ក្នុងបរិបទកូវីដ១៩ ទីផ្សារបុរីលំនៅដ្ឋានរក្សាបាននូវភាពធន់ជាងគេ

ដោយៈសុផារី

ភ្នំពេញៈ វិស័យអចលនទ្រព្យហាក់រក្សា បាននូវភាពធន់ខ្ពស់ បើទោះ​បីជំងឺរាតត្បាតសកល បង្កឡើងដោយជំងឺកូវីដ-១៩ បានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំមកនេះក្តី។

អ្នកជំនួញ និងរបាយការណ៍ស្រាវជ្រាវក្នុងវិស័យនេះ បានបញ្ជាក់ថាទីផ្សារដីធ្លី និងបុរីលំនៅដ្ឋាន នៅតែបន្តមានសកម្មភាពទិញ លក់រស់រវើក ដោយទីផ្សារបុរីលំនៅដ្ឋានរក្សាបាននូវភាពរឹងមាំជាងគេ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty បានលើកឡើងថា តម្លៃទីផ្សារលំនៅដ្ឋាននិងដីធ្លីហាក់មានទំនុកចិត្តល្អពីវិនិយោគិន។ បើធៀបនឹងកាល ដែលសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ក្នុងអំឡុងឆ្នាំ២០០៨ វិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់ដល់ទីផ្សារដីធ្លីតិចតួចជាង។

លោកបញ្ជាក់ថា “ទីផ្សារលំនៅឋាន រក្សាបានកំណើនល្អជាងគេក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ព្រោះលំនៅដ្ឋានជាតម្រូវការចំាបាច់ របស់មនុ​ស្ស”។

របាយការណ៍ស្រាវជ្រាវត្រីមាសទី៣ ពីក្រុមហ៊ុនCBRE Cambodia ដែលផ្តោតលើទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបុរីលំនៅដ្ឋានថ្មីមានចំនួន៥៨គម្រោង ក្នុងនោះ២៤គម្រោងបញ្ចប់ការសាងសង់រួចរាល់ ស្មើចំនួនផ្ទះ៩ម៉ឺន២ពាន់ខ្នង ត្រូវបានដាក់លក់ក្នុងទីផ្សារ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២១។ ការផ្គត់ផ្គង់បុរីលំនៅដ្ឋានទាំងនេះមាន៥៧ភាគរយ ផ្តោតលើតម្លៃមធ្យម និង៣៣ភាគរយផ្តោតលើតម្លៃសមរម្យ។ តាមការរំពឹងទុកចំនួនលំនៅដ្ឋានបុរី អាចកើនដល់ជិត១០ម៉ឹនខ្នងពេញមួយឆ្នាំ២០២១នេះ។

ក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានកំណត់ប្រភេទទីផ្សារលំនៅដ្ឋានជាបីប្រភេទ ដូចជា ទី១ គឺទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ ដែលបច្ចុប្បន្នមានតម្លៃចន្លោះពី៤ ម៉ឺនទៅ១០ម៉ឺនដុល្លារក្នុងមួយខ្នង ទី២ ទីផ្សារតម្លៃបង្គួរចន្លោះពី១០ម៉ឺន ទៅ៤០ម៉ឺនដុល្លារ និងទី៣ លំនៅដ្ឋានលំដាប់ខ្ពស់មានតម្លៃចាប់ពី៤០ម៉ឺនដុល្លារឡើងទៅ។

អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ធ្លា​ប់បានលើកឡើងថា ទីផ្សារលំនៅដ្ឋាន នៅតែមានតម្រូវការច្រើន ដោយសារអ្នកមានលទ្ឋភាពបានបន្តទិញទុក សម្រាប់កូនចៅរបស់ពួកគេ ដែលត្រូវរៀបការហើយបែកចេញពីគ្រួសារ ស្របពេលបច្ចុប្បន្ននេះ អ្នកវិនិយោគធំៗជាច្រើនបាន និងកំពុងចាប់ផ្តើមសាងសង់គំរោងធំៗ របស់ពួកគេឡើងវិញ៕

ការធ្វើដំណើរលើផ្លូវល្បឿនលឿននឹងមិនយកប្រាក់នៅថ្ងៃបុណ្យ ហើយមិនអនុញ្ញាត្តឲ្យឈប់បត់ជើងទេ

ដោយៈជេស៊ីកា

ភ្នំពេញៈ រហូតមកទល់ពេលនេះ មិនទាន់មានការសម្រេចណាមួយពីការយកកម្រៃ លើការធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនៅឡើយទេ។

យោងតាមផេកបណ្តាញទំនាក់ទំនងសង្គម ផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានឲ្យដឹងថា បច្ចុប្បន្នការបង់ប្រាក់ ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿន គឺមិនទាន់កំណត់ឡើយ។

ផេកដដែលនេះបានសរសេរបញ្ជាក់ថា “ការធ្វើដំណើរលើផ្លូវល្បឿនលឿននាពេលថ្ងៃបុណ្យជាតិ គឺមិនគិតថ្លៃទេ យើងទន្ទឹមរង់ចាំទាំងអស់គ្នា”។

ជាមួយគ្នានេះ ផេកនេះក៏បានបញ្ជាក់ពីព៌តមានសំខាន់មួយទៀត ដោយ​សរសេរចំណងជើងរហ័ស និងដាក់ជាសំណួរថា ​​ បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ចម្លើយប្រាកដជាមិនអាចទេ ព្រោះផ្លូវល្បឿនលឿន មានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់៕

 

អគារវិមានរដ្ឋសភាថ្មីតម្លៃ២៥លានដុល្លារបានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ វិមានរដ្ឋសភាជាតិថ្មីតម្លៃ២៥ លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកនេះ។

ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើង ក្រោមអធិបតីភាពសម្តេចពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។

អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង២៧ម និងបណ្តោយ៤៩ម៉ែត្រ កំពស់១២ជាន់ និងចំណតរថយន្តក្រោមដី២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។

អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ ដែលមានរចនាបថខ្មែរបូរាណទិសដៅ ដើម្បីបង្ហាញនូវតុល្យភាព នៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។

គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងភាគីវៀតណាម និងកម្ពុជា តាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែទើបបើកការដ្ឋានជាផ្លូវការនៅឆ្នាំនេះ៕

 

ប្រជាជនវ័យកណ្ដាលមានទំនោរទិញអចលនទ្រព្យនៅកម្ពុជាច្រើនជាងគេ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការទិញលក់លំនៅដ្ឋាន និងដីធ្លី។

ក្នុងចំណោមអ្នកពាក់ព័ន្ឋក្នុងវិស័យអចលនទ្រព្យ មានអ្នកខ្លះទិញជាលក្ខណៈវិនិយោគ និងខ្លះទៀតទិញដើម្បីស្នាក់នៅ និងអភិវឌ្ឍន៍ ហើយបើតាមអ្នជំនាញ នៃវិស័យនេះបានបញ្ជាក់ថា ប្រជាជនដែលមានវ័យកណ្ដាលគឺមានទំនោរទិញអចលនទ្រព្យច្រើនជាងគេ ។

តើកត្តាអ្វីដែលធ្វើឱ្យប្រជាជនស្ថិតនៅក្នុងវ័យនេះ មានលទ្ធភាពទិញអចលនទ្រព្យច្រើនជាងគេ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍នៅដើមសប្ដាហ៍នេះ លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនCentury 21 Advance Property បានឱ្យដឹងថា ប្រជាជនវ័យកណ្ដាល ជាវ័យមួយកំពុងពេញកំលាំង ហើយពួកគាត់ជាមនុ​ស្ស ដែលអាចរកលុយរកចំណូលបានច្រើន និងជាវ័យកំពុងកំពុងត្រូវការផ្ទះ ត្រូវការពង្រីកឱកាសនៃការវិនិយោគ ។

លោកបន្តថា “ប្រជាជនបានទិញផ្ទះរស់នៅ ភាគច្រើនជាអ្នកដែលរកចំណូលបានចាប់ពី៧០០ដុល្លារអាមេរិកឡើងទៅ ហើយបើសិនជាអ្នកមានចំណូលទាបជាងនេះ គឺពិបាកក្នុងការចាត់ចែងការចំណាយប្រចាំខែណាស់ “។ លោក”អ្នកមានចំណូល៧០០ដុល្លារអាមេរិកក្នុងមួយខែ អាចទិញផ្ទះរស់នៅបានហើយ ក្នុងនោះគេអាចចំណាយប្រចាំខែ ទៅលើការបង់រំលស់ផ្ទះប្រមានជាង៣០០ដុល្លារអាមេរិក ហើយ៣០០ដុល្លារអាមេរិកទៀតសម្រាប់ចាត់ចែង ការចំណាយប្រចាំខែរបស់ពួកគេ តែបើសិនជាចំណូលទាបជាងនេះ ហើយចង់ទិញផ្ទះបង់រំលស់វាពិបាកបន្តិចហើយ”។

លោកគឹមសួគ៌បានបន្តថា សម្រាប់តម្រូវការជាក់ស្ដែង នៃលំនៅឋានក្នុងប្រទេសកម្ពុជា ភាគច្រើនជាលំនៅឋានដែលមានតម្លៃបង្គួរ ពីព្រោះកម្ពុជាស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយចំណូលរបស់ប្រជាជនភាគច្រើន ក៏ស្ថិតនៅក្នុងកម្រិតមធ្យមនិងបង្គួរដែរ។ ដូច្នេះហើយទើបតម្រូវការនៃការទិញផ្ទះកម្រិតមធ្យម និងកម្រិតបង្គួរមានបរិមាណខ្ពស់ ។

បើតាមស្រាវជ្រាវរបស់ក្រុមហ៊ុនជប៉ុនមួយ ក៏បានបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសដែលមានប្រជាជនវ័យកណ្ដាល និងពេញកំលាំងច្រើន ដូច្នេះការវិនិយោគនៅក្នុងប្រទេសកម្ពុជា មិនពិបាកក្នុងការស្វែងរកបុគ្គលិកនិយោជិតនោះឡើយ ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodiaបានលើកឡើងផងដែរថា ប្រជាជនកម្ពុជាចន្លោះពីអាយុ១៨ទៅ ដល់ជាង៤០ឆ្នាំមានចំនួនច្រើន និងជាមនុស្ស ដែលមានសក្ដានុពលខ្ពស់ក្នុងសេដ្ឋកិច្ច។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសម្រេចចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនមនុស្សក្នុងវ័យនេះមុនគេនិងបានចំនួនច្រើនជាងគេ៕

រដ្ឋាភិបាលគ្រោងសាងសង់ស្ពានមួយកន្លែងឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសាងសង់ស្ពានមួយកន្លែងឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សនាពេលសព្វថ្ងៃ ដែលគម្រោងនេះបានទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចរាល់ហើយ។

នេះបើតាមការបង្ហើបរបស់លោកទៅកាន់សិស្សនិស្សិតចំនួន១៩១រូប ឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ ឆមាសទី២ ជំនាន់ទី១ កាលពីថ្ងៃទី២១ ខែធ្នូនេះ។

លោកក៏បានប្តេជ្ញានាំនិស្សិតទៅកាន់ស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែង លើការងារសាធារណការដូចជា ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង គម្រោងពង្រឹង គុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មី។

លោកមានប្រសាសន៍ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឱ្យក្លាយជា វិស្វករ អាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិយើង។

លោកបានបន្តថា ដូនតាយើងបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះយើងមនុស្សជំនាន់ក្រោយ គួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង៕

គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ ទំហំ១២.៥៤៤,៤ ម៉ែត្រការ៉េនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២

ដោយ៖សុផារី

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តួចផ្តើមគម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១) អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១០០០ ម៉ែត្រការ៉េ។

អគារទាំងបីខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២៕

ក្រោយពីការសាងសង់រួច មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ។

គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានដឹកនាំកិច្ចប្រជុំដោយលោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

Bangkok housing prices dip to new low

 

Offering prices for residential units in Greater Bangkok during the third quarter of 2021 fell to the lowest level since the fourth quarter of 2016 because of the ailing economy, according to property website DDproperty.com.

Country manager Kamolpat Swaengkit said 2021 was a challenging and volatile year for the property market as Covid-19 affected all business sectors, suppliers, developers, the labour market and homebuyers.

“Consumers wanted to buy a house, but the fragile economy and high household debt had a strong impact on their liquidity. Many of them had to delay home purchases,” said Ms Kamolpat.

According to its survey on the Bangkok property market in the third quarter, the housing price index saw consecutive quarterly dips since the fourth quarter of 2020 from 197 to 190, 183 and 178 in the first three quarters of 2021.

The third-quarter index marked a drop of 11% from the same period last year.

However, by category, the price index of low-rise houses, particularly single detached houses, rose 6% year-on-year, up 13% from the third quarter of 2019.

On the contrary, the price index of condos saw consecutive declines with a drop of 11% from the third quarter last year and a decline of 16% from that recorded prior to the pandemic.

She said the property market in 2022 may improve with the economic recovery and better control of the Covid-19 situation, with government measures as the key driver.

“The loan-to-value limit was eased in October, but it cannot boost the property market as consumers are uneasy about the pandemic and cannot afford to buy a home.”

In terms of consumer sentiment, 71% of consumers still want to buy a house but have kept delaying the purchase. About 39% planned to buy within 1-2 years.

The main reason (66%) was an income shortage, followed by housing prices (63%).

Other reasons include political uncertainties and banks’ rejection of mortgage loan applications at 37% each.

Some 80% of respondents said government aid was insufficient to help them buy a residential unit.

The most wanted measure was a reduction in home loan interest for both new homes and existing houses they are repaying.

Ms Kamolpat said the housing trend had changed with rising demand for low-rise houses in Bangkok’s outskirts because they were feasible locations at more affordable prices.

The key driver was the expansion of mass transit lines to the outlying areas.

“Locations where housing prices tend to grow were in the city’s outskirts as low-rise houses at affordable prices for the mass market were developed in those areas,” said Ms Kamolpat.

Source: Bangkok Post

ហាងឆេងលំនៅដ្ឋានក្នុងក្រុងបាងកកបានដាំក្បាលចុះមិនធ្លាប់មាន

ដោយៈសុខុម

បាងកក: យោងតាមគេហទំព័រអចលនទ្រព្យ DDproperty.com បង្ហាញថា ហាងឆេងលំនៅដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃអំឡុងត្រីមាសទី៣ ឆ្នាំ២០២១ បានធ្លាក់ថ្លៃខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០១៦ មកដោយសារតែសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។

លោកស្រី Kamolpat Swaengkit នាយកគ្រប់គ្រងគេហទំព័រអចលនទ្រព្យ DDproperty.com ប្រចាំប្រទេសថៃបានលើកឡើងថា ឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាក និងផុយស្រួយ សម្រាប់ទីផ្សារអចលនទ្រព្យ នៅពេលវិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់គ្រប់វិស័យអាជីវកម្ម បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ ក្រុមហ៊ុនអភិវឌ្ឍន៍ ទីផ្សារការងារ និងអ្នកទិញផ្ទះ។

លោកស្រីបន្តថា “អតិថិជនចង់ទិញផ្ទះ ប៉ុន្តែសេដ្ឋកិច្ចដ៏ផុយស្រួយ និងបំណុលគ្រួសារខ្ពស់ បានជះឥទ្ធិពលយ៉ាងខ្លាំង លើលទ្ធភាពទិញរបស់ពួកគេ ដូចនេះអតិថិជនយ៉ាងច្រើនត្រូវពន្យារពេលការទិញផ្ទះ”។

យោងតាមការស្ទង់មតិរបស់គេហទំព័រនេះ នៅក្នុងទីផ្សារអចលនទ្រព្យក្រុងបាងកក ក្នុងត្រីមាសទី៣បានបង្ហាញថា សន្ទស្សន៍តម្លៃលំនៅ ដ្ឋានបានធ្លាក់ចុះ ក្នុងប៉ុន្មានត្រីមាសជាប់ៗគ្នា ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២០ ដោយធ្លាក់ចុះពី១៩៧ពិន្ទុ មកនៅត្រឹម១៩០ពិន្ទុ បន្តធ្លាក់មកនៅត្រឹម១៨៣ពិន្ទុ និង១៧៨ពិន្ទុអំឡុង៣ត្រីមាសដំបូងនៃឆ្នាំ២០២១។

សន្ទស្សន៍តម្លៃលំនៅដ្ឋានត្រីមាសទី៣ បានធ្លាក់ចុះ១១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណា សន្ទស្សន៍តម្លៃលំនៅដ្ឋាន ដែលមានកម្ពស់ទាបជាពិសេសផ្ទះដាច់ពីគ្នា បានហក់ឡើង៦% ដោយកើនឡើង១៣%ពីត្រីមាសទី៣ នៃឆ្នាំ២០១៩។

ផ្ទុយពីគ្នា សន្ទស្សន៍តម្លៃខុនដូបានធ្លាក់ចុះ ប៉ុន្មានត្រីមាសជាប់ៗគ្នា ដោយធ្លាក់ចុះ១១%ពីត្រីមាសទី៣ ឆ្នាំមុន និងធ្លាក់ចុះ១៦%ពីកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩៕ Bangkok Post៕

អ្នកជំនាញអចលនទ្រព្យហាក់មានទំនុកចិត្តខ្ពស់លើវិស័យសំណង់ក្នុងឆ្នាំ២០២២

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ អ្នកជំនាញនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុកជាច្រើនបានបង្ហាញពីទស្សនៈ និងផ្ដល់ទំនុកចិត្តខ្ពស់ ចំពោះវិស័យនេះនៅក្នុងឆ្នាំ២០២២។

អ្នកជំនាញ និងអ្នកវិនិយោគមួយចំនួន បានបង្ហាញការរំពឹងថា ទីផ្សារអចលនទ្រព្យ នឹងមានសន្ទុះងើបឡើងខ្លាំង ជាងឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ១៩ចូលមកដល់មកដល់។

លោក លោកវ៉ាវីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងនាថ្ងៃម្សិលម៉ិញនេះថា នៅក្នុងឆ្នាំ ២០២២ខាងមុខនេះ លោកជឿថាតម្រូវការនៃ លំនៅឋានតាមបុរី ខុនដូការិយាល័យ នឹងមានការកើនឡើងវិញ ជាមួយការផ្គត់ផ្គង់ក៏នឹងកើនឡើដូចគ្នាដែរ។

លោកបន្តថា “បើទោះបីកម្ពុជារងផលប៉ះពាល់ខ្លំាង ក្នុងឆ្នាំ២០២១ តែបើគិតពីចំនួនគម្រោងសំណង់ និងទំហំនៃទុនវិនិយោគ ក្នុងវិស័យនេះ បង្ហាញថានៅមានការកើនឡើង”។លោកបន្តថា “សម្រាប់ឆ្នំា២០២២ភាពជឿជាក់ទៅលើវិស័យសំណង់ និងអចលនទ្រព្យ កាន់តែមានភាពខ្លំាងក្លាថែមទៀត ព្រោះនៅពេលថ្មីៗកន្លងមកនេះ សម្តេចតេជោហ៊ុនសែនបានប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈឆ្នំា២០២០”។

យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហា​ញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងសម្រេចបានកំនើនត្រឹម២,៤ភាគរយនៅឆ្នាំនេះ និងរំពឹងកើនដល់ ៤,៨ភាគរយនៅឆ្នាំ២០២២​ខាងមុខនេះ។

ដោយឡែកលោកឡុង គឹមសួគ៌ អ្នកវិនិយោគមួយរូបនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក៏បានថ្លែងថា ក្នុងវិបត្តិកូវីដ១៩តម្រូវការទិញលក់អចលនទ្រព្យ ត្រូវបានថមថយគួរឱ្យកត់សម្គាល់ ប៉ុន្តែដោយសារតែការចាក់វ៉ាក់សាំង និងការបើកប្រទេសរបស់រដ្ឋាភិបាល លោកជឿជាក់ថាវិស័យនេះនឹងមានសន្ទុះ ហើយតម្រូវការនៃការទិញលក់លើផ្ទះ ខុនដូ និងតម្រូវការជួលការិយាល័យក៏នឹងងើបឡើងវិញផងដែរ ។

គិតត្រឹមរយៈពេល ១១ ខែឆ្នាំ២០២១ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៣.៩២៥គម្រោង មានផ្ទៃក្រឡាសំណង់ជាង១២ លានម៉ែត្រការ៉េ កើនឡើង៣២៧ គម្រោងបើធៀបនឹងកាលពីឆ្នាំមុន ដែលមានចំនួន៣.៥៩៨ គម្រោងហើយនៅក្នុងរយៈពេល១១ខែកន្លងទៅនេះ វិស័យសំណង់ស្រូបបានទុនវិនិយោគជាង៥.២១០លានដុល្លារអាមេរិក៕

ក្រុមហ៊ុន China Mobile គ្រោងកៀរគរដើមទុនឱ្យបាន ៩ពាន់លានដុល្លារ មុនចុះបញ្ជីភាគហ៊ុននៅសៀងហៃ

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនចិន China Mobile ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំជាងគេបំផុត ក្នុងពិភពលោក មានគម្រោងកៀរគរប្រមូលដើមទុនឱ្យបានរហូត ដល់ទៅ៨,៨ពាន់លានដុល្លារអាមមេរិក នៅពេលក្រុមហ៊ុននេះ ចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្រុងសៀងហៃ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឱ្យដឹងថា ក្រុមហ៊ុននេះ ត្រូវបានលុបឈ្មោះចេញពីផ្សារភាគហ៊ុនញូវយ៉ក ឬ New York Stock Exchange ដោយសារតែវិធានានា ដែលត្រូវបានដាក់អំឡុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី។

ក្រៅពីក្រុមហ៊ុននេះ ក៏នៅមានក្រុមហ៊ុនចិន ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិកជាច្រើនទៀតដែលបានចាកចេញ ឬគ្រោងនឹងចាកចេញពីសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street។

ក្រុមហ៊ុនចិន China Telecom និងក្រុមហ៊ុនចិន China Unicom ដែលជាគូប្រជែងរបស់ China Mobile បានផ្លាស់ចេញមកកាន់ប្រទេសកំណើតរបស់ខ្លួនរួចទៅហើយ។

ក្រុមហ៊ុនទាំង៣ ដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីផ្សារភាគហ៊ុនក្រុងញូវយ៉ក បន្ទាប់ពីមានសេចក្ដីសម្រេចអំឡុង សម័យកាលលោក ដូណាល់ ត្រាំ កាន់អំណាច ដើម្បីរឹតបន្តឹងការវិនិយោគ នៅក្នុងបណ្ដាក្រុមហ៊ុនប ច្ចេកវិទ្យាចិន។

គោលនយោបាយនេះ នៅតែរក្សាទុកមិនផ្លាស់ប្តូរក្រោមរដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន ខណៈភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តកើតមាន៕ BBC៕