ហេដ្ឋារចនាសម័ន្ធនិងគម្រោងធំៗបីជាកម្លាំងចលករជម្រុញសន្ទុះការអភិវឌ្ឍចម្រុះនៃខេត្តសៀមរាប

ដោយៈ សុផារី

សៀមរាបៈ គម្រោងផ្លូវ៣៨ខ្សែ ដែលទើបបើកសម្ភោធដាក់ឱ្យប្រើប្រាស់ គម្រោងព្រលានយន្តហោះសៀមរាប អង្គរថ្មី និងការប្រកាសពីលទ្ធភាព នៃការបង្កើតក្រុងថ្មីមួយ នៅភាគខាងជើងនៃស្រុកសូត្រនិគម ត្រូវបានអ្នកជំនាញមើលឃើញថា ជាកម្លាំងចលករជម្រុញសក្តានុពលលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច អចលនទ្រព្យ ពាណិជ្ជកម្ម ទេសចរណ៍ ជាដើម។

លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីថ្ងៃទី៤ ខែមេសាកន្លងមកថា ស្រុកសូទ្រនិគម ជាទីតាំងមានហេដ្ឋរចនាសម័ន្ធពិសេសគឺទីតាំង “ព្រលានយន្តហោះសៀមរាបអង្គរថ្មី” ខេត្តសៀមរាប ដែលជាប្រភេទព្រលានយន្តហោះលំដាប់4Eអាច   ឱ្យយន្តហោះឆ្លងទី្វបគ្រប់ប្រភេទចុះចតបាន។

លោកបានលើកឡើងថា “គម្រោងព្រលានយន្តហោះថ្មីនេះ នឹងប្រែតំបន់ជុំវិញព្រលានយន្តហោះ ទៅជាកូនទីក្រុងអភិវឌ្ឍន៍ពាណិជ្ចកម្មដ៏រីកចំម្រើនមួយនាពេលអនាគត ជាពិសេសស្រុកសូត្រនិគមនឹងមានសក្តានុពល តាមរយៈព្រលានយន្តហោះថ្មី ក្នុងការទាក់ទាញលំហូរការវិនិយោគ ពាណិជ្ជកម្ម និងការដឹកជញ្ចូន”។

មួយវិញទៀត សម្រាប់វិស័យទេសចរណ៍ លោកថា ទីតាំងរមណីយដ្ឋានទេសចរណ៍នានា នឹងផុសឡើងនៅតំបន់ជុំវិញនេះ    ច្រើន ជាពិសេស នៅក្នុងស្រុកសូទ្រនិគម ជាទីតាំងជាប់បឹងទន្លេសាប និងជាទីតាំងរបស់សហគមន៍ នៅលើទឹកធំជាងគេបំផុតតាមមាត់បឹងទន្លេសាប គឺ “សហគមន៍កំពង់ឃ្លាំង”។

លោកបន្តថា តាមរយៈ“សហគមន៍កំពង់ឃ្លាំង” ដែលជារមណី​យដ្ឋាន ដ៏មានសក្តានុពលបែបធម្មជាតិ វប្បធម៌ សហគមន៍ ដែលគួរឱ្យគយគន់ដ៏ធំនេះ នឹងទទួលបានប្រជាប្រិយភាព កាន់តែច្រើនពីភ្ញៀវទេសចរណ៍ អាចមកទស្សនាកំសាន្ត ជិះទូក ទស្សនាជីវភាពរស់នៅព្រៃលិចទឹកនិងសត្វស្លាប ជាដើម។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អាចនឹងមានក្រុងរណបថ្មីមួយនៅភាគខាងជើង នៃតំបន់ព្រលានយន្តហោះ សៀមរាប អង្គរថ្មី ដែលគម្រោងអភិវឌ្ឍន៍នានា ដូចជា លំនៅដ្ឋាន ពាណិជ្ជកម្ម ទេសចរណ៍ នឹងអាចកើតមានឡើងនាពេលអនាគត។

លោកសុធារ៉ា បានមានប្រសាសន៍ថា “បើការបង្កើតទីក្រុងថ្មីនៅស្រុកនេះអាចកើតឡើងមែន វានឹងធ្វើអោយវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាបទាំងមូល មានសន្ទុះឡើងខ្លាំង ដោយវានឹងក្លាយជាចំនុចរួមផ្សំបន្ថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និង អន្តរជាតិអោយមកវិនិយោគ ក្នុងទឹកដីដ៏អច្ឆរិយៈមួយនេះ បន្ថែមពីផ្លូវ៣៨ខ្សែ ដែលទើបតែសម្ភោធរួចរាល់ហើយ កាលពីថ្ងៃទី០៤ ខែមេសានេះ”។

សម្តេចតេជោបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយា​លនៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។

បន្ថែមលើសនេះ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ រួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលជាគោលដៅទេសចរ​ណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយ សក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលមកទស្សនា៕

ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់សម្រាប់សុខភាពនិងសម្រស់មនុស្សគ្រប់វ័យ

ដោយៈ សុផារី

ភ្នំពេញៈ ការរក្សាសំណើមក្នុងខ្លួន មានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាព ព្រោះវាជួយរក្សាកម្រិតថាមពល បង្កើនសមត្ថភាពផ្លូវចិត្តនិងរាងកាយ ជួយដល់ការរំលាយអាហារ បង្កើនសុខភាពស្បែកនិងសម្រស់របស់លោកអ្នក។

ទឹកពិសាឋានសួគ៌បូកគោត្រូវបានផលិត និងវេចខ្ចប់នៅក្នុងសហគ្រាសផលិតទឹកពិសានៅលើភ្នំបូកគោ ដែលមានរយៈកម្ពស់១,០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាប្រភពទឹកស្អាតមិនមានសារធាតុពុលនិងមេរោគផ្សេងៗ ហើយល្អចំពោះសុខភាពមនុស្សគ្រប់វ័យ។

លោកសៅ សារិននាយកចាត់ការទូទៅសណ្ឋាគារឋានសួគ៌  សុខា បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៥ មិនានេះថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១.០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។

លោកបានបន្តថា “ប្រសិនបើទឹកពិសារចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេរ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។

លោកសៅ សារិនបានបន្តឱ្យដឹងថា តាមការសិក្សារបស់អ្នកជំនាញការមកពីប្រទេសម៉ាឡេស៊ី បានការកោតសរសើរ និងទទួលស្គាល់ចំពោះគុណភាព នៃទឹកពិសាឋានសួគ៌បូកគោយ៉ាងខ្លាំង ដោយសារតែទឹកពិសាររបស់យើង មានប្រភពមកពីប្រភពទឹកដែលមាននីវ៉ូខ្ពស់ មិនមានសារធាតុគីមីនានាហូរចូលឡើយ។ លោកបន្តថា ដោយសារភ្នំបូកគោមានកំពស់ខ្ពស់ ហេតុនេះផ្ទៃបឹងផ្ទុកទឹករបស់យើងស្រូបយកដំណក់ទឹកភ្ញៀងស្អាត ដែលជាទឹកមិនរងការបំពុលពីផ្សែងបំពុល និងសារធាតុគីមីផ្សេងៗឡើយ។

កម្រិតPH៨របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPHលើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។

ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។

គ្រប់ជំហាននៃការផលិត ត្រូវបានដំណើរការដោយយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យនិងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាពទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP។

ទឹកពិសាឋានសួគ៌បូកគោមានបួនចំណុះ គឺចំណុះ៣៣០មីលីលីត្រ ៥០០មីលីលីត្រ១៥០០មីលីលីត្រ និង២០លីត្រ។

រោងចក្រផលិតទឹក ត្រូវបានសាងសង់នៅលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្ម ទំនើបនិងបច្ចេកវិទ្យាខ្ពស់បំផុត។

លោកសៅ សារិនបានឲ្យដឹងទៀតថា ខែ្សចង្វាក់ផលិតកម្មនេះបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៧ មានសមត្ថភាពផលិតទឹកពិសារបានជាមធ្យម ចំនួន១.២០០កេសក្នុងមួយថ្ងៃ សម្រាប់ចំណុះ៥០០មលនិង៣៣០មល។ សម្រាប់ចំណុះ១៥០០មល ជាមធ្យមផលិតបានចំនួន១.២០០ដបក្នុងមួយថ្ងៃ។

លោក អ្នកអាចរកទិញទឹកពិសាឋានសួគ៌បូកគោ ពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ ក្នុងការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នកតាមរយៈលេខ088 94 94 614។

ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់! សក្កិសមបំផុតសម្រាប់កុមារនិងមនុស្សពេញវ័យ៕

ធនាគារពិភពលោកបង្ហាញការព្យាករជាថ្មីពីកំនើនសេដ្ឋកិច្ចកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ជាថ្មី ដោយធនាគារពិភពលោក ដែលអាចរក្សាបានកំនើនចន្លោះពី៣,៨ភាគរយ ទៅ៤,៥ភាគរយនៅ ឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី៥ មេសា ២០២២នេះ បានឱ្យដឹងថា  ទោះជាមានការធ្លាក់ចុះជាទូទៅ នៃតម្រូវការសកលយ៉ាងណាក៏ដោយ ក៏ការព្យាករណ៍កំណើនសម្រាប់កម្ពុជា គឺស្នើ៤,៥ភាគរយក្នុងឆ្នាំនេះ ដោយផ្អែកលើសេណារីយ៉ូដើមគ្រា ដោយសារតែមានការលុបចោល នូវការដាក់កំហិតលើការធ្វើដំណើរ ព្រោះកម្ពុជាមានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ ខ្ពស់។

គេរំពឹងថា “ការស្ដារសេដ្ឋកិច្ចឡើងវិញ នៅតែពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកម្ម”។

របាយការណ៍ដដែលបង្ហាញថា ស្ថិតក្រោមសេណារីយ៉ូទាបជាង ក៏គេបានព្យាករណ៍ថា កំណើនអាចសម្រេចបានត្រឹម៣,៨ភាគរយ ក្នុងឆ្នា២០២២។ សេណារីយ៉ូទាបជាងនេះ គឺគេសន្មតថា មានការធ្លាក់ចុះនៃលក្ខ​ខណ្ឌសេដ្ឋកិច្ចក្នុងស្រុក ដោយសារអត្រាអតិផរណាកើនឡើងខ្ពស់ ខណៈដែលលក្ខខណ្ឌខាងក្រៅកាន់តែអាក្រក់ ដោយសារការធ្លាក់ចុះនៃតម្រូវការខាងក្រៅ ។

អ្នកជំនាញរំពឹងថា វិស័យកម្មន្តសាល សម្រាប់នាំចេញរបស់កម្ពុជា នឹងជួបព្យុះភ្លៀងនាពេលប៉ុន្មានខែខាងមុខ ដោយសារបរិយាកាសខាងក្រៅមិនសូវអំណោយផល បណ្ដាលមកពីការធ្លាក់ចុះ តម្រូវការនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះតម្រូវការនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះជារចនាសម្ព័ន្ធទូទៅនៅក្នុងប្រទេសចិន។

លើសពីនេះការកើនឡើង នៃតម្រូវការថាមពល និងស្បៀងអាហារ គឺដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យការកាត់បន្ថយភាពក្រីក្រ មានយឺតយ៉ាវ ព្រោះវាបានដាក់បន្ទុកលើការចំណាយកាន់តែខ្ពស់របស់គ្រួសារ ។

របាយការណ៍ពិភពលោកបង្ហាញថា ក្នុងរយៈពេលមធ្យម គេរំពឹងថាសេដ្ឋកិច្ចមាននិន្នាការវិល ត្រលប់មករកសក្ដានុពលខ្ពស់ ដែលមានកំណើនប្រមាណ៦ភាគរយ ។ ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងកម្ពុជា សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មនាប៉ុន្មានឆ្នាំខាងមុខ ។ ចំពោះចំណុចវិជ្ជមានវិញ គឺកម្ពុជាមានភាពធន់នឹងវិបត្តិសកលប្រសើរខាងមុខ ។

ទោះជាយ៉ាងនេះក្ដី ផលជះអវិជ្ជមានរបស់មេរោគកូវីដ១៩ មកលើការងារ និងសុខុមាលភាពត្រូវបានគេរំពឹងថា នៅបន្តមានក្នុងពេលដែលវិស័យសេវាកម្ម ជាពិសេសវិស័យធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅបន្តជួបព្យុះភ្លៀងនៅឡើយ៕

ភាគហ៊ុនហក់ឡើងស្រឺតៗដល់ទៅ២៦% ក្រោយធ្លាយដំណឹងថា Elon Musk កាន់កាប់ភាគហ៊ុនច្រើននៅ Twitter

ដោយ សុខុម

អន្តរជាតិ: កំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកាន់កាប់ភាគហ៊ុន៩,២%ក្នុងក្រុមហ៊ុន Twitter ដែលអាចធ្វើឱ្យលោកក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។ នេះបើយោងតាមឯកសារនិយ័តកម្មមួយបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា។

ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter បានហក់ឡើងស្រឺតៗរហូតដល់ទៅ២៦%នៅក្នុងការជួញដូរ ក្រោយធ្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ការបែកធ្លាយដំណឹងនេះកើតមានឡើង បន្ទាប់ពីលោក Elon Musk បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីពេលថ្មីៗនេះថា លោកកំពុងពិចារណាបង្កើត Platform បណ្ដាញទំនាក់ទំនងសង្គមថ្មីមួយ។

ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀតរួមទាំង Platform របស់ក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) និងក្រុមហ៊ុន Snap ដែលជាក្រុមហ៊ុនមេរបស់ Snapchat Snap ផងក៏បានហក់ឡើងដែរនៅក្នុងការជួញដូរ។

លោក Elon Musk កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter រហូតដល់ទៅ៧៣,៥លានភាគហ៊ុនដែលមានតម្លៃសរុបរហូតដល់ទៅ២,៩ពាន់លានដុល្លារ នេះបើផ្អែកលើលទ្ធផលបិទការជួញដូរកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។

លោក Elon Musk គឺជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ដ៏ល្បីល្បាញម្នាក់ដែលមានអ្នកតាមដាន (Follower) រហូតដល់ទៅជាង៨០លាននាក់ចាប់តាំងពីលោកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនេះក្នុងឆ្នាំ២០០៩ និងធ្លាប់បានប្រើប្រាស់វាដើម្បីធ្វើការប្រកាសដែលបង្កការភ្ញាក់ផ្អើលជាច្រើនលើក។

ទោះជាយ៉ាងណា លោកក៏បានរិះគន់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ និងគោលការណ៍នានារបស់វាជាញឹកញាប់ ហើយបានលើកឡើងថា ក្រុមហ៊ុននេះកំពុងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យតាមរយៈការមិនប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការបញ្ចេញមតិ។

លោក Elon Musk ក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងជាអ្នកដឹកនាំក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបខួរក្បាល (brain-chip) ទើបបង្កើតថ្មី និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ The Boring Company ផងដែរ៕ Reuters៕

ការបញ្ចុះពន្ធលើដីធ្លី និងសំណង់អគារនៅថៃ នៅតែមានសុពលភាពសម្រាប់ឆ្នាំ២០២២

ដោយ សុខុម

បាងកក: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានបញ្ជាក់ថា ពន្ធលើដីធ្លី និងសំណង់អគារនៅតែផ្តល់ការបញ្ចុះតម្លៃលើការទូទាត់សម្រាប់ឆ្នាំ២០២២ បើយោងតាមច្បាប់ដែលបានអនុម័តដើម្បីសម្រាលបន្ទុកដល់ម្ចាស់ដី។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ឆ្នាំ២០២២ នេះជាឆ្នាំចុងក្រោយហើយដែលច្បាប់ស្ដីពីពន្ធលើដីធ្លី និងសំណង់អគារផ្ដល់ការបញ្ចុះតម្លៃបែបនេះដល់ម្ចាស់ដី។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែមេសា នេះ។

ច្បាប់នេះបានចូលជាធរមានក្នុងឆ្នាំ២០២០ និងផ្តល់ការបញ្ចុះតម្លៃលើការបង់ពន្ធសម្រាប់រយៈពេល៣ឆ្នាំដំបូងនៃការអនុវត្ត។

ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលក៏បានចាប់ផ្ដើមបញ្ចុះពន្ធលើដីធ្លី និងសំណង់អគារ៩០%ផងដែរដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់ដី និងទីតាំងសំណង់អគារដោយសារផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កឡើងដោយវិបត្តិរីករាលដាលវីរុសកូវីដ-១៩។

ការបញ្ចុះពន្ធនេះបានចូលជាធរមានចាប់ពីឆ្នាំ២០២០-២០២១ នៅពេលក្រសួងហិរញ្ញវត្ថុបានបដិសេធមិនព្រមបន្តវាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ការបញ្ចុះតម្លៃពន្ធដែលមានស្រាប់នៅតែបន្តមានសុពលភាពរហូតដល់ឆ្នាំ២០២២ នេះ។

រដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការជាច្រើនដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ ដែលបានផ្ទុះឡើងនៅចុងខែមីនា ឆ្នាំ២០២០។

ការបញ្ចុះពន្ធលើដីធ្លី និងសំណង់អគារ៩០%បានធ្វើឱ្យរដ្ឋខាតបង់ប្រាក់ប្រមាណ១,០៤៤លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២០-២០២១៕ Bangkok Post៕

អ្នកជំនាញអចលនទ្រព្យអន្តរជាតិបង្ហាញពីរបៀបរកប្រាក់ចំណូលពីការវិនិយោគអចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា បានហុចផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលប្រឡូកក្នុងវិស័យមួយនេះ ។ ទន្ទឹមនឹងនេះដែរ ក៏មានប្រជាពលរដ្ឋជាច្រើន បានដាក់ទុនវិនិយោគនិងប្រមូលក្នុងវិស័យនេះ តែមិនទទួលបានជោគជ័យនិងឡុងចុងដើមទុនផងដែរ។

លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ មេសានេះថា រៀបបង្កើតប្រាក់ចំណូល នៅក្នុងវិស័យអចលនទ្រព្យមាន៤ចំនុចធំៗ ហើយជាទូទៅការបង្កើតប្រាក់ចំណូលនេះ តាមរយៈការឡើងថ្លៃ នៃអចលនទ្រព្យ ដោយសារតែការទិញទុកហើយលក់វិញនៅពេលវាឡើងថ្លៃ ។

ជាឧទាហរណ៍ទិញដីធ្លីមួយកន្លែង ក្នុងតម្លៃ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ ហើយឆ្នាំក្រោយឡើងថ្លៃដល់ ១២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះក្នុងមួយឆ្នាំ គេអាចចំណេញ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅហើយ ។

លោកបន្តថា តារយៈបទពិសោធន៍ក្រុមគ្រួសាររបស់លោក បានទិញដីមួយកន្លែងនៅតំបន់សែនសុខ កាលពីឆ្នាំ២០០៧ក្នុងតម្លៃ ១២ដុល្លារទៅ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយមកដល់ពេលនេះ ដីនោះបានឡើងរហូតដល់ជាង៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះរយៈពេលជាង១៤ឆ្នាំ តំបន់នោះបានឡើងថ្លៃជាង២២ដង និងតំបន់ខ្លះទៀតក៏ឡើងថ្លៃលើសនេះទៅទៀត”។

លោកវ៉ា វីរៈបានបន្តថា ”ការកើនឡើងនៃតម្លៃអចលនទ្រព្យ គឺពឹងផ្អែកទៅលើទីតាំងភូមិសាស្ត្រ និងប្រភេទអចលនទ្រព្យ ហើយការកើនឡើងយ៉ាងខ្លាំងនេះ គឺទាក់ទងទៅនឹងតម្រូវការ នៃការប្រើប្រាស់អចលនទ្រព្យ ក្នុងនោះភាគច្រើនប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ” ។

លោកបន្ថែមថា យើងបានមើលឃើញថាតម្លៃដីធ្លី នៅក្នុងរាជធានីភ្នំពេញ នៅជាយរាជធានីភ្នំពេញ មានការកើនឡើងយ៉ាងខ្លាំង ដោយសារមានតម្រូវការខ្ពស់ ពីព្រោះកំណើនប្រជាជនចូលមករស់នៅ ក្នុងរាជធានីភ្នំពេញ តម្រូវការក្នុងការប្រើប្រាស់ដីធ្លី សម្រាប់សាងសង់អគារខ្ពស់ៗ ប្រើប្រាស់សម្រាប់សង់រោងចក្រ ឬឃ្លាងសម្រាប់ស្តុកទំនិញជាដើម ដូច្នេះហើយទើបតម្លៃដីធ្លីបានបន្តឡើងថ្លៃជាបន្តបន្ទាប់ ។

ការបង្កើតចំណូលមួយទៀត ពីវិស័យអចលនទ្រព្យគឺការបង្កើតចំណូ​លប្រចាំខែ ជាក់ស្ដែងការទិញអចលនទ្រព្យ ហើយជួលបន្តយកចំណូលប្រចាំខែ ។ ប្រភេទទី៣ គឺការវិនិយោគរវាងប្រភេទទី១ និងទី២ ទិញដើម្បីជួលផងនិងទុកឡើងថ្លៃផង និងក្រោយមកលក់ចេញ ។

ប្រភេទទី៤ គឺបានមកតាមរយៈយកអចលនទ្រព្យនោះ មកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន៕

ខេត្តសៀមរាបនឹងមានសមិទ្ឋផលធំៗចំនួនពីរទៀតត្រៀមបង្ហាញខ្លួននាពេលខាងមុខ

ដោយៈគង់ សូរិយា

សៀមរបៈ ផ្លូវហាយវេថ្មីមួយខ្សែ នឹងសាងសង់ចេញពីព្រលានយន្តហោះអន្តរជាតិថថ្មី មកកាន់់ក្រុងសៀមរាបននាពេលខាងមុខនេះ ដែលផ្លូវនេះមានប្រវែង១៥គីឡូម៉ែត្រ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពេលអញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបកាលពីថ្ងៃទី៣ មេសាកន្លងមកថា ដើម្បីរំដោះនិងសម្រួលការធ្វើដំណើរមកកាន់ព្រលានយន្តហោះថ្មីនេះ ផ្លូវហាយវេថ្មីមួយដែលចំណាយប្រាក់រហូតដល់១១០លានដុល្លារ នឹងសាងសង់ចេញពីព្រលាននេះ មកកាន់ក្រុងសៀមរាប។

ជាមួយគ្នានេះសម្តេចតេជោ បានស្នើឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន រៀបចំសំណើរដើម្បីសុំជំនួយឥតសំណងពីរដ្ឋាភិបាលចិន។

ក្នុងពេលជាមួយគ្នានេះ សម្តេចតេជោក៏បានបង្ហើប ពីការកសាងទីក្រុងថ្មីមួយ ដែលមានឋានៈស្មើនឹងស្រុក នៅជិតព្រលានយន្តហោះថ្មីផងដែរនាពេលខាងមុខនេះ។

សម្តេចតេជោបានបន្តថា “ការកសាងទីក្រុងថ្មីនេះ ជារឿងចាំបាច់ ហើយសម្តេចក្រឡាហោមស ខេងនឹងធ្វើការងារនេះ”៕

ក្រុមហ៊ុនមួយទិញមូលបត្របំណុលតម្លៃ៣លានដុល្លារពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានទិញមូលបត្របំណុលតម្លៃ៣លានដុល្លារពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងមានការចូលរួមពីសំណាក់លោក Clement Yang ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។

ការចុះហត្ថលេខា រវាងក្រុមហ៊ុន Medtecs និងក្រុមហ៊ុន CAIC នេះ ដើម្បីចូលរួមចំណែក ក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងគាំទ្រដោយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ថវិកាដែលបានមកពីការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕

What are the key factors driving the value of real estate in an area?

By: Sophary

Phnom Penh: Property prices in Phnom Penh, its suburbs and major provinces have risen sharply in recent years. At the same time, some provinces are quiet and property prices are not rising.

Why do the prices of real estate in one area increase so differently?

Mr. Va Virak, a trainer at Century21 Zillion Holding and an international real estate expert (CPIS), explained that there are three major factors driving real estate prices. These factors include demand for construction, population growth, and infrastructure.

The first factor is the need to build more buildings to serve various sectors. The sharp rise in property prices depends on the demand in the market of this sector. When there is need, it will increase the demand for real estate and push up the value of real estate. The current demand for real estate is in the commercial real estate sector.

The second factor is population growth in the area, as more people move to one area, the value of land and demand also increases. Land in Phnom Penh, on the outskirts of Phnom Penh, in the surrounding provinces and major provinces has increased due to the influx of people, resulting in the need to build high-rise buildings, houses, factories, warehouses, restaurants and so on.

Another important factor is the road infrastructure, the infrastructure is also a driving force for property prices in an area to increase significantly.

Mr. Virak continued, “Real estate in Cambodia is currently on the rise, with some noticing that in some areas the value of real estate is increasing by about 20 to 30 percent per year, or in other areas can go higher.

For instance, the price of land in Phnom Penh in Sen Sok district, which his family bought during 2008, has increased more than 22 times so far.

ធនាគារកណ្ដាលចិន ពង្រីកកម្មវិធីសាកល្បងប្រើប្រាស់ប្រាក់យ័នឌីជីថលE-CNYទៅកាន់ទីក្រុងសំខាន់ៗ

ដោយៈសុខុម

សៀងហៃ: ធនាគារកណ្តាលចិន បានប្រកាសកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ខ្លួននឹងពង្រីកកម្មវិធីសាកល្បងប្រើប្រាស់ រូបិយប័ណ្ណឌីជីថលរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀត រួមទាំងបណ្ដាក្រុងក្នុងខេត្តចឺជាំង (Zhejiang) ភាគខាងកើត ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា Asian Games នៅចុងឆ្នាំនេះផងដែរ។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលនិយាយថា ខ្លួននឹងជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលចិន ដែលមានឈ្មោះថា e-CNY និងពង្រីកវិសាលភាពនៃកម្មវិធីសាកល្បងនេះ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ធនាគារកណ្ដាលចិនបានឱ្យដឹងថា ក្រុងធានជីន(Tianjin) ក្រុងឆុងឈីង (Chongqing) ក្រុងគ័ងចូវ (Guangzhou) ក្រុងហ៊្វូចូវ (Fuzhou) ក្រុងស៊ាមិន (Xiamen) និងទីក្រុងចំនួន៦ទៀតក្នុងខេត្តចឺជាំង (Zhejiang) ជាប់មាត់សមុទ្រ នឹងត្រូវបានបញ្ចូលបន្ថែមទៅក្នុងទីក្រុង “សាកល្បង” សំខាន់ៗដែលមានស្រាប់ចំនួន១០ ដើម្បីសាកល្បងការប្រើប្រាស់ e-CNY។

ទីក្រុងទាំង៦ក្នុងខេត្តចឺជាំង (Zhejiang) ដែលរាប់បញ្ចូលទាំងទីរួមខេត្តហាងចូវ (Hangzhou) ផងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Games នៅខែកញ្ញា។

ធនាគារកណ្ដាលចិន បានបង្កើនការសាកល្បង ប្រើប្រាស់រូបិយប័ណ្ណឌីជីថល e-CNY ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង (Beijing Winter Olympics) ជាឱកាសមួយដើម្បីលើកកម្ពស់ការធ្វើសកលភាវូបនីយកម្មរូបិយប័ណ្ណយ័ន។

ទោះជាយ៉ាងណា គោលបំណងរបស់ក្រុងប៉េកាំង ក្នុងការធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយរូបិយប័ណ្ណឌីជីថលរបស់ខ្លួន ត្រូវបានអាក់ខានដោយសារអ្នកទស្សនា ជាជនបរទេសមិនត្រូវបានអនុញ្ញាត ឱ្យចូលទស្សនាដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។ ទន្ទឹមនេះអ្នកទស្សនានៅក្នុងស្រុកក៏មិនអាចប្រើប្រាស់ App ទូទាត់ឌីជីថលធម្មតារបស់ពួកគេបានទៀត។

សេចក្តីថ្លែងការណ៍របស់ធនាគារកណ្ដាលចិន ក៏បាននិយាយដែរថា ក្រុងប៉េកាំង និងក្រុងចាងជាខូវ (Zhangjiakou) ដែលធ្វើជាសហម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាកាលពីខែកុម្ភៈ ក៏នឹងក្លាយជាទីក្រុង សាកល្បងប្រើប្រាស់រូបិយប័ណ្ណ e-CNY ផងដែរ៕ Reuters៕