ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Agile Group ដែលមានគម្រោងនៅកម្ពុជាសម្រុកលក់ភាគហ៊ុនដើម្បីដោះបំណុល

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Agile Group កំពុងសម្រុកលក់ទ្រព្យសកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងតម្លៃប្រមាណ២៨០លានដុល្លារអាមេរិក ដើម្បីដោះបំណុល។ នេះបើយោងតាមសារព័ត៌មាន Mingtiandi ចុះផ្សាយនៅដើមខែកុម្ភៈ នេះ។

តាមរយៈឯកសារ នៅលើផ្សារភាគហ៊ុនហ៊ុនក្រុងហុងកុង បានបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាន នៅក្រុងគ័ងចូវ (Guangzhou) ខេត្តគ័ងតុង (Guangdong) ប្រទេសចិន ដែលមានវិបត្តិសាច់ប្រាក់នេះ កំពុងប្រកាសលក់ភាគហ៊ុនរបសខ្លួន នៅក្នុងគម្រោងលំនៅដ្ឋាន២ ដែលកំពុងសាងសង់នៅក្រុងស៊ូចូវ (Xuzhou) ខេត្តជាងស៊ូ (Jiangsu) និងគម្រោងទី៣ នៅក្រុងអ៊ីវូ (Yiwu) ខេត្តចឺជាំង (Zhejiang) ឱ្យទៅក្រុមហ៊ុន China Overseas Land & Investment (COLI) ដែលជាដៃគូសហការ ក្នុងគម្រោងក្នុងតម្លៃសរុបជាង១៥៧លានដុល្លារអាមេរិក។

ដាច់ដោយឡែកពីនេះក្រុមហ៊ុន Agile Group បានព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងក្រុមហ៊ុនគ្រប់គ្រងសំរាម និងក្រុមហ៊ុនផលិតថាម​ពល​ចំនួន៥មានមូលដ្ឋាននៅខេត្តះហឺប៉ី (Hebei) និងខេត្តសានតុង (Shandong) ឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ China Conch Venture Holdings ក្នុងតម្លៃ១២៦លានដុល្លារអាមេរិក។

ក្រុមហ៊ុន Agile Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទី២០ នៅប្រទេសចិន បាននិយាយកាលពីចុងខែមករា ការលក់ទ្រព្យទ្រព្យសកម្មទាំងនេះ នឹងធ្វើឱ្យខ្លួនមានរំហូរសាច់ប្រាក់ភ្លាមៗ ហើយនឹងជួយឱ្យខ្លួនបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកដើមទុន សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀតរបស់ខ្លួន។

ការប្រកាសចុងក្រោយនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន COLI កាលពីសប្តាហ៍នៃចុងខែមករា បានបង្ហាញកិច្ចព្រមព្រៀងទិញភាគហ៊ុន២៦,៦៦ភាគរយរបស់ក្រុមហ៊ុន Agile Group និង២៦,៦៧%របស់ក្រុមហ៊ុន Shimao Group នៅក្នុងគម្រោងបណ្ដាក់ទុនរួមគ្នា របស់ពួកគេនៅក្រុងគ័ងចូវ ក្នុងតម្លៃ៥៨០លានដុល្លារអាមេរិក។ Mingtiandi៕

ក្រុងសំខាន់ៗចំនួនបី ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់ ADB ស្របតាមផែនការរបស់រដ្ឋាភិបាល

ដោយៈជេស៊ីកា

ភ្នំពេញៈ ការផ្តល់ជំនួយ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រក​បដោយចីរភាព របស់់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងដើរស្របគ្នា នឹងផែនការអភិវឌ្ឈន៍រយៈពេលវែងរបស់រដ្ឋាភិបាល។

នៅក្នុងផែនការយុទ្ធសាស្ត្រ នៃភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជា ADB បានផ្តោតលើតំបន់ ស្ថិតនៅតាមច្រករបៀងភាគខាងត្បូង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ (Greater Mekong Sub region) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និងប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពត បានក្លាយជាគោលដៅទេសចរណ៍។

នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងជំនួយ ADB នឹងគាំទ្រដល់ការស្តារប្រឡាយ ដែលមានស្រាប់ និង ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។

នៅក្រុង កំពតគម្រោងជំនួយនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់។

គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូ​លដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំង លើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយ ដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និងផែនការដើម្បីធានា បាននូវការផ្តល់សេវាប្រកប​ដោ​យប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យឯកជន។

គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រ ដោយជំនួយបច្ចេកទេស ចំនួន២លានដុល្លារ ពីមូលនិធិជប៉ុនសម្រា ប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើ ឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ។

ក្នុងគោលដៅជម្រុញការអភិវឌ្ឍន៍ដោយចីរភាព កាលពីពេលថ្មីៗនេះ ADB បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន៣នៅកម្ពុជា ធ្វើឱ្យប្រសើរនូវហេដ្ឋា រចនាសម្ព័ន្ធទីក្រុង និង បង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីពេលថ្មីៗនេះ។

គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដោ​យសារអនាម័យមិនល្អ។ វាក៏នឹងជួយអជ្ញាធរក្រុង ទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។

ជាមួយនឹងផែនការអភិវឌ្ឈន៍កញ្ចប់ជំនួយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញ នូវផែនការអភិវឌ្ឈន៍រយៈពេលវែង សម្រាប់ទីក្រុងទាំងបីនេះផងដែរ ដោយរដ្ឋាភិបាលបានដាក់បញ្ចូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុងបាវិត ខេត្តស្វាយរៀង ទៅក្នុងគោល​​នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីអភិវឌ្ឈន៍ទីក្រុងនេះ ជាទីក្រុងសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីសម្រូលការដឹកជញ្ជូន។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ​តែងតែចាត់ទុកតំបន់ឆ្នេរ “ជាក្បាលនាគ” សម្រាប់ជំរុញសេដ្ឋកិច្ច តាមរយៈសក្តានុពលមានស្រាប់នៅតំបន់នេះ ដោយសម្តេចបានចាត់ទុកតំបន់ឆ្នេរ “ជាតារារះនាទិសនារតី”ផងដែរ។

សម្តេចតេជោ ក៏បានបង្ហើបកាលពីពេលថ្មីៗនេះផងដែរ ពីផែនការរៀបចំប្រព័ន្ឋចម្រោះទឹកស្អាត នៅខេត្តកំពតនាពេលខាងមុខផងដែរ ដើម្បីកុំឲ្យមានផលប៉ះពាល់បរិស្ថាននាពេលអនាគត ពិសេសទប់ស្កាត់ការបង្ហូរទឹក​កខ្វក់ចូលក្នុងសមុទ្រ៕

តើអ្នកគួរវិភាគលើការទិញ ឬលក់អចលនទ្រព្យេរបស់អ្នកផ្អែកលើកត្តាអ្វីខ្លះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសម្រេចចិត្តដើម្បីចាប់ផ្តើមវិនិយោគ ឬលក់អចលនទ្រព្យរបស់ខ្លួនមានសារៈសំខាន់ណាស់់ ដែលអ្នកវិនិយោគគួរដឹងពីចំណុចគន្លឹះមួយចំនួន។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឈន៍ដីឡួត៍កម្ពុជា និងជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោក​យិន លាង​គង់​ បាន​ដែលបានតាមដានការវិវត្តនៃសេដ្ឋកិច្ច សង្គម និងអចលនទ្រព្យជាច្រើនឆ្នាំបានមានប្រសាសន៍ថា ការវិនិយោគ​លើ​អចលនទ្រព្យ ទាំង​ដីធ្លី ផ្ទះសម្បែង តែងតែមាន​ផលចំណេញ​នាពេល​អនាគត ប្រសិនជា​អ្នកទិញ​បាន​ក្នុងតម្លៃ​សមរម្យ ទីតាំង​ត្រឹមត្រូវ ជា​តំបន់​ដែល​ស្ថិត ក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ជាដើម។

លោក​បន្តថា ប៉ុន្តែ​ដើម្បី​ទិញ​ដីធ្លី ឬ​ផ្ទះ​ត្រូវ និង​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត អ្នកវិនិយោគ​ត្រូវ​សម្លឹង​លើក​ត្តា​មួយចំនួន ដូចជា ពេលវេលា​សមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ជាដើម។

ពេលវេលា​សមស្រប
ពេលវេលា​សមស្រប គឺ​សំដៅ​ដល់​ការទិញ​ដី​ឬ​ផ្ទះ នៅក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​តម្លៃ​ដីធ្លី ឬ​ផ្ទះសម្បែង​តែងតែ​ចុះថ្លៃ ឬ​ស្ថិត​ក្នុងតម្លៃ​ទ្រឹង។ ហេតុនេះ​ការវិនិយោគ​ដីធ្លី ​ក្នុងកំឡុងពេល​បែបនេះ នឹងមាន​ឳ​កាស​ចំណេញ​ខ្ពស់ ពិសេស​នៅពេល​សេដ្ឋកិច្ច​ងើបឡើង​វិញ​ឆាប់រហ័ស។

ការវិនិយោគ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត សម្រាប់​អ្នកវិនិយោគ​ឆ្លាត​វៃ ពួកគេ​មិនសូវ​ទុក​យូរពេក​នោះទេ នៅពេល​ចំណេញ​បាន៥០ភាគរយ ឬមួយ​គុណ​នឹង​ពីរ គេ​លក់​ចេញ ដើម្បី​ទៅ​វិនិយោគ​នៅ​កន្លែង​ដទៃទៀត​ហើយ។ លើកលែងតែ​អ្នកវិនិយោគ​ប្រើ​យុ​ទ្ឋ​សាស្ត្រ Land Banking ឬ House Banking។

កត្តាសេដ្ឋកិច្ច
នៅពេល​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​កំណើន​ល្អប្រសើរ វា​តែងតែមាន​រយៈពេល​កំណ​ត់រប​ស់វា។ ហេតុនេះ​អ្នកវិនិយោគ ​ត្រូវតែ​តាមដាន​ព៌​ត​មាន និង​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​តែងតែ​កើតមាន​ស្ទើរតែ​រៀងរាល់១០ឆ្នាំ​ម្តង។ ហេតុនេះ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​កំណើន​ល្អប្រសើររយៈពេល៣ទី៥ឆ្នាំ តម្លៃ​ដី​របស់​អ្នក​បាន​ហក់​ឡើង​ខ្ពស់​រួចទៅហើយ។ វា​ជា​ពេលវេលា​សមស្រប ដែល​អ្នក​គួរ​បញ្ចេញ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្តាយក្រោយ ដូច​ករណី​អ្នក​នៅ​ក្រុងព្រះសីហនុ​ជាដើម។

ហេតុនេះ សេដ្ឋកិច្ច​គឺជា​ប់​ពាក់​ព័​ន្ឋ​នឹង​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត ដូច្នេះ​អ្នកវិនិយោគ​ឆ្លាត​វៃ ត្រូវតែ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ។

ផែនការអភិវឌ្ឍន៍​និង​គោលនយោបាយ​រដ្ឋាភិបាល
រដ្ឋាភិបាល​កម្ពុជា តែងតែ​ដាក់ចេញ​ផែនការអភិវឌ្ឍន៍​ជាតិ រយៈពេល​មធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍​ជាតិ​ រយៈពេល​វែង​មាន​ចំនួន១០ឆ្នាំ ដែល​ផែនការ​នេះ​ ជាការ​ធ្វើ​ពិពិធ​កម្ម​នូវ​មូលដ្ឋាន​ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​រៀបចំ​ប៉ូល​សេដ្ឋកិច្ច​របស់​ជាតិ។

ឧទាហរណ៍ នៅ​ឆ្នាំ២០២០កន្លងមក រដ្ឋាភិបាល​បានប្រកាស ​ពី​ការវិនិយោគ​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ពី​ផែនការអភិវឌ្ឍន៍​សាងសង់់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត​ជាដើម។

ដូច្នេះ ប្រសិនជា​អ្នកទិញ​ដី​នៅ​តំបន់​ស្ថិត នៅក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល តម្លៃ​ដី​របស់​អ្នក នឹង​ឡើងថ្លៃ​នៅក្នុង​រយៈពេល​កំណត់​មួយ។ ហេតុនេះ​ការវិនិយោគ​ដីធ្លី ​ឬ​អចលនទ្រព្យ​ដទៃទៀត អ្នកវិនិយោគ​ដែល​តែងតែ​ទុក​ដី​បានយូរ ចំណេញ​ច្រើនតែងតែ​ជា​អ្នក​ស​ក្តាប់បាន ​នូវ​ទិសដៅផែនកា​រអភិវឌ្ឍន៍រ​បស់​ជាតិ៕

គំរោងពង្រីកការសាងសង់ផ្លួវជាតិលេខ៧ ពីស្គន់ទៅកំពង់ចាម បានចចារបញ្ចប់ហើយ ខណៈផ្លួវជាតិលេខ៨ កំពុងជួសជុស

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងពីវឌ្ឈនភាព នូវគំរោងពង្រីកផ្លូវវជាតិលេខ៧ និងការជួសជុលផ្លួវជាតិលេខ៨។

លោកបានមានប្រសាសន៍កាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំទាក់ទងនឹងបញ្ហាចរាចរណ៍ ក្រោមអធិបតីសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា គំរោងពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅកាន់ក្រុងកំពង់ចាម ដែលគ្រោងពង្រីកជាបួនគន្លង គឺក្រសួងបានចចារបញ្ចប់ ជាមួយក្រុមហ៊ុនចិនរួចហើយ ដោយលោកបានស្នើសុំឲ្យក្រុមហ៊ុនចិន បំពាក់កាម៉េរ៉ាបីកន្លែងនៅលើផ្លូវនេះ។

លោកបន្តថា ជាមួយគ្នានេះ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់ថវិកា ជួសជុលផ្លូវនេះពីរង្វង់មូលព្រែកតាមាក់ ទៅរង្វង់មូលស្វាយអន្ទរប្រវែង៥៥គីឡូម៉ែត្រ និងផ្លូវនេះនឹងត្រូវពង្រីកពីរ២ ទៅបួនគន្លងប្រវែង២,៥គីឡូម៉ែត្រ និងរៀបចំជួសជុសបែប DBST ជាបណ្តោះអាសន្នសិន ដោ​យរង់ចាំថវិកាពីមហាមិត្តចិន ដើម្បីធ្វើការរៀបចំសាងសង់ឡើងវិញតែម្តង។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបង្ហើបឲ្យដឹងផងដែរថា ផ្លួវជាតិលេខ៣បានបញ្ចប់ ការស្ថាបនាទាំងស្រុងហើយ ដោយស ម្តេច​តេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី ក្នុងសម្ភោធបើកឲ្យប្រើប្រាស់ផ្លួវនេះជាផ្លូវការ នៅថ្ងៃទី២ មិនាខាងមុខនេះ៕

អ្នកជំនាញៈទីផ្សារជួលអចលនទ្រព្យងើបឡើងវិញបណ្តើរៗហើយនៅដើមឆ្នាំ២០២២នេះ

ដោយ: សុផារី

ភ្នំពេញ: ការរឹតត្បិតការធ្វើដំណើររបស់ជនជាតិបរទេស និងទោះបីជាមានការបើកប្រទេសឡើងវិញពីរដ្ឋាភិបាល កាលពីដើមខែវិច្ឆិកាក្តី ទីផ្សារជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន បានទទួលរងផលប៉ះពាល់។

យ៉ាងណាក្តី អ្នកជំនាញមើលឃើញថា ក្នុងឆ្នាំ២០២២នេះទីផ្សារជួលចាប់ផ្ដើមមានពន្លឺឡើងវិញដោយផ្នែកៗហើយ។

លោកស្រី តាំង ហួរ អគ្គនាយិកា ក្រុមហ៊ុនអចលទ្រព្យ Amatak បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា នៅឆ្នាំ២០២១កន្លងមក សម្រាប់ការជួលអចលនទ្រព្យប្រភេទឃ្លាំង លំនៅឋាន និងដីនៅកណ្ដាលក្រុង មានការផ្អាក មិនសូវមានការជួលច្រើននោះឡើយ ប៉ុន្តែចូលក្នុងឆ្នាំ២០២២ លោកស្រីមើលឃើញថា ការជួលមានកំណើនឡើងវិញ ទោះបីមិនមានកំណើនច្រើន ប៉ុន្តែទីផ្សារនេះបានត្រឡប់មកវិញហើយ។

លោកស្រីបន្តថា “សម្រាប់ការជួលធ្វើអាជីវកម្ម បើកភោជនីយដ្ឋាន ឬអាជីវកម្មនានា ចាប់ផ្ដើមមានកំណើនឡើងវិញ។ ចំណែកប្រភេទ office space មិនសូវមានអ្នកសួររកជួលទេ។ អតិថិជនភាគច្រើនតែងតែសួររកជួលប្រភេទផ្ទះ ឃ្លាំង ឬដីក្នុងក្រុង សម្រាប់ជួលធ្វើអាជីវកម្ម”។

លោកស្រីបានបង្ហាញសុទិដ្ឋិនិយម ចំពោះទីផ្សារជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដោយអះអាងថា អ្វីៗបាននិងកំពុងប្រសើរជាងឆ្នាំ២០២១។

រីឯលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍នាពេលថ្មីៗនេះថា សម្រាប់រយៈពេល១ខែដើមឆ្នាំ២០២២ កន្លងមក លោកមើលឃើញថាមានកម្លាំងចលករ ដែលជំរុញឲ្យទីផ្សារជួល ចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានកំណើនល្អប្រសើរជាងឆ្នាំ២០២១បន្តិច។

បើតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ កន្លងមកក្នុងឆ្នាំ២០២១ ទីផ្សារនេះមានការធ្លាក់ចុះប្រមាណ៥ភាគរយ ធៀបនឹងឆ្នាំ២០២០។

លោកបន្តថា យ៉ាងណាក្តី ក្នុងឆ្នាំ២០២២ សម្រាប់ការជួលអាផាតមិន ទោះបីមានកំណើន តែនៅមិនទាន់ខ្ពស់ណាស់ណាទេ ដោយសារទីផ្សារនេះពាក់ព័ន្ធជាមួយនឹងជនជាតិបរទេស ដែលពាក់ព័ន្ធនឹងការធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។

ចំណែកទីផ្សារជួលសម្រាប់ផ្ទះល្វែង Shop House ផ្ទះបានអាជីវកម្មនានា ដែលភាគច្រើនពាក់ព័ន្ធនឹងអាជីវកម្ម ក្នុងស្រុកបានចាប់ផ្ដើមពង្រឹងឡើងវិញហើយ ហើយលោកមើលឃើញកំណើនល្អ ប្រសើរបណ្ដើរៗឡើងវិញផងដែរ៕

កម្ពុជាគ្រោងសាងសង់អគារសារមន្ទីររាងគ្រាប់មីនតោនធំជាងគេនៅលើពិភពលោក

ដោយៈ សុផារី

សៀមរាបៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសិក្សាទីតាំង តម្រូវការ និងរូបរាងអគារផេ្សងៗ ដែលនឹងត្រូវសាងសង់ជាអគារសារមន្ទីរនៅខេត្តសៀមរាប មានរាងគ្រាប់មីនធំជាងគេលើពិភពលោក។

តាមរយៈការចុះផ្សាយព័ត៌មាន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា អគារសារមន្ទីរដែលមានរាងគ្រាប់មីន ធំជាងគេលើពិភពលោកនេះ នឹងសាងសង់នៅក្នុងខេត្តសៀមរាប តែមិនបានបញ្ចេញជាក់អំពីទំហំទឹកប្រាក់ និងទីតាំងច្បាស់លាស់នៅឡើយទេ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្ម​ភាពកំចាតមីនខេត្តកំពង់ឆ្នាំង បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន JICA ក្នុងការចុះសិក្សាវាយតំលៃអំពីទីតាំងជាក់ស្តែង តម្រូវការ និងរូបរាងអគារផេ្សងៗ ដែលនឹងត្រូវសាងសង់នៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

លោកបានមានប្រសាសន៍ថា “អគារសារមន្ទីរនៅខេត្តសៀមរាប ដែ​លមានរាងគ្រាប់មីន ធំជាងគេលើពិភពលោក គឺសម្រាប់បង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកសន្តិភាព បានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីន ប្រឆាំងមនុស្សច្រើនជាងគេលើលោក មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្ស”។ លោកបន្តថា “នៅត្រឹមចុងឆ្នាំ២០២៥ ខាងមុខនេះ ហើយតាមរយៈរូបរាងនៃអគារគ្រាប់មីន ប្រឆាំងមនុស្សដ៏ធំបំផុតនេះដែរ ក៏សម្រាប់បង្ហាញដល់យុវវ័យជំនាន់ក្រោយៗ មកសិក្សាស្វែងយល់អំពីមរតក និងផលវិបាកនៃសង្គ្រាមពីអតីតកាល ព្រមទាំងបញ្ជាក់ពីអត្ថន័យដ៏ចាំបាច់មិនអាចខ្វះបាននោះ គឺសន្តិភាពពេញលេញនៅកម្ពុជា”៕

រោងចក្រផលិតសំបកកង់យានយន្ត២វិនិយោគទឹកប្រាក់៦០០លានដុល្លារនឹងជំរុញទីផ្សារកៅស៊ូកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ រោងចក្រផលិតសំបកកង់យានយន្តចំនួន២ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ឱ្យដំណើរការវិនិយោគក្នុងប្រទេសកម្ពុជា ដោយរោងចក្រមួយមានទីតាំងនៅខេត្តស្វាយរៀង និងមួយទៀតមានទីតាំងនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបជាង៦០០លានដុល្លារអាមេរិក។

តាមរយៈរោងចក្រផលិតសំបកកង់យានយន្តទាំងពីរនេះ នឹងជំរុញទីផ្សារជ័រកៅស៊ូកម្ពុជា ឱ្យមានទីផ្សារល្អប្រសើរឡើងវិញ ជាពិសេសនឹងជួយដល់អ្នកដាំដុះកៅស៊ូនៅកម្ពុជាផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វត្តមានរោងចក្រផលិតសំបកកង់យានយន្តទាំងពីរនេះ មានសារៈសំខាន់ណាស់សម្រាប់ទីផ្សារកៅស៊ូ ទាំងក្រុមហ៊ុន និងអ្នករកស៊ីបែបគ្រួសារក្នុងវិស័យដំណាំកៅស៊ូ ព្រោះវាបានបង្កើតឱ្យទីផ្សារក្នុងស្រុក។ កំណើនរោងចក្រផលិត សំបកកង់យានយន្តកើតឡើងជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមរបស់អ្នកដាំកៅស៊ូ ដែលយើងសង្ឃឹមថា ចាប់ពេលនេះតទៅ យើងមិនសូវជាបារម្ភ នៅពេលដែលជាប់គាំងកៅស៊ូ។

លោកបន្តថា ពីមុនទីផ្សារជ័រកៅស៊ូភាគច្រើន អាស្រ័យលើទីផ្សារបរទេស និងទីផ្សារប្រទេសជិតខាងយើងនេះឯង ហើយបើសិនមានការជាប់គាំង  ឬគេអត់ទិញផលិតផលយើង វាធ្វើឱ្យចរន្តកៅស៊ូ និងសាច់ប្រាក់ ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន និងគ្រួសារនេះ វាធ្វើឱ្យមានការរាំងស្ទះ”។លោកឧញ៉ាបានបន្តថា “នេះគឺជាចំណុចសំខាន់ដែលយើងចង់បាន។ ចាប់ពីពេលនេះតទៅ យើងមានអ្នកទិញកៅស៊ូក្នុងស្រុក ដែលធ្វើឱ្យវិស័យកៅស៊ូ និងសាច់ប្រាក់មានចរន្ត ទន្ទឹមនឹងច្បាប់វិនិយោគថ្មីរបស់យើង ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នេះ គឺបានលើកលែងនូវពន្ធអាករបន្ថែម១០ភាគរយ ដែលផ្គត់ផ្គង់នៅក្នុងស្រុកដល់រោងចក្រ”។

សហគ្រាសផលិតសម្រាប់ការនាំចេញនេះ។ វាគឺជាការលើកទឹកចិត្តមួយទៀត ដែលទំនាក់ទំនងទំនិញ និងវត្ថុធាតុដើមអាចផ្គត់ផ្គង់ឱ្យរោងចក្រ សហគ្រាស ដែលផលិតសម្រាប់ការនាំចេញដោយរួចអាករបន្ថែម។

លោកខេង សៀវឡាំង ម្ចាស់ចំការកៅស៊ូនៅខេត្តរតនគីរី បានថ្លែងប្រាប់តាមទូរសព្ទឱ្យដឹងថា វាជារឿងល្អប្រសើរ សម្រាប់វត្តមានរោងចក្រផលិតសំបកកង់យានយន្តទាំងនេះនៅកម្ពុជា ដែលអាចធ្វើឱ្យតម្រូវការកៅស៊ូនៅកម្ពុជានឹងមានសន្ទុះ ហើយលោកសង្ឃឹមថារោងចក្រទាំងនេះ នឹងមានតម្រូវការ និងទិញកៅស៊ីពីកសិករដាំដុះ លក្ខណៈគ្រួសារកាន់តែច្រើនផងដែរ។

លោកបន្តថា “បច្ចុប្បន្ននេះទិន្នផលជ័រកៅស៊ូ ដែលកសិករផលិតបានគឺនាំចេញទៅវៀតណាមស្ទើរតែទាំងអស់ ពីព្រោះពួកយើងមិនមានការកែច្នៃសម្រាប់នាំចេញទៅប្រទេសធំៗនោះទេ ពោលគឺនាំចេញកៅស៊ូស្អុយឬកៅស៊ូឆៅតែម្ដង ដោយតម្លៃកៅស៊ូក្នុងឆ្នាំ២០២២នេះឃើញថា មានស្ថិរភាពល្អប្រសើរ ថ្លៃជាងកាលពីឆ្នាំមុន”៕

ក្នុងមួយតោនកៅស៊ូឆៅអាចលក់បានចន្លោះពីជិត២លាន៨សែនដល់ទៅជាង៣លានរៀល ហើយបច្ចុប្បន្ននេះ លោកក៏កំពុងស្វែងរកដីសម្រាប់ដាំដុះបន្ថែមទៀតផងដែរ ក្នុងពេលមានដំណឹងថា មានរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងស្រុក៕

 

សម្តេចតេជោ៖ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការទទួលបាន ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នាពេលនេះ មិនមែនបានមកដោយសារតែសម្តេចតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងឱកាសទទួលពានរង្វាន់ “សន្តិភាពស៊ុនហាក់” ដែលត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “សម្រាប់ខ្ញុំ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា”។

ទី១ សម្តេចសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។

ទី២ ក្រុមគ្រួសាររបស់សម្តេច ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសរបស់ខ្ញុំ។

ទី៣ មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និងលើកកម្ពស់សន្តិភាព។

ទី៤ បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយនៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិ ដែលតែងតែបានគាំទ្រ និងសាទរចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។

សម្តេចបានបន្តថា “សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ”៕

សភាកូរ៉េនឹងផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អំឡុងពាក់កណ្ដាលឆ្នាំនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា លោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េបញ្ជាក់ថា សភាកូរ៉េនឹងផ្ដល់សច្ចាប័ន កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អំឡុងពាក់កណ្ដាលឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានសំដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសសម្ដេចពិតជាចង់ឃើញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន និងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

សម្ដេចតេជោសង្ឃឹមថា ប្រធានរដ្ឋសភាកូរ៉េ នឹងជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោ គិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតវាពេលខាងមុខ។

លើសពីនេះទៅទៀត សម្តេចតេជោ បានស្នើសុំឱ្យកូរ៉េផ្ដល់នូវជំនួយឥត សំណង និងកម្ចីសម្បទាន ជាពិសេសក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ ដែលសម្ដេចគិតថាស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

ទាក់ទងទៅនឹងការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ប្រធានសភាជាតិកូរ៉េ បានមានប្រសាសន៍ថា កូរ៉េនឹងផ្ដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសអំឡុងពាក់កណ្ដាលឆ្នាំ២០២២ នេះ ហើយឯកឧត្តម នឹងធ្វើការងារដោយផ្ទាល់ជាមួយការងារនេះ។

លោកមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេ សទាំងពីរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ពិតជាមានការរីកចម្រើន។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសកូរ៉េលើកនេះ នឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

តាមរយៈទំនាក់ទំនងនេះ សម្ដេចតេជោពិតជារួមចំណែកយ៉ាងសំខាន់ ប្រកបដោយឆន្ទៈខ្ពស់ និងមានការប្ដេជ្ញាចិត្តខ្លាំង ដែលធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពល្អប្រសើរនឹងគ្នា៕

ការព្យាករ: វៀតណាមនឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើននៅឆ្នាំ២០២២នេះ

ដោយៈសុខុម

ហាណូយ: ចំនួនជនបរទេស ដែលឆែករកមើលព័ត៌មានស្ដីពីវិស័យទេសចរណ៍របស់វៀតណាម កំពុងកើនឡើង ហើយអ្នកជំនាញមើលឃើញថា នេះជាសញ្ញាវិជ្ជមានគួរឱ្យសាទរ សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ កុម្ភៈ ឱ្យដឹងថា ទិន្នន័យវិភាគបានពី Google Destination Insights បង្ហាញថា ការឆែករកមើលព័ត៌មានស្ដីពី វិស័យទេសចរណ៍របស់វៀតណាម បានចាប់ផ្តើមកើនឡើងចាប់ពីដើមខែធ្នូ ហើយបានកើនឡើងយ៉ាងគំហុកនៅចុងខែដដែល និងនៅដើមខែមករា ឆ្នាំ២០២២។

ចាប់ពីដើមខែមុនមក ចំនួនជនបរទេសឆែករកមើលព័ត៌មានស្ដីពីអាកាសចរណ៍របស់វៀតណាម នៅតែមានកម្រិតខ្ពស់។ ចំនួននេះបង្ហាញពីការកើនឡើង៤២៥% កាលពីថ្ងៃទី២១ មករា និងកើនឡើង៣៧៤%កាលពីថ្ងៃទី៣ កុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ចំនួនជនបរទេស ដែលឆែករកមើលព័ត៌មានស្ដីពី កន្លែងស្នាក់នៅ ក៏ចាប់ផ្តើមកើនឡើងចាប់ពីដើមខែធ្នូផងដែរ។

ទោះជាយ៉ាងណាប្រទេសនេះ កំពុងតែជួបភាពវឹកវរ ដែលបណ្តាលមកពីការឆ្លងមេរោគកូវីដថ្មី ប្រភេទអូមីក្រុងរាប់ម៉ឺននាក់់ជារៀងរាល់ថ្ងៃ។

ជនបរទេសដែលឆែករកមើលព័ត៌មានអំពី វិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម ច្រើនបំផុតមកពីប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី ឥណ្ឌា អង់គ្លេស និងកាណាដា។

គោលដៅទេសចរណ៍ ដ៏ពេញនិយមទាំង១០ ក្នុងប្រទេសវៀតណាម ដែលទាក់ទាញ ចំណាប់អារម្មណ៍ជនបរទេសច្រើនជាងគេមាន ដូចជា ក្រុងហាណូយ ក្រុងហូជីមិញ ក្រុងឆ្នេរ Nha Trang កោះត្រល់ Phan Thiết, Đà Nẵng, Hội An, Đà Lạt, Quy Nhơn និង Bà Rịa-Vũng Tàu។

អ្នកជំនាញសន្និដ្ឋានថា កំណើននេះ ទទួលបានដោយសារប្រទេសវៀតណាម បានដាក់ចេញកម្មវិធីលិខិតឆ្លងដែន វ៉ាក់សាំងសាកល្បងមួយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេស ឱ្យត្រលប់មកកាន់ប្រទេសនេះវិញ។

ប្រទេសនេះ គ្រោងនឹងបើកទេសចរណ៍អន្តរជាតិឡើងវិញ ពេញលេញ បន្ទាប់ពីខែមីនា ឆ្នាំ២០២២ នៅពេលប្រទេសនេះ បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញប្រឆាំងនឹងវីរុសកូវីដ-១៩ ពោលគឺប្រមាណ២ឆ្នាំក្រោយពីប្រទេសវៀតណាម បានបិទព្រំដែនរបស់ខ្លួនឈប់ ឱ្យភ្ញៀវទេសចរបរទេសចេញចូល៕ Vietnam News៕