និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចំាចេញអាជ្ញាប័ណ្ណជូនហ៊ុនអភិវឌ្ឍន៍លំនៅឋានជាង៤០០គម្រោង

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២នេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានចេញអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចំនួន៤២៣គម្រោង ។ នេះបើតាមលោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៧ មេសាម្សិលម៉ិញនេះថា ក្នុងចំណោមគម្រោងទាំង៤២៣គម្រោង ដែលនិយ័តករបានចេញអាជ្ញាបណ្ណធ្វើអាជីវកម្ម មានក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះល្វែងចំនួន២១គម្រោង បុរីមានចំនួនជាង២០០គម្រោង អគារសហកម្មសិទ្ធិមានចំនួន ជាង១៥០គម្រោង ផ្សារមានចំនួន២គម្រោង គម្រោងចម្រុះមាន២៤គម្រោង និងគម្រោងដីឡូត៏មានចំនួន២គម្រោង ។

លោកបន្តថា ក្នុងនាមជានិយ័តករអាជីវកម្មអចលនវត្ថុ និងទ្រព្យបញ្ចាំបានខិតខំរៀបចំតាក់តែងបទបញ្ញត្តិនានា ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពស្របទៅតាមការវិត្តន៍ និងសភាពការណ៍ជាក់ស្ដែង នៅក្នុងវិស័យអចល​នទ្រព្យនេះ”។ លោកបន្តថា “ទាំងនេះគឺជាកិច្ចការអាទិភាពមួយ និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអចលនវត្ថុ ដើម្បីតម្រង់ទិសប្រតិបត្តិករអចលនវត្ថុកម្ពុជាឱ្យកាន់តែប្រសើរ មានគុណភាព និងទទួលបាននូវសេចក្ដីថ្លៃថ្នូរ ដើម្បីឈានទៅដល់ការជឿទុកចិត្តពីអតិថិជន”។

លោកជូ វណ្ណៈបានបន្ថែមថា ក្នុងរយៈ២ទសវត្សរ៍កន្លងទៅនេះ កម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងកម្រិត៧ភាគរយ ក្នុងមួយឆ្នាំ និងធ្វើឱ្យប្រទេសកម្ពុជាផ្លាស់ប្តូរ ពីប្រទេសមានចំណូលទាបទៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ។

ជាមួយគ្នានេះ លោកលី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងផងដែរថា កំណើនប្រជាជននៅរាជធានីភ្នំពេញនិងទីប្រុជុំជននានា នឹងបន្តមានកំណើនឡើងជាបន្តបន្ទាប់ នៅពេលអនាគតខាងមុខ ដែលធ្វើឱ្យមានតម្រូវការលំនៅឋានដូចគ្នានោះដែរ និងទាមទារឱ្យមានការវិនិយោគ សម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ។

ចំណែកលោកគាម សៀកឡុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បានឡើងលើកផងដែរថា ការអភិវឌ្ឍលំនៅឋាន នៅក្នុងរាជធានីភ្នំពេញពេលនេះ មិនប្រា​កដថាបំពេញតម្រូវការនៅពេលនេះទេ តែអាចជាការបំពេញតម្រូវការនៅពេលអនាគត ដូច្នេះហើយទើបក្នុងវិបត្តិយ៉ាងនេះក្ដី ក៏អ្នកអភិវឌ្ឍន៍លំនៅឋាននៅតែបន្តសកម្មភាពរបស់ខ្លួនដោយរលូន៕

ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ទាំងអស់បានបង្ហាញវត្តមាននៅសណ្ឋាគារសូហ្វីតែល

      ដោយៈ សហការី

ភ្នំពេញៈ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ប្រចាំឆ្នាំ2022(CREA)ដ៏ធំបំផុតវបានប្រារព្ធឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដោយពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោកលី រស្មីអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

CREA គឺជាពានរង្វាន់អចលនទ្រព្យ ដ៏​មានកិត្យានុភាព​បំផុត​របស់​ព្រះរាជាណាចក្រ ដែលប្រារព្ធឡើងដើម្បីទទួលស្គាល់ ភាពជោគជ័យរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍​ល្អបំផុត ​ក្នុងវិស័យ​អចលនទ្រព្យរបស់ប្រទេសកម្ពុជា ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយRealestate.com.kh ដែលធ្វើការសហការជាមួយ និយ័តករអាជីវកម្ម​អចលនវត្ថុ និងបញ្ចាំកម្ពុជា រួមជាមួនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។

ភ្ញៀវកិត្តិយសជាង500 នាក់មកពីវិស័យអចលនទ្រព្យ ក៏ដូចជាដៃគូសហការនានា​នឹងអញ្ជើញ ដើរលើកម្រាលព្រំ​ក្រហម​​ឆ្ពោះទៅសាលធំ នៃសណ្ឋា គារសូហ្វីតែល ដែលជាកន្លែងត្រូវប្រារព្ធពិធីជប់លៀង អាហារពេលល្ងាច និងការ​ប្រកាស​ជាផ្លូវការ អំពីអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2022 ។

ខណៈកំពុងទទួលទានអាហារពេលល្ងាច និងការកម្សាន្តចំនួនបីពេលយប់ ភ្ញៀវកិត្តិយសទាំងអស់ដែល​បាន​ចូល​រួម​ជា​សាក្សី និងអបអរសាទរ ខណៈដែលអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា ដែលបានបង្ហាញ និងទទួល​ស្គាល់​ចំពោះ​ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងវិស័យអចលនទ្រព្យកម្ពុជា ។

អ្នកឈ្នះរង្វាន់ជាង 30 នាក់មកពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារឈានមុខគេ ក្នុងប្រទេសកម្ពុជា​នឹងត្រូវបាន​បង្ហាញ ហើយត្រូវបានផ្តល់រង្វាន់ជានិមិត្តរូបត្រា CREA ដ៏មានកិត្យានុភាព និងពានរង្វាន់មាស ដើម្បី​បញ្ជាក់​ពីភាព​ជោគជ័យរបស់ក្រុមហ៊ុន និងភ្នាក់ងារដែលបានខិតខំនាពេលកន្លងមក ។

Urban Hub និង​ការ​អភិវឌ្ឍ​ Urban Village ដំណាក់​កាល​ទី 2 ត្រូវ​បាន​ផ្តល់​រង្វាន់ជា​អ្នក​អភិវឌ្ឍន៍ និង​ការ​អភិវឌ្ឍ​ប្រចាំ​ឆ្នាំ​រៀង​ខ្លួន ។ TK Central, Borey Maha Boeng Trea, Wealth Mansion, Picasso City Garden, MSQM, Prince Huan Yu ក៏ជាអ្នកឈ្នះរង្វាន់ធំ នៅក្នុងផ្នែកអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ផងដែរ ។

ខណៈដែលអ្នកឈ្នះដ៏ធំបំផុត ក្នុងពេលរាត្រីរួមមាន Golden Century Cambodia ទទួលបានពានរង្វាន់ចំនួន 5 នៅ​ទូទាំងគម្រោងដែលរួមមាន Landed Property Developer of Year for Borey Nadi ក៏ដូចជាអចលន​ទ្រព្យ​ ដែល​មាន​អ្នកមើលច្រើនបំផុតសម្រាប់ GC Oressey ។

អ្នកឈ្នះដ៏សំខាន់ផ្សេងទៀតដែលមានរង្វាន់ចំនួន4 រួមមានក្រុមហ៊ុន Morgan Group ដោយទទួលបានរង្វាន់ជា​ច្រើន​តំណាង​ឱ្យគម្រោងទាំងអស់ រួមទាំង Morgan Tower និង Morgan EnMaison ដែលទើបនឹងបញ្ចប់ថ្មីៗនេះ។

IPS Cambodia, CBRE, Knight Frank និង Century 21 Advanced Proeprty បានក្លាយជាម្ចាស់ពានរង្វាន់​ ទីភ្នាក់​ងារ​ឆ្នើមប្រចាំ​ឆ្នាំ (Agency of the year) ខណៈដែល Pointer Property ត្រូវបានផ្តល់រង្វាន់ជាជម្រើសនិយោជក (Employer of Choice) ។

C-Hearld បានក្លាយជាម្ចាស់ពានរង្វាន់ The Peoples Choice Award សម្រាប់ឆ្នាំ 2022 ក៏ដូចជាក្រុមហ៊ុន​​គ្រប់គ្រង​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំផងដែរ ។

ក្នុងនោះផងដែរក៏មានសិក្ខាកាមពីររូប ចូលក្នុងកម្មវិធីពានរង្វាន់អច​លនទ្រព្យកម្ពុជា – Hall of Fame 2022 ។ សាជីវកម្ម​វិនិយោគកម្ពុជានៅបរទេស (OCIC) ត្រូវបានបញ្ចូលជាអ្នកអភិវឌ្ឍន៍ សម្រាប់រយៈពេល20ឆ្នាំ បូករួម​ឆ្នាំនៃ​ការរួមចំណែកដល់ វិស័យអចលនទ្រព្យកម្ពុជា និងប្រទេសទាំងមូល ។ ខណៈ​លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល និងជានាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Cambodia Properties Limited (CPL) គឺជា​បុគ្គល​ដំបូង​គេ​ដែល​បាន​ចូល​ក្នុង​ Hall of Fame សម្រាប់​រយៈពេល20ឆ្នាំ​របស់​លោក​បូក​រួម​ទាំង​សេវាកម្ម​ដល់​វិស័យ​អចលនទ្រព្យ ។

លោក Thomas O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានថ្លែងថា “ខ្ញុំអាចប្រាប់អ្នកថា យើងមាន​បេក្ខភាព​ជាង100ក្នុងឆ្នាំនេះ ជាមួយនឹងជាង50បេក្ខភាព ដែលធ្វើឱ្យ​ពានរង្វាន់​អចលនទ្រព្យ​នេះ ក្លាយ​ជាព្រឹត្តិ​ការណ៍​ដែលទទួលបានជោគជ័យបំផុតរបស់ខ្លួន”។ លោកបន្តថា​ “សូមអរគុណអ្នកគ្រប់គ្នាដែលបានចំណាយពេលវេលា ​ដើម្បី​បញ្ចូលវីដេអូ និងរៀបចំសំណុំបែបបទដែលពាក់ព័ន្ធទាំងអស់”។

បញ្ជីឈ្មោះបេក្ខភាពដែលទទួលបានពានរង្វាន់

Agency winners

CREA Hall of Fame 2022 – Lok Oknha Cheng Kheng, Cambodia Properties Limited (CPL)
Real Estate Agency of the Year (Enterprise) – CBRE Cambodia
Real Estate Agency of the Year (Enterprise) – Century 21 Advanced Property
Real Estate Agency of the Year (Corporate) – Knight Frank Cambodia
Regional Agency of the Year – IPS Cambodia
Property Management Firm of the Year – C-Herald Property Service
Property Management Firm of the Year – Pointer Property
Research & Valuation firm of the Year – Knight Frank Cambodia
International Agency of the Year – IQI Cambodia
International Agency of the Year – Century 21 Fortuna Investment

Agency – Employer of Choice – Pointer Property
Agency of Choice – Century 21 Advanced Property
Agency of Choice – C-Herald Property Service

Developer winners

CREA Hall of Fame 2022 – Overseas Cambodian Investment Corporation (OCIC)
Developer of the Year – Urban Hub Cambodia
CSR & Social Impact Developer of the Year – Prince Huan Yu Real Estate (Cambodia) Group
Borey (Landed) Property Developer of the Year – Golden Cambodia Century (GCC)
Commercial Developer of the Year – Morgan Group
Condominium Developer of the Year – MSQM ZTH

Development winners

Development of the Year – Urban Village Phase 2
Commercial Development of the Year – Morgan Tower
Borey (Landed) Property Development of the Year – Borey Nadi
Condominium Development of the Year – Vue Aston
Serviced Apartment of the Year – Picasso City Garden
Mixed-use Development of the Year – TK Central
Retail Development of the Year – Prince Golden Bay
Office Development of the Year – Morgan Tower
New City Development of the Year – Borey Nadi
Borey (Landed) Property Development of the Year (Southern) – Borey Maha Boeng Trea
Affordable Housing Development of the Year – Borey Maha Boeng Trea
Mid-Range Housing Development of the Year – La Palm Residences
Luxury Housing Development of the Year – Borey Nadi
Premium Condominium of the Year – Picasso City Garden
Condominium Design of the Year – Picasso City Garden
Waterfront Condominium of the Year – Wealth Mansion
Waterfront Condominium of the Year – Morgan EnMaison
Most Viewed Property 2022 – GC Orussey market
Special Recognition – World Bridge Sport Village

 

ក្រុមហ៊ុនម៉ាកយីហោក្នុងស្រុកនិងអន្តរជាតិចំនួន៤៤បានឈានជើង ចូលទីផ្សារឆ្នាំនេះ

     ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិចំនួន៤៤ បានឈានជើងចូលទីផ្សារកម្ពុជា នៅដើមត្រីមាសទី១ឆ្នាំ២០២២នេះ។

យោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុនCBRE Cambodia បានបង្ហាញថា ចំនួនអ្នកដើរផ្សារទំនើបក្នុងត្រីមាសទី១ ឆ្នាំនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ លើសកម្រិតមូលដ្ឋានមុនកូវីដហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបើកឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកាឆ្នាំមុន។

ការសិក្សាដដែលបានកត់សគំគាល់ថា​ ”ការកើនឡើងនៃអ្នកដើរផ្សារនេះ គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ នៃវិស័យលក់រាយរបស់កម្ពុជា”។របាយការណ៍បានបន្ថែមថា “លើសពីនេះ សញ្ញាវិជ្ជមានមួយទៀតក្នុងឆ្នាំមាសថ្មីនេះ គឺការចូលមកនៃម៉ាកយីហោថ្មីចំនួន៤៤ ក្នុងនោះក្រុមហ៊ុនចំនួន៦ជាក្រុមហ៊ុនអន្តរជាតិ ចំណែក៣៨ផ្សេងទៀតគឺជាប្រេនស្រុក។

របាយការណ៍របស់CBRE បានបន្តឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងមូលដ្ឋាន និងដូសជំរុញ បានផ្តល់ទំនុកចិត្តដល់អតិថិជន ក្នុងការដើរកម្សាន្ត និងការទិញឥវ៉ាន់នៅផ្សារទំនើបនានា។ បន្ថែមពីលើនេះ ជាមួយនឹងការងើបឡើងវិញវិស័យទេសចរណ៍ បានក្លាយជាការជំរុញឱ្យទីផ្សារលក់រាយងើបឡើងវិញផងដែរ។

ទោះជាយ៉ាងណា អត្រាជួលនៅតាមទីកន្លែងលក់រាយនានា នៅតែរងសម្ពាធ ដោយអត្រាជួលតូបក្នុងផ្សារទំនើបនានា គ្របដណ្តប់ត្រឹមតែ៦៦,៦%ប៉ុណ្ណោះនៃទំហំផ្សារទំនើបទាំងអស់។ តម្លៃជួលសម្រាប់Prime High street និងផ្សារបែបសហគមន៍ក៏ធ្លាក់ចុះ ៦,៨ភាគរយ និង១,៦ភាគរយរៀងៗគ្នា៕

ក្រសួងហាមឃាត់វិស្វករកម្ពុជាមិនឱ្យទទួលអនុវត្តន៍ការងារសាងសង់ ឬរុះរើសំំណង់ដែលមិនទាន់មានលិខិតអនុញ្ញាត

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹង ដល់អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា ដើម្បីហាមឃាត់វិស្វករទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើ ដែលមិនទាន់មានលិខិតអនុញ្ញាត។

យោងតាមព្រះរាជក្រមលេខ នស/រកម/១១១៥/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ដីពីលិខិតអនុញ្ញាតសាងសង់ ការអនុវត្តការងារសាងសង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់។

ការណ៍នេះ ព្រោះថាការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិស្តីពី គម្លាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើលោកអគ្គលេខាធិការ ណែនាំវិស្វករ ដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជាទាំងអស់ មិនឱ្យទទួលអនុវត្តន៍ ការងារសាងសង់ដែលមិនទាន់ទទួល បានលិខិតអនុញ្ញា​តសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក ការដ្ឋានសំណង់។

ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើស តាមផ្លូវច្បាប់ជាធរមាន៕

តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៥ម៉ឺនខ្នង ក្នុងមួយឆ្នាំ

       ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កំណើនប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ជាពិសេសកំណើនប្រជាសាស្ត្រនៅទីប្រជុំជន និងទីក្រុងបានធ្វើឱ្យតម្រូវការលំនៅឋានមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះតាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឱ្យដឹងថា កំណើនលំនៅឋានក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ។

លោកលី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ អចលនទ្រព្យប្រចាំឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី៧ មេសា ២០២២ឱ្យដឹងថា កំណើនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ បានធ្វើ ឱ្យតម្រូវការលំនៅឋានមានការកើនឡើងជាប្រចាំ ។

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានកំណត់ថា ក្នុងរយៈពេល១៥ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា មានប្រមាណ៨០ម៉ឺនលំនៅឋាន ហើយបើគិតជាមធ្យមក្នុងមួយឆ្នាំមានប្រមាណ៥ម៉ឺនទៅ៦ម៉ឺនលំនៅឋាន ។

លោកបន្តថា កំណើននៃលំនៅឋានក្នុងមួយឆ្នាំៗ ជាង៥ម៉ឺនលំនៅឋានេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន ក្នុងប្រទេសកម្ពុជាទាំងក្នុងស្រុក និងមកពីបរទេសមានឱកាសក្នុងការអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការរបស់ខ្លួន ហើយក៏ធ្វើឱ្យទីផ្សារលំនៅឋាន កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ ។

យោងតាមរបាយការណ៍និងការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងផងដែរថា ក្នុងរយៈពេល៦ខែ ចុងក្រោយនេះ ថ្វីត្បិតតែកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែកម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋានចំនួន៣៩គម្រោង ក្នុងនោះដែររាជធានីភ្នំពេញ ចាត់ទុក​ជាតំបន់ ដែលមានការអភិវឌ្ឍលំនៅឋានច្រើនជាង និងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការរីកទំហំកាន់តែធំឡើងៗ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមានដំណើរការ ជាពិសេសតម្រូវការពីអ្នកក្នុងស្រុក ទោះបីជាកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមកហើយក្ដី។

លោកបន្តថា “តម្រូវការលំនៅឋានពីអ្នកក្នុងស្រុក បានធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីៗជាបន្តបន្ទាប់ ដែលធ្វើឱ្យវិស័យនេះនៅតែបន្តសកម្មភាព”៕

គ្រាន់តែបុណ្យសែនឆេងម៉េង៣ថ្ងៃប្រទេសចិនទទួលបានចំណូលប្រមាណ​៣០០០លានដុល្លារពីទេសចរណ៍

ដោយៈសុខុម

ភ្នំពេញ: ពិធីបុណ្យសែន ឆេងម៉េង (Qingming Festival ឬ ពិធីបុណ្យសែនផ្នូរ គឺជាប្រពៃណីទំនៀមទម្លាប់ចិនសុទ្ធសាធ ប៉ុន្តែដោយសារទទួលរងឥទ្ធិពលវប្បធម៌ពីប្រទេសចិន ប្រជាជនខ្មែរជាច្រើនដែលអះអាងថា ខ្លួនជាប់សែស្រឡាយចិន ក៏នាំគ្នាប្រារព្ធពិធីសែនផ្នូរនេះ ស្ទើរតែមិនដែលខានជារៀងរាល់ឆ្នាំ។

តើអ្នកទាំងអស់គ្នាដឹងទេថាពិធីសែន ឆេងម៉េង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃអាទិត្យ ទី៣ ដល់ថ្ងៃអង្គារ ទី៥ ខែមេសា កន្លងទៅថ្មីៗនេះ ប្រជាជនចិន ទូទាំងប្រទេសចំណាយអស់ច្រើនកម្រិតណា?។

ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិនបានបញ្ជាក់ថា វិស័យទេសចរណ៍ចិន ទទួលបានប្រាក់ចំណូលរហូត ដល់ទៅ២,៩៥ពាន់លានដុល្លារអាមេរិក ពីទេសចរក្នុងស្រុក ដែលបានចំណាយលុយយ៉ាងច្រើនអំឡុងពិធីបុណ្យរយៈពេល៣ថ្ងៃនេះ។ ទោះជាយ៉ាងណា តួលេខនេះបង្ហាញពីការធ្លាក់ចុះការចំណាយ រហូតដល់ទៅ៣០,៩%បើធៀបនឹងឆ្នាំ២០២១។  នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី៧ ខែមេសា។

ការធ្លាក់ចុះការចំណាយ ក្នុងវិស័យទេសចរណ៍នៅប្រទេសចិន អំឡុងពេលពិធីសែន ឆេងម៉េង រយៈពេល៣ថ្ងៃនេះកើតមានឡើង ខណៈសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងវីរុសកូវីដ-១៩។

ការរឹតបន្តឹងការធ្វើដំណើរនៅក្នុងប្រទេសចិន បាននិងកំពុងបន្ត ហើយក្រុងសៀងហៃ និងទីក្រុងផ្សេងៗទៀតនៅបិទខ្ទប់នៅឡើយ។ សៀងហៃ គឺជាក្រុងធំបំផុត ដែលត្រូវបានបិទខ្ទប់រហូតមកទល់ពេលនេះ៕ BBC៕

កំពតត្រូវបានគេចាត់ទុកជាខេត្តគោលដៅទេសចរណ៍ល្អឯកនិងពេញ និយមបំផុតនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: កំពតបានក្លាយជា ខេត្តគោលដៅទេសចរណ៍មួយ នៅក្នុង ប្រទេស កម្ពុជា ហើយខេត្ត នេះតែងតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ ក្នុងចំណោមខេត្តជាច្រើនទៀត ដែលធ្វើឱ្យខេត្តនេះត្រូវបានចាត់ទុក ជាខេត្តគោលដៅទេសចរណ៍ល្អឯក និងពេញនិយមបំផុតនៅកម្ពុជា។

យោងតាមសៀវភៅ”ប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូគោចក្ខុវិស័យឆ្នាំ២០៣៥” របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់បានអោយដឹងថា ខេត្តកំពតស្ថិតនៅក្នុងទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រនៃកម្ពុជាដែលមានរមណីយដ្ឋាន ជាច្រើនជាពិសេសរមណីឋានសួគ៍បូគោនិង ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។

ខេត្តនេះ ជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិ និងល្អឯកពេញនិយមបំផុតនៅកម្ពុជា ជាខេត្តមានព្រំប្រទល់ជាប់នឹងសមុទ្រខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ តាកែវ ខេត្តកែប និងប្រទេសវៀតណាម។

សក្ដានុពលធនធានធម្មជាតិជាច្រើន ដូចជា ព្រៃភ្នំ សត្វព្រៃទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាងឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនមានដូចជា សំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសេដាអោន ទឹកឈូ ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច និងរមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេសចរណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល-ល-។

សក្កានុពលទេសចរណ៍ទាំងអស់នេះ បានធ្វើឲ្យខេត្តកំពត និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ដូចជា វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម សិប្បកម្មរ៉ែថាមពលសេដ្ឋកិច្ច ទេសចរណ៍សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ជាពិសេគឺសក្តានុពលនៃរមណីយដ្ឋាន ប្រវត្តិសាស្ត្រភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាទីតាំងអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥ ដល់១៩៦២ ដែលមានសក្ដានុពលនិង មានអាកាសធាតុត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃកម្ពុជា និងជាគោលដៅទេសចរណ៍ដ៏ប្រណីតកម្រិតខ្ពស់។

ក្រុងបូគោមានហេដ្ឋារចនាសម្ព័ន្ធ ជាទីក្រុងរដ្ឋបាលដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ដូចជាអគាររដ្ឋបាលព្រះរាជដំណាក់ លំនៅដ្ឋាន អគារសេវាកម្ម សាលាក្រុង ប្រៃណីយ៍ អគារសូរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី ទំនប់ទឹកបារាំង-ល-។

ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តកំពតត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក និងកម្សាន្ត ហើយរំពឹងថាខេត្តនេះ ទទួលបានភ្ញៀវទេសចរច្រើននិងមានចំណាត់ថ្នាក់ល្អ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ផងដែរ៕

ក្រុមហ៊ុនខេអេចលែនចូលរួមក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ កម្ពុជាឆ្នាំ២០២២

    ដោយៈស៊ីណេត

        ភ្នំពេញៈ ក្រុមហ៊ុន ខេអេច លែន បានចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២២ នៅសាលសន្និសីទនៃសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងនាមជាម្ចាស់ឧបត្ថមកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២២នេះ លោកថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេអេច លែន បានផ្តល់កិត្តិយសឡើងប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ធំៗចំនួន២ ជូនដល់ក្រុមហ៊ុនដែល បានឈ្នះពានរង្វាន់ Property Management Firm of the Year និងពានរង្វាន់ Research/Valuation Firm of the Year។

ក្រុមហ៊ុនខេអេច លែន កំពុងវិនិយោគនិងអភិវឌ្ឍន៍គម្រោងទីក្រុងពា​ណិជ្ជ​កម្មភ្នំតូចរបស់ខ្លួន មានទំហំរហូតដល់១០០ហិកតា ដែលជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៏បែបកូនកាត់ រួមមាន ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល។ ក្នុងនោះផងដែរក៏មានការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មទាំង១០​ និងផ្សារថែមទៀតផង៕

 

វិស័យសំណង់របស់អារ៉ាប៊ីសាអូឌីតរំពឹងវិលទៅរកកម្រិតមុនពេលផ្ទុះ វិបត្តិកូវីដ-១៩ នៅឆ្នាំនេះ

ដោយៈសុខុម

រីយ៉ាដ: ទីផ្សារសំណង់នៃប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងត្រលប់ទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ វិញនៅឆ្នាំនេះ ខណៈមូលនិធិវិនិយោគសាធារណៈ (Public Investment Fund)  ហៅកាត់ PIF កំពុងជំរុញឱ្យមានគម្រោងវិនិយោគជាច្រើនទៀត។

យោងតាមក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត (US-Saudi Business Council) ហៅកាត់ USSBC ឱ្យដឹងថា ក្នុងឆ្នាំ២០២១ កិច្ចសន្យាដែលឧស្សាហកម្មសំណង់ចុះបញ្ជីបានកើនឡើង៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយមានការរំពឹងទុកថា សន្ទុះកើនឡើងនេះនឹងបន្តនៅឆ្នាំ២០២២ នេះទៀត។

ទោះជាយ៉ាងណា ការកើនឡើងកាលពីឆ្នាំមុន នៅតែទាបជាងកម្រិតក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។ នេះបើយោងតាមអ្វីដែលលោក Albara’a Al-Wazir អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត USSBC បានប្រាប់សារព័ត៌មាន Arab News។

មូលនិធិវិនិយោគសាធារណៈ PIF បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងនានា ដូចជា គម្រោង NEOM និងគម្រោង The Red Sea Development Co ជាដើមព្រមទាំងការកើនឡើងនូវការវិនិយោគមូលធន ពីសំណាក់ក្រុមហ៊ុនប្រេង Saudi Aramco ដែលគ្រោងនឹងបង្កើនសមត្ថភាពផលិតប្រេង និងឧស្ម័នរបស់ខ្លួនបន្ថែមទៀតផងដែរ។

លោក Albara’a Al-Wazir និយាយថា “អង្គភាពនានារបស់រដ្ឋាភិបាលដូចជា មូលនិធិវិនិយោគសាធារណៈ PIF ជាដើមនឹងបោះទុនវិនិយោគច្រើន នៅក្នុងតំបន់ក្នុងរយៈពេលមធ្យម ដល់រយៈពេលវែង ហើយគោលនយោបាយ ដូចជាយុទ្ធសាស្រ្តវិនិយោគជាតិ (National Investment Strategy) ជាដើមដែលបានចាក់បញ្ចូលសាច់ប្រាក់ ចូលទៅក្នុងវិស័យនានា នឹងជួយជំរុញកំណើនបន្ថែមទៀត”។

លោកបានបន្ថែមទៀតថា “យុទ្ធសាស្រ្តវិនិយោគជាតិរំពឹងចាក់បញ្ចូលសាច់ប្រាក់១,៣៣ទ្រីលានដុល្លារអាមេរិក ទោះបីជាមូលនិធិវិនិយោគសាធារណៈ PIF បានបង្ហាញបំណងចាក់បញ្ចូល សាច់ប្រាក់៤០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗរហូតដល់ឆ្នាំ២០២៥ ក្ដី។ ហើយទាំងអស់នេះនឹងជួយជំរុញកំណើនសកម្មភាពសាងសង់”។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត USSBC បានប៉ាន់ប្រមាណថា កិច្ចសន្យាសាងសង់ ដែលត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់៣៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយគ្រាន់តែនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ កិច្ចសន្យាសាងស ង់ដែលបានចុះបញ្ជី មានចំនួន១៨,៨ពាន់លានដុល្លារអាមេរិក ដែលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត៦ឆ្នាំ៕ Arab News៕

ការសិក្សាថ្មី៖ តម្លៃខុនដូប្រណីតបន្តធ្លាក់ចុះ ខណៈទីផ្សារបន្តភាពជាប់គាំង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទីផ្សារខុនដូ នៅតែមានសញ្ញាមិនទាន់ល្អប្រសើរនៅឡើយ ខណៈតម្លៃខុនដូប្រណីតបានធ្លាក់ចុះ ហើយទីផ្សារទិញលក់មិនទាន់មានសញ្ញាវិជ្ជមាន។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ក៏បន្ដធ្លាក់ចុះនៅឡើយ ស្របពេលគំរោងមួយចំនួន បានបន្តភាពជាប់គាំង។

ការសិក្សាថ្មីនេះ បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប្រូម៉ូសិនពីអ្នកអភិវឌ្ឍដើម្បីបញ្ចេញស្ដុកចាស់។

ទី២ អ្នកទិញភាគច្រើន នឹងងាកទៅទិញគម្រោង ដែលសាងសង់រួច ឬគម្រោងចាស់ ដែលសង់រួច ហើយមានមនុស្សរស់នៅស្រាប់ ជាជាងគម្រោងថ្មី ដើម្បីកាត់បន្ថយហានិភ័យគម្រោងថ្មីតែសាងសង់មិនចប់។

ចំណុចទី៣ អ្នកអភិវឌ្ឍទំនងនឹងមិនបើកលក់ គម្រោងថ្មីនោះទេក្នុងឆ្នាំ ២០២២ ព្រោះការផ្គត់ផ្គង់គឺលើសតម្រូវការខ្លាំង។

របាយការណ៍ដដែលបានបន្តថា ក្នុងត្រីមាសនេះ មានគម្រោង៣ ដែលបានបញ្ចប់ការសាងសង់ រួមមាន Picasso City Garden នៅបឹងកេងកង១ The Peninsular Private Residences នៅជ្រោយចង្វា និងគំរោងM Residence នៅបឹងកេងកង។

ខុនដូប្រភេទតម្លៃខ្ពស់ បានធ្លាក់ចុះ៤,១ភាគរយ បើធៀបនឹងត្រីមាសមុន ប៉ុន្តែខុនដូតម្លៃសមរម្យកើន១,៦% ដោយសារតែប្រជាជនខ្លះចាប់ផ្ដើមងាកទៅរកទីផ្សារនេះ ដែលធ្វើឱ្យទីផ្សារងើបឡើងយឺតៗផងដែរ ។

របាយការណ៍ដដែលបញ្ជាក់ថា ត្រឹមចុងឆ្នាំ២០២២ ការផ្គត់ផ្គង់ខុនដូសរុបនឹងមានជិត៥០,០០០ យូនីត ហើយនឹងកើនដល់ជិត៧០,០០០យូនីតនៅដំណាច់ឆ្នាំ២០២៣៕