តំបន់ផ្លូវ៥១និងភ្នំឧត្តុងនឹងក្លាយជាទីក្រុងថ្មីមួយក្រោយការពង្រីកទីក្រុងភ្នំពេញ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផែនការពង្រីកទីក្រុងភ្នំពេញនៅឆ្នាំបន្តបន្ទាប់ គឺជាការយកផ្ទៃដីនៅបណ្ដាខេត្តជាប់រាជធានីភ្នំពេញ កាត់ចូលក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការពង្រីកទីក្រុងនេះដែរ នឹងផ្ដល់អត្ថប្រយោជន៍ដល់តំបន់ ជុំវិញរាជធានីភ្នំពេញបន្ថែមទៀត ក្នុងនោះដែរតំបន់ផ្លូវ៥១ និងភ្នំឧត្តុងគឺជាតំបន់ទីក្រុងថ្មីមួយ នៅពេលផែនការពង្រីកក្រុងនៅពេលអនាគត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា  តំបន់ផ្លូវ៥១ ភ្នំឧត្តុងនឹងក្លាយជាទីក្រុងថ្មីមួយ នៅពេលអនាគត ខណៈបច្ចុប្បន្ននេះ តំបន់ទាំងនេះបាននិងកំពុងទាក់ទាញ ការវិនិយោគនិងការអភិវឌ្ឍទៅលើដីធ្លី និងលំនៅឋានជាបន្តបន្ទាប់ ។

លោកបន្តថា “ពេលនេះយើងឃើញមានក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានជាច្រើនបានចូលទៅកាន់ទីតាំងនោះ ដើម្បីដំណើរការគម្រោងរបស់ពួកគេ ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានម៉នដានី និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀត”។លោកបន្តថា “នៅពេលបន្ទាប់តំបន់នេះ នឹងកាន់តែមានសន្ទុះ និងមានតម្រូវការខ្ពស់ទៅលើលំនៅឋាន បន្ទាប់ពីភ្នំពេញកាន់តែរីកសាយទៅកាន់តំបន់នោះ”។

លោកច្រឹក សុខនីមបានបន្ថែមថា តំបន់តាមបណ្ដោយផ្លូវ៥១ និងភ្នំឧត្តុងជាតំបន់ ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន និងតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តផ្សេងៗជាច្រើនទៀត ដូចជាចេញពីតំបន់នេះ អាចទៅកាន់ផ្លូវជាតិលេខ៣ លេខ៤ និងទៅច្រកព្រំដែនកម្ពុជាថៃជាដើម ។

ជាមួយគ្នានេះ លោកអ៉ឹង ប៊ុនហួតអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យមួយរូប នៅប្រចាំតំបន់នោះបានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍតាមបណ្ដោយផ្លូវ៥១ ឃើញថាចាប់ផ្ដើមមានសកម្មភាពឡើងវិញ ក្រោយពី រដ្ឋាភិបាលបានប្រកាសបើកសកម្មភាពឡើងវិញ ក្នុងនោះយើងមើលឃើញថា មានការអភិវឌ្ឍទៅលើលំនៅឋាន និងដីឡូត៏ជាដើម ជាពិសេសសកម្មភាព នៃការវិនិយោគលើឧស្សាហកម្ម នៅក្នុងតំបន់ផ្លូវ៥១និងឧត្តុងក៏ឃើញថា ចាប់ផ្ដើមយ៉ាងសកម្មភាព ដោយក្រុមហ៊ុនធំៗ បានចូលទៅកាន់ទីនោះដើម្បី ចាប់ផ្ដើមនូវគម្រោងរបស់ខ្លួន ។

លោកបន្តថា “ឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់យើងរំពឹងថាសកម្ម​ភាពវិនិយោគនៅតំបន់នោះ នឹងកាន់ខ្លាំងឡើងថែមទៀត ហើយពេលនោះតម្រូវការដីធ្លីសម្រាប់ប្រើប្រាស់នឹងកាន់តែមានច្រើនឡើងៗ”។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុន បានប្រកាសពីផែនការប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ផែនការនេះនឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា ដែលតំបន់មួយចំនួនក្នុងខេត្តកណ្តាល ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ នឹងកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានី ដែលនឹងអាចគ្របដណ្តប់ប្រជាជនប្រមាណ៦ ទៅ៧លាននាក់នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here