ឆ្នាំ២០២២ កំណើនអត្រាប្រជាជនក្នុងស្រុកទិញខុនដូមានចំនួនកាន់តែច្រើន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មុនវិបត្តិកូវីដ១៩ អត្រានៃជនបរទេសទិញខុនដូស្នាក់ និងវិនិយោគនៅកម្ពុជាមានចំនួនច្រើន ធៀបនឹងប្រជាជនក្នុងស្រុក តែមកដល់ឆ្នាំ២០២២នេះ អត្រានៃប្រជាជនកម្ពុជាទិញខុនដូស្នាក់នៅ និងវិនិយោគមានចំនួនច្រើនជាងជនបរទេសទាំងវិញ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខុនដូត្រូវបង្វែរការអភិវឌ្ឍតម្រូវនឹងប្រជាជនក្នុងស្រុកវិញម្ដង។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៦ មិថុនាថា សម្រាប់ការលក់ខុនដូក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ឃើញថា ប្រជាជនក្នុងស្រុកមានចំនួនច្រើនជាងប្រជាជនបរទេសដែលទិញខុនដូ ក្នុងនោះរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២២នេះ ប្រជាជនក្នុងស្រុកដែលទិញខុនដូ តាមរយៈក្រុមហ៊ុនរបស់លោកមានអត្រា រហូតដល់៩៧ភាគរយឯណោះ ដែលអត្រានេះគឺខ្ពស់មែនទែន ។

លោកបន្តថា “ប្រជាជនកម្ពុជាដែលចាប់អារម្មណ៍ និងទិញខុនដូស្នាក់នៅ ក៏ដូចជាវិនិយោគភាគច្រើនជាយុវជន ដែលធ្លាប់ទៅសិក្សានិងរស់នៅក្រៅប្រទេស ឬអ្នកធ្លាប់ចេញចូលក្រៅប្រទេសញឹកញាប់”។លោកបន្តថា “ពួកគាត់បានមើលឃើញ ពីការរស់នៅក្នុងខុនដូនៃប្រទេសគេ គាប់ជួនប្រទេសកម្ពុជា ចាប់ផ្ដើមមានការអភិវឌ្ឍខុនដូច្រើនផងដែរនោះ ទើបធ្វើឱ្យពួកគេបានទិញខុនដូ និងខ្លះទិញសម្រាប់ទុកវិនិយោគ កាន់តែមានចំនួនច្រើនឡើងៗ”។

លោកខន គង្គាបានឱ្យដឹងទៀតថា កត្តាដែលប្រជាជនជាពិសេសយុវវ័យដែលទើបរៀបការថ្មីថ្មោង ជ្រើសរើសយកខុនដូសម្រាប់ការស្នាក់នៅរបស់ខ្លួននោះ គឺដោយសារតែតម្លៃដី និងផ្ទះនៅកណ្ដាលក្រុងកាន់តែមានតម្លៃខ្ពស់ ហើយបើចង់រស់នៅផ្ទះជាប់ដី ត្រូវទៅរកនៅតំបន់ជាយក្រុងនិងត្រូវធ្វើដំណើរមកកាន់កន្លែងធ្វើការយូរ ។ ម្យ៉ាងទៀតស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញ កាន់តែស្ទះជារៀងរាល់ថ្ងៃ ។

លោកបន្តថា “អ្វីដែលពិសេសនោះ គឺការរស់នៅក្នុងខុនដូគឺមានអ្វីៗគ្រប់យ៉ាងរួចទៅហើយ រួមមានផ្សារទំនើប កន្លែងហាត់ប្រាណសួនកម្សាន្ត មន្ទីរពេទ្យ និងជាកន្លែងស្នាក់នៅបែបឯកជន ស្ងប់ស្ងាត់អត់មានអ្នករំខានច្រើន”។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងផងដែរថា ថ្វីត្បិតតែស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា យើងមានភាពល្អប្រសើរ តែស្ថានភាពនៃប្រទេសដទៃទៀត ជាពិសេសប្រភពវិនិយោគិន ពីប្រទេសចិននៅតែបន្តបិទនិងរឹតបន្តឹងធ្វើឱ្យការទិញខុនដូ ពីសំណាក់វិនិយោគិនបរទេស នៅមានចំនួនតិចតួចនៅឡើយ។

អ្នកនាងបន្តថា “ដូច្នេះហើយក្នុងឆ្នាំ២០២២នេះ ទីផ្សារខុនដូក្នុងប្រទេសកម្ពុជានៅបន្តពឹងផ្អែកលើទីផ្សារក្នុងស្រុកដដែល”។

យ៉ាងណាក្ដីអ្នកជំនាញនៃវិស័យអចលនទ្រព្យ នៅតែរំពឹងថាជនបរទេស នឹងត្រលប់មកចូលមកកម្ពុជា និងស្វែងរកការវិនិយោគនៅកម្ពុជាឡើងវិញ ដែលអាចជំរុញឱ្យទីផ្សារខុនដូ សម្រាប់ជនបរទេសនឹងមានភាព ប្រសើរឡើងវិញផងដែរ៕

ទីផ្សារលក់ផ្ទះប្រភេទទី២ នៅប្រទេសចិនហាក់មានសន្ទុះឡើងវិញ

ដោយៈ ​លាងហួរ

ប៉េកាំងៈ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Beike បានឱ្យដឹងថា ទីផ្សារលក់លំនៅឋានប្រភេទទី២ នៅប្រទេសចិនហាក់មានសន្ទុះឡើងវិញ ខណៈដែលប្រទេសនេះបានបន្ធូរបន្ថយ ការផ្តល់ហិរញ្ញប្បទាន និងការរឹតបន្តឹងចំពោះអ្នកទិញផ្ទះ។

នៅក្នុងខែឧសភា ទំហំនៃការលក់ផ្ទះនៅក្នុងទីក្រុងចំនួន៥០ ក្នុងប្រទេសចិន បានកើនឡើងប្រហែល១៤ភាគរយ ធៀបនឹងខែមេសា នេះបើយោងតាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវBeike។

យោងតាមរបាយការណ៍ ដែលអ្នកស្រាវជ្រាវបានស្ទង់មតិនៅក្នុងទីក្រុងជាង៨០ភាគរយ គេបានកត់សម្គាល់ឃើញថា ទំហំនៃការលក់ផ្ទះពីម្ចាស់ទី១ ទៅកាន់អ្នកទិញបន្តមានការកើនឡើង ពីមួយខែទៅមួយខែ ខណៈពេលដែលទំហំនៃការលក់ផ្ទះ នៅទីក្រុងមួយចំនួននៅភាគឦសាននៃប្រទេសចិន និងតំបន់ដីសណ្ដទន្លេ Yangtzeមានការកើនឡើងជាទ្វេដង។

ទោះជាយ៉ាងណាក៏ដោយ តម្លៃផ្ទះដែលកាន់កាប់ជាមុនបានធ្លាក់ចុះ០.៩ភាគរយពីខែមេសា នៅក្នុងទីក្រុងចំនួន៥០ ដែលការធ្លាក់ចុះកាលពីខែមុនមាន០.៣ភាគរយ។

របាយការណ៍អ្នកស្រាវជ្រាវនេះបានប៉ាន់ប្រមាណថា​ ទំហំនៃការលក់ផ្ទះទី២ នឹងមានការកើនឡើងបន្តទៀត ដែលរក្សាអោយមានស្ថិរភាពនៃការលក់ផ្ទះនៅឆមាសទីពីរនៃឆ្នាំ២០២២នេះ៕

រដ្ឋាភិបាលដាក់ចេញគោលដៅអភិវឌ្ឍន៍តភា្ជប់តំបន់អង្គរ ទៅកាន់តំបន់ឆ្នេរ ដើម្បីស្រូបយកទេសចរបរទេសបន្ថែម

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដោយស្រូបយកទេសចរបរទេសកាន់តែច្រើន។ ក្នុងនោះ កម្ពុជាមានគោលដៅអភិវឌ្ឍន៍តភា្ជប់តំបន់អង្គរដ៏ល្បីល្បាញ មកកាន់តំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។

ប្រទេសកម្ពុជារំពឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកចំនួន៩លាននាក់ និងចំនួន១១លាននាក់ក្នុងឆ្នាំ២០២៣។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំផែនការ ក្នុងការតភ្ជាប់តំបន់អង្គរទៅកាន់តំបន់ឆ្នេរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត និងដើម្បីសម្រេចបាននូវផែនការ ក្នុងការស្រូបយកទេសចរ៩លាននាក់ ក្នុងឆ្នាំ២០២២នេះ។

លោកមានប្រសាសន៍ថា “យើងធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ប្រកបដោយគុណភាព និងនិរន្តរភាព”។

លោកបណ្ឌិតថ្លែងថា “កន្លងមកយើងបានព្យាយាម ក្នុងការតភ្ជាប់តំបន់អង្គរ ទៅកាន់តំបន់ឆ្នេរ។ តំបន់ឆ្នេរជាចំណុចសំខាន់ណាស់។ កន្លងមក ប្រទេសដទៃបានរៀបចំតំបន់អង្គររបស់យើង ទៅកាន់តំបន់ឆ្នេររបស់គេ។ យើងមានតំបន់ឆ្នេរដ៏ស្រស់ស្អាត ហេតុអ្វីយើងមិនភ្ជាប់អង្គរមកកាន់តំបន់ឆ្នេររបស់យើង?”។

តាមរយៈផែនការមេនេះ ក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាបានដាក់តំបន់ឆ្នេរសមុទ្ររបស់ខ្លួន ជាសមាជិកក្លឹបឆ្នេរស្អាតបំផុតក្នុងពិភពលោក។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការតំបន់ឆ្នេរ និងគណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរផងដែរ។

លោកបណ្ឌិត បានបន្តថា “តាមការជាក់ស្ដែង ក្នុងឆ្នាំ២០២៥ ឬលើស២០២៥ យើងអាចបានទេសចរអន្តរជាតិ៧លាននាក់។ ប៉ុន្តែទេសចរណ៍ក្នុងស្រុកក្នុងឆ្នាំមុនបានជិត៥លាននាក់ ក្នុងឆ្នាំនេះអាចបាន៩លាននាក់ ហើយក្នុងឆ្នាំក្រោយយើងអាចបាន១១លាននាក់”៕

ក្រុមហ៊ុន Singapore Airline បានបើកដំណើរការបន្ទប់រង់់ចាំពិសេសដែលមានតម្លៃរហូតដល់ ៤០លានដុល្លារអាមេរិក

ដោយៈគង់ សូរិយា

សឹង្ហបុរីៈ ក្រុមហ៊ុន Singapore Airlines ​​បានបញ្ចប់ជាស្ថាពរនូវការពង្រីកបន្ថែមបន្ទប់រង់ចាំពិសេស (Lounge) ដែលបានបោះទុនរហូតដល់ ៥០លានដុល្លារ។

បន្ទប់រង់ចាំពិសេសនេះ ស្ថិតក្នុងអាកាសយានដ្ឋាន Changi ដែលនេះជាការបោះជំហាន ឆ្ពោះទៅកាន់ការដំណើរការឡើងវិញ នៃការធ្វើដំណើរតាមផ្លូវអាកាស។​

យោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា ក្រុមហ៊ុនបានបើកដំណើរការឡើងវិញ បន្ទប់រងចាំពិសេសចំនួនពីរកន្លែងនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃទី៣១ ខែឧសភា។ គម្រោងនេះ មានតម្លៃ៥០លានដុល្លារ ​ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៩។

ទំហំបន្ទប់រងចាំពិសេសនេះ ​មានផ្ទៃក្រឡាសរុប 6,100 ម៉ែត្រការ៉េ ដែលតូចជាងទំហំទីលានបាល់ទាត់តែបន្តិចប៉ុណ្ណោះ។

តំណាងក្រុមហ៊ុន Singapore Airlines បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថាបន្ទប់រងចាំពិសេស SilverKris និង KrisFlyer Gold ត្រូវបានកែលម្អជាថ្មីយ៉ាងល្អប្រណិត នៅស្ថានីយ៍អ្នកដំ​ណើរទីបី របស់អាកា​សយានដ្ឋាន Changi ដែលនេះគឺជាការផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការចងចាំដ៏អស្ចារ្យបំផុត សម្រាប់អ្នកដំណើរតាមយន្តហោះ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍លោក Peter Seah បានមានប្រសា​សន៍ឲ្យដឹងថា ការកែលម្អជាថ្មីនេះ នឹងជួយក្រុមហ៊ុនSingapore Airlines ឱ្យបន្តបង្កើតភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឱ្យរិតតែប្រសើរជាងមុនថែមទៀតផង។

លោកPeter Seah បន្តទៀតថា “យើងសង្ឃឹមថា ការបើកកន្លែងទទួលភ្ញៀវថ្មីនេះ នឹងជួយពង្រឹងជំហរក្រុមហ៊ុនអាកាសចរណ៍ ឱ្យរិតតែមានភាពទាក់ទាញ សម្រាប់អាកាសយានដ្ឋាន Changi ហើយយើងក៏នឹងផ្តល់នូវសេវាកម្មលំដាប់ពិភពលោ កដល់អ្នកដំណើរ ទាំងអស់ដែលបានហោះហើរឆ្លងកាត់ប្រទេសសិង្ហបុរី”៕

រដ្ឋាភិបាលចេញអនុក្រិតបង្កើតក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅពង្រឹងបច្ចេកទេស គុណភាព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិ​បទ​ប្បញ្ញត្តិ ​​បច្ចេកទេសសំណង់ ហៅកាត់ថា ក.ជ.ប.ស ដើម្បី​សិ​ក្សាស្រាវជ្រាវ និង​អភិវឌ្ឍបទប្បញ្ញត្តិជាតិ​បច្ចេកទេសសំណង់​ឲ្យមានប្រសិទ្ធភាព និងនិរន្តភាពស្រប​តាម​ស្មារតីមាត្រា១១ នៃច្បាប់​ស្តីពី​​សំណង់។

ការបង្កើតក្រុមប្រឹក្សាជាតិនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្រុមប្រឹក្សាជាតិនេះ មានសមាសភាពសរុបប្រមាណ២៦រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ ជាប្រធាន។

តាមរយៈអនុក្រិតបានបង្ហាញថា ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់សំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់បទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ ព្រមទាំងធ្វើការតាមដានការអនុវត្ត កំណត់វិធាន​គោលការណ៍ ក្នុងការសិក្សាស្រាវជ្រាវលើបទដ្ឋានបច្ចេក​ទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់។

ក.ជ.ប.ស អាចធ្វើកិច្ចសហប្រតិបត្តិ បណ្តុះបណ្តាល ផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល វិស័យឯកជន អ្នកវិជ្ជាជីវៈ និងសាធារណៈជនអំពីបទប្បញ្ញត្តិបច្ចេកទេសសំណង់។

អនុក្រឹត្យនេះ ក៏មានសមាសភាពចូលពីតំណាង វិស័យឯកជនចូលរួមផងដែរ ដូចជា សមាគមអ្នកសាងសង់​កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងគ្រឹះ​ស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ខ្សែសង្វាក់សណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Marriott សម្រេចចាកចេញពីរុស្ស៊ី ក្រោយប្រតិបត្តិការ២៥ឆ្នាំ

ដោយៈ សុខុម

អន្តរជាតិ: ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Marriott បានប្រកាសថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីធ្វើប្រតិបត្តិការ២៥ឆ្នាំ ដោយលើកឡើងថា ការរឹតបន្តឹងរបស់លោកខាងលិច បានធ្វើឱ្យខ្លួន “មិនអាច” បន្តប្រតិបត្តិការនៅទីនោះទៀតបាន។

ក្រុមហ៊ុននេះ បានបិទការិយាល័យរបស់ខ្លួន នៅទីក្រុងមូស្គូ ហើយបានផ្អាកការវិនិយោគក្នុងប្រទេសរុស្ស៊ី កាលពីខែមីនា ក្រោយពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនា។

ទោះជាយ៉ាងណា សណ្ឋាគារទាំង២២ទីតាំង របស់ក្រុមហ៊ុនអាមេរិក មួយនេះនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគ្រប់គ្រងដោយភាគីទី៣ ហើយនៅតែបើកដំណើរការធម្មតា។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Marriott និយាយថា ដំណើរការនៃការផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺមានភាពស្មុគស្មាញណាស់។

ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុននេះលើកឡើងថា “យើងយល់ឃើញថា ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ នឹងធ្វើឱ្យ Marriott មិនអាចបន្តប្រតិបត្តិការ ឬ លក់សិទ្ធិអាជីវកម្មសណ្ឋាគារ (Franchise) នៅក្នុងទីផ្សាររុស្ស៊ី ទៀតបាន”។

ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ខ្លួននៅតែ “ផ្តោតយកចិត្តទុកដាក់ចំពោះសហការីរបស់យើង នៅប្រទេសរុស្ស៊ី” ហើយបាននិងកំពុងគាំទ្របុគ្គលក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ឱ្យទទួលបានការងារនៅ Marriott៕ BBC៕

តម្លៃឧស្ម័ននៅតំបន់អាស៊ីមានការកើនឡើងខ្ពស់ចំពេលតម្រូវការមានការស្ទុះឡើង

ដោយ:លាងហួរ

អាស៊ីៈ តម្លៃឧស្ម័នធម្មជាតិរាវ (LNG) នៅតំបន់អាស៊ីបានកើនឡើងក្នុងសប្តាហ៍នេះ ខណៈកំណើនតម្រូវការបន្តកើនឡើងពីប្រទេសជប៉ុន កូរ៉េ និងឥណ្ឌា។

ការកើនឡើងនៃការប្រកួតប្រជែងតម្លៃឧស្ម័ន បានកាត់បន្ថយនូវការកើនឡើង ជាមួយនឹងតម្លៃឧស្ម័ននៅអឺរ៉ុបនៅមជ្ឈមណ្ឌល TTF របស់ប្រទេសហូឡង់ ដែលតម្លៃបានធ្លាក់ចុះ បន្ទាប់ពីមានការព្រួយបារម្ភ លើការឃាំងការនាំចូលឧស្ម័នរបស់រុស្ស៊ីបន្ថែមទៀត។

ប្រភពឧស្សាហកម្មបានអោយដឹងថា តម្លៃ LNG ជាមធ្យមសម្រាប់ការចែកចាយខែកក្កដា ទៅកាន់តំបន់អាស៊ីភាគឦសាន LNG-AS ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ២៤.៧៥ដុល្លារក្នុងមួយម៉ែត្រគូប។

លោក Alex Froley អ្នកវិភាគ LNG នៃក្រុមហ៊ុនទិន្នន័យសម្ងាត់ ICIS បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ តម្លៃឧស្ម័នមានស្ថេរភាព ធៀបនឹងការប្រែប្រួលនៃខែមុន ទោះបីជានៅតែមានតម្លៃខ្ពស់ក៏ដោយ។

នៅក្នុងប្រទេសចិន អ្នកទីផ្សារកំពុងរង់ចាំមើលថា តើការបន្ធូរបន្ថយការទប់ស្កាត់ជំងឺរាតត្បាត នឹងជម្រុញអោយតម្រូវការឧស្ម័នកើនឡើងខ្ពស់ដែរទេ។

លោក Froley បានមានប្រសាសន៍ថា ការនាំចូល LNG របស់ប្រទេសចិនរហូតដល់ចុងខែឧសភា បានធ្លាក់ចុះចំនួន៦.៥លានតោន ឬ២០% ពីឆ្នាំមុន ដែលស្មើនឹងឧស្ម័នបំពង់ចំនួន៩ពាន់លានម៉ែត្រគូប៕

វិបត្តិសេដ្ឋកិច្ចបន្ថយទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគលើអចលនទ្រព្យក្នុងខេត្តសៀមរាប

ដោយ: សុផារី

ភ្នំពេញ: ក្រោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងត្រូវបានដាក់សម្ពាធ ការអភិវឌ្ឍអចលនទ្រព្យខេត្តសៀមរាប ហាក់មានសកម្មភាពកម្រើកមួយកម្រិត។

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញមូលដ្ឋានមើលឃើញថា ការកម្រើកនេះនៅមានកម្រិតតិចតួច ព្រោះអតិថិជនហាក់នៅព្រួយបារម្ភ ពីបញ្ហាសេដ្ឋកិច្ចនៅឡើយ។

លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW Siem Reapបានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី០៤ ខែមិថុនានេះថា ក្រោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដាក់ឱ្យប្រើប្រាស់រួចរាល់ ឃើញថាសកម្មភាពសេដ្ឋកិច្ច និងអចលនទ្រព្យក្នុងខេត្តសៀមរាប ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច តែនៅមិនទាន់មានសក​ម្មភាពច្រើនទេ។

លោកសុធារ៉ាបានបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្កជាភាពមិនប្រាកដប្រជា លើវិស័យសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យនៅកម្ពុជា។ កត្តានេះហើយបណ្តាលឱ្យអតិថិជន ដែលមានបំណងវិនិយោគនៅក្នុងខេត្តសៀមរាប ហាក់នៅមិនទាន់ជឿជាក់ខ្លាំងនៅឡើយ។

លោកមានប្រសាសន៍ថា “អតិថិជន និង អ្នកវិនិយោគហាក់មិនទាន់ជឿជាក់ ជាមួយស្ថានភាពមិនប្រាកដប្រជា នៃការត្រឡប់មកវិញនៅទេស​ចរណ៍ និងបញ្ហាវិបត្តិពិភពលោក ជាក់ស្តែងរឿងសង្គ្រាមរុស្សី និងអ៊ុយក្រែន”។

ទោះបីជាយ៉ាងនេះក្តី ស្របពេលជាមួយគ្នានេះ អ្នកជំនាញរូបនេះស ង្កេតឃើញថា សកម្មភាពទេសចរណ៍ ចាប់ផ្តើមត្រលប់មកវិញបណ្តើរៗ ការទិញ លក់ ជួលទីតាំងប្រកបអាជីវកម្ម មានការកើនឡើងខ្លះៗដែរ។

លោកបន្តថា “មានអាជីវកម្មជាច្រើន បានបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ និងមានទីតាំងថ្មីៗជាច្រើនគួរសម ត្រូវបានជួល ឬលក់”។

អ្នកជំនាញអចលនទ្រព្យជាច្រើនរូប បានបង្ហាញពីក្តីបារម្ភថា វិស័យអចលនទ្រព្យកម្ពុជា អាចនឹងត្រូវការពេលបន្ថែមទៀត ដើម្បីត្រលប់មករកប្រក្រតីភាពដូចមុនកូវីដ១៩។ ភាពមិនប្រាកដប្រជា នៃវិបត្តិសកលទាំងពីរ បានធ្វើឱ្យសន្ទុះការងើបឡើងវិញ ហាក់មានល្បឿនយឺតខ្លាំង ហើយមានភាពលំបាកក្នុងការព្យាករណ៍៕

បុរី មេគង្គលែន បានរៀបចំកម្មវិធីអបអរសាទរពិធីប្រគល់ផ្ទះជូនអតិថិជន គម្រោងធំទី២ ហ្គោលឌិន អាវិននូ

ដោយ : សហការី

ភ្នំពេញ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ ដោយការរៀបចំនេះត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូប ដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះនៅគម្រោងនេះដោយផ្ទាល់ផងដែរ ។
គួបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះគឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅស ម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះបានបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ឬថ្មីនោះទេ សុទ្ធសឹងតែទទួលបាននូការការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគំរោងនីមួយៗ ។


បើនិយាយពី គម្រោងធំទី២នេះ គឺជាគម្រោងដែលត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែលមានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ 𝟐𝟎𝟏𝟏 ដែលជាតំបន់ដ៏អ៊ូអរ សំរាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយមានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះពីផ្សាអ៊ីអន២ និង ផ្សារម៉ាក្រូ។

បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយសឹងនិងគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ដែលនេះជាការបញ្ជាក់អំពីការចូលរួមនៅក្នុងការអភិវឌ្ឍន៏ដ៏ខ្លាំងក្លា លើវិស័យលំនៅដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។

ក្រុមហ៊ុនChestertons លំដាប់ពិភពលោកបង្ហាញវត្តមាននៅកម្ពុជា ជាមួយនឹងការបន្ថែមទំនុកចិត្ត

ដោយៈ វិវត្តន៍

ភ្នំពេញៈ ការឈានជើងចូលទីផ្សារ របស់ក្រុមហ៊ុនអចលនទ្រព្យលំដា​ប់ពិភពលោក បាននិងកំពុងធ្វើឲ្យទីផ្សារ និងវិស័យអចលនទ្រព្យកម្ពុជាកាន់តែទទួលបានទំនុកចិត្តបន្ថែមទៀត។

ជាក់ស្តែងវត្តមាន ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យអន្តរជាតិ Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសបើកដំណើរការនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា “កម្ពុជាជាទីផ្សារ”គន្លឹះរីកចម្រើនខ្លាំង” ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។

ក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានអាយុកាល២១៦ឆ្នាំនេះ បានឈានចូលក្នុងប្រតិបត្តិការទីផ្សារនៅកម្ពុជា ទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារច្រើនជាង​៥០នាក់ សម្រាប់ជំហានដំបូង ហើយត្រូវដឹកនាំដោយលោកជី មាត និងកញ្ញាសាម ចាន់ធូ ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចល​នទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ ដូចជា​ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ​ សេវាកម្មគ្រប់គ្រងសម្ភារៈ​បរិក្ខារ​ និង​សេវាកម្មបរិក្ខារ​ផ្សេងៗ។

លោក Salah Mussa ប្រធានក្រុមហ៊ុនChestertonsនៅចក្រភព អង់គ្លេសបានបញ្ជាក់ថា យើងមានសេចក្តីសោមនស្ស ក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេ នៃសមាជិក Franchiseរបស់យើង នឹងទទួលបានប្រយោជន៍ជាច្រើន ពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពីម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ។

លោក Salah Mussa អះអាងថា “ការផ្តោតជាសំខាន់របស់ក្រុមការងារលើសេវាកម្ម គ្រប់គ្រងអចលនទ្រព្យបង្ហាញពីជំនាញ និងធនធានសម្បូរបែបរបស់យើង”។លោកបន្តថា “ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារ គឺជាគុណសម្បត្តិដ៏ល្អ ដើម្បីឲ្យយើងបំពេញការងារបានយ៉ាងប្រសើរ”។
លោកSalah Mussa បញ្ជាក់ថា នៅជាង១២ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួន ដោយបើកដំណើរការទីផ្សារថ្មីចំនួន៧ ដែលគិតមកទល់ពេលនេះ យើងបើកដំណើរការចំនួន១៥ ប្រទេសជុំវិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចា រ្យនេះដោយពង្រីកខ្លួនបន្តទៀត ទៅកាន់ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់ការិយាល័យថ្មីៗ បន្ថែមទៀតនៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្ម ដែលមានស្រាប់នៅទីក្រុងឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្មនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ក្រុម​ហ៊ុន Chestertons មាន​ប្រតិបត្តិការជាសកលនៅក្នុងទ្វីបចំនួន៥ មកពីចក្រភពអង់គ្លេស អឺរ៉ុប ការាបៀន អាហ្រ្វិក និងអាស៊ី។ ដោយ​សារ​តែ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ នៃ​វិស័យ​អចលនទ្រព្យ Chestertons បាន​ពង្រីក​សេវា​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​ខ្លួន ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា៕