លោកហ៊ុន ម៉ានីចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទទួលបានផ្លូវជាតិលេខ៥១

       ដោយៈគង់ សូរិយា

       កំពង់ស្ពឺៈ លោកហ៊ុន ម៉ានីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាជនខ្មែរដែលទទួលបានផ្លូវថ្មី (លេខ៥១) ឆ្ពោះពីឧដុង្គ  មកកាន់ថ្នល់ទទឹង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លោកបានសរសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួននៅព្រឹកថ្ងៃទី២៥ មិនានេះ ក្នុងពេលលោកបានអញ្ជើញចូលរួមសម្ភោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥១ថា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្តេចក៏បានលើកឡើង ពីការរីកចម្រើនគួរឲ្យកត់សម្គាល់លើជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងវិស័យអចលនទ្រព្យដែលបានរីកលូតលាស់យ៉ាងគំហុក ជាពិសេសក្នុងតំបន់នេះផ្ទាល់តែម្តង។

លោកបន្តថា “ទាំងនេះគឺដោយសារកម្ពុជា និងប្រជាជនកម្ពុជាកំពុងតែស្ថិតក្នុងបរិយាកាស នៃការរស់នៅជាមួយសន្តិភាពពេញលេញ បរិយាកាសនៃសេចក្តីសុខ សូម្បីតែករណីនៃការឆ្លងរាលដា​លជំងឺកូវីដ១៩ ក៏មានចំនួនតិចជាងបណ្តាប្រទេសជិតខាង ឬក្នុងតំបន់ឆ្ងាយណាស់”។

លោកបន្តថា ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ខ្ញុំពិតជាមានក្តីសោមនស្ស រីករាយចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ និងសូមឆ្លៀតឱកាសថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជនជាអាទិភាព និងបានពុះពារ លះ​បង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកសន្តិភាព សេចក្តីសុខ និងស្នាមញញឹមជូនប្រជាពលរដ្ឋរហូតមកដល់បច្ចុប្បន្ន៕

សម្តេចតេជោថ្លែងថា ដីធ្លីឡើងថ្លៃបានឡើងថ្លៃគ្រប់ទីកន្លែងដោយសារកត្តាសន្តិភាព

ដោយៈ សុផារី

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា ពេលនេះដីត្រង់ណាក៏ឡើងថ្លៃដែរ កំហុសមកពីសម្តេចតេជោ ដែលធ្វើឱ្យមានសន្តិភាព ប៉ុន្តែការខុសរបស់សម្តេចបានចំណេញ ដល់ពល​រដ្ឋកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្តេចតេជោ ហ៊ុន សែ បន្ថែមថា “ឃើញអីលូវដីឡើងថ្លៃ សូម្បីតែ៤ម៉ែត្រក៏ថ្លៃដែរ សម័យសង្រ្គាម រត់ចោលដីទាំងអស់ អីលូវដីត្រង់ណាក៏ឡើងថ្លៃ កំហុសមកពីខ្ញុំធ្វើឱ្យមានសន្តិភាព អស់សង្គ្រាម”។ សម្តេចបន្តថា “ប៉ុន្តែការខុសរបស់ខ្ញុំ បានចំណេញដល់ពលរដ្ឋយើង ចំណេញទាំងសាច់ឈាម ដែលមិនត្រូវស្លាប់ របួសពិការ  និងចំណេញដល់ការកសាងជីវភាពគ្រួសារនីមួយៗផងដែរ”៕

សម្ដេចតេជោៈផ្លូវជាតិលេខ៥១អាចចាត់ទុកថាជាផ្លូវខ្សែក្រវាត់វាងក្រុងភ្នំពេញ

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១អាចចាត់ទុកថា ជាផ្លូវខ្សែក្រវាត់វាងរាជធានីភ្នំពេញ ដែលអាចសម្រួលដល់ការធ្វើដំណើរ និងផ្តល់ផលប្រយោជន៍ដ៏ច្រើន សម្រាប់វិស័យសេដ្ឋកិច្ចនិងសង្គម។

សម្ដេចតេជោបានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្ដេចតេជោបានថ្លែងបន្តថា “សម្រាប់អ្នកធ្វើដំណើរវែងឆ្ងាយ ឧទាហរណ៍អ្នកធ្វើដំណើរពីខេត្តកំពត ខេត្តតាកែវ ឬខេត្តកំពង់ស្ពឺ ត្រូវធ្វើដំណើរទៅខេត្តពោធិ៍សាត់ ឬក៏ខេត្តបាត់ដំបង គ្មានការចាំ​បាច់ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ រួចហើយធ្វើដំណើរបន្តតាមផ្លូវជាតិលេខ៥នោះទេ គេអាចមកដល់ទីនេះ ហើយឆ្លងតាមនេះគឺកាត់ត្រង់ទៅរកឧដ្ដុងតែម្ដង”។

សម្តេចបន្តថា ផ្ទុយទៅវិញ អ្នកដែលនៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ចង់ធ្វើដំណើរទៅកំពង់សោម ទៅកំពតទៅកែប គឺធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់ទីក្រុងភ្នំពេញ នាំអស់សាំងអស់ថ្លៃឡានទេ គេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះតែម្ដង។

សម្តេចបានថ្លែងថា “នេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចផ្តល់ផលប្រយោជន៍ដ៏ច្រើន សម្រាប់វិស័យសេដ្ឋកិច្ចនិងសង្គម”។

គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គត្រង់ចំណុចប្រសព្វ ផ្លូវជាតិលេខ៥ទៅដល់ថ្នល់ទទឹងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤។

ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្ត រវាងខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤២ ទៅភ្នំពេញនិងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះសម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រា​ប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាននិងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រា​ប់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយខ្សែផ្លូវនេះ៕

សម្តេចតេជោនឹងអញ្ជើញសម្រាកលម្ហែកាយនៅក្នុងខេត្តព្រះសីហនុអំឡុងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា សម្តេចនឹងអញ្ជើញទៅសម្រាកលម្ហែកាយជាមួយគ្រួសាររបស់សម្តេចនៅក្នុងខេត្តព្រះសីហនុនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីនៅព្រឹកថ្ងៃសុក្រនេះថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាធម្មតា ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានច្រើនលើសលប់។

សម្តេចតេជោបានប្រកាសឱ្យមន្ត្រីមូលដ្ឋានទាំងអស់ត្រៀមរៀបចំឱ្យបានល្អសម្រាប់បុណ្យចូលឆ្នាំ មុខចូលឆ្នាំខ្មែរបានមកដល់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្ដេចតេជោបានថ្លែងថា “ឆ្នាំមន្ត្រីមូលដ្ឋានទាំងអស់!សូមត្រៀមរៀបចំឱ្យបានល្អ មុខចូលឆ្នាំខ្មែរមកដល់”។

សម្តេចតេជោក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល៕

ក្រុមហ៊ុន Airbus រំពឹងទទួលបានការកុម្ម៉ង់យន្តហោះរហូតដល់ជាង ២.០០០គ្រឿងពីឥណ្ឌា

ដោយៈសុខុម

ឥណ្ឌា: ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus នៅថ្ងៃទី២៤ ខែមីនា នេះបានបង្ហាញក្ដីរំពឹងថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងបញ្ជាទិញយន្តហោះរបស់ខ្លួនរហូតដល់ទៅ២.២១០គ្រឿង ក្នុងរយៈពេល២០ឆ្នាំខាងមុខ បើធៀបនឹងចំនួន១.៩០០គ្រឿងដែលខ្លួនបានព្យាករទុកមុននេះ។

អំឡុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះមួយ កាលពីពេលថ្មីៗនេះ លោក Brent McBratney ប្រធានផ្នែកទីផ្សារអាកាសចរណ៍ សម្រាប់ទីផ្សារឥណ្ឌា និងអាស៊ីខាងត្បូងនៃក្រុមហ៊ុន Airbus បានលើកឡើងថា ដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប មានចំនួនភាគច្រើន នៅក្នុងទីផ្សារឥណ្ឌា ក្រុមហ៊ុនAirbus រំពឹងថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងត្រូវការយន្តហោះធុនតូចដែលមានច្រកដើរមួយជួរ (Narrowbody Plane) ប្រមាណ១.៧៧០គ្រឿង ដើម្បីពង្រីកសមត្ថភាព និងជំនួសយន្តហោះចាស់ៗរបស់ខ្លួន ហើយសល់ប៉ុន្មានគឺយន្តហោះធុនធំ ដែលមានច្រកដើរ២ជួរ (Widebody Plane)។

លោក Brent McBratney បានគូសបញ្ជាក់ថា ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិរបស់ឥណ្ឌា ត្រូវបានរំពឹងថានឹងកើនឡើង៦,២% ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំខាងមុខ ដែលលើសពីកំណើនជាមធ្យមរបស់ពិភពលោក ដែលមានត្រឹមប្រមាណ៣,៩%។

ក្រុមហ៊ុន Airbus រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាស ក្នុងស្រុករបស់ប្រទេសឥណ្ឌា នឹងឈានដល់កម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅពាក់កណ្តាលឆ្នាំ២០២២ ខណៈចរាចរណ៍ធ្វើដំណើរ តាមផ្លូវអាកាសរបស់អន្តរជាតិត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំក្រោយ។

ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប មួយនេះបាននិយាយកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២១ ថា ខ្លួនរំពឹងថានឹងផ្គត់ផ្គង់យន្តហោះ សរុបចំនួន៣៩.០២០គ្រឿងនៅ២០ឆ្នាំក្រោយ បើធៀបនឹងចំនួន៣៩.២១៣គ្រឿង ដែលខ្លួនបានព្យាករកាលពី២ឆ្នាំមុននេះ៕ Reuters៕

កំណាត់ផ្លូវជាតិលេខ៥ភាគកណ្ដាលត្រូវបានចុះហត្ថលេខាចាប់ផ្តើមសាងសង់ហើយ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចុះហត្ថលេខាសាងសង់ដល់ក្រុមហ៊ុន២ ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត ដែលជាកញ្ចប់ទី៤នៃគម្រោងផ្លូវជាតិលេខ៥ទាំងមូល។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture។

កំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលត្រូវចុះហត្ថលេខានាពេលនេះ គ្រោងនឹងប្រើរយៈពេលសាងសង់ប្រមាណ៣២ខែ និងចំណាយថវិកាចំនួន៥២ ៥៦១៧៦៣,៩៣ដុល្លាអាមេរិក។

កញ្ចប់ទី៤នេះ នឹងពង្រីកផ្លូវចាស់ពី២គន្លង ទៅ៤គន្លង ក្រាលកម្រាល AC កម្រាស់១៥សម និងសួនច្បារកណ្តាលប្រវែង៣៥,១៤គីឡូម៉ែត្រ ចាប់ពីគម៣៦៦+៨១៥ ដល់ គម៤០២+០១០។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ ជាផ្លូវដ៏បានសារៈសំខាន់ ដែលតភ្ជាប់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ១ បង្កើតបានជាផ្លូវអាស៊ានហាយវេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ជាពិសេសស្របពេលដែលកំណើនចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើង។

កាលពីពេលថ្មីៗនេះ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤,៧៤ គីឡូម៉ែត្រទើបតែបានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA​) ដែលមានទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ប្រមាណ៣១៣លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណា​ត់ផ្លូវជាតិលេខ៥ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណទៅដល់ប៉ោយប៉ែត ប្រវែង៣៥,១៤គីឡូ​ម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ៕

មហាយក្សចិន និងឥណ្ឌា សម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់រុស្ស៊ី

ដោយៈសុខុម

អន្តរជាតិ: បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន កំពុងសម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់ប្រទេសរុស្ស៊ី ខណៈការផ្គត់ផ្គង់របស់ប្រទេសនេះ បន្តហូរចូលក្នុងទីផ្សារសន្សឹមៗ ក្រោយទទួលរងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។

ក្រុមឈ្មួញទម្លាយឱ្យដឹងថា ខុសពីបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌា ដែលបានចេញចំនួនដេញថ្លៃទិញប្រេងឆៅរបស់រុស្ស៊ី បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន កំពុងចរចាជាសម្ងាត់ដោយផ្ទាល់ជាមួយអ្នកលក់។

យោងតាមក្រុមឈ្មួញ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយព័ត៌មានសម្ងាត់ថា បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង ឯករាជ្យរបស់ប្រទេសចិន ក៏កំពុងសម្ងំសម្រុកទិញប្រេងឆៅរុស្ស៊ី ដូចគ្នាដែរ។

អ្នកទិញភាគច្រើនកំពុងគេចចេញ ឬជៀសវាងពីប្រេងឆៅរបស់រុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ដោយភ័យខ្លាចការខូចកេរ្តិ៍ឈ្មោះ ឬធ្លាក់ចូលក្នុងរណ្ដៅទណ្ឌកម្ម។

យោងតាមក្រុមឈ្មួញឱ្យដឹងថា បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ របស់ប្រទេសចិន ដែលគ្របដណ្ដប់១ភាគ៤ នៃសមត្ថភាពចម្រាញ់ប្រេងរបស់ប្រទេសចិន និងដែលភាគច្រើនមានមូលដ្ឋាននៅខេត្តសានតុង (Shandong) បានទិញប្រេងឆៅរុស្ស៊ី នៅកំពង់ផែភាគខាងកើត Kozmino របស់ប្រទេសរុស្ស៊ី។

ភាគច្រើនការជួញដូរប្រេងរបស់រុស្ស៊ី ត្រូវបានធ្វើជាឡើងជាសម្ងាត់ ក្រោយប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ ទាំងអ្នកទិញ និងអ្នកលក់ត្រូវបង្ខំចិត្តធ្វើការចរចាជាលក្ខណៈឯកជន បន្ទាប់ពីការដេញថ្លៃមួយទទួលបានលទ្ធផលសូន្យ ពោលគឺគ្មានអ្នកដាក់ដេញថ្លៃទាល់តែសោះ។

ក្រុមហ៊ុនប្រេងអង់គ្លេស Shell Plc បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីទិញប្រេងឆៅរបស់រុស្ស៊ី មិនយូរប៉ុន្មានក្រោយពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង។

ទោះជាយ៉ាងណា ក្រុមហ៊ុនប្រេងធំៗរបស់ឥណ្ឌា រួមមានក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Hindustan Petroleum និង ក្រុមហ៊ុន ONGC ជាដើមបានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

យោងតាមទិន្នន័យ ដែលប្រមូលចងក្រងដោយសារព័ត៌មាន Bloomberg បង្ហាញថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានទិញប្រេងឆៅរបស់រុស្ស៊ី យ៉ាងតិច១៣លានបារ៉ែលចាប់តាំងពីចុងខែកុម្ភៈ មក ដោយក្រុមហ៊ុន Indian Oil បានទិញ៣លានបារ៉ែលបន្ថែមទៀតនៅក្នុងការដេញថ្លៃចុងក្រោយរបស់ខ្លួន៕ Bangkok Post៕

អាមេរិក និងអង្គការ NATO កំពុងត្រៀមប្រុងជើងការទប់ទល់ក្នុងករណីរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន

ដោយៈសុខុម

អន្តរជាតិ: សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយអង្គការបក្សសម្ព័ន្ធយោធា NATO ដើម្បីត្រៀមប្រុងជើងការទប់ទល់ក្នុងករណីរុស្ស៊ី ប្រើប្រាស់អាវុធជីវសាស្ត្រឬអាវុធនុយក្លេអ៊ែរ ខណៈបណ្ដាប្រទេសអភិវឌ្ឍន៍ឈានមុខគេ របស់ពិភពលោក គ្រោងធ្វើការព្រមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងការដាក់ពង្រាយអាវុធបែបនេះ។

ខណៈការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន បានឈានចូលដល់ខែទី២ មន្ត្រីអាមេរិក ជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហ​ស្បតិ៍ ទី២៤ ខែមីនា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយបណ្ដាសម្ព័ន្ធមិត្តដើម្បីត្រៀមប្រុងជើងការ និងចាត់វិធានការទប់ស្កាត់ការប្រើប្រាស់អាវុធប្រល័យលោកពីសំណាក់រុស្ស៊ី ព្រមទាំងវិធានការវេជ្ជសាស្រ្ត និងវិធានការទប់​ទល់ដទៃទៀតដើម្បីជួយដល់អ៊ុយក្រែន។

ការទម្លាយព័ត៌មាននេះធ្វើឡើង នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានជួបជាមួយថ្នាក់ដឹកនាំអង្គការ NATO ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក មួយថ្ងៃបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយសម្រាលចំពោះហានិភ័យ នៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។

បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើការព្រមានថា ពួកគេនឹងបន្តផ្ដល់ “ផលវិបាកធ្ងន់ធ្ងរ” ដល់ប្រទេសរុស្ស៊ី តាមរយៈការអនុវត្តពេញលេញ និងពេញទំហឹងនូវទណ្ឌកម្ម ដែលបណ្ដាប្រទេសបានដាក់រួចហើយ ហើយត្រៀមអនុវត្តវិធានការបន្ថែមទៀត។

លោក ចូ បៃឌិន កំពុងស្ថិតនៅក្នុងទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន៣ជាមួយអង្គការ NATO ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប ខណៈក្រុមមេដឹកនាំពិភពលោក បានបង្ហាញសាមគ្គីភាព នៅក្នុងការប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី ហើយព្យាយាមបង្កើនវិធានការ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច៕ South China Morning Post៕

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិហោះត្រង់មកកាន់ព្រលានយន្តហោះខេត្តព្រះសីហនុមានការកើនឡើង

ដោយៈគង់ សូរិយា

ព្រះសីហនុៈ ជាមួយនឹងដំណើរវិវត្តន៍កាន់តែប្រសើរ ព្រលានយន្តហោះក្រុងព្រះសីហនុបានទទួលជើងហោះហើរច្រើនជាងមុន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។

អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៤មិនាថា រហូតមកទល់ពេលនេះ អាកាសយានដ្ឋាន ខេត្តព្រះសីហនុទទួលបានការហោះហើរតភ្ជាប់ត្រង់ច្រើនជាងមុន ដោយបច្ចុប្បន្នមានអាកាសចរណ៍ហោះត្រង់ មកកាន់ព្រលាននេះចំនួនបីលើកក្នុងមួយសប្តាហ៍ និងមានការហោះហើរត្រង់ពីប្រទេសចិនផងដែរ ប៉ុន្តែចំនូនអ្នកដំណើរនៅមានកម្រិតនៅឡើយ។

លោកបន្តថា “ជាមួយនឹងការមកដល់របស់អ្នកដំណើរនេះ អ្នកវិនិយោគចិនបានវិលត្រលប់មកវិញបណ្តើរៗផងដែរ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយ”។ លោកបន្តថា “ជាបញ្ហាគឺកម្ពុជាបានបើកចំហជើងមេឃ មិនមានការធ្វើចត្តាឡីស័ក ប៉ុន្តែរដ្ឋាភិបាលចិនបានបន្តរឹតបន្តឹងខ្លាំងនៅឡើយ”។

ក្រុងព្រះសីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំទុនវិនិយោគក្នុងវិស័យសំណង់គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ទំហំទឹកប្រាក់ក្នុងវិស័យនេះ មានរហូតដល់ប្រមាណ៨០០០លានដុល្លារអាមេរិក។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា អ្នកវិនិយោគចិនបាននិងកំពុងវិលត្រលប់មកវិញហើយ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងថែមទៀត ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនបានចូលជាធរមាន ខណៈកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ កម្ពុជាបានផ្តល់សច្ចាប័នរូចហើយ។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជានឹងមានកំនើនខ្ពស់ ស្របពេលលំហូរទុនវិនិយោគ នឹងកើនឡើងខ្លាំងនាពេលខាងមុខនេះ ព្រោះកម្ពុជា នឹងក្លាយជាមូលដ្ឋានផលិតធំមួយ សម្រាប់នាំចេញដោយរួចពន្ឋទៅកាន់ទីផ្សារប្រទេសចិន”។

ប្រធានាធិបតីចិន លោកស៊ី ជីនពីងក្នុងកិច្ចសន្ទនាជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីសប្តាហ៍មុន បានសន្យាជម្រុញឲ្យអាកាសចរណ៍ចិន កាន់តែច្រើនហោះហើរមកកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ លោកបានសន្យានាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ប្រទេសចិនឲ្យបានច្រើននាពេលខាងមុខផងដែរ៕

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបមិនទាន់បញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋនៅលើទីក្រុងកោះរ៉ុងនៅឡើយទេ

ដោយៈជេស៊ីកា

ព្រះសីហនុៈ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបរបស់មហាសេដ្ឋីកម្ពុជា អ្នកឧកញ៉ាគិត ម៉េង មិនទាន់បញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានានៅលើទីក្រុងកោះរ៉ុងដ័ល្បីឈ្មោះនៅឡើយទេ។

លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៤ មិនាថា កោះរ៉ុងដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលសិទ្ឋសម្បទាន ដើម្បីយកមកអភិវឌ្ឈន៍ពីរដ្ឋាភិបាល បានសាងសង់ផ្លូវបេតុងបានមួយចំនួនរួចហើយ ប៉ុន្តែគំរោងនេះមិនទាន់បានបញ្ចប់នៅឡើយទេ។

លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បានសាងសង់បានមួយចំនូនធំហើយ ប៉ុន្តែមិនទាន់រូចរាល់នោះទេ”។លោកបន្តថា “ក្រៅពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទឹកសមុទ្រខៀវស្រងាត់ កោះរ៉ុងមានទឹកធ្លាក់ ឆ្នេរលំហែរ និងព្រៃកោងកាងដ៏ខៀវស្រងាត់ផងដែរ”។

លោកឃាង ភារម្យ បានបន្តថា ទាក់ទងនឹងរដ្ឋបាលក្រុង អគារធ្វើការនានាបានបញ្ចប់បណ្តើរហើយ ខណៈក្រុមមន្រ្តីពាក់ព័ន្ឋក៏បានចូលបំពេញការងារផងដែរ”។

កោះរ៉ុងជាកោះដ៏ស្រស់ស្អាត ប្រៀបដូចជាឋានសួគ៏មួយផុសឡើងកណ្តាលផ្ទៃសមុទ្រ ដែលមានទឹកព៌ណខៀវស្រងាត់ និងសម្បូរជីវៈចម្រុះ ដែលអ្នកនិយមហែលទឹកលេង តែងតែហែលទឹកមើលផ្កាថ្ម មច្ឆាចម្រុះព័ណ និងបណ្តាជីវចម្រុះជាច្រើនទៀត៕