សម្តេចតេជោៈកម្ពុជាកំពុងផ្តោតលើផលិតកម្មកសិកម្ម ខណៈពិភពលោកប្រឈមកង្វះស្បៀងអាហារ

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន អាចបណ្តាលឱ្យពិភពលោកប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារ ខណៈប្រទេសកម្ពុជាកំពុងផ្តោតលើផលិតកម្មកសិកម្ម។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅទូទាំងប្រទេសនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានថ្លែងថា សង្គ្រាមរុស្សី អ៊ុយក្រែន បាននឹងកំពុងបង្កផលប៉ះពាល់លើការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ប្រជាជននៅក្នុងពិភពលោកទាំងមូល ខណៈពេលដែលប្រទេសកម្ពុជា កំពុងតែផ្តោតទៅលើផលិតកម្មនៃផលិតផលកសិកម្ម ដើម្បីត្រៀមនឹងផ្គត់ផ្តង់តម្រូវការ។

សម្តេចបានមានប្រសាសន៍ថា “បញ្ហាអន្តរជាតិ ដែលបង្កភាពស្មុគស្មាញមកដល់យើងកូវីដ១៩ម្យ៉ាង។ សង្គ្រាមរុស្ស៊ី អ៊ុយក្រែនកើតឡើង។ ផលប៉ះពាល់តម្លៃប្រេង នឹងអាចធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ។ អញ្ជឹង បានជាខ្ញុំផ្តោតឱ្យយកចិត្តទុកដាក់លើផលិតកម្មកសិកម្ម”។

សម្តេចបន្តថា នៅក្នុងឆ្នាំ២០២៣ខាងមុខ ពិភពលោកអាចនឹងមានបញ្ហាស្បៀងអាហារ ដោយសារតែប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនគឺជាប្រទេសផលិតស្រូវសាលីច្រើន ប៉ុន្តែដោយសារសង្គ្រាម ប្រទេសទាំងពីរមិនអាចផលិតបានទៀតទេ។

យ៉ាងណាក្តី ប្រទេសកម្ពុជានឹងមិនមានបញ្ហាអ្វីនោះទេ គ្រាន់តែទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃសង្គ្រាមនេះ ដោយសារតែនេះគឺជាបញ្ហាដែលពិភពលោកទាំងមូលកំពុងប្រឈម។

សម្តេចតេជោបានបន្ថែមថា “យើងនៅទីនេះ មិនមានបញ្ហាទេ ប៉ុន្តែឥទ្ធិពលរបស់វា អាចនឹងធ្លាក់មកដល់យើងដែរ។ រឿងនេះមិនមែនតែរឿងកម្ពុជាទេ វាជារឿងទូទៅលើពិភពលោក”៕

សណ្ឋាគារលំដាប់ពិភពលោកTRIBEនឹងបើកដំណើរការនៅទីក្រុងភ្នំពេញ នៅចុងខែឧសភានេះ

ដោយៈ សុផារី

ភ្នំពេញៈ សណ្ឋាគារលំដាប់ពិភពលោកដ៏ទំនើប TRIBE គ្រោងនឹងបើកដំណើរការបណ្តោះអាសន្ន សាខាដំបូងរបស់ខ្លួននៅទីក្រុងភ្នំពេញ នៅចុងខែឧសភា ឆ្នាំ២០២២នេះ។

សាខា TRIBE ភ្នំពេញនេះគឺជាសាខាដំបូងគេបង្អស់ នៅក្នុងទ្វីបអាស៊ី ដែលសព្វថ្ងៃនេះគ្រប់គ្រងដោយក្រុមហ៊ុនមេ TRIBE Bali Kuta Beach ប្រទេសឥណ្ឌូនេស៊ី។

ម៉ាកយីហោសណ្ឋាគារ TRIBE ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ផ្តោតទៅលើក្រុមអ្នកធ្វើដំណើរបរទេស ដោយផ្តល់នូវបទពិសោ​ធន៍ការស្នាក់នៅសណ្ឋាគារលំដាប់ខ្ពស់ ប៉ុន្តែមានតម្លៃសមរម្យ មានគ្រប់បរិក្ខារសំខាន់ៗ។

TRIBE ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Accor ដែលជាសណ្ឋាគារយក្សសញ្ជាតិបារាំង ដែលបាននិយាយថា ខ្លួនកំពុងចរចារ ដើម្បីអភិវឌ្ឍសណ្ឋាគារជាង៥០ជុំវិញពិភពលោក។

លោក Roxana Gheorghe នាយកគ្រប់គ្រងទូទៅសណ្ឋាគារ មានប្រសាសន៍ថា “បច្ចុប្បន្នយើងកំពុងពង្រីកទៅកាន់ទីក្រុងធំៗទាំងអស់នៅអាស៊ីអាគ្នេយ៍ ដូច្នេះការបើកសាខានៅភ្នំពេញ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង”។ លោកបន្តថា “យើងឃើញថាអតិថិជនរបស់យើងមានការគាំទ្រ ចំពោះម៉ាកយីហោខ្លាំង ដូច្នេះយើងចង់ឱ្យពួកគេអាចស្នាក់នៅក្នុងសណ្ឋាគារ TRIBE ភ្នំពេញ នៅពេលដែលពួកគេឆ្លងកាត់អាស៊ីអាគ្នេយ៍”។

លោក Posma Silitonga ប្រធានគ្រប់គ្រងសណ្ឋាគារ បានមានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា សណ្ឋាគារបានទទួលបានការគាំទ្រ និងការកក់យ៉ាងច្រើនពីសំណាក់អតិថិជន។

TRIBE សាខាភ្នំពេញប្រមូលផ្តុំនូវភោជនីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត កន្លែងហាត់ប្រាណ និងអាងហែលទឹកនៅខាងក្រៅ ដែលអាចមើលឃើញទេសភាពទន្លេមេគង្គ៣៦០ដឺក្រេ។ ជាពិសេស សណ្ឋាគារនេះក៏មាន “កន្លែងធ្វើការរួមគ្នា” បង្កើតឱកាស ទំនាក់ទំនង និងក្លាយជាសហគ្រិន៕

ការផ្គត់ផ្គង់អាផាតម៉ិនក្នុងទីផ្សារក្រុងហូជីមិញ ធ្លាក់ចុះក្នុងត្រីមាសទី១ ប៉ុន្តែតម្លៃបន្តហក់ឡើង

ដោយៈសុខុម

ហូជីមិញ: ការផ្គត់ផ្គង់អាផាតម៉ិន ក្នុងទីផ្សារអចលនទ្រព្យក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្លាក់ចុះក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០២ ខែឧសភា។

យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារអចលនទ្រព្យវៀតណាម Savills Việt Nam បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងទីផ្សារដ៏សំខាន់នេះ គឺមានចំនួន៤.០៥០យូនីត ដោយធ្លាក់ចុះ៤៨% សម្រាប់ត្រីមាសធៀបនឹងត្រីមាស និងធ្លាក់ចុះ១៨%សម្រាប់ឆ្នាំធៀបនឹងឆ្នាំ ហើយគ្មានគម្រោងថ្មីៗចាប់ផ្ដើមនោះទេ។

គម្រោងអាផាតម៉ិនចំនួន២០ នៅក្នុងទីក្រុងនេះ បានបញ្ឈប់ការលក់ជាបណ្ដោះអាសន្ន ដើម្បីធ្វើការកែសម្រួលតម្លៃសម្រាប់ត្រីមាសទី២។

ចំនួនប្រតិបត្តិការទិញ លក់មានចំនួន៣.០២០ប្រតិបត្តិការ ដែលបង្ហាញពីការធ្លាក់ចុះ៤៦% សម្រាប់ត្រីមាសធៀបនឹងត្រីមាស ប៉ុន្តែបានកើនឡើង៤៥%សម្រាប់ឆ្នាំធៀបនឹងឆ្នាំ។

អាផាតម៉ិននៅតាមតំបន់ជាយក្រុង បានគ្របដណ្ដប់លើប្រតិបត្តិការទិញលក់ស្ទើរតែទាំងអស់ ដែលភាគច្រើននៅក្នុងសង្កាត់លេខ៩ និងសង្កាត់លេខ១២។

អាផាតម៉ិនកម្រិត C គ្របដណ្ដប់៨០% នៃប្រតិបត្តិការទិញលក់ ចំណែកឯអាផាតម៉ិនកម្រិតBគ្របដណ្ដប់២៣%។

របាយការណ៍ដដែលបង្ហាញថា ការផ្គត់ផ្គង់អាផាតម៉ិនកម្រិត A និងកម្រិត Bនៅមានកម្រិត ហើយមានតម្លៃខ្ពស់ ហើយត្រូវប្រកួតប្រជែងជាមួយអាផាតម៉ិនកម្រិត C ដែលជាស្តង់ដារគុណភាពកំពុងប្រសើរឡើង។

តម្លៃនៅក្នុងទីផ្សារដ៏សំខាន់នេះ បានហក់ឡើង៦% ដោយគម្រោងខ្លះដែលចាប់ផ្តើមដំណាក់កាលថ្មី បានដំឡើងថ្លៃ១០%។ របាយការណ៍ដដែលបញ្ជាក់ថា តម្លៃអាផាតម៉ិនគ្រប់កម្រិតនឹងបន្តហក់ឡើង៕ Vietnam News៕

ស្វែងយល់ពីចំណុចសំខាន់ៗនៃ “ប័ណ្ណកម្មសិទ្ធិដីធ្លី”? ចំនួនបីប្រភេទនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ដីធ្លី ដែលគេតែងនិយមហៅថា “វិស័យអចលនទ្រព្យ” នោះ កំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស ប៉ុន្តែវាក៏មានហានិភ័យទាក់ទងនឹងប័ណ្ណកម្មសិទ្ឋផងដែរ។

វិស័យអចលនទ្រព្យ ឬដីធ្លីនៅប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់គ្រឹះមួយគឺ ច្បាប់ភូមិបាល ដែលប្រកាសអោយប្រើ និងចូលជាធរមាននៅឆ្នាំ ២០០១ និងបទបញ្ញត្តិមួយចំនួនទៀត ដែលចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ពីនិយមន័យការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធ ។ល។ ពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ ។

រាល់ការកាន់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវតែមានឯកសារកាន់កាប់ដីធ្លី ហើយឯកសារទាំងនោះ យើងបែងចែកជាពីរប្រភេទ៖ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង ។ ហើយនៅទីនេះ យើងនឹងនឹងលើកយកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹងប៉ុណ្ណោះ ។

ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវ ការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ០៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា ដូចជា ១) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ឬចុងសន្លឹក ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយា- ល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដី ចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។

ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។

ទី២ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះក៏ជាប្រភេទប័ណ្ណភោគៈដូចទីមួយខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លីស្របច្បាប់ ១០០% ឡើយ។

ប័ណ្ណនេះចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិនៃដីដែលបានកាន់កាប់នោះឡើយ ។

ដូច្នេះ ប្រភេទប័ណ្ណទី ១ និងទី ២ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាពផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករ ស្របច្បាប់នៃដី ដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជា កម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។

៣) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំងពីឆ្នាំ ២០០២ រហូតមកទល់បច្ចុប្បន្ន ។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយណា ដែលបានចុះបញ្ជីដីរបស់ខ្លួន ជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុងឆ្នាំ២០០២ មកម្លេះ ដោយមានជំនួយពីធនាគារពិភពលោក ។

នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ព្រម ដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតអោយបន្ថែមប្រព័ន្ធ QR កូដនៅលើសន្លឹកប័ណ្ណ ដើម្បីផ្តល់ភាពងាយស្រួល ដល់សាធារណៈជនអាចផ្ទៀងផ្ទាត់ ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។

វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ពេញលេញតាមផ្លូវច្បាប់ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ១០០% ។

ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថា ក្នុងចំណោមប្លង់រឹងទាំងបីនេះ គេចែកជា ០២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ១០០% (កម្មសិទ្ធិករនៃដីដែលបានកាន់កាប់ពេញលេញតាមផ្លូវច្បាប់)៕

គម្រោង Green Zone Residence ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណៈជន

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងលំនៅដ្ឋានដ៏ស្រស់ស្អាត និងមានទីតាំងនៅជាយរាជធានីភ្នំពេញ Green Zone Residence បានចាប់ដៃសហការរយៈពេលវែង ជាមួយគេហទំព័រ Propertyarea.asia ដែលជាគេហទំព័រព៌តមានឈានមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច។

ពិធីចុះហត្ថលេខាសហការនេះ បានធ្វើឡើងរវាងលោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាលគំរោង Green Zone Residence និងលោកយិន លាងគង់ជាសហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea កាលពីថ្ងៃទី១៣ មករាកន្លងមកនេះ។

លោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាលគំរោងលំនៅដ្ឋានលំហែរកាយបែបប្រណណីតខាងលើនេះ និងជាប្រធានសមាគមអ្នកអភិវឌ្ឈ​ន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ការអភិវ​ឌ្ឍលើវិស័យអចលនទ្រព្យទាមទារយើងមានដៃគូច្រើន ទាំងផ្នែកលក់ ផ្នែកទីផ្សារ និងផ្នែកសារព៌តមា​ន ដូចជា គេហទំព័រ Propertyarea.asia ដែលជាគេហទំព័រទទួលបានការទុកចិត្ត និងផ្សព្វផ្សាយព៌តមាន ប្រកបដោយមូល​ដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ លឿនរហ័ស និងប្រកបដោយទំនួលខុសត្រូវសង្គម។

លោកបន្តថា “លោកយិន លាងគង់ ដែលជាអគ្គនាយកគេហទំព័រនេះ មានបទពិសោធន៍យូរឆ្នាំ លើវិស័យព៌តមាន ពិសេសព៌តមានផ្នែកអចលនទ្រព្យ ហើយលលោកបានយល់ពីជម្រៅ នៃការផ្សព្វផ្សាយព៌តមាន និងគុណតម្លៃសម្រាប់់ពង្រីកទីផ្សាររបស់យើង”។”

លោកឧកញ៉ាម៉ន សុខាបានបន្តថា “ការរីកចម្រើននៅតំបន់ផ្លូវជាតិលេខ៥១ បាននិងកំពុងធ្វើឲ្យគំរោងនេះ ទទូលបានការចាប់អារម្មណ៍ច្រើន ដោយសារតម្លៃផ្ទះ មានចាប់ពីជាង២០,០០០ដុល្លារ ដល់ជាង៣០,០០០ដុល្លារ និងផ្តល់ការបញ្ចុះតម្លៃពិសេស សម្រាប់អតិថិជនទិញនៅពេលបើកលក់បែបហ្រ្វីសែល។

គំរោង Green Zone Residence មានទីតាំងស្ថិតនៅភូមិក្រាំង ទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹងប្រ​ហែ​ល៦គីឡូម៉ែត្រ។

លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានសម្តែងក្តីរីករាយ ដែលបានសហការផ្សព្វផ្សាយ​លក់គំរោងនេះ ដោយលោកបានមានប្រសាសន៍ថា កាលពីពេលថ្មីនេះលោកបានទៅកាន់គំរោងនេះ ដោយលោកសង្កេតឃើញថា គំរោងនេះសាងសង់ឡើងផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលសមស្របនឹងនិន្នាការរស់នៅបែបសម័យថ្មី និងសមស្របតាមបរិបទលក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជា។

លោកបន្តថា “និន្នាការវិនិយោគលំនៅដ្ឋាន លំហែរកាយបានកើនឡើង ដោយសារប្រជាពលរដ្ឋ មានការយល់ដឹងជាងមុន មានប្រាក់ចំណូលច្រើនជាងមុន ពិសេសពួកគាត់បានយល់ដឹង ពីការរស់នៅតាមបែបផែនជីវិតសម័យថ្មី”។ លោកបន្តថា “ដោយសារអាកាសធាតុកាន់់តែក្តៅ ហេតុនេះ ប្រជាជនកាន់តែ​ច្រើន ពិសេសស្ថាបត្យករនានា បានចាប់ផ្តើមគិតគូពីលំហខ្យល់ ពីបរិស្ថានបៃតង ដើម្បីផ្តល់ឲ្យអ្នករស់នៅ អាចផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ។

លោកយិន លាងគង់ បន្តថា គំរោងលំនៅដ្ឋានលំហែរកាយ Green Zone Residence បាននិងកំពុងដើរតាមបរិបទនេះ ដែលនៅក្នុងគំរោងនេះមានសួនទឹកកំសាន្ត មានសួនច្បារ ហាងកាហ្វេ និងសេវាកម្មកំសាន្តផ្សារភ្ជាប់ជាមួយធម្មជាតិជាច្រើនទៀត ដែលវានឹងផ្តល់ឲ្យអ្នករស់នៅអាចសំរាកលំហែរកាយចុងសប្តាហ៍ ជួបជុំមិត្តភ័ក្ត បងប្អូនអាំងសាច់ទទួលទាននិងលេងកំសាន្តបានយ៉ាងរីករាយទៀតផង៕

តើការអភិវឌ្ឍន៍ដីតម្រូវឲ្យអ្នកអភិវឌ្ឍត្រូវមានលិខិតអនុញ្ញាតជាមុនអ្វីខ្លះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ការអភិវឌ្ឍន៍ដីធ្លី ឬធ្វើអាជីវកម្មលើដីធ្លី ត្រូវមានលិខិតបទដ្ឋា​ននានាជាច្រើន ដែលវាអាស្រ័យលើទំហំ និងផែនការប្រើប្រាស់ដីនិមួយៗផងដែរ។

ប៉ុន្តែថ្ងៃនេះយើងលើកយកទិដ្ឋភាពជារួម ដែលអ្នកអភិវឌ្ឍន៍ដីធ្លីត្រូវគោរពតាមលិខិតបទដ្ឋានទាំងនេះ ដែលមានដូចជា ទី 1- ការប្ដូរប្រភេទនៃការ ប្រើប្រាស់ដី ដើម្បីគម្រោងសាងសង់។ ទី2- ការអភិវឌ្ឍដីដើម្បីគម្រោង កែសម្រួលក្បាលដី។ ទី3- ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងបែងចែកជាដីឡូត៍។ ទី4- ការអភិវឌ្ឍដីដើម្បីកែប្រែរចនាសម្ព័ន្ធដី។

ទី5- ការអភិវឌ្ឍដីដើម្បីគម្រោងអភិវឌ្ឍទីក្រុង។ ទី6- ការអភិវឌ្ឍដីដើម្បីរៀបចំ គម្រោងអភិវឌ្ឍន៍តំបន់លំនៅឋាន ឬបុរី និងអគារស្នាក់នៅ។

7- ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ តំបន់ពាណិជ្ជកម្ម និង/ឬសេវាកម្ម និងតំបន់ចម្រុះ។ ទី8- ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម សួនឧស្សាហកម្ម និងរោងចក្រ។ ទី9- ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

ទី10- ការអភិវឌ្ឍន៍ដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ ទី11- ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍។ ទី12- ការភិវឌ្ឍដីដើម្បីឲ្យរៀបចំគម្រោងអភិវឌ្ឍន៍នានា។

ការអភិវឌ្ឍដីក្នុងតំបន់កសិកម្ម សម្រាប់សាងសង់លំនៅដ្ឋានជាលក្ខណៈគ្រួសារ សាងសង់រោងចក្រ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច និងសាងសង់រោងសប្បកម្ម ឬរោងចក្រសម្រាប់គោលដៅកសិកម្ម មិនតម្រូវឱ្យមានលិខិតអនុញ្ញាតអភិវឌ្ឍដីទេ លើកលែងតែតំបន់ណា ដែលមានបទដ្ឋានគតិយុត្តកំណត់ដោយឡែក៕

តើកិច្ចសន្យាទិញលក់អចលនទ្រព្យ ដែលមានភាពត្រឹមត្រូវ និងសុពលភាពផ្លូវច្បាប់ត្រូវមានអ្វីខ្លះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ របៀបរៀបចំកិច្ចសន្យាលក់-ទិញអចលនវត្ថុឲ្យបានត្រឹមត្រូវកិច្ចសន្យាជាការព្រមព្រៀងរវាងគូភាគី ដើម្បីផ្តល់ឲ្យ និងទទួលយកនូវកម្មវត្ថុអ្វីមួយ ពិសេសលើវិស័យអចលនទ្រព្យពិតជាមានសារៈសំខាន់ណាស់។

តើកិច្ចសន្យាទិញលក់មានភាពត្រឹមត្រូវ និងមានសង្គតភាព ឬសុពលភាពផ្លូវច្បាប់មានអ្វីខ្លះ?

ជាទូទៅកិច្ចសន្យាលក់ ទិញអចលនវត្ថុមានច្រើនបែប ច្រើនទម្រង់ មានវែង មានខ្លី មានលក្ខខណ្ឌចងកាតព្វកិច្ចច្រើនឬតិច អាស្រ័យទៅតាមការព្រមព្រៀងរបស់គូភាគី ឬអាស្រ័យទៅលើអ្នកតាក់តែងកិច្ចសន្យានោះផងដែរ។​

កិច្ចសន្យាលក់-ទិញអចលនវត្ថុខ្លះ គេនិយមសរសេរខ្លីៗ ហើយអ្នកខ្លះទៀត ក៏និយមសរសេរវែងអន្លាយ ទៅតាមខ្លឹមសារដែលបានចចារ និងព្រមព្រៀងគ្នារវាងគូភាគី និងមេធាវី ។

ខាងក្រោមនេះជាគម្រូ ឬទំរង់នៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ (ដី និងផ្ទះ) មួយប្រភេទ ដែលអ្នកច្បាប់ ឬមេធាវីចូលចិត្ត ឬនិយមប្រើ។

១) បាវនាជាតិ
“ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ” ចំណុចនេះ តាមការនិយមចូលចិត្តរបស់អ្នកតាក់តែងកិច្ចសន្យា គេអាចដាក់ក៏បាន មិនដាក់ក៏បាន ប៉ុន្តែភាគច្រើនគឺគេដាក់ ដើម្បីលើកតម្កើងពី បាវនាជាតិ របស់ប្រទេសកម្ពុជា។​

២) ចំណងជើងនៃកិច្ចសន្យា​
អ្នកត្រូវតែដាក់ ហើយដាក់ឲ្យសមទៅនឹងកម្មវត្ថុ នៃកិច្ចសន្យា ដែលមានចែងក្នុងប្រការ១។ សម្រាប់កិច្ចសន្យាលក់ទិញអចលនវត្ថុនេះ គេអាចដាក់ឲ្យចំទៅតាមកម្មវត្ថុតែម្តងក៏បាន ឧទាហរណ៍ថា បើកិច្ចសន្យាលក់-ទិញនោះ សំដៅទៅលើការលក់ និងទិញ ផ្ទះល្វែង គេអាចដាក់ចំណងជើងឲ្យចំថា “កិច្ចសន្យាលក់-ទិញផ្ទះល្វែង ឬកិច្ចសន្យាលក់-ទិញអចលនវត្ថុ ឬកិច្ចសន្យាលក់-ទិញដី និងផ្ទះក៏បាន”។

៣) ទីកន្លែង និងកាលបរិច្ឆេទនៃកិច្ចសន្យា
សម្រាប់អ្នកច្បាប់ ឬមេធាវី គេចូលចិត្តសរសេរកិច្ចសន្យា ដែលមានកំណត់ និងបញ្ជាក់ពីទីកន្លែងចុះកិច្ចសន្យា និងកាលបរិច្ឆេទនៃកិច្ចសន្យា នៅផ្នែកខាងលើបន្ទាប់ពីចំណងជើងនៃកិច្ចសន្យា។

ឧទាហរណ៍ កិច្ចសន្យានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែ០១ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា លោកអ្នកក៏អាចសរសេរទីកន្លែង និងកាលបរិច្ឆេទនៅផ្នែកខាងក្រោម បន្ទាប់ពីផ្នែកនៃសក្ខីកម្មនៃកិច្ចសន្យា។

៤) ព័ត៌មានរបស់គូភាគី នៃកិច្ចសន្យា
ចំនុចនេះក៏សំខាន់ណាស់ដែរ ដែលអ្នកត្រូវតែដាក់ព័ត៌មានរបស់គូភាគីនៃកិច្ចសន្យាជាព័ត៌មានបឋម ដែលក្នុងកិច្ចសន្យានីមួយៗ មិនអាចខ្វះបាន​។ នៅចំនុចព័ត៌មានរបស់គូភាគីនេះ អ្នកត្រូវចងចាំថា គូភាគី អាចជារវាងវន្តបុគ្គល និងរូបវន្តបុគ្គល ឬរូបវន្តបុគ្គល និងនីតិបុគ្គល ឬនីតិបុគ្គល និងនីតិបុគ្គល ។

ក្នុងករណីកិច្ចសន្យា ត្រូវបានរៀបចំឡើងរវាងរូបវន្តបុគ្គល និងរូបវន្តបុគ្គល នោះកិច្ចសន្យា ត្រូវសរសេរ ព័ត៌មានរបស់គូភាគី ដោយចាប់ផ្តើមពី ឈ្មោះ ភេទ អាយុ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខ និងកាលបរិច្ឆេទរបស់វា អាសយដ្ឋាន ឬ ទីលំនៅអចិន្ត្រៃយ៍របស់គូភាគី។ ក្នុងករណីកិច្ចសន្យាត្រូវបានធ្វើឡើង ដោយមានភាគីណាមួយ ជានីតិបុគ្គល អ្នកត្រូវចាប់ផ្តើមដោយឈ្មោះរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីស្របច្បាប់ លេខចុះបញ្ជី កាលបរិច្ឆេទចុះបញ្ជី ការិយាល័យចុះបញ្ជីក្រុមហ៊ុន ឈ្មោះ និងតួនាទីរបស់អ្នកតំណាងរបស់ក្រុមហ៊ុន។

៥) កម្មវត្ថុនៃកិច្ចសន្យា ឬគោលបំណងនៃកិច្ចសន្យា
ត្រង់ចំណុចកម្មវត្ថុនេះ គេអាចប្រើពាក្យថា “ការលក់ទិញអចលនវត្ថុ” ក៏បាន គេអាចប្រើពាក្យ “គោលបំណងនៃកិច្ចសន្យា” ក៏បាន ឬប្រើពាក្យ “កម្មវត្ថុនៃកិច្ចសន្យា” ក៏បាន តាមការនិយម ។

នៅក្នុងចំណុចឬប្រការនេះ គេត្រូវសរសេរអំពីគោលបំណងរបស់អ្នកលក់ និងអ្នកទិញឲ្យបានច្បាស់ ថាតើគាត់ចង់លក់ និងទិញអ្វី? បើកម្មវត្ថុនោះជា “ផ្ទះល្វែង” គេត្រូវសរសេរឲ្យច្បាស់ថា “ដី និងផ្ទះល្វែង មួយកន្លែង/ល្វែង លេខ…ផ្លូវ…ភូមិ…………ឃុំ/សង្កាត់ …………… ស្រុក/ខណ្ឌ………………………ខេត្ត/ក្រុង………………… ។

៦) តម្លៃលក់-ទិញ និងលក្ខខណ្ឌនៃការទូទាត់
តម្លៃលក់-ទិញអចលនវត្ថុ និងលក្ខខណ្ឌទូទាត់ប្រាក់ថ្លៃលក់-ទិញអចលនវត្ថុ គឺជាលក្ខខណ្ឌដែលជាទូទៅ ត្រូវបានចែងយ៉ាងច្បាស់អាស្រ័យទៅតាមការចរចា និងការព្រមព្រៀងរវាងគូភាគីនៃកិច្ចសន្យា។ តម្លៃលក់-ទិញអចលនវត្ថុ និងលក្ខខណ្ឌទូទាត់ប្រាក់ ជាទូទៅត្រូវបានសរសេរឡើងក្នុងប្រការ ២ នៃកិច្ចសន្យា បន្ទាប់ពី កម្មវត្ថុនៃកិច្ចសន្យា ហើយការទូទាត់ប្រាក់ថ្លៃ លក់-ទិញអចលនវត្ថុ ជាទូទៅមាន ៣ ទៅ ៤ ដំណាក់កាល អាស្រ័យទៅតាមព្រមព្រៀង និងការចចាររវាងគូភាគី ។

៧) ការចុះបញ្ជី ការផ្ទេរសិទ្ធិ ការចំណាយ និងការបង់ពន្ធផ្សេងៗ
ក្នុងប្រការនេះ ត្រូវចែងអំពីអ្នកទទួលខុសត្រូវ ក្នុងការរត់ការផ្ទេរសិទ្ធិអចលនវត្ថុ ពីអ្នកលក់ទៅអ្នកទិញ ហើយត្រូវចែងឲ្យច្បាស់ ពីការផ្ទេរសិទ្ធិនោះ តើពីប្លង់ទន់ ទៅប្លង់ទន់? ឬពីប្លង់ទន់ ទៅប្លង់រឹង? ឬពីប្លង់រឹង ទៅប្លង់រឹង? ជាដើម ភាគីណាជាអ្នករត់ការកាត់ឈ្មោះផ្ទេរសិទ្ធិនោះ? ភាគីណាទទួលខុសត្រូវលើការចំណាយ និងការបង់ពន្ធប្រថាប់ត្រា ឬពន្ធផ្ទេរសិទ្ធិ៤% ជាដើម ហើយត្រូវប្រើរយៈពេលរត់ការប៉ុន្មានថ្ងៃ ប៉ុន្មានខែ លក្ខខណ្ឌពិន័យ និងការអនុគ្រោះផ្សេងៗ ក្នុងករណីការចុះបញ្ជី ឬការផ្ទេរសិទ្ធិមិនបានជោគជ័យ ឬមានបញ្ហាអាកខាន ជាដើម។

៨) ការធានា កាតព្វកិច្ច និងការទទួលខុសត្រូវរបស់គូភាគី
នេះជាប្រការមួយដែលត្រូវតែដាក់ និងចែងឲ្យច្បាស់ពីការធានា និងការទទួលខុសត្រូវ របស់ភាគីនីមួយៗនៅក្នុងកិច្ចសន្យា ជៀសវាងមានជំលោះ ឬការមិនគោរព ឬអនុលោមតាមខ្លឹមសារ នៃកិច្ចសន្យារបស់ភាគីណាមួយ ។ ក្នុងប្រការមានរបៀបសរសេរពីរយ៉ាង គឺគេអាចរួមបញ្ចូល ការធានា និងការទទួលខុសត្រូវរបស់គូភាគី ក្នុងប្រការតែមួយ ប៉ុន្តែបែងចែកជាផ្នែករបស់អ្នកលក់ និងអ្នកទិញឬបំបែកជា ពីរប្រការផ្សេងគ្នា ដោយដាក់ការធានា និងការទទួលខុសត្រូវ របស់អ្នកលក់ដាច់មួយប្រការតែឯង ហើយអ្នកទិញដាច់តែមួយប្រការម្នាក់ឯង៕

ក្រុមហ៊ុនចិនចាប់ផ្តើមចាប់អារម្មណ៍ក្រុងបាវិតកាន់តែខ្លាំង ខណៈផ្លូវល្បឿនលឿនកំពុងសិក្សាបន្ថែម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនចិនធំមួយ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងត្រៀមខ្លួនចូល ទៅវិនិយោគលើតំបន់ឧស្សាហកម្មនៅក្រុងបាវិត ក្នុងខេត្តស្វាយរៀង។

ថ្នាក់ដឹកនាំដដែលបានបង្ហើបថា រដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្ត និងពង្រីកសក្តានុពល តំបន់ឧស្សាហកម្មនៅក្រុងបាវិត កាន់តែធំដោយសារទីក្រុងនេះ ស្ថិតនៅព្រំប្រទល់ប្រទេសវៀតណាម ងាយស្រួលដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ និងតភ្ជាប់ជាមួយបណ្តាញផ្លូវអាស៊ានហាយវេ ដែលស្ថិតនៅច្រករបៀងភាគខាងត្បូងអាស៊ាន។
រដ្ឋាភិបាលបានដាក់ក្រុងចំនូនបី ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ​២០១៥ ២០២៥ រួមមានទីក្រុងបាវិត ទីក្រុងប៉ោយប៉ែត និងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយចំនួន១៨០លានដុល្លារអាមេរិក ដើម្បីលើកស្ទួយសុខមាលភាពសង្គម និងបរិស្ថានក្នុងក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងបាត់ដំបង ដើម្បីសម្រួលដល់ភស្តុភារកម្ម ប្រព័ន្ឋចម្រោះទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។

ថ្នាក់ដឹកនាំាំក្រុមហ៊ុនចិនដដែលបានឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានសិក្សាបញ្ចប់ហើយ ដោយគ្រោយចំណាយទុនវិនិយោគ២០០០លានដុល្លារអាមេរិក។ បច្ចុប្បន្នគំរោងនេះ បានដាក់ទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិភាក្សានិងផែនការរៀបចំឥណទាន ហិរញប្បទាននាពេលខាងមុខ។

ក្រុងបាវិតខេត្តស្វាយរៀង ស្ថិតនៅចំណចកណ្តាលរវាងទីក្រុងធំចំនួនពីរ គឺទីក្រុងភ្នំពេញ និងក្រុងហូ ជីម៉ិញ ប្រទេសវៀតណាម ដែលជាខ្សែប ណ្តាញនៃលំហូរពាណិជ្ជកម្ម ការរដឹកជញ្ជូន និងទេសចរណ៍ផងដែរ។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីករាលដាលមេរោគកូវីដ១៩ រយៈពេល២ឆ្នាំមកនេះ បានធ្វើឲ្យទីក្រុងបាវិត ក៏ដូចជាទីក្រុងប៉ោយប៉ែត បានរងភាពស្លោកស្រ​ពោនលើសកម្មភាពសេដ្ឋកិច្ច និងអចលនទ្រព្យ ប៉ុន្តែសម្រាប់ក្រុងបាវិតនឹងមានសន្ទុះ នៃការទិញ លក់អចលនទ្រព្យ នឹងមានសកម្មភាពបណ្តើរៗឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា “សកម្មភាពទិញលក់អចលនទ្រព្យ ក្នុងទីក្រុងនេះនឹងអាចចាប់ផ្តើមកំរើកសកម្មឡើងវិញ នៅអំឡុងត្រីមាសទី២ឆ្នាំនេះ ស្របពេលការប្រកាសពីគំរោងផ្លូវល្បឿនលឿន ជាផ្លូវការរបស់រដ្ឋាភិបាល អាចនឹងធ្វើឡើងនៅពេលផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដាក់ឲ្យប្រើប្រាស់ដោយ​សម្តេចតេជោឆ្នាំនេះ”។លោកបន្តថា “ជាទីក្រុងមួយស្ថិតក្នុងផែនការផ្លួវសូត្ររបស់ចិន ទីក្រុងបាវិតនឹងក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្ម មជ្ឈមណ្ឌ​លពាណិជ្ជកម្ម និងល្បែងកំសាន្តដ៏មានសក្តានុពលនាពេលអនាគត”៕

តើលក្ខន្តិកៈរបស់ក្រុមហ៊ុនមានសារៈសំខាន់ដូចម្តេច?

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ ក្រុមហ៊ុន​បានទទួល​នីតិ​បុគ្គលិកលក្ខណៈ ពោលគឺសមត្ថភាព ទទួល​សិទ្ធិ និង​កាតព្វកិច្ច ដូច​រូបវន្តបុគ្គល​ដែរ ចាប់ពី​កាលបរិច្ឆេទ ដែល​បាន​ចុះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ខុសពី​រូបវន្តបុគ្គល ដែលមាន​សមត្ថភាព​ធ្វើ​សកម្ម​ភាព​ដោយ​ខ្លួនឯងបាន។

ក្រុមហ៊ុន មិន​អាចធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​បានឡើយ គឺ​ត្រូវការ​ភ្នាក់ងារ​ឬ​អ្នកតំណាង ដែលជា​រូបវន្តបុគ្គល ដើម្បី​បំពេញ​សកម្មភាព​ទាំងអស់​របស់​ក្រុមហ៊ុន។

ដូច្នេះ​ក្រុមហ៊ុន​មាន​ភាពចាំបាច់ ដែល​ត្រូវ​មានច្បាប់ (លក្ខន្តិកៈ) ដែលជា​មាត្រដ្ឋាន ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន ម្ចាស់​ភាគហ៊ុន អភិបាល មន្ត្រី និង​បុគ្គលិក​របស់​ក្រុមហ៊ុន និង​ដើម្បី​ការពារ​សិទ្ធិ និង​ប្រយោជន៍​របស់​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ។

ឧទាហរណ៍ មាត្រា១០៣នៃ​ច្បាប់​ដដែល​បាន​ចែងថា ក្រុមហ៊ុនមិនត្រូវ​ប្រកប​ពាណិជ្ជកម្ម​ណាមួយ ឬ​អនុវត្ត​សិទ្ធិ​ណាមួយ ដែល​លក្ខន្តិកៈ​របស់ខ្លួន​បាន​ហាមឃាត់ ឬមិនត្រូវ​អនុវត្ត​សិទ្ធិ​ណាមួយ ដែល​ផ្ទុយ​ពី​លក្ខ​ខ​ន្តិ​កៈ​របស់ខ្លួន​ឡើយ។

ក្នុង​គោលដៅ​នៃ​ការពារ​បុគ្គល​ពាក់ព័ន្ធ មាត្រា១០៤បាន​កំណត់ថា ប្រកា​រ​ដែល​ក្រុមហ៊ុន បាន​ប្រព្រឹត្ត​រំលោភ​លើ​លក្ខន្តិកៈ​របស់ខ្លួន មិន​នាំ​ឲ្យ​មាន​មោឃភាព​ដល់​ការប្រព្រឹត្ត​នោះឡើយ។

ហេតុដូចនេះ បើទោះបីជា​សកម្មភាពរ​បស់​ក្រុមហ៊ុន (ដូចជា​ការផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ការផ្ទេរ​ទ្រព្យសម្បត្តិ​ពី​ក្រុមហ៊ុន) ផ្ទុយទៅនឹង​លក្ខន្តិកៈ​ក៏ដោយ ក៏​សម្មភាព​នេះ​មាន​សុពលភាព​ដែរ៕

ផ្លូវជាតិសំខាន់ៗចំនួន២ខ្សែ កំពុងចូលរួមលើកស្ទួយខេត្តកំពតមួយកម្រិតទៀត

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន២ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះ ទៅខេត្តកំពត នឹងជំរុញឱ្យខេត្តមាត់សមុទ្រមួយនេះ កាន់តែមានសក្ដានុពលទាក់ទាញបន្ថែមទៀត ទៅលើការអភិវឌ្ឍអចលនទ្រព្យ និងស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើសយកតំបន់សមុទ្រជាគោលដៅអភិវឌ្ឍន៍។

គម្រោងផ្លូវ២ខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពតនោះទី១ ផ្លូវជាតិលេខ៤៣ ដែលភ្ជាប់ពីចំណុចត្រែងត្រយឹង ទៅកាន់ផ្លូវជាតិលេខ៣ជិតទីរួមខេត្តកំពត និងផ្លូវមួយខ្សែទៀតកំពតសាងសង់ចេញពីវាលស្រែ៥០០ នៃទីក្រុងបូកគោថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខPK 158-200 និងភ្ជាប់ទៅកំពូលភ្នំនៃតំបន់ពេជ្រនិល។

លោកកែវ សុជាតិ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា វាជាសញ្ញាល្អខ្លាំងណាស់ ដែលខេត្តកំពតនឹងទទួលបានគម្រោងផ្លូវ២ខ្សែ នៅពេលខាងមុខនេះ ហើយវានឹងទាក់ទាញវិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសគម្រោងដែលគាំទ្រដល់វិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ តម្លៃដីធ្លីនៅក្នុងខេត្តនេះ នឹងកាន់តែងើបឡើងបន្ថែមទៀតផងដែរ ។

លោកបន្តថា “នៅពេលមានផ្លូវស្រួលធ្វើដំណើរ ទេសចរជាតិនិងអន្តរជាតិ កាន់តែច្រើនចូលមកលេងកំពត ហើយនៅពេលមានទេសចរកាន់តែច្រើន តម្រូវការសេវាកម្មបម្រើដល់ភ្ញៀវទេសចរ ក៏កាន់តែច្រើនឡើងផងដែរ”។

លោកបន្តថា “ដូច្នេះការវិនិយោគសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់និងសេវាកម្មផ្សេងទៀតនៅក្នុងខេត្តនេះ នឹងកាន់តែមានសន្ទុះងើបឡើងបន្ថែមទៀតផងដែរ”។

លោកសុជាតិបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ខេត្តកំពតរំពឹងទទួលបានការវិនិយោគបន្ថែម លើគម្រោងអភិវឌ្ឍន៍រីសត ផ្ទះលំហែរ ដែលធ្វើឱ្យតម្រូវការដីធ្លី សម្រាប់អភិវឌ្ឍន៍លើគម្រោងទាំងនេះ នឹងកាន់តែមានកំណើនឡើងផងដែរ ។ តែយ៉ាងណាក្ដី មេរោគកូវីដ១៩ប្រភេទ អូមីក្រុងក៏ជាបញ្ហាមួយ ដែលរារាំងដល់វិនិយោគិនបរទេស ចូលមកកម្ពុជាក្នុងឆ្នាំ ២០២២​នេះផងដែរ​។

អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលដែលបាន និងកំពុងវិនិយោគសាងសង់ផ្លូវ ចេញពីកំពូលភ្នំបូកគោ តំបន់វាលស្រែ៥០០ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ​ការត្រួសត្រាយសាងសង់ផ្លូវនេះ សម្រេចបានប្រមាណ២០គីឡូម៉ែត្រហើយ ។វាជាផ្លូវថ្មីសុទ្ឋសាធ ដែលក្រុមវិស្វកម្មបានធ្វើការបំបែកផ្ទាំងថ្មធំៗ ដើម្បីសាងសង់ផ្លូវនេះ។

អ្នកឧកញ៉ាបន្តថា “ផ្លូវនេះនឹងសាងសង់ទំហំ២គន្លងទៅ ពីរគន្លងមក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ”។ អ្នកឧកញ៉ាបន្តថា “ល្បឿននៃការសាងសង់ផ្លូវនេះ បញ្ចប់នាពេលណា វាអាស្រ័យលើទំហំថវិកាដែលយើងមាន ប៉ុន្តែខ្ញុំស្នើសុំការគាំទ្រពីរដ្ឋាភិបាលបន្តទៀត ដើម្បីអភិវឌ្ឍន៍ទីក្រុងបូកគោបានលឿនរហ័ស”៕