ដំណឹងល្អៈចំនួនតភ្ជាប់ជើងហោះហើររវាងចិន និងកម្ពុជាកំពុងកើនឡើង

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបង្ហើបឲ្យដឹងថា ចំនួនជើងហោះហើរតភ្ជាប់រវាងប្រទេសចិន និងកម្ពុជាកំពុងកើនឡើងបណ្តើរៗហើយ។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងក្នុងជំនួបមួយកាលពីល្ងាចថ្ងៃទី២៣ កក្កដាថា ចំនួនជើងហោះហើររវាងកម្ពុជា ចិនមានការកើនឡើង ដោយបច្ចុប្បន្នការហោះហើរពីចិន មកកម្ពុជាមាន៣លើកក្នុងមួយថ្ងៃ និងពីកម្ពុជាទៅកាន់ប្រទេសចិន មានចំនួន៣លើ់កផងដែរ។

លោកបន្តថា “វាជាសញ្ញាវិជ្ជមាន ប៉ុន្តែមិនប្រសើរខ្លាំងនៅឡើយទេ ដោយសារប្រទេសចិន នៅបន្តបិទខ្ទប់ទីក្រុងមួយចំនួននៅឡើយ”។ លោកបន្តថា “ការបង្កើនជើងហោះហើរ ច្បាស់ណាស់មានផលវិជ្ជមាន ដែលអ្នកទេសចរណ៍ និងវិនិយោគចិនមកកម្ពុជាមានការកើនឡើង”។

ជាមួយគ្នានេះ លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍កម្ពុជាមានសុទិដ្ឋិនិយមច្រើនជាងមុន ដោយសារចំនួនជើងហោះហើរពីបណ្តាប្រទេសនានាបានកើនឡើង ពិសេសនៅចុងឆ្នាំនេះមានភ្ញៀវពីអឺរ៉ុប និងអាមេរិកច្រើន បានកក់ដំណើរទស្សនកិច្ចមកកាន់កម្ពុជា៕

ក្រុមហ៊ុន ERA Cambodia ប្រកាសផ្តល់ពានរង្វាន់លើកទឹកចិត្តដល់ភ្នាក់ងារលក់នៅក្នុងកម្មវិធី Career Advancement Day

ដោយសហការី

ភ្នំពេញ: ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យរបស់ភ្នាក់ងារដែលសម្រេចបានរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការចាប់យកចំណែកទីផ្សារខុនដូដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្កបរិយាកាសការងារល្អៗដល់បុគ្គលិកទាំងការបណ្តុះ​បណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។ ​

លោកថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square​ ហើយម្ចាស់គម្រោងខុនដូទាំងនេះក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain​​ ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងកម្មនេះផងដែរ។​

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក​។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។ ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន​ក្រុមហ៊ុន​មានភ្នាក់ងារប្រមាណ ​១ ៥០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។

បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈ​ក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរ​រស់នៅបរទេស ទិញទុកវិនិយោគ។​​ លោកបន្ថែមថា អនាគតខុនដូនឹង​ក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ៕

វៀតណាម កំណត់គោលដៅនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌឱ្យឈានដល់ ៤៣ពាន់លានដុល្លារ នៅឆ្នាំ២០២២ នេះ

ដោយសុខុម

ហាណូយ: ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាម កំពុងស្ថិតលើផ្លូវឈានទៅរកការសម្រេចបានគោលដៅនាំចេញរបស់ខ្លួនចន្លោះពី៤២ទៅ៤៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២ នេះ ទោះបីជាឧស្សាហកម្មនេះប្រឈមមុខនឹងការលំបាកជាច្រើនក្នុងឆមាសទី២ ចុងឆ្នាំនេះយ៉ាងណាក្ដី។

លោក Vũ Đức Giang ប្រធានសមាគមកាត់ដេរ និងវាយនភណ្ឌវៀតណាម (VITAS) បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ស្តីពីលទ្ធផលអាជីវកម្មនៃឧស្សាហកម្មវាយនភណ្ឌក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។

យោងតាមសមាគមកាត់ដេរ និងវាយនភណ្ឌវៀតណាម (VITAS) ឱ្យដឹងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលបណ្ដាសហគ្រាសក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងរយៈពេល២ឆ្នាំមកនេះដោយសារវិបត្តិកូវីដ-១៩។

ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ តម្លៃនៃការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាមានទំហំ២២,៣ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៧,៧% រួមទាំង១៦,៩៤ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ (កើនឡើង១៩,៥%) ១,៤ពាន់លានដុល្លារ ពីការនាំចេញក្រណាត់ (កើនឡើង២០,៨%) និង២,៧៦ពាន់លានដុល្លារ ពីការនាំចេញហ្វាយបឺ (Fiber) (កើនឡើង៤,៤%) ផងដែរ។

ទន្ទឹមនឹងនេះដែរ តម្លៃសរុបនៃការនាំចូលវត្ថុធាតុដើម និងគ្រឿងបន្ទាប់បន្សំសម្រាប់វាយនភណ្ឌ និងកាត់ដេរក្នុងរយៈពេល៦ខែដើមឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាមានទំហំ១៣,៤ពាន់លានដុល្លារ ដោយកើនឡើង៩,៨%៕ Vietnam News៕

ទីបំផុតរុស្ស៊ី និងអ៊ុយក្រែនព្រមចុះកិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ

ដោយ សុខុម

អន្តរជាតិ: នៅទីបំផុតប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមនឹងគ្នាយ៉ាងស៊ីសាច់ហត់ឈាម បានយល់ព្រមចុះកិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិឡើងវិញដើម្បីសម្រាលវិបត្តិស្បៀងអាហារ។
នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា កិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើល និងដ៏គួរឱ្យសាទរនេះនឹងជួយមនុស្សរាប់លាននាក់មិនឱ្យធ្លាក់ចូលក្នុងស្ថានភាព “គ្រោះទុរ្ភិក្ស”។

លោក Erdogan បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី ថា “យើងបានបំពេញការងារយ៉ាងយកចិត្តទុកដាក់រួមគ្នាជាមួយអង្គការសហប្រជាជាតិ។ មិនយូរទេ រំហូរដឹកជញ្ជូនទំនិញនឹងចាប់ផ្តើមឡើងវិញជាថ្មីដែលនឹងឈានទៅរកស្ថានភាពធូរស្រាល”។

ទន្ទឹមនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិឡើងវិញរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន នេះ ហើយបានគូសបញ្ជាក់ថា ចំណាត់ការនេះនឹងជួយឱ្យវិបត្តិស្បៀងអាហារពិភពលោក “ធូរស្រាល”។

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបន្ថែមទៀតថា លោកសូមថ្លែងអំណរគុណចំពោះ “ការសម្របសម្រួល និងការខ្នះខ្នែង” របស់ប្រទេសតួកគី នៅក្នុងការជួយចរចាឱ្យឈានដល់កិច្ចព្រមព្រៀងនេះ។ លោកគូសបញ្ជាក់ថា តួនាទីរបស់តួកគី គឺ “ចាំបាច់ណាស់នៅក្នុងការឆ្លងកាត់រាល់ដំណាក់កាលនៃដំណើរការចរចាកិច្ចព្រមព្រៀងនេះ”។

ចំណែកឯប្រទេសអ៊ុយក្រែន បានប្រកាសជំហរជុំវិញការចុះកិច្ចព្រមព្រៀងបើកច្រកនាំចេញធញ្ញជាតិឡើងវិញនេះថា ខ្លួនគ្រាន់តែព្រមព្រៀងជាមួយអង្គការសហប្រជាជាតិប៉ុណ្ណោះ គឺមិនមែនព្រមព្រៀងជាមួយប្រទេសរុស្ស៊ី នោះឡើយ៕ Aljazeera៕

តើអ្វីជាឬសគល់នៃវិបត្តិអចលនទ្រព្យប្រទេសចិន? តើវាប៉ះពាល់យ៉ាងណាដល់អចលនទ្រព្យនៅកម្ពុជា?

ដោយៈ សុផារី

ប្រទេសចិនៈ កាលពីឆ្នាំមុន មានព័ត៌មានអំពីក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិន ដូចជាក្រុមហ៊ុន Evergrande ដែលបានពន្យាពេលសងបំណុលជាមួយក្រុមហ៊ុនដៃគូ ដែលរហូតពេលនេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិន នឹងមិនប៉ះពាល់ដល់ក្រុមហ៊ុនតែមួយទេ ប៉ុន្តែកំពុងប៉ះពាល់ដល់អាជីវកម្មអចលនទ្រព្យចិនស្ទើរតែទាំងអស់។

សារព័ត៌មាន Bloomberg ចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា ពេលនេះអតិថិជន ដែលទិញអចលនទ្រព្យនៅចិន បានឈប់សងបំណុលអចលនទ្រព្យ លើគម្រោងជាង៣០១ នៅក្នុងទីក្រុងចំនួន៩១ ដោយសារតែអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មិនអាចបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះទាន់ពេលកំណត់ ទោះបីជាអតិថិជនបានខ្ចីលុយ ដើម្បីបង់រួចហើយក៏ដោយ។

ជាទូទៅ ការកក់អចលនទ្រព្យនៅក្នុងប្រទេសចិន មានលក្ខណៈខុសប្លែកពីប្រទេសផ្សេង ដោយការកក់ផ្ទះ ឬការទិញផ្ទះ ត្រូវបង់ប្រាក់កម្ចីភ្លាមៗ មុនពេលផ្ទះល្វែងត្រូវបានសាងសង់បញ្ចប់។

តើអ្វីដែលធ្វើឱ្យអាជីវកម្មអចលនទ្រព្យ របស់ប្រទេសចិនឈានមកដល់ចំណុចនេះ?។

មានមូលហេតុឬកត្តាជាច្រើន ដែលបណ្តាលឲ្យវិស័យនេះដាំក្បាលចុះ ដែលកត្តាទាំងនោះរួមមាន កត្តាទី១ កំណើនសេដ្ឋកិច្ចចិន ដែលបានរីកលូតលាស់លឿនរហ័ស បន្ទាប់ពីប្រទេសចាប់ផ្តើមអភិវឌ្ឍន៍ ចេញពីសេដ្ឋកិច្ចដែលពឹងលើកសិកម្ម ទៅជាពឹងលើឧស្សាហកម្មតាំងពី២០ឆ្នាំមុន។ ជាលទ្ធផល ប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើង ហើយចាប់ផ្តើមស្វែងរកកន្លែងស្នាក់នៅល្អជាងមុន ដូចជា “ផ្ទះល្វែង” ជាដើម ដើម្បីលើកកម្ពស់គុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។

កត្តាទី២ ក្រុមកម្លាំងពលកម្មនៅក្នុងប្រទេសចិនមានចំនួនច្រើន ដែលមានតម្រូវការផ្ទះល្វែងខ្ពស់ៗជាច្រើន។ ក្រុមហ៊ុនអចលនទ្រព្យចិន ក៏បានចាប់ផ្ដើមឃើញឱកាសក្នុងអាជីវកម្មមួយនេះ។ អាជីវកម្មអចលនទ្រព្យនៅប្រទេ​សចិន បាននិងកំពុងរីកចម្រើនឥតឈប់ឈរ អស់រយៈពេល២០ឆ្នាំ ហើយដែលមានកំណើនច្រើនជាង GDP នៅប្រទេសចិនទៅទៀត។

សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា ទិន្នន័យផ្លូវការបង្ហាញថា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ GDP របស់ប្រទេសចិនបានកើនឡើង១៤ដង ខណៈវិស័យអចលនទ្រព្យរបស់ប្រទេសចិន កើនឡើង៤៤ដង។ បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិន គ្របដណ្តប់ជាង៣០ភាគរយ នៃGDPរបស់ប្រទេសចិន ដែលនេះជាសមាមាត្រធំបំផុតនៅលើពិភពលោក។

ទោះយ៉ាងណាក្តី អចលនទ្រព្យចិនរីកចម្រើនក្នុងទំហំធំពេក ដែលលើសពីតម្រូវការជាក់ស្តែង បានបណ្តាលឱ្យមានបញ្ហា ក្នុងការចំណាយលើការសាងសង់ ដែលវាមិនមានតុល្យភាពនឹងតម្លៃ នៃចំនួនយូនីតដែលត្រូវបានកក់ឡើយ។

កត្តាទី៣ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ និងធ្វើឱ្យបំណុលគ្រួសារបន្តកើនឡើង។ បំណុលគ្រួសារប្រៀបធៀបនឹង GDP បានកើនឡើងពី៥៥,៥ភាគរយ ក្នុងឆ្នាំ២០២០ ដល់៦១,៦ភាគរយ ក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យប្រជាជនចិនជាច្រើន គ្មានគំនិតចង់ទិញអចលនទ្រព្យទេ ជាពិសេសនៅក្នុងទីក្រុងធំៗ។

សារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានស្រង់សម្តីលោក Zhang Xiaojing នាយកវិទ្យាស្ថានជាតិហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ថា បំណុលសរុបរបស់ចិន ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុប ត្រូវបានព្យាករណ៍ថា នឹងកើនឡើង១១,៣ពិន្ទុភាគរយ ឡើងដល់រង្វង់២៧៥% នៅឆ្នាំ២០២២នេះ។

កត្តាទី៤ ការខ្ចីប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យទាំងនោះ ដើម្បីវិនិយោគលើមុខជំនួញផ្សេងទៀត ដូចជា អាជីវកម្មសួនកម្សាន្ត ផ្សារទំនើប ក្លឹបបាល់ទាត់ រួមទាំងអាជីវកម្មរថយន្តអគ្គិសនីជាដើម ហាក់មិនបានទទួលផលល្អប្រសើរដូចដែលរំពឹងនោះទេ។ ហេតុនេះហើយ ធ្វើឱ្យក្រុមហ៊ុនអចល​នទ្រព្យជាច្រើនចាប់ផ្តើមចំណាយច្រើន និងជំពាក់បំណុលគេយ៉ាងច្រើន។

ក្រុមហ៊ុនអចលនទ្រព្យចិន កំពុងប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ ដោយសារមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ចំណាយលើការសាងសង់ របស់អ្នកផ្គត់ផ្គង់នោះទេ ហើយត្រូវបែងចែកលុយច្រើន ដើម្បីសងបំណុលផងនោះ ដែលធ្វើឱ្យមិនអាចសាងសង់គំរោងបញ្ចប់ទាន់ពេលវេលាបាន។

បន្ថែមលើសនេះ អ្នកទិញអចលនទ្រព្យខ្លះ បានសងប្រាក់កម្ចីរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែផ្ទះល្វែង នៅតែសាងសង់មិនទាន់ចប់ រហូតដល់អ្នកទិញជាច្រើន បានប្រមូលផ្តុំគ្នាឈប់បង់រំលស់ផ្ទះ ជាមួយធនាគារ ដែលធ្វើឲ្យបញ្ហាកង្វះសាច់ប្រាក់កាន់តែធ្ងន់ធ្ងរឡើង នៃក្រុមហ៊ុនអចលនទ្រព្យឈានមុខទាំងនេះ។

តើវិបត្តិខាងលើនេះប៉ះពាល់យ៉ាងណាដល់អចលនទ្រព្យនៅកម្ពុជា?

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសន្និសិទមួយនៅដើមខែកក្កដា ឆ្នាំ២០២២នេះ អ្នកនាង គឹម គិនកេសា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodiaបានមានប្រសា​សន៍ថា វិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន អាចជះឥទ្ធិពលមកកាន់ផ្នែកជាច្រើន មិនថានៅក្នុងប្រទេសចិន និងផ្នែកនានានៃពិភពលោកទាំងមូល ប៉ុន្តែសម្រាប់កម្ពុជាមានបញ្ហា ដែលសំខាន់ និងគួរផ្តោតអារម្មណ៍ជាជាងបញ្ហាវិបត្តិអចលនទ្រព្យ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសចិន។

អ្នកនាងយល់ថា “ជាការពិតសេដ្ឋកិច្ចកម្ពុជា និងប្រទេសចិនមានទំនាក់ទំនងគ្នា។ ប្រសិនបើសម្លឹងមើលលើលំហូរវិនិយោគ របស់ប្រទេសចិន មកកាន់សេដ្ឋកិច្ចរបស់ប្រទេសនានា បញ្ហាអចលនទ្រព្យនេះកើតឡើងនៅក្នុងប្រទេសចិនក៏ពិតមែន តែវាជះឥទិ្ធពលដល់ផ្នែកសំខាន់ៗ នៅក្នុងប្រទេសចិន ក៏ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប ជាដើម”។

អ្នកនាងមានប្រសាសន៍ថា សម្រាប់កម្ពុជា ទោះបីជាទុនវិនិយោគបរទេសភាគច្រើន នៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហូរចូលមកពីប្រទេសចិនក្តី តែកម្ពុជាក៏មានប្រភពទុនវិនិយោគ វិស័យអចលនទ្រព្យពីសំណា​ក់ប្រទេសផ្សេងទៀតជាច្រើន ដូចជា ប្រទេសសិង្ហបុរី ហុងកុង ប្រទេសនានានៅក្នុងតំបន់អាស៊ី ជាដើម”។

អ្នកនាងបន្តថា “ក្នុងបរិបទតម្រូវការរបស់អតិថិជន មានភាពស្រដៀងគ្នាដែរ ជាពិសេសសម្រាប់ការអភិវឌ្ឍន៍ ដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅកម្ពុជា ជនជាតិចិនត្រូវបានកំណត់ជាអតិថិជនគោលដៅ”។ អ្នកនាងបន្ថែមថា “យ៉ាងណាក្តី ក៏មានតម្រូវការពីសំណាក់អ្នកទិញសញ្ជាតិផ្សេងៗ ក្រៅពីជនជាតិចិនផងដែរ”។

ទោះជាយ៉ាងណាក្តី អ្នកជំនាញរូបនេះលើកឡើងថា បញ្ហាប្រឈម ដែលគួរឱ្យកត់សម្គាល់ជាងនេះនោះ រួមមាន ផលប៉ះពាល់លើអំណាចទិញរបស់ប្រជាជនកម្ពុជា ចំណូលជាមធ្យមរបស់អតិថិជនកម្ពុជា បញ្ហាអតិផរណា ការកើនឡើងនៃអត្រាការប្រាក់ខ្ពស់ ជាបញ្ហាដែលអាចជះឥទិ្ធពលដល់តម្រូវការសម្រាប់អចលនទ្រព្យ និងដើមទុនវិនិយោគរបស់អ្នកអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា៕

តើសម្បទានដីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផ្តល់ឱ្យរយៈពេលប៉ុន្មានឆ្នាំ?

ដោយ៖ សហការី

ភ្នំពេញ៖ សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយ យ៉ាងជាក់លាក់ទៅឱ្យសម្បទានិក (អ្នកទទួលបានសម្បទាន) ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម។

សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យ ដើម្បីសម្រេចគោលបំណងដូចខាងក្រោម៖
១. អភិវឌ្ឍន៍សកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគដើមទុនដំបូង ក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប។
២. សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់នៃតំបន់នោះ។
៣. បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការ រកស៊ី។ចិញ្ចឹមជិវិតមានលក្ខណៈសម្បូ រណ៍បែប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប។
៤. លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច។
៥. បង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ/សង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។

ដីសម្បទានសេដ្ឋកិច្ចអាចផ្ដល់ចំពោះតែដី ដែលមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យទាំង៥ដូចខាងក្រោម៖
១. ដីដែលបានចុះបញ្ជី និងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
២. ដីដែលមានផែនការប្រើប្រាស់ដែល អនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្រុង ហើយប្រើប្រាស់មានលក្ខណៈស្របទៅតាមផែនការនោះ។
៣. ដីដែលបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះកាប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោង សម្បទាន។
៤. ដីដែលមានដំណោះស្រាយចំពោះបញ្ហាតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន។ អាជ្ញាមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានា មិនមានការបង្ខំឱ្យធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស័្មគ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន។
៥. ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងតំបន់។

យោងតាមមាត្រា៥៣ នៃច្បាប់ស្ដីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានបញ្ញត្តិថាសម្បទានដីសេដ្ឋកិច្ចមិនត្រូវមានរយៈពេលលើសពី៥០ឆ្នាំ មានទំហំច្រើនបំផុតមិនលើសពី១០.០០០ហិកតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំដីសម្បទានសរុបមិនត្រូវលើសពី១០.០០០ហិកតាឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន ប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់។

សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកបានទ្បើយ លើកលែងសម្បទានដីសង្គមកិច្ច ប៉ុន្តែអាចបង្កើតសិទ្ធិលើការប្រើប្រាស់ និងអាស្រ័យផលលើដី ព្រមទាំងទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។

ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ សម្បទានិកត្រូវចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងពេល១២ខែ បន្ទាប់ពីទទួលបានសម្បទានដី បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ។

សរុបមក សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទាន ជាក់លាក់ ក្នងគោលបំណងធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម និងបង្កើតចំណូលរដ្ឋ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។ សម្បទានិក ត្រូវធានាការគោរពកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមកិច្ចសន្យាសម្បទាន ដើម្បីជៀសវាងការកើតមានកំហុសធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ដកហូតសម្បទានដីសេដ្ឋកិច្ចមកវិញ៕

អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ៖នៅចុងឆ្នាំ២០២៣ រាជធានីភ្នំពេញនឹងលែងខ្វះទឹកប្រើប្រាស់ទៀតហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ខណៈគិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦ភាគរយហើយ តាមផែនការគ្រោងទុកនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈជំហានទី២សម្រេចបាន ៤២ភាគរយផងដែរ។

ក្នុងឱកាសចុះទៅពិនិត្យពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា ជំហានទី១ អាចផលិតទឹកស្អាត បាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦៦ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ហើយជំហានទី២ អាចផលិតបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ឡុង ណារ៉ូ បានបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

លោករំពឹងថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ពីព្រោះពេលនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក បានពង្រីកបំពង់មេនាំទឹក ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាបតែម្តង។

លោក Cedric ROUDE នាយកគ្រប់គ្រងក្រុមហ៊ុនបារាំង VINCI ដែលទទួលសាងសង់រោងចក្រទឹកស្អាតបាក់ខែងនេះបានដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការជាមួយប្រទេសកម្ពុជា ជាពិសេសជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចំពេល ដែលកម្ពុជាកំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ៕

តម្លៃផ្ទះឯកជនរបស់សឹង្ហបុរីកើនឡើង៣,៥ភាគរយនៅក្នុងត្រីមាសទី២

ដោយ: លាងហួរ

សឹង្ហបុរី: តម្លៃ ផ្ទះ ឯកជន ក្នុង ប្រទេស សឹង្ហ បុរី បាន កើនឡើង ក្នុង ល្បឿន លឿន ជាង មុន ៣,៥ភាគរយ ក្នុង ត្រីមាស ទី២ឆ្នាំ នេះ ដែល កើនឡើង៥ដង បើធៀប នឹង ការ កើនឡើង ០,៧ភាគរយ ក្នុង ត្រីមាស មុន។

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជន បានកើនឡើងដល់១៨០,៩ក្នុងត្រីមាសទីពីរ កើនឡើងពី១៧៤,៨ ក្នុងរយៈពេលបីខែមុន នេះបើយោងតាមស្ថិតិអចលនទ្រព្យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)នៅថ្ងៃសុក្រនេះ។

តម្លៃខុនដូបានកើនឡើង៣,៦ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងការថយចុះ០,៣ភាគរយនៅក្នុងត្រីមាសទីមួយ។

តម្លៃអចលនទ្រព្យ នៅតំបន់កណ្តាលទីក្រុង បានកើនឡើង១,៩ភាគរយ ខណៈតំបន់ផ្សេងទៀតនៃតំបន់កណ្តាល បានកើនឡើង៦,៤ភាគរយ។ ចំណែកតម្លៃខុនដូ នៅក្រៅតំបន់កណ្តាលបានកើនឡើង២,១ភាគរយនៅក្នុងត្រីមាសទីពីរ។

តម្លៃលំនៅឋានផ្ទាល់ដី(landed-home) បានកើនឡើង២,៩ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ធៀបនឹងការកើនឡើង៤,២ភាគរយក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២។

ប្រតិបត្តិការលក់បន្តមានចំនួនប្រហែល៦២,២ភាគរយ នៃប្រតិបត្តិការលក់ទាំងអស់នៅក្នុងត្រីមាសទីពីរ។ មានប្រតិបត្តិការលក់បន្តចំនួន៤២៣៦យូនីត នៅក្នុងត្រីមាសចុងក្រោយនេះ បើធៀបនឹងប្រតិបត្តិការលក់ចំនួន៣៣៣៧យូនីតក្នុងរយៈពេលបីខែមុន៕

សម្តេចតេជោជម្រុញការកសាងផ្លូវកំពង់ធំ តភ្ជាប់កំពង់ឆ្នាំង បាត់ដំបងនិងខេត្តសៀមរាប

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រុញការកសាងផ្លូវកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

លោកបានមានប្រសាសន៍បែបនេះព៌តមាននេះ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ និងថ្នាក់ដឹកនាំក្រុមហ៊ុន YCH។

កន្លងមកការសាងសង់ស្ពាន តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ដោយភ្ជាប់ទៅកាន់តំបន់កំពង់ថ្ម ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានជម្រុញ និងសិក្សាដោយក្រុមហ៊ុនចិន ប៉ុន្តែដោយសារបញ្ហាវិបត្តិកូវីដ១៩ បានធ្វើឲ្យគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ត្រូវពន្យាពេល។

ជាមួយគ្នានេះ ការសិក្សាលើការសាងសង់ផ្លូវតភ្ជាប់ រវាងខេត្តសៀម​រាប ទៅកាន់ក្រុងបាត់ដំបង ឆ្លងកាត់ទន្លេសាបក៏បាននិងកំពុងសិក្សាបញ្ចប់ផងដែរ។ នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសា​សន៍ឲ្យដឹងនាពេលកន្លងមកថា គំថរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ដែលមិនមានភាពចាំបាច់ត្រូវបានលើកពេល ដើម្បីទុកប្រាក់សម្រាប់​ការប្រយុទ្ឋនឹងជំងឺកូវីដ១៩។

សម្តេចធ្លាប់បានមានប្រសាសន៍ថា “តំបន់ណាដែលអាចឆ្លងសាឡាងបាន ត្រូវបន្តឆ្លងសាឡាងបន្ត ព្រោះគំរោងសាងសង់ស្ពានមួយចំនួនអាចត្រូវលើកពេល”៕

ធនាគារពិភពលោក៖ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជានឹងកើនឡើង៤ដងនៅត្រឹមឆ្នាំ២០៣០

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារពិភពលោកបានព្យាករណ៍ថា បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជានឹងកើនឡើង៤ដងនៅត្រឹមឆ្នាំ២០៣០។

នេះបើយោងតាមរបាយការណ៍មួយ របស់ធនាគារពិភពលោកប្រចាំកម្ពុជា ដែលបានបញ្ចេញនៅក្នុងសប្តាហ៍នេះ ឱ្យដឹងថា ត្រឹមឆ្នាំ២០៣០ បណ្តាក្រុមហ៊ុននៅកម្ពុជានឹងចលនាទំនិញរបស់ខ្លួនឆ្លងកាត់ផ្លូវហាយវ៉េ កំពុងផែ ព្រលានយន្តហោះ និងឃ្លាំងស្តុក កើនទំហំរហូតដល់ទៅបួនដង លើសពីទំហំក្នុងពេលបច្ចុប្បន្ននេះ។

របាយការណ៍នេះឱ្យដឹងទៀតថា ផ្ទុយទៅវិញ ចំណាយថ្លៃដើមទៅលើឡូហ្ស៊ីស្ទិកធៀបទៅនឹងផ.ស.ស នៅតែខ្ពស់ជាងគេខ្លាំងធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ដោយតាមការប៉ាន់ប្រមាណ មានប្រហែល២៦,៤៣ភាគរយនៃផ.ស.ស នៅក្នុងឆ្នាំ២០២០។

បន្ថែមលើសនេះ ធនាគារពីភពលោកបានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈធ្វើឲ្យប៉ះពាល់ខ្លាំងដល់ផ្នែកនាំចេញ និងទំនិញកសិផល។

សម្រាប់ប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅខ្វះការអភិវឌ្ឍនៅឡើយ ហើយសមត្ថភាពបំពេញមុខងាររបស់​ផ្នែកឡូហ្ស៊ីស្ទិក (logistics) នៅក្នុងប្រទេសនេះក៏នៅមានកម្រិតទាប ធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់ ដែលជា​ហេតុ​ញ៉ាំងឲ្យការចំណាយកាន់តែខ្ពស់។

របាយការណ៍បន្ថែមថា “ការបង្កើនភាពពឹងពាក់បានរបស់ខ្សែច្រវាក់ផ្គត់ផ្គង់ និង​សេវាកម្មមានគុណភាព ជាគន្លឹះសម្រាប់​លើកកម្ពស់​សមត្ថភាពបំពេញមុខងាររបស់ផ្នែកឡូហ្ស៊ីស្ទិកកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះថា ពេលវេលា និង​តម្លៃ​មិនមែនជាធាតុផ្សំរបស់​ភាព​ទស្សទាយបានតែមួយមុខនោះទេ ប៉ុន្តែគុណភាពនៃការដឹកជញ្ជូនទំនិញ​ក៏​ជាសមាសភាគសំខាន់មួយដែរ”៕