វិបត្តិអចលនទ្រព្យនៅប្រទេសចិន កំពុងទាញអ្នកដែលមានជីវភាពមធ្យមឱ្យធ្លាក់ចូលក្នុងបំណុលវ័ណ្ឌ “ក”

ដោយៈ សុខុម

ប៉េកាំង: ការជាប់គាំងនៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងទាញក្រុមវណ្ណៈកណ្តាល ឬអ្នកដែលមានកម្រិតជីវភាពមធ្យមប្រមាណ៤០០លាននាក់ក្នុងប្រទេសនេះ ឱ្យធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ឌករើខ្លួនមិនរួច ដោយសារតែពួកគេជឿថា អចលនទ្រព្យជាមធ្យោបាយដ៏ល្អមួយ ក្នុងការកសាងទ្រព្យសម្បត្តិ។

នៅពេលនេះ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាប់គាំង ទូទាំងប្រទេសចិន ហើយតម្លៃផ្ទះដាំក្បាលចុះខ្លាំង ម្ចាស់ផ្ទះជាច្រើនកំពុងកាត់បន្ថយការចំណាយ និងសូម្បីពន្យារពេលរៀបអាពាហ៍ពិពាហ៍ជាដើម ដើម្បីឆ្លងឱ្យផុតដំណាក់កាលដ៏លំបាកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែកក្កដា នេះ។

វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន កាន់តែធ្ងន់ធ្ងរទៅៗ នៅពេលក្រុមអ្នកទិញផ្ទះបានរួមគ្នាធ្វើការតវ៉ា និងឈប់បង់កម្ចីទិញផ្ទះ សម្រាប់គម្រោងអភិវឌ្ឍន៍ណាដែលមិនទាន់សាងសង់រួចរាល់។

តួយ៉ាងបុរសម្នាក់ឈ្មោះ Peter បានបោះបង់ផែនការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងផែនការទិញរថយន្តBMW 5 បន្ទាប់ពីការសាងសង់ផ្ទះតម្លៃ៣០០.០០០ដុល្លារអាមេរិក របស់គាត់នៅទីក្រុងជឹងចូវ (Zhengzhou) ខេត្តហឺណាន (Henan) ត្រូវបានផ្អាកដោយក្រុមហ៊ុន China Aoyuan Group។

ពេលនេះគាត់ កំពុងខ្វល់ចិត្តយ៉ាងខ្លាំងចំពោះកម្ចីទិញផ្ទះ ដែលធ្វើឱ្យគាត់ត្រូវចំណាយរហូតដល់ទៅ៩០% នៃប្រាក់ចំណូលរបស់គាត់ទៅលើផ្ទះដែលគាត់មិនដែលបានឃើញ ឬនិយាយឱ្យសាមញ្ញថា បង់កម្ចីទិញផ្ទះរាល់ខែ តែមិនដែលបានឃើញផ្ទះពិតប្រាកដ។

លោក Peter ជាអ្នកទិញផ្ទះម្នាក់ក្នុងចំណោមអ្នកទិញផ្ទះ រាប់សែននាក់នៅក្នុងទីក្រុងជាង៩០ទូទាំងប្រទេសចិន ដែលបានចូលរួមតវ៉ា និងឈប់បង់ប្រាក់កម្ចីទិញផ្ទះ ដែលមានទំហំសរុបរហូត ដល់ទៅ២៩៦ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍នានា ដូចជាក្រុមហ៊ុន Aoyuan និងក្រុមហ៊ុន China Evergrande Group ជាដើមបានផ្អាកគម្រោងរបស់ខ្លួន ដោយសារជួបវិបត្តិសាច់ប្រាក់។

ចំនួនអ្នកមានកម្រិតជីវភាពមធ្យម កាន់តែច្រើនឡើងខ្ពស់នៅក្នុងប្រទេសចិន ដែលទ្រព្យសម្បត្តិសរុបប្រមាណ៧០% របស់ពួកគេជាប់កុនក្នុងផ្ទះសំបែង ហើយកំពុងចូលរួមការតវ៉ា ឈប់កម្ចីទិញផ្ទះដែលបង្កការគំរាមកំហែងដល់សេដ្ឋកិច្ច និងស្ថិរភាពសង្គមទូទាំងប្រទេសចិន។

ពេលនេះរដ្ឋាភិបាលក្រុងប៉េកាំង កំពុងព្យាយាមដុតដៃដុតជើងរកមធ្យោបាយ ដោះស្រាយស្ថានការណ៍ដ៏អាក្រក់នេះ ដោយក្រុមហ៊ុនខ្លះបានស្នើសុំរយៈពេលអនុគ្រោះ (Grace Period) លើការទូទាត់ប្រាក់កម្ចី និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងធនាគារនានាអន្តរាគមន៍ និងជួយសង្គ្រោះគម្រោងអភិវឌ្ឍន៍នានា។

លោកស្រី Kristy Hung អ្នកវិភាគប្រចាំបុត្រសម្ព័ន្ធស្រាវជ្រាវ Bloomberg Intelligence របស់សារព័ត៌មាន Bloomberg ដ៏ល្បីល្បាញបានប៉ាន់ប្រមាណថា ការផ្អាកការសាងសង់ អាចប៉ះពាល់ដល់គម្រោងផ្ទះ ដែលមានតម្លៃរហូតដល់ទៅ៦៩៦ពាន់លានដុល្លារអាមេរិក ហើយប្រហែលជាត្រូវការទុនរហូតដល់ទៅ២០៧ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ១,៣%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសចិន ដើម្បីសាងសង់បញ្ចប់ផ្ទះទាំងនោះ៕ Reuters៕

ប្រយ័ត្នៈមីវៀតណាមមានផ្ទុកសារធាតុហាមឃាត់លើសកម្រិត ស្របពេលអាជ្ញាធរនឹងធ្វើការត្រួតពិនិត្យ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រោយសហភាពអឺរ៉ុប បានរកឃើញផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត ភាគីប្រទេសកម្ពុជា នឹងធ្វើការពិនិត្យលើផលិតផល មីកញ្ចប់វៀតណាមប្រភេទនោះ។

លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយ​ក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្នុងករណីរកឃើញ មីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារនៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

លោកបានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោកផាន អូនបានឲ្យដឹងថា ទាក់ទងនឹងសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត យើងក៏បានប្រជុំជជែកគ្នា កាលពីម្សិលមិញ ដើម្បីពិនិត្យមើលលើវិធានការចំនួន៣ ក្នុងការអនុវត្ដ ក្រោយខាងសហភាពអឺរ៉ុប បានរកឃើញនៅក្នុងមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាម។


លោកបានឲ្យដឹងថា តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា ការនាំចូលមីកញ្ចប់ មានរយៈពេលយូរមកហើយ ដូច្នេះដើម្បីជាវិធានការបង្ការ អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យ ថាតើមីកញ្ចប់ប្រភេទនោះ មានការធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាដែរ ឬទេ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ថា បើសិនជារកឃើញមីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារ នៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

លោកផាន អូន បានបន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដាក់ជាទំនិញមីកញ្ចប់ប្រភេទនោះ ជាទំនិញមានហានិភ័យ ដោយត្រូវមានការបញ្ជាក់វិញ្ញាបនបត្រ ដែលបញ្ជាក់ថា គ្មានសារធាតុអេទីឡែនអុកស៊ីត។

ប្រទេសអាល្លឺម៉ង់ បានចេញការព្រមាន ចំពោះផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន ដែលមានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា អាជ្ញាធរអនាម័យ និងភូតគាមអនាម័យ និងស៊ើបអង្កេតវៀតណាម (SPS) ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួន ដែលនាំចេញដោយក្រុមហ៊ុនវៀតណាម។

ប្រទេសអាឡឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ ដែលមានរសជាតិសាច់មាន់ ដែលផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ ជាងស្តង់ដារសហភាពអឺរ៉ុប៕

 

ប្រទេសស្រីលង្ការស្នើសុំជំនួយពីប្រទេសចិនក្នុងការស្តារសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសស្រីលង្ការ បានស្នើសុំជំនួយពីប្រទេសចិន លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដើម្បីស្តារឱ្យប្រទេសនេះរីកចម្រើនប្រកបដោយនិរន្តរភាពឡើងវិញ។
បេសកជនរបស់ទីក្រុងកូឡុំបូ ប្រចាំទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស្រីលង្កាកំពុងចរចា សម្រាប់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន៤ពាន់លានដុល្លារ ដើម្បីស្តារប្រទេសចេញពីវបត្តិសេដ្ឋកិច្ច។

ប្រទេសស្រីលង្ការ ជាប្រទេសដែនកោះមួយ ដែលមានប្រជាជន២២លាននាក់ កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់ខ្លួនបើរាប់ចាប់តាំងពីប្រទេសនេះ ទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។
លោក Palitha Kohona ឯកអគ្គរដ្ឋទូតស្រីលង្ការ បាននិយាយសង្កត់ធ្ងន់ថា ប្រទេសចិនជាកូនសោរដ៏សំខាន់ ដើម្បីចាក់ឈានទៅស្តារសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្ការ ខណៈទីក្រុងប៉េកាំងជាម្ចាស់បំណុលបរទេសដ៏ធំបំផុតមួយរបស់ប្រទេសស្រីលង្ការ រួមជាមួយនឹងប្រទេសជប៉ុន។ ប្រទេសចិន ក៏កាន់កាប់បំណុលខាងក្រៅ របស់ប្រទេសស្រីលង្ការ ប្រហែល១០ភាគរយផងដែរ។


នៅក្នុងបទសម្ភាសន៍ជាមួយ សារពត៌មានReuters នៅស្ថានទូតស្រីលង្ការ លោក Palitha Kohona បាននិយាយថា ទីក្រុងកូឡុំបូចង់ឱ្យក្រុមហ៊ុនចិន ទិញតែខ្មៅរបស់ស្រីលង្ការ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់ និងដើម្បីធ្វើឱ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព។
លោកបានបន្តថា ទីក្រុងប៉េកាំងក៏អាចជួយវិនិយោគបន្ថែម ទៅក្នុងគម្រោងកំពង់ផែដ៏ធំ ដែលគាំទ្រដោយប្រទេសចិន នៅក្នុងទីក្រុងកូឡុំបូនិងទីក្រុងHambantota ខណៈផែនការវិនិយោគធំៗរបស់ចិន បានជាប់គាំង ដោយសារតែជំងឺរាតត្បាតកូវីដ១៩។

លើសពីនេះទៀត ប្រទេសស្រីលង្ការ ក៏ចង់ឃើញភ្ញៀវទេសចរចិនកាន់តែច្រើន ចូលមកកាន់ប្រទេសខ្លួនឡើងវិញ ដែលចំនួនរបស់ភ្ញៀវទេសចរចិនបានធ្លាក់ចុះពី២៦៥.០០០នាក់ ក្នុងឆ្នាំ២០១៨មកស្ទើរតែសូន្យ ក្រោយពីការវាយប្រហារអត្តឃាត និងជំងឺរាតត្បាតក្នុងឆ្នាំ២០១៩៕

ការសិក្សាៈ ជនជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ទី១ជាអ្នកទិញអចលនទ្រព្យតម្លៃថ្លៃបំផុតក្នុងប្រទេសថៃ

ដោយៈ សុផារី

ភ្នំពេញៈ ការសិក្សារបស់ធនាគាររដ្ឋាភិបាលធំមួយ នៅក្នុងប្រទេសថៃបានបង្ហាញថា ជនជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ជាអតិថិជនបរទេស ដែលបានចំណាយទឹកប្រាក់ជាមធ្យមច្រើនបំផុត លើការទិញអចលនទ្រព្យនៅក្នុងប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសថៃ។

របាយការណ៍ស្តីពីអចលនទ្រព្យគ្រប់គ្រង ដោយជនបរទេសក្នុងប្រទេ​សថៃរបស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ នៃធនាគារលំនៅឋានរបស់   រដ្ឋាភិបាលថៃ (Government Housing Bank) ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ បង្ហាញពីទិន្នន័យទឹកប្រាក់សរុប នៃតម្លៃអចលនទ្រព្យ ដែលត្រូវបានទិញដោយជនបរទេស។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា “ជនជាតិកម្ពុជាជាជនជាតិចំណាយប្រាក់ទិញ អចលនទ្រព្យថ្លៃបំផុត ក្នុងចំណោមជនបរទេសផ្សេងទៀត ក្នុងតម្លៃ១៨,២លានបាត ឬប្រហែល៥ម៉ឺនដុល្លារអាមេរិក”។

ដោយរៀងតាមទំហំទឹកប្រាក់សរុប នៃការវិនិយោគលើអចលនទ្រព្យរបស់ជនបរទេស ជនជាតិកម្ពុជាចំណាយទឹកប្រាក់៤០១លានបាត ឬស្មើនឹង១១លានដុល្លារអាមេរិក កើនឡើង៣៤,៦ភាគរយ ក្នុងត្រីមាសទី១ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ជនជាតិចិនបន្តជាប់ចំណាត់ថ្នាក់ទី១ ជាជនបរទេសទិញអចលនទ្រព្យសរុប ក្នុងតម្លៃ៤.៥៧០លានបាត ឬស្មើនឹង១២៤,៨០លានដុល្លារអាមេរិក ធ្លាក់ចុះ៣២,៤ភាគរយ។

ផ្ទុយទៅវិញ ជនជាតិរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី២ ចំណាយទឹកប្រាក់សរុបចំនួន៤៣៥លានបាត ឬស្មើនឹង១១,៨៧លានដុល្លារអាមេរិក កើនឡើងរហូតដល់ទៅ១០៣,៥ភាគរយ។

នាពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានសម្រេច អនុញ្ញាតឱ្យជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន កាន់កាប់ដីពេញលេញ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋាន ដោយព្យាយាមជំរុញសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការទាក់ទាញអ្នកចំណាយប្រាក់ច្រើន ចំនួនមួយលាននាក់ពីក្រៅប្រទេស។

កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដី អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana កាលពីពេលថ្មីៗនេះថា គណៈរដ្ឋមន្ត្រីបានអនុម័ត ឱ្យជនបរទេសអាចកាន់កាប់ដីធ្លី រហូតដល់១រ៉ៃ (០,១៦ហិកតា) ចាប់ពីខែកញ្ញាឆ្នាំ២០២២តទៅ សម្រាប់ការវិនិយោគក្នុងតម្លៃ៤០លានបាតឡើងទៅ លើអចលនទ្រព្យ មូលបត្រ ឬមូលនិធិរបស់ប្រទេសថៃ ក្នុងរយៈពេល៣ឆ្នាំ។

លោក Thanakorn បាននិយាយថា រដ្ឋាភិបាលថៃមានបំណងទាក់ទាញកម្មករជំនាញ និងនិវត្តជនបន្ថែមទៀត ហើយសំណើនេះនឹងរួមបញ្ចូលអត្ថប្រយោជន៍ពន្ធមួយចំនួន និងទិដ្ឋាការរយៈពេល១០ឆ្នាំ។ គោលបំណងរបស់គម្រោងនេះ ដើម្បីបន្ថែមទឹកប្រាក់ចំនួន១ពាន់ពាន់លានបាត ឬស្មើនឹង២៧.៣២២លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ច និងជំរុញការវិនិយោគឱ្យមានចំនួន៨០០ពាន់លានបាត ឬស្មើនឹង២១.៨៤៨លានដុល្លារអាមេរិក៕

មជ្ឈមណ្ឌលឧស្សាហកម្មគ្រឿងបន្លាស់រថយន្តដំបូងគេបង្អស់មួយគ្រោងសាងសង់នៅក្នុងខេត្តកណ្តាល

ដោយៈ សុផារី

កណ្តាលៈ មជ្ឈមណ្ឌលឧស្សាហកម្ម គ្រឿងបន្លាស់រថយន្តដំបូងគេបង្អស់មួយ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក គ្រោងសាងសង់ និងលេចរូបរាងឡើង នៅក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។

គម្រោងមួយនេះ ជាការសហការរវាងវេទិកាអាស៊ាន-កូរ៉េ និងក្រុមហ៊ុនកូរ៉េសំរាង (Samrang Korea Co., Ltd.) ដែលគ្រោងនឹងជំរុញការកសាងមជ្ឈមណ្ឌល ឧស្សាហកម្មគ្រឿងបន្លាស់នេះ តាមរយៈការអភិវឌ្ឍន៍ឯកជន ហើយរំពឹងថានឹងបង្កើតការងារដល់ប្រជាជន ក្នុងមូលដ្ឋានប្រមាណជា១.៩០០នាក់។

គម្រោងឧស្សាហកម្មគ្រឿងបន្លាស់រថយន្តមួយនេះ គឺជាគម្រោងឧស្សាហកម្ម ផ្នែកគ្រឿងបន្លាស់រថយន្តដំបូងគេរបស់កម្ពុជា ដែលតំណាងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ឈានមុខគេរបស់ប្រទេសកូរ៉េជាច្រើនបានចូលរួមអភិវឌ្ឍ រួមមាន ក្រុមហ៊ុន Mijin Co., Ltd. (មានលោក Yang Won-mo ជា CEO) និង BP Co., Ltd. (មានលោក Jeong Dong-hoon ជា CEO)។

មជ្ឈមណ្ឌលឧស្សាហកម្ម នេះនឹងសាងសង់នៅលើផ្ទៃដី៤០៩.៤៩៣ម៉ែត្រការ៉េ ដើម្បីផលិត និងលក់ផលិតផលគ្រឿងបន្លាស់រថយន្ត ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា និងជាមូល   ដ្ឋាននាំចេញសម្រាប់គ្រឿងបន្លាស់រថយន្ត។

នៅក្នុងប្រទេសកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មជាច្រើន ដូចជា ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូប ដែលពឹងផ្អែកលើកម្លាំងពលកម្ម អាចជំរុញឧស្សាហកម្មរថយន្ត ដែលត្រូវបានគេហៅថា “ផ្កានៃឧស្សាហកម្ម” ហើយជាគម្រោងចាំបាច់ សម្រាប់ការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា។

នៅពេលដែលមជ្ឈមណ្ឌលឧស្សាហកម្មនេះ ត្រូវបានបញ្ចប់ការសាងសង់ ទីផ្សារការងារថ្មីនឹងត្រូវបានបង្កើតឡើង ហើយបច្ចេកវិទ្យាទំនើបៗនឹងត្រូវបានផ្ទេរទៅឱ្យកម្មករ ដែលកំពុងធ្វើការក្នុងមជ្ឈមណ្ឌលឧស្សាហកម្មខាងលើ តាមរយៈការអប់រំថ្មី ដែលនឹងអភិវឌ្ឍឧស្សាហកម្មរថយន្តកម្ពុជា។

ជាពិសេស មជ្ឈមណ្ឌលឧស្សាហកម្មយានយន្តនេះ មិនត្រឹមតែផលិតគ្រឿងបន្លាស់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតខ្សែបណ្តាញរថយន្តទំហំតូច ដែលមានតម្លៃសមរម្យ និងអាចពន្លឿនយុគសម័យនៃ ‘រថយន្តដែលសក្តិសមសម្រាប់ប្រជាជនកម្ពុជាទូទៅ”៕

សារព៌តមានចិនៈ ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាសម្រេចបានកំណើន២០ភាគរយក្នុងមួយឆ្នាំ

ដោយៈ សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់កម្ពុជាបានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ថា ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនជាមធ្យម២០%ក្នុងមួយឆ្នាំៗ។

ថ្លែងក្នុង “ទិវាធានារ៉ាប់រងឆ្នាំ២០២២” លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាបរងកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ព្រមទាំងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន១៨ ភ្នាក់ងារសាជីវកម្មចំនួន៣៤ និងក្រុមហ៊ុនធានារ៉ាប់រងកាតខាតបង់ចំនួន២។

លោកលើកឡើងថា “ទន្ទឹមនឹងការកើនឡើង នូវចំនួនក្រុមហ៊ុនធានារ៉ាប់រង ទំហំទីផ្សារធានារ៉ាប់រង ក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដោយបុព្វលាភសរុប កើនឡើងដល់ប្រមាណ៣០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយអត្រាកំណើនជាមធ្យម សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ គឺស្ថិតក្នុងរង្វង់ប្រមាណ២០ភាគរយ។

លោកបន្ថែមទៀតថា “ជាពិសេស ទីផ្សារធានារ៉ាប់រងបានរក្សាបាននូវកំណើនវិជ្ជមានរបស់ខ្លួន ក្នុងរង្វង់៨%ក្នុងឆ្នាំ២០២០ និងប្រមាណ១០%ក្នុងឆ្នាំ២០២១ ទោះបីជាមានការរីករាលដាលវីរុសកូវីដ-១៩ ក្ដី”។

លោកបានបន្តថា ទីផ្សារធានារ៉ាប់រងរបស់កម្ពុជា មានទ្រព្យសកម្មសរុបប្រមាណ៩៤៨លានដុល្លារ ហើយបានបង្កើតការងារពេញម៉ោងប្រមាណ៤.០០០កន្លែង និងការងារក្រៅម៉ោងប្រមាណ១០.០០០កន្លែង៕ Xinhua៕

ក្រុមហ៊ុន Evergrande គ្រោងរៀបចំបំណុលឡើងវិញដែលនឹងផ្ដល់ផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយវិបត្តិអចលនទ្រព្យចិន

ដោយៈ សុខុម

ហុងកុង: តាមការរំពឹងទុក ក្រុមហ៊ុនចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក នឹងប្រកាសក្នុងសប្តាហ៍នេះ នូវផែនការរៀបចំបំណុលឡើងវិញ។

ការរៀបចំបំណុលឡើងវិញនេះ នឹងមិនត្រឹមតែកំណត់ជោគវាសនារបស់ក្រុមហ៊ុននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវិធី ដែលរដ្ឋាភិបាលក្រុងប៉េកាំង គ្រោងដោះស្រាយបញ្ចប់វិបត្តិអចលនទ្រព្យ ដែលធ្លាក់កាន់តែជ្រៅផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា។

ជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande
កំពុងតែជួបវិបត្តិសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីឆ្នាំមុន ដោយត្រដាបត្រដួសខ្លាំង ក្នុងការទូទាត់សងអ្នកផ្គត់ផ្គង់ ម្ចាស់បំណុល និងវិនិយោគិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមដាក់ចេញវិធានការ ដើម្បីគ្រប់គ្រងកម្រិតបំណុលខ្ពស់ ហួសកម្រិតរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នានា។

វិបត្តិសាច់ប្រាក់នៅក្រុមហ៊ុន Evergrande បានធ្វើឱ្យបំណុលរបស់ខ្លួននៅបរទេស ចំនួន២២,៧ពាន់លានដុល្លារ រួមទាំងឥណទាន និងមូលបត្របំណុលឯកជនផង ខកខានទូទាត់សងតាមពេលវេលាកំណត់។

វិបត្ដិក្រុមហ៊ុននេះ បានរីករាលដាលដល់ក្រុមហ៊ុនផ្សេងៗទៀត ក្នុងវិស័យអចលនទ្រព្យ ដោយធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចិន តូចៗជាច្រើនខកខានទូទាត់បំណុលជាបន្តបន្ទាប់ នៅពេលស្ថានភាពឥណទានរបស់ក្រុមហ៊ុនទាំងនោះកាន់យ៉ាប់យ៉ឺនទៅៗ។

ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលក់ដាច់បំផុតនៅប្រទេសចិនបាននិយាយថា ខ្លួននឹងប្រកាសផែនការរៀបចំបំណុល នៅក្រៅប្រទេសរបស់ខ្លួនឡើងវិញ នៅត្រឹមដំណាច់ខែកក្កដា ហើយតាមការរំពឹងទុកថា វានឹងក្លាយជាគំរូដ៏ល្អមួយ សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ដែលកំពុងជួបវិបត្តិសាច់ប្រាក់ដូចគ្នា។

ទោះជាយ៉ាងណា សំណើរៀបចំបំណុលឡើងវិញនេះ នឹងធ្វើឡើងក្នុងគ្រា ដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិន កាន់តែយ៉ាប់យ៉ឺនទៅៗ ហើយវិស័យអចលនទ្រព្យ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក៕ Reuters៕

សេវាកម្មគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជារំពឹងមានកំណើនខ្ពស់នៅរយៈពេល២ឆ្នាំខាងមុខ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សេវាគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា មិនទាន់មានការពេញនិយមនៅឡើយ ឬមិនទាន់មានក្រុមហ៊ុនស្ដង់ដារច្រើន សម្រាប់ផ្ដល់សេវាកម្មនេះ ជូនម្ចាស់អចលនទ្រព្យនៅឡើយទេ ទោះបីជាបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាមានការរីកដុះដាលខ្លាំងក្ដី។

ប៉ុន្តែអ្នកជំនាញបានលើកឡើងថា សម្រាប់រយៈពេល២ឆ្នាំខាងមុខ សេវាកម្មនេះត្រូវរំពឹងថា នឹងមានការរីកដុះដាលកាលច្រើន ហើយក៏ជាឱកាសសម្រាប់ក្រុមហ៊ុន ដែលផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យផងដែរ ។

កញ្ញាសាម ចាន់ធូ នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Chestertons Cambodia បានមានប្រសាសន៍ឱ្យដឹង កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ប្រៀបដូចជាម្ចាស់ទ្រព្យទី២ ដែលមានតួនាទីមើលថែទ្រព្យសម្បត្តិរបស់អតិថិជន ដែលបានជួលយើងឱ្យជួយថែរទាំ ដូចជាខុនដូ បុរី និងអចលនទ្រព្យជាច្រើនទៀត ។

កញ្ញាបន្តថា “នៅក្នុងប្រទេសកម្ពុជា សេវាកម្មនេះ មិនទាន់មានការពេញនិយម ឬមិនទាន់មានក្រុមហ៊ុនស្ដង់ដារច្រើន ក្នុងការផ្ដល់សេវាកម្មជូនអតិថិជននៅឡើយទេ”។ កញ្ញាបន្តថា “ប៉ុន្តែក្នុងរយៈពេល២ឆ្នាំខាងមុខសេវាកម្មគ្រប់គ្រងអចលនទ្រព្យរំពឹងថា នឹងមានកំណើនខ្ពស់ ដោយសារកំនើន​សាងសង់អាគារសំណង់នានាកាន់តែច្រើន”។

កញ្ញាសាម ចាន់ធូបានបន្តថា ជាទស្សនផ្ទាល់ខ្លួនរបស់កញ្ញា រយៈពេល២ទៅ៣ឆ្នាំខាងមុខ សេវាកម្មផ្ដល់ការគ្រប់គ្រងអចលនទ្រព្យ នឹងរីកដុះដាលខ្លាំង។ ដូច្នេះហើយចំពោះក្រុមហ៊ុនក្នុង និងក្រៅស្រុកដែលបម្រើលើវិស័យនេះ ត្រូវត្រៀមខ្លួន និងលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដោយនឹងមានវិនិយោគិនបរទេសកាន់តែច្រើននឹងចូលកម្ពុជា ។

កញ្ញាបន្ថែមថា សម្រាប់ក្រុមហ៊ុនChestertons Cambodia ក៏បានត្រៀមខ្លួនផងដែរ នៅពេលក្រុមហ៊ុនបរទេសចូលមកកម្ពុជា ហើយក៏ជាពេលវេលា ដែលយើងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយចែករំលែកដល់វិនិយោគិន ធ្វើយ៉ាងណាឱ្យទ្រព្យរបស់គាត់កើន និងជួយបង្កើតកេរ្តិ៍ឈ្មោះរបស់គាត់ឱ្យកាន់តែល្អ និងមានជំនឿទុកចិត្តពីអតិថិជនរបស់ពួកគាត់ ។

កញ្ញាបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ ម្ចាស់ទ្រព្យជាច្រើននៅមិនទាន់យល់ដឹងពីសេវាកម្ម គ្រប់គ្រងអចលនទ្រព្យនោះទេ។ ដូច្នេះហើយទើបតម្រូវការនៃសេវាកម្មនេះ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានការរីកចម្រើនខ្លាំង ប៉ុន្តែនៅពេលណាម្ចាស់ទ្រព្យ កាន់តែយល់ដឹងពីសេវាកម្មមួយនេះ ពីអត្ថប្រយោជន៍មួយនេះ ពួកគាត់នឹងប្រើប្រាស់ក្រុមហ៊ុន គ្រប់គ្រងអចលនទ្រព្យជំនួស ឱ្យការគ្រប់គ្រងអចលនទ្រព្យខ្លួនឯង។

ម្យ៉ាងទៀតការប្រើប្រាស់ក្រុមហ៊ុន ឱ្យជួយគ្រប់គ្រងអចលនទ្រព្យជំនួស ម្ចាស់ទ្រព្យក៏អាចមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្វែងរកការវិនិ​យោ​គផ្សេងទៀត និងអាចធ្វើឱ្យអតិថិជនរបស់គាត់ កាន់តែជឿទៅលើការវិនិយោគរបស់គាត់កាន់តែខ្លាំងផងដែរ ។

ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានលើកឡើងផងដែរថា មិនយូរមិនឆាប់វិនិយោគិនបរទេស នឹងចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ហើយពេលនោះក៏ជាពេលវេលា ដែលមានការវិនិយោគកាន់តែខ្លាំងឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈរយៈពេល២ឆ្នាំទៅនេះ សកម្មភាពវិនិយោគពីខាងក្រៅប្រទេស ហាក់មានការថមថយ ។

លោកបន្តថា “ប្រទេសជិតខាងកម្ពុជាមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ាន ទទួលបានកំណើនជនបរទេសឡើងវិញហើយ ដូច្នេះកម្ពុជាដែលជាប្រទេសសមាជិកអាស៊ានផងដែរនោះ ក៏នឹងអាចទទួលបានវិនិយោគិន និងទេសចរបរទេសឡើងវិញផងដែរ នៅពេលឆាប់ៗនេះ ជាពិសេសជនជាតិចិនផ្ទាល់ ដែលជនជាតិនេះ មានការវិនិយោគច្រើនស្ទើរតែពាសពេញពិភពលោកទៅហើយ”៕

ក្រុងបាងកក ត្រៀមប្រកាសអាសន្នផ្ទុះកូវីដ-១៩ រលកទី៦ ខណៈករណីឆ្លងថ្មីមានរាប់ម៉ឺនករណីក្នុងមួយថ្ងៃ

ដោយៈ សុខុម

បាងកក: ក្រុងបាងកក កំពុងប្រឈមមុខនឹងការផ្ទុះកូវីដ-១៩ រលកទី៦ ខណៈការឆ្លងថ្មីនៅក្នុងទីក្រុងនេះ ឈានដល់ជាង១០.០០០ករណីឡើងវិញក្នុងមួយថ្ងៃ ដោយគំរាមកំហែង ដល់ប្រព័ន្ធសុខាភិបាលសាធារណៈក្នុងទីក្រុងនេះ។

ប្រទេសថៃ ធូរស្រាលពីវិធានការបិទខ្ទប់ជាបណ្ដើរៗ ប៉ុន្តែស្រាប់តែពេលនេះ ការរីករាលដាលវីរុសអូមីក្រុង បំប្លែងខ្លួនថ្មីBA.5 បានធ្វើឱ្យក្រុងបាងកក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះកូវីដ-១៩ រលកថ្មី។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៥ ខែកក្កដា នេះ។

ខណៈរដ្ឋបាលក្រុងបាងកក (BMA) និយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការផ្ទុះកូវីដ-១៩ រលកថ្មី ក្រុងបាងកក អាចប្រឈមនឹងអ្នកជំងឺកូវីដ-១៩ កើនឡើងរាប់សែននាក់នៅពេលនេះ។ កូវីដ-១៩ បានផ្ទុះខ្លាំងបំផុតនៅខែសីហា ឆ្នាំ២០២១។

វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកព្យាបាលរោគ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យ Chulalongkorn បានលើកឡើងថា ចំនួនករណីឆ្លងថ្មីនៃកូវីដ-១៩ ក្នុងទីក្រុងបាងកក បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោកបានគូសបញ្ជាក់ថា “នេះជាសញ្ញាបង្ហាញថា ការផ្ទុះកូវីដ-១៩ រលកថ្មីជិតមកដល់ហើយ”។

វេជ្ជបណ្ឌិតYong Poovorawan បានបន្ថែមទៀតថា ការវិវឌ្ឍរបស់វីរុសអូមីក្រុង បំប្លែងខ្លួនថ្មីពី BA.2 ទៅ BA.5 ស្ថិតនៅពីក្រោយការកើនឡើងករណីឆ្លងថ្មីកាលពីពេលថ្មីៗនេះ៕ Bangkok Post៕

បូកគោលែន៣កាន់តែទាក់ទាញ ជាមួយទស្សនទានអភិវឌ្ឍន៍ជាផលិតផលទេសចរណ៍ថ្មី

ដោយៈ គង់ សូរិយា

កំពតៈ គំរោងអភិវឌ្ឍន៍ដីលំហែរបូកគោលែន៣ បាននិងកំពុងពន្លឿនសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីប្រែក្លាយតំបន់នេះជាផលិតផលទេសចរណ៍ថ្មីរបស់ខេត្តកំពត។

បច្ចុប្បន្នការស្ថាបនាផ្លូវមេក្នុងគំរោងនេះ សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ ស្របពេលសួនច្បារអមផ្លូវមេ និងខ្លោងទ្វារដ៏ស្រស់ស្អាតចូលក្នុងគំរោងបានបញ្ចប់ការសាងសង់ ពិសេសការដាំដើមផ្កាសាគូរ៉ា៤០០ដើមបាន និងកំពុងត្រៀម​ចាប់ផ្តើមផងដែរ។

អ្នកនាងហ៊ាង ពណ្ណរី ហៅម៉ី ម៉ីប្រធានផ្នែកលក់គំរោងបូកគោលែន៣បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៥ កក្កដាថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងនេះ កំពុងសម្រេចបានលទ្ឋផលយ៉ាងគាប់ប្រសើរ ពិសេសការលក់ដីឡូត៍លំហែរសម្រេចបាន៨៥ភាគរយហើយ គិតរហូតមកទល់ពេលនេះ។

អ្នកនាងបន្តថា “វាជាគំរោងដ៏ល្អឯក ដែលមានទេសភាពភ្នំ១៨០ដឺក្រ មានរលកភ្នំបីដំណាក់នៅពីខាងមុខ និងជួរភ្នំនៅពីក្រោយគំរោង ពិសេសគំរោងនេះមានរៀបចំស្ពានពស់ នៅចង្កេះភ្នំប្រមាណ៥០០ម៉ែត្រ សម្រាប់ដើរកំសាន្ត”។ អ្នកនាងបន្តថា “អ្នកទិញដីក្នុងគំរោងនេះ មិនត្រឹមតែទទួលបានទីតាំងមួយសម្រាប់លំហែរនោះទេ ប៉ុន្តែនឹងទទួលបានផលចំណេញពីការវិនិយោគខ្ពស់នាពេលអនាគតផងដែរ”។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ថា ដោយសារខេត្តកំពត ជាខេត្តមួយមានសក្តានុពល លើវិស័យទេសចរណ៍ខ្លាំង និងទីតាំងគំរោងនេះស្ថិតនៅក្បែរក្រុងកំពត លោកនឹងរៀបចំគំរោងបូកគោលែន៣ ជាផលិតផលទេសចរ ណ៍ថ្មីមួយ ដែលអ្នកធ្វើដំណើរមកកំសាន្ត នៅក្នុងខេត្តកំពត ​មិនអាចមើលរំលងបាន”។

លោកបន្តថា ជាមួយទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤៣ និងមានចំងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកំពត គំរោងបូកគោលែន៣ បាននិងកំពុងរៀបចំឡើងមានលក្ខណៈពិសេស ដែលអ្នកមកកាន់ខេត្តកំពតអាចចូលទស្សនា និងកំសាន្ត”។

លោកបន្តថា ភ្ញៀវទេសចរណ៍ អាចមកផ្តិតរូបយកទេសភាពភ្នំ ជាមួយដើមផ្កាសាគូរ៉ា ដ៏ស្រស់ស្អាតរាប់រយដើម ដើរកំសាន្តលើស្ពានឈើពត់ពេនដូចពស់នៅជាប់ចង្កេះភ្នំ និងអាចអង្គុយញាំកាហ្វេ នៅក្នុងគំរោងគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ឋ ដើម្បីទទួល​បានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយផាសុខភាពផងដែរ៕