ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្រោយវត្តមានរោងចក្រផលិតសំបកកងយានយន្តចំនួនពីរត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញ វិញ្ញាបនបត្រវិនិយោគជាផ្លូវការ បានធ្វើឱ្យវិស័យកៅស៊ូកម្ពុជាក៏ចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញ និងធ្វើឱ្យតម្រូវការដីចំការកៅស៊ូចាប់ផ្ដើមមានហាងឆេងខ្ពស់ផងដែរ។
លោក វេង វីរៈ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា មួយរយៈចុងក្រោយនេះឃើញមានអ្នកស្វែងរកដីដែលមានដំណាំកៅស៊ូស្រាប់ច្រើន ប៉ុន្តែម្ចាស់ចំការកៅស៊ូមិនចង់លក់ឡើយ ដោយសារតែមើលឃើញថាតម្លៃកៅស៊ូបានងើបឡើងវិញដែលធ្វើឱ្យម្ចាស់ចំការកៅស៊ូរកប្រាក់ចំណេញបានច្រើន។
លោកបន្តថា ក្រោយពេលមានវត្តមានរោងចក្រផលិតសំបកកង់យានយន្តពីរឃើញថាតម្លៃកៅស៊ូកើនឡើង អ្នកស្វែងរកដីសម្រាប់ដាំកៅស៊ូក៏ច្រើន ហើយអ្នកដែលផ្លាស់ប្តូរដំណាំពីដំណាំផ្សេងមកដាំកៅស៊ូក៏ច្រើន ដែលជំរុញឱ្យសកម្មភាពទិញលក់ដីនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំជាខេត្តកៅស៊ូមានសកម្មភាពកាន់តែខ្លាំង។
លោករំពឹងថា តម្រូវការទិញដីសម្រាប់ដាំកៅស៊ូនៅកម្ពុជានឹងមានកំណើនកាន់តែខ្ពស់ នៅពេលអនាគតខាងមុខ ហើយតម្លៃដីធ្លីក៏រំពឹងថានឹងមានកំណើនបន្ថែមទៀតផងដែរ។
លោក ខេង សៀវឡាំង ម្ចាស់ចំការកៅស៊ូមួយរូបនៅខេត្តរតនគីរី និងត្បូងឃ្មុំក៏បានឱ្យដឹង ពេលនេះតម្លៃកៅស៊ូឆៅនៅកម្ពុជាហាក់មានសភាពល្អ ដោយមានភ្ញៀវចាំទិញហើយនាំចេញទៅក្រៅតែសម្រាប់កៅស៊ូសម្រាប់ផលិតជាសំបកកង់យានយន្តនៅកម្ពុជា មិនទាន់ដឹងថាក្រុមហ៊ុននឹងទិញពីក្រុមហ៊ុនឬយ៉ាងណាទេ។
លោកថា “យើងក៏កំពុងស្វែងរកដីសម្រាប់ដាំដុះកៅស៊ូបន្ថែមផងដែរ ដោយរំពឹងពីទីផ្សារនឹងរក្សាបានលំនឹងល្អ ជាពិសេសនៅពេលរោងចក្រផលិតសំបកកងយានយន្តទាំងពីរសាងសង់និងដំណើរការផលិតផលជាផ្លូវការ”។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មក៏បានលើកឡើងពីតម្រូវការកៅស៊ូនៅពេលអនាគត នឹងមានកំណើននឹងធ្វើឱ្យម្ចាស់កៅស៊ូមានក្ដីសង្ឃឹមជាមួយការរក្សាបាននូវតម្លៃល្អនិងទីផ្សារច្បាស់លាស់ ជាមួយនឹងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរផងដែរ៕