តើស្ថានភាពទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបវិវត្តន៍ដូចម្តេច? បន្ទាប់ពីទេសចរណ៍ងើបឡើងវិញ?

ដោយៈ ចំណាន

    សៀមរាបៈ អ្នកជំនាញ និងអ្នកវិភាគទីផ្សារបាននិយាយថា អច​ល​នទ្រព្យនៅសៀមរាប ទំនងជានឹងកើនឡើង ប៉ុន្តែយឺតៗ និងស្ថិតនៅក្នុងលក្ខខ័ណ្ឌពិសេសមួយ។

១. តើអ្នកជំនាញនិយាយអ្វីខ្លះ

ក្រុមហ៊ុនCBRE Cambodia បាននិយាយថា អចលនទ្រព្យនៅទីក្រុងនេះ សកម្មភាពសម្រាប់រយៈពេលខ្លីនៅតែយឺត ប៉ុន្តែបើគិតរយៈពេលវែងមានឱកាស ដោយសារទេសចរណ៍ មិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេ។

“ទស្សនវិស័យរយៈពេលខ្លីនៅតែស្ងប់ស្ងាត់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានគ្រឹះគាំទ្រដល់កំណើនរយៈពេលវែង”។

ក្រុមហ៊ុនKnight Frank អ្នកវិភាគទីផ្សារបានបង្ហាញរបាយការ​ណ៍របស់ខ្លួនផងដែរថា  ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងចូលទៅក្នុង “ដំណាក់កាលស្ថិរភាព” ក្នុងឆ្នាំ២០២៦ ជាមួយកំណើនមានកម្រិតមធ្យម មិនផ្ទុះខ្លាំង។

ការស្រាវជ្រាវទីផ្សារក្នុងស្រុកពីក្រុមហ៊ុនERA, APS, IPS, BambooRoutes បានព្យាករណ៍សម្រាប់តម្លៃនៅសៀមរាប នឹងអាចមានកំណើនត្រឹមចន្លោះពី២% ដល់៥% ក្នុងឆ្នាំ ២០២៦នេះ។

កំណើនដ៏យឺតនេះ ដោយសារការងើបយឺតនៃទីផ្សារទេសចរណ៍ ការផ្គត់ផ្គង់ខុនដូមានកំណត់ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ។

អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា ទីផ្សារកំពុង “ងើបឡើងវិញជាបណ្តើរៗ” ជាមួយនឹងតម្រូវការស្ថិរភាព។

ជាមួយគ្នានេះ ការដាក់ដំណើរការអាកាសយានដ្ឋានថ្មី កាលពីឆ្នាំ២០២៣ បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដែលហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើអោយប្រសើរឡើងនូវការចូលប្រើប្រាស់ ជាមួយការមកដល់នៃជើងហោះហើរកាន់តែច្រើន ភ្ញៀវទេសចរកាន់តែច្រើន ការវិនិយោគកាន់តែច្រើន៕

មជ្ឈមណ្ឌលពាណិជ្ជកម្មG.I.A Noreaកំពស់ជាង២០០ម៉ែត្រនឹងក្លាយជាគម្រោងអគារឆ្លាតវៃដំបូងគេនៅភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វានឹងក្លាយជាអាគារខ្ពស់ជាងគេ សម្រាប់ទីក្រុងនរា សម្រាប់អន្តរកាលមួយ ដោយG.I.A Norea នឹងក្លាយជាអាគារពាណិជ្ជកម្មឆ្លាតវៃ និងបំពាក់ដោយបច្ចេកវិទ្យាAI។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោងនេះកាលពីចុងសប្តាហ៍មុន។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានចាត់ទុកថា គម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់” និង ជា “មជ្ឈមណ្ឌលឆ្លាតវៃ” (Smart Hub) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។ អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះ ឱ្យទៅជា “ឌីជីថលភ្លោះ” (Digital Twin) ដ៏រស់រវើក។

លោកជា វ៉ាន់ដេតបានបន្តថា គម្រោងអគារនេះ មានរួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងថាមពលនិងការថែទាំទុកជាមុន (Predictive Maintenance) ជាគំរូដ៏ឆ្នើមក្នុងការកាត់បន្ថយការភាយចេញឧស្ម័នកាបូន និងការជំរុញការអភិវឌ្ឍប្រកបដោ​យចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានលើកឡើងទៀតថា បច្ចេកវិទ្យាបានចូលរួមធ្វើទំនើបកម្មនិងសម្របសម្រួលកិច្ចការជាច្រើន ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងបានកាត់បន្ថយពេលវា និងការចំណាយផ្សេងៗ។ ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានអំពាវនាវ ដល់វិស័យឯកជនចូលរួមប្រើប្រា​ស់បច្ចេកវិទ្យា សម្រាប់ជាជំនួយដល់ការគ្រប់គ្រង ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕

រដ្ឋាភិបាលសិង្ហបុរីគ្រោងសាងសង់អគារលំនៅឋានសាធារណៈខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសសិង្ហបុរីគ្រោងសាងសង់អគារលំនៅឋានសាធារណៈខ្ពស់បំផុតរបស់ខ្លួននៅទីតាំង Pearl’s Hill ក្នុងតំបន់ Outram ហើយនេះក៏ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ ដែលផ្ទះល្វែងសាធារណៈថ្មីនឹងត្រូវបានសាងសង់នៅលើទីតាំងនេះ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ លោក Chee Hong Tat បានអះអាងថា គម្រោងនេះនឹងមានកំពស់ជាង ៦០ជាន់ និងមានលំនៅឋានប្រហែល ១.៧០០យូនីត ដែលនឹងក្លាយជាអគារលំនៅឋានសាធារណៈខ្ពស់បំផុតនៅសិង្ហបុរី បន្ទាប់ពីបញ្ចប់ការសាងសង់។

គម្រោងនេះនឹងវ៉ាដាច់កំពស់របស់អគារ The Pinnacle@Duxton ដែលបច្ចុប្បន្នជាអគារលំនៅឋានសាធារណៈខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសសិង្ហបុរី។

លោក Chee បានគូសបញ្ជាក់ថា ការសាងសង់អាផាតមុិនខ្ពស់ៗ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីពង្រីកការផ្គត់ផ្គង់លំនៅឋានសាធារណៈ តាមរយៈការបង្កើនការប្រើប្រាស់ដីធ្លី។

អាជ្ញាធរសិង្ហបុរីបានបង្ហាញផែនការខាងលើជាលើកដំបូងនៅឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍលំនៅឋានសាធារណៈនៅទីតាំង Pearl’s Hill ដោយបង្ហាញថា ផ្ទះសាធារណៈ និងឯកជនប្រមាណ៦.០០០យូនីតនឹងត្រូវបានសាងសង់នៅក្នុងតំបន់នេះក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

យោងតាមកាសែត The Straits Times បានឱ្យដឹងថា គម្រោងនឹងមានតំបន់េបៃតងដូចជា លក្ខណៈពិសេសនៃទឹក និងដើមឈើ ដែលបំផុសគំនិតដោយរចនាបថសិល្បៈប្រពៃណីចិន ដែលពណ៌នាអំពីភ្នំ និងទឹកហូរ៕ប្រភព: Vnexpress៕

ក្រុមហ៊ុនមួយគ្រោងកែច្នៃយកខ្លឹមចន្ទន៍ក្រស្នាធ្វើជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិត ដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវ​ទេសចរអារ៉ាប់។

ឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD បានជម្រាបលោករដ្ឋមន្រ្តី ពីផែនការរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃ “ខ្លឹមចន្ទន៍ក្រស្នា” ឱ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិត ដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិ-ទេសចរណ៍ នាពេលខាងមុខ។

ជាការឆ្លើយតប លោកហួត ហាក់បានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់ មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តន៍ផែនការទេសចរណ៍មូស្លីម ២០២៣​-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដា Cambodia Muslim Friendly ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម និងទាក់ទាញភ្ញៀវទេសចរមូស្លីម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនស្វែងរកការប្រឹក្សាផ្លូវច្បាប់ ដើម្បីដំណើរការគម្រោងខាងលើស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

 

 

 

ទីក្រុងសៀងហៃកាត់បន្ថយការបង់ប្រាក់កក់អប្បបរមាសម្រាប់ប្រាក់កម្ចីទិញអចលនទ្រព្យពាណិជ្ជកម្ម ដើម្បីជំរុញទីផ្សារ

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសៀងហៃរបស់ប្រទេសចិនបានកាត់បន្ថយការបង់ប្រាក់កក់អប្បបរមាសម្រាប់ប្រាក់កម្ចីលើការទិញអចលនទ្រព្យពាណិជ្ជកម្ម ដូចជាហាង និងផ្ទះអាជីវកម្ម ពី៥០ភាគរយមកត្រឹម៣០ភាគរយយ៉ាងតិច។

ក្រុមអ្នកវិភាគបានលើកឡើងថា វិធានការនេះអាចជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដែលកំពុងជួបការលំបាក។ ប៉ុន្តែ
ការដាក់ចេញវិធានការរឹងមាំជាងនេះបន្ថែមទៀតនៅតែមានភាពចាំបាច់។

លោក Edward Chan អ្នកវិភាគអចលនទ្រព្យនៅទីភ្នាក់ងារ S&P Global Ratings ប្រចាំប្រទេសចិនបានអះអាងថា ការបង់ប្រាក់កក់អប្បបរមាសម្រាប់ការទិញលំនៅឋាន និងការទិញអចលនទ្រព្យពាណិជ្ជកម្មនៅតែមានគម្លាតខុសគ្នាយ៉ាងខ្លាំង។

លោក Edward Chan បានគូសបញ្ជាក់ថា ដើម្បីគាំទ្រដល់តម្រូវការអចលនទ្រព្យអចលនទ្រព្យ គម្លាតនេះត្រូវបង្រួមបន្ថែមទៀត។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post ។

ប្រទេសចិនបានកាត់បន្ថយការបង់ប្រាក់កក់អប្បបរមាសម្រាប់ប្រាក់កម្ចីទិញផ្ទះមកត្រឹម ១៥ ភាគរយនៅឆ្នាំ២០២៤។នេះបើយោងតាមធនាគារកណ្តាលចិន និងរដ្ឋបាលបទប្បញ្ញត្តិហិរញ្ញវត្ថុជាតិ៕ប្រភព: SCMP៕

កម្ពុជារៀបចំកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ

ដោយៈ ចំណាន

    ព្រះសីហនុៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកហង្ស សណ្តាប់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីដំណើរទេសចរណ៍ ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ (The Cambodia-China Investment Exploration Tour)។

ពិធីនេះប្រារពធ្វើឡើងនៅសណ្ឋាគារ អាជូណា សូលីទ័រ (កំពង់ដេវ៉ា) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ មិនា។

អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានដាក់ចេញយុទ្ធសាស្រ្ត និងរៀបចំផែនការជាច្រើន ដើម្បីទាក់ទាញភ្ញៀបទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើន មកទស្សនាខេត្តព្រះសីហនុ ដែលត្រូវបានសម្តេចតេជោប្រសិទ្ធិនាមថា “តារារះនាទិសនារតី”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសច​រណ៍អន្តរជាតិប្រមាណ៧៧០,០០០នាក់៕

 

 

 

មន្រ្តីស្ថានកុងស៊ុលកិត្តិយសធារណរដ្ឋស៊ីបស្វែងយល់ បង្កើត និងបង្កើនការវិនិយោគរបស់កម្ពុជាជាមួយឧកញ៉ាបណ្ឌិតគីម ហ៊ាង

ដោយៈ ចំណាន

    ភ្នំពេញៈ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង (Borey Vimean Samnang) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាឡា អ៊ីសា ព្រឹទ្វបុរសស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំនៅកម្ពុជា ដើម្បីស្វែងយល់បង្កើត និងបង្កើនការវិនិយោគរបស់កម្ពុជា និងសាធារណរដ្ឋស៊ីប។

ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញពីផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056) ក្នុងការសាងសង់អោយបាន១០០,០០០(ផ្ទះ វីឡា និងខុនដូ) ក្នុង៤៥គម្រោង រួមមានសាងសង់សាលារៀន៤៥កន្លៃង មន្ទីរពេទ្យ៤៥កន្លែង ផ្សារ៤៥កន្លៃង និងកន្លែងលេងកីឡាចំរុះ៤៥កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជួនដល់ឯកឧត្តម សាឡា អ៊ីសា និងក្រុមការងារផងដែរ៕

ខេត្តកំពតត្រៀមរៀបចំដំណើរការ”វិថីអាហារ” នៅក្នុងោកាសប្រារពពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ

ដោយៈ ចំណាន

    កំពតៈ អភិបាលនៃគណអភិបាលខេត្តកំពត លោកម៉ៅ ធនិន បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារបើកដំណើរការ “វិថីអាហារ” ក្នុងក្រុងកំពត ក្នុងគោលបំណងត្រៀមលក្ខណៈទទួលស្វាគមន៍ យ៉ាងកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរ ដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទង នឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហា​រដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀប​រយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តកំពត សូមគោរពអញ្ជើញបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារ ដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីខេត្តកំពត ដែលជា “ក្រុងបេតិកភណ្ឌរស់រវើក ជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ” និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត៕

តើបុគ្គលរូបណាខ្លះជាមហាសេដ្ឋីលំដាប់កំពូលលើវិស័យអចលនទ្រព្យ នៅប្រទេសកាណាដា

ដោយៈ គង់ សូរិយា

    កាណាដាៈ អ្នកមានបំផុតនៅក្នុងប្រទេសកាណាដា ដែលពាក់ព័ន្ធនឹងអចលនទ្រព្យជាធម្មតាគឺជាមហាសេដ្ឋី និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ ដែលបានសាងសង់ ឬវិនិយោគលើផលប័ត្រដ៏ធំនៃផ្ទះ អគារពាណិជ្ជកម្ម និងដីធ្លី។

មហាសេដ្ឋី/អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗនៅក្នុងប្រទេសកាណាដា

  1. Peter Gilgan

លោកជាស្ថាបនិកក្រុមហ៊ុន Mattamy Homes ដែលជាក្រុមហ៊ុនសាងសង់ផ្ទះស្នាក់នៅ ធំជាងគេរបស់ប្រទេសកាណាដា លោកត្រូវបានគេចាត់ទុកថា ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ដែលមានជាងគេបំផុត ដែលផ្តោតលើអចលនទ្រព្យនៅក្នុងប្រទេសកាណាដា ដែលមានទ្រព្យសម្បត្តិសុទ្ធរាប់ពាន់លានដុល្លារ ដែលភាគច្រើនមកពីការអភិវឌ្ឍលំនៅដ្ឋាន។

  1. គ្រួសារ Apostolopoulos (Steve, Peter & Jim)

ពួកគេជាម្ចាស់ពីក្រុមហ៊ុនControl Triple Group of Companies ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ពាណិជ្ជកម្ម និងកម្សាន្តដ៏សំខាន់មួយ ដែលមានភាគហ៊ុននៅទូទាំង Ontario និងលើសពីនេះ។

  1. Carlo Fidani

លោកជាប្រធានក្រុមហ៊ុន Orlando Corporation ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងគ្រប់គ្រងអចលនទ្រព្យឯកជនធំជាងគេមួយរបស់ប្រទេសកាណាដា។

  1. គ្រួសារ Lalji

ក្រុមគ្រួសារនេះ ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យយូរអង្វែង ដែលជាម្ចាស់អចលនទ្រព្យលំដាប់ខ្ពស់ និងមជ្ឈមណ្ឌលផ្សារទំនើបទូទាំងប្រទេសកាណាដា។

5. គ្រួសារAquilini

ពួកគេជាអ្នកអភិវឌ្ឍន៍ ដែលមានចំណាប់អារម្មណ៍ចម្រុះ រួមទាំងលំនៅដ្ឋាន សណ្ឋាគារ និងការគ្រប់គ្រងអចលនទ្រព្យ ជាពិសេសនៅ British Columbia៕

ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅម៉ាឡេសុីរំពឹងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍបានព្រមានថា គម្រោងអចលនទ្រព្យមួយចំនួននៅប្រទេសម៉ាឡេស៊ីអាចនឹងត្រូវបានពន្យារពេល ដោយសារការកើនឡើងនៃថ្លៃដើមសំណង់ បណ្តាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។

ការអូសបន្លាយនៃជម្លោះ​​នឹង​ជំរុញ​ឱ្យតម្លៃ​ថាមពល តម្លៃ​សម្ភារៈ​សំណង់ និង​ការចំណាយ​លើ​ការដឹកជញ្ជូនបន្ត​កើនឡើង ដែល​​នឹង​ជះផលប៉ះពាល់​ដល់​ពេលវេលា​នៃ​ការអភិវឌ្ឍគម្រោងអចលនទ្រព្យ និង​ប្រាក់ចំណេញ​របស់​អ្នកអភិវឌ្ឍ។

លោក Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍអចលនទ្រព្យ និងលំនៅឋាន (Rehda) បានអះអាងថា ទោះបីជាម៉ាឡេស៊ីស្ថិតនៅឆ្ងាយពីតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី ផលប៉ះពាល់នៅតែអាចកើតមាន តាមរយៈការកើនឡើងនៃតម្លៃថាមពល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ការកត់សម្គាល់នេះបានកើតឡើង ស្របពេលតម្លៃប្រេងឆៅបានហក់ឡើងលើស១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៣។

អ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយរំខានដល់ការដឹកជញ្ជូនអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីប្រេងរហូតដល់ជី ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

បណ្តាអ្នកអភិវឌ្ឍបានបង្ហាញការព្រួយបារម្ភជាពិសេសចំពោះតម្លៃសម្ភារៈសំណង់ ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលអាចបន្តកើនឡើង ប្រសិនបើខ្សែសង្វាក់ផ្គត់ផ្គង់សកលបន្តទទួលរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា៕ប្រភព: The Edge Malaysia៕