តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ផ្តើមស៊ើបអង្កេតលើសកម្មភាពឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនហើយ

0

ដោយៈសុខុម

មូស្គូ: លោក Karim Khan រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលលំអៀងទៅរកលោកខាងលិចបានប្រកាសថា តុលាការអន្តរជាតិមួយនេះបានចាប់ផ្តើមស៊ើបអង្កេត លើសកម្មភាពឈ្លានពានរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែនហើយ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣ មីនា នេះ។

សារព័ត៌មាន Sputnik បានចុះផ្សាយថា លោក Karim Khan បានចេញសេចក្តីថ្លែងការណ៍ថា “ខ្ញុំបានជូនដំណឹងទៅប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅមុននេះបន្តិច អំពីការសម្រេចចិត្តរបស់ខ្ញុំ ដើម្បីបន្តការស៊ើបអង្កេតយ៉ាងសកម្មលើស្ថានភាពនេះ។ ការងាររបស់យើងនៅក្នុងការប្រមូលភ័ស្តុតាងឥឡូវនេះបានចាប់ផ្តើមហើយ”។

រដ្ឋអាជ្ញារូបនេះបានលើកឡើងបន្ថែមទៀតថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នឹងផ្តោតលើគោលបំណងសំខាន់ៗរបស់ស្ថាប័ននោះ គឺការធានាបាននូវការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការ។

កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានចាប់ផ្តើមបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន បន្ទាប់ពីអះអាងថា សាធារណរដ្ឋ Donetsk និងសាធារណរដ្ឋ Luhansk ដែលទើបបំបែកខ្លួនចេញពីអ៊យក្រែន បានស្នើសុំជំនួយពីរុស្ស៊ី ដើម្បីការពារខ្លួនពីការវាយប្រហារ ដែលកំពុងបន្តពីសំណាក់កងទ័ពអ៊ុយក្រែន។

បណ្តាប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានដោយយោធារុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន ហើយបានបង្កើនការដាក់ទណ្ឌកម្មធ្ងន់ៗ ជាបន្តបន្ទាប់លើក្រុងម៉ូស្គូ៕  The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here