ក្រុងសៀមរាបចាប់ផ្តើមតែងខ្លួនសម្រាប់ឱកាសឆ្លងឆ្នាំសកល

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាបបាន និងកំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ ស្របពេលដែលផ្លូវ៣៨ខ្សែគ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ។

ខេត្តសៀមរាប បាននឹងកំពុងរៀបចំតុបតែងលម្អផ្លូវ​ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ត្រកាលឡើងវិញ​ ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី​ ឆ្នាំសកល​ឆ្នាំ២០២២​ ស្របពេលផ្លូវ៣៨ខ្សែ ​គ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោ​ងទុក​។

ការរៀបចំលម្អនេះដែរ ជាការរំលេចនូវសោភ័ណភាព​បៃតង នៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដើម្បីរៀចំភ្លើងនាពេលរាត្រី ឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី​ ឆ្នាំសកល ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។

ម្យ៉ាងទៀត​ ក៏ជាចំណែកក្នុងការជួយជំរុញ និងផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញ នូវរាល់វិស័យក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ៕

ក្រុមហ៊ុនថៃ Central Group ទិញយកហាងលក់ទំនិញប្រណីត Selfridges ក្នុងតម្លៃជាង៥ពាន់លានដុល្លារ

ដោយៈសុខុម

បាងកកៈ ក្រុមហ៊ុនហាងលក់ទំនិញ ធំបំផុតរបស់ប្រទេសថៃ Central Group កំពុងចរចា និងជិតសម្រេចបានកិច្ចព្រមព្រៀងទិញ យកហាងលក់ទំនិញប្រណីត Selfridges នៅប្រទេសអង់គ្លេស ក្នុងតម្លៃរហូតដល់ទៅ៥,៣១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភព២ដែលដឹងរឿងនេះទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រភពដដែលនិយាយថា ការប្រកាសជាផ្លូវការ អំពីការកិច្ចព្រមព្រៀងទិញយកហាងលក់ទំនិញនេះ អាចនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ នេះ។

យោងតាមកាសែត The Times ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ធ្នូ ថា បច្ចុប្បន្នគ្រួសារអ្នកជំនាញ Weston ដែលជាម្ចាស់ហាងប៊្រែនហាងលក់ទំនិញ Selfridges បានព្រមព្រៀងតាមលក្ខខណ្ឌនានា ជាមួយក្រុមហ៊ុន Central Group អំឡុងចុងខែវិច្ឆិកា កន្លងទៅ។

ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ក្រុមហ៊ុន Central Retail Corp Pcl ដែលជាបុត្រសម្ព័ន្ធ ហាងលក់ទំនិញដ៏ធំរបស់ក្រុមហ៊ុន Central Group នឹងកាន់កាប់ភាគហ៊ុនមួយចំណែក នៅក្នុងហាងលក់ទំនិញ Selfridges ប៉ុន្តែកំពុងស្ថិតក្នុងការពិចារណានៅឡើយ។

ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះ ក្រុមហ៊ុន Central Group មិនបានឆ្លើយតបឡើយ។

ក្រុមហ៊ុន Central Group ដែលកាន់កាប់ដោយគ្រួសារមហាសេដ្ឋី Chirathivat បានហក់ចូលទីផ្សារអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១១។ កាលពីឆ្នាំមុន ក្រុមហ៊ុនថៃមួយនេះ បានទិញយកហាងលក់ទំនិញប្រណីតស្វីស Globus និងអចលនទ្រព្យផ្សេងៗទៀត នៅក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនអូទ្រីស Signa ក្នុងតម្លៃ១ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនថៃ មួយនេះក៏កាន់កាប់ហាងលក់ទំនិញ ប្រណីតអ៊ីតាលី La Rinascente ហាងលក់ទំនិញប្រណីតដាណឺម៉ាក Illum និងហាងលក់ទំនិញ KaDeWe នៅប្រទេសអាល្លឺម៉ង់ផងដែរ។ នៅអាស៊ី ក្រុមហ៊ុននេះបើកដំណើរការផ្សារទំនើបជាច្រើនកន្លែងនៅប្រទេសវៀតណាម៕ Reuters៕

World Bank: កំណើនសេដ្ឋកិច្ចរបស់ចិន នឹងដាំក្បាលចុះខ្លាំងក្នុងឆ្នាំ២០២២

ដោយៈសុខុម

ហុងកុង: ធនាគារពិភពលោក (World Bank) បានបន្ទាបការព្យាកររបស់ខ្លួនជាបន្តបន្ទាប់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំនេះ និងឆ្នាំ២០២២ ស្របពេលសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងប្រឈមព្យុះភ្លៀងកាន់តែច្រើនឡើង រាប់ចាប់ពីវីរុសកូវីដ-១៩ បំប្លែ​ងខ្លួនថ្មី “អូមីក្រុង” រហូតដល់ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ធ្នូ ឱ្យដឹងថា ពេលនេះWorld Bankបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន នឹងទទួលបានកំណើន៨%ក្នុងឆ្នាំ២០២១ នេះបើធៀបនឹងឆ្នាំ២០២០ ដែលទាបជាងការព្យាកររបស់ខ្លួនមុននេះ។

កាលពីខែតុលា World Bank ព្យាករថា GDP របស់ប្រទេសចិន នឹងទទួលបានកំណើន៨,១%នៅឆ្នាំនេះ ក្រោយពីបានព្យាករកាលពីខែមិថុនា ថា GDP របស់ប្រទេសនេះនឹងទទួលបានកំណើន៨,៥%។

ធនាគារនេះ ក៏បានបន្ទាបការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ ពី៥,១%មកនៅត្រឹម៥,១%ផងដែរ ដែលជាកំណើនសេដ្ឋកិច្ចយឺតបំផុតទី២ របស់ប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៩០ ដែលកាលនោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ទទួលបានកំណើនត្រឹមតែ៣,៩%ប៉ុណ្ណោះ ក្រោយពីទទួលរងទណ្ឌកម្មពីអន្តរជាតិ ទាក់ទិននឹងការសម្លាប់មនុស្សយ៉ាងរង្គាល នៅទីលានធានអានមិន (Tiananmen Square) ក្នុងឆ្នាំ១៩៨៩។

សេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានកំណើន២,២%ក្នុងឆ្នាំ២០២០
ប្រទេសចិន ជាសេដ្ឋកិច្ចធំតែមួយគត់ ដែលទទួលបានកំណើនក្នុងឆ្នាំ២០២០ ប៉ុន្តែនៅឆ្នាំ២០២១ នេះប្រទេសនេះបាន និងកំពុងប្រឈមការគំរាមកំហែងជាច្រើន ចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួន រួមមានវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ វិបត្តិថាមពល និងវិធានការបង្ក្រាបដែលមិនធ្លាប់មានទៅលើក្រុមហ៊ុនសហគ្រាសឯកជន៕ CNN៕

បុរីតម្លៃ៤០លានដុល្លារដំបូងគេនៅក្បែរទីរួមខេត្តត្បូងឃ្មុំបន្តអភិវឌ្ឍន៍ទោះប្រឈមនឹងវិបត្តិជំងឺកូវីដ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ជាមួយនឹងផែនការចក្ខុវិស័យច្បាស់់លាស់ អ្នកវិនិយោគក្នុងស្រុកមួយក្រុមបាន និងកំពុងវិនិយោគបុរីក្រែកស៊ីធីហ្កាឌិន ដែលការសាងសង់នៅតែបន្ត ទោះបីជាត្រូវឆ្លងកាត់វិបត្តិកូវីដ១៩ក្តី។

ប្រធានក្រុមប្រឹក្សាភិបាលនៃបុរីក្រែកស៊ីធី លោកបណ្ឌិតតេង រិទ្ឋីបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ ធ្នូកន្លងមកថា ការបោះទុនវិនិយោគបុរី នៅទីប្រជុំជនស្រុកពញ្ញាក្រែកនេះ ដោយសារតំបន់នេះមានសក្តានុពលជាច្រើន ដែលប្រជាពលរដ្ឋនៅមូលដ្ឋានមានជីវភាពធូរធារ និងទីតាំងគំរោងនេះមានចម្ងាយត្រឹម១៦គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ដែលជាតំបន់សេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្មដ៏សំខាន់មួយ ពិសេ​សបុរីនេះ ព័ទ្ឋជុំវិញដោយរោងចក្រ សហគ្រាស ស្ថាប័នគយ ពិសេសជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន។

លោកបន្តថា “គោលដៅនៃការអភិវឌ្ឍរបស់យើង ដោយសារនៅទីរួមខេត្តថ្មី មានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទិញដីច្រើននៅតំបន់នេះ ពិសេសយើងចង់ផ្តល់នូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅមូលដ្ឋាន”។

បុររីក្រែកស៊ីធី កំពុងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មីនៅមូលដ្ឋាន តាមរយៈការផ្តល់នូវជម្រើសលំនៅដ្ឋាន ដូចជា ផ្ទះអាជីវកម្ម(Shop house) ផ្ទះវីឡាទោល វីឡាភ្លោះ ដែលមានតម្លៃត្រឹម៣៩,០០០ដុល្លារអាមេរិកឡើងទៅ ពិសេសគំរោងនេះមានផ្សារបែបពាក់កណ្តាលទំនើប ដែលមានស្តង់ចំនួន៤០០ស្តង់ ពិសេសផ្សារនិងបុរីនេះមានសួនច្បារ ចំណតរថយន្តធំទូលាយសំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកកាន់កម្ពុជា។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា “អ្វីដែលក្រុមហ៊ុនផ្តល់ជូនអតិថិជន គឺជម្រើសនៃការបង់ប្រាក់ដ៏ទាក់ទាញ ជាមួយនឹងគំរោង ដែលផ្តោតលើប្រ​ណី​តភាព គុណភាព និងបរិយាកាសរស់នៅប្រកបដោយផាសុខភាព”។​លោកបន្តថា “យើងក៏បានគិតដល់ការធ្វើដំណើរជុំវិញបុរីនេះផងដែរ ដែលអ្នករស់នៅក្នុងបុរីនេះ អាចធ្វើដំណើរចេញចូលបុរីនេះបានយ៉ាងងាយស្រួល ដោយសារយើងបានរៀបចំផ្លូវតភ្ជាប់ និងព័ទ្ឋជុំវិញបុរីនេះទាំងអស់ ដើម្បីលើកកំពស់ស្តង់ដានៃការរស់នៅ និងបែបផែនជីវិតសម័យថ្មី”៕

ដំណឹងល្អៈប្រជាពលរដ្ឋអាចរកទិញឱសថព្យាបាលជំងឺកូវីដ១៩បានហើយនៅថ្ងៃនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះទៅ ប្រជាពលរដ្ឋអាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស បានដោយក្នុង១កំប៉ុងតម្លៃ៥៥ដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់ នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រា​ប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ។

ប្រភពដដែលបញ្ជាក់ថា “ឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស (១ដូស ស្មើនឹង ១ កំប៉ុង មាន ៤០ គ្រាប់) ចាប់ពីថ្ងៃទី២៣ ធ្នូ តទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន”។

ជាងនេះទៅទៀត មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស ដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងនៅអគារលេខ ១៣ មហាវិថីព្រះមុន្នីវង្ស ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕

សម្តេចតេជោអញ្ជើញសម្ភោធដាក់ឲ្យដំណើរការអគាររដ្ឋបាលគយ និងរដ្ឋាករដ៏ស្កឹមស្កៃនាព្រឹកថ្ងៃនេះ

ដោយៈម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកម្ពស់៣៥ជាន់ដ៏ស្កឹម​ស្កៃ។

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង៥៤ម៉ែត្រ ទទឹងប្រវែងជាង២៦ម៉ែត្រ។

អគារនេះ ត្រូវបានរៀបចំឡើង ដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលហើយនោះ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។

អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ អគារនេះ សាងសង់លើលើផ្ទៃដីទំហំ ១០,០២៦.៣១ ម៉ែត្រក្រឡា ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារសាលាជាតិគយ មានកម្ពស់១២ជាន់ ស្មើនឹង៥០ម៉ែត្រ បណ្តោ​យប្រវែង៤៩,២០ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ។

ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ អគារនេះ មានបណ្តោយប្រវែង៣៨,៧០ម៉ែត្រ ទទឹងប្រវែង១៨ម៉ែត្រ។

វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារ បានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ។ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាងជាតិ ចេញស្ថានភាពដ៏លំបាក ក្រោយសំណល់នៃភ្លើងសង្គ្រាម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គមរាស្ត្រនិយម ដោយ ព្រះរាជក្រមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបប ខ្មែរក្រហម។

អង្គភាពនេះ ចាប់ដំណើរការ ឡើងវិញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួង ពាណិជ្ជកម្ម ។ តែត្រូវ បានផ្ទេរទៅនៅក្រោម ឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១១ ខែ មិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយ និងរដ្ឋាករ ត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨៕

រដ្ឋាភិបាលសម្រេចកាត់ដីទំហំរហូតដល់១៤០ហិកតាជូនក្រសួងយុត្តិធ៌ម

ដោយៈគង់ សូរិយា

 ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុបយោគ លើដីផ្ទៃបឹងតាមោក១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌។

ការផ្តល់ផ្ទៃបឹងតាមោក១៤០ហិកតា ជូនទៅក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែទើបតែត្រូវផ្សព្វផ្សាយថ្មីៗនេះ ដែលនេះជាលើកទី២ ហើយ ដែលរដ្ឋាភិបាលសម្រេចផ្តល់ដី នៅតំបន់បឹងតាមោក ឱ្យទៅក្រសួងយុត្តិធម៌។

កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យផ្តល់ផ្ទៃបឹងតាមោក៨ហិកតា ជូនទៅក្រសួងយុត្តិធម៌ម្តងរួចម្ដងមកហើយ។

បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលកំណត់ផ្ទៃបឹងមានជាង៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ចាប់ពីពេលនោះមក រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីបឹងតាមោកជាច្រើនលើកឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយ​ក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។

បើគិតរហូតមកទល់ពេលនេះ ផ្ទៃបឹងតាមោកយ៉ាងហោច១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលកាត់ឱ្យទៅស្ថាប័នរដ្ឋ និងវិស័យឯកជន៕

ស្ថាប័នហិរញ្ញវត្ថុនានាបានបញ្ចេញឥណទានក្នុងទំហំទឹកប្រាក់ជិត៤៥ពាន់លានដុល្លារ

ដោយៈគង់ សូរិយា

ភ្នំពេញៈ បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានទម្លាក់ទឹកប្រាក់ជិត៤៥ពាន់លានដុល្លារ ក្នុងសកម្មភាពអាជីវកម្មនានា ដែលជាផ្នែក​មួយដ៏សំខាន់ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា បានផ្តល់ឥណទានសរុប១៨៥,១ទ្រីលានរៀល ស្មើនឹងប្រមាណជាង ៤៤,៩ប៊ីលានដុល្លារអាមេរិក កើនឡើង២៣ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

ឥណទានដ៏ច្រើនសន្ឋឹកសន្ឋាប់នេះ បានគ្របដណ្តប់លើវិស័យកសិ​កម្ម សំណង់ កម្មន្តសាល សេវាកម្ម ការជួញដូរដុំនិងរាយ និងអង្គភាពគ្រួសារជាដើម។

 

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន១៩៥គម្រោង ក្នុងឆ្នាំ២០២១នេះ

ដោយ៖ សុផារី

ភ្នំពេញ÷ក្នុងបរិបទជំងឺកូវីដ១៩ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ១៥១ ០០០កន្លែង។

នេះបើតាមការថ្លែងរបស់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបង្ការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ប្រកបដោយស្មារតីបុរេសកម្មសំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវការងារ លំនឹងជីវភាពប្រជាជន និងធុរកិច្ច។

លោកក៏បានស្នើសុំភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោល នយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។

លោកក៏បានបញ្ជាក់ថា ទោះបីជាប្រទេសយើងបានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំងក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវគោល បំណងជាសសរស្តម្ភទាំងបីនៃគោលនយោបាយ (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការលើក កម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារផងដែរ៕

មន្ត្រីអាកាសចរណ៍៖ កំណើនអ្នកដំណើរចូលមកកម្ពុជាតាមជើងអាកាសចាប់ផ្ដើមកើនឡើង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយដល់អ្នកដំណើរបរទេសចូលមកកម្ពុជា ដុំណើរការហោះហើររបស់បរទេសចូលមកកម្ពុជាតាមផ្លូវអាកាសចាប់ផ្ដើមកើនឡើងវិញជាបន្តបន្ទាប់។ នេះបើតាមលោកស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់នៅរសៀលថ្ងៃទី២២ ខែធ្នូនេះ។

លោកមានប្រសាសន៍ថា ក្រោយពេលរដ្ឋាភិបាលបានប្រកាសបើកបន្ធូរបន្ថយវិធានការចំពោះអ្នកដំណើរបរទេសចូលមកកម្ពុជា កំណើនភ្ញៀវទេសចរចូលមកកម្ពុជាបានកើនឡើង ពី៣០០នាក់ក្នុងមួយថ្ងៃ ទៅដល់៨០០នាក់ក្នុងមួយថ្ងៃ និងចំនួនជើងហោះហើរក៏បានកើនឡើង៦ជើងក្នុងមួយសប្ដាហ៍។ នេះសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយសម្រាប់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបវិញក៏បានកើនឡើងដល់៦០នាក់ជាមធ្យមក្នុងមួយថ្ងៃ ខណៈពីមុនខេត្តនេះមិនមានទេសចរឆ្លងកាត់សោះឡើយ។

លោកបន្តថា កំណើនភ្ញៀវចូលមកនេះគឺរាប់ចាប់តាំងពីរដ្ឋាភិបាលប្រកាសបន្ធូរបន្ថយ មិនមែនរាប់តែទេសចរចាក់វ៉ាក់សាំងនោះទេ ហើយអាចនឹងកើនឡើងបន្ថែមទៀត បើសិនជាស្ថានភាពកូវីដ១៩នៅបណ្ដាប្រទេសនានាបានធូរស្រាលឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានលើកឡើងផងដែរថា ការបើកឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល នឹងជំរុញឱ្យវិស័យទេសចរណ៍មានសកម្មភាពកម្រើកឡើងវិញ ក្រោយពីបានដេកលង់លក់អស់រយៈពេលជិត២ឆ្នាំកន្លងមក។

លោកស្រីបន្តថា ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសភ្លាម សកម្មភាពទេសចរណ៍ក្នុងស្រុក ជាពិសេសអាជីវកម្មទេសចរណ៍តូចតាចបានកម្រើកឡើងភ្លាមៗ ហើយអាជីវកម្មធំៗក៏បាននិងកំពុងត្រៀមខ្លួនក្នុងការស្វាគមន៍និងចាំបម្រើដល់ភ្ញៀវទេសចរបរទេសនឹងចូលមកនៅពេលបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយកន្លងមកនេះ ក៏បានឱ្យដឹងថារយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ កម្ពុជាទទួលបានអ្នកដំណើរបរទេសចូលតាមផ្លូវអាកាសចំនួនជិត៧ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន៦ម៉ឺន១ពាន់នាក់ អាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុមានចំនួន៨ពាន់នាក់ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបមានចំនួនតែ៤នាក់ប៉ុណ្ណោះ៕