ជប៉ុនប្រកាសបរិច្ចាគជាង ៣.០០០លានដុល្លារដល់ធនាគារពិភពលោកសម្រាប់ជួយបណ្ដាប្រទេសក្រីក្រ

ដោយៈសុខុម

តូក្យូ: ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ ថា ប្រទេសជប៉ុន នឹងបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ៣,៤ពាន់លានដុល្លារអាមេរិក ដល់មូលនិធិមួយដែលមានឈ្មោះថា “សមាគមអភិវឌ្ឍន៍អន្តរជាតិ” (International Development Association) ហៅកាត់ IDA សម្រាប់ប្រទេសក្រីក្របំផុត ដើម្បីជួយប្រទេសទាំងនោះឱ្យងើបឡើងពីវិបត្តិកូវីដ-១៩។

IDA ដែលជាមូលនិធិមួយរបស់ធនាគារពិភពលោក ឬ World Bank នឹងប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន ដើម្បីផ្តល់ជំនួយដល់ប្រទេសមានចំណូ​លទាបចំនួន៧៤ ដូចជា ការផ្តល់វ៉ាក់សាំង ការបង្កើតការងារដែលបានបាត់បង់អំឡុងវិបត្តិកូវីដ-១៩ និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ក្នុងកិច្ចប្រជុំតាម Video Conference រយៈពេលពីរថ្ងៃជាមួយបណ្ដាម្ចាស់ជំនួយ ដែលរៀបចំឡើងដោយប្រទេសជប៉ុន លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងថា “ពិភពលោកនៅតែបន្តប្រឈមមុខនឹងវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ដោយសារតែវីរុសកូវីដ-១៩។ ហើយនេះគឺពេលដែលពិភពលោកត្រូវរួមសាមគ្គីគ្នា”។

ធនាគារពិភពលោក បានប្រកាសដាច់ដោយឡែកថា ខ្លួនបានសម្រេចលៃទុកកញ្ចប់ថវិកាថ្មី ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន រហូតដល់ទៅ៩៣ពាន់លានដុល្លារសម្រាប់មូលនិធិនេះ។

ជាធម្មតាកញ្ចប់ថវិកាថ្មី ត្រូវបានផ្ដល់ឱ្យមូលនិធិ IDA រៀងរាល់៣ឆ្នាំ ម្តង ប៉ុន្តែដោយសារចំនួនថវិការបស់មូលនិធិនេះ ប្រើប្រាស់អស់ច្រើនពេកអំឡុងវិបត្តិកូវីដ-១៩ ទើបការផ្ដល់ឱ្យនេះ ធ្វើឡើងលឿនជាងសព្វដង១មួយឆ្នាំ។

កាលពីខែធ្នូ ឆ្នាំ២០១៩ បណ្ដាម្ចាស់ជំនួយបានព្រមព្រៀងធ្វើការបរិច្ចា​គសរុបជាទឹកប្រាក់ ៨២ពាន់លានដុល្លារ។ លើកនេះប្រទេសជប៉ុន និងម្ចាស់ជំនួយផ្សេងៗទៀត នឹងរួមគ្នាបរិច្ចាគសរុបចំនួន ២៣,៥ពាន់លានដុល្លារដល់មូលនិធិ IDA។

លោក David Malpass ប្រធានធនាគារពិភពលោក បានចេញសេចក្តីថ្លែងការណ៍ថា “សន្ដានចិត្តដ៏សប្បុរសធម៌ ពីបណ្ដាដៃគូរបស់យើង គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការជួយគាំទ្រ ដល់បណ្ដាប្រទេសក្រីក្រដើម្បីជួយឱ្យប្រទេសទាំងនោះងើបឡើងពីវិបត្តិកូវីដ-១៩”។

មូលនិធិ IDA ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ផ្តល់ជំនួយដល់បណ្ដាប្រទេសក្រីក្របំផុត តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីការប្រាក់ទាប និងកម្ចីគ្មានការប្រាក់សម្រាប់គម្រោង និងកម្មវិធីនានាដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕ KYODO NEWS៕

ធនាគារពិភពលោកបង្ហាញនូវទស្សនទានបីដើម្បីអភិវឌ្ឈន៍សេដ្ឋកិច្ចកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារពិភពលោក បានបង្ហាញនូវទស្សនទានក៏ដូចជាអនុសាសន៍សំខាន់ៗចំនួនបី ដើម្បីកម្ពុជាអាចអភិវឌ្ឈន៍ និងជម្រុញសកម្មភាព​សេដ្ឋកិច្ចនៅតំបន់ជនបទកម្ពុជា។

ធនាគារនេះបានលើកឡើងកាលពីពេលថ្មីៗនេះថា ភាពមានកម្មសិទ្ធិលើដីធ្លី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងការបង្វឹកចំណេះធ្វើដល់ប្រជាពលរដ្ឋ គឺជាចលករសំខាន់៣ធំៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេ​សនៅតាមតំបន់ជនបទដាច់ស្រយាល។

ធនាគារពិភពលោក ដោយមានកិច្ចសហការជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តចំណុចសំខាន់ទាំង ៣ ខាងលើ ជាបន្តបន្ទាប់តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។

LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានា នៅទូទាំងប្រទេស ដែលមកទល់បច្ចុប្បន្នបានដំណើរការមកដល់ជំហានទី៣ហើយ។

ក្រៅពីផ្ដល់ដីធ្លីដល់ពលរដ្ឋក្រីក្រ LASED ក៏រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងស្នាក់ការសហគម ផងដែរ។ លើសពីនេះ កម្មវិធីក៏មានការបង្វឹកដល់ប្រជាពលរដ្ឋពីចំណេះធ្វើ ពិសេសលើវិស័យកសិកម្ម ដើម្បីឱ្យពួកគេប្រើប្រាស់ដីដោយមានប្រសិទ្ធិភាព និងអាចចិញ្ចឹមជីវិតបាន។
មកទល់បច្ចុបន្ន តាមរយៈជំហានទី១ និងទី២ ដីធ្លីសរុបយ៉ាងហោច ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង៥ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត៤០លានដុល្លារ។

កាលពីខែ មិថុនា ឆ្នាំ ២០២០ កន្លងមកនេះ ធនាគារពិភពលោក ក៏ទើបបានអនុម័តទឹកប្រាក់៩៣លានដុល្លារ ដើម្បីអនុវត្តកិច្ចជំហានទី៣ រយៈពេល៦ឆ្នាំបន្តទៀត។ ជំនួយជំហានទី៣នេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដោយនឹងគ្របដណ្តប់ លើសហគមន៍ចំនួន៧១តំបន់ នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាពនៃគម្រោងខាងលើនេះ លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៃធនាគារពិភពលោក បានលើកឡើងថា ប្រជាពលរដ្ឋគោលដៅ លើកឡើងពីអត្ថប្រយោជន៍ផ្តល់ដោយគម្រោង LASEDនេះ។

លោកស្រីមានប្រសាសន៍ថា “ការរួមបញ្ចូលគ្នានៃសិទ្ធិដីធ្លី ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងជំនាញចិញ្ចឹមជីវិតនេះ អាចផ្តល់អត្ថប្រយោជន៍ទាំងភ្លាមៗ និងរយៈពេលវែង។ ប្រជាជននៅទីនេះ និងក្រុមការងារបានខិតខំធ្វើយ៉ាងណាឱ្យជោគជ័យលើការវិនិយោគមួយនេះ”៕

ការទប់ស្កាត់ការទិញផ្ទះរបស់ចិនគឺគំពុងផ្លាស់ប្ដូរទីផ្សារអចលនទ្រព្យរបស់ខ្លួន

ដោយៈ ស្រីលិះ

ប្រទេសចិនៈ ទីផ្សារអចលនទ្រព្យកំពុងមានការឡើង និងចុះក្នុងប៉ុន្មានថ្ងៃនេះ ប៉ុន្តែសន្និសីទសេដ្ឋកិច្ចរបស់ធនាគារកណ្តាលចិន កាលពីសប្ដាហ៍មុនបាននិយាយថា “លំនៅឋានគឺសម្រាប់នៅ មិនមែនសម្រាប់រំពឹងទុកនោះទេ”។

អ្នកស្រុកចិនឥឡូវនេះ កំពុងស្វែងរកលំនៅឋានថ្មី ដោយមានតម្រូវការពិតប្រាកដ ដូចជា ការរៀបការ ឬស្វាគមន៍សមាជិកថ្មី និងកូនៗក្នុងបន្ទុកត្រូវបែងចែកបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេ។

វាមានរយៈពេល៥ឆ្នាំមកហើយ តាំងពីប្រទេសចិនចាប់ផ្ដើមតាមដានការកើនឡើងខ្ពស់ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ខ្លួន។ បណ្តាទីក្រុងធំៗក្នុងប្រទេសចិនដូចជា Beijing, Shanghai, Guangzhou និង Shenzhen បានដាក់ចេញនូវវិធានការថ្មីជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រង និងគ្រប់គ្រងទីផ្សារអចលនទ្រព្យក្នុងឆ្នាំនេះ ហើយវាបានជះឥទ្ធិពលដល់ទីផ្សាររួចហើយ។ ក្នុងខែកញ្ញ ចំនួននៃទីក្រុងចិនដែលតម្លៃផ្ទះធ្លាក់ចុះ ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំមកនេះ។

លោក Yang Yulei ប្រធានអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ shanghai Lianjia បាននិយាយថា ទីផ្សារអចលនទ្រព្យទាំងមូលមានភាពក្ដៅគគុកនៅឆ្នាំ២០២០ ប៉ុន្តែចាប់តាំងពីចេញ វិធានការត្រួតពិនិត្យនៅដើមឆ្នាំមក ទីផ្សារបានធ្លាក់ចុះ ដោយការលក់បានធ្លាក់ក្នុងអស្ថិរភាព។

លោក Yang និយាយថា ចាប់តាំងពីចិនបានកំណត់ថា ការទិញផ្ទះលើកដំបូងគឺសម្រាប់រស់នៅ មិនមែនសម្រាប់រំពឹងទុកយកចំណេញ ការលើកទឹកចិត្តរបស់អ្នកទិញផ្ទះបានផ្លាស់ប្ដូរ។ ពួកគេគិតថាតម្លៃលំនៅឋានអាចនឹងមិនបន្តឡើងទៀតនៅពេលអនាគត ។ ដូច្នេះពួកគេលែងទិញផ្ទះជាការវិនិយោគទៀតហើយ។

ជំនួសមកវិញ ពួកគេកំពុងទិញដើម្បីរស់នៅពិតប្រាកដ ។ ជាលទ្ធផល គឺថា ការរចនាផ្ទះល្វែងថ្មីឥឡូវនេះ បានសង្កត់ធ្ងន់ទៅលើបន្ទប់ ដែលមានមុខងារកាន់តែច្រើន។ ហើយឥឡូវនេះ អ្នកជួលជាច្រើនបានជួលជាង10 ឆ្នាំហើយ។ ការផ្លាស់ប្តូរទីផ្សារមានន័យថា វិស័យអចលនទ្រព្យទាំងមូលកំពុងដំណើរការផ្លាស់ប្តូររបត់។

លោក Shao Yu ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Orient Securities បាននិយាយដូច្នេះថា គំរូចំណូលខ្ពស់ និងបំណុលខ្ពស់ ពីមុននឹងមិនរក្សាក្រុមហ៊ុនឱ្យនៅមានជីវិតទៀតទេ។

ក្រុមហ៊ុនអចលនទ្រព្យ ត្រូវកែសម្រួលគំរូអាជីវកម្មរបស់ពួកគេ ហើយផ្តោតលើប្រតិបត្តិការ ដែលមានស្ថេរភាពជាងមុន។ ឧស្សាហកម្មនេះប្រហែ​លជាមិនទទួលបានប្រាក់ចំណេញច្រើន នៅពេលអនាគត ដូច្នេះពួកគេគួរតែគ្រប់គ្រងអានុភាពរបស់ពួកគេ ហើយរៀបចំផែនការឱ្យបានហ្មត់ចត់ជាងនេះ។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ និងរដ្ឋដែលមានហិរញ្ញប្បទានល្អ ឥឡូវនេះកំពុងចូលទៅក្នុងទីផ្សារលំនៅឋាន ដើម្បីផ្តល់ផ្ទះតម្លៃសមរម្យបន្ថែមទៀត សម្រាប់អ្នករស់នៅវ័យក្មេង”។

បន្ទាត់និន្នាការទីផ្សារលំនៅដ្ឋាន ក្នុងអំឡុងពេលប្រាំឆ្នាំចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការកាត់បន្ថយការរំពឹងទុកនៅក្នុងទីផ្សារលំនៅដ្ឋាន។ ជាលើកដំបូង សន្និសីទដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង ពីថ្ងៃទី 8 ដល់ថ្ងៃទី 10 ខែធ្នូ បានបង្ហាញគោលគំនិតនៃការណែនាំអំពីការរំពឹងទុក ដោយបង្ហាញថា សកម្មភាពថ្មីដើម្បីគ្រប់គ្រងទីផ្សារកំពុងដំណើរការ។

លោក Shao ក៏បាននិយាយផងដែរថា នគរូបនីយកម្មរបស់ប្រទេសចិន នឹងផ្តល់ប្រាក់រង្វាន់សម្រាប់រយៈពេល 10 ឬ 15 ឆ្នាំទៀត។

លោកបន្តថា “នេះជាគោលនយោបាយរយៈពេលវែង ដើម្បីរក្សាស្ថិរភាពនៃទីផ្សារ អចលនទ្រព្យចាប់ពីតម្រូវការ ការលក់ ការផ្គត់ផ្គង់ដីធ្លី និងតម្លៃលំនៅឋាន”។

តម្លៃលំនៅដ្ឋាន នឹងមិនបន្តកើនឡើងយ៉ាងឆាប់រហ័ស នាពេលអនា​គតទេ ប៉ុន្តែលំនៅឋាននៅតែមានសម្រាប់សមាមាត្រដ៏ធំ នៃទ្រព្យសម្បត្តិរបស់​មនុស្ស។ ដូច្នេះវាអាចមានហានិភ័យ ប្រសិនបើតម្លៃធ្លាក់ចុះច្រើន។ តម្លៃនៃទីផ្សារលំនៅដ្ឋានចុះទាប ប្រជាជននឹងបែងចែកធនធានបន្ថែមទៀតដល់ឧស្សាហកម្មដែលកំពុងរីកចម្រើន ដែលនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធឧស្សាហកម្ម។

សន្និសីទសេដ្ឋកិច្ច​ចិន បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអនុវត្តគោ​ល​នយោបាយលំនៅដ្ឋានខុសៗគ្នា នៅក្នុងតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍន៍ ប្រកបដោយសុខភាពល្អ នៃទីផ្សារក្នុងស្រុកទូទាំងប្រទេស។

លោក Shao បាននិយាយថា នៅក្នុងតំបន់ទីក្រុងសំខាន់ៗ ដែលយុវជន អាចប្រឈមមុខនឹងសម្ពាធលំនៅដ្ឋានខ្លាំង ការផ្គត់ផ្គង់ផ្ទះជួលរយៈពេលវែងគួរតែត្រូវបានកែលម្អ។ ផែនការសម្រាប់នោះ កំពុងជំរុញនូវអ្វីដែលសៀវភៅខៀវ ដែលចេញផ្សាយដោយ Ziru Research ហៅថាទសវត្សរ៍មាស សម្រាប់ទីផ្សារផ្ទះជួលរបស់ប្រទេសចិន ដែលវានិយាយថា នឹងមានតម្លៃជិត10 ពាន់ពាន់លានយន់ (ប្រហែល 1.57 ពាន់ពាន់លានដុល្លារ) នៅឆ្នាំ 2030។

ទិន្ន័យពីវិទ្យាស្ថានស្រាវជ្រាវ Beike បង្ហាញថា ក្រុមអាយុជាមធ្យមនៃអ្នកទិញផ្ទះរបស់ប្រទេសចិន នៅឆ្នាំនេះគឺក្រុមមនុស្សអាយុ ៣៦ និង ៣៨ ឆ្នាំ និងតម្រូវការបានកើនឡើងខ្ពស់តែក្នុងទីក្រុង Beijing, Shanghai, Guangzhou និង Shenzhen៕

សិង្ហបុរីដំឡើងពន្ធប្រថាប់ត្រាដល់៣០ភាគរយដើម្បីទប់ការឡើងថ្លៃលំនៅដ្ឋាន

ដោយៈសុខុម

សឹង្ហបុរី: ប្រទេសសឹង្ហបុរី បានដំឡើងពន្ធប្រថាប់ត្រាបន្ថែមលើការទិញលំនៅដ្ឋានឯកជន ពីសំណាក់ជនបរទេស និងពលរដ្ឋសិង្ហបុរី ដែលទិញផ្ទះទី២។ នេះបើយោតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ។

ការដំឡើងពន្ធប្រថាប់ត្រា ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ មកនេះ ធ្វើឡើងនៅក្នុងគោលបំណង ទប់ការឡើងថ្លៃលំនៅដ្ឋាន និងការកើនឡើងបំណុល ដែលជំរុញដោយឥណទានគេដ្ឋាន ឬកម្ចីទិញផ្ទះ។

ក្រសួងចំនួន២ និងធនាគារកណ្ដាលនៃប្រទេសនេះ បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីរាត្រីថ្លៃពុធ ទី១៥ ធ្នូ ថា ជនបរទេសដែលទិញផ្ទះដំបូងរបស់ខ្លួន នឹងត្រូវប្រឈមការដំឡើងពន្ធប្រថាប់ត្រា១០% ដែលធ្វើឱ្យការបង់ពន្ធកើនឡើងពី២០% ទៅដល់៣០%នៃតម្លៃទិញ។ ចំណែកឯអង្គភាព នឹងត្រូវបង់ពន្ធ៣៥% ដោយកើនឡើងពី២៥%។

ពលរដ្ឋសិង្ហបុរី និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ ដែលមានសិទ្ធិទិញលំនៅដ្ឋានសាធារណៈ នឹងមិនប្រឈមមុខការដំឡើងពន្ធនេះទេ សម្រាប់ការទិញផ្ទះដំបូងរបស់ខ្លួន។

អ្នកជំនាញមើលឃើញថា ការដំឡើងពន្ធប្រថាប់ត្រាពី២០%ដល់៣០%នេះ នឹងមានផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ហើយវានឹងមិនអាចរារាំងអ្នកដែលស្វែងរកទិញផ្ទះ តម្លៃខ្ទង់២២លានដុល្លារអាមេរិកឡើយ។

ប្រជាពលរដ្ឋចិន ឥណ្ឌា និងអាមេរិក គឺជាអ្នកវិនិយោគធំៗបំផុតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ ប៉ុន្តែអ្នកទិញដែលមកពីសហរដ្ឋអាមេរិក នឹងត្រូវលើកលែងពន្ធ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)៕ South China Morning Post៕

ដំណឹងល្អៈ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់ឲ្យ ក្លាយជាផ្លូវដែកល្បឿនលឿននាពេលខាងមុខ

ដោយ: ម៉ាលីស

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិ​វឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្ន ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។

គំរោងនេះក៏ផ្តោតលើទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។នេះបើតាមការបង្ហើបឲ្យដឹងពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី១៦ ធ្នូកន្លងមកនេះ។

ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូង ក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជាមានចំនួន២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាងឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប២៦៤គីឡូម៉ែត្រ។ ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួលរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុ​ងដោយរបបកម្ពុជាប្រជាធិបតេយ្យ។

បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេកម្ពុជា (RRC) ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាល ។

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើន ទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ហើយទោះបី​ជាកម្ពុជា ជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដីក៏កម្ពុជានៅតែ សន្សំបានថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែទៀតផងដែរ៕

កម្ពុជា-ចិនធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគចិនមកកាន់កម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្មចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១នេះ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក រិន ហុងពីង អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។

តាមរយៈចុះអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ ភាគីទាំងពីរបានបញ្ជាក់នូវការប្ដេជ្ញាចិត្ត ក្នុងគោលបំណងរួមគ្នា លើកកម្ពស់គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ភ្ជាប់ជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នៅកម្ពុជា រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ និងធ្វើឱ្យប្រសើរឡើងនូវយន្តការកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងក្របខ័ណ្ឌនៃគណៈកម្មការ ស្ដីពីកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេ​ខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានឹងជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូល រវាងប្រមុខរដ្ឋាភិបាល តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

លោកបន្តថា តាមរយៈទំហំទុនវិនិយោគដ៏ច្រើន របស់វិនិយោគិនចិននៅកម្ពុជា ដែលធ្វើឱ្យការវិនិយោគចិន ឈរនៅចំណាត់ថ្នាក់ទី១ នឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោករំពឹងថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅដើមខែមករា ឆ្នាំ២០២២ នឹងជំរុញលំហូរវិនិយោគ និងពា​ណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រៅពីនេះ លោកក៏បានលើកឡើង ពីការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដ៏សន្ធឹកសន្ធាប់ពីចិន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងជាបុរេលក្ខខ័ណ្ឌ សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច-សង្គមកម្ពុជា៕

ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍ China Airline នឹងភ្ជាប់ជើងហោះហើរមកកម្ពុជាឡើងវិញនៅដើមឆ្នាំ២០២២

ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញទេសចរណ៍ជើងចាស់របស់កម្ពុជា បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍ China Airline នឹងភ្ជាប់ជើងហោះហើរមកកាន់កម្ពុជានៅអំឡុងដើមឆ្នាំ២០២២ខាងមុខនេះ។

លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ World Express Tours and Travel បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី១៦ ធ្នូកន្លងមកថា មិត្តទាំងអស់ដែលឋិតក្នុងអាជីព​ទេសចរណ៍អើយ។ មេអាកាសចរណ៍ ​China Airlines ប្រាប់ថាឆ្នាំ២០២២នឹងនាំមក។

លោកបន្តដោយអមជាមួយរូបថត លាយស្នាមញញឹមផងថា “ជោគ​ជ័យទាំងអស់គ្នាក្នុងវិស័យនេះណាទាន​”។​

អង្ករប្តូរយកឱកាសសិក្សា៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាជូនដល់ក្រុមគ្រួសារក្រីក្រក្នុងសហគមន៍ចំនួន២៥០គ្រួសារ ដើម្បីជំរុញឲ្យពួកគាត់បញ្ជូនកូនទៅសាលារៀន

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមាន អង្ករ ត្រីខកំប៉ុង
ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស់ អាល់កុល និងសម្ភារៈសិក្សាមួយចំនួន ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីឧបត្ថម្ភនិងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារក្រីក្រក្នុងសហគមន៍ចំនួន២៥០គ្រួសារ ជាការលើកទឹកចិត្តនិងជំរុញឱ្យពួកគាត់បញ្ជូនកូនៗទៅសាលារៀន ដែលកាលពីមុនកូនៗទាំងនោះបានចំណាយពេលវេលាភាគច្រើននៅតាមទីលានចាក់សំរាម ដើម្បីរើសសំណល់អាហារនិងអេតចាយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។

នេះគឺផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទៅលើការងារអប់រំរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែគិតគូរ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជាច្រើន និងកិច្ចការសង្គមនានាទៀតដូចជា វិស័យអប់រំ បរិស្ថាន សុខុមាលភាព។ល។ ជាក់ស្ដែងគឺក្រុមហ៊ុនបានចុះមកឃើញផ្ទាល់ពីសកម្មភាពរស់នៅ ការប្រកបរបរ របស់ក្រុមគ្រួសារក្រីក្រដែលរស់នៅក្នុងសហគមន៍ជុំវិញអតីតតំបន់ចាក់សំរាមស្ទឹងមានជ័យ ក៏ដូចជាបានចុះពិនិត្យមើលការសិក្សារបស់ក្មេងៗ និងយុវជនដែលបាននឹងកំពុងតែទទួលបានការអប់រំ ទទួលបានសេវាសុខុមាលភាពតាមរយៈជំនួយឧបត្ថម្ភរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនទើបតែបានចូលរួមយុទ្ធនាការ “អង្ករប្តូរយកការសិក្សា” នេះ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ម៉ាស និងអាល់កុល ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទចំនួន៣៦០គ្រួសារ ដែលរស់នៅតាមបណ្ដោយបឹងទន្លេសាបក្នុងសហគមន៍បណ្ដែតទឹកនេសាទពាមតាអួរ ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅនិងជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមក្នុងយុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទ “ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក”។ កម្មវិធីនេះត្រូវបានរៀបចំដោយអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) និងសហការពីសមាគមទេសចរណ៍កម្ពុជា (CATA) គាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន។

លោក Scott Neeson នាយកប្រតិបត្តិនិងស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានសំណេះសំណាលប្រកបដោយភាពរួសរាយរាក់ទាក់ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដោយមានប្រសាសន៍ថា “សូមអរគុណដល់បុរី ប៉េង ហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគនិងបរិភោគ និងសម្ភារៈសិក្សាដល់សហគមន៍យើងខ្ញុំ។ បច្ចុប្បន្នយើងខ្ញុំកំពុងត្រូវការការជួយគាំទ្រដល់ក្មេងៗ និងសហគមន៍ក្រីក្រទាំងនេះ ខណៈដែលយើងកំពុងរៀបចំឱ្យក្មេងៗបានត្រលប់មកសាលារៀនវិញ។ ជំនួយទាំងនេះនឹងជួយផ្លាស់ប្តូរដល់ជីវិតក្មេងៗ និងគ្រួសាររបស់ពួកគេ”។

លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្ហាញនូវចំណាប់អារម្មណ៍ និងសេចក្តីរីករាយដោយបានលើកឡើងថា “ ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកិច្ចការនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Scott Neeson និងក្រុមការងាររបស់អង្គការមូលនិធិកុមារកម្ពុជាដែលបានផ្លាស់ប្តូរជីវិត និងវាសនារបស់ក្មេងៗងាយរងគ្រោះ និងសហគមន៍ក្រីក្រកន្លងមក។នេះគឺជាទឹកចិត្តនិងសកម្មភាពដ៏ថ្លៃថ្លាដែលលោកនិងក្រុមការងារបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍសង្គមខ្មែរ។ យើងសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់ក្រុមគ្រួសាររបស់ពួកគេ ដែលអាចឱ្យកុមារផ្តោតលើការសិក្សាបន្តទៀតបាន”។

អង្គការមូលនិធិកុមារកម្ពុជា (CCF) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដោយលោក ស្កុត និសិន ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលត្រូវបានមហាជនស្គាល់តាមរយៈការបង្កើតសាលារៀនផ្ដល់នូវកម្មវិធីអប់រំជាច្រើន និងបង្កើតមណ្ឌលសុខភាព ដើម្បីផ្ដល់នូវការវិនិយោគទៅលើផ្នែក សុខភាព ការអប់រំ និងសុខុមាលភាពដល់កុមារ យុវជន និងក្រុមគ្រួសារក្រីក្ររបស់ពួកគេ ដែលកំពុងរស់នៅជំវិញអតីតតំបន់ចាក់សំរាមស្ទឹងមានជ័យ និងជាអ្នកប្រកបរបររើសអេតចាយ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សាដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល។

ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទាំងការចូលរួមជាថវិកាទិញវ៉ាក់សាំង និងផ្តល់ទីតាំងចាក់វ៉ាក់សាំងទាំងបីដូសដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញបាន ៕

Intel to invest US$7 billion in new plant in Malaysia, creating 9,000 jobs

 

KUALA LUMPUR: Intel Corp will invest more than US$7 billion to build a new chip-packaging and testing factory in Malaysia, Chief Executive Pat Gelsinger said on Thursday (Dec 16), expanding production in the country following a global shortage of semiconductors.

The new advanced packaging facility in Malaysia is expected to begin production in 2024, he said.
The 30-billion-ringgit (US$7.10 billion) investment is expected to create over 4,000 Intel jobs and more than 5,000 construction jobs in the country, the Malaysian government said.

Last month, the United States and Malaysia said they plan to sign an agreement by early next year towards improving transparency, resilience and security in the semiconductor and manufacturing sector supply chains.

A global shortage of semiconductor chips, caused partly by a pandemic-fuelled demand for electronics and disruptions in supply chains has seen car makers cut production and delays in smartphone deliveries at companies including Apple Inc.

Malaysia’s chip assembly industry, accounting for more than a tenth of a global trade worth over US$20 billion, has warned that shortages will last at least two years.
“This undertaking is indeed timely given the bullish global demand driven by the chip shortages and the potential challenges arising from the recovery of the pandemic globally,” Malaysian Minister of International Trade and Industry Mohamed Azmin Ali said in a statement.
Intel opened its first production facility outside the United States at a 5-acre assembly site in Penang in 1972. By 1975, it employed about 1,000 people and had become a crucial part of the company’s manufacturing chain, its website said.

Source: Reuters

ក្រុមហ៊ុន Intel គ្រោងបោះទុនជាង៧ពាន់លានដុល្លារសង់រោងចក្រថ្មីនៅម៉ាឡេស៊ី

ដោយ៖ សុខុម

គូឡាឡាំពួ: ក្រុមហ៊ុន Intel Corp នឹងបោះទុនវិនិយោគយ៉ាងច្រើនរហូតដល់ទៅជាង៧ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមលោក Pat Gelsinger នាយកប្រតិបត្តិក្រុមហ៊ុននេះបានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ នេះ។

នាយកក្រុមហ៊ុនអាមេរិក រូបនេះបានបញ្ជាក់ថា រោងចក្រវេចខ្ចប់ និងសាកល្បងបន្ទះឈីបដ៏ទំនើបនៅម៉ាឡេស៊ីនេះនឹងចាប់ផ្ដើមផលិតកម្មនៅឆ្នាំ២០២៤ ហើយការពង្រីកផលិតកម្មក្នុងប្រទេសនេះធ្វើឡើងក្រោយពីពិភពលោកជួបវិបត្តិកង្វះបន្ទះឈីប។

រដ្ឋាភិបាលម៉ាឡេស៊ីបញ្ជាក់ថាការវិនិយោគក្នុងទំហំទឹកប្រាក់៧,១០ពាន់លានដុល្លារអាមេរិក នេះនឹងផ្ដល់ឱកាសការងារសរុបជាង៩.០០០កន្លែងនៅក្នុងប្រទេសនេះ។

កាលពីខែមុន សហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានបង្ហើបឱ្យដឹងថា ប្រទេសទាំងពីរមានគម្រោងចុះកិច្ចព្រមព្រៀងមួយនៅដើមឆ្នាំ២០២២ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងនូវតម្លាភាព ភាពធន់ទ្រាំ និងសន្តិសុខក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទះឈីប និងវិស័យផលិតបន្ទះឈីប។

កង្វះបន្ទះឈីបទូទាំងពិភពលោក ដែលមួយអន្លើបណ្តាលមកពីការកើនឡើងតម្រូវការគ្រឿងអេឡិចត្រូនិក ដែលជំរុញដោយការរីករាលដាលវីរុសកូវីដ-១៩ និងការរអាក់រអួលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តនានាជួបការលំបាកយ៉ាងខ្លាំង ដូចជាត្រូវបង្ខំចិត្តកាត់បន្ថយការផលិត និងការពន្យារពេលចែកចាយផលិតផលទូរស័ព្ទស្មាតហ្វូននៅក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Apple Inc ផងដែរ។

ក្រុមហ៊ុន Intel បានបើករោងចក្រផលិតដំបូងរបស់ខ្លួននៅក្រៅទឹកដីសហរដ្ឋអាមេរិក គឺនៅរដ្ឋប៉េណាង (Penang) ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៧២។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនឱ្យដឹងថា នៅត្រឹមឆ្នាំ១៩៧៥ រោងចក្រនេះបានផ្ដល់ឱកាសការងារប្រមាណ១.០០០កន្លែង ហើយបានក្លាយជាផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនរហូតមកទល់នឹងពេលបច្ចុប្បន្ន៕