ធនាគារខ្នាតយក្ស Goldman Sachs ប្រកាសបោះទុនលើគម្រោងសាងសង់អាផាតមុិនតម្លៃសមរម្យក្នុងទីក្រុងញូវយ៉ក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នធនាគារខ្នាតយក្ស Goldman Sachs របស់សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដែលត្រូវការទុនវិនិយោគសរុបចំនួន២៧០លានដុល្លារអាមេរិកនៅទីក្រុងញូវយ៉ក ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។

យោងតាមកាសែត Reuters បានចុះផ្សាយថា គម្រោងនេះ រួមមានការសាងសង់អាផាតមុិនតម្លៃសមរម្យចំនួន៣៨៥យូនីត នៅក្នុងតំបន់ East New York នៃសង្កាត់ Brooklyn។នេះបើយោងតាមប្រភពពីការិយាល័យរបស់លោកស្រីអភិបាលក្រុងញូវយ៉ក Kathy Hochul។

ការិយាល័យអភិបាលក្រុងបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោង ដែលផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Urban Investment Group របស់ធនាគារខ្នាតយក្ស Goldman Sachs នឹងរួមមានតំបន់ពាណិជ្ជកម្មផងដែរ។

លោកស្រី Hochul បានលើកឡើងថា “គម្រោងសាងសង់អាផាតមុិនតម្លៃសមរម្យនេះនឹងជួយដល់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិខ្វះខាតលទ្ធភាពទិញផ្ទះ និងផ្តល់អាទិភាពលើការកែលំអតំបន់ East New York ឱ្យកាន់តែមានភាពរស់រវើកសម្រាប់គ្រួសារ”។

ក្រុមហ៊ុន Urban Investment Group បានបណ្តាក់ទុនវិនិយោគជិត១១ពាន់លានដុល្លារទៅក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនៅទូទាំងរដ្ឋញូវយ៉ក និងបានបោះទុនវិនិយោគ៩ពាន់លានដុល្លារនៅទីក្រុងញូវយ៉កចាប់តាំងពីឆ្នាំ២០០១។

លោកស្រី Asahi Pompey ប្រធានក្រុមហ៊ុន Urban Investment Group បានអះអាងថា ការ​វិនិយោគ​របស់យើងនឹងចាក់បញ្ចូលសន្ទុះដល់តំបន់ ​East New York ឱ្យបោះជំហាន​យ៉ាង​ខ្លាំង​ក្លាឆ្ពោះ​ទៅ​រក​ការរីកចម្រើន​ និង​ការ​កែ​លម្អ​ ជាពិសេស​កំណើនក្នុង​ការ​អភិវឌ្ឍ​ន៍លំនៅដ្ខាន និង​សេដ្ឋកិច្ច៕ប្រភព: Reuters៕

ទីផ្សារការិយាល័យនៅតំបន់មួយក្នុងទីក្រុងសៀងហៃនៅតែមានស្ថានភាពល្អប្រសើរ ខណៈមានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់ West Bund ដែលមានចម្ងាយ១១គីឡូម៉ែត្រស្ថិតនៅទីក្រុងសៀងហៃរបស់ប្រទេសចិននៅតែមានភាពធន់ ខណៈបណ្តាក្រុមហ៊ុន និងម៉ាកយីហោលក់រាយជាច្រើនបានសម្រុកមកជួលអគារការិយាល័យ និងផ្សារទំនើបក្នុងតំបន់នេះ។

តំបន់ West Bund  មានទីតាំងនៅច្រាំងខាងលិចនៃទន្លេ Huangpu ក្នុងសង្កាត់ Xuhui នៃទីក្រុងសៀងហៃ។ តំបន់នេះកំពុងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាលថ្មីមួយ (CBD) ដោយប្រមូលផ្តុំអគារការិយាល័យ និងផ្សារទំនើបជាច្រើន ដូចជា អគារ Westbund Central របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hongkong Land ។

ទីក្រុងសៀងហៃបានចាប់ផ្តើមអភិវឌ្ឍន៍តំបន់ West Bund កាលពីឆ្នាំ២០១០ ដោយរួមមានការសាងសង់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម ការិយាល័យ និងមជ្ឈមណ្ឌលកម្សាន្តលំដាប់ពិភពលោក។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

តំបន់ West Bund  ក៏ជាទីតាំងបណ្តុះបណ្តាលជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) ដោយបានបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតគំរូមូលនិធិសៀងហៃ (SMC) ដែលប្រធានាធិបតីចិនលោក សុី ជីនពីង បានអញ្ជើញទៅទស្សនាកាលពីខែមេសា។ តំបន់នេះបានទាក់ទាញបណ្តាក្រុមហ៊ុនបរទេសធំៗ ដូចជា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងក្រុមហ៊ុន Adidas។

លោក Jimmy Chu នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានអះអាងថា ទីក្រុងសៀងហៃបានរៀបចំផែនការអភិវឌ្ឍន៍តំបន់ West Bund យ៉ាងល្អប្រសើរ។ កត្តាទីតាំងភូមិសាស្ត្រអំណោយផល​​ធ្វើ​ឱ្យតំបន់​នេះ​ក្លាយ​ជា​ចំណុចវិជ្ជមាន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ទីក្រុង​សៀងហៃ។

លោកបានបន្ថែមថា ដំណាក់កាលដំបូងនៃគម្រោងអគារការិយាល័យ Westbund Central ដែលនឹងចាក់បញ្ចូលទីផ្សារនៅចុងឆ្នាំនេះ បានទទួលចំណាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដោយរំពឹងថា នឹងសម្រេចបានអត្រាគ្របដណ្តប់ការជួលចំនួន១០០ភាគរយ៕ប្រភព: SCMP៕

ធនាគារ ហត្ថា រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ “ បរិច្ចាគឈាម សង្គ្រោះជីវិត “

0

ភ្នំពេញ​ ថ្ងៃទី​១៨​ ខែកក្ដដា ឆ្នាំ២០២៥៖ បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ ហត្ថា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវីធីបរិច្ចាគឈាមក្រោមប្រធានបទ ​“បរិច្ចាគឈាម សង្គ្រោះជីវិត” សម្រាប់ជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យនៅទូទាំងប្រទេស។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅអគារធនាគារ ​ហត្ថា ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុនសែន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងសហការី និងលោក​ មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារ ហត្ថា ប្រមាណជិត ១៥០នាក់។

ការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារ ហត្ថា ក្នុងថ្ងៃនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងសប្បាយចិត្តក្នុងការចូលរួមចំណែកជួយដល់សង្គមកម្ពុជា ក៏ដូចជាផ្ដល់នូវក្ដីស្រលាញ់ចំពោះសហគមន៍របស់យើង។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា បានមានប្រសាសន៍ថា“ នេះមិនមែនជាលើកទី១ របស់ធនាគារ ហត្ថា ទេ ដែលរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ លោកបានបន្តថា “ ខ្ញុំសូមលើកទឹកចិត្តអោយបុគ្គលិកធនាគារ ហត្ថា ទាំងអស់បន្តធ្វើការបរិច្ចាគឈាមនេះ អោយបានទៀតទាត់ដើម្បីលើកកំពស់សុខភាពផ្ទាល់ខ្លួន និងសង្រ្គោះអាយុជីវិតជនរងគ្រោះ”។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម  បានមានប្រសាសន៍ថា៖ “សម្រាប់យុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃនេះ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងសហការីទាំងអស់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសសូមថ្លែងអំណរគុណជូនលោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដោយក្តីសប្បុរស និងចិត្តអនុគ្រោះធម៌។ ការចូលរួមដ៏សកម្មរបស់លោកអ្នក មិនត្រឹមតែជាការរូមចំណែកជួយសង្ក្រោះជីវិតជនរងគ្រោះទេ ប៉ុន្តែជាការលើកកម្ពស់ការយល់ដឹងពីការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត​ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍​ សាសនា ឬនិន្នាការនយោបាយ ជាពិសេសគឺផ្សារភ្ចាប់សក្មភាពនៃការបរិច្ចាគ ដោយស្ម័គ្រចិត្ត។ លោកបន្ថែមទៀតថា “ ខ្ញុំសូមអំពាវនាវឲ្យបន្តការគាំទ្រដល់យុទ្ធនាការបរិច្ចាគឈាមនៅពេលអនាគត តាមរយៈការចូលរួមដោយស្ម័គ្រចិត្តតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗ ដើម្បីរួមចំណែកសង្គ្រោះជីវិតមនុស្សបន្ថែមទៀត។”

អំពី ធនាគារ ហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ ធនាគារ ហត្ថា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានតាមបណ្ដាញសាខាយ៉ាងទូលំទូលាយរហូតដល់ ១៥៦ សាខា គ្របដណ្តប់ទូទាំងប្រទេស។ ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៧ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ជាងនេះទៅទៀត ធនាគារ ហត្ថា មានមូលធនគ្រប់គ្រាន់ ស្ថិរភាពផ្នែកហិរញ្ញវត្ថុខ្ពស់ ព្រមទាំងមានសាច់ប្រាក់បង្វិលគ្រប់គ្រាន់ ដែលអាចធានាបាននូវការបន្តប្រតិបត្តិការអាជីវកម្មដោយរលូន។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារអាណាព្យាបាល គឺ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ ដែលមានសាខាប្រហែល ​២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សារ និងមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។

 

 

កម្ពុជានឹងពង្រីកជើងហោះហើរទៅកាន់តំបន់អាហ្រ្វិក ដើម្បីទាក់ទាញលំហូរពាណិជ្ជកម្ម និងទេសចរណ៍

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) និងក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ចុះអនុស្សរណៈយោគយល់ទ្វេភាគី ដើម្បីពង្រឹងការធ្វើដំណើរ និងពាណិជ្ជកម្មអាហ្វ្រិក-កម្ពុជា។

ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងដោយ លោក អេង ម៉ូលីណា ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងលោក Lemma Yadecha Gudeda ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍អេត្យូពី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។

យោងតាម ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានឲ្យដឹងថា ការចុះអនុស្សរណៈទ្វេភាគីនេះ គឺដើម្បីបង្កើនការតភ្ជាប់ និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងទ្វីបអាហ្វ្រិក និងកម្ពុជា។

បន្ថែមពីនេះ វាក៏បានបង្ហាញអំពី ផែនការហោះហើរត្រង់រវាង រាជធានីភ្នំពេញ និងទីក្រុងAddis Ababa និងបង្កើតគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីផ្តល់នូវបទពិសោធធ្វើដំណើរកាន់តែល្អប្រសើរផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ នឹងអភិវឌ្ឈន៍ទៅជាដៃគូ codeshare នាពេលអនាគតដ៏ខ្លីសម្រាប់ ផ្លូវសំខាន់ៗមួយចំនួនរវាងទីក្រុងភ្នំពេញ ហាណូយ / ហុងកុង / ក្វាងចូវ / សិនចិន និង Addis Ababa ហើយកិច្ចសហប្រតិបត្តិការនេះ ក៏គ្របដណ្តប់លើការដឹកជញ្ជូនទំនិញផ្លូវអាកាស សេវាកម្មនៅលើដី និងការគាំទ្រផ្នែកទីផ្សារទៀតផង។

តាមរយៈអនុស្សរណៈមួយនេះ នឹងជាយុទ្ធសាស្ត្រ អាចនឹងទាក់ទាញ អ្នកទេសចរ និងវិនិយោគិនអាហ្រ្វិក កាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ ភាពងាយស្រួល និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ៕

រដ្ឋាភិបាលដាក់ដំណើរការឲ្យប្រើប្រាស់e-Signature និង e-Stamp

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការបានដាក់ឲ្យប្រើប្រាស់e-Signature និង e-Stampលើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ។

យោងតាមសេចក្តីប្រកាសរបស់ស្ថាប័នខាងលើបានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) ដោយមានភ្ជាប់ឃ្យូ.អ.កូដ (QR Code) ទៅកាន់ដែនជាតិgov.kh ដើម្បីផ្ទៀងផ្ទាត់។

រាល់ឯកសារទម្រង់ឌីជីថល ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អាចត្រូវបានទាញយកពីប្រព័ន្ធcdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់​ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ចាប់ពីពេលជូនដំណឹងនេះតទៅ អ្នកដាក់ពាក្យស្នើសុំ ឬវិនិយោ​គិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្តល់ឯកសារនានា ដែលមានស្រាប់នៅក្នុងឃ្យូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើ ទៅ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាព នៃការអនុវត្តគម្រោងវិនិយោគទៀតសោះឡើយ៕

តើការជួលការិយាល័យទីក្រុងញូវយ៉ក ទីក្រុងឡុងដិ៍ និងទីក្រុងប៉ារីសមានតម្លៃខុសគ្នាដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវបង្ហាញថា តម្លៃជួលការិយាល័យនៅតាមបណ្តាទីក្រុងធំៗលើពិភពលោកមានទំហំទឹកប្រាក់ខុសៗគ្នាអាស្រ័យតាមទីតាំង និងប្រភេទអគារ។ ខាងក្រោមនេះជាតម្លៃជួលការិយាល័យកម្រិត A នៅក្នុងទីក្រុងធំៗចំនួន៣ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥៖

ទី១: ទីក្រុងញូវយ៉ក

តួយ៉ាង តម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ប្រមាណ៧៦,៨៣ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ធ្លាក់ចុះ១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE។

តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅតំបន់ Prime Manhattan ក្នុងទីក្រុងញូវយ៉កមានទំហំទឹកប្រាក់ចន្លោះពី៧៤ដុល្លារទៅ៨២ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ខណការជួលការិយាល័យកម្រិត A ក្នុងតំបន់ Midtown មានតម្លៃជាមធ្យមប្រហែល៨២,២៨ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។

ទី២: ទីក្រុងឡុងដិ៍

តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ City Core ក្នុងទីក្រុងឡុងដិ៍នៃប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ចំនួន៧៧,៥ផោន(ប្រមាណ១០៣,៧៧ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ខណៈការជួលការិយាល័យកម្រិត A នៅតំបន់ West End មានតម្លៃជាមធ្យមចំនួន១៣០ផោន(ប្រមាណ១៧៤ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។

ចំណែក តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ Mayfair និងតំបន់ StJames’s ដែលសម្បូរទៅដោយផ្សារទំនើប និងសណ្ឋាគារប្រណីតមានទំហំទឹកប្រាក់ជាង១៥០ផោន(ប្រហែល២០១ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យ City Hub Offices។

ទី៣: ទីក្រុងប៉ារីស

ការជួលការិយាល័យប្រភេទ Prime នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងមានតម្លៃជាមធ្យមចំនួន១.២០០អឺរ៉ូ(ប្រមាណ១.៣៩៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ តួលេខនេះបង្ហាញពីអត្រាកំណើនចំនួន២០ភាគរយបើធៀបនឹងឆ្នាំមុន។

ចំណែក តម្លៃជួលការិយាល័យនៅតំបន់ La Defense មានទំហំទឹកប្រាក់ជាមធ្យមចំនួន៥៥០អឺរ៉ូ(ប្រមាណ៦៤០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ កើនឡើង៤ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤៕ប្រភព: CBRE & City Hub Office & Officerentinfo.fr៕

ផ្ទះអាជីវកម្ម (Shophouse) ប្លុកថ្មីលើផ្លូវ 25 ម៉ែត្រ ក្នុងគម្រោង TERRA-TIA CITY បើកលក់ហើយ! កក់ត្រឹមតែ $2,000 ប៉ុណ្ណោះ!

0

ខេត្តកណ្តាល៖

ចំពោះអតិថិជនដែលបានទន្ទឹងរងចាំប្រភេទផ្ទះអាជីវកម្ម(Shophouse) ប្លុកថ្មីលើផ្លូវ 25 ម៉ែត្រ ឥឡូវនេះ គម្រោងTERRA-TIA CITY បានបើកលក់ប្លុកថ្មីបន្តទៀតហើយ កក់មុនត្រឹមតែ $2,000 តែប៉ុណ្ណោះ រួសរាន់ឡើង ទាក់ទងមកសហការីផ្នែកលក់ឥឡូវនេះ៖

-កក់ប្រាក់មុនតិច

-បង់ប្រចាំខែទាប

-បង់ឥតការប្រាក់រយៈពេលវែង

-បង់រំលស់អត្រាការប្រាក់ទាប

📞 សូមទាក់ទងមកកាន់សហការីផ្នែកលក់ ដើម្បីទទួលបានព័ត៌មានលម្អិតឥឡូវនេះ៖

☎️𝟎𝟖𝟕 𝟖𝟖𝟖 𝟓𝟎𝟏

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟏

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎2

សូមអញ្ជើញមកការិយាល័យផ្នែកលក់របស់យើងដែលមាន 2 ទីតាំង៖

1)ការិយាល័យផ្នែកលក់ 𝐓𝐈𝐀 𝐂𝐈𝐓𝐘 លើផ្លូវ 𝟔𝟎 ម៉ែត្រ កែងស្តុបផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ស្វែងរកយើងនៅលើ Google Maps: https://maps.app.goo.gl/thXas1JXpJpxv6GT6

2)ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគាកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ

គម្រោង TERRA-TIA CITY ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំរបស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេប្រចាំកម្ពុជា។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង 30 ហិកតា ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិតេជោ ដែលនឹងបើកដំណើរការជើងហោះហើរនៅខែកញ្ញាខាងមុខឆាប់ៗនេះ។

ជាមួយនឹងការបើកដំណើរការព្រលានយន្តហោះថ្មី ចរាចរណ៍នឹងកាន់តែមមាញឹក ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចថ្មីដ៏ធំមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ការវិនិយោគលើផ្ទះអាជីវកម្មនៅ TERRA-TIA CITY មិនត្រឹមតែជាទីតាំងដ៏ល្អសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាឱកាសវិនិយោគដ៏ចំណេញនាពេលអនាគតផងដែរ។

កុំបង្អង់យូរ! ទាក់ទងឥឡូវនេះដើម្បីទទួលបានព័ត៌មានលម្អិត!

📞 សូមទាក់ទងមកកាន់សហការីផ្នែកលក់ ដើម្បីទទួលបានព័ត៌មានលម្អិតឥឡូវនេះ៖

☎️𝟎𝟖𝟕 𝟖𝟖𝟖 𝟓𝟎𝟏

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟏

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎2

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជនផ្សព្វផ្សាយរបាយការណ៍នៃការកែទម្រង់ក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជននានា បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជន និងសមាជិកពាក់ព័ន្ធចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ និងជាសហប្រធានក្រុមការងារ “គ” តំណាងផ្នែករដ្ឋាភិបាល និងសហប្រធានក្រុមការងារផ្នែកឯកជន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាដៃគូសហប្រធាន ក្រុមការងារផ្នែករដ្ឋាភិបាល តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា តំណាងCCCM ដៃគូអភិវឌ្ឍន៌ និងអ្នកពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

តាមរយៈវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន (G-PSF) លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ចម្បងៗចំនួន១១ចំណុច រួមមាន (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ (២) ការសម្រាលបន្ទុកលើអនុលោមភាព (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ (៤) កិច្ចសម្រួល ពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។

(៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្ដារនិងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍ (៧) ការអភិវឌ្ឍវិស័យកសិកម្មនិង កសិឧស្សាហកម្ម (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ (៩) វិស័យរ៉ែនិងថាមពល (១០) វិស័យសំណង់ និងអចលនទ្រព្យ និង (១១) បញ្ហាផ្សេងៗ។

អនុវត្តតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ខាងលើ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ បន្តពីរបាយការណ៍ឆមាសទី១ ដែលទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ វិធានការជាកញ្ចប់ទាំង១១ចំណុច ត្រូវបាន បំបែកជាវិធានការសរុបចំនួន១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាននិងវាយតម្លៃ។

តាមរយៈរបាយការណ៍ឆមាសទី២នេះ ក៏បានពង្រីកវិសាលភាព ដោយគ្របដណ្តប់ផងដែរ នូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១ឆ្នាំពេញ ក្រោយវេទិកាG-PSF លើកទី១៩។ ក្នុងកំឡុងពេលចាប់ពីក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រុមការងារតាមវិស័យចំនួន១២ ក្នុងចំណោមក្រុមការងារទាំង១៦ បានរៀបចំកិច្ចប្រជុំយ៉ាងទៀងទាត់ជាមួយវិស័យ ឯកជន សរុបចំនួន១៦លើក ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកាG-PSF លើកទី១៩ និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហា ប្រឈមដទៃដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ៕

គណៈរដ្ឋមន្រ្តីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤នៅថ្ងៃនេះក្រោមអធិបតីនាយករដ្ឋមន្រ្តី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​អញ្ជើញបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ដោយ​បានពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន៤។

របៀបវារៈសំខាន់ៗ ដែលបានដាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​នា​ព្រឹកថ្ងៃទី១៨ កក្កដានេះ រួមមាន ១. សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ ២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។

៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៦​-២០២៨។ ៤. សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០៕

តើសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកមានសុខភាពដូចម្តេចនៅក្នុងឆមាសទី១?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិក និងប្រទេសចិនជាក្បាលម៉ាសុីនរបស់សេដ្ឋកិច្ចសកល។ ហេតុនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចទាំង២ អាចជះឥទ្ធិពលលើទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។

ខាងក្រោមនេះជាសូចនាករ ដែលបង្ហាញពីសុខភាពសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិកក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥៖

ទី១: ប្រទេសចិន

កំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកបានកើនឡើងក្នុងរង្វង់៥,៣ភាគរយក្នុងឆមាសទី១ ឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ស្ថាប័នជំនាញនានា ដូចជា ធនាគារ ANZ បានធ្វើការបង្កើននូវការ​ព្យាករ​ណ៍កំណើន​សេដ្ឋកិច្ចរបស់ប្រទេសចិនពេញ​មួយ​ឆ្នាំ​២០២៥ ​ដល់​ក្នុងរង្វង់ចន្លោះពី៥,១ភាគរយទៅ៥,៣ភាគរយ។

ទិន្នផលក្នុងវិស័យឧស្សាហកម្មចិនបានកើនឡើងក្នុងរង្វង់៦,៤ភាគរយនៅក្នុងឆមាសទី១ ដោយសារកំណើននៃផលិតកម្មផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់។

ចំណែក ការនាំចេញទំនិញចិនបានកើនឡើង៥,៩ភាគរយនៅក្នុងឆមាសទី១។ ប្រទេសចិនបានបង្វែរទិសដៅនាំចេញទំនិញរបស់ខ្លួនទៅកាន់តំបន់អាស៊ាន សហភាពអឺរ៉ុប និងតំបន់អាហ្រ្វិក ស្របពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ ការវិនិយោគទ្រព្យសកម្មថេរ(Fixed-asset)បានកើនឡើង២,៨ភាគរយ ខណៈពេលដែលការលក់រាយបានកើនឡើង៥ភាគរយ។

យ៉ាងណាមិញ បញ្ហាប្រឈមនៅតែបន្តកើតមានចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន ស្របពេលការប្រើប្រាស់ក្នុងស្រុកមិនទាន់វិលទៅរកស្ថានភាពល្អប្រសើរខ្លាំងនៅឡើយ។

ជាមួយគ្នានេះ ការវិនិយោគលើអចលនទ្រព្យបានដាំក្បាលចុះ១១ភាគរយ។ សម្ពាធនៃវិបត្តិបរិត្តផរណាកំពុងកើនឡើង ដោយទាមទារឱ្យមានការទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលចិន។

ទី២: សហរដ្ឋអាមេរិក

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំចំនួន០,៥ភាគរយកាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកនៅក្នុងត្រីមាសទី២ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយ។

យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចជាមធ្យមរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹមចន្លោះពី១,៤ភាគរយទៅ១,៥ភាគរយ បើធៀបនឹងការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៨ភាគរយកាលពីឆ្នាំមុន។

អត្រាអតិផរណានៅតែមានកម្រិតលើសពីគោលដៅចំនួន២ភាគរយរបស់ធនាគារកណ្តាលអាមេរិក(Fed) ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) ស្ថិតក្នុងរង្វង់ចន្លោះពី២,៦ភាគរយទៅ២,៩ភាគរយ។

អត្រាភាពអត់ការងារធ្វើនៅតែមានកម្រិតទាបក្នុងរង្វង់៤,១ភាគរយ។ ប៉ុន្តែ អត្រានេះត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ក្នុងរង្វង់៤,៥ភាគរយនៅឆ្នាំ២០២៦ខាងមុខ។

បណ្តាធនាគារធំៗនៅសហរដ្ឋអាមេរិកសម្រេចបានកំណើនប្រាក់ចំណូលប្រចាំត្រីមាសទី២។ តួយ៉ាង ធនាគារ JPMorgan សម្រេចបានកំណើនប្រាក់ចំណូលក្នុងរង្វង់៨ភាគរយ ខណៈធនាគារ Citi សម្រេចបានកំណើនប្រាក់ចំណូលក្នុងរង្វង់២៥ភាគរយ។ រីឯ ធនាគារ Wells Fargo សម្រេចបានកំណើនប្រាក់ចំណូលក្នុងរង្វង់១២ភាគរយ។

ទោះជាយ៉ាងណា ស្ថាប័ន Fitch បានទាញទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់សហរដ្ឋអាមេរិក ស្របពេលមានការកើនឡើងនូវឱនភាពថវិកា និងភាពមិនច្បាស់លាស់នៃពន្ធគយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕ប្រភព: FT & Reuters & China Briefing៕