដ្ឋាន ពិសេសប្រ​ជាជនរស់នៅក្រុងកំពង់ចាម នៅមានចំនួនតិច។

ទី៣ ក្រុងកំពង់ចាមមិនមានក្រុមហ៊ុនច្រើន បោះទីតាំងវិនិយោគនៅឡើយ និងទី៤ ជាទីក្រុងសស្អាត ប៉ុន្តែមិនទាន់ទាក់ទាញទេសចរណ៍ និងការស្នាក់នៅច្រើននៅឡើយ ដោយសារការផ្សព្វផ្សាយនៅមានកម្រិត និងជាតំបន់ដែលគេនិយមឆ្លងកាត់ច្រើនជាង៕

ធនាគារ ហត្ថា ប្រារព្ធពិធីដាំដើមឈើ ក្រោមប្រធានបទ៖ ដាំដើមឈើ ដើម្បីបរិស្ថានរបស់យើង

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៖ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​ក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម និងបរិស្ថាន ក្រោមប្រធានបទ “ដាំដើមឈើ ដើម្បីបរិស្ថានរបស់យើង”។ កម្មវិធីនេះ ប្រព្រឹត្តិទៅនៅបរិវេណនៃអគារការិយាល័យកណ្តាលថ្មីរបស់ ធនាគារ ហត្ថា តាមបណ្តោយមហាវិថីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក និងគណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក របស់ធនាគារ ហត្ថា និងអ្នកសារព័ត៌មានមកពីបណ្តាញសារពត៌មានផ្សេងៗផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា “ដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះជីវិតលើភពផែនដីយើងនេះ វាផ្តល់អុកស៊ីសែនសំរាប់ឱ្យមនុស្សយើងដកដង្ហើម និងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការកើនឡើងនូវកម្តៅផែនដី​​”។ លោកបន្តថា “ការដាំដើមឈើក្នុងបរិវេណនៃអគារការិយាល័យកណ្តាលថ្មីដែលកំពុងតែសាងសង់របស់ ធនាគារ ហត្ថា  ក្នុងថ្ងៃនេះ គឺជាការរួមចំណែកកាត់បន្ថយកម្តៅផែនដី និងរក្សាបរិស្ថានឱ្យស្រស់បំព្រង ព្រមទាំងជាម្លប់សំរាប់សាធារណជន ក៏ដូចជាអតិថិជន ជាពិសេសបុគ្គលិករបស់ ធនាគារ ហត្ថា ដែលនឹងមកបម្រើការងារក្នុងអគារការិយាល័យកណ្តាលថ្មីនេះតែម្តង”។ ជាចុងក្រោយ លោកជឿជាក់ថា សកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អមួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់សាធារណជនឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែឧសភា ឆ្នាំ២០២២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជាង ៨០.០០០ នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ១០០.០០០នាក់។  ធនាគារ ហត្ថា​ ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

ម្ចាស់គំរោង “ឆ្នេរសមុទ្រកោងកាង” ទិញទូកកាយ៉ាក់៣០ និងតង់ ៣០សម្រាប់ សម្រាប់សាធារណៈជនជិះកំសាន្តដោយឥតគិតថ្លៃ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ម្ចាស់គម្រោង “ឆ្នេរសមុទ្រកោងកាង” ដែលបានបោះទុនវិនិយោគ១០លានដុល្លារលើគំរោងនេះ បានទិញទូកកាយ៉ាក់ចំនួន៣០និងតង់​៣០សម្រាប់ សម្រាប់សាធារណៈជនជិះកំសាន្តដោយឥតគិតថ្លៃ។

គំរោងឆ្នេរសមុទ្រកោងកាង ស្ថិតនៅ ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះ “ស”បាននិងកំពុងផ្តល់ទស្សនទានអភិវឌ្ឍន៍បែបថ្មី និងគំរោងដីលំហែរស្តង់ដាអន្តរជាតិ និងធំជាងគេជាលើកតំបូងនៅខេត្តកែប។

អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅ នៃគំរោងឆ្នេរសមុទ្រកោងកាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម កាលពីរសៀលថ្ងៃទី២ មិថុនាថា និយាយភា្លមដឹកភ្លាម! កុំបង្អង់យូរ…..ទូកកាយ៉ាក30គ្រឿង តង់៣០សំរាប់អតិថិជន និងភ្ញៀវ២៥ រាជធានីខេត្ត ជិះកម្សាន្តដោយគិតថ្លៃ។ កុំភ្លេចមកជិះទូក កាយ៉ាកនៅគម្រោងឆ្នេរសមុទ្រកោងកាងណា។

អ្នកនាងបន្តថា “ទៅលេងឆ្នេរកែប ទីកែប វិស្សមកាលកែប កុំភ្លេចគំរោងឆ្នេរសមុទ្រកោងកាង”។

អគ្គនាយកក្រុមហ៊ុន Youngsia Real Estate លោក Cooler Tan បានមានប្រសាសន៍ថា ជាមួយនឹងភាពអំណោយផលនៃធម្មជាតិ គំរោងឆ្នេរសមុទ្រកោងកាង ក្រៅពីមានទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានដើមកោងកាងខៀវស្រេងាត់ ជាមួយទេសភាពស្រែអំបិលដ៏ឆើតឆាយ គំរោងនេះក៏មានដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលអំណោយផលដល់ការជិះទូកកាយ៉ាក់កំសាន្ត និងអាចស្ទូចត្រីបានទៀតផង។ ជាពិសេសព្រែកធម្មជាតិនេះ អាចជិះទូក អូប័រ ទៅលេងសមុទ្រផងដែរ។

លោកបន្តថា “គំរោងនេះបាននិងកំពុងអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់”។ លោកបន្តថា “ឆ្នេរសមុទ្រកោងកាង បាននិងកំពុងពង្រីក​សក្តានុពលខេត្តកែប ដើម្បីក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ពិសេស​ជម្រុញខេត្តនេះ ឲ្យកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត”។

លោក Cooler Tan បានបន្តថា យើងបាននិងកំពុងប្រែក្លាយគំរោងនេះជាមួយហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដាំដើមផ្កាសាគូរ៉ាធំៗចំនួន៣០០ដើម និងសួនច្បារលំហែរកាយ ដើមឈើខៀវស្រងាត់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកសាងសង់ផ្ទះលំហែរនៅទីនេះ ទទួលបានផាសុខភាព អារម្មណ៍ស្រស់​ស្រាយពិតប្រាកដ សមស្របនឹងទស្សនទាននៃការអភិវឌ្ឍរបស់យើង គឺធ្វើឲ្យស្អាត ធ្វើឲ្យលឿន និងធ្វើឲ្យបានល្អលើសពីអ្វីដែលអតិថិជនស្រម៉ៃដល់៕

ខុនដូជិត ៤០,០០០យូនីត បានដាក់ចូលទីផ្សារ ស្របពេលការលក់ប្រសើរឡើង

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ចំនួនយូនីត​ខុនដូ​ក្នុង​រាជធានី​-​ភ្នំពេញ កើន​ដល់៣៣ ៨០០ ​យូនីត ខណៈ​តម្លៃ​ជួល និង​លក់​របស់​ខុនដូ​ប្រណីត​ (High-End)បាននិងកំពុងមានសញ្ញាប្រសើរឡើងវិញបណ្តើរៗ ។

យោងតាមរបាយការណ៍​ស្រាវជ្រាវ ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ​បាន​បង្ហាញឲ្យដឹងកាលពី​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ មាន​គម្រោង​ខុនដូ​ចំនួន​៣ បានបញ្ចប់​ការសាងសង់​ ដែល​គម្រោង​ទាំង​៣នេះ​មាន​បន្ទប់​ស្នាក់នៅ​សរុប៧០០​យូនីត​។ ទោះយ៉ាងណា​ក្នុងអំឡុងពេល​ខាងលើ​មិនមាន​គម្រោង​ថ្មី​ណាមួយ ​ប្រកាស​ចាប់ផ្តើម​បើក​លក់ ឬ​សាងសង់​ឡើយ​។

របាយការណ៍ដដែលបានបង្ហាញថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ ​លើ​ពិភពលោក​ធ្វើការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ឆ្លង​ប្រទេស ​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងដំណំ ​ដល់ទី​ផ្សារ​ខុនដូ​នៅ​កម្ពុជា ពិសេស​ខុនដូ​ដែលមាន​ទីផ្សារ​ គោលដៅ​ជា​អតិថិជន​ជនបរទេស​។

តាម​ការព្យាករ​ក្នុង​ឆ្នាំ​២០២២ នេះ​នឹងមាន​បន្ទប់​ខុនដូ​ជាង ១៣ ០០០​យូនីត​នឹងត្រូវ​បញ្ចប់​ការសាងសង់​។
អ្នកនាង គឹម គិនកេសា នាយិកា​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ឲ្យដឹងថា ទោះបី​ពេលនេះ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ បានប្រកាស​បើក​ប្រទេស​ឡើងវិញ​ស្ទើរ ១០០ ​ភាគរ​ភាគរយ​ហើយក៏​ដោយ ក៏​តម្លៃ​ខុនដូ​មិនទាន់​អាច​ស្ទុះ​ងើបឡើង​វិញ​បាន​ភ្លាមៗ​ទេ​។ តម្លៃ​អាច​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​ខ្លះ ​ចាប់ពី​ដើមឆ្នាំ​២០២៣តទៅ​។

អ្នកនាង​បន្តទៀតថា សម្រាប់​ចំនួន​គម្រោង​ ដែល​ប្រកាស​បើក​លក់​នឹង​មិនសូវមាន​ទេ​ក្នុង​ឆ្នាំ​២០២២ នេះ​។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodiaបានលើកឡើងថា ដោយសារវិបត្តិបានធ្វើឲ្យអ្នកសាងសង់ខុនដូ បានធ្វើពិពិធម្មទីផ្សារ ដោយពួកគាត់ងាកមកផ្តោតលើអតិថិជនក្នុងស្រុក ដែលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានចាប់អារម្មណ៍ និងទិញខុនដូសម្រាប់ស្នាក់នៅ។

លោកបន្តថា “ការលក់ខុនដូបាន និងកំពុងមានភាពប្រសើរឡើងវិញ ប៉ុន្តែតម្រូវការភាគច្រើន គឺខុនដូដែលមានតម្លៃមធ្យម”៕

មហាយក្សចិនដាក់សម្ពាធកាន់តែខ្លាំងឱ្យធនាគារជួយគាំទ្របណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលស្ទះលុយ

ដោយៈសុខុម

ប្រទេសចិនៈ បណ្ដាធនាគារចិន កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងឱ្យជួយគាំទ្រ ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានវិបត្តិសាច់ប្រាក់ បន្ទាប់ពីការអំពាវនាវរបស់ក្រុមនិយ័តករ ជាច្រើនខែមកនេះគ្មានប្រសិទ្ធភាព ក្នុងជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា បណ្ដាសាខាធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានកោះប្រជុំជាមួយធនាគារក្នុងទីក្រុងជាច្រើន ចាប់តាំងពីសប្តាហ៍មុន ដើម្បីសិក្សាវាយតម្លៃថា តើហេតុអ្វីបានជាការផ្ដល់ប្រាក់កម្ចីមានការយឺតយ៉ាវ ក៏ដូចជាការលំបាកដែលធនា​គារប្រឈម និងវិធីដែលនិយ័តករ អាចជួយបានពួកគេបានផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា។

ដោយសុំមិនបញ្ចេញអត្តសញ្ញាណ ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ចំណាត់ការនេះឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមមន្ត្រីចិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមនិយ័តករ បានចេញសេចក្ដីណែនាំម្ដងហើយម្ដងទៀត ជំរុញឱ្យបណ្ដាធនាគារជួយពន្លឿន ការផ្ដល់កម្ចីអចលនទ្រព្យក្នុងរយៈពេលជាច្រើនខែមកនេះ។

បណ្ដាក្រុមហ៊ុនសាងសង់ និងក្រុមនិយ័តករកំពុងពឹងផ្អែក លើធនាគារដើម្បីផ្តល់ការរស់រានដល់វិស័យអចលនទ្រព្យ ខណៈហិរញ្ញប្បទានមូលបត្របំណុលរីងស្ងួត ហើយការលក់ផ្ទះក៏ស្ងាត់ដូចចោរលួចសេះ។

រំហូរសាច់ប្រាក់របស់បណ្ដាក្រុមហ៊ុន អភិវឌ្ឍន៍ដែលបានពីប្រាក់កម្ចីធនាគារ បានធ្លាក់ចុះជិត៣០%​ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបានជះផលប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីទប់ការកាំក្បាលចុះនៃវិស័យអចលនទ្រព្យ។

ខណៈចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានខកខានទូទាត់ ឬពន្យារពេលទូទាត់បំណុលចេះតែកើនឡើង ធនាគារនានាមានការស្ទាក់ស្ទើរក្នុងការបង្កើនការផ្ដល់កម្ចីដល់វិស័យនេះ ទៅតាមការទាមទាររបស់ក្រុមនិយ័តករ៕ The Edge Markets៕