អ្នកជំនាញនិងវិនិយោគ៥រូបលើកឡើងពីចក្ខុវិស័យអចលនទ្រព្យសម្រាប់ឆ្នាំ២០២២

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ នៅសល់រយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០២២នឹងចូលមកដល់ តើស្ថាបភាពវិស័យអចលនទ្រព្យ នឹងមានការវិវត្តន៍យ៉ាងដូចម្តេច?។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសញ្ញាល្អប្រ​សើ​​របណ្តើរៗហើយ នៅចុងឆ្នាំនេះ ដោយសារសកម្មភាពទិញលក់បានកើនឡើង។

លោកបន្តថា “ខ្ញុំអាចនិយាយថាអចលនទ្រព្យ សំណង់ឆ្នាំ២០២២នឹងល្អប្រសើរ បើទោះវាត្រូវការពេលវេលាខ្លះ ដើម្បីឲ្យវិស័យនេះវិវត្ត​ន៍ល្អប្រសើរពេញលេញដូចមុនវិបត្តិកូវីដក្តី”។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពនៃជំងឺកូវីដ១៩ថ្មី ពិតជាពិបាកក្នុងការធ្វើឲ្យយើងអាចព្យាករណ៍បាន ដោយស្ថានភាពពិបាកក្នុងការទស្សន៍ទាញឬវាយតម្លៃ។

អ្នកស្រីបន្តថា “យ៉ាងណាប្រសិនបើស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរ វិស័យនេះនឹងងើបឡើងវិញ ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីឲ្យទីផ្សារ​ស្រូបយកនូវអសចលនទ្រព្យ ដែលនៅសល់កាលពីឆ្នាំចាស់ ទម្រាំទីផ្សារស្រូបទាញឡើងវិញទាំងតម្រូវការ និងការផ្គត់ផ្គង់”។

រីឯលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា ការបិទព្រឹត្តិការណ៍២០កុម្ភៈ ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែមេរោគកូវីដ១៩បំផ្លែងថ្មីជាបន្តបន្ទាប់ ពិតជាធ្វើឲ្យយើងពិបាកទស្សន៍ទាយពី​ស្ថានភាពជាក់ស្តែង ប៉ុន្តយើងមានភាពសាំក្នុងសហគមន៍រួចហើយ ជំងឺនេះនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ស្ថានភាពរបស់យើងនឹងមានភាពល្អប្រ​សើរ”។

លោកបន្តថា “បើរដ្ឋាភិបាលបើកចំហគោលនយោបាយ និងលើកទឹកចិត្តបន្ថែមទៀត កម្ពុជានឹងទាក់ទាញលំហូរទុនវិនិយោគ កាន់តែច្រើនពីក្រៅ​ប្រទេសនៅឆ្នាំ២០២២ខាងមុខ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា កម្ពុជាជាប្រទេសមានយន្តការល្អ សម្រាប់ការអភិវឌ្ឍនៅឆ្នាំ២០២២ ដោយសារប្រទេ​សយើង ជាប្រទេសមានស្ថានភាពល្អប្រសើរជាងគេ លើភាពប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ដោយសាររដ្ឋាភិបាលបានបើកប្រទេស និងបិទបញ្ចប់ព្រឹ​ត្តិការណ៍២០ កុម្ភៈខាងមុខ។

លោកបន្តថា “ភាពល្អប្រសើររបស់កម្ពុជាលើបញ្ហាកូវីដ នឹងផ្តល់ឱកា​សឲ្យកម្ពុជា ​ក្នុងការទាក់ទាញការវិនិយោគ និងបរិយាកាសអាជីវកម្មកាន់តែមានភាពល្អប្រសើរ”។

ចំណែកអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារលំនៅដ្ឋាន និងការវិនិយោគចាប់ផ្តើមមានសញ្ញាល្អឡើងវិញហើយ ដោយសមាជិកសមាគមជាច្រើនបានវិនិយោគគំរោងធំៗឡើងវិញ ដោយសារពួកគេជឿជាក់អ្វីៗនឹងវិលមកកាន់ភាពប្រក្រតី និងតម្រូវការលំនៅដ្ឋាននឹងកើនឡើងវិញ។

លោកបន្តថា “សេដ្ឋកិច្ចនឹងមានកំនើនឡើងវិញ ដោយកំលាំងចលករជម្រុញកំនើនសេដ្ឋកិច្ចមានភាពល្អប្រសើរ ដែលធ្វើឲ្យអំណាចនៃការទិញ លក់អចលនទ្រព្យនឹងកើនឡើងស្របគ្នាផងដែរ”៕

ក្រុមហ៊ុនកូរ៉េMBK Partnersវិនិយោគរាប់ពាន់លានដុល្លារទិញយកសួនកម្សាន្តមាត់សមុទ្រចំនួន៥នៅប្រទេសចិន

ដោយៈសុខុម

ប្រទេសកូរ៉េ: ក្រុមហ៊ុនកូរ៉េខាងត្បូង MBK Partners បានទិញយកសួនកម្សាន្ត ជាប់មាត់សមុទ្រចំនួន៥នៅប្រទេសចិន ក្នុងផែនការយុទ្ធសាស្ត្រពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីច្បាមយកកំណើនវិស័យទេសចរណ៍នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត ក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះ។

ក្រុមហ៊ុនឯកជន ដែលបានបោះវិនិយោគរួចទៅហើយ ក្នុងគម្រោងសួនកម្សាន្ត Universal Studios Japan ដែលល្អដាច់គេប្រចាំប្រទេសជប៉ុន ខាងលើនេះបានទូទាត់ប្រាក់ចំនួន១,០៣ពាន់ លានដុល្លារអាមេរិក ទិញយកសួនកម្សាន្តទាំង៥ ពីក្រុមហ៊ុនដែលចុះបញ្ជីនៅហុងកុង Haichang Ocean Park Holdings ហើយបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា HHAn Group ដើម្បីគ្រប់គ្រងសួនកម្សាន្តទាំងនេះ។

សួនកម្សាន្តទាំងនេះ មានទីតាំងនៅក្នុងក្រុងឈឹងទូ (Chengdu) ក្រុងឈីងតាវ (Qingdao) ក្រុងអ៊ូហាន (Wuhan) និងក្រុងធានជីន (Tianjin) ដោយគម្រោងសួនកម្សាន្តទី៥ កំពុងស្ថិតក្រោមដំណើរការសាងសង់ក្នុងក្រុងជឹងចូវ (Zhengzhou)។

ការលក់សួនកម្សាន្តទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីលក់ចេញទ្រព្យសកម្មរបស់ក្រុមហ៊ុន Haichang ដែលមានទីស្នាក់ការកណ្ដាលនៅក្រុងតាលៀន (Dalian) ខេត្តលាវនីង (Liaoning) ដើម្បីសងបំណុលរបស់ខ្លួន។

ភាគហ៊ុនរបស់ក្រុមហ៊ុន Haichang បានហក់ឡើង៧,៧%នៅក្នុងការជួញដូរពេលព្រឹក លើផ្សារភាគហ៊ុនក្រុងហុងកុង រហូតដល់២,៩៣ដុល្លារហុងកុង (០,៣៨ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន៕   South China Morning Post៕

តម្លៃដីធ្លីសង្កាត់ចំនួនពីរ ក្នុងខណ្ឌជ្រោយចង្វារហក់ឡើងខ្ពស់បំផុត

ដោយៈ សុផារី

ភ្នំពេញៈ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃខណ្ឌជ្រោយចង្វារ រួមមាន ទីក្រុងរណប Garden City ទីក្រុងរណបជ្រោយចង្វារ គម្រោងខុនដូ បុរី និងដីឡូតិ៍ជាដើម បានជំរុញឱ្យតម្លៃដីធ្លី បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ខណ្ឌជ្រោយចង្វារ មានទីតាំងស្ថិតនៅភាគខាងជើង នៃទីក្រុងភ្នំពេញ ដែលមានផ្ទៃដីសរុបជាង៨៥គីឡូម៉ែត្រការ៉េ ហើយចែកចេញជា៥សង្កាត់គឺ សង្កាត់ជ្រោយចង្វារ បាក់ខែង ព្រែកលៀប កោះដាច់ និងព្រែកតាសេក។ ក្នុងនោះ ដីធ្លីក្នុងសង្កាត់ពីរគឺ សង្កាត់បាក់ខែង និងកោះដាច់ មានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ។

លោក ម៉ែន វិជ្ជាកា នាយកសាខាក្រុមហ៊ុនCentury 21 Zillion Holding មានប្រសាសន៍ថា តម្លៃដីនៅខណ្ឌជ្រោយចង្វារ បានបន្តកើនឡើង ដោយសារតែមានលំហូរ នៃការអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងតំបន់នេះ ជាពិសេសគម្រោងបុរី និងខុនដូ។

លោកបានបន្តថា ក្នុងខណ្ឌជ្រោយចង្វារមានសង្កាត់ចំនួនពីរ ដែលតម្លៃដីទាបជាងសង្កាត់ចំនួនបីផ្សេងទៀត គឺសង្កាត់បាក់ខែង និងកោះដាច់។ តម្លៃដីនៅបាក់ខែងអាចរកបានពី២០០ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមដងផ្លូវធំៗ និងពី៨០ ទៅ៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅតាមផ្លូវលំតូចៗ ខណៈតម្លៃដីនៅកោះដាច់ មានតម្លៃចាប់ពី៥០ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំងនិមួយៗ។

លោកបានបន្ថែមថា “តម្លៃដីក្នុងសង្កាត់ទាំងពីរនេះ មានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ”។

សង្កាត់ចំនួនបីផ្សេងទៀត ដូចជា សង្កាត់ជ្រោយចង្វារមានតម្លៃដីចាប់ពី៨០០ ទៅ៣៥០០ដុល្លារ ព្រែកលៀប២០០ ទៅ២៥០០ដុល្លារ និងព្រែកតាសេក៨០ ទៅ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងសក្តានុពលរបស់សង្កាត់នីមួយៗ៕

តើផែនការអភិវឌ្ឍន៍ទីក្រុងបូកគោមានចំណូចលំអិតបែបណាខ្លះទាក់ទងនឹងនិរន្តរភាពនៃការអភិវឌ្ឍន៍ និងបញ្ហាបរិស្ថាន?

ដោយៈជេស៊ីកា

កំពតៈ ទស្សនទាននៃការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ របស់ទីក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញការវិនិយោគកាន់តែ​ច្រើន ពិសេសការវិនិយោគលើរមណីយដ្ឋាន និងផ្ទះលំហែរកាយ។

រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។

យោងតាមអនុក្រឹត្យស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដី គម្រោងអភិ​វឌ្ឍន៍ក្រុងបូកគោ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា ដោយពិនិត្យទៅលើសក្តានុពល ក៍ដូចជាប្រវត្តិសាស្ត្រ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឃើញថា ទីតាំងនេះជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៍មានសក្ដានុពល ដែលមានអាកាសធាតុ ត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរ នៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគ​មរហូតមកដល់បច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព័ន្ឋទាំងនោះមានដូចជា អគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយ អគ្គិសនី ទំនប់ទឹកបារាំង។ល។

ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិជាសេនាធិការ បានផ្តួចផ្តើម សិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្ត្រខេត្តកំពត

ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាប្រមាណ២៧ ៩៤៣ ហិកតា ស្មើនឹង១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ១៥៤ ៥៤២ហិកតា អនុលោមតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ និងអនុក្រឹត្យ លេខ ១៧១ អនក្រ.បក ចុះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។

ប្លង់គោលប្រើប្រាស់ដីនេះត្រូវបានកសាងឡើង ដោយការសិក្សាច្បា​ស់លាស់លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្ត សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជា ច្បាប់ ភូមិបាល ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបេតិ​កភណ្ឌវប្បធម៌ ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ។

អនុក្រឹត្យស្តីពីការកំណត់តំបន់ ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ និងអនុក្រឹត្យស្តីពី នគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជនជាដើម។

ចក្ខុវិស័យនៃប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈ ទូលំទួលាយគ្របដណ្តប់ទាំងទិដ្ឋ​ភាពគតិយុត្ត និងបច្ចេកទេស សម្រាប់ធ្វើការ សម្របសម្រួលរវាងវិស័យនានាដែល ជាកម្លាំងចលករសេដ្ឋកិច្ច សំដៅធ្វើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុ​  ប្បន្ននិងទៅអនាគត ដោយធានាបាននូវការការពារធនធានដី ធនធានក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសអភិរក្សតំបន់ទីក្រុងប្រវត្តិសាស្ត្រ។

ខេត្តកំពតស្ថិតនៅទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរមណីយដ្ឋានឋានសួគ៌ បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិល្អឯកពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្ត កំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងប្រទេសវៀតណាម។

សក្តានុពលធនធានធម្មជាតិជាច្រើន ដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាង ឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនមាន ដូចជាសំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសិដាឱន ទឹកឈូ។

ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់ បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច និងរមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេសចណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល។ សក្តានុពលទេសចរណ៍ទាំងអស់នេះ បានធ្វើឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ស្ទើរគ្រប់វិស័យ ដូចជា វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម រ៉ែ ថាមពល សេដ្ឋកិច្ច ទេស​ចរណ៍ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕

“បដិវត្តន៍ទិន្នន័យសម្រាប់វិស័យអចលនទ្រព្យ” ត្រូវបានលើកយកមកពិភាក្សាក្នុងសន្និសីទអចលនទ្រព្យនៅតំបន់អាស៊ី

ដោយៈ សុផារី

អាស៊ីៈ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធីសន្និសិទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំ ប្រកបដោយគំនិតលំដាប់ពិភពលោក មានរយៈពេលមួយខែ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សន្និសីទមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ មកពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុកដាក់ទៅលើនិរន្តរភាព អគារបៃតងនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រ គ្រប់គ្រងទិន្នន័យនិងការស្វែងយល់ពីទិន្នន័យជាចំណុចស្នូល។

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ”សន្និសីទឆ្នាំនេះត្រូវបានបែង​ចែកទៅតាមប្រធានបទ ដោយផ្ដោតលើភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Groupបានមានប្រសាសន៍ថា “យើងមានឱកាស ដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើង ពីខាងក្នុងទៅវិញ ដោយប្រាកដថា យើងកំពុងតែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេ​ចចិត្តឆ្លាតវៃ ដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជាដើម។

ព័ត៌មានអំពីទិន្នន័យ អាចជួយទៅដល់គ្រប់ផ្នែកទាំងអស់ នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ” ។

លោក Stephen Oehme ប្រធានសន្និសីទ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd បានធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំង នៃវិទ្យាសាស្ត្រទិន្នន័យ ដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា ។ លោកបានមានប្រសាសន៍ថា “និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និងកេរ្តិ៍ឈ្មោះដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយយើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំនិងយូរអង្វែង រួមគ្នាយើងអាចធ្វើបាន”។

សន្និសីទឆ្នាំនេះ មានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គលមានស្នាដៃកំពូលខាងការងារនិរន្តរភាព និងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ៕

មហាសេដ្ឋីហុងកុងលោកលី កាស៊ីងប្រកាសលក់អាជីវកម្មជួលយន្តហោះក្នុងតម្លៃជិត៥ពាន់លានដុល្លារ

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យហុងកុង CK Asset Holdings បានប្រកាសនៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះថា ខ្លួនបានព្រមព្រៀងលក់អាជីវកម្មជួលយន្តហោះរបស់ខ្លួន ក្នុងតម្លៃសរុប៤,២៨ពាន់លានដុល្លារអាមេរិក នៅពេលក្រុមហ៊ុននេះ ដកខ្លួនចេញពីវិស័យនេះ ដើម្បីងាកទៅបង្កើនការផ្តោតលើផែនការអាជីវកម្មស្នូល ជាយុទ្ធសាស្រ្តរបស់ខ្លួនអំឡុងវិបត្តិកូវីដ-១៩។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង មួយនេះនិយាយថា ខ្លួនបានព្រមព្រៀងលក់ ក្រុមហ៊ុនជួលយន្តហោះ Accipiter Finance និង Manchester Aviation Finance ទាំងមូលឱ្យទៅក្រុមហ៊ុនទេសចរណ៍ Maverick Aviation Holdings Ltd។

ក្រុមហ៊ុនទេសចរណ៍ Maverick Aviation Holdings Ltd ស្ថិតក្រោមការគ្រប់គ្រង ដោយក្រុមហ៊ុនវិនិយោគអាកាសចរណ៍ ពាណិជ្ជកម្ម Carlyle Aviation Partners ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអាមេរិក The Carlyle Group។

ក្រុមហ៊ុន CK Asset បាននិយាយថា ខ្លួនទំនងជាទទួលបានប្រាក់ចំណេញសរុប១៧០លានដុល្លារអាមេរិក ពីការលក់អាជីវកម្មទាំងនេះ។

តាមរយៈឯកសារផ្លូវការមួយ ផ្ញើទៅកាន់ផ្សារភាគហ៊ុនក្រុងហុងកុង ក្រុមហ៊ុន CK Asset និយាយថា “វិបត្តិកូវីដ-១៩ បានបណ្តាលឱ្យមានការផ្លាស់ប្តូរគំរូក្នុងវិស័យជួលយន្តហោះ”។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា “ហានិភ័យ និងឱកាសទទួលបានប្រាក់ចំណេញគឺប្រែប្រួលមិនទៀង និងមិនអាចព្យាករដឹងជាមុន ហើយឧស្សា​ហកម្មនេះ បានឆ្លងកាត់ការកើនឡើង នូវសកម្មភាពច្របាច់បញ្ចូលគ្នា និងសកម្មភាពទិញយកអាជីវកម្ម ដើម្បីកាត់បន្ថយការប្រែប្រួលបែបនេះ”។

ការលក់ក្រុមហ៊ុន ផ្តល់សេវាជួលយន្តហោះពាណិជ្ជកម្មទាំង២នេះ គឺ Accipiter Finance និង Manchester Aviation Finance ពាក់ព័ន្ធនឹងការលក់យន្តហោះចំនួន១២៥គ្រឿង ដែលកាន់កាប់ដោយក្រុមហ៊ុនទាំង២ បូករួមនឹងការបញ្ជាទិញរបស់ពួកគេផងដែរ៕  Reuters៕

តើដីទំនេរ ឬដីមិនបានប្រើប្រាស់នៅកម្ពុជាត្រូវបង់ពន្ធដែរឬ?

ដោយ៖ សុផារី

ភ្នំពេញ៖ ដីដែលមិនបានប្រើក្នុងប្រទេសកម្ពុជាសំដៅលើដីប្រភេទណាដែលមិនត្រូវបានប្រើសម្រាប់គោលបំណងពាណិជ្ជកម្ម លំនៅឋាន ឧស្សាហកម្ម និងកសិកម្ម។

ដីប្រភេទនេះក៏ត្រូវបង់ពន្ធ ដោយពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ការវិនិយោគលើដី ដោយទិញរួចរង់ចាំលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណងអភិវឌ្ឍន៍ និងជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច និងកម្លាំងពលកម្ម។

ខាងក្រោមនេះជាដីចំនួន៥ប្រភេទ ដែលត្រូវបានចាត់ទុកថាជាដីប្រើប្រាស់រួមមានដូចជា ១. ដីដែលមានសំណង់ក្នុងតំបន់លំនៅឋាន ២. ដីសម្រាប់ជួលដែលមានសំណង់ដែលគេកាន់កាប់ ៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ច ៤. ដីរបស់រដ្ឋដែលជួលឱ្យរូបវន្តបុគ្គលឬ/និងនីតិបុគ្គល ៥. ដីក្រោមកិច្ចព្រមព្រៀងវិនិយោគ។

១. ដីដែលមានសំណង់នៅក្នុងតំបន់លំនៅឋាន
ទីតាំងប្រភេទដីនេះ សំដៅទៅលើកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ដែលអ្នករស់នៅអស់រយៈពេល ១៨៣ថ្ងៃ ឬច្រើនជាងនេះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែតុលាឆ្នាំមុន រហូតដល់ថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ វាគឺជាលំនៅឋានដែលសំខាន់បំផុតសម្រាប់អ្នកស្នាក់នៅ ដែលពួកគេបានហូបចុក និងស្នាក់នៅជាប្រចាំបន្ទាប់ពីមកពីធ្វើការ។

២. ដីសម្រាប់ជួលដោយមានសំណង់ (ត្រូវបានកាន់កាប់)
ដីនេះស្ថិតនៅក្នុងតំបន់លំនៅឋាន ពាណិជ្ជកម្ម ឬតំបន់ឧស្សាហកម្ម ដែលមានសំណង់ផ្សេងៗដូចជា លំនៅឋាន អគារ និងឃ្លាំងជាដើម ដែលត្រូវបានជួលឱ្យអ្នកជួលក្នុងតម្លៃថេរជាប្រចាំខែ ប្រចាំឆ្នាំ និងរយៈពេលវែង។

៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ច
ដីនេះត្រូវប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដោយស្របតាមការបែងចែកដីរបស់រដ្ឋ។ វាត្រូវបានចាត់ទុកថាជាដីប្រើប្រាស់ លុះត្រាតែដីនេះអាចបង្កើតប្រាក់ចំណូលបានគ្រប់គ្រាន់ពីសកម្មភាពសេដ្ឋកិច្ចទាំងនោះ។
៤. ដីរបស់រដ្ឋដែលជួលឱ្យរូបវន្តបុគ្គលឬ/និងនីតិបុគ្គល
ដីមួយប្រភេទនេះជាដីសាធារណៈរបស់រដ្ឋ មិនថាមានក្នុងបញ្ជីពន្ធឬអត់នោះទេ ហើយដីនេះមានចំណុចពិសេសក្នុងចំណោមដីទាំងបីខាងលើ។

៥. ដីក្រោមកិច្ចព្រមព្រៀងវិនិយោគ
ដីប្រភេទនេះរាប់បញ្ចូលទាំងដីក្រោមកិច្ចសន្យាវិនិយោគ ឬដីសម្បទានដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ការវិនិយោគក្នុងវិស័យពិសេស ឬដីសម្បទានសម្រាប់គោលបំណងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងណាមួយ។

ចំពោះប្រភេទដីដែលផ្ទុយពី៥ប្រភេទនេះ ត្រូវបានចាត់ទុកជាដីមិនបានប្រើប្រាស់ ហើយម្ចាស់ដីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើក្នុងអត្រាពន្ធមូលដ្ឋាន២ភាគរយ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃដីនៅលើទីផ្សារដែលត្រូវបានគណនាដោយផ្អែកលើតំបន់ជាក់លាក់នីមួយៗ ដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ (ULAC)។

ពន្ធលើដីដែលមិនប្រើប្រាស់ (ចាប់ពីឆ្នាំ ២០០៧) = (ផ្ទៃដីសរុប x មូលដ្ឋានពន្ធ x អត្រាពន្ធ) ។ ឧទាហរណ៍៖ សំមានដីមិនប្រើប្រាស់ចំនួន ៩០០០ម៉ែត្រការ៉េ ហើយមូលដ្ឋានគិតពន្ធដែលវាយតម្លៃដោយ ULAC គឺ ១៥០០០រៀលក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះពន្ធដែលត្រូវបង់សម្រាប់ឆ្នាំ ២០២០ = ៩០០០ម៉ែត្រការ៉េ x ១៥០០០រៀល x ២% =២.៧០០.០០០រៀល។

តំបន់៣នៅរាជធានីភ្នំពេញកំពុងទាក់ទាញការវិនិយោគខ្លាំងបំផុតពីបរទេស

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ រាជធានីភ្នំពេញ នៅតែជាតំបន់លេខ១ក្នុងការទាក់ទាញការវិនិយោគក្នុងនិងក្រៅប្រទេស ហើយក្នុងនោះដែរ នៅរាជធានីភ្នំពេញមានតំបន់ចំនួន៣ ដែលមានសក្ដានុពលកំពុងមានការទាក់ទាញវិនិយោគិនបរទេសយ៉ាងខ្លាំង និងជំរុញឱ្យតំបន់ទាំង៣នោះមានតម្លៃអចលនទ្រព្យខ្ពស់។

បើតាមលោក Charles Villar អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KW Khmer Real Estate បានមានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញ តំបន់ចំនួន៣ត្រូវបានចាត់ថ្នាក់កំពូលសម្រាប់ការបណ្ដាក់ទុនវិនិយោគ ក្នុងនោះយើងដឹងស្រាប់ហើយថាបឹងកេងកងជាតំបន់លេខ១នៅភ្នំពេញ ហើយតម្លៃដីនៅក្នុងតំបន់នេះបានកើនឡើងខ្ពស់ជាបន្តបន្ទាប់។

វិនិយោគិនខ្លះត្រូវរកទីតាំងផ្សេងដើម្បីវិនិយោគគឺ តំបន់លេខ២ ទួលទំពូង ដែលមានការវិនិយោគពីបរទេសច្រើនដែរ។ ចំណែកតំបន់លេខ៣នៅភ្នំពេញ គឺទូលគោក។ ទួលគោកក៏បានមើលឃើញថាកំពុងមានសន្ទុះវិនិយោគខ្ពស់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសការវិនិយោគដែលផ្ដោតលើជនបរទេស។
លោកបន្ថែមថា តំបន់ទាំងបីជាតំបន់ដែលមានជនបរទេសរស់នៅច្រើន ហើយវិនិយោគិនដែលដាក់ទុនវិនិយោគក្នុងតំបន់ទាំងបីនេះ ផ្ដោតទៅលើការអភិវឌ្ឍអគារខ្ពស់ៗ ជាក់ស្ដែងយើងបានឃើញនៅក្នុងតំបន់ទាំងបីកំពុងមានការសាងសង់អគារខ្ពស់ៗយ៉ាងច្រើនផងដែរ។

លោកបន្តថា”នៅពេលតម្លៃដីកាន់តែខ្ពស់ ការវិនិយោគគឺផ្ដោតលើប្រាក់ចំណេញច្រើន ហើយការអភិវឌ្ឍអគារគឺជាមធ្យោបាយមួយដែលធ្វើឱ្យអ្នកវិនិយោគរកប្រាក់ចំណេញបានច្រើនពីវាដែរ។ គេមិនអាចយកដីដែលមានតម្លៃខ្ពស់ទៅសាងសង់ជាផ្ទះល្វែងឬវីឡាដើម្បីលក់នោះទេ”។

អ្នកឧកញ៉ា សៀ ឬទ្ធី វិនិយោគិនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងផងដែរថា ការវិនិយោគអគារខ្ពស់ដូចជាខុនដូ និងការិយាល័យគឺគេរកទីតាំងណានៅកណ្ដាលក្រុង ហើយទីតាំងកណ្ដាលក្រុងតម្លៃដីក៏មានខ្ពស់ដែរ ដូច្នេះការវិនិយោគនៅកណ្ដាលក្រុងគឺត្រូវការចំណាយទុនច្រើន តែក៏អាចចំណេញដែរ បើសិនជាការវិនិយោគច្បាស់លាស់។

លោក សន សៀប ក៏បានលើកឡើងពីការអភិវឌ្ឍនៅកណ្ដាលក្រុងនេះដែរ ដោយលោកបានផ្ដល់ជាយោបល់ដល់អ្នកវិនិយោគដីធ្លីដែលចង់បានប្រាក់ចំណេញមកវិញភ្លាមៗ មិនគួរវិនិយោគនៅជិតក្រុងនោះទេ។ តម្លៃដីនៅក្នុងក្រុងបានឡើងខ្ពស់ទៅហើយ ដូច្នេះវាមិនអាចហក់ឡើងលឿនទៀតទេ តែបើវិនិយោគនៅជាយក្រុង អត្រានៃការឡើងថ្លៃនឹងមានបន្តទៀត នៅពេលមានការអភិវឌ្ឍកាន់តែច្រើន៕

លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ដោយ៖ សូរិយា

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ នេះបើតាមលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជ្រើសតាំងស្វែងរកការគាំទ្រពីសមាជិកគណៈកម្មាធិការកណ្តាលបក្សនាព្រឹកថ្ងៃនេះ គឺមានតែលោក ហ៊ុន ម៉ាណែត តែម្នាក់គត់ប៉ុណ្ណោះ។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល៧៧៥នាក់ លើបរិមាណរួម៨៦៥រូប បានបោះឆ្នោតជាឯកឆន្ទគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក។ ពេលលោកចាប់កំណើតក្នុងផ្ទៃបានប្រមាណ ៥ខែ ឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ក៏បានភាសខ្លួនយកជីវិតផ្សងនឹងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ហើយត្រូវលាក់ខ្លួនពួនអាត្មា និងលាក់ប្រវត្តិជាមួយម្តាយ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ លោក ម៉ាណែត និងម្តាយ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវលក់លាក់ប្រវត្តិនៅក្នុងស្រុកមេមត់រយៈពេលជិត២ឆ្នាំ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាយវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លោក ម៉ាណែត និងម្តាយ បានឡើងមករាជធានីភ្នំពេញ ដើម្បីជួបជុំជាមួយឪពុក គឺសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បើតាមសម្តេចតេជោ ហ៊ុន សែន ការជួបឪពុកជាលើកដំបូងនេះ លោក ហ៊ុន ម៉ាណែត បានហៅឪពុកខ្លួនឯងថា «ពូ» ព្រោះចាប់តាំងពីថ្ងៃខ្លួនកើត រហូតដល់អាយុជិតពីរឆ្នាំ គឺមិនដែលបានឃើញមុខឪពុកនោះឡើយ។

បន្ទាប់ពីបានជួបជុំគ្រួសារ លោក ហ៊ុន ម៉ាណែត ទទួលបានការបីបាច់ថែរក្សាយកចិត្តទុកដាក់បំផុតពីឪពុក និងម្តាយ។ លោក ក៏ត្រូវបានឪពុកយកចិត្តទុកដាក់ខ្ពស់បំផុតលើការសិក្សាអប់រំរហូតក្លាយជាសិស្សឆ្នើមមួយរូប។ លោក ហ៊ុន ម៉ាណែត បានក្លាយជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ មកពីវិទ្យាល័យភ្នំដូនពេញ។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅក្នុងរាជធានីភ្នំពេញនាដើមទសវត្សរ៍ឆ្នាំ១៩៩០ហើយនោះ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាឪពុកបញ្ជូនទៅសិក្សារៀនសូត្រក្រេបចំណេះវិជ្ជានៅសហរដ្ឋអាមេរិក ក្នុងវ័យប្រមាណ១៦ឆ្នាំ។

ការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាពេលវេលាដែលលោក ហ៊ុន ម៉ាណែត បានលត់ដំខ្លួន និងម្ចាស់ការលើការរស់នៅដោយឃ្លាតឆ្ងាយពីឪពុក ម្តាយ មិនមានការមើលខុសត្រូវដិតដល់ដូចពេលរស់នៅក្នុងប្រទេសទៀតនោះឡើយ។ បើទោះរស់នៅដោយមិនមានការមើលថែស្តីប្រដៅដោយផ្ទាល់ពីឪពុកម្តាយ ក៏លោក ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរ ដែលមានអត្តចរិត និងស្មារតីស្រឡាញ់ការសិក្សាខ្ពស់ ហើយបានស្វាធ្យាយប្រឹងប្រែងសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សា នៅសាលាល្បីៗរបស់អាមេរិកដូចជាសាលាយោធា West Point ជាដើម។

លោក ហ៊ុន ម៉ាណែត ដើមឡើយគេតែងគិតថា លោកជាអ្នកដែលទទួលបានការតម្រង់ទិសលើការសិក្សារៀនសូត្រពីសម្តេចតេជោ ហ៊ុន សែន ដើម្បីជាការតម្រែតម្រង់ឈានឆ្ពោះទៅកាន់តំណែងណាមួយលើកិច្ចការជាតិ។ ប៉ុន្តែការគិតនេះ បានផ្ទុយស្រឡះ ហើយក៏នាំឱ្យមានការភ្ញាក់ផ្អើលផងដែរ នៅពេលសម្តេចតេជោ ហ៊ុន សែន បានទម្លាយលិខិតសម្ងាត់មួយច្បាប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ លិខិតសម្ងាត់នេះ គឺជាលិខិតរបស់លោក ហ៊ុន ម៉ាណែត ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ សរសេរសុំការអនុញ្ញាតពីឪពុក ដើម្បីរៀនមុខវិជ្ជាដែលខ្លួនបានគិតទុកមុនរួចជាស្រេច។

ដើមឡើយគេដឹងត្រឹមថា លោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។ តែតាមរយៈលិខិតសម្ងាត់ដែលសម្តេចតេជោ ហ៊ុន សែន បានទម្លាយ លោក ហ៊ុន ម៉ាណែត ក៏បានលួចសិក្សារៀនសូត្រលើវិជ្ជាវិទ្យាសាស្ត្រនយោបាយផងដែរ។ ការសិក្សាលើវិជ្ជាវិទ្យាសាស្ត្រនយោបាយនេះ លោកស្នើសុំឪពុកមិនឱ្យប្រាប់នរណានោះឡើយ។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន៕

ក្រុមហ៊ុន ខេអេច លែន បោះទុនជិត១លានដុល្លារទិញគ្រឿងចក្រ ដើម្បីពង្រឹងគុណភាពនៃការសាងសង់ និងអភិវឌ្ឍក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច គម្រោងក្រុងថ្មីដីមាសសំរោងលើ និងគម្រោងបន្តបន្ទាប់ទៀតរបស់ខ្លួន

 

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន ខេអេច លែន បានបោះទុនជិត១លានដុល្លារទិញគ្រឿងចក្រ ដើម្បីពង្រឹងគុណភាពនៃការសាងសង់ និងការអភិវឌ្ឍក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច គម្រោងក្រុងថ្មីដីមាសសំរោងលើ និងគម្រោងបន្តបន្ទាប់ទៀតរបស់ខ្លួន។

គ្រឿងចក្រទាំង៤គ្រឿង ដែលក្រុមហ៊ុនបានទិញរួមមាន Excavator, Roller, Motor Grader, និង Bulldozer ដែលជាគ្រឿងចក្រប្រើប្រាស់បច្ចេកវិជ្ជាទំនើបចុងក្រោយម៉ាក CAT ដែលជាម៉ាកល្បី និងឈានមុខគេផ្នែកគ្រឿងចក្រទូទាំងពិភពលោក។

ការបោះទុនវិនិយោគនៅចុងឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបំពេញតម្រូវការក្នុងការពង្រឹងគុណភាព នៃការសាងសង់ និងការអភិវឌ្ឍក្នុងគម្រោងទាំងមូល ប្រកបដោយគុណភាពខ្ពស់ និងបង្កើនទំនុកចិត្តជូនអតិថិជនរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេអេច លែន បានទទួលជោគជ័យក្នុងការអភិវឌ្ឍគម្រោងអចលទ្រព្យរបស់ខ្លួនជាច្រើនគម្រោងរួចមកហើយ ដែលសព្វថ្ងៃ ក្រុមហ៊ុន ក៏បានបន្តអភិវឌ្ឍគម្រោងថ្មីមួយរបស់ខ្លួនបន្ថែមទៀត ដែលមានឈ្មោះថា គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកឧត្តុង ខែត្តកំពង់ស្ពឺ។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានទំហំរហូតទៅដល់១០០ហិកតា ដែលជាប្រភេទគម្រោងអភិវឌ្ឍន៍បែបកូនកាត់ រួមមាន ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។

ហើយក្នុងគម្រោង ក៏មានការរៀបចំតំបន់ពាណិជ្ជកម្មទាំង១០ និងមានផ្សារភ្នំតូចនៅក្នុងគម្រោងផ្ទាល់តែម្តង៕