អ្នកវិនិយោគមកពីប្រទេសចំនួន៤និងក្រុងចំនួនពីរនឹងចូលរួមសិក្ខាសាលាទាក់ទងការអាជីវកម្មអចលនទ្រព្យនៅក្រុងភ្នំពេញ

ដោយៈ ស៊ីវ ម៉េង

     ភ្នំពេញ: បណ្តាអ្នកវិនិយោគមកពីបណ្តាប្រទេសចំនួន៤ និងកោះតៃវ៉ាន់ ក្រុងហុងកុងនឹងចូលរួមសិក្ខាសាលាស្តីពីគ្មានព្រំដែនសំរាប់អាជីវកម្មអចលនទ្រព្យ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានសរសររលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននាថ្ងៃទី២៥ ឧសភានេះថា នៅថ្ងៃសៅរ៌ ២៨ ឧសភា ២០២២ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ នៅសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) ក្រុមការងារ KW Cambodia, KW Thailand & KW Vietnam នឹងបង្កើតសិក្ខាសាលារួមគ្នាមួយអំពី “គ្មានព្រំដែនសម្រាប់អាជីវកម្មអចលនទ្រព្យនៅកម្ពុជា ថៃ និងវៀតណាម ដោយមានការចូលរួមពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៌អចល​នទ្រព្យកម្ពុជា៨០នាក់ មកពីថៃ១០នាក់ មកពីវៀតណាម១០នាក់ ព្រមទាំងមកពីតៃវ៉ាន់ ហុងកុង និងសឹង្ហបុរី។

លោកបន្តថា សិក្ខាសាលាខាងលើ នឹងប្រើប្រាស់ភាសាអង់គ្លេសជាភាសាគោល ហើយបើអ្នកឧកញ៉ាឧកញ៉ា លោកជំទាវ និងលោកអ្នក ដែលជាម្ចាស់អាជីវកម្មនៅកម្ពុជា ចាប់អារម្មណ៌ចូលរួម សូមទាក់ទងមកលោក តារា 011 96 2000 ឬលោក សំណាង 089 96 2000 ដើម្បីទទួលបានការចូលរួមជាពិសេស៕

 

ធនាគារពិភពលោកគ្រោងជួយរៀបចំប្រព័ន្ឋរងយន្តក្រុងនៅក្រុងសៀមរាប

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ធនាគារពិភពលោកគ្រោងជួយរៀបចំប្រព័ន្ឋគ្រប់គ្រងសេវាកម្មរថយន្តក្រុង នៅក្រុងសៀមរាបនាពេលខាងមុខនេះ។

ក្នុងជំនួបរវាងលោកតូច ចាន់កុសលរដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន និងលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោកកាលពីថ្ងៃទី២៤ ឧសភាកន្លងមកភាគីទាំងពីរបានពិភាក្សា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាតនៅកម្ពុជា។​

ជាមួយគ្នានេះភាគីទាំងពីរ បានពិភាក្សាអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះ ឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាបផងដែរ។

ថ្នាក់ដឹកនាំធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ ចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ (PPLC)ផងដែរ។

កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរ អំពីស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕

 

ស្ថានទូតចិនៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងតែហុចផលប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចកម្ពុជា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបានចាប់ផ្ដើមអនុម័ត ឱ្យបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់សក្ដានុពលនានាទូទាំងប្រទេស អស់រយៈជាងជិត២០ឆ្នាំមកហើយ ហើយមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសទាំងនោះក៏បាននិងកំពុងហុចផលប្រយោជន៍ ដល់សេដ្ឋកិច្ចនិងសក្ដានុពលវិនិយោគនានាដល់ប្រទេសកម្ពុជាផងដែរ។

ជាក់ស្ដែងការកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងតែជំរុញសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំកម្ពុជានៅល្ងាច ថ្ងៃទី២៤ ឧសភា ២០២២ បានឱ្យដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងរោងចក្រផលិតសំបកកង់ ដែលវិនិយោគដោយក្រុមហ៊ុនចិន JIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះមានទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក និងជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ។ បន្ទាប់ពីសាងសង់រួចគម្រោងនេះរំពឹងថា នឹងអាចផ្ដល់ឱកាសការងារ ដល់កម្មករបុគ្គលិកក្នុងប្រទេសកម្ពុជាប្រមាណ១៦០០នាក់ ។

លោកChen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេ​សក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្រៅពីគម្រោងរោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏មានគម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលកម្ដៅដែរ ដែលរោងចក្រនេះ នឹងផ្តល់ជាការធានាសម្រាប់សហគ្រាសធុនធ្ងន់អាចតាំងទីតាំងនៅទីនោះ ។

លោកបន្តថា “ការសាងសង់សួនឧស្សាហកម្ម ដំណាក់កាលទី១ត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ក៏កំពុងតែជំរុញជាបន្តបន្ទាប់”។ លោកបន្តថា “បច្ចុប្បន្ន សហគ្រាសចំនួន១៧០ ក្រុមហ៊ុនបានតាំងទីតាំង បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជន ក្នុងស្រុកជិត៣ម៉ឺននាក់”។

នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺនដល់១០ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។

យោងតាមទិន្នន័យគយក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំចេញ សរុបរបស់សហគ្រាសក្នុងតំបន់សេដ្ឋ​កិច្ចពិសេសក្រុងព្រះសីហនុ កើនដល់២.២៣៤លានដុល្លារអាមេរិក កើនឡើង៤២,៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ត្រីមាសទី១នៃ២០២២ឆ្នាំនេះ ការនាំចូលនិងនាំចេញសរុបកើនដល់៧១០លានដុល្លារអាមេរិក កើនឡើង៥០,៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តម្លៃទិន្នផលឧស្សាហកម្ម ក្នុងតំបន់ឧទ្យាន បានរួមចំណែកជាង៥០ភាគរយ ក្នុងសេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល៕

ដីធ្លីក្នុងខេត្តជាប់ព្រំដែនរបស់កម្ពុជាមួយ មិនទាន់មានការចាប់អារម្មណ៍វិនិយោគ និងអភិវឌ្ឍន៍នៅឡើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មកដល់ពេលនេះ បណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជានិងប្រទេសជិតខាង កំពុងមានការចាប់អារម្មណ៍ ពីវិនិយោគិនជាតិនិងអន្តរជាតិ ប៉ុន្តែមានខេត្តមួយនៅជាប់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាងមួយនោះ តែមិនមានការអភិវឌ្ឍលើដីធ្លីនិងអចលនទ្រព្យនៅឡើយ។

លោកជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៤ ឧសភាកន្លងមកថា មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែង មិនទាន់មានសន្ទុះនៅឡើយ ហើយការអភិវឌ្ឍនៅក្នុងខេត្តនេះ ក៏មើលឃើញថាមានត្រឹមតែជាការពុះដីឡូត៏លក់ និងមិនសូវមានសកម្មផុសផុលប៉ុន្មានដែរ ។

លោកបន្តថា “ដីឡូត៏ដែលអ្នកអភិវឌ្ឍន៍បានពុះ និងលក់ជូនអ្នកមានតម្រូវការឃើញថា ក៏មានទីតាំងនៅជុំវិញទីប្រជុំជនទីរួមខេត្ត ដោយមិនទាន់មានការពុះដីឡូត៏ នៅតំបន់ផ្សេងៗទៀតនៅឡើយទេ”។ លោកបន្តថា “ចំណែកដីឡូត៏ដែលបានពុះលក់នោះដែរ ក៏មានការគាំទ្រត្រឹមតែទីតាំងដីនៅជាប់ផ្លូវធំទៅទៀត ហើយចំពោះទីតាំងដីដែលនៅតាំងក្រោយៗ ឬជាប់ផ្លូវតូចៗ ក៏មិនសូវមានការគាំទ្រដែរ”។

លោកបន្ថែមថា ក្រលេកទៅមើលតំបន់ជាប់ព្រំដែនកម្ពុជា ឡាវ ក៏មិនទាន់មានការអភិវឌ្ឍខ្លាំង ដូចបណ្ដាច្រកព្រំដែនអន្តរជាតិផ្សេងៗដែរ ។ ការទិញលក់ដីធ្លី នៅតែមិនទាន់កម្រើក ហើយទីផ្សារនិងហាងឆេងដីធ្លី ក៏មិនទាន់មានសក្ដានុពលដូចបណ្ដាខេត្តមួយចំនួនដែរ ។

ចំណែកលោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding ក៏បានឱ្យដឹងថា បេសកកម្មរបស់ក្រុមហ៊ុនខ្លួន គឺមានគោលដៅ ចូលទៅគ្រប់តំបន់គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីក្ដោបព័ត៌មានឱ្យគ្រប់គ្រាន់ និងផ្ដល់ព័ត៌មានដីធ្លី និងការវិនិយោគទាំងនោះ ទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិដើម្បីសម្រេចថា នឹងទៅកាន់តំបន់មួយណា។

លោកបន្តថា “ការអភិវឌ្ឍដីធ្លីនៅតាមតំបន់មូលដ្ឋានជនបទ នឹងជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងតំបន់នោះ បង្កើតការងារធ្វើបានកាន់តែច្រើន ហើយនឹងអាចធ្វើឱ្យអ្នកបញ្ចប់ ការសិក្សានៅសកលវិទ្យាល័យ ត្រលប់ទៅកាន់ភូមិកំណើតខ្លួនវិញ ចូលរួមក្នុងការអភិវឌ្ឍបន្ថែមទៀត”។លោកបន្តថា “អ្វីដែលពិសេស យើងនឹងធ្វើឱ្យគម្លាតរវាងទីក្រុង និងអ្នកជនបទកាន់តែខិតជិតទៅរកគ្នា”៕

ធនាគារកណ្ដាលចិនបន្តរក្សាស្ថិរភាពកំនើនប្រាក់កម្ចី ក្នុងវិស័យអចលនទ្រព្យដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈសុខុម

ប៉េកាំង: ធនាគារកណ្ដាលដែលជានិយតករហិរញ្ញវត្ថុ នៃប្រទេសចិន បានប្ដេជ្ញារក្សាស្ថិរភាពកំណើន ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ និងជួយអ្នកទិញផ្ទះ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ពន្យារពេលទូទាត់ប្រាក់កម្ចីទិញផ្ទះរបស់ពួកគេ។

ធនាគារកណ្តាលចិន (PBOC) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ថា ផ្អែកតាមទិន្នន័យផ្លូវការបានបង្ហាញ កាលពីដើមខែនេះថា កំណើនប្រាក់កម្ចីជាលុយយ័ន បានធ្លាក់ចុះយ៉ាងគំហុកកាលពីខែមេសា ខណៈវិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់យ៉ាងខ្លាំង មកលើសេដ្ឋកិច្ច ហើយបានធ្វើឱ្យតម្រូវការប្រាក់កម្ចីដាំក្បាលចុះ។

ប្រាក់កម្ចីគេហដ្ឋានរួមទាំងកម្ចីទិញផ្ទះផង បានធ្លាក់ចុះរហូតដល់ទៅ២១៧ពាន់លានយ័ន (៣២,៦ពាន់លានដុល្លារអាមេរិក) ដោយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទីផ្សារអចលនទ្រព្យ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

វិស័យអចលនទ្រព្យ ដែលបានចុះខ្សោយ ដោយសារវិធានការរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុកាលពីឆ្នាំមុន មានសន្ទុះយឺតនៅឡើយ ទោះបីជារដ្ឋអំណាចថ្នាក់មូលដ្ឋាននៅឆ្នាំ២០២២ នេះបានប្រឹងប្រែងចាត់វិធានការជំរុញតម្រូវការ តាមរយៈការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ ការបង់ប្រាក់មុន (Down Payment) តិចជាងមុនសម្រាប់ការបង់រំលស់ និងការឧបត្ថម្ភធនជាដើមយ៉ាងណាក្ដី។

ធនាគារកណ្ដាលចិន បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ដែ​លបង្ហោះលើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងប្រើប្រាស់ឧបករណ៍ផ្សេងៗ ដើម្បីបង្កើនប្រាក់កម្ចីសមស្រប និងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។

ធនាគារនេះ នឹងជួយក្រុមហ៊ុនតូចៗ អាជីវកម្មតាមផ្ទះ និងតៃកុងរថយន្តដឹកទំនិញ ក៏ដូចជា អ្នកទិញផ្ទះ និងប្រជាជនដែលរងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារវិធានការទប់ស្កាត់ការរីករាល វីរុសកូវីដ-១៩ ពន្យារពេលបង់ប្រាក់កម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្សេងៗទៀតផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្ដាលចិន បាននិយាយថា ខ្លួននឹងណែនាំឱ្យស្ថាប័នហិរញ្ញវត្ថុនានាចូលរួម ដើម្បីជួយបង្កើនការផ្តល់ប្រាក់កម្ចី ជាមួយនឹងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច៕ Reuters៕

តម្លៃដីធ្លីបណ្តោយផ្លូវជាតិលេខ៥ រំពឹងនឹងមានកំណើនខ្ពស់ក្រោយហាយវេអាស៊ាននេះសាងសង់រួច

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ដែលឆ្លងកាត់ខេត្តចំនួន៤សំខាន់ៗ គ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ ខណៈអ្នកជំនាញរំពឹងតម្លៃដីធ្លី នឹងមានកំណើនកាន់តែខ្ពស់ ក្រោយគម្រោងនេះបញ្ចប់ការសាងសង់រួចរាល់។

លោក ហ៊ិន រស់ ស្ថាបនិកភូមិចំការដូងរីសត ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទកាលពីម្សិលម៉ិញនេះថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅមានដីទំនេរច្រើន និងមានតម្លៃសមរម្យនៅឡើយ។ ជាក់ស្តែង តម្លៃដីធ្លីនៅជាប់នឹងផ្លូវជាតិលេខ៥ អាចមានតម្លៃចាប់ពី៣០ដុល្លារអាមេរិក ដល់៨០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

សម្រាប់ប្រភេទដី នៅតាមផ្លូវតូចចូលក្នុងបន្តិច លោកបញ្ជាក់ថា តម្លៃដីធ្លីអាចចន្លោះពី៥ ទៅ១០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។ យ៉ាងណាក្តី តម្លៃមានការប្រែប្រួលទៅតាមសក្តានុពលទីតាំង ទំហំដី និងទំហំផ្លូវចូល។

លោកហ៊ិន រស់ បន្ថែមថា សព្វថ្ងៃនេះ មានក្រុមអ្នកមានលុយជាច្រើន ងាកមកស្វែងរកទិញដី នៅតាមតំបន់ខាងលើនេះ ដើម្បីទុកវិនិយោគនាពេលអនាគត។

ជាមួយគ្នានេះ លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់បានឱ្យដឹងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥ មានសក្តានុពលខ្លាំង ដោយ​សារដីធ្លីនៅស្របនឹងផ្លូវនេះ ភាគច្រើនជាដីលំនៅដ្ឋាន ដីឧស្សាហកម្ម និងសំរាប់សាងសង់រោងចក្រ​សហគ្រាសនានា។

លោកបញ្ជាក់ថា កាលពីមុនតម្លៃដីធ្លី ស្ថិតនៅចន្លោះពី១៥០០ដុល្លារអាមេរិក ដល់២០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រដើរ នាពេលបច្ចុប្បន្ននេះ អាចកើនថ្លៃដល់៣០០០ដុល្លារ ទៅ៤០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រដើរ។
បើតាមអ្នកជំនាញរូបនេះ សព្វថ្ងៃនេះ គេសង្គេតឃើញ កំណើនច្រើននៃអ្នកទិញ សម្រាប់វិនិយោគទៅជាទីតាំងអាជីវកម្ម និងលំនៅឋាន។ សម្រា​ប់អ្នកវិនិយោគនៅតាមបណ្តោយផ្លូវនេះ គេមើលឃើញពីសក្តានុពល ដោយ​សារផ្លូវនេះជាផ្លូវអាស៊ាន និងអំណោយផល ដល់ការសាងសង់គំរោងអភិវ ឌ្ឈ​ន៍អចលនទ្រព្យ សម្រាប់ធ្វើអាជីវកម្ម និងលំនៅឋាន។

លោកថា “ប្រជាជនដែលទិញដីនៅតាមតំបន់នេះ ភាគច្រើនគឺទិញសម្រាប់ធ្វើជាកន្លែងស្នាក់នៅ និងជាទីតាំងសម្រាប់ធ្វើអាជីវកម្ម”។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ។ ផ្លូវដ៏វែងនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ផ្លូវជាតិលេខ៥ ជាផ្លូវហាយវេកម្រិតអាស៊ាន ដែលតភ្ជាប់រវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃ និងប្រទេសវៀតណាម ហើយស្ថិតនៅក្នុងច្រករបៀងផែនការអភិវឌ្ឍត្បូង ត្បូងនៃក្របខ័ណ្ឌបណ្តាប្រទេស មហាអនុតំបន់ទន្លេមេគង្គផងដែរ៕

ប្រធាន CVEA ថា ការវិនិយោគដីធ្លីនៅតែមានអត្រាចំណេញជាមធ្យម ១៥ភាគរយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានអះអាងថា ការវិនិយោគដីធ្លីនៅតែទទួល​បានផលចំណេញជាមធ្យម១៥ភាគរយក្នុងមួយឆ្នាំ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃ ទី២៤ ឧសភាកន្លងមកថា ទីផ្សារដីធ្លីនៅតែទទួលបានផលចំនេញខ្ពស់ ដោយរយៈពេលពីរបីឆ្នាំខាងមុខ អត្រាចំណេញនៅតែរក្សាបាន១៥ភាគរយ ក្នុងមួយឆ្នាំ ធៀបនឹងការវិនិយោគ។

លោកបន្តថា “បើគិតនៅតំបន់ជាយក្រុងដទៃទៀត ដែលមានដូចជា ខ័ណ្ឌព្រែកព្នៅ ខ័ណ្ឌពោធិសែនជ័យ និងខ័ណ្ឌសែនសុខ អត្រាចំណេញស្ថិតក្នុងចន្លោះ២០ទៅ៣០ភាគរយ”។ លោកបន្តថា “បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុកដើរតួនាទីសំខាន់ជាងគេ ដោយទំហំលុយចាប់ពី៥០ម៉ឺនដុល្លារចុះនៅតែមានការបញ្ចេញ សម្រាប់ទីតាំងល្អៗនិងមានផលចំណេញខ្ពស់”។

លោកច្រឹក សុខនីម បានបន្តថា ទោះបីជាមានបញ្ហាដោយសារវិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមកក្តី តែអ្នកវិនិយោគក្នុងស្រុកនៅតែបន្តទិញ នៅតែបន្តវិនិយោគ ព្រោះឱកាសចំនេញមានខ្ពស់ នៅពេលទីផ្សារនិងស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរមកវិញ។

លោកបន្តថា “ការវិនិយោគដីធ្លី នៅតែអាចរកផលចំណេញបាន ធៀបនឹងការវិនិយោគដទៃទៀត ផលចំណេញពីទីផ្សារដីធ្លីនៅតែមានកម្រិតខ្ពស់”៕

ក្រុមហ៊ុនអង់គ្លេស Zaha Hadid Architects ឈ្នះការប្រកួតគូរប្លង់អគារភ្លោះកប់ពពកដ៏អស្ចារ្យនៅប្រទេសចិន

ដោយៈសុខុម

ប្រទេសចិនៈ ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេសឈ្មោះ Zaha Hadid Architects (ZHA) បានឈ្នះការប្រកួតគូរប្លង់អគារភ្លោះ កប់ពពកដ៏អស្ចារ្យ Tower C នៅគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ Shenzhen Bay Super Headquarters Base។ នេះបើយោងតាមគេហទំព័រ Engineering Discoveries ចុះផ្សាយកាលពីពេលថ្មីៗនេះ។

គម្រោង Shenzhen Bay Super Headquarters Base នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់មួយ នៅក្រុងស៊ឹនជិន (Shenzhen) ប្រទេសចិន ដែលជាកន្លែងប្រមូលផ្ដុំទៅដោយការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនជាច្រើន ដែលអាចទទួលបុគ្គលិកបានរហូតដល់ទៅ៣០០.០០០នាក់។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុនេះ នឹងរួមបញ្ចូលទាំងសាលសន្និសីទអន្តរជាតិ សាលពិព័រណ៍ កម្មវិធីវប្បធម៌ និងសិល្បៈ ការអភិវឌ្ឍលំនៅដ្ឋាន មជ្ឈមណ្ឌលដឹកជញ្ជូន និងតំបន់ឆ្នេរដែលមានដីសើមផងដែរ។

ដូចនេះអគារភ្លោះកប់ពពក កម្ពស់៤០០ម៉ែត្រ Tower C ដែលគូរប្លង់ដោយក្រុមហ៊ុន Zaha Hadid Architects (ZHA) នៅក្នុងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ Shenzhen Bay Super Headquarters Base ខាងលើនេះគឺពិតជាស័ក្ដិសមឥតខ្ចោះ ទៅនឹងស្ថានភាពភូមិសាស្ត្ររបស់ក្រុងស៊ឹនជិន។

ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតបញ្ជាក់ថា តើដំណើរការសាងសង់អគារនេះ នឹងចាប់ផ្ដើមនៅពេលណា សាងសង់លើផ្ទៃដីប៉ុន្មានហិកតា ហើយមានទំហំទុនវិនិយោគច្រើនកម្រិតណានៅឡើយទេ៕ Engineering Discoveries៕

អ្នកជំនាញៈ ទីផ្សារអាផាតម៉ិននៅតែមានភាពប្រសើរ ទោះតម្រូវការងាកមកកាន់អ្នកក្នុងស្រុកក្តី

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ទីផ្សារអាផាតម៉ិន នៅតែមានតម្រូវការខ្ពស់នៅឡើយ ទោះបីជាទីផ្សារនេះងាកពីការពឹងផ្អែកជនបរទេស មកកាន់ទីផ្សារសំរាប់អ្នកក្នុងស្រុកក្តី។

អគ្គនាយកក្រុមហ៊ុន Towncity Real Estate លោកវ៉ន ចាន់ថនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ ឧសភាថា តម្រូវការអាផាតម៉ិនជួលនៅតែមានភាពល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាតម្រូវការពីជនបរទេសមានកម្រិតក្តី ប៉ុន្តែតម្រូវការរបស់អ្នក​ក្នុងស្រុកបន្តកើនឡើង។

លោកបន្តថា “អត្រាប្រើប្រាស់រួមលើទីផ្សារអាផាតម៉ិន នៅតែមានកម្រិតខ្ពស់ បើទោះជាតម្លៃមិនកើនឡើងក្តី ប៉ុន្តែតម្រូវការឃើញមានភាពល្អប្រសើរ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីៗនេះបានបង្ហាញថា តម្លៃជួលអាផាតម៉ិនបានធ្លាក់ចុះ ក្នុងរង្វង់១០ទៅ១៥ភាគរយ ធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា អត្រាប្រើប្រាស់រួមក្នុងទីផ្សារអាផាតម៉ិនមានចន្លោះពី៦០ ទៅ៧០ភាគរយ ជាអត្រាធ្លាក់ចុះបន្តិច បើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។

លោកបន្តថា “អាផាតម៉ិនលំដាប់A មានតម្លៃចន្លោះពី៧០០ទៅ១២០០ដុល្លារក្នុងមួយបន្ទប់គេង សម្រាប់តំបន់បឹងកេងកង១”។លោកបន្តថា ប៉ុន្តែអាផាតម៉ិនធម្មតាៗ ស្ថិតនៅតំបន់ទួលទំពូង និងតំបន់មិនសូវមាន​ប្រជាប្រិយភាពដទៃទៀត មានតម្លៃចន្លោះត្រឹម៣០០ ទៅ៥០០ដុល្លារក្នុងមួយបន្ទប៉គេង”។

លោកច្រឹក សុខនីមបានបន្តថា ដោយសារវិបត្តិកូវីដ១៩ ទីផ្សារអាផាតម៉ិនងាកមកពឹងផ្អែក លើទីផ្សារជួលក្នុងស្រុកច្រើន ព្រោះជនបរទេសមិនសូវបានធ្វើដំណើរចូលមកកាន់កម្ពុជា៕

តើអ្នកគួររកវិធីសាស្រ្តបែបណា ដើម្បីចាប់យកឱកាសពេលទីផ្សារមានវិបត្តិ?

ដោយៈវិវឌ្ឈន៍

ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកើតមានឡើងរយៈពេល១០ឆ្នាំម្តង ហើយទីផ្សារអចលនទ្រព្យតែងតែមានបញ្ហាជាមួយគ្នា ហេតុនេះតើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ​ទើប​អាច​រស់បាន​ក្នុង​ដំណាក់កាល​លិច​លង់?។

អ្នកជំនាញបានបង្ហើបនូវវិធីសាស្រ្តសំខាន់ៗចំនួន៤​យ៉ាង ដើម្បី​អាច​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​ពី​វិបត្តិ​នេះ និង​អាច​ចាប់​យក​ឱកាស​ជាមួយគ្នាផងដែរ។

ទី១ ច្នៃ​អចលនទ្រព្យ​ឲ្យ​មាន​លំហូរ​សាច់​ប្រាក់
ទាក់ទងនឹងបញ្ហានេះមាន​វិធីសាស្រ្ត២​យ៉ាង​ ដែល​អ្នក​អាច​ច្នៃ​អចលនទ្រព្យ​ឲ្យ​ទទួល​បាន​លំហូរ​សាច់​ប្រាក់។ វិធីសាស្រ្ត​ទី១ គឺ​ការ​លក់​បង់​រំលស់ ​រយៈ​ពេល​វែងជាមួយអតិថិជន ឬជាមួយម្ចាស់ទ្រព្យ និងវិធីសាស្ត្រ​ទី២ គឺ​ការ​ដាក់​ជួល។

ការដាក់​ជួល​ជា​ការ​ល្អ​ ប្រសិន​បើ​អចលន​ទ្រព្យ​របស់​អ្នក​ នៅ​មាន​សក្តានុពល​ខ្ពស់​ ក្នុង​ការ​កើន​តម្លៃ​នា​ពេល​អនាគត។ វិធី​សាស្ត្រ​នេះ ជា​វិធីសាស្រ្ត​ព្រួញ​១​បាញ់​បាន​សត្វ​បានដល់ទៅ២។

ទី២ រក្សា​លំហូរ​សាច់​ប្រាក់​ពី​ប្រភព​ផ្សេង
អ្នក​គួរ​មាន​លំហូរ​សាច់​ប្រាក់​ពី​ប្រភព​ផ្សេង​ ដូចជា ប្រាក់​ខែ ឬ​ចំណូល​ពី​អាជីវកម្ម​ផ្សេងៗ។ កាល​ពី​អំឡុង​ឆ្នាំ​២០០៧​- ២០១០ វិស័យ​អចលនទ្រព្យបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង អ្នកវិនិយោគបាន​ចាប់​យក​ឱកាសនេះ ​តាមរយៈ​ប្រើប្រាស់​លំហូរ​សាច់​ប្រាក់​ពី​ប្រាក់​ខែ​ ដើម្បី​ទទួល​កម្ចី​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​ដោយ​មិន​ញញើត​ដៃ។
មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​មិន​ហ៊ាន​វិនិយោគ ​នៅ​ពេល​មាន​វិបត្តិ​បែប​នេះ​ទេ។

មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង លោក លីកាស៊ីង សម្រុក​ទិញ​ដីធ្លី​នៅ​អំឡុង​ពេល ​ដែល​ប្រទេស​ស្ថិត​ក្នុង​វិបត្តិ​ធំៗ ដូចជា នៅ​ពេល​មាន​បដិវត្តន៍​វប្បធម៌ និង​កុប្បកម្ម​នៅ​ទីលាន ធានអានមិនជាដើម។

ប្រភពទុន​ក្នុង​ការ​វិនិយោគ គឺ​លោក​ទទួល​បាន​ពី​ផល​ចំណេញ​នៃ​ការ​ផលិត​ផ្កា​សិប្បនិម្មិត។ ដូច​គ្នា​នេះ​ដែរ មហាសេដ្ឋី​អចលនទ្រព្យ​ថៃ លោក សុងសាក់ឌី អូឡាម បាន​ប្រើ​ចំណូល​ពី​សិប្បកម្ម​ ផលិត​ផ្កា​សិប្បនិម្មិត​ទិញ​ដី​ស្រែ​ប្រាំង និង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ​នៅ​ជាយ​ក្រុង​បាងកក ក្នុង​អំឡុង​ឆ្នាំ​១៩៨៥​-១៩៨៦បាន​ចំនួន​១៦០​ហិកតា។

រយៈពេលប្រមាណ​១០​ឆ្នាំ​ក្រោយ លោក​បាន​អភិវឌ្ឍ​ជា​លំនៅដ្ឋាន​និង​អគារ​ពាណិជ្ជកម្ម ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

ទី៣ រក្សា​បំណុល​ក្នុង​កម្រិត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន
​លំហូរ​សាច់​ប្រាក់​ចូល​ពី​ប្រភព​ទាំងពីរ​ខាង​លើ គួរតែ​ស្មើនឹង១៥០% នៃ​កាតព្វកិច្ច​សង​បំណុល និង​តម្រូវការ​ចាយ​វាយ​ក្នុង​គ្រួសារ​ប្រចាំ​ខែ។

ទី៤ រៀនរស់​ក្នុង​ជីវិត​សាមញ្ញ
បើអ្នក​មាន​ទម្លាប់​រស់នៅ​សាមញ្ញ នោះ​អ្នក​នឹង​មិន​មាន​សម្ពាធ​ផ្លូវចិត្ត​នៅ​ពេល​ទីផ្សារ​ជាប់​គាំង​នោះ​ទេ ព្រោះ​អ្នក​មិន​បាន​រំពឹង​យក​ប្រាក់ ​ឬ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មក​ចាយវាយ​ហ៊ឺហារនោះឡើយ៕