វិភាគៈ កម្ពុជាក្នុងក្រសែភ្នែកបរទេស សុទិដ្ឋិនិយម បទពិសោធន៍និងក្តីសង្ឃឹម

0

ដោយៈ យិន លាងគង់ៈសហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ សុបិនដ័ល្អមួយបានបញ្ចប់យ៉ាងលឿន ប្រៀបដូចផ្លេកបន្ទោរ ដែលជាលទ្ឋផលក្រុងព្រះសីហនុ បានក្លាយជាទីក្រុងថ្មីស្រឡាងមួយ ក្នុង រយៈពេលមួយប៉ប្រិកភ្នែក។

ប៉ុន្តែជាមួយនឹងសំណើច ការសាទរនៃការទាញយកផលចំណេញភ្លាមៗ របស់អ្នកវិនិយោគឆ្លាតវៃ ក៏មានអ្នកវិនិយោគរាប់រយនាក់ បានគាំងលំហូរសាច់ប្រាក់ពួកគេផងដែរ ដោយចំនួនអាគារដែលមិនបានសាងសង់បន្តមានចំនួនច្រើនជាង១០០០ ដែលកំពុងជាប់គាំង។

អ្នកវិភាគ
អ្នកវិភាគអចលនទ្រព្យទាំងជាតិ អន្តរជាតិសុទ្ឋតែមើលឃើញថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យវិស័យនេះរីកចម្រើនជាថ្មី ជាការរីកចម្រើនដើរស្របគ្នា នឹងសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានហៅសកម្មភាពនៃចរន្តទិញ លក់ និងការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្រុងព្រះសីហនុ ជាទម្រង់់មួយនៃការវិនិយោគបែបពពុះសាប៊ូ។

លោកបន្តថា “ការកើនឡើងតម្លៃអចលនទ្រព្យ នៅក្រុងព្រះសីហនុជាការឡើងថ្លៃហួសហេតុ និងមិនសមស្របតាមបរិបទ និងស្ថានភាពសេដ្ឋកិច្ច កម្ពុជា”។

ក្រសែភ្នែកជនបរទេសមើលមកកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា និងចិន បានចាប់ដៃគ្នាតាំងពីមិត្តភាពធម្មតា មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយទំនាក់ទំនងមួយនេះរីកដុះដា​លរឹតឆាប់រហ័ស នៅពេលដែលគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) បានឈានជើងចូលមកកាន់កាប់ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបាន​បង្កើតឲ្យមានទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងចិន -កម្ពុជា ពិសេសការកសាងសហគមន៍ពីរ វាសនាតែមួយនាពេលអនាគត។

លោកChris Devonshire ត្រូវបានដកស្រង់សម្តីដោយសារព៌តមានអនឡាញបរទេសaseanbriefingកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិនមកកាន់កម្ពុជាលើកដំបូង គឺផ្តើមចេញពីការអភិវឌ្ឍកាស៊ីណូ ដែលរីកលូតលាស់ដូចផ្សិត បានបង្កើតរំហូរដើមទុនហិរញ្ញវត្ថុ ដ៏សន្ធឹកសន្ធាប់ពីចិនដីគោកដែលមកលេងល្បែងលាងលុយកខ្វក់។

លោកបានសរសើររដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចគ្រប់គ្រងបានយ៉ាងល្អ ដោយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នឡើងវិញ ដោយរុញច្រានទុនវិនិយោគទាំងអស់នោះ ចាក់បញ្ជូលទៅក្នុងវិស័យផលិ​តកម្ម កសិ-ឧស្សាហ៍កម្ម ការលក់រាយ ការអប់រំ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម។

លទ្ឋផលទាំងអស់នេះ សុទ្ធសឹងជាការពិតមួយដែរគ្រប់គ្នា ក៏ទទួលស្គាល់រួចមកហើយថា វាគឺជារំហូរហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមក។​

ទំហំទុនវិនិយោគចិននៅកម្ពុជា
ជាក់ស្តែងក្នុងអំឡុងឆ្នាំ ២០១២-២០១៧ អ្នកធុរកិច្ចចិនបានវិនិយោគទឹកប្រាក់ ជាង១៥ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ក្នុងនោះ១១ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ និងព្រលានយន្តហោះ។

ប្រទេសកម្ពុជា ទទួលបានគម្រោងផ្លូវល្បឿនលឿន ដំបូងបង្អស់តម្លៃប្រមាណ២០០០លានដុល្លារអាមេរិក ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ ដោយគម្រោងវិនិយោគនេះ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែកញ្ញា ខាងមុខនេះ។

កាលពីឆ្នាំ២០២០ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយតម្លៃប្រមាណ១៥០០លានដុល្លារ បានលេចជារូបរាងឡើងនៅក្នុងខេត្តកណ្តាល ភាគខាងត្បូងនៃរាជធានីភ្នំពេញ។

នៅឆ្នាំដដែល ក៏មានគម្រោងអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀម​រាបអង្គរថ្មី (AIAI) តម្លៃប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ៨០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀតផង។
ជារឿយៗ គម្រោងអាកាសយានដ្ឋាន ដ៏ថ្មីស្រឡាងមួយទៀតដែល​វិនិយោគក្នុងទំហំទឹកប្រាក់៣៥០លានដុល្លារអាមេរិក ត្រូវបានសាងសង់ឡើង នៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។

ទំហំពាណិជ្ជកម្ម
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរិរវាងចិន និងកម្ពុជា និងការចូលជាធរមាននៃកិច្ចព្រមព្រៀងRCEP បាននិងកំណុងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា ចិនហក់ឡើងខ្ពស់ថែមទៀតនាពេលអនាគតឆាប់់ៗនេះ។

ជាក់ស្តែងបើយើងក្រឡេកថយក្រោយ មើលទំហំពាណិជ្ជកម្មចិន កម្ពុជាកាលពី​ឆ្នាំ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ -​ចិន​សម្រេច​បាន១១,២​ពាន់​លាន​ដុល្លារ​បន្ថែមទៀត។ ក្នុងនោះមានសហគ្រាស១៧០ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្កើតការងារជិត៣០,០០០កន្លែង ជូនពលរដ្ឋកម្ពុជា ។

ក្រៅពីគម្រោងធំៗខាងលើ នៅមានការវិនិយោគតូច ធំ និងមធ្យមជាច្រើនទៀតបានហូរចូលមកជាហូរហែរ មានដូចជា សែលកាត (ខេមបូឌា), Xiaomi, ក្រុមហ៊ុន Alibaba, Tencent, Inbound FDI ។ល។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានមានប្រសាសន៍ថា “គំរោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” បានបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញ ទៅមក ពិសេសធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍន៍រួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍន៍ឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទំាងពីរ។

លោកបន្តឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំ និង៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះផលិតផលកសិកម្ម សម្រេចបានទំហំជាង២.៤លានតោន ក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្ម ចំនួន២៤មុខផ្សេងទៀត ដែលគិតជាទឹកប្រាក់តម្លៃ ១៩៤២លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងជារឿយៗថា តាមរយៈកិច្ចព្រមព្រៀងពាណិជកម្មសរី កម្ពុជា ចិន និងកិច្ចព្រមព្រៀងRCEP និងភាពជាមិត្តដែកថែបកម្ពុជា ចិន នឹងធ្វើឲ្យអ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជា ដើម្បីផលិតផលិតផលនានា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកRCEPជាច្រើនទៀត។

លោកបន្តថា “ប្រសិនជាយើងរៀបចំបានល្អ កម្ពុជានឹងក្លាយជាមូល ដ្ឋានផលិតរបស់អ្នកវិនិយោគចិន និងជាមជ្ឈមណ្ឌលស្តុកទំនិញ ដើម្បីចែកចាយទៅកាន់បណ្តាប្រទេសក្នុងតំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here