ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp ខាតប្រាក់ ១៤៧លានដុល្លារអាមេរិក តើនឹងរងផលប៉ះពាល់គំរោងទី៣ឬទេ?

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិកររបស់ណាហ្គាវើលដ៍ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានប្រកាសថា ខ្លួនបានខាតធុនអស់១៤៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដោយសាររងផលប៉ះពាល់ដោ​យការភាគច្រើន បណ្ដាល់មកកាស៊ីណូបានបិទទ្វារជាង៦ខែ នៅក្នុងឆ្នាំ២០២១។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុនមានប្រាក់ចំណេញចំនួន១០២,៣លានដុល្លារអាមេរិក ខណៈការខាតធុននេះ តាមពីក្រោយចំណូលដុលបានធ្លាក់ចុះ៧៤,៣ភាគរយ សម្រាប់រយៈពេលដូចគ្នា។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុននេះកត់ត្រា ប្រាក់ចំណេញដុលមិនទាន់កាត់កងចំណាយពន្ធ និងផ្សេង​ៗ (ឬ EBITDA) ក្នុងឆ្នាំ ២០២១ នេះ មានចំនួន ២២,៤លានដុល្លារ ដែលធ្លាក់ដល់ទៅ ៩១% បើធៀបនឹងឆ្នាំ២០២០។

ជាលទ្ធផលក្រុមហ៊ុនបានបង្ហាញថា ខ្លួនមានចំណូលដុល ឬ GGR សរុប ២២៣,៥លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះប្រមាណ ៧៤,៣​ភាគរយបើធៀបនឹងឆ្នាំ ២០២០។

ក្រុមហ៊ុនបាននិយាយថា “ទោះបីជាមានការធ្លាក់ចុះខ្លាំង នៅក្នុងអា​ជីវកម្មសម្រាប់ភ្ញៀវ VIP ដោយសារតែការរឹតបន្តឹងការធ្វើដំណើរ ក្នុងតំបន់ក៏ដោយ ប្រាក់ចំណូលដុលរបស់ក្រុមហ៊ុន មិនរងផលប៉ះពាល់ជាអវិជ្ជមានទេ ដោយសារស្ថិរភាព តម្រូវការពីផ្នែកទីផ្សារអតិថិជន Premium Mass និង Mass”។

គម្រោងអភិវឌ្ឍន៍ Naga3 ដែលមានទឹកប្រាក់៣,៥ពាន់លានដុល្លាររបស់ NagaCorp កំពុងដំណើរការបុកគ្រឹះ ដោយការងារសាងសង់អាគារសំខាន់​ៗ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការសាងសង់គ្រឹះ បន្ទប់ក្រោមដី និងជាន់ផ្ទាល់ដីរួចរាល់៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគលើទំហំទឹកប្រាក់៥,៧លានដុល្លាររបស់ក្រុមហ៊ុនចំនួនពីរ

ដោយៈសុផារី

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគំរោងវិនិយោគបង្កើតរោងចក្រចំនួនពីរ ជាមួយទុនវិនិយោគទំហំ៥,៧លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឲ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈក   ម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចជា ទី១-ក្រុមហ៊ុន XING KAI SEN GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

 

ទី២-ក្រុមហ៊ុន XIN JIALE INTERNATIONAL (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន        វិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៧កន្លែង៕

ផ្សារហ៊ុនកម្ពុជាបានចាប់ផ្តើមស្វាគមន៍ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន JS Land PLC ដែលជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ ដែលចុះបញ្ជីក្នុងផ្សារមូលបត្រនៅកម្ពុជា។បានប្រកាសលក់ភាគហ៊ុន ក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១០ខែកុម្ភៈ នេះ។

ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី ជាក្រុមហ៊ុនទី២ ដែល ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើននៃផ្សារមូលបត្រនៅកម្ពុជា ដែលមាននិមិត្តសញ្ញា “SL” ភាគហ៊ុនចុះបញ្ជីសរុបចំនួន២៥, ៧១០,០០០ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រ លើកដំបូងក្នុងមួយឯកតាស្មើនឹង ១.៩០០ រៀល និងមានមូលធនូបនីយកម្ម ទីផ្សារសរុបប្រមាណ៤៨៨ពាន់លានរៀល (ប្រមាណ១២លានដុល្លាអាមេរិក)។

លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រម្ពុជាបានលើកឡើងថា កម្មវិធីថ្ងៃនេះគឺជាការចុះបញ្ជីដំបូងក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុនជេអេសលែន ជាក្រុមហ៊ុនទីមួយស្ថិតក្នុងវិស័យអចលនទ្រព្យ ដែលបានឈានជើងចូលផ្សារមូលបត្រកម្ពុជា។

លោកបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនជេអេសលែន គឺជាក្រុមហ៊ុនល្អ និងច្បាស់លាស់មួយ ដែលហ៊ានចុះបញ្ជីនៅផ្សារមូលបត្រ ដោយក្រុមហ៊ុនមានអភិបាលកិច្ចល្អ មានតម្លាភាពរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្ត ដល់អតិថិជនមិនមែនមួយថ្ងៃ ឬមួយឆ្នំា រហូតក្នុងការកាន់កាប់ នៅក្នុងការទទួលបានសិទ្ធិ លើខុនដូរបស់ក្រុមហ៊ុនជេអេសលែន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋ ភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា វត្តមានថ្មីរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើជាគំរូនាំមុខ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ឬក្រុមហ៊ុនក្នុងវិស័យនានា ពិចារណាពីធ្វើពិពិធកម្មប្រភពទុន តាមរយៈផ្សារហ៊ុន ដើម្បីចាប់យកឱកាសរីកចម្រើនជាមួយគ្នា។

គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៦ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបាន ពីទីផ្សារមូលបត្រមានប្រមាណ២៨១លានដុល្លារ៕

ខេត្តកែប នឹងមានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់សម្រាប់ទេសចរណ៍ជាតិ អន្តរជាតិ

ដោយៈ តារា

កែបៈ អភិបាលខេត្តកែបបានថ្លែងថា នៅមុនចូលឆ្នាំថ្មី នឹងមានឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ សម្រាប់ទេសចរណ៍ អន្តរជាតិដើរលេង កម្សាន្ត។

គម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់របស់ខេត្តកែប ដែលមានប្រវែងជិត៣គីឡូម៉ែត្រ បាននិងកំពុងដំណើរការ ដែលមានការចាក់ដីបំពេញឆ្នេរ និងចាក់ខ្សាច់សម្រាប់ឲ្យទេសចរដើរកម្សាន្ត និងមានផ្លូវបេតុងសម្រាប់ចូល៥ខ្សែ។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គិតមកទល់ពេលនេះ ដំណើរការនៃការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់នេះ សម្រេចស្ទើរតែបាន១០០ភាគរយហើយ ដែលជំហានបន្តនឹងអនុវត្តការចាក់ខ្សាច់បំពេញ ប្រវែង៣០ម៉ែត្រទៀត ដើម្បីឲ្យទេសចរអាចដើរកម្សាន្តបាន ហើយតាមផែនការចាប់ផ្តើមចាក់ខ្សាច់បំពេញនាដើមខែក្រោយនេះ។

លោកបានបន្ថែមថា ចំពោះផ្លូវ៥ខ្សែ ដែលមានវិថីពីរ និងអនុវិថីបី សម្រេចការស្ថាបនាបាន៨០ភាគរយ ហើយបើតាមផែនការបស់គណៈកម្មាធិការអនុវត្តការងារនេះ នឹងបញ្ចប់ការសាងសង់មុនបុណ្យចូលឆ្នាំខ្មែរ។

លោកសោម ពិសិដ្ឋបានបង្ហាញនូវការជឿជាក់ថា តាមរយៈគម្រោងនេះ ខេត្តកែប នឹងអាចពង្រីកតំបន់ឆ្នេរ កម្សាន្តបានកាន់តែច្រើន ហើយប្រណីត សម្ទុះភ្ញៀវទេសចរ ក៏នឹងកើនឡើងកាន់តែច្រើន ដែលជះឥទ្ធិពល ល្អប្រសើរដល់ជីវភាព រស់នៅរបស់ប្រជាជនក្នុងតំបន់ ហើយនេះជាមោទនភាពរបស់ខេត្តកែប។

គម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់ កម្សាន្តសាធារណៈកម្រិតខ្ពស់ ប្រវែងជិតបីគីឡូម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ប្រកាសឱ្យអនុវត្តកាលពីខែសីហា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ផ្អែកលើស្មាតីកិច្ចប្រជុំ កាលពីខែកក្កដា ឆ្នាំ ២០២១៕

រដ្ឋាភិបាលប្រកាសឱ្យក្រុមហ៊ុន Opennet ទូទាត់បំណុលជូនរដ្ឋ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យ ក្រុមហ៊ុនឃីង ថេកណឡជី (Opennet) ចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋជាកំហិត ដោយទុកពេលឱ្យ៧ថ្ងៃ។

តាមរយៈសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ក្រុមហ៊ុនឃីង ថេកណឡជី (Opennet) ជាប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត ដែលមិនទាន់បានអនុវត្តន៍ កាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ ដោយក្រសួងទាំងពីរសម្រេចទុករយៈពេល៧ (ប្រាំពីរ)ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ច ទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។

ក្រសួងទាំងពីរបានឱ្យដឹងថា ក្នុងករណីក្រុមហ៊ុនឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុល ជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមានសុទិដ្ឋិនិយមពីកំនើនសេដ្ឋកិច្ចឆ្នាំនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងកើនឡើងដល់៥,៦ភាគរយ ដោយផ្អែកលើកត្តាមួយចំនួន ខណៈឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាប៉ាន់ប្រមាណថាសេដ្ឋកិច្ចរបស់ខ្លួនសម្រេចបាន៣ភាគរយ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តា​ហ៍នេះថា ជាភ័ព្ទសំណាងរបស់ម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ភាពឈ្លាសវៃ និងភាព ម៉ឺងម៉ាត់ ជាមួយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងថេរវេលាជិត២ឆ្នាំកន្លងមកកម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិនេះ ប្រកបដោយភាពស្វាហាប់ និងភាពបត់បែនជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងស្មារតីបុរេសកម្ម ដែធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយចំនួនតូច ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ហើយបានបង្កើតនូវភាពស៊ាំដ៏រឹងមាំ។

ជាមួយនឹងគោលបំណងជំរុញ ការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់នូវ “ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” លោកអូន ព័ន្ឋមុនីរ័ត្ន

បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត រួមមានដូចតទៅ

-ពន្លឿន ការធ្វើទំនើបកម្ម រចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា

-បន្តពង្រឹងការចុះបញ្ជីនិងការផ្តល់សេវាដល់រោងចក្រធុនធំ សហគ្រាសធុនតូចមធ្យមនិងសិប្បកម្ម

-ចូលរួមសិក្សាស្រាវជ្រាវអំពីធនធានដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ កសិឧស្សាហកម្ម ពិនិត្យ លទ្ធភាពចូលរួមអនុវត្តន៍គំនិតផ្តួចផ្តើម នៃការបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ចនិងSME ក្នុងការចាប់យក ឌីជីថល បន្តពង្រឹង និងការគ្រប់គ្រងដីស្រែអំបិល

-បន្តអនុវត្តគោលនយោបាយថ្លៃទឹក ជំរុញការអភិវឌ្ឍន៍ស្តង់ដារ

-គិគូរ រៀបចំក្របខណ្ឌ អភិវឌ្ឍន៍ ធនធានមនុស្ស ដែលមានទេព្យកោសល្យបច្ចេកវិទ្យា បន្តចូលរួមកាន់តែសកម្មក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាល

-បន្តពង្រឹង គៀងគរថវិកាជាតិគ្រប់ប្រភេទនិងពន្លឿនការកែសម្រួល និងបញ្ចប់សេចក្តីព្រាងគោលនយោបាយអភវឌ្ឍន៍សហគ្រាសធនតូច និងមធ្យម ជាដើម ។

យ៉ាងណាក្ដី ការរំខាននៃមេរោគរាតត្បាតនៃកូវីដ១៩ ប្រភេទអូមីក្រុងនេះដែរ ក៏ជាការរារាំងដល់ការអភិវឌ្ឍ និងវិនិយោគពីខាងក្រៅប្រទេសមកកម្ពុជាមួយកម្រិតផងដែរ ជាក់ស្ដែងកាលពីចុងឆ្នាំកម្ពុជារំពឹងថា ដើមឆ្នាំនេះ នឹងទទួលបានលំហូរ វិនិយោគបរទេសចូលមកជាថ្មី តែដោយសារតែមេរោគថ្មីនេះ ធ្វើឱ្យវិនិយោគិនបរទេស នៅតែមិនទាន់បានចូលមកកម្ពុជាដដែល៕

ខេត្តបាត់ដំបងវិនិយោគលើហហេដ្ឋារចនាសម្ព័ន្ឋក្រោមដីតម្លៃ ៣០លានដុល្លារ

ដោយៈ ម៉ាលីស

បាត់ដំបងៈ លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពីធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

គម្រោងនេះ គ្រោងចំណាយថវិកាចំនួន ជិត៣០លានដុល្លារអាមេរិក និងគ្រោងការសាងសង់រួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោងនេះស្ថិតក្រោ​មកម្ចីឥណទានរបស់ធនាគារអភិវឌ្ឈន៍អាស៊ី(ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងជំនួយឥតសំណងពីសហគមអឺរ៉ុបផងដែរ។

លោកសុខ លូ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានថា ដោយសា​រការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណ​ង់អគារ លំនៅស្ថាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបងក៏ដូចជាប៉ែកខាងលិចស្ទឹង មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យបញ្ហាចោទឡើង ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ សំណល់ ដែលជាកង្វល់ដ៏ធំមួយ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយទាន់ពេលវេលានិងចំគោលដៅ ។

លោកបន្តថា ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហានេះក្រ​សួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាព ក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្ម ទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។

លោកបានបន្ថែមទៀតថា សព្វថ្ងៃខេត្តបាត់ដំបង មានគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ នៅផ្នែកខាងកើតស្ទឹងមួយ និងផ្នែកខាងលិចស្ទឹងនេះមួយថែមទៀតផងដែរ៕

តំបន់ជ្រោយចង្វារតាមបណ្តោយផ្លូវជាតិលេខ៦អាកំពុងទាក់ទាញការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្ទាំងប៉ាណូដាក់លើបង្គោលភ្លើងអគ្គិសនី លើដងផ្លូវជាតិលេខ៦អា បានបង្ហាញដូចផ្ការីក ចាប់ពីសង្កាត់បាក់ខែងរហូតដល់សង្កាត់ព្រែកតាសេក ដែលភាគច្រើនជាការផ្សាយពាណិជ្ជកម្មរបស់បុរីធំៗ ដែលបានសំរុកសាងសង់នៅតំបន់នេះ។

ការអភិវឌ្ឍអចលនទ្រព្យ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសទៅលើលំនៅឋាន ក្នុងប្រទេសក្នុងនោះរាជធានីភ្នំពេញ នៅតែបន្តបញ្ចេញសកម្មភាពយ៉ាងផុសផុស ទោះបីជាកម្ពុជានិងពិភពលោក បានជួបប្រទះនឹងបញ្ហាដោយសារតែកូវីដ១៩ក្ដី ក្នុងនោះតំបន់ជ្រោយចង្វារដែលជាទីក្រុងរណបថ្មីមួយនៅភ្នំពេញ ក៏ឃើញថាកំពុងទាក់ទាញ ការអភិវឌ្ឍលំនៅឋានយ៉ាងផុសផុលផងដែរ។

ជាការកត់សម្គាល់ នៅតំបន់ជ្រោយត្រើយខាងកើតភ្នំពេញ មានក្រុមហ៊ុនក្នុងនិងក្រៅស្រុកជាច្រើនបាន និងកំពុងបណ្ដាក់ទុនវិនិយោគលើលំនៅឋានយ៉ាងសកម្ម ដោយផ្ដោតលើការអភិវឌ្ឍលំនៅឋានបែបប្រណីត និងមានតម្លៃខ្ពស់ ។

អ្នកជំនាញនៃវិស័យនេះ បានមើលឃើញថា តំបន់ជ្រោយចង្វារបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ លំនៅឋានយ៉ាងមានសក្ដានុពល ហើយក៏នឹងបន្តអភិវឌ្ឍន៍បន្តទៀត ក្រោយស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពវិបត្តិជំងឺកូវីដ១៩បានធូរស្រាល ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិលបានមានប្រ​សាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០ កុម្ភៈនេះថា តំបន់នេះជាតំបន់ដែលមានសក្ដានុពលមួ យក្នុងការអភិវឌ្ឍអចលនទ្រព្យ ដោយសារកត្តាមួយចំនួន ក្នុងនោះ ដូចជាគម្រោងវិនិយោគធំៗរបស់រដ្ឋ បានលេចរូបរាងជាបន្តបន្ទាប់នៅតំបន់ប៉ែកខាងជើង ស្ថានភាពអភិវឌ្ឍន៍ឯកជននៅតំបន់នោះ ក៏កាន់តែច្រើន ។

ដោយឡែកលោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រប្យAdvance ក៏បានបង្ហាញថា តំបន់ផ្លូវជាតិលេខ៦ និងលេខ១ ត្រូវបានចាត់ទុកជាតំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ដោយយើងឃើញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន ក៏បានចូលទៅកាន់តំបន់ផ្លូវជាតិលេខ៦និងលេខ១ដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួនផងដែរ ។

ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានធំមួយ បុរីណាឌី នៅតំបន់ជ្រោយចង្វារក៏បានលើកឡើងថា អ្វីដែលខ្លួនជ្រើសរើសយកទីតាំង ជ្រោយចង្វារជាការអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែក្នុងតំបន់នេះ មានគម្រោងលំនៅឋានធំៗច្រើន ដែលធ្វើឱ្យអ្នកដែលស្វែងរកលំនៅឋាន នឹងមកកាន់តំបន់ជ្រោយចង្វារ ហើយនៅក្នុងតំបន់នេះក៏មានទីក្រុងរណបធំៗ មានគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតក្នុងតំបន់ជ្រោយចង្វារ។

ក្នុងតំបន់នេះដែរ ក៏ឃើញមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញ និងក្នុងតំបន់យ៉ាងច្រើនបន្ថែមទៀត ដើម្បីសម្រួលការអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗក្នុងនោះ មានស្ពានឆ្លងទន្លេ នៅម្ដុំឬស្សីកែវ ស្ពានអាកាសដែលរដ្ឋាភិបាល ទើបតែប្រកាសបើកការដ្ឋាន និងផ្លូវខ្វាត់ខ្វែងក្នុងតំបន់ជ្រោយចង្វារជាច្រើនបន្ថែមទៀត ៕

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣អាចបញ្ចប់យឺតជាងផែនការដោយសារបញ្ហាមួយចំនួន

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ១ឆ្នាំ ដោយសារបញ្ហាដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី៩ ខែកុម្ភៈ។

បើតាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំនេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា “ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យពន្យារពេលសាងសង់១ឆ្នាំ ដោយសារការយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងត្រូវតែអនុញ្ញាតពន្យា​ពេលនេះ”។

យោងតាមរបាយការណ៍សមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនប្រចាំឆ្នាំ២០២១ ចុះផ្សាយក្នុងខែមករា ឆ្នាំ២០២២ កន្ល​ងមកបានឱ្យដឹងថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ ក្រោមកញ្ចប់ថវិកាជិត៣០០លានដុល្លារ ដែលមានប្រវែង៤៧,៦១គីឡូម៉ែត្រ សម្រេចបានចំនួន៦៦ភាគរយ៕

តើការដាក់និង ដកប្រាក់តម្កល់ធានាក្នុងអាជីវកម្មអចលនទ្រព្យត្រូវមាននិតិវិធីដូចម្តេច?

ដោយៈ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានតម្រូវឱ្យរាល់ ការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ដែលជាប្រភេទអគារសហកម្មសិទ្ធិ ឬលំនៅឋាន ដែលទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ ពីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ប្រាក់តម្គល់ ដើម្បីធានាដល់ការអភិវឌ្ឍ និងស្របតាមច្បាប់របស់ប្រទេសកម្ពុជា។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បញ្ជាក់ថា អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន២ភាគរយ នៃតម្លៃសំណ​ង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តណាមួយដូចខាងក្រោម៖

ក. តម្កល់ជាសាច់ប្រាក់ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ។

ខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយ ដែលមានតម្លៃស្មើ។

ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រា តែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់បានចាប់ពី៧០% ភាគរយឡើង ឬចប់ជាស្ថាពរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។

ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធា​នាអាជីវកម្មនេះ អាចធ្វើការផ្ទេរពីមួយដំណាក់កាល ទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬតម្រោងមុនសាងសង់បាន៥០%ឡើង។

ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែងនៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ដោយឡែក ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍ អាចដកវិញបានលុះត្រាតែអ្នកអភិវឌ្ឍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុជូនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។

ចំណែក ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ មានចំនួន៥% នៃតម្លៃជីវិនិយោគសរុប ឬតម្លៃវិនិយោតតាមដំណាក់កាលនីមួយៗ។

ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញបានលុះត្រាតែគម្រោងនោះ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុជូនអ្នកទិញទៅតាមកិច្ចសន្យា និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្ដែងពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ៕