ការវិនិយោគអចលនទ្រព្យនៅកម្ពុជាមានភាពបត់បែននិងផ្តល់ផលចំណេញខ្ពស់ជាងប្រទេសជិតខាងក្នុងតំបន់

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និង​វិបត្តិសេដ្ឋកិច្ច ប្រទេសនីមួយៗបានព្យាយាមដណ្តើមចំណែកទីផ្សារ និងការវិនិយោគពីសំណាក់បណ្តាវិនិយោគបរទេសនានា។ ក្នុងនោះ ប្រទេសកម្ពុជាក៏បានព្យាយាមពង្រឹងសមត្ថភាព និង​ទាក់ទាញវិនិយោគិនផងដែរ។

យ៉ាងណាក្តី អ្នកជំនាញលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសទិសដៅវិនិយោគ ដែលមានភាពបត់បែនខ្ពស់ ហើយអាចផ្តល់ផលចំណេញខ្ពស់ជាងប្រទេសជិតខាង។

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ បានមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២២ ខែកក្កដាកន្លងមកថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នជាសញ្ញានៃភាពរីកចម្រើនមួយ ពោលគឺផលចំណូលពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានចំណូលខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់។

លោកបានមានប្រសាសន៍ទៀតថា “យ៉ាងណាក្តី ប្រទេសនានា នៅក្នុងតំបន់ក៏បាននិងកំពុងចាប់ផ្ដើមទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសរបស់ខ្លួនដែរ ដូចជាប្រទេសថៃ បានព្យាយាមលើកកម្ពស់អ្នកវិនិយោគច្រើន ដើម្បីគាំទ្រ និងការពារគម្រោងរបស់ពួកគេ”។

ដោយឡែក សម្រាប់ប្រទេសកម្ពុជា លោក សុខនីម លើកឡើងថា កម្ពុជាក៏មានយន្តការគ្រប់គ្រប់ក្នុងការគាំទ្រ និងការពារផងដែរ ដូចជា ការផ្តល់សញ្ជាតិដល់វិនិយោគិនបរទេស ច្បាប់វិនិយោគថ្មី ដែលត្រូវបានបង្គើតមកពិសេសសម្រាប់ការទាក់ទាញជនជាតិបរទេស មក​វិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបន្តទៀតថា ការប្រកួតប្រជែងនេះអាស្រ័យលើការជ្រើសរើសរបស់អតិថិជន ដែលអាស្រ័យលើគោលបំណងនៃការវិនិយោគ របស់ពួកគាត់ ថាតើគាត់ចង់វិនិយោគ ដើម្បីទាក់ទាញក្នុងវិស័យណាមួយ។

លោកបានគូសបញ្ជាក់ថា “ភាពបត់បែនរបស់ប្រទេសកម្ពុជាយើង ធៀបនឹងបណ្ដាប្រទេសជិតខាង មានភាពបត់បែនច្រើនជាង ដូចជាច្បាប់សញ្ជាតិ ដែលអនុញ្ញាតឱ្យជនជាតិបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យបាន។ វាជាសញ្ញាល្អមួយ ក្នុងការផ្តល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា”។

យោងតាមរបាយការណ៍ផ្លូវការចុងក្រោយបំផុតរបស់ Global Property Guide បានឱ្យដឹងថា​ ផលចំណេញពីការជួលអចលនទ្រព្យ ធៀបនឹងតម្លៃអចលនទ្រព្យ មានអត្រាខ្ពស់លំដាប់ទី៣ នៅក្នុងតំបន់អាស៊ីទាំងមូល មានចំនួន៥,៣៣ភាគរយ ដោយប្រទេសមានអត្រាខ្ពស់លំដាប់ទី១ គឺប្រទេសឥណ្ឌូណេស៊ី (៧,០៩ភាគរយ) មានអត្រាខ្ពស់លំដាប់ទី២ គឺប្រទេសហ្វីលីពិន (៦,១៣ភាគរយ)។

ប្រៀបធៀបនឹងប្រទេសជិតខាង ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ទី១ ចំណែកប្រទេសថៃ មានផលចំណេញចំនួន៥,១៣ភាគរយ ប្រទេសវៀតណាមមានផលចំណេញចំនួន៤,៣៣ភាគរយ និងប្រទេសឡាវ មិនមានទិន្នន័យបង្ហាញពីផលចំណេញឡើយ៕

ប្រទេសចិនគ្រោងបង្កើតមូលនិធិអចលនទ្រព្យតម្លៃដល់ទៅ៤៤ពាន់លានដុល្លារ

ដោយ៖ លាងហួរ

ចិន៖ ប្រទេសចិនគ្រោងនឹងបង្កើតមូលនិធិអចលនទ្រព្យក្នុងទំហំទឹកប្រាក់រហូតដល់៣០០ពាន់លានយន់ (ស្មើនឹង៤៤,៣៩ពាន់លានដុល្លារអាមេរិក) ដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងក្រុមហ៊ុន China Evergrande Group ផងដែរ។

មូលនិធិនេះបានទទួលបានទឹកប្រាក់ចំនួន៥០ពាន់លានយ័ន ពីធនាគារ China Construction Bank និងចំនួន៣០ពាន់លានយ័ន ពីធនាគារប្រជាជនចិន (PBOC)  ដោយមូលនិធិនេះអាចកើនឡើងដល់ចន្លោះពី២០០ ទៅ៣០០ពាន់លានយ័ន។

និយតករ និងរដ្ឋាភិបាលក្នុងតំបន់ នឹងធ្វើការជ្រើសរើសអ្នកអភិវឌ្ឍន៍ ដែលមានសិទ្ធិទទួលបានការគាំទ្រពីមូលនិធិនេះ ដោយបញ្ជាក់បន្ថែមថាមូលនិធិនេះអាចត្រូវបានប្រើ ដើម្បីទិញផលិតផលហិរញ្ញវត្ថុ ដែលចេញដោយអ្នកអភិវឌ្ឍន៍ ឬផ្តល់ហិរញ្ញប្បទានដល់អ្នកទិញនៃគម្រោងរបស់ពួកគេ។

របាយការណ៍មួយបានបង្ហាញថា ទីក្រុងប៉េកាំងក៏កំពុងពិចារណាលើគោលនយោបាយជាតិ សម្រាប់ការចេញលក់មូលបត្របំណុលពិសេស សម្រាប់ការអភិវឌ្ឍឡើងវិញនៅទីក្រុង shantytown ផងដែរ៕

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំរបស់ចិនចុះហត្ថលេខាផ្តល់សិទ្ឋលក់ ផ្តាច់មុខដល់ក្រុមហ៊ុនPropNex Cambodia

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំ របស់ប្រទេសចិន JOVAN Group បានចុះហត្ថលេខាផ្តល់សិទ្ឋលក់ផ្តាច់មុខ ដល់ក្រុមហ៊ុនPropnex Cambodia ដើម្បីលក់បុរីJOVAN CITY។

ពិធីចុះហត្ថលេខានេះ បានប្រារពធ្វើកាលពីថ្ងៃទី២៣ កក្កដាកន្លងមកនេះ ដោយមានការចូលរួមចុះហត្ថលេខា ដោយលោកAlan Neo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនPropnex Cambodia និងលោកស្រីLiu Yujiao នាយិកាផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនJOVAN East Asia ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនJOVAN Group ដែលបានចុះបញ្ជីរនៅផ្សារហ៊ុនទីក្រុងហុងកុង ដោយមានការចូលរួមជាអធិបតីពីលោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Groupនិងភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្រុមហ៊ុនJOVAN Group បានទិញដី១៤០ហិកតា ដែលមានតម្លៃលើទីផ្សារ២០០លានដុល្លារអាមេរិក ហើយបើបូកបញ្ចូលថ្លៃសំំណង់ និងការអភិវឌ្ឍន៍នានាក្នុងបុរីនេះ គំរោងវិនិយោគJOVAN CITY គ្រោងចំណា​យទឹកប្រាក់សរុប៨០០លានដុល្លារអាមេរិកបន្ថែមទៀត។ នេះបើតាមការឲ្យដឹងពីលោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Group ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព៌តមាន បន្ទាប់ពីពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៣ កក្កដាកន្លងមកនេះ។

លោកបន្ថែមថា “គោលដៅនៃការវិនិយោគរបស់JOVAN Group នៅកម្ពុជា គឺដើម្បីចូលរួមលើកកំពស់វិស័យលំនៅដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង”។

លោកKong Jian Mingបានបន្តថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍន៍ដើម្បីលើកកំពស់ វិស័យលំនៅដ្ឋាននៅកម្ពុជា ឲ្យមានភាពទំនើប ស៊ីវិល័យ និងផាសុខភាព និងលើកកំពស់សេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យយើងគិតពីគុណភាពជាចម្បង ជាមួយការឌីសាញលំនៅដ្ឋានទំនើប ទាន់សម័យ និងផ្តោតលើបរិស្ថានបៃតង ពិសេសការរៀបចំLandscapeដ៏ប្រណីត។

ក្រុមហ៊ុនJOVAN Group នឹងរៀបចំការអភិវឌ្ឍបុរីនេះ នូវភាពងាយស្រួលសម្រាប់ការរស់នៅ ដោយក្រុមហ៊ុននឹងមានរៀបចំជាMart ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀត។

នាយកប្រតិបត្តិក្រុមហ៊ុនPropNex Cambodia លោក Alan Neoបានមានប្រសាសន៍ឲ្យដឹងផងដែរថា មុនសហការជាមួយក្រុមហ៊ុនJOVAN ក្រុមហ៊ុនPropNex Camnbodia បានធ្វើការសិក្សាទៅលើប្រវត្តិ និងសកម្មភាពវិនិយោគនានា របស់ក្រុមហ៊ុនJOVAN Group ដែលមានមូល ដ្ឋាននៅប្រទេស​ចិន និងចុះបញ្ជីរផ្សារហ៊ុននៅទីក្រុងហុងកុង។

លោកបន្តថា “ក្រុមហ៊ុនPropnex មានកិត្តិយស ដែលបានសហការជាមួយក្រុមហ៊ុនJOVAN ដែលបានមកវិនិយោគ លើការអភិវឌ្ឍលំនៅដ្ឋាន ដើម្បីលើកកំពស់ទីផ្សារលំនៅដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត”។

ជាមួយគ្នានេះ លោកKong Jian Mingបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនPropNex Cambodiaដើម្បីទទួលបានសិទ្ឋលក់ផ្តាច់មុខ របស់គំរោងJOVAN CITY គឺដោយសារក្រុមហ៊ុននេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ១ និងបានចុះបញ្ជីរក្នុងផ្សារហ៊ុន​នៅប្រទេសសឹង្ហបុរី និងជាក្រុមហ៊ុនមានគុណវុឌ្ឍិគ្រប់គ្រាន់ ដែលនឹង

ចូលរួមលើកកំពស់កេរ្ត៍ឈ្មោះ និងជម្រុញការលក់បុរីនេះ ឲ្យទទួលបានជោគជ័យ៕

កម្ពុជាទាក់ទាញការវិនិយោគក្នុងទំហំទឹកប្រាក់១,២៩ពាន់លានដុល្លារពី ប្រទេសចិនក្នុងឆមាសទី១

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន១,២៩ពាន់លានដុល្លារពីប្រទេសចិន ក្នុងឆមាសទីមួយនៃឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃសៅរ៍។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិននៅតែជាប្រភពវិនិយោគិនបរទេសកំពូល នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន៤៣ភាគរយ នៃការវិនិយោគសរុបចំនួន២,៩៩ពាន់លានដុល្លារ ដែលកម្ពុជាបានអនុម័ត ក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំនេះ។

ការវិនិយោគបរទេសផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆមា​សទីមួយក្នុងឆ្នាំនេះ មានមកពីប្រទេសថៃ សាម័រ កោះBritish Virgin កូរ៉េខាងត្បូង សឹង្ហបុរី កោះកៃម៉ាន ម៉ាឡេស៊ី ជប៉ុន និងអូស្ត្រាលី។ គម្រោងវិនិយោគទាំងនោះ បានផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិត​កម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បង ដែលលើកទឹកចិត្តអ្នកវិនិយោគចិន កាន់តែច្រើនមក​កម្ពុជា៕

អ្នកជំនាញលើកហេតុផលសំខាន់ៗបីធ្វើឱ្យអចលនទ្រព្យខេត្តប៉ៃលិនមានសភាពស្ងប់ស្ងាត់

ដោយៈ សុផារី

ប៉ៃលិនៈ ខេត្តប៉ៃលិនជាខេត្តមួយ ក្នុងចំណោមខេត្តជាប់ព្រំដែន ដែលមានសកម្មភាពពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង ដែលនៅមិនទាន់មានភាពទាក់ទាញទៅលើការអភិវឌ្ឍអចលនទ្រព្យច្រើននៅឡើយ។

អ្នកជំនាញមូលដ្ឋានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានសភាពយឺតយ៉ាវ ដោយសារកត្តាចំនួនបី។

លោកហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃទី២២ ខែកក្កដាកន្លងមកថា មូលហេតុដែលខេត្តនេះមិនសូវទាក់ ទាញការវិនិយោគ ដោយសារកត្តាមួយចំនួន ដូចជា កត្តាទី១ ដោយសារតែខេត្តប៉ៃលិ នមានរយៈចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ រួមផ្សំនឹងកង្វះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗ។ ពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិនមានចម្ងាយប្រមាណ គីឡូម៉ែត្រ។

កត្តាទី២ បណ្តាលមកពី ខេត្តប៉ៃលិនជាខេត្តថ្មីមួយដែរ ដែលទើបផ្តាច់ចេញពីខេត្តបាត់ដំបង ហើយមានប្រជាជនហូរចូលមករស់នៅ ក្នុងខេត្តថ្មីមួយនេះតិចតួចនៅឡើយ។

លោករំលឹកថា កាលពីដំបូងៗ សម្បូរដីព្រៃច្រើន ដែលធ្វើឱ្យមានអាការៈចាញ់ទៀត ធ្វើឱ្យមិនសូវមានភាពអ៊ូអរខ្លាំងនោះទេ ប៉ុន្តែមួយរយៈ ចុងក្រោយនេះ ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរច្រើនហើយ។
លោកបញ្ជាក់ថា “ចម្ងាយផ្លូវឆ្ងាយ ស្ថានភាពផ្លូវនៅមិនទាន់មានភាពល្អប្រសើរទៀត។ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនៅតំបន់ក្បែរៗនេះ នឹងនាំឱ្យអចលនទ្រព្យខេត្តយើង មានភាពរីកចម្រើនជាងនេះ”។

កត្តាសំខាន់ទី៣ បណ្តាលមកពីកង្វះខាត ការជំរុញវិនិយោគពីបរទេ​ស មកកាន់ខេត្តថ្មីមួយនេះផងដែរ។
លោកតុងហៃរំពឹងថា នាពេលអនាគត នឹងមានការវិនិយោគបន្ថែមពីអ្នកវិនិយោគិនបរទេស ដើម្បីជំរុញឱ្យអចលនទ្រព្យ នៅខេត្តប៉ៃលិនមានភាពរីកចម្រើន៕

អ្នកជំនាញសុទិដ្ឋិនិយមៈទីផ្សារខុនដូរំពឹងមានកំណើនកាន់តែខ្ពស់ចុងឆ្នាំ២០២២នេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាចាប់ផ្ដើមមានសន្ទុះកំណើនឡើងវិញ នៅត្រីមាសទី២នៃឆ្នាំ២០២២នេះ ដោយការដ្ឋានខុនដូដែលបានផ្អាកដំណើរការ បាននិងកំពុងចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ។

ជាមួយគ្នានេះ ការទិញ លក់លើទីផ្សារក៏ឃើញថា ចាប់មានសកម្មនិងសន្ទុះជាបន្តបន្ទាប់ផងដែរ។ អ្វីដែលពិសេសនៅចុងឆ្នាំ២០២២នេះ ទីផ្សារខុនដូរំពឹងថា នឹងមានកំណើនកាន់តែខ្ពស់ ហើយនឹងធ្វើឱ្យតម្រូវការខុនដូ កើនឡើងខ្ពស់ផងដែរ។

លោក Marcus chu អគ្គនាយកក្រុមហ៊ុន ERA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងនៅក្នុងវេទិកាមួយ កាលពីចុងសប្ដាហ៍កន្លងទៅថា ទីផ្សារខុនដូ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បានហក់ងើបឡើងវិញហើយ ក្រោយពីស្ងប់ស្ងាត់ ដោយសារតែវិបត្តិកូវីដ១៩មួយរយៈ។ ជាក់ស្ដែងទីផ្សារខុនដូ នៅក្នុងប្រទេសសិង្ហបុរីនាពេលនេះ សឹងតែរកខុនដូលក់លែងបានហើយ បានន័យថា តម្រូវការខុនដូក្នុងប្រទេសនេះ បានហក់ឡើងខ្លាំង ជាពិសេសលំហូរជនជាតិចិននៅក្នុងប្រទេសសិង្ហបុរី ។

លោកបន្តថា ដោយមើលឃើញពី ជនជាតិចិនបានចេញក្រៅប្រទេសឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ ទៅកាន់ប្រទេសផ្សេងៗនាពេលនេះ លោកគិតថា កម្ពុជានឹងទទួលបានវិនិយោគិនចិន និងទេសចរចិននៅរយៈពេល៣ទៅ៤ខែខាងមុខ ហើយក៏ជាពេលវេលា ដែលទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះកើនឡើងបន្ថែមទៀតផងដែរ។

ចំណែកលោក ខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកឡើងផងដែរថា បើសិនជាចិនចូលមកកម្ពុជា ហើយស្វែងរកទិញខុនដូនោះ វាជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ខុនដូ នៅក្នុងប្រទេសកម្ពុជាយើង ហើយចិនបើគាត់ទិញហើយ គាត់មិនមែនទិញតែមួយនោះទេ ពួកគាត់អាចតិញបួនដប់ខុនដូ ហើយទុកលក់បន្តទៅចិនគ្នាគាត់ ឬទិញជាក្រុមតែម្ដង ។

លោកបន្តថា “ស្ថានភាពទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជាលោកមើលឃើញថា ចាប់ផ្ដើមមានសកម្មភាព កម្រើកឡើងវិញបន្តបន្ទាប់វិញ”។លោកបន្ថែមថា “ជាក់ស្ដែងលទ្ធផលដែលក្រុមហ៊ុនERA ទទួលបានក្នុងរយៈពេល៦ខែកន្លងមកនេះ គឺវាបានបង្ហាញពីភាពប្រសើរខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

យ៉ាងណាក្ដី បើតាមភ្នាក់ងារលក់ខុនដូផ្សេងទៀត ក្នុងប្រទេសកម្ពុជាបានលើកឡើងថា ទីផ្សារបច្ចុប្បន្ននៅមិនទាន់ប្រសើរខ្លាំងទេ បើទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានប្រសើរ ប៉ុន្តែបណ្ដាប្រទេសមួយចំនួននៅបន្តរឹតបន្តឹង ហើយក៏ជួបនូវវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តទៀត៕

អភិបាលរងរាជធានីភ្នំពេញលើកឡើងពីកត្តាពីរសំខាន់ដែលធ្វើឲ្យវិស័យអចលនទ្រព្យរីកចម្រើន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អភិបាលរងរាជធានីភ្នំពេញ លោកកើត ឆែបានលើកឡើងនូវកត្តាសំខាន់ៗចំនួនពីរ ដែលជម្រុញឲ្យវិស័យអចលនទ្រព្យ ពិសេសលំនៅ ដ្ឋាននៅកម្ពុជាមានភាពរីកចម្រើន។

លោកបានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីសម្ភោធបុរីមួយកាលពី​ថ្ងៃទី២៤ កក្កដាកន្លងមកនេះ។

លោកកើត ឆែបានបន្តថា “ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលកម្ពុជាពិសេសសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក”។

លោកបន្តថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន របស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញអោយឃើញ ពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយបានកៀរគរ អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា មានការរីកចម្រើន។ ៤៣ឆ្នាំនេះ ភ្នំពេញបានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ។

លោកកើត ឆែ បន្តទៀតថា “ការវិនិយោគនៅប្រទេសកម្ពុជា ពិសេ​សវិស័យអចលនទ្រព្យមានភាពរីកចម្រើនខ្លាំងក្លា គឺផ្តើមចេញមកពីកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយ”។ លោកបានបញ្ជាក់ថា “ប្រទេសកម្ពុជា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ។ គេមិនអាចយកលុយមករកស៊ី ដោយភាពប្រថុយប្រថាននោះទេ”។

ចំពោះកត្តាស្ថេរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល៣០ឆ្នាំ លើកលែងតែបរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ។ កត្តាទាំង២នេះនឹងធ្វើឲ្យកម្ពុជាដើរលើនាវាអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។

លោកកើត ឆែ បានបន្តទៀតថា វិស័យឯកជន ជាដៃគូរមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល។ ដើម្បីរក្សាបាននូវភាពរឹងមាំ ជាមួយវិស័យឯកជន រាជរដ្ឋាភិបាល តែងបង្កើតឡើងជាវេទិកាសាធារណៈ ជារៀងរាល់ឆ្នាំជាមួយវិស័យឯកជន៕

ក្រសួងសេដ្ឋកិច្ច និង NBC ផ្តល់ក្តីសង្ឃឹមវិស័យអចលនទ្រព្យជួយជម្រុញកំនើនសេដ្ឋកិច្ច ទោះជាកាវិនិយោគកើនយឺត

ដោយៈ ជេស៊ីកា

ភ្នំពេញៈ កំនើនយឺតនៃការលក់លើផ្នែកមួយចំនួន នៃវិស័យសំណង់ និងអចលនទ្រព្យបានជម្រុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករណ៍ថា វិស័យនេះ នឹងសម្រេចបានកំណើនយឺត ក្នុងរង្វង់២,៥ភាគរយប៉ុណ្ណោះនៅក្នុងឆមាសទី១ឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យអចលនទ្រព្យ មានសន្ទុះកើនឡើងដែរ តែស្ថិតក្នុងល្បឿនយឺត ដោយកំណើនស្ថិតក្នុងរអត្រា២,៥ភាគរយ ដោយសារការថមថយនៃសកម្មភាពទិញ-លក់ អចលនទ្រព្យថ្លៃខ្ពស់ ជាពិសេសខុនដូ និង​អាផាតម៉ិន​។

របាយការណ៍ដដែលបានបង្ហាញថា សកម្មភាពទិញ-លក់ ជួលអច​លនទ្រព្យតម្លៃទាប និងមធ្យមជាពិសេសលំនៅឋាន រំពឹងថា​នៅបន្តមានសកម្មភាព។ ជាក់ស្តែង គិតត្រឹម៤ ខែដើមឆ្នាំ ចំនួនលក់លំនៅឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើងក្នុងអត្រា ៦,៧% ក្នុង​ឆ្នាំ២០២២។

សម្រាប់វិស័យសំណង់វិញ ក៏មានសន្ទុះកើនឡើងដែរ ហើយក៏ស្ថិតក្នុងកម្រិត៣,០% ដោយសារ​ការបន្ត​ថមថយ សកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈដែលសកម្មភាពសំណង់​លំនៅឋាន​ថ្លៃទាប និងមធ្យម នៅបន្តអត្រាកំណើនទាប។

ជាក់ស្ដែង ផ្អែកលើទិន្នន័យ៥ខែដើមឆ្នាំ ចំនួនគម្រោងសំណង់ដែល បានអនុម័ត បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្លាក់ចុះ ក្នុងអត្រា -៣៦,១% និង -២០,០ភាគរយ។

ទោះជាយ៉ាងណា ចំនួនសកម្មភាពសំណង់លំនៅឋាន ជាពិសេសសំណង់ផ្ទះល្វែង និងវីឡាបានកើនឡើង ប្រមាណ១៨៣,២% និង ៦០,៤% រៀងគ្នា គិតត្រឹម៥ខែដើមឆ្នាំ ក្នុងឆ្នាំ ២០២២ នេះ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងផងដែរថា វិស័យសំ​ណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងចូលរួមចំណែក​ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ ទេសាភិបាលនៃធ​នាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់៥,៣% ក្នុងឆ្នាំ២០២២នេះ។

លោកបន្តថា “សកម្មភាព​សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹង​ដោ​យសុ​ទិដ្ឋិនិយម​ថា​សេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានកំនើនល្អប្រសើរ ដោយកំណើនការនាំចេញ​នៃវិស័យកម្មន្តសាល កំណើនវិស័យ​សំណង់ និង​អចលនទ្រព្យ និងកសិកម្ម​ ជាមួយនឹងការងើបឡើងសន្សឹមៗនៃ​វិស័យ​ទេសចរណ៍”។

លោកបន្តទៀតថា សេដ្ឋកិច្ច​កម្ពុជា​ ក៏​អាច​ប្រឈម​​​នឹង​ភាព​មិន​ប្រា​កដ​ប្រជា​មួយ​ចំនួន​ ដូចជា ហានិភ័យនៃ​ការ​ធ្លាក់ចុះ​ កំណើន​សេដ្ឋកិច្ច​​សហភាព​អឺរ៉ុប ដែលអាច​​ប៉ះពាល់​​ដល់​ការ​នាំ​ចេញ​ និងការថមថយកំណើន​សេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការ​ងើបឡើង​វិញនៃវិស័យ​ទេសចរណ៍​ និងអចលនទ្រព្យ៕

វិភាគៈ កម្ពុជាក្នុងក្រសែភ្នែកបរទេស សុទិដ្ឋិនិយម បទពិសោធន៍និងក្តីសង្ឃឹម

ដោយៈ យិន លាងគង់ៈសហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ សុបិនដ័ល្អមួយបានបញ្ចប់យ៉ាងលឿន ប្រៀបដូចផ្លេកបន្ទោរ ដែលជាលទ្ឋផលក្រុងព្រះសីហនុ បានក្លាយជាទីក្រុងថ្មីស្រឡាងមួយ ក្នុង រយៈពេលមួយប៉ប្រិកភ្នែក។

ប៉ុន្តែជាមួយនឹងសំណើច ការសាទរនៃការទាញយកផលចំណេញភ្លាមៗ របស់អ្នកវិនិយោគឆ្លាតវៃ ក៏មានអ្នកវិនិយោគរាប់រយនាក់ បានគាំងលំហូរសាច់ប្រាក់ពួកគេផងដែរ ដោយចំនួនអាគារដែលមិនបានសាងសង់បន្តមានចំនួនច្រើនជាង១០០០ ដែលកំពុងជាប់គាំង។

អ្នកវិភាគ
អ្នកវិភាគអចលនទ្រព្យទាំងជាតិ អន្តរជាតិសុទ្ឋតែមើលឃើញថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យវិស័យនេះរីកចម្រើនជាថ្មី ជាការរីកចម្រើនដើរស្របគ្នា នឹងសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានហៅសកម្មភាពនៃចរន្តទិញ លក់ និងការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្រុងព្រះសីហនុ ជាទម្រង់់មួយនៃការវិនិយោគបែបពពុះសាប៊ូ។

លោកបន្តថា “ការកើនឡើងតម្លៃអចលនទ្រព្យ នៅក្រុងព្រះសីហនុជាការឡើងថ្លៃហួសហេតុ និងមិនសមស្របតាមបរិបទ និងស្ថានភាពសេដ្ឋកិច្ច កម្ពុជា”។

ក្រសែភ្នែកជនបរទេសមើលមកកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា និងចិន បានចាប់ដៃគ្នាតាំងពីមិត្តភាពធម្មតា មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយទំនាក់ទំនងមួយនេះរីកដុះដា​លរឹតឆាប់រហ័ស នៅពេលដែលគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) បានឈានជើងចូលមកកាន់កាប់ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបាន​បង្កើតឲ្យមានទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងចិន -កម្ពុជា ពិសេសការកសាងសហគមន៍ពីរ វាសនាតែមួយនាពេលអនាគត។

លោកChris Devonshire ត្រូវបានដកស្រង់សម្តីដោយសារព៌តមានអនឡាញបរទេសaseanbriefingកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិនមកកាន់កម្ពុជាលើកដំបូង គឺផ្តើមចេញពីការអភិវឌ្ឍកាស៊ីណូ ដែលរីកលូតលាស់ដូចផ្សិត បានបង្កើតរំហូរដើមទុនហិរញ្ញវត្ថុ ដ៏សន្ធឹកសន្ធាប់ពីចិនដីគោកដែលមកលេងល្បែងលាងលុយកខ្វក់។

លោកបានសរសើររដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចគ្រប់គ្រងបានយ៉ាងល្អ ដោយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នឡើងវិញ ដោយរុញច្រានទុនវិនិយោគទាំងអស់នោះ ចាក់បញ្ជូលទៅក្នុងវិស័យផលិ​តកម្ម កសិ-ឧស្សាហ៍កម្ម ការលក់រាយ ការអប់រំ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម។

លទ្ឋផលទាំងអស់នេះ សុទ្ធសឹងជាការពិតមួយដែរគ្រប់គ្នា ក៏ទទួលស្គាល់រួចមកហើយថា វាគឺជារំហូរហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមក។​

ទំហំទុនវិនិយោគចិននៅកម្ពុជា
ជាក់ស្តែងក្នុងអំឡុងឆ្នាំ ២០១២-២០១៧ អ្នកធុរកិច្ចចិនបានវិនិយោគទឹកប្រាក់ ជាង១៥ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ក្នុងនោះ១១ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ និងព្រលានយន្តហោះ។

ប្រទេសកម្ពុជា ទទួលបានគម្រោងផ្លូវល្បឿនលឿន ដំបូងបង្អស់តម្លៃប្រមាណ២០០០លានដុល្លារអាមេរិក ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ ដោយគម្រោងវិនិយោគនេះ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែកញ្ញា ខាងមុខនេះ។

កាលពីឆ្នាំ២០២០ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយតម្លៃប្រមាណ១៥០០លានដុល្លារ បានលេចជារូបរាងឡើងនៅក្នុងខេត្តកណ្តាល ភាគខាងត្បូងនៃរាជធានីភ្នំពេញ។

នៅឆ្នាំដដែល ក៏មានគម្រោងអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀម​រាបអង្គរថ្មី (AIAI) តម្លៃប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ៨០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀតផង។
ជារឿយៗ គម្រោងអាកាសយានដ្ឋាន ដ៏ថ្មីស្រឡាងមួយទៀតដែល​វិនិយោគក្នុងទំហំទឹកប្រាក់៣៥០លានដុល្លារអាមេរិក ត្រូវបានសាងសង់ឡើង នៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។

ទំហំពាណិជ្ជកម្ម
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរិរវាងចិន និងកម្ពុជា និងការចូលជាធរមាននៃកិច្ចព្រមព្រៀងRCEP បាននិងកំណុងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា ចិនហក់ឡើងខ្ពស់ថែមទៀតនាពេលអនាគតឆាប់់ៗនេះ។

ជាក់ស្តែងបើយើងក្រឡេកថយក្រោយ មើលទំហំពាណិជ្ជកម្មចិន កម្ពុជាកាលពី​ឆ្នាំ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ -​ចិន​សម្រេច​បាន១១,២​ពាន់​លាន​ដុល្លារ​បន្ថែមទៀត។ ក្នុងនោះមានសហគ្រាស១៧០ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្កើតការងារជិត៣០,០០០កន្លែង ជូនពលរដ្ឋកម្ពុជា ។

ក្រៅពីគម្រោងធំៗខាងលើ នៅមានការវិនិយោគតូច ធំ និងមធ្យមជាច្រើនទៀតបានហូរចូលមកជាហូរហែរ មានដូចជា សែលកាត (ខេមបូឌា), Xiaomi, ក្រុមហ៊ុន Alibaba, Tencent, Inbound FDI ។ល។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានមានប្រសាសន៍ថា “គំរោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” បានបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញ ទៅមក ពិសេសធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍន៍រួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍន៍ឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទំាងពីរ។

លោកបន្តឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំ និង៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះផលិតផលកសិកម្ម សម្រេចបានទំហំជាង២.៤លានតោន ក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្ម ចំនួន២៤មុខផ្សេងទៀត ដែលគិតជាទឹកប្រាក់តម្លៃ ១៩៤២លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងជារឿយៗថា តាមរយៈកិច្ចព្រមព្រៀងពាណិជកម្មសរី កម្ពុជា ចិន និងកិច្ចព្រមព្រៀងRCEP និងភាពជាមិត្តដែកថែបកម្ពុជា ចិន នឹងធ្វើឲ្យអ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជា ដើម្បីផលិតផលិតផលនានា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកRCEPជាច្រើនទៀត។

លោកបន្តថា “ប្រសិនជាយើងរៀបចំបានល្អ កម្ពុជានឹងក្លាយជាមូល ដ្ឋានផលិតរបស់អ្នកវិនិយោគចិន និងជាមជ្ឈមណ្ឌលស្តុកទំនិញ ដើម្បីចែកចាយទៅកាន់បណ្តាប្រទេសក្នុងតំបន់”៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សមួយរបស់ចិន បោះទុន ១០០០លានដុល្លារ វិនិយោគលើលំនៅដ្ឋាននៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យធំមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំង៥០របស់ប្រទេសចិន បានបោះទុនវិនិយោគទឹកប្រាក់រហូត ដល់១០០០លាន​ដុល្លារដើម្បីសាងសង់បុរីនៅកម្ពុជា។

ក្រុមហ៊ុនJOVAN GROUPបានទិញដី១៤០ហិកតា នៅតំបន់ផ្លូវជាតិលេខ៦អា ដើម្បីសាងសង់បុរី ដែលផ្តោតលើលំនៅដ្ឋានប្រណីត ស៊ីវិល័យ​ ព្រមទាំងផ្តោតលើLandscape ដំបូងគេនៅកម្ពុជា។

លោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Groupបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ កក្កដាថា ក្រុមហ៊ុនJOVAN មានដើមកំណើតនៅខេត្តជេចៀន ប្រទេសចិន ដែលបានអភិវឌ្ឍ​ន៍តាមនិន្នាការរបស់រដ្ឋាភិបាលចិន ហើយដោយសាររដ្ឋាភិបាលចិន មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនJOVAN បានវិនិយោគនៅជុំវិញពិភពលោក និងកំពុងចាប់អារម្មណ៍តំបន់អាស៊ីអាគ្នេយ៍ និងភាពជាមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា និងស្របតាមគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

លោកបន្ថែមថា “អ្វីកាន់តែពិសេស ខ្ញុំបានមើលឃើញសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ទើបយើងសម្រេចចិត្តបោះទុនវិនិយោគនៅទីនេះ”។លោកបន្តថា “គោលដៅនៃការវិនិយោគរបស់JOVANនៅកម្ពុជា គឺចូលរួមលើកកំពស់វិស័យលំនៅដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង”។

ក្រុមហ៊ុនJOVAN Group បានទិញដី១៤០ហិកតា ដែលមានតម្លៃទីផ្សារ២០០លានដុល្លារ ហើយបើបូកបញ្ចូលថ្លៃសំំណង់ និងការអភិវឌ្ឍន៍នានា គឺគំរោងវិនិយោគJOVAN CITY គ្រោងចំណាយទឹកប្រាក់សរុប១០០០លានដុល្លារអាមេរិក។

លោកKong Jian Mingបានបន្តថា​ ក្រុមហ៊ុនរបស់យើងសម្រេចចិត្ត បោះទុនវិនិយោគនៅកម្ពុជា ដោយសារកត្តាមួយចំនួន ដូចជា ទី១ ប្រទេសនេះមានប្រជាជនវ័យក្មេងច្រើន ទី២ ផលទុនជាតិសរុប ស្ថិតក្នុងររង្វង់៧ភាគរយក្នុងមួយឆ្នាំ ទី៣​កម្ពុជា ជាប្រទេសមានស្ថេរភាពនយោ​បាយ​ ទី៤ និន្នាការនគរូបនីយកម្ម នៅទីក្រុងនៃបណ្តាប្រទេសនានា មានការរីកចម្រើន ដូចគ្នានឹងកម្ពុជានាពេលអនាគត ដែលប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងកើនដល់ចន្លោះពី៦ ទៅ៨លាននាក់ ដែលនឹងធ្វើឲ្យតម្រូវការលំនៅដ្ឋាននឹង​មានការកើនឡើង៕