អ៊ីរ៉ាក់ នាំចេញប្រេងដល់ទៅជាង១០ពាន់លានដុល្លារក្នុងខែមីនា ជាកំនើន ខ្ពស់បំផុតក្នុងពេលកន្លះសតវត្សរ៍

ដោយៈសុខុម

បាកដាដៈ ប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេងគិតជាប្រាក់រហូតដល់ទៅ១១,០៧ពាន់លានដុល្លារអាមេរិក កាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់រយៈពេល៥០ឆ្នាំមកនេះ ខណៈតម្លៃប្រេងឆៅបានកើនឡើងស្រឺតៗ ដោយសារភ័យខ្លាចខ្វះការផ្គត់ផ្គង់ បន្ទាប់ពីរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រសួងប្រេងនៃប្រទេសនេះនិយាយថា អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំបំផុតទី២ នៅក្នុងអង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) ប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេងចំនួន១០០.៥៦៣.៩៩៩បារ៉ែល ក្នុងតម្លៃសរុប១១,០៧ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧២”។

មន្ត្រីក្រសួងមួយរូប បានទម្លាយឱ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា តួលេខដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃសុក្រ ទី១ ខែមេសា គឺជាទិន្នន័យបឋម ប៉ុន្តែទិន្នន័យចុងក្រោយជាទូទៅមិនប្រែប្រួលច្រើនទេ។

កាលពីខែកុម្ភៈ ប្រាក់ចំណូលពីប្រេង បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានរយៈពេល៨ឆ្នាំ គឺស្មើនឹង៨,៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងការនាំចេញប្រេងប្រចាំថ្ងៃចំនួន៣,៣លានបារ៉ែល។

ផ្អែកតាទិន្នន័យផ្លូវការបង្ហាញថា ការនាំចេញប្រេងមានចំនួនគ្របដណ្ដ​ប់រហូតដល់ទៅជាង៩០% នៃប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ាក់៕ AFP៕

គម្រោង ៩៥ភាគរយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ EVergrande បានចាប់ផ្ដើមដំណើរការសាងសង់វិញហើយ

ដោយៈ សុខុម

សៀងហៃ: បុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់ផុងក្នុងបំណុល China Evergrande Group បានទម្លាយឱ្យដឹងថា ពេលនេះ៩៥%នៃគម្រោងទាំងអស់របស់ក្រុមហ៊ុន Evergrande ទូទាំងប្រទេសចិន បានចាប់ផ្ដើមការងារសាងសង់វិញហើយគិតត្រឹមចុងខែមីនា។

ក្រុមហ៊ុន Evergrande បានបន្តការងារឡើងវិញ នៅក្នុងគម្រោងអភិវឌ្ឍន៍ចំនួន៧៣៤ ក្នុងចំណោមគម្រោងទាំងអស់ នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃទី២៧ ខែមីនា។ នេះបើយោងតាមផូសមួយបង្ហោះកាលពីថ្ងៃសៅរ៍ ទី០២ ខែមេសា លើ WeChat ផ្លូវការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Pearl River Delta របស់ក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande។

ទោះជាយ៉ាងណា ការលើកឡើងនោះមិនបានផ្តល់តួលេខ សម្រាប់ចំនួនសរុបជាក់លាក់ នៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Evergrande នោះទេ។

ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេ បំផុតរបស់ពិភពលោកជាមួយនឹងបំណុលរហូតដល់ ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះកំពុងដុនដាបខ្លាំង នៅក្នុងសងបំណុលថ្លៃសញ្ញាប័ណ្ណ ឬមូលបត្របំណុល ធនាគារ អ្នកផ្គត់ផ្គង់ និងប្រគល់ផ្ទះទៅឱ្យអ្នកទិញ។

យោងតាមផូសនោះបង្ហាញថា ក្រុមហ៊ុន Evergrande នឹង “បន្តរក្សាការសាងសង់ធម្មតានៃគម្រោង ទាំងនោះដើម្បីប្រគល់ជូនផ្ទះដល់អតិថិជនជាមួយនឹងការធានាគុណភាព និងបរិមាណទោះក្នុងតម្លៃណាក៏ដោយ”។

លោក Hui KaYan ប្រធានក្រុមហ៊ុន Evergrande បានសន្យាជាច្រើនដងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២១ថា ក្រុមហ៊ុននឹងបន្តការងារសាងសង់ឡើងវិញពេញលេញ ដើម្បីធានាបាននូវការប្រគល់ផ្ទះជូនអតិថិជន។

លោក Hui បានប្រាប់បុគ្គលិករបស់លោកកាលពីខែកុម្ភៈថា ក្រុមហ៊ុនមានបំណងប្រគល់ផ្ទះ ឱ្យបានចំនួន៦០០.០០០យូនីត ក្នុងឆ្នាំ២០២២។ នេះបើយោងតាមប្រភពស្និទ្ធនឹងបញ្ហានេះ និងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ៕ Reuters៕

សម្តេចតេជោបង្ហើបពីទីក្រុងរណបថ្មីមួយនឹងលេចរូបរាងនៅក្បែរព្រលានយន្តហោះថ្មីខេត្តសៀមរាប

ដោយៈជេស៊ីកា

សៀមរាបៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើ​បពីការរៀបចំទីក្រុងរណប ឬទីក្រុងតូចមួយ នៅក្បែរព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។

សម្តេចបានមានប្រសាសន៍ ក្នុងពេលចុះពិនិត្យពីដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ កាលពីថ្ងៃទី៣ មេសាកន្លងមកថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ខាងមុខ ដែលសមត្ថភាពព្រលាននេះ នឹងអាចទទួលការចុះចតយន្តហោះធំៗ និងអាចហោះអន្តរទ្វីបបាន។

សម្តេចបន្តថា “ទន្ទឹងនឹងការដាក់ដំណើរការ ព្រលានយន្តហោះនេះ ក្រុងរណបថ្មីឬទីក្រុងតូចមួយ ដែលមានឋានៈស្មើនឹងស្រុកនឹងលេចរូបរាងនៅតំបន់នេះ”។ សម្តេចបន្តថា “ជាមួយគ្នានេះ សម្តេចក្រឡាហោមស ខេងនឹងពិនិត្យមើលដំណើរការរៀបចំទីក្រុងនេះ”។

ជាមួយគ្នានេះ សម្តេចតេជោក៏បានបង្ហើប ពីការកសាងផ្លូវហាយវេប្រវែង១៥គីឡូម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់១១០លានដុល្លារ ដែលផ្លូវនេះ នឹងសាងសង់ចេញពីព្រលានយន្តហោះ មកកាន់ក្រុងសៀមរាបផងដែរ ដែលផ្លូវថ្មីនេះនឹងជួយសម្រួលចរាចរណ៍ ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ។

សម្តេចតេជោហ៊ុន សែនបានស្នើឲ្យលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនដាក់សំណើរទៅមិត្តចិន ដោយសុំកញ្វប់ជំនួយឥតសំណង៕

ទីក្រុងឌូបៃកំពុងសាងសង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោកជាថ្មី

ដោយៈគង់ សូរិយា

ឌូបៃៈ ក្រៅពីអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa ដែលមានកំពស់រហូតដល់៨២៨ម៉ែត្រ ពេលនេះទីក្រុងនេះ ត្រៀមបង្ហាញវត្តមានសណ្ឋា​គារខ្ពស់ជាងគេលើពិភពលោកជាថ្មី។

សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោកនេះ មានកម្ពស់រហូត​ដល់៣៦៥ម៉ែត្រ ដែលពេលនេះការសាងសង់បាន៥០ភាគរយហើយ ដោយវគ្រោងនឹងបញ្ចប់ការសាងសង់ ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។

សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។

យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ ដោយសារវិបត្តិកូវីដរយៈពេល២ឆ្នាំចុងក្រោយក្ដី។

សណ្ឋាគារ Ceil នេះមាន៨២ជាន់ និងមាន១ ០០០ បន្ទប់ និងសេវាកម្មប្រណីតៗជាច្រើនទៀត។

លក្ខណៈពិសេសរបស់ សណ្ឋាគារ Ceil នេះ គឺ ការរចនាដ៏លេចធ្លោនៃសាលសណ្ឋាគារ (atrium) នៅរយៈកម្ពស់៣០០ ម៉ែត្រ ជាមួយនឹងផ្ទៃរាប ស្មើដែលមានទេសភាព និងខ្យល់ចេញចូលតាមធម្មជាតិដែលលាតសន្ធឹងរបស់អាគារ។
បើតាមផែនការ សណ្ឋាគារនព គ្រោងនឹងបើកសម្ពោធឱ្យដាក់ឱ្យដំណើរការ នៅឆមាសទី១ ឆ្នាំ២០២៤៕

ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ដោយ សហការី

រាជធានីភ្នំពេញ៖ ទន្ទឹមនឹងការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែរីកចម្រើនឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជាលក្ខណៈឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ ។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុន ក៏ដូចជាអតិថិជន ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាននិងកំពុងសហការជាមួយធនាគារនានា​ក្នុងនោះមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ហៅកាត់ថា FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩​ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។

កិច្ចសហការនេះត្រូវបានពង្រីកមួយកម្រិតថែមទៀតតាមរយៈ ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស​ នៃកម្ពុជា ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅ(ទីកន្លែងចុះហត្ថលេខា) ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសជូនដល់បុគ្គលិកធនាគារ FTB ដែលមានបំណងចង់វិនិយោគ ទិញលំនៅឋានពីគម្រោងណាមួយរបស់ ក្រុមហ៊ុនអ័រគីដេ ។


កិច្ចសហការដៃគូពាណិជ្ជកម្មនេះ គឺអតិថិជនដែលទិញផ្ទះពី ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចី ពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ ៨,៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួលក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន​ ក៏ដូចជាបុគ្គលិកធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន មានប្រសាសន៍ថា “យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះជូនដល់អតិថិជនរបស់យើងផ្ទាល់ ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន​ ក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងបន្តកិច្ចសហការជាដៃគូសម្រាប់គម្រោងផ្សេងទៀតនៅថ្ងៃអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានប្រសាសន៍ថា៖ “ស្របតាមទិសដៅអភិវឌ្ឍន៍របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) យើងនឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ។ ទន្ទឹមគ្នានេះកិច្ចសហការរវាងធនាគារFTB ជាមួយនិង​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ​​ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀតជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅឋានសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព​​ និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន ។ ជាមួយកម្ចីទិញលំនៅឋានរបស់ធនាគារ អតិថិជនពិតជាទទួលបាននូវភាពងាយស្រួលក្នុងការដំណើរការ​ ទទួលបានការអនុម័ត​រហ័ស​ កម្ចីមានរយ:វែង​ និងជាមួយអត្រាការប្រាក់ប្រកួតប្រជែង ជាពិសេសនោះ គឺអតិថិជនអាចទទួលបានឥណទានក្នុងកំឡុងពេលមិនទាន់មានប្លង់កម្មសិទ្ធិ»។​​


ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងធ្វើការអភិវឌ្ឍន៍លើគម្រោងមួយចំនួនដូចជា៖ គម្រោងអ័រគីដេ​ ដឹប៊ូតានិចស៊ីធី គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលគម្រោងនីមួយៗត្រូវបានអភិវឌ្ឍនៅលើទីតាំងដែលមានសក្តានុពលខ្ពស់ ចរន្តសេដ្ឋកិច្ចល្អ មានភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មនានា ជាពិសេសរួមមានគ្រប់ប្រភេទនៃលំនៅឋានដែលសមស្របទៅតាមតម្រូវការរបស់អតិថិជនទៀតផង។


គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ការបង់ប្រាក់ គឺមានភាពងាយស្រួល និងមានភាពបត់បែនបំផុតទៅតាមតម្រូវការ និងលទ្ធភាពរបស់អតិថិជន គឺអតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ ០,៨៣% តែប៉ុណ្ណោះក្នុងមួយខែ រហូតដល់ ២៤ ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។ ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អតិថិជនអាចស្នើកម្ចីពី ធនាគារដៃគូអ័រគីដេ FTB បានដោយស្វ័យប្រវត្តិ។

សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញ ទៅសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់ទាំងបីទីតាំងរួមមាន៖

– គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ។

– គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត។

– គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333 – 076 879 9999 – 085​ 388 388 – 095 277 277 ឬ ហ្វេសប៊ុកផេច https://www.facebook.com/orkide.development



តើប្រជាពលរដ្ឋក្រុងភ្នំពេញត្រៀមខ្លួនដូចម្តេច នៅសម្រាប់ទីក្រុងនេះមានមនុស្សរស់នៅជាង៦លាននាក់នៅឆ្នាំ២០៣០

ដោយៈជេស៊ីកា

ភ្នំពេញៈ កំនើនប្រជាពលរដ្ឋ និងលំហូរចូលរបស់ប្រជាពលរដ្ឋពីជន​បទមកកាន់រាជធានីភ្នំពេញ ចន្លោះពី ២៥ទៅ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ នឹងធ្វើឲ្យទីក្រុងនេះជន់ជោរដោយមនុស្ស ជាមួយកំណើនការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុត។

សេនារីយោនេះ ហាក់មិនត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្លាំង ពីថ្នាក់ដឹកនាំទីក្រុងនេះនៅឡើយទេ ព្រោះបញ្ហាអប់រំច្បាប់ចរាចរណ៍នៅមានកំរិត ដោយសារការដាក់បន្ទុកគ្នាទៅវិញទៅមក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសស្ពានអាកាសមួយចំនួន ដែលមិនអាចជួយសម្រួលចរាចរណ៍បាន ការកសាងផែនការមេ និងប្លង់គោលប្រើប្រាស់ដីលំអិត និងផែនការហេដ្ឋារចនាសម្ព័ន្ឋលំអិត ការបែងចែកហ្សូនសំរាប់ការសាងសង់ នៅតែគ្មានភាពច្បាស់លាស់ នឹងជាបញ្ហាប្រឈមធំមួយនាពេលអនាគត។

ការបើកបរប្រជែងគ្នា ដោយមិនគោរពខ្សែផ្លូវឬគំនូសផ្លូវរបស់ខ្លួន បានធ្វើឲ្យការធ្វើដំណើរ និងស្ថានភាពចរាចរណ៍ឥតសណ្តាប់ធ្នាប់ មានសភាពអាក្រក់បំផុត បើធៀបនឹងទីក្រុងនានាក្នុងតំបន់អាស៊ាន។

យោងតាមការសិក្សារបស់វិទ្យាស្ថានស្ថិតិបានបង្ហាញថា ចំនួនប្រជាពលរដ្ឋកម្ពុជា នឹងអាចកើ់នដល់ប្រមាណ១៨លាននាក់ នៅឆ្នាំ២០៣០ ហើយក្នុងចំណោមប្រជាជនទាំងនេះ មានចំនួន៣៦,៣ភាគរយ នឹងរស់នៅទីក្រុងភ្នំពេញ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ដែលបានសិក្សាស្រាវជ្រាវពីទីផ្សារ និងបទពិសោធន៍មួយចំនួននៅតាមទីក្រុងក្នុងតំបន់បានមានប្រសាសន៍ថា រដ្ឋាភិបាលគួររៀបចំហ្សូនីង ឲ្យបានឆាប់រហ័ស ដើម្បីជម្រុញឲ្យការរៀបចំសាងសង់ និងផែនការដាក់ចេញនូវតំបន់ណាគួរសាងសង់អ្វី តំបន់ណាមិនគួរសាងសង់អគារខ្ពស់ៗជាដើម ដើម្បីធានាថាទីក្រុងនេះ រីកចម្រើនប្រកបដោយនិរន្តរភាព និងធ្វើឲ្យមានសុខមាលភាពសំរាប់ប្រជាពលរដ្ឋ។

អ្្នកស្រីបានបន្តថា “”បើធៀបនឹងទីក្រុងនានាក្នុងតំបន់ ចំនួនប្រជាពល​រដ្ឋកម្ពុជាគិតជាគីឡូម៉ែត្រ គឺមានចំនួនតិចនៅឡើយ ប៉ុន្តែរបៀបរបប​នៃការធ្វើដំណើរមានសភាពរញ៉េរញ៉ៃ និងកកស្ទះខ្លាំង”។

ជាមួយនឹងការមិនអើពើពីបណ្តាញផ្សព្វផ្សាយនានា ក្នុងការចូលរួមលើកកំពស់គុណភាពជីវិត ចូលរួមអប់រំសាធារណៈជន លើរបៀបរបបនៃកាេរប្រើប្រាស់ផ្លូវ បានធ្វើឲ្យការធ្វើដំណើរលើដងផ្លូវនានា នៅទីក្រុងភ្នំពេញ មានសភាពអាណាធិបតេយ្យគួរឲ្យខ្មាស់អៀន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានសិក្សាតាមដានពីនិន្នាការអភិវឌ្ឍន៍ទីក្រុង និងការរីកចម្រើននៃវិស័យអ​ចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្រសួងសាធារណ​ៈការ និងផ្នែកជំនាញនិមួយៗ ដែលពាក់ព័ន្ឋមានសារៈសំខាន់ណាស់ ដើម្បីអប់់រំប្រជាពលរដ្ឋពីរបៀបនៃការធ្វើដំណើរ និងការប្រើប្រាស់ផ្លូវឲ្យបានត្រឹមត្រូវ។

លោកបន្តថា “ប្រសិនជាស្ថានភាពនីបន្តអាក្រក់បែបនេះ កំណើននៃ​ការកកស្ទះចរាចរណ៍ នឹងកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំឲ្យប្រជាពលរដ្ឋខាតបង់ពេលវេលា ប្រាក់កាសកាន់តែច្រើននៅលើដងផ្លូវ”។​លោកបន្តថា “រដ្ឋបាលរាជធានីភ្នំពេញ គួរសិក្សាពីផែនការមេរបស់ខ្លួនឡើងវិញ និងមានចក្ខុវិស័យច្បាស់លាស់ ដើម្បីកសាងទីក្រុងនេះមានភាពស៊ីវិល័យ និងគួរមានផែនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋជាក់លាក់ និងរយៈពេលវែង ជាជាងរង់ចាំអង្គុយដោះស្រាយបញ្ហាមិនចេះចប់ មិនចេះហើយ”។

លោកយិន លាងគង់ បានបន្តថា ដោយសារការរីកចម្រើនសេដ្ឋកិច្ចយ៉ាងលឿន ក្នុងរយៈពេលលពីរទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យវិស័យឯកជនដើរនាំមុខវិស័យសាធារណៈ ដែលនេះជាបញ្ហាមួយដែលបាននិងកំពុងកើតមានសព្វថ្ងៃនេះ ជាក់ស្តែងបុរីរីកកាន់តែទៅកាន់ជាយក្រុង ប៉ុន្តែកង្វះហេដ្ឋារចនាសម្ព័ន្ឋក្រោមដី កង្វះទឹកស្អាត និងកង្វះការរៀបចំបណ្តាញ និងថាមពលអគ្គិសនីឲ្យមានគុណភាព បានក្លាយជាបញ្ហាដដែលៗមួយ ដែលមិនអាចដោះស្រាយបានទាន់ពេលវេលា។

លោកបន្តថា “ការមានថ្នាក់ដឹកនាំរាជធានី ដោយមានជំនាញផ្នែកនគរូបនីយកម្មត្រឹមត្រូវ ជាមនុស្សដែលមានចក្ខុវិស័យច្បាស់លាស់ គួរត្រួវបានយកចិត្តទុកដាក់”។ លោកបន្តថា “ការពិតថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមួយជំនាន់ទៅមួយជំនាន់បានធ្វើល្អច្រើនហើយ ប៉ុន្តែការមានផែនការ មានការគិតពីសុខមាលភាពសង្គម មានគំនិតអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវ គួរតែត្រូវជ្រើសរើសជាអាទិភាព សម្រាប់ឋានៈនិងតួនាទីក្នុងការដឹកនាំ ទីក្រុងដែលជាបេះដូងរបស់ប្រទេសជាតិ”៕

ប្រទេស​កូរ៉េខាងត្បូងគ្រោង​ប្រែក្រុង​​មួយ​ជា​ក្រុង​រដ្ឋបាលថ្មីរបស់​ប្រទេស​

ដោយ៖ សុខុម

សេអ៊ូល: រដ្ឋាភិបាលដែលនឹងចូលកាន់តំណែងឆាប់ៗនេះរបស់លោក Yoon Suk-yeol ប្រធានាធិបតីទើបជាប់ឆ្នោតរបស់កូរ៉េខាងត្បូង នឹងប្រែក្លាយទីក្រុងសេជុង (Sejong) ដែលស្ថិតនៅភាគខាងត្បូងចម្ងាយ១៤៤គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ទៅជាទីក្រុងរដ្ឋបាល។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ ខែមេសា។

ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ថា គណៈកម្មាធិការអន្តរកាល (Transition Committee) មានផែនការផ្ទេរផ្នែកសំខាន់ៗនៃរដ្ឋសភាទៅកាន់ក្រុង Sejong និងបង្កើតការិយាល័យប្រធានាធិបតីទី២ នៅទីនោះនៅឆ្នាំ២០២៧។

ការបង្កើតការិយាល័យប្រធានាធិបតីទី២ និងអគារនីតិប្បញ្ញត្តិមួយនៅក្នុងទីក្រុង Sejong គឺជាការសន្យាដ៏សំខាន់មួយនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Yoon Suk-yeol ជាចក្ខុវិស័យមួយដែលលោកនិយាយថានឹងពង្រឹងឋានៈទីក្រុងដែលមានប្រជាជនតិចមួយនេះ ទៅជាក្រុងរដ្ឋបាលដែលមានក្រសួង និងស្ថាប័នរដ្ឋមួយចំនួននឹងផ្លាស់ទៅកាន់ទីនោះ។

ទីក្រុងនេះនឹងមានស្ថាប័នរដ្ឋបាលកណ្តាលចំនួន៤៧ ស្ថាប័នទីប្រឹក្សាចំនួន១៦ និងស្ថាប័នចំណុះឱ្យរដ្ឋាភិបាលចំនួន២៤។ ស្ថាប័នរដ្ឋាភិបាលសំខាន់ៗចំនួន២០គឺរក្សាទុកឱ្យនៅក្នុងរដ្ឋធានីសេអ៊ូល ដដែលរួមទាំងក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងការបង្រួបបង្រួមជាតិ និងក្រសួងសមភាពយេនឌ័រផងដែរ។

គណៈកម្មាធិការអន្តរកាល និងទីភ្នាក់ងារជាតិទទួលបន្ទុកសាងសង់ទីក្រុងរដ្ឋបាល (National Agency for Administrative City Construction) បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ថា ពួកគេកំពុងពិភាក្សារកវិធីពន្លឿនការសាងសង់អគារទាំងពីរខាងលើ គឺការិយាល័យប្រធានាធិបតីទី២ និងអគារនីតិប្បញ្ញត្តិ។

វិធានការដើម្បីទាក់ទាញអាជីវកម្មនានាចូលមកកាន់ទីក្រុងនេះ ព្រមទាំងបណ្ដាគ្រឹះស្ថានអប់រំ និងសកលវិទ្យាល័យដ៏មានកិត្យានុភាពថ្នាក់តំបន់ផងដែរនោះ នឹងត្រូវបង្ហាញនៅប៉ុន្មានខែខាងមុខនេះ៕

មហាយក្សចិន ព្រលយពាក្យទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់អាហ្វហ្គានីស្ថាន

ដោយ សុខុម

អន្តរជាតិ: រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា ការទទួលស្គាល់ក្រុមនេះជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះនឹងធ្វើឡើង “នៅពេលស្ថានភាពទុំជោរ”។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) បានសន្យាគាំទ្រក្រុមសកម្មប្រយុទ្ធនេះនៅចុងបញ្ចប់នៃប្រជុំរយៈពេល២ថ្ងៃស្តីពីកិច្ចការអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ដែលអំឡុងពេលនោះរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន បានវាយប្រហារសហរដ្ឋអាមេរិក ថាជាអ្នកបំផ្លាញអធិបតេយ្យភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី០១ ខែមេសា នេះ។

ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃក្នុងខេត្តអានហួយ (Anhui) ប្រទេសចិន ដែលមានការចូលរួមពីសំណាក់ក្រុមមន្ត្រីមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសក្បែរខាងចិន មួយចំនួនដែរនេះ លោក Wang Yi លើកឡើងថា អាហ្វហ្គានីស្ថាន មិនគួរត្រូវបានផាត់ចេញពីសហគមន៍អន្តរជាតិឡើយ ហើយក៏មិនគួរក្លាយជាប្រទេសបរាជ័យនោះដែរ។

លោក Wang Yi និយាយថា រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញអាកប្បកិរិយាជាវិជ្ជមានចំពោះការចូលរួមជាមួយប្រជាជាតិដទៃទៀត ប៉ុន្តែបណ្ដាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន រំពឹងថានឹងមានការវឌ្ឍភាពបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការផ្សះផ្សាក្នុងចំណោមក្រុមជនជាតិភាគតិច ការបង្កើតនូវរដ្ឋាភិបាលមួយប្រកបដោយបរិយាបន្ន និងការការពារសិទ្ធិស្ត្រី និងកុមារ។

សហរដ្ឋអាមេរិក បានបង្កកទ្រព្យសកម្មរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ចំនួន៩ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាចពីរដ្ឋាភិបាលក្រុងកាប៊ុល កាលពីឆ្នាំមុន ហើយក្រោយមកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានបញ្ជាឱ្យរឹបអូសស៊ីដាច់ទ្រព្យសម្បត្តិទាំងនោះតែម្ដងដើម្បីយកមកបែងចែកក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងសម្រាប់ជំនួយមនុស្សធម៌ ហើយចំណាត់ការនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង រិះគន់។

ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសចិន អ៊ីរ៉ង់ ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន បានចេញសេចក្ដីថ្លែងការណ៍រួមមួយថា ការផ្តល់ជំនួយមនុស្សធម៌មិនគួរយកមកពាក់ព័ន្ធរឿងនយោបាយឡើយ ប៉ុន្តែទន្ទឹមនេះបានអំពាវនាវឱ្យអាហ្វហ្គានីស្ថាន ចាត់វិធានការជាក់ស្ដែងបន្ថែមទៀតដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយកងកម្លាំងភេរវករគ្រប់ទម្រង់៕

ក្រុមហ៊ុន CBRE រំពឹងតម្រូវការលំនៅដ្ឋាននៅប្រទេសថៃនឹងហក់ឡើងខ្ពស់ក្នុងឆ្នាំនេះ

ដោយ៖ សុខុម

បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand បានកំណត់គោលដៅលក់អចលនទ្រព្យប្រភេទលំនៅដ្ឋានឱ្យបានជាង៤១២លានដុល្លារអាមេរិក នៅឆ្នាំ២០២២ នេះជាមួយនឹងកំណើន១៥% ដោយផ្ទះប្រណីតប្រភេទទាបៗ និងផ្ទះលម្ហែកាយជាចលករដ៏សំខាន់នៅក្នុងការជំរុញកំណើន។

លោកស្រី Artitaya Kasemlawan ប្រធានគម្រោងលក់លំនៅដ្ឋានប្រចាំក្រុមហ៊ុន CBRE បានលើកឡើងថា តម្រូវការផ្ទះប្រណីតប្រភេទទាបៗ និងផ្ទះលម្ហែកាយបានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ២០២០ ហើយនឹងបន្តកើនឡើងនៅឆ្នាំ២០២២ នេះទៀត បន្ទាប់ពីការលក់ក្នុងផ្នែកទាំងពីរនេះបានកើនឡើងអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ ខែមេសា។

លោកស្រីបានបន្តថា “វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថរបស់អ្នកទិញផ្ទះ។ អតិថិជនភាគច្រើនស្វែងរកទិញផ្ទះដែលមានផ្ទៃធំទូលាយជាមុន ព្រោះពួកគេត្រូវការចំណាយពេលនៅផ្ទះច្រើនជាងមុន ធ្វើសកម្មភាពផ្សេងៗជាមួយក្រុមគ្រួសារ និងធ្វើការងារផងដែរ”។

នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន CBRE រកចំណូលបានជាង៣៥៨លានដុល្លារអាមេរិក ពីការលក់ ដោយកើនឡើងជាង៣០%ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះ៥៨%ទទួលបានពីផ្ទះប្រភេទទាបៗ (៣៩%) និងផ្ទះលម្ហែកាយ (១៩%)។

ការលក់ផ្ទះប្រភេទទាបៗក្នុងឆ្នាំ២០២១ ក៏កើនឡើង៦៩%ដែរធៀបនឹងឆ្នាំ២០២០ ដោយទទួលបានកំណើន៣ឆ្នាំជាប់ៗគ្នា។

ការលក់រួមបញ្ចូលគ្នានូវផ្ទះប្រភេទទាបៗ និងផ្ទះលម្ហែកាយបានកើនឡើងពី១៤%ក្នុងឆ្នាំ២០១៩ ដល់៥៦%ក្នុងឆ្នាំ២០២០ និង៥៨%ក្នុងឆ្នាំ២០២២។

លោកស្រី Artitaya Kasemlawan បានលើកឡើងថា នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទីផ្សារខុនដូមានសន្ទុះកើនឡើងខ្លាំង និងគ្របដណ្ដប់ដល់ទៅ៨៥,៩%នៃការលក់អចលនទ្រព្យសរុបរបស់ក្រុមហ៊ុន CBRE ក្នុងឆ្នាំ២០១៩ មុនពេលប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម៤៣,២%ក្នុងឆ្នាំ២០២០ និង៤២%ក្នុងឆ្នាំ២០២១៕

ប្រទេស​ជប៉ុនពិចារណា​ជួយ​រៀបចំ​ខេត្តសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេល​អនាគត

ដោយ៖ ម៉ាលីស

សៀមរាប: រដ្ឋាភិបាល​ជប៉ុន​ទាម​រយៈ​ JICA កំពុង​ពិចារណា​ជួយ​រៀបចំ​ក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ានជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ​ នៅពេលខាងមុខ។

ក្នុង​ជំនួប​ជាមួយ​អគ្គកុងស៊ុលជប៉ុនលោក ហ្គា វ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នៅថ្ងៃទី០១ ខែមេសានេះ លោក លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាបបាន​លើកឡើង​ថា ក្នុងរយៈពេលពីរឆ្នាំនេះខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។

លោក​បន្តថា​ នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តសៀមរាប មានរៀបចំកម្មវិធីសៀមរាបសង្រ្កាន្ត ដើ​ម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងខេត្តសៀមរាប ព្រមទាំងអាចអោយបងប្អូនអាជីវករអាចរកចំណូលបានផងដែរ​។

លោក​ប្រាក់ សោភ័ណ បានបន្ថែម​ថា ទាំងនេះពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង ហើយទីក្រុងឆ្លាតវៃនេះគឺ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេលខាងមុខនេះ។

កន្លងមក ខេត្តសៀមរាបបានចុះអនុស្សរណៈជាមួយ JICA ក្នុង​គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដោយមានទឹកប្រាក់វិនិយោគសរុបប្រមាណ៩០លានដុល្លារអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពផលិតទឹកស្អាត៦០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប រួមជាមួយនឹងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប១៩៦គីឡូម៉ែត្រ។ ក្រៅពីនោះរដ្ឋាភិបាលជប៉ុនបានជួយជួសជុលប្រាង្គប្រាសាទនានា ជាពិសេស ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តផងដែរ៕