ធនាគារហត្ថាត្រៀមថវិកា៤០០លានដុល្លារដើម្បីផ្តល់ឥណទានស្តារអាជីវកម្មពីកូវីដ១៩

ដោយៈ សុធារី

ភ្នំពេញៈ ធនាគារហត្ថាបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារ បានត្រៀមថវិកាប្រមាណ៤០០លាន ដើម្បីបង្កើនការផ្តល់កម្ចីដល់អតិថិជនរបស់ខ្លួន ជាពិសេសម្ចាស់អាជីវកម្មនានា ដែលមានចង់បានដើមទុនយកទៅស្តារអាជីវកម្មរបស់ខ្លួន ឬយកទៅពង្រីកអាជីវកម្មបន្ថែម ក្នុងអត្រាការប្រាក់សមរម្យមួយ។

លោក​ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថា បានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាល ប្រកាសបើកសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា បញ្ចប់នូវព្រឹត្តិការណ៍២០ កុម្ភៈ ធ្វើឱ្យម្ចាស់អាជីវកម្មច្រើនត្រូវការដើមទុនសម្រាប់ស្តារអាជីវកម្ម ដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ និងពង្រីកអាជីវកម្មរបស់ខ្លូន។

ហេតុនេះធនាគារហត្ថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការកម្ចីដល់ម្ចាស់អាជីវកម្មទាំងនោះ ដោយក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារគ្រោងបង្កើនផលបត្រឥណទានពី២០% ទៅ២៥%។

លោកបញ្ជាក់ថា “ជាការជូនព័ត៌មាន ទៅម្ចាស់អាជីវកម្មទាំងអស់ ធនាគារហត្ថារបស់យើង បានត្រៀមរួចរាល់នៅក្នុងការជួយគាត់ នៅក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់គាត់”។ លោកបន្តថា “ក៏សូមអនុញ្ញាតជម្រាបជូនទៅអតិថិជនទាំងអស់ ដែលត្រូវការទុនពង្រីក ឬមួយបង្កើតនូវមុខជំនួញរបស់គាត់សារជាថ្មី ដោយរាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យគាត់បើកជំនួញឡើងវិញហើយ ដូច្នេះយើងត្រូវខិតខំទាំងគ្នា បើកនូវអាជីវកម្មប្រកបដោយការយកចិត្តទុកដាក់ ការពារខ្លួន និងអតិថិជនរបស់គាត់”។

លោកបានកត់សម្គាល់ថា វិបត្តិជំងឺកូវីត១៩ បានធ្វើឱ្យវិស័យសំខាន់ៗ ដែលទ្រទ្រង់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច មានការធ្លាក់ចុះដូចវិស័យទេស​ចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ភោជនីយដ្ឋាន វិស័យវាយនភ័ណ្ឌ និងសេវាកម្មកម្សាន្តជាដើម។ ក្នុងពេលជាមួយគ្នាធនាគារហត្ថា ក៏រងផលប៉ះពាល់ផងដែរ តែយ៉ាងណាធនាគារហត្ថា បានផ្តល់នូវការអនុគ្រោះដល់អតិថិជន និងម្ចាស់អាជីវកម្មនានា ដូចរៀបចំឥណទានឡើងវិញ មិនតម្រូវឱ្យបង់ប្រាក់ដើម ចំពោះម្ចាស់អាជីវកម្មដែលមានជំងឺកូវីដ១៩។

ក្នុងឆ្នាំ២០២១នេះ ធនាគារហត្ថាបានរៀបចំឥណទានឡើងដល់អតិថិន រួមមានម្ចាស់អាជីវកម្មនានាផងដែរ ចំនួនជាង៣៧,០០០នាក់ និងផ្តល់ការអនុគ្រោះដល់អតិថិជន មិនឱ្យបង់ការប្រាក់ចំនួន២ខែ ចំពោះអតិថិជនដែលឆ្លងជំងឺកូវីដ១៩ ដែលមានចំនួនជាង៤០០នាក់។

ឥណទានដែលធនាគារហត្ថា បានផ្តល់ដល់អតិជនក្នុងឆ្នាំ២០២១នេះ បានកើនឡើងដល់១៦៥០លានដុល្លារ កើនឡើង២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ និងប្រាក់បញ្ញើសន្សំ កើនឡើងប្រមាណ៣០% ខណៈទ្រព្យសកម្មក្នុងឆ្នាំ២០២១ បានកើនឡើងដល់១៩២០លានដុល្លារ កើនឡើង២០% បើធៀបនឹងឆ្នាំមុន៕

ទីក្រុងហុងកុងចេញវិធានការកំណត់ទំហំផ្ទះអប្បបរមាដើម្បីដោះស្រាយវិបត្តិសាងសង់ផ្ទះតូចចង្អៀតពេក

ដោយៈសុខុម

ហុងកុង: រដ្ឋបាងលទីក្រុហុងកុង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ ថា ខ្លួននឹងកំណត់លក្ខខណ្ឌទំហំអប្បបរមា ឬទំហំតូចបំផុត២៦ម៉ែត្រការ៉េ ដែលស្មើនឹងទំហំចំណតរថយន្តពីរសម្រាប់ផ្ទះនីមួយៗ ដែលត្រូវសាងសង់នៅលើដី។

តាមការរំពឹងទុក វិធានការនេះក៏នឹងគ្របដណ្តប់ លើការលក់ដីធ្លីសម្រា​ប់រយៈពេលពេញ មួយឆ្នាំសារពើពន្ធក្រោយ ដែលចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២២ ផងដែរ នៅពេលហុងកុង ព្យាយាមប្រឆាំងនឹងទំនោរសាងសង់ “អាផាតម៉ិនតូចពេក” ដែលតូចជាង២០ម៉ែត្រការ៉េ នៅក្នុងទីផ្សារមួយនេះដែលស្ថិតក្នុងចំណោម ទីផ្សារអចលនទ្រព្យថ្លៃបំផុតក្នុងពិភពលោក។

លោក Michael Wong រដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុងហុងកុង បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ដដែលថា “វិធានការនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ដែលចង់រស់នៅក្នុងផ្ទះដែលធំទូលាយជាងមុន”។

លោកបន្ថែមទៀតថា លក្ខខណ្ឌតម្រូវថ្មីនេះ នឹងត្រូវអនុវត្តសម្រាប់ការលក់ដីរដ្ឋនៅតំបន់ New Territories ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ព្រមទាំងតំបន់មួយទៀត ដែលលក់ដោយក្រុមហ៊ុនប្រតិបត្តិករផ្លូវដែក MTR Corporation ផងដែរ។

លោក Michael Wong បានបន្តទៀតថា ផ្ទះដែលមានទំហំតូចជាង២៦ម៉ែត្រការ៉េ មានប្រមាណ១៣% នៃការផ្គត់ផ្គង់ផ្ទះឯកជនសរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ការធ្វើឱ្យលំនៅដ្ឋានមានតម្លៃកាន់តែសមរម្យ គឺជាអាទិភាពសម្រាប់មេដឹកនាំហុងកុងគ្រប់រូប គិតចាប់តាំងពីអតីតអាណានិគរបស់អង់គ្លេស មួយនេះ ត្រូវបានប្រគល់ឱ្យប្រទេសចិន គ្រប់គ្រងវិញនៅក្នុងឆ្នាំ១៩៩៧ មក ប៉ុន្តែពលរដ្ឋហុងកុង ជាច្រើននៅតែគ្មានលទ្ធភាពទិញផ្ទះ នៅផ្ទាល់ខ្លួនគិតមកទល់បច្ចុប្បន្ន៕ Reuters៕

រដ្ឋាភិបាលតម្រូវការដ្ឋានសំណង់ទាំងអស់ត្រូវមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ដោយក្រុមការងារជំនាញនិងអ្នកវិជ្ជាជីវៈ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសេចសេចក្តីសម្រេច ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មុនផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយក្រុមការងារជំនាញ ដែលទទួលបានអាជ្ញាបណ្ណ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមុនសិន។

នេះបើតាមលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅកា​រងារ​សម្រាប់ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

តាមរយៈសេចក្តីសម្រេចនេះ ចំពោះសំណង់រដ្ឋត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយក្រុមការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំពោះសំណង់ឯកជន ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ក្រុមហ៊ុន Evergrande ចាប់ផ្ដើមដំណើរការសាងសង់ស្ទើរ១០០ភាគរយនៃគម្រោងទាំងអស់ទូទាំងប្រទេសចិន

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ នេះលើគណនី Wechat របស់ខ្លួនថា ៩១,៧% នៃគម្រោងរបស់ខ្លួននៅទូទាំងប្រទេសចិន បានបន្តដំណើរការសាងសង់ឡើងវិញហើយ បន្ទាប់ពីខំប្រឹងប្រែងរើខ្លួន ពីវិបត្តិហិរញ្ញវត្ថុអស់ រយៈពេល៣ខែ។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ មហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុន Evergrande បានប្ដេជ្ញាប្រគល់ផ្ទះជូនអតិថិជនឱ្យបានចំនួន៣៩.០០០យូនីត នៅក្នុងខែធ្នូ នេះ បើធៀបនឹងចំនួនផ្ទះតិចជាង១០.០០០យូនីត ដែលខ្លួនប្រគល់ជូនអតិថិជន ក្នុងខែនីមួយៗសម្រាប់រយៈពេល៣ខែមុននេះ។

ភាគហ៊ុនក្នុងក្រុមហ៊ុនចិន Evergrande បានហក់ឡើងខ្ពស់រហូតដល់ទៅជាង៨% គួរឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ធ្នូ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស ដែលជំពាក់បំណុលរុំកោះមួយនេះអះអាងថា ខ្លួនបានពន្លឿនការងារសាងសង់ បានច្រើនគួរសមជាលើកដំបូង។

ជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន មួយនេះកំពុងប្រឈមការខកខាន សងបំណុលច្រើនបំផុត មិនធ្លាប់មាននៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ហើយបាន និងកំពុងប្រវេប្រវាប្រមែប្រមូលសាច់ប្រាក់ តាមរយៈការលក់ទ្រព្យសកម្ម និងភាគហ៊ុនដើម្បីដោះបំណុល។

ក្រុមហ៊ុននេះ បានខកខានទូទាត់ថ្លៃគូប៉ុង នៅបរទេសតាមពេលវេលាកំណត់ ដែលមានតម្លៃ៨២,៥លានដុល្លារអាមេរិក កាលពីដើមខែនេះ ហើ​យការខកខាននេះ អាចនឹងរីករាលដាលកាន់តែធំលើបំណុល សញ្ញាប័ណ្ណអន្តរជាតិ រហូតដល់ទៅប្រមាណ១៩ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។

ទន្ទឹមនេះក្រុមហ៊ុន Evergrande មានគូប៉ុងថ្មីដែលដល់ពេលត្រូវទូទា​ត់សងកាលពីថ្ងៃអង្គារ ទី២៨ ធ្នូ ចំនួន២៥៥លានដុល្លារអាមេរិក៕ Reuters៕

ដំណឹងល្អៈស្ពានអាកាសមួយខ្សែពីផ្លូវវេងស្រេងភ្ជាប់ផ្លូវជាតិលេខ៣នឹងបើកចរាចរបណ្ដោះអាសន្នចាប់ពីស្អែកនេះ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨នាទីព្រឹក ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរ នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ។

ស្ពានកំណោងថ្មីនេះ មានប្រវែង២០០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាសង់សម្រេចបានលទ្ធផល៩២% គ្រោងនឹងបញ្ច​ប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន៥ខ្សែ ក្នុងចំណោម៨ខ្សែនៃគម្រោង៕

រយៈពេល ២១ឆ្នាំកម្ពុជាទទួលបានទុនវិនិយោគលើវិស័យសំណង់មានទំហំទឹកប្រាក់ជាង ៦៦ពាន់លានដុល្លារ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើគិតក្នុងរយៈពេល២១ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១នេះ កម្ពុជាទទួលបានទុនវិនិយោគ លើវិស័យសំណង់សរុបជាង៦៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូនីយកម្មនិងសំណង់។

ក្នុងរបាយការណ៍ក៏បានបង្ហាញថា គិតចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញ លិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៥៧.៥៩០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួនជាង១៦៦លានម៉ែត្រការ៉េ និងមានទឹកប្រាក់សរុបចំនួនជាង៦៦ពាន់លានដុល្លារអាមេរិក ។

ដោយឡែកក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោង វិនិយោគសំណង់ច្រើនផងដែរ ហើយក្នុងឆ្នាំ២០២១នេះ កម្ពុជាបានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ៤.០៣៣គម្រោង មានផ្ទៃក្រឡាកម្រាលប្រមាណ១២លានម៉ែត្រការ៉េ គិតជាទឹកប្រាក់ប្រមាណ៥.៣៣៣លានដុល្លារអាមេរិក ។

លោកផាន់ ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន​ប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សំណង់ និងអចលនទ្រព្យត្រូវបានចាត់ទុកជា វិស័យស្នួលមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងត្រូវការយកចិត្តទុកដាក់អភិវឌ្ឍន៍ បន្តទៀតនៅឆ្នាំបន្តបន្ទាប់ ខណៈកម្ពុជាក៏បានធ្វើពិពិធសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ៕

Construction to Resume on Latsavong Plaza Project, Tallest Building in Vientiane

 

Construction of Latsavong Plaza, the tallest building in Vientiane, is to resume after the project was stalled for five years.

According to Director-General of the Department of Economy, Ministry of National Defence, Colonel Siphonexay Khamthongveun, the Latsavong Plaza project is a joint venture deal between the Ministry of National Defence and Chongqing Fund Real Estate Co. Ltd, under an agreement signed in 2013.

The project was to construct the tallest building in Laos, valued at over USD 99 million, including retail shops, a shopping mall, a hotel, and apartments and commercial space for lease.

In 2016, after construction had begun, the contractor ran into financial difficulty and was unable to continue work on the building.

Construction of Latsavong Plaza, the tallest building in Vientiane, is to resume after the project was stalled for five years.

According to Director-General of the Department of Economy, Ministry of National Defence, Colonel Siphonexay Khamthongveun, the Latsavong Plaza project is a joint venture deal between the Ministry of National Defence and Chongqing Fund Real Estate Co. Ltd, under an agreement signed in 2013.

The project was to construct the tallest building in Laos, valued at over USD 99 million, including retail shops, a shopping mall, a hotel, and apartments and commercial space for lease.

In 2016, after construction had begun, the contractor ran into financial difficulty and was unable to continue work on the building.

Source: Laotian Times

គម្រោងអគារខ្ពស់បំផុត Latsavong Plaza នៅប្រទេសឡាវបានបន្តដំណើរការសាងសង់វិញហើយ

ដោយ៖ សុខុម

វៀងចន្ទន៍: គម្រោង Latsavong Plaza ដែលជាអគារខ្ពស់បំផុតនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ចាប់ផ្តើមដំណើរការសាងសង់ឡើងវិញហើយ បន្ទាប់ពីគម្រោងនេះបានផ្អាកអស់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយកាលរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី២៨ ធ្នូ។

យោងតាមវរសេនីយ៍ឯក Siphonexay Khamthongveun អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ច នៃក្រសួងការពារជាតិឡាវ ឱ្យដឹងថា គម្រោង Latsavong Plaza គឺជាកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាមួយរវាងក្រសួងការពារជាតិឡាវ និងក្រុមហ៊ុនចិន Chongqing Fund Real Estate Co. Ltd ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។

គម្រោងអគារខ្ពស់បំផុតក្នុងប្រទេសឡាវ ជាមួយទំហំទុនវិនិយោគជាង៩៩លានដុល្លារអាមេរិក នេះរួមមានទាំងហាងលក់រាយ ផ្សារទំនើប សណ្ឋាគារ អាផាតម៉ិន និងកន្លែងជួលធ្វើជាអាជីវកម្មផងដែរ។

ក្នុងឆ្នាំ២០១៦ ក្រោយគម្រោងនេះបានចាប់ផ្ដើមដំណើរការសាងសង់ ក្រុមហ៊ុនម៉ៅការសាងសង់គម្រោងនេះបានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយមិនអាចបន្តការងារសាងសង់អគារនេះទៀតបាន។

ក្រសួងការពារជាតិឡាវ បានចាត់តាំងក្រុមការងារមួយដើម្បីដោះស្រាយបញ្ហានានាដែលមិនទាន់ដោះស្រាយ និងបានកៀរគរក្រុមវិនិយោគិនឱ្យជួយគាំទ្រគម្រោងនេះដើម្បីឱ្យការងារសាងសង់អាចបន្តដំណើរការឡើងវិញ។

ពិធីចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-ចិន លេខាសមាគមមិត្តភាពឡាវ-ចិន និងនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិន Laos-China Railway Company៕

ក្រសួងដែនដីរកចំណូលបានជាង១១០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលបានចំណូលចូលថវិកាជាតិមានចំនួន ៤៧២ ០៦៩ លានរៀល (ប្រមាណ១១៨លានដុល្លារអាមេរិក) ដែលចំណូលនេះនឹងចូលរួមចំណែកដល់ការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងវិបត្តិកូវីដ១៩។ នេះបើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សម្រាប់ឆ្នាំ២០២១។

ក្នុងរបាយការណ៍បង្ហាញថា ចំណូលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានក្នុងឆ្នាំ២០២១នេះ មានការថយចុះប្រមាណ១,៦២ភាគរយបើធៀបនឹងឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះដែរ ចំណូលពីរដ្ឋបាលកណ្ដាលមាន១៣ ៦០៣ ២២៩ ៨០១លានរៀល (ប្រមាណ៣,៤លានដុល្លាអាមេរិក) ក្នុងនោះមានចំណូលពីសេវាសំណង់ទូទៅមានចំនួន១១ ៥២២លានរៀល ចំណូលបានមកពីសេវាសំណង់លើសសន្ទស្សន៍មានចំនួន២០៥០លានរៀល ចំណូលបានមកពីសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកមានជិត៨លានរៀល ចំណូលពីការជួសជុលអចលនវត្ថុមានចំនួន២២,៥លានរៀល។

ចំណែកចំណូលរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានី ខេត្ត មាន៤៥៨.៤៦៦លានរៀល (ប្រមាណ១១៤លានដុល្លារអាមេរិក) ក្នុងនោះសេវាសុរិយោដី មាន៦០ពាន់លានរៀល ប្រមាណ១៥លានដុល្លារអាមេរិក សេវាសំណង់ទូទៅមាន៣២ពាន់លានរៀល ប្រមាណ៨លានដុល្លារអាមេរិក និងពន្ធប្រថាប់ត្រាពីអគ្គនាយកដ្ឋានពន្ធដារមានចំនួន៣៦៥,៥៩ពាន់លានរៀល ឬប្រមាណ៩១លានដុល្លារអាមេរិក។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ទោះបីកម្ពុជាស្ថិតនៅក្នុងបរិការណ៍នៃការរាតត្បាតរបស់ជំងឺកូវីដ១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបានបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជារបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើនលើការងារកសាងផែនការរូបវ័ន្តក្នុងចក្ខុវិស័យនៃការរៀបចំដែនដីនិងនគរូបនីយកម្មគ្រប់កម្រិត ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រជាដើម។

 

លោកបន្តថា ការចូលរួមបង្កើតបាននូវចលករនិងបរិយាកាសល្អប្រសើរសម្រាប់ធុរកិច្ចនិងការវិនិយោគ ពង្រឹងភាពសុខដុមរមនាក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របានផងដែរ៕

តើតំបន់ណាខ្លះដែលជាប៉ូលអភិវឌ្ឍន៍អចលនទ្រព្យពេលអនាគត?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញមានការរីករាលដាលទៅតាមបណ្ដាខេត្តនានា ខណៈកាលពីមុនការអភិវឌ្ឍអចលនទ្រព្យគឺផ្ដោតលើតែតំបន់រាជធានីភ្នំពេញ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញពីតំបន់ ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យនៅពេលអនាគត។

លោកសន សៀប នាយកប្រតិបត្តិកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានមានប្រសាសន៍ថា ប៉ូលសំខាន់ៗ៣ ដែលវិនិយោគិនគួរសម្លឹងមើលពីឱកាសនៃការវិនិយោគអចលនទ្រព្យ។ ក្នុងចំណោមតំបន់ទាំង៣ ដែលជាប៉ូលអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា រាជធានីភ្នំពេញនៅតែជាប៉ូលសំខាន់ ហើយតំបន់ពីរទៀតមានខេត្តព្រះសីហនុ និងខេត្តសៀមរាប។

លោកបន្តថា តំបន់ទាំង៣នេះ យើងបានមើលឃើញថាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ជាក់ស្ដែងភ្នំពេញ បានបន្តអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុង នៅជុំវិញរាជធានីភ្នំពេញជាបន្តបន្ទាប់ ហើយតំបន់ទាំងនោះក៏ទទួលបានការវិនិយោគពីវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនផងដែរ។

ក្រៅពីភ្នំពេញ រាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ផ្លូវជាច្រើនខ្សែនៅក្នុងខេត្តព្រះសីហនុ ដែលជាសក្ដានុពលដ៏ទាក់ទាញ ។ ក្រៅពីផ្លូវនៅក្នុងក្រុងព្រះសីហនុ រដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុនេះផ្ទាល់តែម្ដង ដែលវានឹងសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើររបស់វិនិយោគិន លោកថា ”ក្រៅពីនេះដែរ ក្រុងព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះអន្តរជាតិ និងមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ”។

លោកបន្ថែមថា សម្រាប់ខេត្តសៀមរាបក៏ជាប៉ូលមួយសំខាន់ផងដែរ ខណៈផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាបក៏នឹងបង្ហាញភាពទាក់ទាញដល់ទេសចរនិងវិនិយោគិន នៅដើមឆ្នាំ២០២២ខាងមុខនេះដែរ។ សៀមរាបនឹងក្លាយជាទីតាំងវិនិយោគដ៏សំខាន់មួយសម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស។ លោកនិយាយថា ”ក្រៅពីប៉ូលសំខាន់ៗទាំង៣នេះ កម្ពុជាក៏មានប៉ូលផ្សេងទៀតដែលអាចទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងនោះយើងមើលឃើញថា ក្រុងបាវិត ខេត្តមណ្ឌលគីរី កំពតក៏ជាទីតាំងសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យដែរ”។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ក៏បានឱ្យដឹងផងដែរថា ទីណាមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានការវិនិយោគលើអចលនទ្រព្យ ដូច្នេះហើយយើងឃើញថារាជរដ្ឋាភិបាលលោកបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរផង និងដើម្បីទាក់ទាញការវិនិយោគផង។
លោក ចេង ខេង បានផ្ដល់ជាទស្សនៈដល់វិនិយោគិនអចលនទ្រព្យទាំងអស់ឱ្យបានដឹងផងដែរថា នៅគ្រប់ទិសនៃរាជធានីភ្នំពេញគឺសុទ្ធតែមានសក្ដានុពលនិងអាចរកប្រាក់ចំណេញពីការវិនិយោគអចលនទ្រព្យបានហើយ សំខាន់ឱ្យតែទីនោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាប្រព័ន្ធទឹក ភ្លើង និងផ្លូវ៕